Hag 2.10-23 pdf download
ហាកាយ ២:១០–២៣
ព្រះប្រទានពរដល់មនុស្សទុច្ចរិតតាមរយៈពូជរបស់ស្តេចដាវីឌ
ការរំលឹក: ហាកាយ ២:១-៩ បានប្រកាសអំពីព្រះវិហារមួយដែលនឹងមានពួកសាសន៍ដទៃពីផែនដីទាំងមូលចូលរួម។ ទំនាយនេះបានសម្រេចតាមរយៈព្រះយេស៊ូវ។ ព្រះយេស៊ូវគឺជាព្រះវិហារដែលបានជំនួសព្រះវិហារនៅយេរូសាឡិម (យ៉ូហាន ២:១៩-២១)។
ហាកាយជំពូក២ បានចែងទុកនូវប្រសាសន៍បីដែលព្រះជាម្ចាស់បានប្រកាសដល់ប្រជាជនយូដា។ ប្រសាសន៍ទីពីរមាននៅក្នុង ២:១០-១៩ ហើយប្រសាសន៍ទីបីមាននៅក្នុង ២:២០-២៣។
ចូរបំពេញចន្លោះ
២:១ នៅថ្ងៃទី_____ ក្នុងខែទី_____
២:១០ នៅថ្ងៃទី_____ ក្នុងខែទី_____
២:២០ នៅថ្ងៃទី_____ ក្នុងខែទី_____
ដូច្នេះពី២:១ និង ២:១០ តើ យើងឃើញថា មានប៉ុន្មានខែរវាងប្រសាសន៍របស់ហាកាយនៅក្នុង២:១-៩ ហើយប្រសាសន៍ទាំងពីរនៅក្នុង២:១០–២៣?
ចូរអាន ខ.១១-១៤ ព្រះជាម្ចាស់បានសួរសំនួរពីរ តើសំនួរទាំងនោះគឺជាអ្វី?
ការពន្យល់ សំនួរទាំងពីរបង្ហាញថា របស់មិនអាចក្លាយជាបរិសុទ្ធដោយសារតែប៉ះពាល់អ្វីដែលបរិសុទ្ធ ឬបានញែកជាសក្ការៈនោះទេ ប៉ុន្តែរបស់បានក្លាយជាសៅហ្មងដោយប៉ះពាល់អ្វីដែលសៅហ្មង (ជនគណនា ១៩:១១,២២)។ ព្រះជាម្ចាស់បានអនុវត្តគោលការណ៍នេះចំពោះជីវិតរបស់ពួកគេ ដោយមានគោលបំណងបង្រៀនថា អាកប្បកិរិយារបស់ពួកគេបាននាំអោយអ្វីៗដែលពួកគេធ្វើនិងអ្វីៗដែលគេយកមកថ្វាយដល់ព្រះអង្គក៏សៅហ្មងដែរ។ គេកាន់សាសនាហើយគេធ្វើពិធីសាសនា ក៏ប៉ុន្តែព្រះជាម្ចាស់មិនគាប់ព្រះហឫទ័យនូវពិធីនិងតង្វាយរបស់គេឡើយ។
សំនួរឆ្លុះបញ្ចាំង តើយើងធ្លាប់បានធ្វើពិធីសាសនា ប៉ុន្តែយើងនៅតែមានជីវិតដែលមិនគាប់ព្រះហឫទ័យព្រះ ដោយសារអំពើនិងអាកប្បកិរិយារបស់យើងទេ?
ចូរអាន ខ.១៥-១៩ តើប្រភពនៃការទុក្ខវេទនារបស់គេគឺជាអ្វី?
ហេតុអ្វីបានជាព្រះជាម្ចាស់បានធ្វើអោយដំណាំរបស់ពួកគេខូចខាត?
ដូច្នេះយើងឃើញថា ប្រជាជនមិនសូវយកចិត្តទុកដាក់ចំពោះការសាងសង់ព្រះវិហារ។ គេបានទទួលបណ្តាសាមកពីព្រះជាម្ចាស់ ប៉ុន្តែនៅក្នុងខ.១៩ ព្រះអង្គមានព្រះបន្ទូលថា ចាប់ពីថ្ងៃនេះទៅព្រះអង្គលែងដាក់បណ្តាសាលើពួកគេទៀតហើយ ប៉ុន្តែទ្រង់នឹងប្រទានពរវិញ។ តើព្រះអង្គនឹងប្រទានពរដោយរបៀបណា? ព្រះជាម្ចាស់បានបើកសំដែងព្រះបន្ទូលមួយទៀតនៅខ.២០-២៣ ដើម្បីឆ្លើយសំនួរនេះ។
ចូរអាន ខ.២០-២៣ តើអត្ថបទនេះបានទាយអំពីអ្វី?
ការពន្យល់ កាលពីជិត៥០០ឆ្នាំមុន ព្រះជាម្ចាស់បានសន្យាថា ពូជពង្សរបស់ដាវីឌនឹងឡើងស្នងរាជ្យ ហើយនឹងពង្រឹងរាជបល្ល័ង្ករបស់គេ អោយនៅស្ថិតស្ថេររហូតតទៅ (២សាំយូអែល ៧:១២-១៣)។ នៅពេលបណ្តាជនបានទៅបាប៊ីឡូនពូជពង្សរបស់ដាវីឌលែងគ្រប់គ្រងជាស្តេចទៀតហើយ ដូច្នេះបណ្តាជនរិះគិតថា តើព្រះជាម្ចាស់ទ្រង់នឹងសំរេចតាមព្រះបន្ទូលសន្យានោះឬទេ? សូរ៉ូបាបិលគឺជាពូជរបស់ស្តេចដាវីឌ។ ដូច្នេះ សេចក្ដីសន្យានៅក្នុងខ.២០-២៣ បង្ហាញថា ទ្រង់នឹងសំរេចតាមព្រះបន្ទូលសន្យារបស់ទ្រង់ចំពោះដាវីឌមែន។ ព្រះជាម្ចាស់នឹងទម្លាក់ស្ដេចរបស់នគរទាំងឡាយ (ខ.២២) ប៉ុន្តែទ្រង់នឹងការពារសូរ៉ូបាបិល (ខ.២៣)។ ព្រះបន្ទូលសន្យាដែលថា ទ្រង់នឹងតែងតាំងសូរ៉ូបាបិលអោយធ្វើជាត្រារបស់ព្រះអង្គបានទទួលពូជរបស់ដាវីឌម្ដងទៀត (សូមប្រៀបធៀប យេរេមា ២២:២៤)។ ទីបំផុតអត្ថបទនេះបានទាយពីព្រះគ្រីស្ទជាពូជរបស់ស្តេចដាវីឌដែលគ្រប់គ្រងអស់កល្បជានិច្ច (លូកា ១:៣២-៣៣)។
សំនួរប្រឹក្សា តើ ២:១០–២៣ បានបង្រៀនអ្វីខ្លះអំពីព្រះជាម្ចាស់?
រំលឹកទ្បើងវិញ៖ តើយើងបានរៀនអ្វីខ្លះចេញពីហាកាយ ២:១០-២៣?
Leave a Reply