Son of Man pdf download
កូនមនុស្ស
អ្នកនិពន្ធ រ៉ូហ្វ លេភិឡារ
ជាច្រើនដងនៅក្នុងជីវិតរបស់ព្រះយេស៊ូវ ទ្រង់បានហៅអង្គទ្រង់ជា «កូនមនុស្ស» (ម៉ាថាយ ៨:២០; ៩:៦; ១០:២៣ ; ១១:១៩; ១២:៨; ៣២, ៤០; ១៣:៣៧, ៤១; ១៦:១៣, ២៧-២៨; ១៧:៩, ១២, ២២; ១៩:២៨; ២០:១៨, ២៨; ២៤:២៧, ៣០, ៣៧, ៣៩, ៤៤; ២៥:៣១; ២៦:២, ២៤, ៤៥, ៦៤; យ៉ូហាន ១:៥១; ៣:១៣-១៤; ៥:២៧; ៦:២៧, ៥៣, ៦២; ៨:២៨, ៩:៣៥; ១២:២៣, ៣៤; ១៣:៣១)។ វាមានសារៈសំខាន់ណាស់ក្នុងការសិក្សាអត្ថន័យនៃឋានន្តរនេះ ពីព្រោះអ្នកអានជាច្រើននៅក្នុងសតវត្សទី២១ នេះ មិនយល់អំពីប្រវត្តិពាក្យនេះនៅក្នុងព្រះគម្ពីរសញ្ញាចាស់ទេ។ ការយល់អំពីឋានៈនេះនឹងជួយយើងឲ្យយល់ពីព្រះយេស៊ូវ។
«ព្រះគ្រីស្ទ» គឺជាឋានន្តររបស់ព្រះយេស៊ូវដែលសញ្ញាថ្មីបានប្រើជាញឹកញាប់ជាងគេ។ ឋានន្តរទីពីររបស់ព្រះដែលបានប្រើ ជាញឹកញាប់ជាងគេនៅក្នុងព្រះគម្ពីរសញ្ញាថ្មីគឺ «ព្រះអម្ចាស់»។ ឋានន្តរទីបីប្រើជាញឹកញាប់បំផុតគឺ «កូនមនុស្ស» ដែលត្រូវបានគេប្រើប្រហែល៨០ដង ហើយគឺជាឋានន្តរដែលព្រះយេស៊ូវបានប្រើជាញឹកញាប់ជាងគេ ដើម្បីពណ៌នាអំពីអង្គទ្រង់។ នៅក្នុងកណ្ឌដំណឹងល្អ គ្មានអ្នកណាម្នាក់ហៅព្រះយេស៊ូវជា «កូនមនុស្ស» ឡើយ។ ពាក្យនេះបានលេចឡើងត្រឹមតែបួនដងនៅក្នុងព្រះគម្ពីរសញ្ញាថ្មីប៉ុណ្ណោះ។ នៅក្នុងកិច្ចការ ៧:៥៦ ស្ទេផាននិយាយថា «ខ្ញុំឃើញឋានសួគ៌បើកចំហ ហើយកូនមនុស្សឈរនៅខាងស្តាំដៃរបស់ព្រះ»។ ហេព្រើរ ២:៦ ដកស្រង់ទំនុកដំកើង ៨:៤ ដែលជាការសំដៅលើព្រះយេស៊ូវ។ ចុងក្រោយវិវរណៈ១:១៣ ហើយនឹង ១៤:១៤ កត់ត្រាអំពីនិមិត្តរបស់មនុស្សម្នាក់ថា «ដូចជាកូនមនុស្សម្នាក់» ដែលពិតជាសំដៅលើព្រះយេស៊ូវទាំងស្រុង។
គ្រីស្ទបរិស័ទគិតអំពីអត្ថន័យនៃឋានន្តរជា «កូនមនុស្ស » ពួកគេជាញឹកញាប់គិតថា ឋានន្តរនេះសំដៅទៅលើភាពជាមនុស្សរបស់ព្រះយេស៊ូវ ដែលជាអត្តសញ្ញាណជាមនុស្សរបស់ទ្រង់ជាមួយយើង។ គំនិតនេះត្រឹមត្រូវ ទាន់គ្រប់គ្រាន់នៅឡើយទេ។ ទោះបីជាឋានន្តរជាកូនមនុស្សសំដៅទៅលើភាពជាមនុស្សរបស់ព្រះយេស៊ូវក៏ដោយ ក៏ជារឿយៗឋានន្តរនេះផ្ដោតច្រើនទៅលើភាពឧត្តុង្គឧត្តមលើសហួសពីលោកិយរបស់ព្រះគ្រីស្ទ។ វាគឺជាឋានន្តរពេញដោយសិរីល្អរបស់ព្រះមែស៊ី។
និមិត្តរបស់ដានីយ៉ែល
ឋានន្តរ «កូនមនុស្ស» មានមូលសព្ទរបស់វានៅក្នុងព្រះគម្ពីរសញ្ញាចាស់ ជាពិសេសនៅក្នុងកណ្ឌដានីយ៉ែល។ នៅក្នុងដានីយ៉ែល ៧ ហោរាដានីយ៉ែលកំពុងពិពណ៌នាអំពីនិមិត្តមួយ ដែលព្រះបានប្រទានឲ្យលោក អំពីទីបរិសុទ្ធនៅស្ថានសួគ៌។ ដានីយ៉ែលប្រើរូបភាពដើម្បីពិពណ៌នានូវបទពិសោធន៍របស់លោក។ កណ្ឌវិវរណៈនិយាយឡើងវិញនូវនិមិត្តរបស់ដានីយ៉ែលនេះ។ ដំបូងបង្អស់ ដានីយ៉ែលពិពណ៌នានូវអ្វីដែលលោកបានឃើញនៅក្នុងនិមិត្តរបស់លោក៖
«ខ្ញុំក៏គន់មើលទាល់មានគេយកបល្ល័ង្ក មកតាំងហើយព្រះដ៏មានព្រះជន្មពីចាស់បុរាណទ្រង់ក៏គង់លើ ព្រះពស្ត្រទ្រង់សស្គុសដូចហិមៈ ហើយព្រះកេសនៅព្រះសិរទ្រង់ក៏សដូចរោមចៀមយ៉ាងស្អាត ឯបល្ល័ង្កទ្រង់ នោះសុទ្ធតែជាអណ្តាតភ្លើង ហើយកង់នៃបល្ល័ង្កនោះ ក៏ជាភ្លើងឆេះដែរ។ មានដូចជាភ្លើងហូរចេញពីចំពោះទ្រង់មក មានទាំងពាន់ទាំងពាន់ដែលគោរពដល់ទ្រង់ ហើយទាំងម៉ឺនទាំងសែនក៏ឈរនៅចំពោះទ្រង់ នោះការវិនិច្ឆ័យបានរៀបចំស្រេច ឯបញ្ជីទាំងប៉ុន្មានបានបើកឡើងហើយ» ដានីយ៉ែល ៧:៩,១០។
ដោយមើលទៅខាងក្នុងស្ថានសួគ៌ នោះដានីយ៉ែលឃើញម្នាក់អង្គុយនៅលើបល្ល័ង្ក ប្រកបដោយសិរីរុងរឿង ដែលមានឋានន្តរជា «ព្រះដ៏មានព្រះជន្មពីចាស់បុរាណ»។ គាត់កំពុងសំដៅទៅលើព្រះដ៏ជា ព្រះវរបិតា ដែលគង់នៅលើបល្ល័ង្កប្រកបដោយសិរីល្អ ដែលព័ទ្ធជុំវិញហើយចូលរួមដោយទេវតាទាំងម៉ឺនទាំងសែន។ វាជានិមិត្តនៃកន្លែងវិនិច្ឆ័យ កន្លែងដែលចៅក្រមអង្គុយ ហើយបញ្ជីត្រូវបានបើកឡើង។ ដានីយ៉ែលបន្តមើល ហើយនេះគឺជាអ្វីដែលគាត់បានឃើញ៖
«ខ្ញុំឃើញ ក្នុងការជាក់ស្តែងពេលយប់នោះ មាន១អង្គដូចជាមនុស្សជាតិ ទ្រង់យាងមកក្នុងពពកព្ធដ៏អាកាស ទ្រង់យាងមកឯព្រះដ៏មានព្រះជន្មពីបុរាណនោះ ហើយមានគេនាំចូលទៅចំពោះព្រះអង្គ នោះបានប្រទានឲ្យទ្រង់មានអំណាចគ្រប់គ្រង នឹងសិរីល្អ ព្រមទាំងឲ្យមានរាជ្យផងដើម្បីឲ្យបណ្តាជនទាំងឡាយ សាសន៍ដទៃ នឹងមនុស្សគ្រប់ភាសា បានគោរពដល់ទ្រង់ ឯអំណាចគ្រប់គ្រងរបស់ទ្រង់ នោះក៏ស្ថិតស្ថេរនៅអស់កល្ប ឥតដែលកន្លងបាត់ឡើយ ហើយរាជ្យរបស់ទ្រង់នឹងបំផ្លាញមិនបានផង» ដានីយ៉ែល ៧:១៣,១៤។
ដានីយ៉ែលកំពុងតែនិយាយថា «ខ្ញុំបានមើលទៅក្នុងស្ថានសួគ៌ ហើយនៅពេលការវិនិច្ឆ័យឈានដល់សេចក្តីសម្រេច ដោយមានបញ្ជីបានបើក រំពេចនោះ ខ្ញុំបានឃើញការបើកសំដែងលេចមកនៃសិរីរុងរឿងដែលមើលមិនឃើញរបស់ព្រះផ្ទាល់។ នៅក្នុងពពកនេះ ដែលត្រូវបាននាំចូលទៅក្នុងបល្ល័ង្ក គឺជាម្នាក់ដែលដូចជាកូនមនុស្ស។ កូនមនុស្សនេះត្រូវបាននាំជាបន្ទាន់ចូលទៅក្នុងវត្តមានរបស់ព្រះដ៏មានព្រះជន្មពីចាស់បុរាណ។ បន្ទាប់មកព្រះដ៏មានព្រះជន្មពីចាស់បុរាណបានបង្គាប់ថា សូមឲ្យការគ្រប់គ្រង សិរីរុងរឿង ហើយនឹងនគរក៏នៅអស់កល្បជានិច្ចបានប្រទានដល់កូនមនុស្ស។ អ្វីដែលដានីយ៉ែលបានឃើញ គឺជាការលើកដំកើងនៃព្រះគ្រីស្ទ។
យើងនឹងមិនពិនិត្យគ្រប់ទាំងការលេចឡើងនៃពាក្យ «កូនមនុស្ស» នៅក្នុងព្រះគម្ពីរសញ្ញាចាស់នឹងសញ្ញាថ្មីទេ ប៉ុន្តែឋានន្តរនេះត្រូវបានគេប្រើជាពិសេស មិនដើម្បីពិពណ៌នាអំពីភាពជាមនុស្សដែលមានសណ្ឋានទាបធម្មតាទេ ប៉ុន្តែពិពណ៌នាអំពីអង្គនៃស្ថានសួគ៌វិញ។ ឋានន្តរនេះសំដៅទៅលើមួយអង្គដែលបានលះចោលវត្តមានរបស់ព្រះដ៏មានព្រះជន្មពីចាស់បុរាណ នៅក្នុងស្ថានសួគ៌ ហើយបានក្លាយជាមនុស្ស ហើយបានបំពេញបេសកកម្មរបស់ទ្រង់ ជាព្រះមែសី ហើយបានត្រឡប់ទៅកន្លែងដើមរបស់ទ្រង់គឺជានគរស្ថានសួគ៌ ជាកន្លែងដែលការគ្រប់គ្រង សិរីរុងរឿង ហើយនឹងនគរត្រូវបានប្រទានដល់ទ្រង់។
ដូច្នេះហើយ បន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ព្រះយេស៊ូវបានចាកចេញពីលោកិយនេះ ពីភ្នំដើមអូលីវ ហើយយាងឡើងទៅក្នុងពពកនៃសិរីរុងរឿង ដែលបាត់ពីភ្នែករបស់ពួកសាវក (កិច្ចការ១:៩)។ លោកលូកា ដែលជាអ្នកនិពន្ធកណ្ឌគម្ពីរកិច្ចការ ប្រាប់យើងពីការចាកចេញរបស់ព្រះយេស៊ូវ ប៉ុន្តែលោកមិនពិពណ៌នាអំពីការមកដល់នៅក្នុងនគរស្ថានសួគ៌ទេ។ វាជាការមកដល់នោះហើយ ដែលដានីយ៉ែលបានឃើញ។
ព្រះយេស៊ូវបានថ្លែងសេចក្តីនេះម្តងថា «គ្មានអ្នកណាបានឡើងទៅស្ថានសួគ៌ឡើយ មានតែព្រះអង្គ ដែលយាងចុះពីស្ថានសួគ៌មកប៉ុណ្ណោះ គឺជា (កូនមនុស្ស)» (យ៉ូហាន ៣:១៣)។ តាមពិត ជាញឹកញាប់ព្រះយេស៊ូវបានបង្រៀនថា ទីកន្លែងដើមរបស់ព្រះអង្គគឺមិនមែនជាភូមិបេថ្លេហិមទេ។ ទ្រង់បានបញ្ជាក់ម្តងហើយម្តងទៀតថា ទ្រង់បានយាងមកពីខាងលើ គឺទ្រង់បានមកពីព្រះវរបិតា។ ទ្រង់បានយាងចុះពីស្ថានសួគ៌ មុនពេលទ្រង់យាងឡើងទៅស្ថានសួគ៌វិញ។
អេសេគាល
កណ្ឌអេសេគាលផ្តល់នូវប្រវត្តិពាក្យថា «កូនមនុស្ស» នៅក្នុងព្រះគម្ពីរសញ្ញាចាស់កាន់តែច្រើន ដោយហេតុថាកណ្ឌនេះបានប្រើពាក្យ «កូនមនុស្ស» នេះច្រើនជាង៩០ដង ដោយសំដៅទៅលើហោរាអេសេគាល។ ជាឧទាហរណ៍ ព្រះមានបន្ទូលទៅគាត់ថា «កូនមនុស្សអើយ ចូរក្រោកឈរឡើង នោះអញនឹងនិយាយនឹងឯង» (២:១)។ ការប្រើពាក្យ «កូនមនុស្ស» របស់ព្រះយេស៊ូវ នឹងផ្ទៃរឿងក្នុងកណ្ឌអេសេគាលផ្តល់គំនិតថា ព្រះយេស៊ូវកំពុងតែបើកសំដែងថា ទ្រង់គឺជាហោរាធំជាងគេ ដូចជាអេសេគាល (ជំពូក៤, ៧, ១០, ២០, ៤០, ៤៨ ) ដែលបានមានព្រះបន្ទូលចុងក្រោយ ដែលនិយាយអំពីសេចក្តីវិនាសរបស់ក្រុងយេរូសាឡិម ហើយនឹងការស្តាឡើងវិញនៃនគររបស់ព្រះសំរាប់អីស្រាអែល (ម៉ាថាយ ២៣, ២៤, កិច្ចការ ១:៦-៨ )។
ព្រឹត្តិការណ៍ពីរនៅក្នុងជីវិតរបស់ព្រះយេស៊ូវ
ព្រឹត្តិការណ៍ពីរនៅក្នុងព័ន្ធកិច្ចរបស់ព្រះយេស៊ូវបង្ហាញនូវសារៈសំខាន់នៃឋានន្តរ «កូនមនុស្ស» នេះ។ នៅគ្រាមួយ ព្រះយេស៊ូវបានព្យាបាលមនុស្សពិការម្នាក់ ហើយបានមានបន្ទូលទៅគាត់ថា «ចូរសង្ឃឹមឡើងកូនអើយ បាបឯងត្រូវបានអត់ទោសឲ្យហើយ» (ម៉ាថាយ ៩:២)។ នៅពេលអ្នកដឹកនាំសាសនាបានឮរឿងនេះ ពួកគេខឹងយ៉ាងខ្លាំង។ ពួកគេគិតថា ព្រះយេស៊ូវគឺគ្រាន់តែជាមនុស្សម្នាក់ ដែលតាំងខ្លួនធ្វើជាព្រះ។ ពួកគេយល់យ៉ាងត្រឹមត្រូវថា បុគ្គលដែលមានអំណាចអាចអត់ទោសបាបបានគឺជាព្រះតែមួយ។ ប៉ុន្តែពេលដែលព្រះបានព្យាបាលមនុស្សពិការនោះ ទ្រង់មិនបានមានបន្ទូលថា «សូមឲ្យខ្ញុំអធិដ្ឋាន ដើម្បីឲ្យព្រះវរបិតាបានអត់ទោសបាបអ្នកទេ»។ ទេ គឺព្រះយេស៊ូវបានប្រកាសដោយអង្គទ្រង់ផ្ទាល់ថា «អំពើបាបអ្នកត្រូវបានអត់ទោសឲ្យហើយ»។ នោះហើយគឺជាមូលហេតុដែលមានការឆ្លើយតបដោយកំហឹង ដោយមានការចោទប្រកាន់ពីការប្រមាថដល់ព្រះ ប្រឆាំងនឹងព្រះអង្គ។
តើព្រះយេស៊ូវបានឆ្លើយតបយ៉ាងដូចម្តេច ? ឯព្រះយេស៊ូវទ្រង់ឈ្វេងយល់គំនិតគេ ក៏មានបន្ទូលថា ហេតុអ្វីបានជាអ្នករាល់គ្នាមានគំនិតអាក្រក់នៅក្នុងចិត្តយ៉ាងដូច្នេះ ដ្បិតដែលថា បាបឯងបានអត់ទោសឲ្យហើយ ឬថា ឲ្យក្រោកឡើងដើរទៅ នោះតើពាក្យណាងាយថាជាជាង ប៉ុន្តែ នេះដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា កូនមនុស្សមានអំណាច នឹងអត់ទោសបាបនៅផែនដីបានដែរ នោះទ្រង់មានបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងថា ចូរក្រោកឡើង យកគ្រែឯងទៅផ្ទះទៅ (ម៉ាថាយ៩ :៤-៦)។
ព្រះយេស៊ូវបានធ្វើការនេះ ដើម្បីបង្រៀនពួកគេអំពីសេចក្ដីពិតមួយ។ ទ្រង់បានធ្វើការអស្ចារ្យ គឺដើម្បីឲ្យអ្នកមើលនឹងដឹងថា ទ្រង់គឺជា «កូនមនុស្ស» មានអំណាចអត់ទោសបាបបាន។ នៅពេលពួកគេបានឮព្រះយេស៊ូវមានបន្ទូលថា កូនមនុស្សមានអំណាចអត់ទោសបាបបាននៅលើផែនដី នោះពួកគេបានដឹងថា ព្រះយេស៊ូវកំពុងប្រកាសថា ទ្រង់ជាព្រះ។
ព្រឹត្តិការណ៍ទីពីរគឺនៅពេលដែលសិស្សរបស់ព្រះអង្គបានបរិភោគគួរស្រូវ នៅពេលដែលពួកគេដើរកាត់ក្នុងវាលស្រូវនៅពេលថ្ងៃឈប់សំរាក (ម៉ាកុស ២:២៣-២៨)។ ពួកផារីសីត្អូញត្អែរថា សិស្សរបស់ព្រះអង្គកំពុងធ្វើបាប។ ព្រះយេស៊ូវបានមានបន្ទូលឆ្លើយតបថា «ថ្ងៃឈប់សំរាកបានតាំងសំរាប់ឲ្យមនុស្ស មិនមែនជាមនុស្សសំរាប់ថ្ងៃឈប់សំរាកទេ។ ដូច្នេះកូនមនុស្សជាម្ចាស់នៃថ្ងៃឈប់សំរាកដែរ»។
សាសន៍យូដាបានយល់ថា មានតែព្រះអាទិករនៃសកលលោកទេ ដែលមានភាពជាម្ចាស់លើថ្ងៃឈប់ សំរាក។ ថ្ងៃឈប់សំរាកមិនមែនត្រូវបានបង្កើតឡើងដោយលោកម៉ូសេទេ ប៉ុន្តែដោយព្រះ ដូច្នេះនៅពេលដែលព្រះយេស៊ូវមានបន្ទូលថា «កូនមនុស្ស» គឺជាម្ចាស់នៃថ្ងៃឈប់សំរាក គឺទ្រង់កំពុងតែមានបន្ទូលថា កូនមនុស្សគឺជាព្រះ។
ដោយដាក់ព្រឹត្តិការណ៍ទាំងពីរនេះជាមួយគ្នា នោះយើងអាចឃើញថា ឋានន្តរជា «កូនមនុស្ស» ប្រកាសថា ព្រះយេស៊ូវមានអំណាចរបស់ព្រះដើម្បីអត់ទោសបាប ហើយដើម្បីអនុញ្ញាតអោយទទួលយកឥរិយាបទថ្ងៃឈប់សំរាក។ អំណាចទាំងពីរជាកម្មសិទ្ធិដាច់ឡែករបស់ព្រះ ដូច្នេះហើយ នៅពេលព្រះយេស៊ូវបានប្រើឋានន្តរដើម្បីពិពណ៌នាអំពីអង្គទ្រង់ ព្រះអង្គកំពុងតែមានបន្ទូលថា ទ្រង់គឺជាព្រះ។
បេសកកម្មនៃការសុគត់ ការរស់ឡើងវិញ ការយាងទៅនគរស្ថានសួគ៌ ហើយនិងការយាងត្រឡប់មកវិញរបស់ព្រះមែស៊ី
យើងបានមើលឃើញហើយថា ឋានន្តរ «កូនមនុស្ស» ផ្ដោតទៅលើការបំពេញសំរេចបេសកកម្មរបស់ព្រះយេស៊ូវ ក្នុងនាមជាព្រះមែស៊ី។ ឋានន្តរនេះផ្ដោតជាពិសេសទៅលើការរងទុក្ខ ការសុគត់របស់ព្រះអង្គ (ម៉ាថាយ ១៧:១២; ២០:១៨; ម៉ាកុស ៨:៣១; លូកា ៩: ២២; យ៉ូហាន ៣:១៣-១៥) ការក្បត់របស់ យូដាស (ម៉ាថាយ ១៧ :២២; ២៦:២៤; ម៉ាកុស ១៤:២១, ៤១) ការបដិសេធរបស់អ្នកដឹកនាំសាសន៍យូដា (ម៉ាថាយ ២០:១៨) ការសុគតដោយការឆ្កាងរបស់សាសន៍ដទៃ (ម៉ាថាយ ២០:១៩; ម៉ាកុស ៩:១២,៣១; ១០:៣៣) ការបញ្ចុះក្នុងផ្នូរបីថ្ងៃ (១២:២០; លូកា១១:៣០) និងការរស់ឡើងវិញបន្ទាប់ពីបីថ្ងៃ (ម៉ាថាយ ១៧ :២២, ២៣; ម៉ាកុស ៨:៣១)។ ដូច្នេះ រឿងទាំងពីរខាងលើដែលទាក់ទងទៅនឹងកូនមនុស្ស (ការព្យាបាល ការអត់ទោសបាប និងម្ចាស់លើថ្ងៃឈប់សំរាក) បើកសំដែងនូវការប្រឆាំងទៅនឹង «កូនមនុស្ស» ហើយប្រាប់ជាមុនថា «កូនមនុស្ស» នឹងត្រូវបានគេបដិសេធ។ ព្រះយេស៊ូវក៏បានប្រើឋានន្តរ «កូនមនុស្ស» នេះ ដើម្បីបង្រៀនអំពីការយាងមកជាលើកទីពីររបស់ព្រះអង្គផងដែរ។ ព្រះយេស៊ូវនឹងយាងត្រឡប់ពីស្ថានសួគ៌មកផែនដីវិញ នៅក្នុងសិរីល្អរបស់ព្រះវរបិតាជាមួយពួកទេវតារបស់ព្រះអង្គ (ម៉ាថាយ១៦:២៧, ម៉ាកុស ៨:៣៨, លូកា ៩:២៦)។ ជាដំបូង ទ្រង់នឹងគង់នៅខាងស្តាំព្រះ(ឥឡូវនេះ) ហើយបន្ទាប់មក ទ្រង់នឹងយាងត្រឡប់មកម្តងទៀត (ម៉ាថាយ ២៦:៦៤; ម៉ាកុស ១៤:៦២; លូកា ២២:៦៩) ជាមួយនឹងពពក (ម៉ាថាយ២៤:៣០; ម៉ាកុស ១៣:២៦; លូកា ២១:២៧)។ ការយាងត្រឡប់មកវិញគឺមិនរំពឹងទុកទេ (ម៉ាថាយ២៤:២៧; លូកា ១២:៤០) ហើយប្រៀបផ្ទឹមនឹងការបញ្ចេញពន្លឺផ្លេកបន្ទោរ ឬទឹកជំនន់នៅសម័យលោកណូអេដែរ (ម៉ាថាយ ២៤:៣៧; លូកា ១៧:២៤)។ ការយាងត្រឡប់វិញរបស់ទ្រង់គឺដើម្បីប្រមូលផ្តុំអ្នករើសតាំង ការវិនិច្ឆ័យលើគ្រប់ជាតិសាសន៍នៅលើផែនដី (ម៉ាថាយ១៩:២៨; ២៥:៣២; យ៉ូហាន ៥:២៧) ហើយនិងការស្ដារឡើងវិញនូវសេចក្តីសុចរិតចុងក្រោយនៅក្នុងលោកិយ (ម៉ាថាយ១៩:២៨;២៥:៤៦)។
ឯកសារពិគ្រោះ
Elwell, W. A., & Beitzel, B. J. (1988). Baker encyclopedia of the Bible. Grand Rapids, MI: Baker Book House.
Guelich, R. A. (1992). Mark, Gospel of. In (J. B. Green & S. Mcknight, Eds.) Dictionary of Jesus and the Gospels. Downers Grove, IL: intervarsity Press.
Polhill, J. B. With Ellenburg Dale. (2003). Son of Man. In (C. Brand, C. Draper, A. England, S. Bond, E. R. Clendenen, & T. C. Butler, Eds.) Holman Illustrated Bible Dictionary. Nashville, TN: Holman Bible Publishers.
Sproul, R. C. (2005). The Unexpected Jesus: The Truth Behind His Biblical Names (pp. 15–24). Fearn, UK: Christian Focus Publications.
Thompson, M. M. (1992). John, Gospel of. In (J. B. Green & S. Mcknight, Eds.) Dictionary of Jesus and the Gospels. Downers Grove, IL: intervarsity Press.
Leave a Reply