អេសាយ ៦:១–១៣
ការរំលឹក អេសាយ ២:៦-២២ បង្រៀនថា «នៅថ្ងៃនោះ» «ព្រះអង្គនឹងពង្រាបមនុស្សមានចិត្តអួតអាង» ហើយ «មានតែព្រះអម្ចាស់មួយអង្គទេ ដែលមនុស្សត្រូវលើកតម្កើង» (ខ.១១)។ ហេតុនេះហើយបានជានៅក្នុងសញ្ញាថ្មី យើងនឹងលើកតម្កើងព្រះនាមព្រះយេស៊ូវ ហើយទ្រង់នឹងសំដែងសេចក្ដីក្រោធ ដើម្បីពង្រាបមនុស្សមានចិត្តអួតអាងទាំងអស់នៅថ្ងៃនៃព្រះគ្រីស្ទ ដែលជាថ្ងៃព្រះគ្រីស្ទយាងត្រឡប់មកវិញ។
សូមអានអេសាយ ៦:១-១៣ ទាំងមូល។
ចូរអានខ.១-៤ ឡើងវិញ។ យោងទៅតាមនិមិត្តនេះ តើព្រះជាម្ចាស់មានចរិតលក្ខណៈយ៉ាងម៉េច?
ការពន្យល់ មិនមានអ្នកណាម្នាក់ដឹងពីអត្តសញ្ញាណរបស់ពួកសេរភីមឡើយ ពីព្រោះបន្ទាប់ពីពួកគេត្រូវបានលើកយកមកនិយាយនៅក្នុងខ២រួចមក ឈ្មោះរបស់ពួកគេមិនត្រូវបានលើកយកមកនិយាយម្តងទៀត ឡើយ។ អ្វីដែលយើងបានដឹងនោះគឺ សូរសំលេងរបស់ពួកសេរភីមអស្ចារ្យខ្លាំងណាស់ គឺវាបានធ្វើឲ្យក្របទ្វារនិងខ្លោងទ្វារបានញ័រ។ ប៉ុន្តែទោះបីជាពួកគេជាស្នាព្រះហស្តដ៏អស្ចារ្យយ៉ាងនេះក៏ដោយ ក៏ពួកគេមិនអាច សំឡឹងមើលព្រះជាម្ចាស់ចំព្រះភ័ក្ត្របានដែរ។ ដូច្នេះហើយបានជាពួកគេបានប្រើស្លាបមកបាំងមុខរបស់ពួកគេ។ នេះបានសេចក្តីថា ស្នាព្រះហស្តទាំងនេះបានគោរពកោតខ្លាចដល់ព្រះជាម្ចាស់ខ្លាំងបំផុត។ ចំពោះយើងវិញ យើងអាចក្រឡេកមើលមកក្នុងលោកិយនេះ ហើយយើងគួរតែយំសោកចំពោះពួកគេផង ដ្បិតពួកគេមិនទាន់ទទួលស្គាល់ព្រះជាម្ចាស់នៅឡើយទេ។
តើទាំងអស់នេះទាក់ទងជាមួយនឹងព្រះយេស៊ូវដូចម្តេចខ្លះ?ព្រះគម្ពីរបានមានបន្ទូលថា កាលដើមដំបូងឡើយ មានព្រះបន្ទូល (ព្រះយេស៊ូវ) ហើយព្រះបន្ទូលគឺជាព្រះ ដែលជាព្រះដែលយើងបានមើលឃើញនៅក្នុងអេសាយ ៦។ នៅក្នុងព្រះគម្ពីរយ៉ូហាន ១២:៤១ សាវកយ៉ូហានបានដកស្រង់ចេញពីព្រះគម្ពីរអេសាយ ៦ដោយនិយាយថា ហោរាអេសាយបានឃើញព្រះយេស៊ូវ នៅពេលដែលគាត់បានឃើញការជាក់ស្តែងដ៏អស្ចារ្យអំពីព្រះដ៏បរិសុទ្ធនេះ។
ការអនុវត្ត មានពេលខ្លះពួកអ្នកជឿ មានទស្សនៈតូចចង្អៀតអំពីព្រះជាម្ចាស់។ ដូច្នេះហើយទើបព្រះអង្គបង្ហាញពីភាពធំឧត្តម ព្រះចេស្ដារបស់ទ្រង់ឲ្យពួកគេបានឃើញ ដើម្បីឲ្យពួកគេបានបន្ទាបខ្លួននៅចំពោះព្រះអង្គ ព្រមទាំងទទួលស្គាល់ពីភាពធំឧត្តមរបស់ព្រះអង្គ។ ឥរិយាបថនេះបានកើតឡើងចំពោះហោរាអេសាយ តើអ្នកមាន ទស្សនៈតូចចង្អៀតអំពីព្រះជាម្ចាស់ដែរឬទេ?
ចូរអានខ.៥។ តើលោកអេសាយបានឆ្លើយតបយ៉ាងម៉េចទៅនឹងអ្វីដែលគាត់បានឃើញ?
ការពន្យល់ និងអនុវត្ត នៅពេលដែលយើងស្ថិតក្នុងភាពងងឹត នោះយើងមិនអាចមើលភាពកខ្វក់ដែលយើងមាននោះទេ ប៉ុន្តែនៅពេលដែលពន្លឺមួយត្រូវបានបំភ្លឺមក លើយើង នោះបន្ទាប់មកយើងអាចមើលឃើញថា យើងមិនស្អាតទេ។ ដូចគ្នា មុនមនុស្សបានជួបព្រះជាម្ចាស់គេមិនឃើញបាបរបស់ខ្លួនយ៉ាងត្រឹមត្រូវទេ ប៉ុន្តែនៅពេលយើងបានចូលពន្លឺនៃព្រះជាម្ចាស់ហើយ នោះយើងឃើញបាបរបស់ខ្លួនច្បាស់ជាងមុន (សូមមើលយ៉ូហាន ៣:១៩-២១)។ នេះកើតឡើងចំពោះលោកអេសាយ។ បន្ទាប់ពីគាត់បានឃើញភាពបរិសុទ្ធរបស់ព្រះអង្គ គាត់បានឃើញយ៉ាងជាក់ស្ដែងថា គាត់មិនស្អាតទេ។ តើភាពបរិសុទ្ធរបស់ព្រះជាម្ចាស់បាននាំអោយអ្នកឃើញបាបរបស់ខ្លួនដែរឬទេ?
ចូរអានខ.៦-៧។ តើ សេរភីមមួយបានធ្វើអ្វី?
ការពន្យល់ និងអនុវត្ត រងើកភ្លើងជានិមិត្តរូបដែលបង្ហាញអំពីសារៈសំខាន់នៃអាសនា។ អាសនាគឺជាកន្លែងដែលគេថ្វាយយញ្ញបូជាធួននឹងបាបដើម្បីអោយព្រះជាម្ចាស់នឹងលើកលែងទោសរបស់យើង។ នេះគឺជាវិធីតែមួយគត់ ដែលព្រះជាម្ចាស់បានលើកលែងទោសអោយអេសាយ។ និមិត្តសញ្ញានេះធានាលោកអេសាយថា ព្រះជាម្ចាស់បានលើកលែងទោសអោយគាត់ហើយ។ វាជាការសំខាន់ដែលថា សាររបស់អេសាយជាពាក្យរបស់អ្នកដែលព្រះអង្គបានលើកលែងទោសហើយ។ ចំពោះយើងវិញ យើងមានវិធីតែមួយគត់ដែលព្រះជាម្ចាស់បានលើកលែងទោស គឺព្រះគ្រីស្ទបានថ្វាយរូបអង្គទ្រង់ជាយញ្ញបូជាធួននឹងបាប ហើយយើង (ដូចលោកអេសាយ)ត្រូវទទួលការលើកលែងទោសនេះ។ តើអ្នកបានទទួលការលើកលែងទោសពីព្រះយេស៊ូវឬទេ?
ចូរអានខ.៨-១០។ តើព្រះជាម្ចាស់បានចាត់ហោរាអេសាយឱ្យទៅ ដើម្បីប្រកាសព្រះរាជសារស្ដីអំពីអ្វី?
ការពន្យល់ គ្រីស្ទបរិស័ទធ្លាប់ប្រើខ.៨ យ៉ាងច្រើន ដើម្បីលើកទឹកចិត្តយើងអោយបម្រើព្រះអង្គ និងប្រកាសព្រះបន្ទូល ប៉ុន្តែតាមធម្មតាគេភ្លេចអ្វីដែលមកមុន (ខ.១-៧) និងមកក្រោយ (ខ.៩-១២)។ ហេតុអ្វីបានជាព្រះជាម្ចាស់បានទទួលលោកអេសាយធ្វើជាអ្នកនាំព្រះរាជសារ? ពីព្រោះរងើកភ្លើងបានប៉ះនឹងមាត់គាត់ជាមុន ហើយបន្ទាប់មកសេចក្តីទុច្ចរិតរបស់គាត់ត្រូវបានដកចេញ ហើយអំពើបាបរបស់គាត់ត្រូវបានអត់ទោសឱ្យផង (ខ.៧)។ ព្រះជាម្ចាស់បានចាត់ហោរាអេសាយឱ្យទៅដើម្បីប្រកាសព្រះរាជសារស្ដីអំពីការវិនិច្ឆ័យ។ នេះមិនមែនជាព្រះរាជសារមួយដែលងាយស្រួលប្រកាសទេ។ ជនជាតិយូដានឹងមិនទទួលឬប្រែចិត្តទេ។ ព្រះយេស៊ូវបានដកស្រង់ពីអត្ថបទនេះ (ម៉ាថាយ ១៣:១៤-១៥) ពីព្រោះជនជាតិយូដានៅសម័យទ្រង់ មិនទទួលសេចក្ដីបង្រៀនរបស់ព្រះអង្គផងដែរ។
ចូរអានខ.១១-១៣។ តើហោរាអេសាយឆ្លើយយ៉ាងម៉េច? (ខ.១១)
ព្រះជាម្ចាស់បានឆ្លើយសំនួររបស់ហោរាអេសាយយ៉ាងម៉េច?
ការពន្យល់និងការអនុវត្ត ប្រហែលជាលោកអេសាយសង្ឃឹមថា ព្រះជាម្ចាស់នឹងបំផ្លាញស្រុកយូដាតែបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែព្រះអង្គឆ្លើយថា ហោរាអេសាយត្រូវប្រកាសការវិនិច្ឆ័យ «ដរាបដល់កាលណាទីក្រុងទាំងប៉ុន្មានត្រូវចោលស្ងាត់ឥតមានអ្នកណានៅសោះ»។ ព្រះជាម្ចាស់មានសេចក្ដីក្រោធហើយនឹងបំផ្លាញស្រុកយូដាទាំងស្រុង។ តើគេមានសេចក្ដីសង្ឃឹមឬទេ? មាន! នៅចុងបញ្ចប់នៃជំពូកនេះ ព្រះជាម្ចាស់មានព្រះបន្ទូលថា «ដូចជាដើមឈើទាលហើយនឹងដើមម៉ៃសាក់ ដែលសល់នៅតែគល់ ក្រោយដែលគេកាប់រំលំហើយគឺពូជពង្សបរិសុទ្ធជាគល់ឈើនោះឯង»។
លោកអេសាយបានទទួលសារភាពអំពើបាបរបស់ខ្លួន ស្ដាប់ព្រះបន្ទូល ទុកចិត្តលើព្រះអង្គ និងស្ដាប់តាម។ តើការទាំងនេះងាយស្រួលឬពិបាកសំរាប់អ្នក?
ការពន្យល់និងការអនុវត្ត សព្វថ្ងៃនេះយើងឃើញថា មានបញ្ហាច្រើននៅក្នុងលោកិយ ហើយនេះជាការវិនិច្ឆ័យរបស់ព្រះជាម្ចាស់ ដែលបណ្ដោយអោយមនុស្សធ្វើតាមអំពើបាបដែលមានក្នុងចិត្តរបស់ពួកគេ។ ដូចជាលោក អេសាយផងដែរ យើងត្រូវប្រកាសព្រះបន្ទូលនៅក្នុងកាលៈទេសៈនេះ។ តើមានសេចក្ដីសង្ឃឹមឬទេ? មាន! គឺពូជពង្សបរិសុទ្ធនោះគឺជាព្រះគ្រីស្ទនិងអស់អ្នកក្នុងព្រះគ្រីស្ទ។
រំលឹកទ្បើងវិញ តើយើងបានរៀនអ្វីអំពីព្រះជាម្ចាស់ចេញពី អេសាយ ៦:១–១៣?
ការអនុវត្ត:តាមអ្វីដែលអ្នកបានរៀនតាមរយៈបទគម្ពីរនេះ តើអ្នកត្រូវយកវាមកអនុវត្តយ៉ាងដូចម្តេចនាពេលសព្វថ្ងៃនេះ?
Leave a Reply