ការរំលឹកឡើងវិញ៖ នៅក្នុងយ៉ូហាន ១៣:១៨-៣០ យើងបានរៀនថា ក្នុងវប្បធម៌នោះ វាជាការអាក្រក់មែនទែន បើអ្នកដែលទទួលយកការបដិសណ្ឋារៈនិងភាពស្និទ្ធស្នាលនៃការបរិភោគអាហារ ដែលបានចែករំលែកជាមួយ ហើយបន្ទាប់មកបានក្លាយទៅជាការប្រឆាំងនឹងអ្នកដែលផ្តល់អាហារនោះវិញ។ ខណៈពេលព្រះយេស៊ូវបានប្រឈមមុខនឹងការសុគតនោះ ទ្រង់មានអារម្មណ៍ដូចអ្នកនិពន្ធនៃទំនុកដំកើង៤៩នោះដែរ ព្រោះជាមិត្តជិតស្និទ្ធមួយក្នុងចំណោមពួកសិស្សទាំងដប់ពីរនាក់ថា នឹងបើកការប្រឆាំងនឹងព្រះអង្គ ហើយនាំគេមកចាប់ទ្រង់។ ព្រះយេស៊ូវបានបង្គាប់អោយយូដាសធ្វើការនេះអោយបានលឿន ពីព្រោះមានការជាច្រើនដែលត្រូវកើតឡើងនៅក្នុង រយៈម្ភៃបួនម៉ោងបន្ទាប់មកទៀត ដើម្បីអោយព្រះយេស៊ូវសុគតនៅចំពេលវេលាកំណត់របស់ទ្រង់។ ព្រះយេស៊ូវត្រូវការគេចាប់ទ្រង់ កាត់ទោស កាត់ថាមានទោស បន្ទាប់មកនាំយកទៅឯឈើឆ្កាងនិងសុគត។ ដូច្នេះ ដើម្បីអោយគ្រប់ ហេតុការណ៍ទាំងនេះកើតឡើងក្នុងរយៈពេលម្ភៃបួនម៉ោង នោះយូដាសត្រូវតែនាំគេមកចាប់ព្រះយេស៊ូវអោយបានលឿន។ ប្រធានបទដ៏សំខាន់មួយនៅក្នុងអត្ថបទនេះគឺ ព្រះគ្រីស្ទជ្រាបទាំងអស់ (ខ.១, ៣, ១១, ១៨-២១)។ ព្រះអង្គជ្រាបថា ទ្រង់ត្រូវសុគតនៅលើឈើឆ្កាង ហើយព្រះយេស៊ូវមានបន្ទូលប្រាប់ការនេះជាមុនដើម្បីអោយពួកសិស្សនិងយើងនឹងជឿលើទ្រង់ (ខ.១៩)។
សូមអានយ៉ូហាន ១៣:៣១-៣៨ ទាំងមូល។
ចូរអានខ.៣១-៣២ ទ្បើងវិញហើយឆ្លើយសំនួរខាងក្រោម។
តើ មានអ្វីកើតឡើង «ឥឡូវនេះ»?
ការពន្យល់៖ បន្ទាប់ពីយូដាសបានចាកចេញទៅ ព្រះយេស៊ូវបានចាប់ផ្តើមរៀបចំសិស្សទាំងប៉ុន្មានដែលនៅ សល់សំរាប់ព្រឹត្តិការណ៍ដែលនឹងកើតឡើងតាមក្រោយក្នុងពេលយ៉ាងឆាប់គឺ ការដែលគេក្បត់ទ្រង់ ការដែលទ្រង់ត្រូវគេចាប់ខ្លួន ការកាត់ទោសនិងការជាប់ឆ្កាងទ្រង់ ការមានព្រះជន្មរស់ឡើងវិញ និងការលើកឡើងទៅស្ថានសួគ៌របស់ទ្រង់។ ពួកសិស្សបានដើរតាមទ្រង់អស់រយៈពេលបីឆ្នាំហើយ ប៉ុន្តែឥឡូវនេះ ទ្រង់ត្រៀមពួកសិស្សរបស់ទ្រង់សំរាប់ជីវិតរបស់ពួកគេ ដែលគ្មានទ្រង់ជាសាច់ឈាមទៀត។
សិរីល្អគឺជាប្រធានបទមួយដ៏សំខាន់នៅក្នុងកណ្ឌយ៉ូហាន។ យើងត្រូវចាំថា នៅក្នុងវប្បធម៌នោះ ការស្លាបនៅលើឈើឆ្កាងមិនមែនជាកិត្តិយសទេ ប៉ុន្តែវាជាសេចក្តីគួរអោយខ្មាសវិញ។ ប៉ុន្តែចំពោះព្រះយេស៊ូវវិញ ការសុគតនៅលើឈើឆ្កាងជាការដែលដំកើងព្រះរាជបុត្រា ពីព្រោះការសុគតរបស់ទ្រង់បានសំដែងសេចក្ដីស្រឡាញ់របស់ព្រះរាជបុត្រាចំពោះព្រះវរបិតា ហើយព្រះរាជបុត្រាស្ដាប់បង្គាប់ព្រះវរបិតា (១៤:៣១)។ ព្រះយេស៊ូវមានព្រះបន្ទូលថា «ឥឡូវនេះ កូនមនុស្សបានដំកើងឡើងហើយ»។ «កូនមនុស្ស» គឺជាឋានៈរបស់បុគ្គលនៅក្នុងកណ្ឌដានីយ៉ែល ៧:១៣-១៤ ដែលគេប្រទានអោយទ្រង់មាន «អំណាច សិរីល្អ និងរាជ្យគ្រប់គ្រង» ហើយ «រាជ្យគ្រប់គ្រងរបស់ទ្រង់នឹងនៅអស់កល្បជានិច្ច ដែលនឹងមិនកន្លងបាត់ឡើយ»។ ការលើកដំកើងដល់កូនមនុស្សទាក់ទងនឹងការរងទុក្ខនិងការសុគត ហើយអំណាចគ្រប់គ្រងផងដែរ គឺព្រះយេស៊ូវបានចូលទៅក្នុងសិរីល្អរបស់ទ្រង់តាមរយៈឈើឆ្កាង។ ដូច្នេះ ការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងគឺជាសិរីល្អ ហើយក៏ជាទ្វារដែលទ្រង់ចូលទៅឯសិរីល្អនៅក្នុងស្ថានសួគ៌ផងដែរ។ លើសពីនេះទៀត ព្រះដ៏ជាព្រះវរបិតាត្រូវបានដំកើងឡើងនៅក្នុងការសុគតរបស់ព្រះយេស៊ូវ ពីព្រោះការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងបើកសំដែងសេចក្តីស្រលាញ់របស់ព្រះយេស៊ូវចំពោះព្រះវរបិតា (១៤:៣១) ហើយនិងស្រលាញ់របស់ព្រះចំពោះលោកិយទាំងមូល (៣:១៦)។
ចូរអាន ខ.៣៣។ តើព្រះយេស៊ូវមានបន្ទូលប្រាប់ពួកសិស្សរបស់ទ្រង់អំពីអ្វីនៅទីនេះ?
ការពន្យល់៖ នៅក្នុង ៧:៣៣ ព្រះយេស៊ូវបានប្រកាសប្រាប់ពួកយូដាហើយថា «ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាតែបន្តិចទៀតទេ រួចខ្ញុំទៅឯព្រះ»។
ចូរអាន ខ.៣៤-៣៥។ តើ សេចក្តីបញ្ញត្តិ១ថ្មីបានបង្គាប់អោយយើងធ្វើអ្វី?
យើងត្រូវធ្វើដូចម្ដេចអោយមនុស្សនឹងដឹងថា យើងជាសិស្សរបស់ព្រះគ្រីស្ទ?
ការពន្យល់៖ សាសន៍យូដាបានដឹងសេចក្តីបញ្ញត្តិរបស់ព្រះរួចទៅហើយ ដែលបង្គាប់យើងឱ្យស្រឡាញ់គ្នាទៅវិញទៅមក ពីព្រោះគម្ពីរសញ្ញាចាស់ធ្លាប់មានពាក្យបញ្ជាទាំងនេះរួចហើយ (ឧទាហរណ៍៖ លេវីវិន័យ ១៩:១៨)។ បើអញ្ចឹង ហេតុអ្វីបានជាព្រះយេស៊ូវបានបង្រៀនថា សេចក្តីបញ្ញត្តិនេះជាសេចក្តីបញ្ញត្តិថ្មី? សេចក្តីបង្គាប់របស់ព្រះយេស៊ូវដែលថា ពួកសិស្សគួរតែស្រលាញ់គ្នាទៅវិញទៅមកគឺថ្មី ពីព្រោះពួកគេគួរតែស្រលាញ់ «ដូចដែលទ្រង់បានស្រលាញ់ពួកគេដែរ»។ សេចក្តីស្រលាញ់ ដែលព្រះយេស៊ូវបានមានចំពោះពួកគេ ជាខ្នាតគំរូយ៉ាងខ្ពស់សំរាប់ពួកគេធ្វើតាម ហើយជាប្រភពសេចក្តីស្រលាញ់ដ៏អស្ចារ្យសំរាប់ពួកគេផងដែរ។ នៅពេលគ្រីស្ទបរិស័ទមិនស្រលាញ់គ្នាទៅវិញទៅមក វាបំផ្លាញទីបន្ទាល់របស់ពួកគេទៅចំពោះលោកិយ ហើយវាបង្ហាញអោយឃើញថា ពួកគេគឺជាមនុស្សមានពុត។
សញ្ជឹងគិត៖ តើ អ្នកបានស្រឡាញ់អ្នកដទៃ ដូចព្រះយេស៊ូវបានស្រឡាញ់អ្នកដែរទេ?
តើ អ្នកជិតខាងអាចឃើញថា សមាជិកនៃពួកជំនុំជាសិស្សរបស់ព្រះយេស៊ូវដោយគេស្រឡាញ់គ្នាឬទេ?
ចូរអាន ខ.៣៦-៣៨។
តើ ពេត្រុសបានសួរអ្វី (ខ.៣៦)?
ព្រះយេស៊ូវបានឆ្លើយយ៉ាងម៉េច?
ព្រះយេស៊ូវបានទាយអ្វីនៅក្នុងខ.៣៨?
ការពន្យល់៖ ចំលើយរបស់ព្រះយេស៊ូវបង្ហាញថា នឹងមានពេលមួយដែលទ្រង់នឹងឃ្លាតចេញពីពួកសិស្សរបស់ទ្រង់។ ព្រះយេស៊ូវនឹងយាងទៅឯការសុគត ហើយបន្ទាប់មកយាងទៅឯព្រះវរបិតារបស់ទ្រង់វិញ។ វាមិនទាន់ដល់ពេល ដែលពេត្រុសអនុវត្តតាមគំរូនេះនៅពេលឥឡូវនេះទេ គឺពេលវេលាសម្រាប់ពេត្រុសនឹងមកដល់នៅពេលក្រោយមកទៀត (២១:១៨-១៩)។ សេចក្តីពិតដែលថា ពួកសិស្សអាចទៅតាមទ្រង់នៅពេលក្រោយ មានការលើកទឹកចិត្ត ពីព្រោះ អស់អ្នកដែលមិនទទួលព្រះយេស៊ូវ នឹងមិនអាចតាមទ្រង់ទៅឯព្រះវរបិតាបានឡើយ (៧:៣២-៣៤) គឺពួកគេនឹងស្លាប់នៅក្នុងអំពើបាបរបស់ពួកគេ (៨:២១, ២៤)។
ការអនុវត្ត៖ ការអនុវត្តច្បាស់លាស់នៅក្នុងវគ្គនេះគឺ ដើម្បីគោរពតាមបញ្ញត្តិថ្មីនេះ ឱ្យស្រឡាញ់គ្នាទៅវិញទៅមកដូចដែលព្រះយេស៊ូវបានស្រឡាញ់យើងដែរ។ ការអនុវត្តមួយទៀតគឺ យើងត្រូវដើរតាមព្រះយេស៊ូវ។ ពួកសិស្សមិនបានត្រៀមខ្លួនសំរាប់ការការដើរតាមទ្រង់ទេ ប៉ុន្តែក្រោយមកពួកគេបានត្រៀមខ្លួនធ្វើតាម។
រំលឹកទ្បើងវិញ៖ តើយើងបានរៀនអ្វីអំពីព្រះយេស៊ូវចេញពីយ៉ូហាន ១៣:៣១-៣៨?
ការអនុវត្ត៖ តាមអ្វីដែលអ្នកបានរៀនតាមរយៈបទគម្ពីរនេះ តើអ្នកត្រូវយកវាមកអនុវត្តយ៉ាងដូចម្តេចនាពេលសព្វថ្ងៃនេះ?
Leave a Reply