អេសាយ ២:១-៥ Isaiah 2:1-5

Is. 2.1-5

អេសាយ​:

ការ​រំលឹក នៅ​ក្នុងអេសាយ​ ១:២-៣១ ព្រះជាម្ចាស់​បាន​ប្រកាស​ថា ស្រុក​យូដា​និង​បណ្តាជន​យេរូសាឡិម​ជា​      ប្រជាជន​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់។  គេ​យក​តង្វាយ​មក​ថ្វាយ​ព្រះអង្គ​ គេ​ប្រារព្ធ​ពិធី​បុណ្យ​ផ្សេងៗ​ ប៉ុន្តែ​ព្រះអង្គ​ស្អប់​ពិធី​បុណ្យ​របស់​ពួក​គេ​ទាំង​នោះ​ណាស់។  ព្រះជាម្ចាស់​នឹង​វាយ​ប្រដៅ​ ហើយ​រំដោះ​យេរូសាឡិម។                       ទី​បំផុត ​ការ​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ព្រះ​យេស៊ូវ​យាង​មក​វិញ ​ហើយ​ទ្រង់​នឹង​បង្កើត​យេរូសាឡិម​ថ្មី។

សូម​អាន​អេសាយ​ ២:១-៥ ទាំង​មូល។​

ចូរ​អាន​ខ.១។  តើ អេសាយ​ទទួល​ព្រះបន្ទូល​ស្ដី​អំពី​ព្រឹត្តិការណ៍​ដែល​នឹង​កើត​មាន​នៅ​ឯ​ណា?

ចូរ​អាន​ខ.២។  តើ​ អ្វី​នឹង​កើត​ឡើង​ «នៅ​ជាន់​ក្រោយ​បង្អស់»?

ការ​ពន្យល់  នៅ​ទូទាំង​ប្រវត្តិ​សាស្ត្រ​ មនុស្ស​ដែល​ដើរ​តាម​សាសនា​ខុសៗ​គ្នា​ បាន​សាង​សង់​ប្រាសាទ​ឡើង​នៅ​លើ​កំពូល​ភ្នំ​ ហើយ​ពួកគេ​គោរព​បូជា​នៅ​ទីនោះ។ មនុស្ស​ធ្លាប់​ជឿ​ថា​ កំពូល​ភ្នំ​គឺ​ជា​កន្លែង ​ដែល​ព្រះ​របស់​ពួក​គេ​រស់​នៅ។  អត្ថបទ​នេះ​បញ្ជាក់​យ៉ាង​ជាក់​ស្ដែង​ថា ព្រះយេហូវ៉ា ​(ព្រះជាម្ចាស់​) ល្អ​ប្រសើរ​ជាង​ព្រះ​ផ្សេងៗ​របស់​មនុស្ស។  តាម​ពិត ភ្នំ​ស៊ីយ៉ូន ​(ភ្នំ​ដែល​មាន​ព្រះដំណាក់​របស់​ព្រះអង្គ) គ្រាន់​តែ​ជា​ភ្នំ​តូច​មួយ​ប៉ុណ្ណោះ​។  និមិត្ត​នេះ​បង្រៀន​ថា ភ្នំ​ស៊ីយ៉ូន​ដាក់​នៅ​លើ​កំពូល​ភ្នំ​ទាំងឡាយ ដែល​មាន​ន័យ​ថា មនុស្ស​នឹង​មើល​ឃើញ​ថា ព្រះជាម្ចាស់​ជា​ព្រះ​ដ៏​ពិត​ហើយ​ពួក​គេ​មក​ឯ​ទ្រង់ គឺ​មិន​គ្រាន់តែ​ជនជាតិ​យូដា​ទេ ​ប៉ុន្តែ​ប្រជាជាតិ​ទាំង​    ប៉ុន្មាន ក៏​មក​ឯ​ទ្រង់​ដែរ។  ការ​នេះ​បំពេញ​សំរេច​តាម​ការ​សន្យា​ដែល​ព្រះ​មាន​ចំពោះ​អ័ប្រាហាំ ​ (លោកុប្បត្ដិ​ ១២​:២-៣)។  នៅ​ពេល​សាសន៍​ដទៃ​មក​ឯ​ភ្នំ​ស៊ីយ៉ូន ពួក​គេ​បាន​ចូល​មក​ឯ​ព្រះ​វត្តមាន​របស់​ព្រះ​ពីព្រោះ​ព្រះជាម្ចាស់​គង់​នៅ​ព្រះដំណាក់​របស់​ព្រះអង្គ។

ចូរ​អាន​ខ.៣។  តើ មនុស្ស​ដែល​នឹង​ឡើង​ទៅ​ភ្នំ​នេះ​នឹង​ពោល​អ្វី?

ការ​ពន្យល់ និង​ការ​អនុវត្ត  ​ប្រជាជន​ខ្មែរ​ជា​ញឹកញាប់​បាន​និយាយ​ថា​ ជំនឿ​គ្រីស្ទ​បរិសុទ្ធ​គឺជា​សាសនា​របស់​ជនបរទេស។ នៅ​ទូទាំង​ប្រវត្តិសាស្ត្រ​មនុស្ស​ជា​ច្រើន​បាន​ដើរ​តាម​សាសនា​ពីព្រោះ​ពួក​ប្រកាន់​តាម​ជាតិនិយម។  និមិត្ត​នេះ​បង្រៀន​យ៉ាង​ច្បាស់​ថា សាសន៍​ដទៃ​នឹង​លែង​ប្រកាន់​តាម​ជាតិនិយម​ ហើយ​ទទួល​ស្គាល់​ថា​ ​ព្រះ​របស់​ពួក​យូដា​ពិត​ជា​ព្រះ​ដ៏​ពិតមែន។  ជន​ជាតិខ្មែរ​ដែល​ជឿ​លើ​ព្រះ​យេស៊ូវ​គឺជា​ភស្តុតាង​បញ្ជាក់​ថា ព្រះ​ជា​ម្ចាស់​បាន​រក្សា​ការ​សន្យា​នេះ។  អស់​អ្នក​ដែល​ចូល​មក ​ចង់​ឱ្យ​ព្រះ​បង្រៀន​ព្រះបន្ទូល​របស់​ព្រះ​ដល់​ពួកគេ។  តើ សមាជិក​នៅ​ក្នុង​ពួកជំនុំ​ចង់​រៀន​ព្រះបន្ទូល​ដែរ​ឬ​ទេ?

តើ​ ព្រះបន្ទូល​របស់​ព្រះអម្ចាស់ក៏​ចេញ​មក​ពី​ណា? (ខ.៣)

ការ​ពន្យល់ ព្រះ​យេស៊ូវ​គឺ​ជា​ព្រះបន្ទូល​ ហើយ​ដំណឹង​ល្អ​ក៏​ជា​ព្រះបន្ទូល។  ព្រះ​យេស៊ូវ​បង្រៀន​ថា នៅ​ពេល​ដំណឹង​ល្អ​ត្រូវ​បានប្រកាស​ទៅដល់​លោកិយ​ ការ​ប្រកាស​នេះ​បាន​ចាប់ផ្តើម​នៅ​ក្រុង​យេរូសាឡិម​ (កិច្ចការ​ ១​:៨)។

ចូរ​អាន​ខ.៤។  តើ អ្វី​នឹង​មាន​កើត​ឡើង?

ការ​ពន្យល់ និង​ការ​អនុវត្ត នេះ​ជា​និមិត្ត​ស្ដី​អំពី​ពិភព​លោក​ពោរ​ពេញ​ដោយ​សន្តិភាព ​ដែល​ជា​លទ្ធផល​នៃ​ការគ្រប់គ្រង​របស់​ព្រះ។ វិធី​តែ​មួយ​គត់​ដើម្បី​ឱ្យ​មាន​សន្តិភាព​នៅ​ក្នុង​ពិភព​លោក​នេះ​គឺ​ ត្រូវ​ឱ្យ​មនុស្ស​ស្តាប់​បង្គាប់​និង​ចុះ​ចូល​ចំពោះ​ព្រះ​។  សេចក្ដី​សង្ឃឹម​របស់​គ្រីស្ទបរិស័ទ​មិន​គ្រាន់​តែ​ថា​ យើង​នឹង​ទៅ​ស្ថានសួគ៌​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លើស​ពី​នេះ​ទៅទៀត យើង​នឹង​ទទួល​ផែនដី​ដែល​ពោរ​ពេញ​ដោយ​សន្តិភាព​ទុក​ជា​មត៌ក។ វិវរណៈ​ ២១-២២ បង្ហាញ​ថា ការ​នេះ​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ដែល​ព្រះ​យេស៊ូវ​យាង​មក​វិញ។

ចូរ​អាន​ខ.៥។  តើ ព្រះអង្គ​ជំរុញ​ឱ្យ​ពួក​វង្ស​នៃ​យ៉ាកុប​ធ្វើ​អ្វី?

ការ​ពន្យល់ និង​ការ​អនុវត្ត បទ​គម្ពីរខាង​លើ​នេះ​បង្ហាញ​ឱ្យ​យើង​ឃើញ​ថា​ សេចក្តី ​សង្ឃឹម​របស់​យើង​គឺ​នៅ​ក្នុង​ស្ថានសួគ៌​ថ្មី​និង​ផែនដី​ថ្មី​ ប៉ុន្តែ​នោះ​មិន​មែន​មាន​ន័យ​ថា ​យើង​មិន​ចាំ​បាច់​ត្រូវ​អនុវត្ត​តាម​ព្រះអង្គ​ឥឡូវ​នេះ​ទេ។ ការ​ឆ្លើយ​តប​មួយ​ទៅ​ចំពោះ​ការ​សន្យា​របស់​ព្រះ​គឺ​ជា​ការ​ដែល​យើង​ត្រូវ​ដើរ​តាម​ទ្រង់​ឥឡូវ​នេះ។

ព្រះបន្ទូល​ដែល​ជំរុញ​អោយ​ពួក​គេ​អោយ​ដើរ​ក្នុង​ពន្លឺ​នៃ​ព្រះជាម្ចាស់​បាន​មកដល់​បន្ទាប់​ពី​ព្រះបន្ទូល​ដែល​ប្រកាស​អំពី​សេចក្ដី​សន្យា​ដល់​ពួក​គេ។  នេះ​ជា​របៀប​ដែល​ព្រះជាម្ចាស់​ទាក់​ទង​នឹង​រាស្រ្ត​របស់​ទ្រង់​ គឺ​ទ្រង់​ប្រកាស​សេចក្ដី​សន្យា​ដោយ​ព្រះ​គុណ​របស់​ទ្រង់ ​ហើយ​បន្ទាប់​ពី​នោះ ​ព្រះអង្គ​បាន​ជំរុញ​យើង​ឱ្យ​ធ្វើ​តាម​ទ្រង់។  វា​ជា​ការ​សំខាន់​ដែល​យើង​ចង​ចាំ​សេចក្ដី​ពិត​នេះ ជា​ពិសេស​គ្រូ​គង្វាល​និង​គ្រូ​បង្រៀន​ត្រូវ​ចងចាំ​ថា ពួក​គេ​ត្រូវ​ផ្សព្វផ្សាយ​ព្រះគុណ​និង​សេចក្ដី​សន្យា​របស់​ព្រះ​ ហើយ​បន្ទាប់​ពី​នោះ​បង្រៀន​ថា​ យើង​គួរ​តែ​ឆ្លើយ​តប​ដោយ​ការ​ធ្វើតាម​ទ្រង់។​

រំលឹក​ទ្បើង​វិញ តើ​ យើង​បាន​រៀន​អ្វី​អំពី​ព្រះជាម្ចាស់​ចេញ​ពី អេសាយ​:?

ការ​អនុវត្ត​:តាម​អ្វី​ដែល​អ្នក​បាន​រៀន​តាម​រយៈ​បទ​គម្ពីរ​នេះ តើ​អ្នក​ត្រូវ​យក​វា​មក​អនុវត្ត​យ៉ាង​ដូច​ម្តេច​នា​ពេល​សព្វ​ថ្ងៃ​នេះ?

 

Leave a Reply

Your email address will not be published. Required fields are marked *

*

Top