Wrong ways to use the Bible pdf download
របៀបខុសក្នុងការប្រើព្រះគម្ពីរ
មានរបៀបខុសផ្សេងៗដែលពួកគ្រីស្ទបរិស័ទប្រើព្រះគម្ពីរ។ នៅទីនេះយើងនឹងមើលលើរបៀបខុសបីយ៉ាងសង្ខេប។
របៀបខុសទីមួយគឺថា ពួកគ្រីស្ទបរិស័ទគ្រាន់តែមើលលើខគម្ពីរផ្សេងៗដោយមិនមានរចនាសម្ព័ន្ធនៅក្នុងរបៀបដែលពួកគេអានព្រះគម្ពីរ ហើយបន្ទាប់មកពួកគេអនុវត្តខគម្ពីរមួយដោយមិនគិតពីបរិបទរបស់វា។ ឧទាហរណ៍ ពួកគេប្រហែលជាអាននិក្ខមនំ ៣១:១២-១៧ ហើយគិតថា ពួកគ្រីស្ទបរិស័ទត្រូវតែរក្សាថ្ងៃសៅរ៍ជាថ្ងៃឈប់សម្រាក (ថ្ងៃឈប់សម្រាកគឺជាថ្ងៃសៅរ៍)។ យើងត្រូវតែកាត់ស្រាយបទគម្ពីរផ្សេងៗដោយការគិតអំពីអ្វីដែលព្រះគម្ពីរទាំងមូលនិយាយ។ ព្រះគម្ពីរសញ្ញាថ្មីមិនបង្គាប់ឲ្យពួកគ្រីស្ទបរិស័ទរក្សាថ្ងៃឈប់សម្រាកនោះទេ (កូល៉ុស ២:១៦-១៧)។
របៀបខុសទីពីរក្នុងការអានព្រះគម្ពីរគឺ ការគិតថាព្រះគម្ពីរគ្រាន់តែជាសៀវភៅក្បួនច្បាប់ ឬសៀវភៅអំពីសីលធម៌។ ព្រះគម្ពីរពិតជាមានច្បាប់និងបង្រៀនអំពីសីលធម៌ ប៉ុន្តែនោះមិនមែនជាលក្ខណៈគ្រឹះរបស់ព្រះគម្ពីរនោះឡើយ។ ព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះដែលបើកសំដែងផែនការណ៍នៃសេចក្តីសង្គ្រោះរបស់ទ្រង់ ហើយព្រះគ្រីស្ទគឺជាចំនុចកណ្តាល។ យើងត្រូវតែអានព្រះគម្ពីរតាមរបៀបនេះ។
របៀបខុសទីបីគឺ គ្រាន់តែអានផ្នែកផ្សេងៗរបស់ព្រះគម្ពីរដើម្បីលើកទឹកចិត្តយើង ប៉ុន្តែមិនជឿលើអ្វីដែលព្រះគម្ពីរនិយាយទេ។ ចូរស្រមៃថា មានការរត់ប្រណាំងចំងាយឆ្ងាយមួយដែលអ្នករត់ប្រណាំងទាំងអស់ត្រូវតែរត់តាមផ្លូវជាច្រើន។ ពួកគេមិនស្គាល់ផ្លូវទាំងអស់របស់ការរត់ប្រណាំងនោះទេ ដូច្នេះពួកគេត្រូវមានផែនទីមួយដើម្បីបង្ហាញផ្លូវដែលពួកគេត្រូវរត់តាម។ សូមស្រមៃថា អ្នករត់ម្នាក់ក្នុងចំណោមពួកគេប្រើផែនទី ប៉ុន្តែមិនធ្វើតាមអ្វីដែលផែនទីប្រាប់នោះទេ។ គាត់គ្រាន់តែគិតថា ផែនទីនោះស្អាតហើយផ្តល់ឲ្យគាត់មានគំនិតល្អៗ។ ដូច្នេះ ពេលកំពុងរត់ប្រណាំងហើយគាត់ហត់ នោះគាត់យកផែនទីចេញមកមើល គាត់ក៏មានអារម្មណ៍សប្បាយ ពីព្រោះគាត់បានមើលផែនទីដែលគួរឲ្យចាប់អារម្មណ៍មួយនេះ ដែលធ្វើឲ្យគាត់មានកំលាំងបន្តរត់ទៅមុខទៀត។ ប៉ុន្តែគាត់មិនរត់នៅក្នុងទិសដែលផែនទីប្រាប់គាត់ឲ្យរត់នោះទេ។ តើគាត់នឹងរត់ទៅដល់ខ្សែជ័យដែរឬទេ? ទេ។
មនុស្សខ្លះចាត់ទុកព្រះគម្ពីរដូចគ្នាអញ្ចឹងដែរ។ ពួកគេប្រើខគម្ពីរផ្សេងៗចេញពីព្រះគម្ពីរ ដែលពួកគេចូលចិត្ត មកលើកទឹកចិត្តខ្លួនឯង និងជួយធ្វើឲ្យពួកគេមានអារម្មណ៍សប្បាយ ឬមានអារម្មណ៍សុខសាន្ត ប៉ុន្តែពួកមិនជឿលើអ្វីដែលព្រះគម្ពីរនិយាយនោះឡើយ។ សូម្បីតែគ្រូគង្វាលខ្លះក៏ធ្វើដូចនេះផងដែរ។ ឧទាហរណ៍ គ្រីស្ទបរិស័ទខ្លះចូលចិត្តស្តាប់ឮខគម្ពីរផ្សេងៗចេញពីព្រះគម្ពីរ ដែលបង្រៀនថា ព្រះ ស្រលាញ់យើង។ នោះធ្វើឲ្យពួកគេមានអារម្មណ៍សប្បាយសុខសាន្ត ប៉ុន្តែពួកគេមិនជឿលើអ្វី ដែលព្រះគម្ពីរនិយាយអំពីការដែលព្រះបោះទំលាក់មនុស្សទៅក្នុងស្ថាននរកនោះទេ ឬពួកគេមិនចង់អានឬស្តាប់ឮផ្នែកខ្លះក្នុងព្រះគម្ពីរដែលពួកគេមិនចូលចិត្តឡើយ។
ដូច្នេះ មនុស្សទាំងនេះប្រើព្រះគម្ពីរ ប៉ុន្តែពួកគេមិនជឿព្រះគម្ពីរនោះទេ។ គ្រាន់តែការជឿលើផ្នែកខ្លះនៃព្រះគម្ពីរដែលយើងចូលចិត្តមិនមែនជាការជឿព្រះគម្ពីរនោះទេ។ ព្រះមិនសព្វព្រះហឫទ័យចំពោះទង្វើបែបនេះឡើយ ពីព្រោះនេះគឺជាការប្រើព្រះ មិនមែនជាការជឿព្រះនោះឡើយ។ ទង្វើបែបនេះមានលក្ខណៈអំនួត អាត្មានិយម និងថ្វាយបង្គំរូបព្រះ។ ជាលក្ខណៈអំនួតដោយព្រោះយើងគិតថា អ្វីដែលយើងជឿគឺល្អប្រសើរជាងអ្វីដែលព្រះមានបន្ទូល។ ជាលក្ខណៈអាត្មានិយមដោយព្រោះយើងគ្រាន់តែប្រើព្រះសំរាប់ផលប្រយោជន៍របស់យើងប៉ុណ្ណោះ។ ជាលក្ខណៈថ្វាយបង្គំរូបព្រះដោយព្រោះយើងបង្កើតព្រះទៅតាមអ្វីដែលយើងចង់បាន។
It is good lessons help me know wrong doctrine