កាឡាទី ៥:១៦–២៦
ការរំលឹក: យោងតាមកាឡាទី ៥:១-១៥ យើងរៀនបានថា មនុស្សអាងដល់ការប្រព្រឹត្តប្រយោជន៍ដើម្បីអោយបានសង្គ្រោះ ប៉ុន្តែចំពោះគ្រីស្ទបរិស័ទវិញ បើយើងធ្វើដូច្នេះ នោះព្រះគ្រីស្ទគ្មានប្រយោជន៍ដល់យើងសោះ។ អ្នកណាដែលពឹងដល់ក្រិត្យវិន័យឱ្យបានរាប់ជាសុចរិត នោះត្រូវកាត់ចេញពីព្រះគ្រីស្ទ និងបានធ្លាក់ចេញពីព្រះគុណហើយ។ ព្រះគ្រីស្ទបានប្រោសយើងឱ្យមានសេរីភាព តែលោកប៉ុលជំរុញយើងកុំឱ្យប្រើសេរីនោះទុកជាឱកាសដល់សាច់ឈាមឡើយ គឺត្រូវឱ្យបំរើគ្នាទៅវិញទៅមកដោយសេចក្តីស្រឡាញ់វិញ (៥:១៣)។
សូមអានកាឡាទី ៥:១៦-២៦ ទាំងមូល។
សូមអានខ.១៦-១៨ ទ្បើងវិញហើយឆ្លើយសំនួរខាងក្រោម។
តើ យើងត្រូវធ្វើដូចម្ដេច ដើម្បីនឹងមិនបំពេញសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម?
តើ សេចក្តីពីរដែលប្រឆាំងនឹងគ្នានោះគឺជាសេចក្តីអ្វី?
បើព្រះវិញ្ញាណទ្រង់នាំយើង នោះតើលទ្ធផលគឺជាអ្វី?
ការពន្យល់ និងការអនុវត្ត នៅក្នុងសំបុត្រនេះលោកប៉ុលបានសរសេរច្រើនដងថា យើងមានសេរីភាពនិងមិននៅក្រោមបន្ទុកក្រិត្យវិន័យទៀតទេ ពីព្រោះព្រះគ្រីស្ទបានយាងមកដល់ហើយ។ ប៉ុន្តែ ការបង្រៀននេះមិនមានន័យថា យើងមានសេរីភាពដើម្បីបំពេញតាមចិត្តនិងសេចក្តីប៉ងប្រាថ្នារបស់ខ្លួនទេ។ ផ្ទុយទៅវិញ យើងមានព្រះវិញ្ញាណបរិសុទ្ធ ហើយទ្រង់មានសមត្ថភាពនាំយើងអោយមានជីវិតសុចរិត។
សំនួរពិចារណា: តើ អ្នកមានទំនាស់រវាងសេចក្តីប៉ងប្រាថ្នារបស់សាច់ឈាមនិងព្រះវិញ្ញាណបរិសុទ្ធយ៉ាងណាខ្លះនៅក្នុងជីវិត?
សូមអានខ.១៩-២១។ កិច្ចការខាងសាច់ឈាមគឺជាអ្វី?
តើ អស់អ្នកដែលប្រព្រឹត្តដូច្នេះអាចទទួលនគរព្រះឬទេ?
សំនួរពិចារណា: ក្នុងការតយុទ្ធទល់នឹងបាប តើអ្នកខ្សោយនឹងកិច្ចការខាងសាច់ឈាមណាខ្លះ?
សូមអាន ខ.២២-២៣។ ផលផ្លែនៃព្រះវិញ្ញាណមានអ្វីខ្លះ?
សំនួរពិចារណា: តើ អ្នកបានឃើញផលផ្លែនៃព្រះវិញ្ញាណណាខ្លះនៅក្នុងជីវិតខ្លួន?
តើ អ្នកត្រូវការរីកចម្រើនខាងផលផ្លែនៃព្រះវិញ្ញាណណាខ្លះ?
សូមអាន ខ.២៤-២៦។ អស់អ្នកដែលជារបស់ផងព្រះគ្រីស្ទ នោះបានធ្វើអ្វី?
លោកប៉ុលបានជំរុញយើងអោយធ្វើអ្វី? (ខ.២៥)។
លោកប៉ុលបានព្រមានយើងអោយកុំធ្វើអ្វី?
ការពន្យល់ និងការអនុវត្ត គ្រីស្ទបរិស័ទមិនអាចតាមព្រះវិញ្ញាណបរិសុទ្ធនិងសេចក្តីប៉ងប្រាថ្នារបស់សាច់ឈាមបានទេ គឺយើងត្រូវតែជ្រើសរើស។ យើងមិនអាចតាមជីវិតចាស់បានទេ ពីព្រោះយើងមានជីវិតថ្មីហើយបានស្លាប់ជាមួយនឹងព្រះគ្រីស្ទខាងជីវិតចាស់ហើយ។ តើ យើងត្រូវធ្វើដូចម្ដេច ដើម្បីនឹងប្រតិបត្តិតាមព្រះវិញ្ញាណនិងរីកចម្រើននូវជីវិតក្នុងព្រះវិញ្ញាណបរិសុទ្ធ?
រំលឹកទ្បើងវិញ តើយើងបានរៀនអ្វីចេញពីកាឡាទី ៥:១៦–២៦?
ការអនុវត្ត តាមអ្វីដែលអ្នកបានរៀនតាមរយៈបទគម្ពីរនេះ តើអ្នកត្រូវយកវាមកអនុវត្តន៍យ៉ាងដូចម្តេចនាពេលសព្វថ្ងៃនេះ?
Leave a Reply