The Bible in the Life of a Christian pdf download
សំនួរពិភាក្សា
តើព្រះគម្ពីរពុទ្ធសាសនាខុសគ្នានិងព្រះគម្ពីរគ្រីស្ទបរិស័ទយ៉ាងដូចម្ដេច?
សេចក្ដីផ្ដើម
តាំងពីលោកុប្បត្ដិជំពូកមួយព្រះជាម្ចាស់គឺជាព្រះដែលទាក់ទងនឹងមនុស្ស ហើយទ្រង់ទាក់ទងនឹងមនុស្សដោយប្រកាសព្រះបន្ទូល។ មនុស្សត្រូវស្ដាប់ឮព្រះបន្ទូលនោះ ហើយទុកចិត្តនិងស្ដាប់តាមព្រះបន្ទូលនោះ។ ព្រះបន្ទូលដែលយើងត្រូវទុកចិត្តនិងស្ដាប់តាមគឺជាព្រះគម្ពីរ។ មេរៀននៅខាងក្រោមនិងជួយគ្រីស្ទបរិស័ទយល់ឲ្យបានច្បាស់អំពីព្រះបន្ទូលនៅក្នុងជីវិតរបស់យើង នៅក្នុងគ្រួសារគ្រីស្ទបរិស័ទ និងជីវិតនៃពួកជំនុំ។
ការបញ្ចេញព្រះវិញ្ញាណបណ្ដាលអោយតែងបទគម្ពីរ
តើយើងបានរៀនអ្វីខ្លះអំពីព្រះគម្ពីរតាមខគម្ពីរខាងក្រោមនេះ
សូមអាន ២ធិម៉ូថេ ៣:១៥-១៦
យោងតាមអត្ថបទនេះគ្រប់អត្ថបទគម្ពីរ សុទ្ធតែបានតែងដោយរបៀបណា?
គ្រប់អត្ថបទគម្ពីរបានចែងទុកដើម្បីផ្ដល់អោយយើងមានអ្វី?
គ្រប់អត្ថបទគម្ពីរមានប្រយោជន៍សំរាប់អ្វី?
សូមអាន ២ពេត្រុស ១:២០-២១
យោងតាមអត្ថបទនេះ តើនរណាបានជំរុញចិត្តហោរា(ព្យាការី) ថ្លែងទុកព្រះបន្ទូលមក?
សូមកំណត់ពីរចំណុចមកពីអ្វីយើងរៀនខាងលើ។
១. គ្រប់អត្ថបទគម្ពីរមានគោលបំណងនាំយើងទៅព្រះគ្រីស្ទនិងជឿលើព្រះគ្រីស្ទ ដូច្នេះហើយយើងត្រូវអានព្រះគម្ពីរដោយយល់ដល់គោលបំណងនេះ។ ដូច្នេះ នៅពេលយើងអានព្រះគម្ពីរ និងបង្រៀនព្រះគម្ពីរយើងត្រូវសួរសំនួរថា «តើអត្ថបទនេះនាំខ្ញុំទៅជឿលើព្រះគ្រីស្ទយ៉ាងដូចម្ដេច?
២. ព្រះវិញ្ញាណបំភ្លឺអោយតែងព្រះគម្ពីរទាំងមូល ដូច្នេះការស្ដាប់ព្រះគម្ពីរគឺជាការស្ដាប់ព្រះវិញ្ញាណបរិសុទ្ធ។ បើយើងចង់ស្ដាប់ព្រះវិញ្ញាណបរិសុទ្ធ ចូរស្ដាប់ព្រះគម្ពីរ។ គ្រីស្ទបរិស័ទជាច្រើនបានយល់ច្រឡំអំពីការស្ដាប់ព្រះវិញ្ញាណបរិសុទ្ធ។ នៅពេលគេនិយាយអំពីការស្ដាប់ព្រះវិញ្ញាណបរិសុទ្ធ គេមិនគិតអំពីការស្ដាប់ព្រះគម្ពីរទេ។ គេមិនយកចិត្តទុកដាក់ក្នុងការអាននិងសិក្សាព្រះគម្ពីរ។ ទស្សនៈនេះគឺខុស។
ព្រះបន្ទូលនៃព្រះគឺជាការបើកសំដែងប្រកបដោយ អំណាចរបស់ព្រះ
ព្រះគម្ពីរគឺជាការបើកសំដែងដោយផ្ទាល់របស់ព្រះ។ ដូច្នេះគ្រប់ទាំងអ្វីៗដែលបទគម្ពីរនិយាយ គឺជាសេចក្ដីដែលព្រះមានបន្ទូល។ ព្រះទ្រង់ដឹកនាំរាស្ដ្ររបស់ព្រះអង្គតាមរយៈបទគម្ពីរ។
ដូច្នេះហើយយើងមិនអាចនឹងសំរេចថា ខគម្ពីរនេះខុសឬក៏ខគម្ពីរនោះត្រូវ(ខគម្ពីរនេះពិតឬក៏ខគម្ពីរនោះ មិនពិត) តាមរយៈអារម្មណ៍របស់យើង ឬតាមបទពិសោធន៍ ឬតាមគំនិតរបស់យើងបានទេ។ យើងត្រូវតែចុះចូល នឹងបទគម្ពីរ និងត្រូវ ស្វែងរកការណែនាំរបស់ព្រះដោយអានបទគម្ពីរ។
ការនិយាយថាព្រះគម្ពីរគឺជាព្រះបន្ទូលនៃព្រះ គឺដូចគ្នានឹងការនិយាយថាព្រះគម្ពីរជាការបើកសំដែងមកពីព្រះ ហើយក៏ដូចគ្នាទៅនឹងការនិយាយថាព្រះគម្ពីរកាន់អំណាចផងដែរ។ បានជានិយាយថា ព្រះគម្ពីរគឺជាព្រះបន្ទូលនៃព្រះ ដែលប្រកបដោយអំណាច ពីព្រោះព្រះទ្រង់ជាអ្នកនៅពីក្រោយដែលបណ្ដាលឱ្យមានព្រះគម្ពីរនេះឡើង។ ដូច្នេះ ការនេះបង្ហាញឱ្យឃើញថា ព្រះគម្ពីរខុសពី សៀវភៅផ្សេងៗទៀត។ ព្រះគម្ពីរមិនមែនជាការចងក្រងនៃពួកសាសនា ដែលតាមគំនិតរបស់មនុស្សសុទ្ធសាធទេ ប៉ុន្ដែគឺវាជាការចងក្រងដោយមនុស្សដែល ព្រះទ្រង់បានបើកសំដែង ព្រះបន្ទូលទ្រង់មកពួកគេ។
ផ្ទៃរឿងនិងគោលបំណងនៃបទគម្ពីរ
បទគម្ពីរគឺជាព្រះបន្ទូលដែលប្រកបដោយអំណាចរបស់ព្រះ ប៉ុន្តែតើព្រះបន្ទូលនោះនិយាយអំពីអ្វី? ផ្ទៃរឿង (គោលគំនិត)ដ៏សំខាន់ជាងគេបំផុតនៅក្នុងព្រះគម្ពីរ គឺមិនមែនមនុស្សទេ តែជាព្រះអង្គទ្រង់ផ្ទាល់វិញ ហើយអ្វីដែល ជាចំណុចកណ្ដាលនៃបទគម្ពីរនោះគឺជាព្រះនិងព្រះគ្រីស្ទ។ បទគម្ពីរជាព្រះរាជសារមួយដែលពណ៌នាអំពីថាតើទ្រង់ ជានរណា និងថាតើផែនការណ៍និងគោលបំណងរបស់ទ្រង់ជាអ្វី។ នៅក្នុងបរិបទនេះ បទគម្ពីរក៏និយាយផងដែរ អំពីមនុស្ស ពិភពលោក ស្នាព្រះហស្ដដទៃទៀត ។ល។ ឧទាហរណ៍ គោលបំណងមួយធំនៃលោកុប្បត្ដិ១គឺបានបង្រៀនយើងអំពីព្រះ។
ភាពគ្រប់គ្រាន់នៃបទគម្ពីរ
និយមន័យនៃភាពគ្រប់គ្រាន់ នៃបទគម្ពីរ
ភាពគ្រប់គ្រាន់នៃបទគម្ពីរមានន័យថាបទគម្ពីរមានគ្រប់ទាំងព្រះបន្ទូលនៃព្រះដែលយើងត្រូវការសំរាប់សេចក្ដីសង្គ្រោះ សំរាប់ជាការទុកចិត្ដទ្រង់ទាំងស្រុង និង សំរាប់ជាការស្ដាប់បង្គាប់ទ្រង់ដោយអស់អំពីចិត្ដ។
ភស្ដុតាងនៅក្នុងព្រះគម្ពីរ
តើខគម្ពីរទាំងនេះបង្ហាញអំពីភាពល្មមនៃព្រះគម្ពីរយ៉ាងដូចម្ដេច?
២ធីម៉ូថេ ៣:១៥-១៧
ទំនុកដំកើង ១១៩:១
ចោទិយកថា ២៩:២៨
ចោទិយកថា ៣០:១១-១៤
យើងអាចឃើញគ្រប់ទាំងការដែលព្រះបានមានបន្ទូលនៅក្នុងបទគម្ពីរ
កាលណាយើងពិចារណាលើប្រធានបទ ដែលទាក់ទងនិងព្រះគម្ពីរ នោះយើងដឹងថា នៅក្នុងព្រះគម្ពីរ ព្រះ បានមានបន្ទូលប្រកបដោយអំណាច ហើយប្រាប់យើងគ្រប់អ្វីៗដែលយើងចាំបាច់ត្រូវដឹង។ ប៉ុន្តែ នេះមិនមានន័យថា ព្រះគម្ពីរត្រូវឆ្លើយគ្រប់ទាំងសំណួររបស់យើងទេ។ ឧទាហរណ៍ ព្រះគម្ពីរមិនបានប្រាប់យើងថាតើយើងត្រូវ រៀបចំកម្មវិធីថ្វាយបង្គំព្រះនៅក្នុងក្រុមជំនុំតាមលំដាប់លំដោយណាមួយនោះទេ។ ប៉ុន្តែព្រះគម្ពីរពិតជាបានប្រាប់យើងអំពី គោលការណ៍និងគោលដៅទូទៅសំរាប់កម្មវិធីថ្វាយបង្គំ ហើយ ការរៀបចំកម្មវិធីថ្វាយបង្គំគឺត្រូវតែអនុវត្ដតាមគោលការណ៍ និងគោលដៅទាំងនោះ ហើយការរៀបចំកម្មវិធី ថ្វាយបង្គំគឺត្រូវរៀបចំអោយបានតាមលំដាប់លំដោយ និងមានសណ្ដាប់ធ្នាប់ល្អ។
នេះខុសពីជំហររបស់រ៉ូម៉ាំងកាតូលិក ដែលនិយាយថា យើងមិនអាចស្ដាប់លឺគ្រប់ទាំងអ្វីដែលព្រះទ្រង់មាន បន្ទូលនោះទេ លុះត្រាតែយើងបានស្ដាប់នូវអ្វីៗដែលពួកជំនុំកាតូលិកបាននិយាយជាមុនសិន។ យើងអាចនិយាយថា ទោះបីជាក្រុមជំនុំអាចជួយយើងឱ្យយល់អំពីអ្វីដែលព្រះគម្ពីរបង្រៀនក៏ដោយ គង់តែព្រះទ្រង់មិនដែលបន្ថែមអ្វី ផ្សេងលើសពីអត្ថបទព្រះគម្ពីរដោយសារពួកជំនុំឡើយ។ គ្មានកន្លែងណាមួយ និងគ្មានពេលណាមួយ ដែលព្រះទ្រង់ បានបន្ថែម លើបទគម្ពីរដែលយើងត្រូវជឿនិងស្ដាប់បង្គាប់រួចហើយនោះទេ។
ការអនុវត្ដ
ក. មិនបន្ថែមគម្ពីរទៀត
នេះជាកំហុសរបស់ពួកក្រុមខុសឆ្គង ។ ហើយក៏អាចកើតមានផងដែរនៅក្នុងក្រុមជំនុំ របស់យើង។
ខ. មិនតំរូវឱ្យជឿលើអ្វីថែមទៀតទេ
បទគម្ពីរបានផ្ដល់អោយយើងមានសេចក្ដីជឿជាក់លើសេចក្ដីសង្គ្រោះ និងហាមយើងមិនអោយស្ដាប់នរណា ម្នាក់ដែលនិយាយថាពួកគេមានដំណឹងល្អផ្សេងទៀត ឬការបើកសំដែងថ្មីណាមួយទៀតដែលយើងត្រូវជឿឡើយ ។
គ. សង្កត់ធ្ងន់នូវអ្វីដែលបទគម្ពីរបានសង្កត់ធ្ងន់ហើយមានការស្កប់ចិត្ដនូវអ្វីៗដែលព្រះគម្ពីរបានបើកសម្ដែងរួចហើយ
នៅក្នុងចោទិយកថា ២៩:២៨ យើងឃើញថាសេចក្ដីលាក់កំបាំងជារបស់ផងព្រះ។ យើងគួរតែមានការស្កប់ចិត្ដនូវអ្វី ដែលព្រះទ្រង់បានបើកសំដែង ហើយយើងមិនត្រូវតវ៉ាអំពីសេចក្ដីលាក់កំបាំងទាំងនោះទេ។ ព្រះទ្រង់បានប្រទាន មកនូវភាពល្មមគ្រប់គ្រាន់នៃបទគម្ពីរ ដូច្នេះរឿងដែលបទគម្ពីរបានចែងច្បាស់ នោះយើងគួរតែដៅបញ្ជាក់បទគម្ពីរ។
ភាពសមនឹងទុកចិត្ដនៃបទគម្ពីរ
សូមអាន ហេប្រឺ ៦:១៨ យោងតាមខគម្ពីរនេះ តើយើងរៀនបានអ្វីខ្លះ អំពីព្រះ?
តើយើងរៀនបានអ្វីខ្លះ អំពីព្រះបន្ទូលនៃព្រះ តាមរយៈខគម្ពីរខាងក្រោមនេះ?
ទំនុកដំកើង ១២:៦
ទំនុកដំកើង ១៩:៧
សុភាសិត ៣០:៥
យ៉ូហាន ១០:៣៥
យើងអាចទុកចិត្ដព្រះគម្ពីរទាំងស្រុង គឺគ្រប់ទាំងសេចក្ដីដែលព្រះគម្ពីរបានចែង។ ហេតុផលដែលយើង អាចទុកចិត្ដព្រះគម្ពីរ ពីព្រោះព្រះគម្ពីរគ្មានកំហុស។ ដូច្នេះយើងគួរជឿតាមដោយគ្មានការសង្ស័យ។ ព្រះគម្ពីរគ្មានកំហុស ទាល់តែសោះ ពីព្រោះជាព្រះបន្ទូលនៃព្រះហើយព្រះទ្រង់មិនចេះកុហកឡើយ។ មួយទៀត យើង អាចទុកចិត្ដព្រះគម្ពីរបាន ពីព្រោះព្រះទ្រង់មិនដែលផ្លាស់ប្ដូរឡើយ។ ប្រសិនបើព្រះទ្រង់ផ្លាស់ប្ដូរនោះ អញ្ចឹងមានន័យថាអ្វីៗ ដែលទ្រង់បានមានបន្ទូលអំពីអង្គទ្រង់ផ្ទាល់កាលពីពីរពាន់ឆ្នាំមុន វាប្រហែលលែងពិតទៀតហើយ។ ប៉ុន្តែដោយព្រោះ ព្រះទ្រង់មិនបានផ្លាស់ប្ដូរ នោះព្រះគម្ពីរនៅតែពិតជានិច្ចដដែល។
ទោះបីជាបទគម្ពីរពិតប្រាកដក៏ដោយ ក៏យើងអាចយល់ខុសដែរ នៅពេលយើងកាត់ស្រាយវាមិនបាន ត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលការនេះកើតឡើងមែននោះ គឺវាមិនមែនជាកំហុសរបស់ព្រះគម្ពីរ ឬព្រះទេ ប៉ុន្តែវាជាកំហុសរបស់យើងវិញ។ ដូច្នេះវាមិនងាយនឹងច្រលំទេ កាលណាយើងមើលទៅលើបរិបទ ទាំងមូលនៃបទគម្ពីរនោះ ប៉ុន្តែបើយើងមើលតែមួយខគម្ពីរឬ២ខគម្ពីរហើយយើងកាត់ស្រាយបទគម្ពីរ ដោយមិនមើលទៅលើបរិបទជុំវិញ ឬមិនពិចារណាអំពីខ្លឹមសារទាំងមូលនៃព្រះគម្ពីរទេ នោះវានាំអោយយើងយល់ខុសហើយ។
គុណតំលៃនិងគោលបំណងនៃបទគម្ពីរ
តើខគម្ពីរខាងក្រោមនេះបង្រៀនអ្វីខ្លះ អំពីតំលៃនិងគោលបំណងនៃបទគម្ពីរ?
ទំនុកដំកើង ១៩:៨
ទំនុកដំកើង ១១៩:៩
ទំនុកដំកើង ១១៩:៧២
ទំនុកដំកើង ១១៩:៩៧
ទំនុកដំកើង ១១៩:១០៥
រ៉ូម ១៥:៤
១កូរិនថូស ១០:៩-១២
២ធីម៉ូថេ ៣:១៥-១៧
យ៉ាកុប ១:២១
តាមរយៈខគម្ពីរខាងលើនេះយើងឃើញថាគោលបំណងនៃការបើកសំដែងរបស់ព្រះ គឺដូចគ្នានឹងគោល បំណងនៃបទគម្ពីរដែរ គឺប្រយោជន៍ឱ្យយើងមានទំនាក់ទំនងនឹងព្រះនៅក្នុងរបៀបណាមួយដែលទ្រង់សព្វព្រះហឫទ័យ។ គោលបំណងនោះ បង្រៀនយើងអំពីរបៀបស្រឡាញ់ ទុកចិត្ដនិងស្ដាប់បង្គាប់ព្រះ រស់ក្នុងសេចក្ដីជំនឿសង្ឃឹម និងស្រឡាញ់ តាមរយៈដំណឹងល្អអំពីព្រះយេស៊ូវគ្រីស្ទ។ ប៉ុន្តែជាមួយគ្នា គោលបំណងនេះមិនមានបំណងដោះស្រាយបញ្ហាទាំងឡាយដែលមាននៅក្នុងជីវិតរបស់យើង ឬធ្វើការសំរេចចិត្ដឱ្យយើង ដូចជាអ្នកណាដែលត្រូវរៀបអាពាហ៍ពិពាហ៍ជាមួយ កន្លែងណាដែលត្រូវរស់នៅ និងការងារឬអាជីពអ្វីដែលយើងត្រូវធ្វើនោះឡើយ។
របៀបខុសក្នុងការប្រើព្រះគម្ពីរ
មានរបៀបខុសផ្សេងៗដែលពួកគ្រីស្ទបរិស័ទប្រើព្រះគម្ពីរ។ នៅទីនេះយើងនឹងមើលលើរបៀបខុសបីយ៉ាងសង្ខេប។
របៀបខុសទីមួយគឺថា ពួកគ្រីស្ទបរិស័ទគ្រាន់តែមើលលើខគម្ពីរផ្សេងៗដោយចៃដន្យ មិនមានរចនាសម្ព័ន្ធនៅក្នុងរបៀបដែលពួកគេអានព្រះគម្ពីរ ហើយបន្ទាប់មកពួកគេអនុវត្តខគម្ពីរមួយដោយមិនគិតពីបរិបទរបស់វា។ ឧទាហរណ៍ ពួកគេអាចអាននិក្ខមនំ ៣១:១២-១៧ ហើយគិតថា ពួកគ្រីស្ទបរិស័ទត្រូវតែរក្សាថ្ងៃសៅរ៍ជាថ្ងៃឈប់សម្រាក (ថ្ងៃឈប់សម្រាក គឺជាថ្ងៃសៅរ៍)។ យើងត្រូវតែកាត់ស្រាយបទគម្ពីរផ្សេងៗដោយការគិតអំពីអ្វីដែលព្រះគម្ពីរទាំងមូលនិយាយ។ ព្រះគម្ពីរសញ្ញាថ្មីមិនបង្គាប់ឲ្យពួកគ្រីស្ទបរិស័ទរក្សាថ្ងៃឈប់សម្រាក នោះទេ (កូល៉ុស ២:១៦-១៧)។
របៀបខុសទីពីរក្នុងការអានព្រះគម្ពីរគឺ ការគិតថាព្រះគម្ពីរគ្រាន់តែជាសៀវភៅក្បួនច្បាប់ ឬសៀវភៅអំពីសីលធម៌។ ព្រះគម្ពីរពិតជាមានច្បាប់និងបង្រៀនអំពីសីលធម៌ ប៉ុន្តែនោះមិនមែនជាលក្ខណៈគ្រឹះរបស់ព្រះគម្ពីរនោះឡើយ។ ព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះដែលបើកសំដែងផែនការណ៍នៃសេចក្តីសង្គ្រោះរបស់ទ្រង់ ហើយព្រះគ្រីស្ទគឺជាចំនុចកណ្តាល។ យើងត្រូវតែអានព្រះគម្ពីរតាមរបៀបនេះ។
របៀបខុសទីបីគឺ គ្រាន់តែអានផ្នែកផ្សេងៗរបស់ព្រះគម្ពីរដើម្បីលើកទឹកចិត្តយើង ប៉ុន្តែមិនជឿលើអ្វីដែលព្រះគម្ពីរនិយាយទេ។ ចូរស្រមៃថា មានការរត់ប្រណាំងចំងាយឆ្ងាយមួយដែលអ្នករត់ប្រណាំងទាំងអស់ត្រូវតែរត់តាមផ្លូវជាច្រើន។ ពួកគេមិនស្គាល់ផ្លូវទាំងអស់របស់ការរត់ប្រណាំងនោះទេ ដូច្នេះពួកគេត្រូវមានផែនទីមួយដើម្បីបង្ហាញផ្លូវដែលពួកគេត្រូវរត់តាម។ សូមស្រមៃថា អ្នករត់ម្នាក់ក្នុងចំណោមពួកគេប្រើផែនទី ប៉ុន្តែមិនធ្វើតាមអ្វីដែលផែនទីប្រាប់នោះទេ។ គាត់គ្រាន់តែគិតថា ផែនទីនោះស្អាតហើយផ្តល់ឲ្យគាត់មានគំនិតល្អៗ។ ដូច្នេះ ពេលកំពុងរត់ប្រណាំងហើយគាត់ហត់ នោះគាត់យកផែនទីចេញមកមើល គាត់ក៏មានអារម្មណ៍សប្បាយ ពីព្រោះគាត់បានមើលផែនទីដែលគួរឲ្យចាប់អារម្មណ៍មួយនេះ ដែលធ្វើឲ្យគាត់មានកំលាំងបន្តរត់ទៅមុខទៀត។ ប៉ុន្តែគាត់មិនរត់នៅក្នុងទិសដែលផែនទីប្រាប់គាត់ឲ្យរត់នោះទេ។ តើគាត់នឹងរត់ទៅដល់ទីផ្តាច់ព្រាត់ដែរឬទេ? ទេ។
មនុស្សខ្លះចាត់ទុកព្រះគម្ពីរដូចគ្នាអញ្ចឹងដែរ។ ពួកគេប្រើខគម្ពីរផ្សេងៗចេញពីព្រះគម្ពីរ ដែលពួកគេចូលចិត្ត មកលើកទឹកចិត្តខ្លួនឯង និងជួយធ្វើឲ្យពួកគេមានអារម្មណ៍សប្បាយ ឬមានអារម្មណ៍សុខសាន្ត ប៉ុន្តែពួកមិនជឿលើអ្វីដែលព្រះគម្ពីរនិយាយនោះឡើយ។ សូម្បីតែគ្រូគង្វាលខ្លះក៏ធ្វើដូចនេះផងដែរ។ ឧទាហរណ៍ គ្រីស្ទបរិស័ទខ្លះចូលចិត្តស្តាប់ឮខគម្ពីរផ្សេងៗចេញពីព្រះគម្ពីរ ដែលបង្រៀនថា ព្រះ ស្រលាញ់យើង។ នោះធ្វើឲ្យពួកគេមានអារម្មណ៍សប្បាយសុខសាន្ត ប៉ុន្តែពួកគេមិនជឿលើអ្វី ដែលព្រះគម្ពីរនិយាយអំពីការដែលព្រះបោះទំលាក់មនុស្សទៅក្នុងស្ថាននរកនោះទេ ឬពួកគេមិនចង់អានឬស្តាប់ឮផ្នែកខ្លះក្នុងព្រះគម្ពីរដែលពួកគេមិនចូលចិត្តឡើយ។
ដូច្នេះ មនុស្សទាំងនេះប្រើព្រះគម្ពីរ ប៉ុន្តែពួកគេមិនជឿព្រះគម្ពីរនោះទេ។ គ្រាន់តែការជឿលើផ្នែកខ្លះនៃព្រះគម្ពីរដែលយើងចូលចិត្តមិនមែនជាការជឿព្រះគម្ពីរនោះទេ។ ព្រះមិនសព្វព្រះហឫទ័យចំពោះទង្វើបែបនេះឡើយ ពីព្រោះនេះគឺជាការប្រើព្រះ មិនមែនជាការជឿព្រះនោះឡើយ។ ទង្វើបែបនេះមានលក្ខណៈអំនួត អាត្មានិយម និងថ្វាយបង្គំរូបព្រះ។ ជាលក្ខណៈអំនួតដោយព្រោះយើងគិតថា អ្វីដែលយើងជឿគឺល្អប្រសើរជាងអ្វីដែលព្រះមានបន្ទូល។ ជាលក្ខណៈអាត្មានិយមដោយព្រោះយើងគ្រាន់តែប្រើព្រះសំរាប់ផលប្រយោជន៍របស់យើងប៉ុណ្ណោះ។ ជាលក្ខណៈថ្វាយបង្គំរូបព្រះដោយព្រោះយើងបង្កើតព្រះទៅតាមអ្វីដែលយើងចង់បាន។
ព្រះគម្ពីរនិងគ្រួសារគ្រីស្ទបរិស័ទ
យោងតាមចោទិយកថា ៦:៤-៧,២០-២៤ និង អេភេសូរ ៦:៤ បង្រៀនយើងថាមាតាបិតា(ជាពិសេសឪពុក) ត្រូវអប់រំកូនដោយពាក្យប្រៀនប្រដៅ និងដំបូន្មានស្របតាមព្រះអម្ចាស់ គឺគេត្រូវបង្រៀនកូនអំពីព្រះបន្ទូលរបស់ព្រះរាល់ពេលវេលា។ ដូច្នេះ មាតាបិតាត្រូវអាននិងសិក្សាព្រះគម្ពីរជាមួយនឹងកូនរាល់ថ្ងៃ។
ព្រះគម្ពីរនិងពួកជំនុំ
នៅក្នុងសញ្ញាចាស់និងសញ្ញាថ្មីព្រះជាម្ចាស់បានប្រមូលរាស្រ្តរបស់ព្រះប្រយោជន៍ដើម្បីអោយគេឮព្រះបន្ទូលរបស់ទ្រង់។ ព្រះជាម្ចាស់បានដឹកនាំរាស្រ្តរបស់ព្រះតាមរយៈព្រះបន្ទូលហើយព្រះអង្គប្រទានអ្នកដឹកនាំដែលមានតួនាទីប្រកាសនិងបង្រៀនព្រះបន្ទូលដើម្បីរៀបចំគ្រីស្ទបរិស័ទអោយបំពេញមុខងារបំរើ និងកសាងរូបកាយរបស់ព្រះគ្រិស្តឡើង រហូតដល់យើងទាំងអស់រួមគ្នា មានជំនឿតែមួយ ក្នុងការស្គាល់ព្រះរាជបុត្រារបស់ព្រះជាម្ចាស់ និងទៅជាមនុស្សពេញវ័យ ឡើងដល់កំពស់របស់ព្រះគ្រីស្ទនិងភ្ជាប់គ្នាឡើងយ៉ាងមាំ (អេភេសូរ ៤:៧-១៦)។ ដូច្នេះជាការសំខាន់ណាស់ដែលពួកជំនុំមានគ្រូគង្វាលដែលបានយល់ព្រះគម្ពីរយ៉ាងល្អដោយគាត់យកចិត្តទុកដាក់ក្នុងការសិក្សាព្រះគម្ពីរពីព្រោះព្រះជាម្ចាស់ដឹកនាំពួកជំនុំដោយព្រះបន្ទូលរបស់ព្រះ។ មួយវិញទៀត សេចក្ដីអធិប្បាយនៅក្នុងកម្មវិធីគឺជាការសំខាន់មែន។ ពួកជំនុំខ្លះមិនសូវចាប់អារម្មណ៍នឹងការអធិប្បាយ (ឧទាហរណ៍ គេច្រៀងអស់រយៈពេលយ៉ាងយូរប៉ុន្តែមានសេចក្ដីអធិប្បាយដ៏ខ្លីឬមិនស្ដាប់សេចក្ដីអធិប្បាយ)។ ការប្រព្រឹត្តនេះមិនត្រឹមត្រូវទេ។ គ្រូអធិប្បាយមិនអាចយកព្រះគម្ពីរដើម្បីគាំទ្រយោបល់របស់ខ្លួន ប៉ុន្តែប្រកាសប្រសាសន៍នៃព្រះគម្ពីរ គឺព្រះយេស៊ូវព្រះគ្រីស្ទ។
សរុបសេចក្ដី
គ្រីស្ទបរិស័ទត្រូវអាន សិក្សា ទុកចិត្ត និង ស្ដាប់តាមព្រះគម្ពីរទាំងមូល។ គេត្រូវធ្វើនេះដោយខ្លួនឯង នៅក្នុងគ្រួសារ និងនៅក្នុងពួកជំនុំ។ ជាការល្អដែលយើងអានតាមកណ្ឌ ឧទាហរណ៍ អានដំណឹងល្អម៉ាកុសមួយជំពូករាល់ថ្ងៃ។ បន្ទាប់ពីបានអានកណ្ឌមួយសព្វគ្រប់ហើយ ចាប់ផ្តើមអានកណ្ឌមួយទៀត ឧទាហរណ៍ កណ្ឌ១កូរិនថូស។ យើងមិនអានព្រះគម្ពីរប្រយោជន៍ដើម្បីអោយបានកុសលទេ ប៉ុន្តែប្រយោជន៍ដើម្បីអោយយើងស្គាល់ព្រះជាម្ចាស់ ស្គាល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់និងទៅជាមនុស្សពេញវ័យ ឡើងដល់កំពស់របស់ព្រះគ្រីស្ទ។
អរគុណលោកគ្រូដែលបានរៀបរៀងអត្តបទនេះ។ វាពិតជាល្អហើយបានជួយខ្ញុំជាច្រើនផងដែរ។ ក្នុងឆ្នាំថ្មីនេះខ្ញុំត្រូវរៀបចំមេរៀន អំពីថ្នាក់សិក្សាមូលដ្ឋានគ្រឹះព្រះគម្ពីរ សំរាប់យុវជនជំទង់នៅព្រះវិហារ។ ដូច្នេះខ្ញុំនឹងយកមេរៀននេះទៅបង្រៀនដែរ។
Thank you every much for your explanation.
ខ្ញុំរីករាយណាស់ សម្រាប់ដៃគូក្នុងដំណងល្អ ដែលបានបង្កើតកម្មវិធីនៃេះ។ សូមអរគុណ សូមព្រះប្រទានពរ។