កាឡាទី ៤:៨–៣១
ការរំលឹក នៅក្នុងកាឡាទី ៣:២៦-៤:៧ យើងរៀនបានថា គ្រីស្ទបរិស័ទគឺជាកូនព្រះនិងជាពូជរបស់អ័ប្រាហាំដោយសារយើងជឿលើព្រះគ្រីស្ទ។ ឥឡូវនេះយើងនៅសម័យថ្មី ហើយលែងនៅក្រោមអំណាចរបស់ក្រិត្យវិន័យទៀតហើយ ពីព្រោះព្រះគ្រីស្ទបានយាងមកហើយ។
សូមអានកាឡាទី ៤:៨-៣១ ទាំងមូល។
សូមអាន ខ.៨-១១។ មុនពួកកាឡាទីបានស្គាល់ព្រះ តើគេបានជាប់បំរើនរណា?
ពួកកាឡាទីត្រឡប់ទៅអ្វីវិញ? (ខ.៩-១០)
ការពន្យល់ និងសំនួរជជែក មុនពេលគ្រីស្ទបរិស័ទនៅកាឡាទីបានទទួលព្រះគ្រីស្ទ គេធ្លាប់បានដើរតាមសាសនានិងប្រពៃណីរបស់មនុស្សលោកដែលមិនស្គាល់ព្រះជាម្ចាស់។ ពីមុនគេតាមបឋមសិក្សាដែលខ្សោយហើយទាបថោកទាំងនោះ ពីព្រោះគេមិនស្គាល់ព្រះជាម្ចាស់ទេ ប៉ុន្តែលោកប៉ុលឆ្ងល់ណាស់ថា ឥឡូវគេបានស្គាល់ព្រះជាម្ចាស់ហើយ ប៉ុន្តែគេបែរទៅបម្រើវិញ្ញាណនិងប្រពៃណីរបស់លោកិយនេះទៅវិញ។ ដូច្នេះ គេត្រឡប់ទៅស្ថានភាពពីមុន ប៉ុន្តែនៅក្នុង ៤:១-៧ លោកប៉ុលបានបង្រៀនថា ឥឡូវនេះយើងបានដល់សម័យថ្មី ហើយអស់អ្នកនៅក្នុងព្រះគ្រីស្ទគឺជាកូនរបស់ព្រះអង្គ។ ប្រសិនបើគេត្រឡប់ទៅតាមបឋមសិក្សា ខ្សោយហើយទាបថោក នោះការនឿយហត់ដែលលោកប៉ុលធ្វើសំរាប់ពួកគេត្រឡប់ទៅជាឥតប្រយោជន៍វិញ។ តើ អ្នកធ្លាប់ឃើញគ្រីស្ទបរិស័ទត្រឡប់ទៅតាមប្រពៃណីរបស់លោកិយនេះដោយកាន់តាមថ្ងៃ ខែ រដូវ និង ឆ្នាំផ្សេងៗ ដែរឬទេ?
សូមអានខ.១២-១៦។
ការពន្យល់ និងសំនួរជជែក អត្ថបទនេះមានសេចក្ដីខ្លះពិបាកយល់ ពីព្រោះលោកប៉ុលសរសេរអំពីព្រឹត្តិការណ៍ដែលកើតឡើងរវាងគាត់និងពួកកាឡាទី។ ទោះជាដូច្នេះក្ដី ខ្លឹមសារនៃអត្ថបទនេះច្បាស់លាស់ហើយថាអាកប្បកិរិយារបស់គ្រីស្ទបរិស័ទនៅកាឡាទី (ជាពិសេសចំពោះលោកប៉ុល) បានផ្លាស់ប្ដូរ។ ពីមុនគេបានទទួលលោកប៉ុលទុកដូចជាទេវតានៃព្រះ ប៉ុន្តែឥឡូវនេះគេបែរទៅតាមគ្រូដែលចង់ឱ្យគេចោលលោកប៉ុលវិញ។ នៅទីនេះលោកប៉ុលបានបើកចិត្តរបស់គាត់ ពីព្រោះគាត់ព្រួយបារម្ភអំពីជំនឿរបស់ពួកគេ និងទំនាក់ទំនងរវាងគាត់និងពួកគេ។ តើអ្នកធ្លាប់ឃើញអ្នកដឹកនាំពួកជំនុំបើកចិត្ត ពីព្រោះពួកគេព្រួយបារម្ភអំពីជំនឿនិងទំនាក់ទំនងឬទេ?
សូមអាន ខ.១៧-២០។ តើគ្រូក្លែងក្លាយមានគោលបំណងអ្វី?
ការពន្យល់ និងអនុវត្ត៖ គ្រូបង្រៀនគ្រីស្ទបរិស័ទនិងគ្រូគង្វាលមានគោលបំណងនាំមនុស្សទៅឯព្រះគ្រីស្ទ និងមានសេចក្តីឧស្សាហ៍ក្នុងការតាមព្រះគ្រីស្ទ។ អាកប្បកិរិយារបស់គ្រូក្លែងក្លាយគឺ គេចង់តែនាំមនុស្សឲ្យតាមគេ (សូមប្រៀបធៀបកាឡាទី ៤:១៧ និង កិច្ចការ ២០:២៩-៣០)។ ដូច្នេះ គ្រូអធិប្បាយ គ្រូគង្វាល បេសកជន គ្រូបង្រៀននៅក្នុងពួកជំនុំ គ្រូប្រកាសដំណឹងល្អ ត្រូវមានអាកប្បកិរិយាដូចជាលោកប៉ុលនៅក្នុង២កូរិនថូស ៤:៥ «យើងខ្ញុំមិនប្រកាសប្រាប់ពីខ្លួនយើងខ្ញុំទេ គឺពីព្រះគ្រីស្ទយេស៊ូវជាព្រះអម្ចាស់វិញ ហើយក៏រាប់ខ្លួនយើងខ្ញុំ ថាជាបាវបំរើរបស់អ្នករាល់គ្នា ដោយព្រោះព្រះយេស៊ូវដែរ»។ គ្រូដែលមានអាកប្បកិរិយាបែបនេះសប្បាយចិត្ត បើសិនជាមានគ្រូផ្សេងៗទៀតនៅក្នុងពួកជំនុំ ដែលមានសមត្ថភាពជួយនាំសមាជិកទៅឯព្រះគ្រីស្ទ ហើយឥតមានចិត្តច្រណែនឬចង់កាន់អំណាចនោះ។
សូមអាន ខ.២១។
ការពន្យល់៖ប្រហែលជាពួកកាឡាទីគិតថា សេចក្ដីដែលលោកប៉ុលបានសរសេរគឺផ្ទុយពីគម្ពីរក្រិត្យវិន័យ។ ដូច្នេះនៅក្នុងអត្ថបទនេះគាត់នឹងបង្ហាញថា ក្រិត្យវិន័យតែម្ដងបញ្ជាក់សេចក្ដីបង្រៀនរបស់គាត់។
សូមអាន ខ.២២-២៣ ហើយបំពេញចន្លោះ ខាងក្រោម។ លោកអ័ប្រាហាំមានកូន ២ ដែលមួយកើតពី___________ ហើយមួយពី____________ តែកូនដែលកើតពីបាវស្រី នោះបានកើតតាម_______________ ហើយ១ដែលកើតពីអ្នកជា បានកើតតាម___________________។
សូមអាន ខ.២៤-២៦។ ស្ត្រីទាំង២នេះជាគំរូពីអ្វី?
នាងហាការជាគំរូពីអ្វី?
«ម្តាយ» របស់គ្រីស្ទបរិស័ទគឺជានរណា?
សូមអាន ខ.២៧-២៩។ គ្រីស្ទបរិស័ទជាកូនតាមអ្វី?
តើ កូនណាបានធ្វើទុក្ខដល់កូនណា?
សូមអាន ខ.៣០–៣១។ តើ គម្ពីរថា ចូរដេញនរណាចេញទៅ?
ការពន្យល់ យើងត្រូវកាត់ស្រាយអត្ថបទនៅក្នុងព្រះគម្ពីរដោយពិនិត្យមើលបរិបទរបស់វា។ យើងដឹងហើយថា លោកប៉ុលបានសរសេរសំបុត្រនេះដើម្បីដោះស្រាយបញ្ហាដែលមកពីគ្រូក្លែងក្លាយ ដែលចង់នាំពួកគ្រីស្ទបរិស័ទនៅកាឡាទីឲ្យអាងដល់ការប្រព្រឹត្តតាមក្រិត្យវិន័យ។ គាត់បានសរសេរហើយថា យើងមានសេរីភាពនៅក្នុងព្រះគ្រីស្ទយេស៊ូវ(២:៤) «យើងបានទទួលសេចក្តីសន្យា គឺជា ព្រះវិញ្ញាណ ដោយសារសេចក្តីជំនឿ» (៣:១៤) «បើអ្នករាល់គ្នាជារបស់ផងព្រះគ្រីស្ទ នោះអ្នករាល់គ្នាក៏ជាអ្នកគ្រងមរដកតាមសេចក្តីសន្យាផងដែរ» (៣:២៩) «អ្នករាល់គ្នាមិនមែនជាបាវបំរើទៀតទេ គឺជាកូនវិញ ហើយបើជាកូន នោះនឹងបានមរដកនៃព្រះ ដោយសារព្រះគ្រីស្ទ» (៤:៧)។ ដូច្នេះ ផ្ទៃរឿងសំខាន់នៅក្នុងសំបុត្រនេះគឺជា តាមរយៈសេចក្តីជំនឿរបស់យើងលើព្រះគ្រីស្ទ គ្រីស្ទបរិស័ទគឺជាកូនរបស់ព្រះជាម្ចាស់ ដែលមានសេរីភាព ហើយគ្រងមរដកតាមសេចក្តីសន្យា យើងមិនមែនជាបាវបំរើ ដែលពឹងផ្អែកលើក្រិត្យវិន័យទៀតទេ។ ដូច្នេះ លោកប៉ុលបានលើកយកឧទាហរណ៍មួយមកពីក្រិត្យវិន័យ ដែលស្ដីអំពីបាវស្រីនិងស្រីអ្នកជាថា «យើងរាល់គ្នាមិនមែនជាកូនរបស់បាវស្រីទេ គឺជាកូនរបស់ស្រីអ្នកជាវិញ» (៤:៣១)។ កាឡាទីជំពូកប្រាំនឹងពន្យល់ហើយអនុវត្តសេចក្ដីបង្រៀននេះបន្ថែមទៀត។
រំលឹកទ្បើងវិញ តើយើងបានរៀនអ្វីខ្លះចេញពីកាឡាទី ៤:៨-៣១?
Leave a Reply