យ៉ូហាន ១៣:១៨–៣០
ការរំលឹកឡើងវិញ៖ នៅក្នុងយ៉ូហាន ១៣:១-១៧ យើងបានរៀនថា ព្រឹត្តិការណ៍ដែលបានចែងទុកនៅក្នុង យ៉ូហានជំពូក១៣-១៧ បានកើតឡើងនៅយប់មួយមុនបុណ្យរំលង។ ព្រះយេស៊ូវជ្រាបថា ព្រះវរបិតាបានប្រគល់អ្វីៗទាំងអស់មកក្រោមអំណាចរបស់ព្រះអង្គ ប៉ុន្តែសូម្បីតែព្រះយេស៊ូវមានអំណាចដ៏ខ្ពង់ខ្ពស់បំផុតក៏ដោយ ក៏ព្រះអង្គបានបន្ទាបអង្គទ្រង់ ហើយបម្រើពួកសិស្សដោយការលាងជើងរបស់គេដែរ។ សកម្មភាពនេះគឺជារូបភាពដែលបង្ហាញនិងពន្យល់អំពីអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់ពួកសិស្សនិងយើង ហើយជាគំរូអោយយើងធ្វើតាមដោយយើងបន្ទាបខ្លួននិងបម្រើគ្នាទៅវិញទៅមកផងដែរ។
សូមអានយ៉ូហាន ១៣:១៨-៣០ ទាំងមូល។
ចូរអាន ខ.១៨-២០ ទ្បើងវិញ ហើយឆ្លើយសំនួរខាងក្រោម។
តើ អ្នកបរិភោគអាហារជាមួយព្រះយេស៊ូវបានធ្វើអ្វី?
តើ ហេតុអ្វីបានជាព្រះយេស៊ូវនិយាយប្រាប់អ្នករាល់គ្នានៅមុនពេលហេតុការណ៍ទាំងនោះកើតមានឡើង?
ការពន្យល់៖ នៅក្នុងខ.១០-១១ព្រះយេស៊ូវបានមានបន្ទូលប្រាប់ពីមុនរួចហើយហើយអំពីមនុស្សម្នាក់ដែលហៀបនឹងនាំគេមកចាប់ព្រះអង្គ។ អ្នកនោះមិនស្អាតទេ ហើយនៅក្នុងខ.១៨ ព្រះយេស៊ូវចាប់ផ្តើមបង្រៀនអំពីអ្នកនោះម្ដងទៀត។ អ្នកនោះមិនមានពរទេ (ខ.១៧-១៨)។ ព្រះយេស៊ូវបានដកស្រង់ពីទំនុកដំកើង ៤១:៩។ នៅក្នុងទំនុកដំកើង៤៩ អ្នកនិពន្ធបានទូលអង្វរព្រះជាម្ចាស់ ដើម្បីឱ្យមានសេចក្ដីមេត្តាករុណាមកលើរូបគាត់នៅក្នុងការទុក្ខលំបាករបស់គាត់ ដោយសារតែសត្រូវរបស់លោកមានការសប្បាយចិត្តអំពីបញ្ហារបស់គាត់ ហើយសូម្បីតែមិត្តភក្តិជិតស្និទ្ធរបស់គាត់ ដែលគាត់បានទុកចិត្តនិងបានចែករំលែកនំប៉័ងជាមួយ ក៏បានប្រែទៅជាប្រឆាំងនឹងគាត់ដែរ។ ក្នុងវប្បធម៌នោះ វាជាការអាក្រក់មែនទែន បើអ្នកដែលទទួលយកការបដិសណ្ឋារៈនិងភាពស្និទ្ធស្នាលនៃការបរិភោគអាហារដែលបានចែករំលែកជាមួយ ហើយបន្ទាប់មកបានក្លាយទៅជាការប្រឆាំងនឹងអ្នកដែលផ្តល់អាហារនោះវិញ។ ខណៈពេលព្រះយេស៊ូវបានប្រឈមមុខនឹងការសុគតនោះទ្រង់មានអារម្មណ៍ដូចអ្នកនិពន្ធនៃទំនុកដំកើង៤៩នោះដែរ ព្រោះជាមិត្តជិតស្និទ្ធមួយក្នុងចំណោមសាវកទាំងដប់ពីរនាក់ថា នឹងបើកការប្រឆាំងនឹងព្រះអង្គ ហើយនាំគេមកចាប់ទ្រង់។
ប៉ុន្តែសូម្បីតែនេះគឺជាការខកចិត្តយ៉ាងខ្លាំងចំពោះព្រះយេស៊ូវក៏ដោយ ក៏ទ្រង់មិនភ្ញាក់ផ្អើលឡើយ ពីព្រោះព្រឹត្តិការណ៍នេះត្រូវកើតឡើងដើម្បីបំពេញតាមបទគម្ពីរទំនុកដំកើង ៤១។ ប្រធានបទដ៏សំខាន់មួយនៅក្នុងអត្ថបទនេះគឺ ព្រះគ្រីស្ទជ្រាបទាំងអស់ (ខ.១,៣,១១,១៨-២១)។ ព្រះអង្គជ្រាបថា ទ្រង់ត្រូវសុគតនៅលើឈើឆ្កាង ហើយព្រះយេស៊ូវមានបន្ទូលប្រាប់ការនេះជាមុនដើម្បីអោយពួកសិស្សនិងយើងនឹងជឿលើទ្រង់ (ខ.១៩)។
ចូរអាន ខ.២១-៣០។
តើ ព្រះយេស៊ូវបានឆ្លើយសំនួរ «តើនរណា» យ៉ាងម៉េច?
តើ ព្រះយេស៊ូវបានបង្គាប់យូដាសអោយធ្វើយ៉ាងម៉េច? (ខ.២៧)?
តើ ពួកសិស្សគិតថា ព្រះយេស៊ូវបានបង្គាប់យូដាសអោយទៅធ្វើអ្វី?
ការពន្យល់៖ សេចក្តីពិតដែលថា យូដាសបានក្បត់ព្រះយេស៊ូវនៅក្រោយពេលដែលព្រះយេស៊ូវបានប្រទាននំប៉័ងដល់គាត់ ធ្វើអោយការក្បត់នេះកាន់តែអាក្រក់ខ្លាំងទៅទៀត (សូមមើលសេចក្តីពន្យល់ខាងលើ)។
លោកយ៉ូហានបានលើកឡើងបីដងហើយថា យូដាសអ៊ីស្ការីយ៉ុតនឹងក្បត់ព្រះយេស៊ូវ (៦:៧១; ១២:៤; ១៣:២)។ ឥឡូវ ខ.២៧ បានសរសេរថា «ក្រោយដែលទទួលចំណិតនោះហើយ នោះអារក្សសាតាំងក៏ចូលវា»។ នៅក្នុង ១៣:២ លោកយ៉ូហានបានសរសេរថា អារក្សបានធ្វើអោយយូដាសអ៊ីស្ការីយ៉ុតមានគំនិតនាំគេមកចាប់ព្រះអង្គ ហើយឥឡូវនេះខ. ២៧ សរសេរថា សាតាំងបានចូលវា ដែលបញ្ជាក់ច្បាស់ថា យូដាសមិនបានប្រព្រឹត្តការក្បត់ដោយខ្លួនឯងទេ។ នៅក្នុង៦:៧០ សរសេរថា ព្រះយេស៊ូវហៅអ្នកក្បត់ជាអារក្សវិញ (តើខ្ញុំមិនបានរើសអ្នករាល់គ្នា ជាពួកដប់ពីរនាក់ទេឬអី? តែមានម្នាក់ក្នុងពួកអ្នករាល់គ្នាជាអារក្សវិញ!)។ នៅក្នុង ៨:៤៤ ព្រះយេស៊ូវមានព្រះបន្ទូលចំពោះជនជាតិយូដាដែលចង់សម្លាប់ទ្រង់ថា «អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក»។ ក្នុងរបៀបដូចគ្នានេះ នៅពេលយូដាសបានក្បត់ព្រះយេស៊ូវ គឺគាត់បានបំពេញតាមបំណងចិត្តរបស់អារក្ស។
ព្រះយេស៊ូវបានបង្គាប់អោយយូដាសធ្វើការនេះអោយបានលឿន ពីព្រោះមានការជាច្រើនដែលត្រូវកើតឡើងនៅក្នុងម្ភៃបួនម៉ោងបន្ទាប់មកទៀតដើម្បីអោយព្រះយេស៊ូវសុគតនៅចំពេលវេលាកំណត់របស់ទ្រង់។ ព្រះយេស៊ូវត្រូវការគេចាប់ទ្រង់ កាត់ទោស កាត់ថាមានទោស បន្ទាប់មកនាំយកទៅឯឈើឆ្កាងនិងសុគត។ ដូច្នេះ ដើម្បីអោយគ្រប់ ហេតុការណ៍ទាំងនេះកើតឡើងក្នុងរយៈពេលម្ភៃបួនម៉ោង នោះយូដាសត្រូវតែនាំគេមកចាប់ព្រះយេស៊ូវអោយបានលឿន។
ការអនុវត្ត៖ មានការអនុវត្តសំខាន់ពីរចេញពីបទគម្ពីរនេះ។ ទីមួយ ជឿលើព្រះយេស៊ូវថា ទ្រង់គឺជាព្រះដែលបានយាងមកសុគតនៅលើឈើឆ្កាង។ ព្រះយេស៊ូវប្រាប់ពួកសិស្សតាំងពីមុនអំពីការដែលនឹងកើតមក ដើម្បីគេនឹងជឿដល់ទ្រង់ (ខ. ១៩) ហើយយល់ថា ការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងមិនមែនជាការភ្ញាក់ផ្អើលសំរាប់ទ្រង់ទេ ប៉ុន្តែវាគឺជាផែនការរបស់ព្រះវិញ។ ទីពីរ យូដាសគឺជាការព្រមានមួយដល់យើងរាល់គ្នា។ គាត់បានមានទំនាក់ទំនងជិតស្និទ្ធជាមួយព្រះយេស៊ូវ បរិភោគអាហារជាមួយទ្រង់ ប៉ុន្តែគាត់នៅតែបានក្បត់ទ្រង់ដើម្បីតែប្រាក់។ ជាលទ្ធផល គាត់មិនបានស្អាតទេ (ខ. ១០-១១) និងមិនមានពរទេ (ខ. ១៧-១៨) ប៉ុន្តែគាត់បានត្រូវបណ្តាសាទៅវិញ។ តើអ្វីអាចបណ្តាលអោយមនុស្សក្បត់ព្រះយេស៊ូវនៅសព្វថ្ងៃនេះ?
រំលឹកទ្បើងវិញ៖ តើយើងបានរៀនអ្វីអំពីព្រះយេស៊ូវចេញពីយ៉ូហាន ១៣:១៨–៣០?
ការអនុវត្ត៖ តាមអ្វីដែលអ្នកបានរៀនតាមរយៈបទគម្ពីរនេះ តើអ្នកត្រូវយកវាមកអនុវត្តយ៉ាងដូចម្តេចនាពេលសព្វថ្ងៃនេះ?
Leave a Reply