The Tower of Babel pdf download
លោកុប្បត្ដិ ១១:១-៩
ជាដំបូង បទគម្ពីរនេះហាក់ដូចជាពិបាកក្នុងការអធិប្បាយព្រះគ្រីស្ទ ពីព្រោះវាហាក់ដូចជាគ្មានព្រះគុណនៅក្នុងរឿងនេះទេ គឺមានតែសេចក្តីវិនិច្ឆ័យប៉ុណ្ណោះ។ ការនេះផ្ទុយពីជំពូកមុន ពីព្រោះរឿងមុនៗ ចាប់ពីជំពូក៣មក មានទាំងព្រះគុណ និងសេចក្តីវិនិច្ឆ័យផងដែរ។
ដើម្បីជាប្រយោជន៍អធិប្បាយ និងបង្រៀនបទគម្ពីរនេះ យើងបែងចែកបទគម្ពីរនេះជាពីរផ្នែក គឺសកម្មភាពរបស់មនុស្ស (ខ. ១-៤) និងការឆ្លើយតបរបស់ព្រះ (ខ. ៥-៩)។
ទំនាក់ទំនងជាមួយបទគម្ពីរមុនៗ
ជាការសំខាន់ដែលយើងអានបទគម្ពីរនេះនៅក្នុងបរិបទនៃបទគម្ពីរមុនៗនេះ។ ព្រះបានមានបន្ទូលប្រាប់មនុស្សឲ្យបំពេញផែនដី (១:២៨; ៩:៧)។ ការសំរេចចិត្តរបស់មនុស្សនៅទីនេះគឺ មិនបំបែកគ្នាទូទាំងផែនដីទេ (ខ. ៤) ដែលទង្វើប្រឆាំងនឹងផែនការណ៍ និងបញ្ញត្តិរបស់ព្រះសំរាប់មនុស្សជាតិ។ រឿងនេះជាផ្នែកនៃនិទានកថាអំពីពូជពង្សរបស់ណូអេ ដូច្នេះហើយរឿងនេះបង្ហាញថា បន្ទាប់ពីការចាប់ផ្តើមថ្មីបន្ទាប់ពីមានទឹកជំនន់ អំពើបាបបន្តរាលដាល ហើយមនុស្សសមតែទទួលសេចក្តីវិនិច្ឆ័យរបស់ព្រះប៉ុណ្ណោះ ដោយសារតែសកម្មភាពរបស់ពួកគេ។
ទំនាក់ទំនងជាមួយបទគម្ពីរក្រោយៗមកទៀត
បាបិល/ បាប៊ីឡូន ឈ្មោះបាបិលទាក់ទងនឹងបាប៊ីឡូន (១០:១០) ដែលពេញក្នុងព្រះគម្ពីរទាំងអស់ជានិមិត្តសញ្ញានៃអំណាច និងការប្រឆាំងជំទាស់ចំពោះព្រះ ជាពិសេសចាប់ពីពួកហោរាក្នុងព្រះគម្ពីរសញ្ញាចាស់មក។
កេរ្តិ៍ឈ្មោះ ពួកគេចង់បង្កើតកេរ្តិ៍ឈ្មោះដ៏អស្ចារ្យមួយ (ខ. ៤)។ ការនេះផ្ទុយពីអ័ប្រាហាំ ដែលគាត់មិនព្យាយាមបង្កើតឈ្មោះដ៏អស្ចារ្យសំរាប់ខ្លួនគាត់ទេ ប៉ុន្តែព្រះបានប្រទានឈ្មោះដ៏អស្ចារ្យដល់គាត់តាមរយៈសេចក្តីសន្យាដែលពេញដោយព្រះគុណរបស់ព្រះ (១២:២)។
កំចាត់កំចាយ ការកំចាត់កំចាយនៅក្នុងព្រះគម្ពីរគឺជាសកម្មភាព និងរូបភាពនៃសេចក្តីវិនិច្ឆ័យ។ ទង្វើនេះផ្ទុយពីការប្រមូលផ្តុំ ដែលជាសកម្មភាព និងរូបភាពមួយនៃសេចក្តីសង្គ្រោះ។
ភាសា ភាសាផ្សេងៗបានកំចាត់កំចាយមនុស្សចេញពីគ្នា។ ការនេះផ្ទុយនឹងអ្វីដែលយើងមើលឃើញនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលមនុស្សមកពីគ្រប់ភាសាត្រូវបានប្រមូលផ្តុំគ្នា។
របៀបអធិប្បាយព្រះគ្រីស្ទ
សេចក្តីវិនិច្ឆ័យ ដោយសារបទគម្ពីរនេះមានការសង្កត់ធ្ងន់លើសេចក្តីវិនិច្ឆ័យ នេះគឺជាផ្ទៃរឿងមួយដែលទាក់ទងនឹងព្រះគ្រីស្ទ ដែលនឹងវិនិច្ឆ័យលោកិយទាំងមូល។ ផ្ទៃរឿងនេះបានអភិវឌ្ឍ ក្នុងព្រះគម្ពីរសញ្ញាចាស់។ ជាឧទាហរណ៍ នៅក្នុងលោកុប្បត្ដិ ១៨:២០-២១ ព្រះយាងចុះមកទតមើលអ្វីដែលមនុស្សនៅក្នុងក្រុងសូដុំម និងកូម៉ូរ៉ាកំពុងប្រព្រឹត្ត ហើយបន្ទាប់មកទ្រង់សំរេចព្រះទ័យបំផ្លាញពួកគេ។ បាប៊ីឡូនតំណាងឲ្យនគររបស់មនុស្សដែលព្យាយាមឯករាជ្យពីព្រះ ហើយបះបោរប្រឆាំងនឹងទ្រង់ ប៉ុន្តែជាចុងបញ្ចប់នគររបស់មនុស្សនេះនឹងត្រូវបានបំផ្លាញដោយព្រះយេស៊ូវ (វិវរណៈ ១៨)។
បាប៊ីឡូន(បាបិល)នឹងត្រូវព្រះជាម្ចាស់វិនិច្ឆ័យនិងរំលាយ
ភាសា ផែនការណ៍របស់ព្រះគឺថា ទ្រង់នឹងប្តូរភាសារបស់មនុស្ស ដើម្បីឲ្យគេបានរួបរួមគ្នាបំរើទ្រង់ ជាជាងបះបោរប្រឆាំងនឹងទ្រង់ (សូមមើលសេផានា ៣:៩)។ ការនេះត្រូវបានបំពេញសំរេចជាដំបូងនៅថ្ងៃបុណ្យទី៥០ (កិច្ចការ ២) ហើយធំបំផុតក្នុងការបង្កបង្កើតថ្មីពេលព្រះយេស៊ូវយាងត្រទ្បប់មកវិញ (វិវរណៈ ៧:៩-១០)។
ឈ្មោះ ព្រះបានប្រទានឲ្យអ័ប្រាហាំនូវឈ្មោះដ៏អស្ចារ្យមួយ ប៉ុន្តែព្រះយេស៊ូវមាននាមដ៏អស្ចារ្យជាងគេបំផុត។ ដោយអំនួត ពួកគេបានព្យាយាមសាងសង់ផ្លូវទៅកាន់ស្ថានសួគ៌ដោយខ្លួនឯង ដើម្បីអោយគេមានឈ្មោះល្បី ប៉ុន្តែព្រះយេស៊ូវបានយាងចុះពីស្ថានសួគ៌ បានបន្ទាបអង្គទ្រង់ដល់សុគតនៅលើឈើឆ្កាង ដូច្នេះហើយព្រះបានប្រទានឲ្យទ្រង់នូវនាមដ៏ប្រសើរខ្ពស់អស់ទាំងនាម (ភីលីព ២:៥-១១)។ ព្រះយេស៊ូវសន្យាសរសេរលើរាស្ត្ររបស់ទ្រង់ថា «នឹងកត់ព្រះនាមនៃព្រះរបស់អញ និងឈ្មោះក្រុងរបស់ព្រះនៃអញ នៅលើអ្នកនោះ គឺជាឈ្មោះក្រុងយេរូសាឡិមថ្មី» (វិវរណៈ ៣:១២)។
ទីក្រុង នេះទាក់ទងនឹងអ្វីដែលយើងបានមើលឃើញខាងលើ គឺបាបិលគឺជា «ទីក្រុងរបស់មនុស្ស» ដែលតំណាងឲ្យនគររបស់លោកិយនេះ។ យេរូសាឡឹមគឺជា «ទីក្រុងនៃព្រះ» ដែលតំណាងឲ្យនគររបស់ព្រះ។ វាគឺជាទីក្រុងដែលរាស្ត្ររបស់ព្រះពឹងផ្អែកលើទ្រង់សំរាប់សុវត្ថិភាព ហើយស្តាប់បង្គាប់ និងបំរើទ្រង់ (សូមមើល អេសាយ ២:២-៤)។ មនុស្សរបស់បាបិលបានព្យាយាមសាងសង់ទីក្រុងសំរាប់ខ្លួនឯង ប៉ុន្តែរាស្ត្ររបស់ព្រះទន្ទឹងរង់ចាំទីក្រុងមួយ ដែលមានស្ថាបត្យករ និងអ្នកសាងសង់គឺជាព្រះ (ហេព្រើរ ១១:១០, ១៦; វិវរណៈ ២១-២២)។
Leave a Reply