និក្ខមនំ ១:១-៧ Exodus 1:1-7

Ex. 1.1-7

សូម​អាន​និក្ខមនំ​ ១:១-៧​ ទាំង​មូល។​

ចូរ​អាន​ ខ. ៥​ ទ្បើង​វិញ​ ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។ ​

តើ ពួក​អ្នក​ដែល​កើត​អំពី​យ៉ាកុប​ដែល​បាន​មក​ចូល​អេស៊ីព្ទ​មាន​ចំនួន​ប៉ុន្មាន​នាក់?

ចូរ​អាន​ ខ. ៦-៧  និង​លោកុប្បត្ដិ​ ៤៦​:៣។

តើ មាន​អ្វី​កើត​ឡើង​រវាង​សម័យ​​ដែល​យ៉ូសែប​និង​បង​ប្អូន​លោក​បាន​ចូល​អេស៊ីព្ទ​ជាមួយ​នឹង​សម័យ​លោក​ម៉ូសេ?

ការ​ពន្យល់​និង​ការ​អនុវត្ត៖  និក្ខមនំ​ ជំពូក​១ គឺ​ជា​ស្ពាន​តភ្ជាប់​ព្រឹត្តិការណ៍ ​ដែល​បាន​ចែង​ទុក​នៅ​ក្នុង​កណ្ឌ​លោកុប្បត្ដិ​និង​រឿង​រ៉ាវ​និទាន​​អំពី​ការ​ប្រោស​លោះ​នៅក្នុង​ប្រវត្តិសាស្ត្រ​ព្រះ​គម្ពីរ។​ ខ.១-៥ បាន​សង្ខេប​ស្ថានភាព​នៅ​ទី​បញ្ចប់​នៃ​កណ្ឌ​លោកុប្បត្ដិ​ គឺ​កូន​របស់​យ៉ាកុប​រស់​នៅ​អេស៊ីព្ទ​ ហើយ​ ខ.៦-៧ បាន​សង្ខេប​ប្រវត្តិសាស្ត្រ​រវាង​សម័យ​យ៉ូសែប (ចុង​កណ្ឌ​លោកុប្បត្ដិ​) ​និង​សម័យ​ម៉ូសេ។

ព្រះជាម្ចាស់​បាន​សន្យា​ដល់​លោក​អ័ប្រាហាំ​ថា លោក​នឹង​មាន​កូនចៅ​ជាច្រើន​រាប់​មិន​អស់​ ហើយ​ថា​ពួក​គេ​នឹង​ទទួល​ទឹកដី​កាណាន​ជា​មត៌ក។  ស្ថានភាព​នេះ​នៅ​ចុង​បញ្ចប់​នៃ​លោកុប្បត្ដិ​និង​នៅ​ក្នុង​និក្ខមនំ​ ២​:១-៥ នោះ​គឺ​ថា​មាន​កូន​ចៅ​តែ​៧០​នាក់​ប៉ុណ្ណោះ​ ហើយ​ពួក​គេ​​មិន​មែន​នៅ​ក្នុង​ស្រុក​ដែល​ព្រះ​បាន​សន្យា​នោះ​ទេ។  ស្ថានភាព​នេះ​មើល​ទៅ​ដូច​ជា​ព្រះ​ជា​ម្ចាស់​​មិន​​បាន​រក្សា​សេចក្ដី​សន្យា​របស់​ទ្រង់​ឡើយ។  ប៉ុន្តែ​យើង​មិន​អនុវត្ត​តាម​ស្ថានភាព ​ដែល​យើង​មើល​ដោយ​ភ្នែក​របស់​យើង​ទេ ​ប៉ុន្តែ​តាម​​អ្វី​ដែល​យើង​បាន​ឮ​ពី​ព្រះបន្ទូល​របស់​ព្រះ​វិញ​។

រឿង​រ៉ាវ​នៅ​ក្នុង​កណ្ឌ​និក្ខមនំ​គឺ​ជា​ការ​រំលឹក​មួយ​ថា ​រឿង​​អំពី​ការ​សន្យា​របស់​ព្រះ​នៅ​ក្នុង​លោកុប្បត្ដិ​នេះ​​ត្រូវ​បាន​បន្ត​ហើយ​បំពេញ​សំរេច​​នៅ​ក្នុង​ព្រឹត្តិការណ៍ ​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​កណ្ឌ​និក្ខមនំ។  យើង​មើល​ឃើញ​​ការ​នេះ​រួច​ទៅ​ហើយ​នៅ​ក្នុង​និក្ខមនំ​ ១​:៧ ដែល​បង្ហាញថា ​ព្រះ​សំរេច​សេចក្ដី​សន្យា​របស់​ទ្រង់​នៅ​ក្នុង​លោកុប្បត្ដិ​ ១២:២​, ១៥:៥​, ២២:១៧​, ២៦:៤​, ៤៦​:៣។  ដូច្នេះ​រឿង​ទាំង​ប៉ុន្មាន​នៅ​ក្នុង​និក្ខមនំ​បង្រៀន​យើង​ថា​ ព្រះ​ទ្រង់​រក្សា​សេចក្ដី​សន្យា​របស់​ទ្រង់។  រឿង​នេះ​មិន​ត្រឹម​តែ​បង្ហាញ​ពី​ឫទ្ធានុភាព​របស់​ព្រះ​នោះ​ទេ ​ប៉ុន្តែ​លើស​ពី​នេះ​ទៅ​ទៀត​ ក៏​បង្ហាញ​អំពី​ភាព​ស្មោះត្រង់​របស់​ព្រះអង្គ​ដើម្បី​សំរេច​ការ​សន្យា​របស់​ទ្រង់​ផង​ដែរ។ ជា​ការ​សំខាន់​ដែល​យើង​​ចង​ចាំ​សេចក្ដី​ពិត​នេះ ​ដោយ​សារ​តែ​ព្រះ​ជា​ម្ចាស់​ទាក់ទង​ជាមួយ​អ៊ីស្រាអែល​ (នៅ​ក្នុង​សញ្ញាចាស់​) ​និង​ជា​មួយ​នឹង​ពួក​គ្រីស្ទបរិស័ទ​ដោយ​ការ​ផ្តល់​ការ​សន្យា ​ហើយ​បន្ទាប់​មក​យើង​បាន​រង់​ចាំ​ព្រះ ​ដើម្បី​បំពេញ​សេចក្ដី​សន្យា​របស់​ទ្រង់។ សេចក្ដី​សន្យា​របស់​ព្រះអម្ចាស់​មក​ដល់​គ្រីស្ទបរិស័ទ​តាម​រយៈ​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ។  ព្រះអង្គ​សន្យា​ថា ទ្រង់​នឹង​លើក​លែង​ទោស​ ទទួល​យើង​ជា​កូន​របស់​ទ្រង់ ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ ហើយ​​និង​ជីវិត​អស់កល្ប​ជា​និច្ច។​  ព្រះ​ពរ​ទាំងនេះ​មិន​អាស្រ័យ​លើ​សេចក្ដី​ល្អ​របស់​យើង​ឡើយ ​ប៉ុន្តែ​នៅ​លើ​អំណាច​និង​​ភាព​​ស្មោះត្រង់​របស់​ព្រះ​វិញ​ ​ដើម្បី​រក្សា​សេចក្ដី​សន្យា​របស់​ទ្រង់។  ដូច្នេះ ​ប្រវត្តិសាស្ត្រ​ដែល​យើង​អាន​ក្នុង​និក្ខមនំ​បាន​លើក​ទឹក​ចិត្ដ​យើង ​​ពីព្រោះ​វា​បាន​បង្ហាញ​ថា​ ព្រះ​រក្សា​សេចក្ដី​សន្យា​របស់​ទ្រង់។ សេចក្ដី​សន្យា​របស់​ព្រះអង្គ​ជា​យុថ្កា​មួយ​ដ៏​ជាប់​មាំមួន​សំរាប់​ព្រលឹង​របស់​យើង (ហេព្រើរ​ ៦:១៣-១៩)។

រំលឹក​ទ្បើង​វិញ៖ តើ​យើង​បាន​រៀន​អ្វី​អំពី​ព្រះជាម្ចាស់​ចេញ​ពី និក្ខមនំ​ ១:១-៧?​

ការ​អនុវត្ត​: តាម​អ្វី​ដែល​អ្នក​បាន​រៀន​តាម​រយៈ​បទ​គម្ពីរ​នេះ តើ​អ្នក​ត្រូវ​យក​វា​មក​អនុវត្ត​យ៉ាង​ដូច​ម្តេច​នា​ពេល​សព្វ​ថ្ងៃ​នេះ?

Leave a Reply

Your email address will not be published. Required fields are marked *

*

Top