Lesson 3 Gen. 2-3 The Sanctuary pdf download
គម្ពីរសញ្ញាចាស់
មេរៀនមុននេះបានបង្ហាញថា គោលបំណងនៃការបង្កើតគឺជាថ្ងៃទីប្រាំពីរ ដែលជាពេលវេលាដ៏បរិសុទ្ធ ពោរពេញដោយព្រះពរ ហើយស្ថិតស្ថេរអស់កល្បជានិច្ច។ ដូច្នេះ លោកុប្បត្ដិ ១:១-២:៣ បានប្រើពេលវេលា ប្រយោជន៍ដើម្បីពិពណ៌នាអំពីគោលបំណងរបស់ព្រះជាម្ចាស់សំរាប់របស់សព្វសារពើ។ វគ្គបន្ទាប់ពីនោះ គឺពី លោកុប្បត្ដិ ២:៤ទៅ បានប្រើទីកន្លែងមួយដើម្បីពិពណ៌នាអំពីគោលបំណងរបស់ព្រះជាម្ចាស់ក្នុងការបង្កើត ហើយកន្លែងនោះគឺជាសួនអេដែន។
សួនច្បារអេដែន គឺជាទីបរិសុទ្ធ ហើយជាទីកន្លែងដែលរាស្រ្តរបស់ព្រះគាប់ចិត្តនឹងព្រះវត្តមានរបស់ព្រះជាម្ចាស់។ ប៉ុន្តែអ័ដាម និងប្រពន្ធរបស់គាត់ត្រូវចុះចូលនឹងការគ្រប់គ្រងរបស់ព្រះអង្គ ដោយគេស្ដាប់បង្គាប់ព្រះបន្ទូលរបស់ព្រះ ប្រយោជន៍ដើម្បីឲ្យគេអាចបន្តរស់នៅក្នុងសួនច្បារអេដែន (កន្លែងដែលគេគាប់ចិត្តនឹងព្រះវត្តមានរបស់ព្រះជាម្ចាស់)។ យើងឃើញនៅក្នុងជំពូក៣ ព្រះជាម្ចាស់បានបណ្តេញអ័ដាម និងប្រពន្ធរបស់គាត់ចេញពីទីបរិសុទ្ធ(សួនអេដែន) ពីព្រោះគេបានបះបោរប្រឆាំងនឹងព្រះអង្គ ដូច្នេះគេមិនអាចបន្តរស់នៅទីបរិសុទ្ធបានឡើយ។
ម្ដងទៀត ព្រះគម្ពីរទាំងមូល គឺពិពណ៌នាអំពីផែនការរបស់ព្រះអង្គដើម្បីសង្គ្រោះមនុស្សឲ្យរួចពីលទ្ធផលនៃការបះបោររបស់យើង។ ព្រះជាម្ចាស់បានជ្រើសរើសរាស្ត្ររបស់ទ្រង់ គឺអ៊ីស្រាអែល ហើយទ្រង់សន្យាថា ទ្រង់នឹងប្រទានស្រុកកាណាន។ ទឹកដីសន្យានេះត្រូវបានពិពណ៌នាដូចជាទីបរិសុទ្ធថ្មី។ ជាពិសេស ព្រះជាម្ចាស់បានជ្រើសរើសទីក្រុងមួយសំរាប់នាមទ្រង់ គឺយេរូសាឡិម (ពង្សាវតារក្សត្រ ទី១ ១១:៣៦)។ ពិសេសជាងនេះទៅទៀត ព្រះវិហារនៅយេរូសាឡិមគឺជាទីបរិសុទ្ធ ហើយព្រះវិហារមានកន្លែងមួយដែលជាទីបរិសុទ្ធបំផុត។ ដូច្នេះ ពួកអ៊ីស្រាអែលប្រៀបបានទៅនឹងអ័ដាម និងប្រពន្ធនៅក្នុងសួនច្បារអេដែន។ គេជារាស្ត្ររបស់ទ្រង់នៅក្នុងទីបរិសុទ្ធ។ ប៉ុន្តែ ដូចទៅនឹងអ័ដាម និងអេវ៉ា ពួកអ៊ីស្រាអែលត្រូវចុះចូលនឹងព្រះអង្គដោយគេស្ដាប់បង្គាប់ព្រះបន្ទូលរបស់ទ្រង់ ហើយដូចនឹងអ័ដាមនិងអេវ៉ា ពួកអ៊ីស្រាអែលបានបះបោរនឹងព្រះអង្គដោយគេមិនស្ដាប់បង្គាប់ព្រះបន្ទូលរបស់ទ្រង់ ដូច្នេះហើយព្រះជាម្ចាស់បានបណ្តេញពួកអ៊ីស្រាអែលចេញពីទឹកដីសន្យា (និរទេសទៅបាប៊ីឡូន) ហើយព្រះជាម្ចាស់បាននាំសាសន៍ដទៃឲ្យមកបំផ្លាញព្រះវិហារដែលពួកអ៊ីស្រាអែលបានធ្វើអោយខូច។
ដោយសារស្ថានភាពនេះ ព្រះជាម្ចាស់បានប្រកាសព្រះបន្ទូលទ្រង់តាមរយៈពួកហោរាថា ទ្រង់នឹងធ្វើអ្វីៗទាំងអស់ទៅជាថ្មោងថ្មីតាមរយៈព្រះម៊ែស៊ីដែលព្រះអង្គនឹងចាត់ឲ្យមក។
គម្ពីរសញ្ញាថ្មី
នៅក្នុងសញ្ញាថ្មីយើងឃើញថា ព្រះយេស៊ូវជាអង្គជំនួសឲ្យព្រះវិហារ ព្រះជាម្ចាស់បានគង់នៅក្នុងចំណោមយើងរាល់គ្នាតាមរយៈព្រះយេស៊ូវ (យ៉ូហាន ១:១៤) ព្រះគ្រីស្ទ គឺជាព្រះវិហារ (យ៉ូហាន ២:១៩-២២) ហើយព្រះយេស៊ូវបានយាងចូលទៅក្នុងទីបរិសុទ្ធនៅស្ថានសួគ៌ដោយព្រះលោហិតរបស់ព្រះអង្គផ្ទាល់ ហើយក៏នាំយើងឲ្យចូលទៅទីបរិសុទ្ធនេះ (ហេព្រើរ ៩:១១-១៥, ២៣-២៨)។
វិវរណៈ ២១-២២ បានអោយរូបភាពមួយនៃស្ថានសួគ៌ថ្មី និងផែនដីថ្មីដែលព្រះគ្រីស្ទនឹងបង្កើតនៅថ្ងៃដែលទ្រង់នឹងយាងមកវិញ។ និមិត្តរូបជាច្រើននៅជំពូកទាំងពីរនេះដែលប្រើដើម្បីពិពណ៌នាអំពីការបង្កើតថ្មីនេះបានមកពីគម្ពីរសញ្ញាចាស់ ជាពិសេសសួនច្បារអេដែននិងព្រះវិហារ (ឧទាហរណ៍ ២១:១៥-២១, ២២:២)។ សេចក្ដីពិតនេះបង្ហាញថា ស្ថានសួគ៌ថ្មី និងផែនដីថ្មីនេះគឺជាទីបរិសុទ្ធថ្មីដែលគ្មានអ្វីណាមួយមិនបរិសុទ្ធអាចចូលបានឡើយ (២១:៨, ២៧, ២២:១៥)។ អស់អ្នកដែលអាចចូលបាន គឺមិនមានសមត្ថភាពចូលដោយភាពបរិសុទ្ធរបស់ខ្លួនផ្ទាល់ឡើយ ប៉ុន្តែពីព្រោះគេបានបោកសំលៀកបំពាក់របស់ខ្លួនអោយបានសស្អាត ក្នុងព្រះលោហិតរបស់កូនចៀម (២១:២៧, ២២:១៤, ប្រៀបធៀប ៧:១៤)។ ដូច្នេះហើយ វិវរណៈ ២១-២២ បានហៅព្រះគ្រីស្ទ «កូនចៀម» ជាច្រើនដង ពីព្រោះព្រះគ្រីស្ទ គឺជាមួយអង្គដែលបានថ្វាយព្រះអង្គផ្ទាល់ជាយញ្ញបូជាដើម្បីដោះស្រាយបញ្ហាដែលកើតចេញមកពីការបះបោររបស់យើង ហើយនិងស្អាងឡើងវិញនូវគោលបំណងរបស់ព្រះជាម្ចាស់ គឺរាស្ត្ររបស់ទ្រង់នៅទីបរិសុទ្ធរបស់ទ្រង់នៅក្រោមការគ្រប់គ្រងរបស់ទ្រង់។
ដូច្នេះ ម្ដងទៀតយើងឃើញថា ដើមដំបូងនៃព្រះគម្ពីរជាប់ពាក់ព័ន្ធនឹងទីបញ្ចប់ ហើយបានផ្ដល់រចនាសម្ព័ន្ធសំរាប់រឿងតែមួយនៃព្រះគម្ពីរទាំងមូល គឺជារឿងដែលមានវិសាលគមអស់កល្បជានិច្ច ហើយនិទានអំពីផែនការសង្គ្រោះរបស់ព្រះជាម្ចាស់។ ម្ដងទៀត យើងឃើញថា ព្រះគ្រីស្ទគឺជាគន្លឹះនៃផែនការនេះតាំងពីដើមដំបូងដល់ទីបញ្ចប់។
សេចក្ដីពិតនេះមានការអនុវត្តន៍សំខាន់អំពីរបៀបដែលយើងអានព្រះគម្ពីរទាំងមូល។ នៅពេលយើងអានអំពីទីបរិសុទ្ធនៅក្នុងលោកុប្បត្ដិជំពូកពីរគឺសួនច្បារអេដែន ការអនុវត្តន៍សំខាន់បំផុតចំពោះយើង គឺថា ដោយព្រោះយើងបះបោរប្រឆាំងនឹងព្រះអង្គយើងបាត់បង់សិទ្ធិរស់នៅជាមួយនឹងទ្រង់នៅទីបរិសុទ្ធរបស់ទ្រង់ ហើយផ្លូវតែមួយដែលនាំយើងឲ្យចូលទៅទីបរិសុទ្ធដែលល្អឥតខ្ចោះនៅអនាគតកាលនោះគឺយើងទុកចិត្តទៅលើអ្វីៗដែលព្រះគ្រីស្ទបានធ្វើសំរាប់យើងតាមរយៈការសុគតនិងការរស់ឡើងវិញរបស់ទ្រង់។
ដូច្នេះម្ដងទៀត ប្រសិនបើយើងបង្រៀន និងអធិប្បាយពីលោកុប្បត្ដិ ២-៣ នេះជាឱកាសដើម្បីប្រកាសអំពីដំណឹងល្អនៃព្រះគ្រីស្ទ ហើយលើកទឹកចិត្តគេអោយជឿលើទ្រង់។ នេះហើយគឺជារបៀបដែលអ្នកនិពន្ធនៃគម្ពីរសញ្ញាថ្មីបានអនុវត្តអត្ថបទនេះពីសញ្ញាចាស់។
Leave a Reply