អេសាយ ៤០:១-២ Isaiah 40:1-2

Is. 40.1-2

អេសាយ​ ៤០:

ការ​រំលឹក​៖ ​អេសាយ ១១:១-១០ ចែង​ទុក​អំពី​​សេចក្ដី​សន្យា​របស់​ព្រះជាម្ចាស់​អំពី​ស្តេច​យូដា​មួយ​អង្គ ​ដែល​នឹង​មក​ហើយ​គ្រប់​គ្រង​ដោយ​សេចក្ដី​សុចរិត។ ស្តេច​នោះ​បាន​តាំង​ឡើង​ទុក​ជា​ទង់​ដល់​ជនជាតិ​ទាំងឡាយឯ​គ្រប់​សាសន៍គេ​នឹង​ស្វែងរក​អ្នកនោះ​នៅ​​ឯ​ទី​សំរាក​របស់​គេ។

ការ​ពន្យល់៖ កណ្ឌ​អេសាយ​ អេសាយ​ជំពូក​១៣-២៣មាន​ព្រះបន្ទូល​ទាយ​អំពី​ការ​វិនិច្ឆ័យ​មក​ពី​ព្រះជាម្ចាស់​ប្រឆាំង​នឹង​សាសន៍​ដទៃ​ ​យេរូសាឡិម ​និង​យូដា​ (ឧទាហរណ៍​ ជំពូក​២៣​ចែង​ទុក​អំពី​​ព្រះបន្ទូល​ស្ដី​អំពី​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន​)។ ​ជំពូក​៣៤​ប្រកាស​ថា ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​ស្រុក​ទាំង​អស់។ ​ជំពូក ២៤-២៧ មាន​ព្រះបន្ទូល​ស្ដី​អំពី​ការ​វិនិច្ឆ័យ​និង​សេចក្ដី​សង្ឃឹម​នៅ​ពេល​អនាគត​ ជំពូក​២៨-៣៣​ចែង​ទុក​សេចក្ដី​សន្យា​និង​ការ​វិនិច្ឆ័យ​ចំពោះ​យូដា​ ជំពូក​៣៥​ប្រកាស​អំពី​ផ្លូវ​មួយ​ ដែល​​មាន​ឈ្មោះថា«ផ្លូវ​ដ៏​បរិសុទ្ធ​»នៅ​វាល​រហោស្ថាន ​ដែល​មាន​តែ​ពួក​ឈ្លើយ​ដែល​ព្រះអង្គ​បាន​លោះ​មក​វិញ​ប៉ុណ្ណោះ​ដែល​ដើរ​តាម​ផ្លូវ​នោះ​ទៅ​ឯ​ស៊ីយ៉ូន។ ជំពូក​៣៦-៣៩​ចែង​ទុក​អំពី ព្រឹត្តិ​ការណ៍​តាម​ប្រវត្តិសាស្ត្រ​ គឺ​ស្ដេច​ស្រុក​អាសស៊ើរ​ឡោមព័ទ្ធ​ក្រុង​យេរូសាឡិម។  នៅ​អេសាយ​ ៣៩​:៥-៧​ ហោរា​អេសាយ​ប្រកាស​ដល់​ស្តេច​ហេសេគា​ថា ពួក​បាប៊ីឡូន​នឹង​នាំ​រាជវង្សានុវង្ស​របស់​ហេសេគា យក​ទៅ​ធ្វើ​ជា​មហាតលិក​នៅ​ក្នុង​វាំង​របស់​ស្ដេច​ស្រុក​បាប៊ីឡូន។  ព្រឹត្តិ​ការណ៍​នេះ​មាន​កើត​ឡើង​នៅ​ឆ្នាំ​៥៨៦​មុន គ.ស. នៅ​ពេល​បាប៊ីឡូន​បាន​បំផ្លាញ​យេរូសាឡិម។  ស្តេច​បាប៊ីឡូន​បាន​ដឹក​នាំ​ជនជាតិ​យូដា​ជា​​ច្រើន​ទៅ​ក្រុង​បាប៊ីឡូន។  ព្រឹត្តិ​ការណ៍​នេះ​ផ្ដល់​កាលៈទេសៈ​សំរាប់​អេសាយ​ ៤០-៥៥ ដូច្នេះ​     ប្រវត្តិសាស្ត្រ​នេះ​ជា​មូល​ដ្ឋាន​​គ្រឹះ​ជួយ​អោយ​​យើង​យល់​​​ជំពូក​នេះ​​បាន​ច្បាស់​លាស់​​។

ចូរ​អាន​ខ.១-២ ទាំង​មូល។  តើ​យេរូសាឡិម​បាន​ទទួល​ព្រះបន្ទូល​ស្ដី​អំពី​អ្វី?

ការ​ពន្យល់​៖ នេះ​គឺ​ជា​សារ​ដែល​ព្រះ​មាន​ព្រះហឫទ័យ​ចង់​ប្រកាស​ដល់​ប្រជាជន​ក្រុង​យេរូសាឡិម​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​និរទេស ​គឺ​បន្ទាប់​ពី​បាប៊ីឡូន​បាន​បំផ្លាញ​ក្រុង​​យេរូសាឡិម​ ហើយ​យេរូសាឡិម​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ស្តេច​បាប៊ីឡូន។  ចូរ​ស្រមៃ​ថា ​អ្នក​បាន​រស់នៅ​ក្នុង​អំឡុង​ពេល​នៃ​របប​ខ្មែរ​ក្រហម។  តើ​មាន​សារ​អ្វី​ដែល​នឹង​កំសាន្ត​ទុក្ខ(សំរាល​ទុក្ខ) ហើយ​លើក​ទឹក​ចិត្ត​អ្នក?  ពិត​ណាស់ ​សារ​ដែល​នឹង​កំសាន្ត​ទុក្ខ​អ្នក​គឺ ខ្មែរ​ក្រហម​ត្រូវ​បាន​ផ្តួល​រំលំ​ ​ហើយ​បាន​បាត់​បង់​អំណាច។ ​ចូរ​ស្រមៃ​ថា​ អ្នក​ជា​ប្រជាជន​ក្រុង​យេរូសាឡិម​បាន​រស់នៅ​ក្នុង​អំឡុង​ពេល​​ដែល​ស្តេច​បាប៊ីឡូន​បាន​សង្កត់​សង្កិន​យេរូសាឡិម (គឺ​សម័យ​និរទេស)។  តើ​មាន​សារ​អ្វី​ដែល​នឹង​កំសាន្ត​ទុក្ខ(សំរាល​ទុក្ខ) ហើយ​លើក​ទឹក​ចិត្ត​អ្នក?  ប្រហែល​ជា​សារ​​ដែល​​ថា ​ស្តេច​បាប៊ីឡូន​បាន​បាត់​បង់​អំណាច​របស់​គាត់។  ប៉ុន្តែ​ព្រះបន្ទូល​នៅ​ខ.១-២​នៅ​ទី​នេះ​មិន​ប្រកាស​បែប​នោះ​ទេ។  ព្រះបន្ទូល​ដែល​កំសាន្ត​ទុក្ខ​ប្រជាជន​ក្រុង​យេរូសាឡិម​គឺ អំពើ​ទុច្ចរិត​របស់​គេ​​ត្រូវ​បាន​អត់​ទោស​ឱ្យ​ហើយ​។  ដំណឹង​នេះ​អាច​កំសាន្ត​ទុក្ខ​គេ​បាន ​ពីព្រោះ​ការ​ដែល​ខ្មាំងសត្រូវ​​ធ្វើ​​អោយ​ពួក​​គេ​រង​ទុក្ខ​នោះ​​គឺ​ជា​ទណ្ឌកម្ម​ដែល​មក​ពី​ព្រះជាម្ចាស់។  ពួក​បាប៊ីឡូន​មិន​មាន​សមត្ថភាព​​ធ្វើ​អោយ​​ពួក​​គេ​រង​ទុក្ខ​​ដោយ​​សារ​តែ​​ពួក​គេ​មាន​កង​ទ័ព​រឹង​ខ្លាំង​ជាង​​ឡើយ​។  ពួក​បាប៊ីឡូន​មាន​សមត្ថភាព​ធ្វើ​អោយ​​ប្រជាជន​ក្រុង​យេរូសាឡិម​រង​ទុក្ខ ​ពីព្រោះ​ព្រឹត្តិ​ការណ៍​នេះ​បាន​មក​ពី​ព្រះ​ហស្ត​របស់​ព្រះអង្គ​ ពីព្រោះ​ទ្រង់​ទាស់​ប្រឆាំង​នឹង​ប្រជាជន​យេរូសាឡិម (យេរេមា​ ២១:១៣)។ មូលដ្ឋាន​គ្រឹះ​នៃ​បញ្ហា​របស់​ពួកគេ​គឺ​មិន​​មែន​​ស្តេច​បាប៊ីឡូន​បាន​គាបសង្កត់​ពួក​គេ​ទេ។  ស្នូល​នៃ​បញ្ហា​របស់​ពួកគេ​គឺ ពួក​​គេ​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះជាម្ចាស់​ គឺ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប​ជា​​ច្រើន ​ហើយ​ព្រះជាម្ចាស់​ប្រឆាំង​នឹង​គេ។  ប្រ​សិន​បើ​ប្រជាជន​ក្រុង​យេរូសាឡិម​មិន​ជឿ​ការ​​នេះ​ទេ នោះ​ពួក​​គេ​មិន​សូវ​ចាប់​អារម្មណ៍​អំពី​ដំណឹង​ដែល​ប្រកាស​ថា ព្រះជាម្ចាស់​បាន​អត់ទោស​អំពើ​ទុច្ចរិត​របស់​គេ​ទេ​។គេ​ចង់​លឺ​ដំណឹង​ដែល​ថា ស្តេច​បាប៊ីឡូន​បាន​បាត់​​បង់​អំណាច​វិញ​។  ដូច្នេះ​ ​ដើម្បី​​អោយ​ព្រះបន្ទូល​នេះ​នឹង​មាន​សមត្ថភាព​កំសាន្ត​ទុក្ខ​របស់​ពួក​​គេ ពួក​គេ​ត្រូវ​យល់​ថា មូលដ្ឋាន​គ្រឹះ​នៃ​បញ្ហា​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​គឺ​ជា​អំពើ​បាប​របស់​ខ្លួន ​ហើយ​ព្រះជាម្ចាស់​ទាស់​​ប្រឆាំង​នឹង​ពួក​​គេ។  ហេតុនេះ​ហើយ​បាន​ជា​ព្រះបន្ទូល​ជា​​ច្រើន​នៅ​ក្នុង​អេសាយ​ជំពូក​ ១-៣៩ មាន​គោល​បំណង​បង្រៀន​រាស្រ្ត​របស់​ព្រះ​ថា ការ​ដែល​ស្តេច​បាប៊ីឡូន​បំផ្លាញ​យេរូសាឡិម​មក​ពី​ព្រះ​ហស្ត​របស់​ព្រះ​ជា​ម្ចាស់ (១:២១-២៤; ៥:៥-៦; ២៩:១-៣)។ ​

ការ​អនុវត្ត​៖  អ្វី​ដែល​យើង​រៀន​នៅ​ខាង​លើ​នេះ​មាន​សារៈ​សំខាន់​ដល់​យើង​ខ្លាំង​ណាស់។  មូលដ្ឋាន​គ្រឹះ​នៃ​បញ្ហា​ផ្ទាល់​ខ្លួន​គឺ​ជា​អ្វី?  មូលដ្ឋាន​គ្រឹះ​នៃ​បញ្ហា​របស់​មនុស្ស​លោក​គឺ​ជា​អ្វី?  មនុស្ស​ជា​ច្រើន​គិត​ថា មូលដ្ឋាន​គ្រឹះ​នៃ​បញ្ហា​ផ្ទាល់​ខ្លួន​នឹង​មនុស្ស​លោក​គឺ​សេដ្ឋកិច្ច​ ឬ​ខ្វះ​ការ​អប់​រំ​ ឬ​សុខ​ភាព។  បើ​ពួក​គេ​មាន​គំនិត​បែប​នេះ នោះ​​គេ​មិន​សូវ​ចាប់​អារម្មណ៍​នឹង​ដំណឹង​ល្អ​ ឬ​ពួក​​គេ​នឹង​យល់​ខុស​អំពី​ដំណឹង​ល្អ។  ដំណឹង​ល្អ​បាន​ប្រកាស​ថា ព្រះជាម្ចាស់​បាន​លើក​លែង​ទោស​របស់​យើង​ ពីព្រោះ​ព្រះគ្រីស្ទ​បាន​ទទួល​​រួច​ហើយ​​នូវ​ទណ្ឌកម្ម​ដែល​យើង​ត្រូវ​ទទួល។  បើ​មាន​សំនួរ​សួរ​ថា «ព្រះគ្រីស្ទ​បាន​សង្គ្រោះ​យើង​ពី​អ្វី​?» គ្រីស្ទបរិស័ទ​ច្រើន​ឆ្លើយ​ថា «ពី​អំពើ​បាប​»។  ចម្លើយ​នេះ​ត្រឹមត្រូវ​ហើយ ​ប៉ុន្តែ​មិន​ទាន់​​គ្រប់​គ្រាន់​ទេ។ លើស​ពី​នេះ​ទៅទៀត ព្រះគ្រីស្ទ​សង្គ្រោះ​យើង​ពី​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់ (រ៉ូម​ ៥:៩)។  ដូច្នេះ​ មូលដ្ឋាន​គ្រឹះ​ដែល​យើង​ត្រូវ​ការ​ប្រយោជន៍​អោយ​យើង​យល់​ដំណឹង​ល្អ​អោយ​បាន​ត្រឹមត្រូវ​នោះ​វ​គឺ យើង​យល់​ថា ​ព្រះ​ជា​ម្ចាស់​ទាស់​​ប្រឆាំង​នឹង​យើង​ ដោយ​ព្រោះ​អំពើ​បាប​របស់​យើង (គឺ​យើង​បាន​បះបោរ​ប្រឆាំង​នឹង​។ ការ​បដិសេធ​សេចក្ដី​ពិត​នេះ​ជា​ការ​បដិសេធ​ដំណឹង​ល្អ។  ដូច្នេះ​ ព្រះរាជសារ​នៅ​ក្នុង​កណ្ឌ​អេសាយ​មាន​សារៈ​សំខាន់​ដល់​យើង​ជា​​ខ្លាំង​។

តើ​អ្នក​យល់​ឃើញ​ថា បញ្ហា​ធំ​បំផុត​នៃ​អ្នក​ជិត​ខាង​និង​សាច់​ញាតិ​​របស់​អ្នក​គឺ​ជា​​ការ​ដែល​ព្រះជាម្ចាស់​​ទាស់​ប្រឆាំង​នឹង​ពួក​គេ​ហើយ​នឹង​វិនិច្ឆ័យ​ពួក​គេ​ដែរ​​ឬ​ទេ?

ហេតុ​អ្វី​បាន​ជា​មនុស្ស​ជា​ច្រើន​មិន​សូវ​ចាប់​អារម្មណ៍​នឹង​ដំណឹង​ល្អ?

រំលឹក​ទ្បើង​វិញ​៖ តើ​យើង​បាន​រៀន​អ្វី​អំពី​ព្រះជាម្ចាស់​និង​មនុស្ស​ចេញ​ពី អេសាយ​ ៤០:?

ការ​អនុវត្ត​តាម​អ្វី​ដែល​អ្នក​បាន​រៀន​តាម​រយៈ​បទ​គម្ពីរ​នេះ តើ​អ្នក​មាន​សេចក្ដី​សង្ឃឹម​មក​ពី​ណា?

Leave a Reply

Your email address will not be published. Required fields are marked *

*

Top