Lesson 4 Gen.2-3 The Word of God pdf download
នៅក្នុងលោកុប្បត្ដិជំពូក២យើងឃើញថា ព្រះជាម្ចាស់បានយកអ័ដាមនិងប្រពន្ធទៅដាក់នៅក្នុងសួនអេដែនហើយសួននោះគឺជាទីបរិសុទ្ធហើយគេត្រូវចុះចូលនឹងព្រះជាម្ចាស់។ គេចុះចូលនឹងព្រះជាម្ចាស់ដោយគេស្ដាប់តាមព្រះបន្ទូលរបស់ព្រះ។ ព្រះអង្គបានសំដែងព្រះបន្ទូលថា គេអាចបរិភោគផ្លែឈើទាំងប៉ុន្មាននៅក្នុងសួនអេដែនបាន តែមិនត្រូវបរិភោគផ្លែឈើពីដើមដឹងខុសត្រូវ (ដើមដែលនាំអោយស្គាល់ល្អស្គាល់អាក្រក់)ឡើយ។
សត្វពស់បានមកល្បួងនិងបញ្ឆោតគេដោយកលល្បិច។ ឧបាយកលរបស់វាគីនាំអោយគេសង្ស័យព្រះបន្ទូលរបស់ព្រះ វាបានដកស្រង់ព្រះបន្ទូលរបស់ព្រះយ៉ាងខុស (ប្រៀបធៀប ៣:១ «តើព្រះមានបន្ទូលហាមមិនឱ្យអ្នកបរិភោគផ្លែឈើ ណានៅក្នុង សួនច្បារមែនឬ» ជាមួយនិង២:១៦ «ឯងនឹងស៊ីផ្លែឈើទាំងអស់ក្នុង សួនច្បារនេះបានតាមចិត្ដ») ហើយបានបដិសេធព្រះបន្ទូលរបស់ព្រះទាំងស្រុងនៅពេលវាថា «អ្នកមិនស្លាប់ជាពិតមែន» (៣:៤)។
ដូច្នេះយើងឃើញថា ពស់ពោរពេញដោយកលល្បិចនិងឧបាយកលក្នុងការល្បួងនិងការបញ្ឆោត។ បន្ទាប់មកព្រះគម្ពីរបានសំដែងថា សត្វពស់នេះបានតំណាងមារសាតាំងដែលសម្លាប់មនុស្សហើយជាមេកុហកតាំងពីដើមរៀងមក (យ៉ូហាន ៨:៤៤, វិវរណៈ ១២:៩)។ ដូច្នេះ ការអនុវត្តន៍មួយដែលមកពីរឿងនេះគឺជា យើងត្រូវយល់ព្រះបន្ទូលដ៏ល្អនិងទុកចិត្តនិងស្ដាប់តាមព្រះបន្ទូលនោះប្រយោជន៍អោយរារាំងយើងធ្លាក់ទៅក្នុងអន្ទាក់របស់មារសាតាំង។
ប៉ុន្តែ សំនួរមួយដ៏សំខាន់គឺ តើព្រះបន្ទូលរបស់ព្រះគឺជាអ្វី? យើងអាចថា ព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះ ឬ ព្រះគ្រីស្ទគឺជាព្រះបន្ទូលរបស់ព្រះ(យ៉ូហាន ១) ឬ ដំណឹងល្អគឺជាព្រះបន្ទូលរបស់ព្រះ។
ដូច្នេះហើយ មារសាតាំងចង់នាំមនុស្សបដិសេធព្រះបន្ទូលរបស់ព្រះតាមរយៈពាក្យកុហកដើម្បីនាំមនុស្សបះបោរប្រឆាំងនឹងព្រះអង្គនិងទទួលសេចក្ដីស្លាប់។ យើងបានឃើញហើយថា «ព្រះបន្ទូល» មានអត្ថន័យផ្សេងៗ(ដែលជាប់ទាក់ទងគ្នា) ហើយមារសាតាំងមានគោលបំណងនាំយើងបដិសេធសេចក្ដីពិតនៃព្រះគម្ពីរ (ដែលជាព្រះបន្ទូលដែលបានចែងទុក) បដិសេធសេចក្ដីពិតនៃព្រះគ្រីស្ទ ឬនិយាយមួយយ៉ាងទៀត បដិសេធសេចក្ដីពិតនៃដំណឹងល្អ។
ដូច្នេះបច្ចុប្បន្នកាលមារសាតាំងប្រើគ្រូបង្រៀនក្លែងក្លាយដែលប្រហែលជាបង្រៀនពីព្រះគម្ពីរ បង្រៀនអំពីព្រះគ្រីស្ទ ហើយអះអាងថាគេប្រកាសដំណឹងល្អ ប៉ុន្តែគេផ្លាស់ប្ដូរដំណឹងល្អ ប្រកាសព្រះគ្រីស្ទយ៉ាងខុសនិងកាត់ស្រាយព្រះគម្ពីរយ៉ាងខុសផងដែរ។
ដូច្នេះ ការអនុវត្តន៍មួយដែលចេញពីលោកុប្បត្ដិជំពូក៣គឺ គ្រីស្ទបរិស័ទនិងពួកជំនុំត្រូវប្រយ័ត្នក្នុងការតាមព្រះគ្រីស្ទដ៏ពិត ដំណឹងល្អដ៏ពិត ហើយកុំតាមគ្រូខុសឆ្គងដែលផ្លាស់ប្ដូរដំណឹងល្អនៃព្រះគ្រីស្ទ។
នេះតែម្ដងគឺជារបៀបមួយដែលអ្នកនិពន្ធនៃគម្ពីរសញ្ញាថ្មីបានអនុវត្តន៍លោកុប្បត្ដិជំពូក៣។
ការអនុវត្តន៍នៅក្នុងគម្ពីរសញ្ញាថ្មី
គ្រូខុសឆ្គងបានចូលពួកជំនុំនៅកូរិនថូសហើយសមាជិកនៃពួកជំនុំនៅទីនោះបានទទួលស្គាល់គ្រូក្លែងក្លាយនោះ។ ប៉ុន្តែគ្រូក្លែងក្លាយទាំងនោះមិនបដិសេធព្រះគ្រីស្ទទេ បើគេបដិសេធព្រះគ្រីស្ទ គ្រីស្ទបរិស័ទនៅកូរិនថូសឥតនឹងទទួលស្គាល់ទេ។ ពួកគ្រូខុសឆ្គងនេះបានប្រកាសព្រះគ្រីស្ទដូច្នេះគេក្លែងខ្លួនធ្វើជាសាវ័ករបស់ព្រះគ្រីស្ទ (កូរិនថូស ទី២ ១១:១៣) ប៉ុន្តែគេផ្លាស់ប្ដូរដំណឹងល្អ គឺគេបានប្រកាសដំណឹងល្អផ្សេងទៀតដែលខុសពីដំណឹងល្អដែលពួកសាវកបានប្រកាស គេបានប្រកាសព្រះគ្រីស្ទផ្សេងទៀតដែលខុសពីព្រះគ្រីស្ទដែលពួកសាវកបានប្រកាស (កូរិនថូស ទី២ ១១:៤)។
យើងគួរតែកត់សំគាល់នៅត្រង់កូរិនថូស ទី២ ១១:៣-៤ អំពីរបៀបដែលលោកប៉ុលបានអនុវត្តន៍លោកុប្បត្ដិជំពូក៣ចំពោះស្ថានភាពដែលពួកជំនុំនៅកូរិនថូសបានប្រឈមមុខ។ «តែខ្ញុំខ្លាចក្រែងគំនិតអ្នករាល់គ្នាត្រូវបង្ខូចចេញពីសេចក្តីទៀងត្រង់ខាងឯព្រះគ្រីស្ទ ដូចជាសត្វពស់បានបញ្ឆោតនាងអេវ៉ា ដោយឧបាយកលយ៉ាងនោះដែរ ៤ពីព្រោះបើសិនជាមានអ្នកណាមក ប្រកាសប្រាប់ពីព្រះយេស៊ូវ ១ ទៀត ដែលយើងខ្ញុំមិនបានប្រកាសប្រាប់ ឬបើអ្នករាល់គ្នាទទួលវិញ្ញាណណាផ្សេងទៀត ដែលមិនបានទទួលពីដើម ឬដំណឹងណាផ្សេងទៀត ដែលមិនទទួលកាលពីមុន នោះអ្នករាល់គ្នានឹងទ្រាំទ្រវិញជាមិនខាន» (កូរិនថូស ទី២ ១១:៣-៤)។
លោកប៉ុលបានសរសេរថា នៅពេលគ្រីស្ទបរិស័ទនៅកូរិនថូសបានទទួលស្គាល់គ្រូដែលប្រកាសព្រះគ្រីស្ទណាផ្សេងទៀតឬដំណឹងល្អផ្សេងទៀត ពស់បានបញ្ឆោតគេដោយកលល្បិចរបស់វាដូចវាបានបញ្ឆោតនាងអេវ៉ា។
សូមកំណត់ មេរៀននេះមិនមានន័យថា ពាក្យទាំងអស់នៅក្នុងលោកុប្បត្ដិជំពូក៣គ្រាន់តែអំពីព្រះគ្រីស្ទប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញអំពីរបៀបមួយទៀតដែលអ្នកនិពន្ធនៅក្នុងគម្ពីរសញ្ញាថ្មីបានអនុវត្តន៍សញ្ញាចាស់តាមរយៈព្រះគ្រីស្ទ ករណីនេះគឺដោយគិតអំពីផ្ទៃរឿងថា មារសាតាំងបានបញ្ឆោតដោយផ្លាស់ប្ដូរព្រះបន្ទូលរបស់ព្រះ។
Leave a Reply