1 Cor 4 too much too soon pdf download
ប៉ុលសម្ដែងសេចក្តីឈឺចាប់និងសេចក្តីទុក្ខព្រួយរបស់គាត់ ហើយពីខាងក្រោយវាយើងឃើញសេចក្តីទុក្ខព្រួយរបស់ព្រះ។ មនុស្សខ្លះមិនចូលចិត្តប៉ុលទេ ប៉ុន្តែនៅពេលអ្នកអានអំពីគាត់ អ្នកនឹងលើកសរសើរគាត់កាន់តែខ្លាំង។ ព្រះបានជ្រើសយកបុរសពិសេសម្នាក់ដើម្បីសរសេរផ្នែកដ៏ធំនៃព្រះគម្ពីរសញ្ញាថ្មី។ គាត់បានមានគំនិតនិងចិត្តល្អ និងបានបម្រើដំណឹងល្អដោយអស់ពីកំលាំងរបស់គាត់។
គ្រប់ទាំងសេចក្តីអធិប្បាយនិងសេចក្តីអត្ថាធិប្បាយទាំងអស់មិនល្អដូចជាបទគម្ពីរនោះទេ។ ជំពូកក្នុង១កូរិនថូសទាំងនេះល្អប្រសើរជាងអ្វីដែលអ្នកនឹងស្តាប់ឮនៅរាល់ថ្ងៃអាទិត្យឬអាននៅក្នុងសេចក្តីអត្ថាធិប្បាយទៅទៀត។
សង្ខេបមក ពួកជំនុំកូរិនថូសកំពុងងាកបែរចេញពី សាវ័កប៉ុល ហើយកំពុងងាកបែរទៅរកសេចក្តីជំនឿខុសឆ្គងវិញ។ នៅក្នុងជំពូក១ ប៉ុលប្រាប់យើងអំពីព្រះរាជសារនិងការផ្ដោតរបស់សារនោះដែលជាព្រះគ្រីស្ទដែលត្រូវគេឆ្កាង។ នៅក្នុងជំពូក២គាត់ប្រាប់យើងអំពីព្រះរាជសារហើយនិងមូលដ្ឋានគ្រឹះរបស់វាដែលជាព្រះបន្ទូលរបស់ព្រះ។ សបា្តហ៍មុន(ជំពូក៣)យើងបានមើលលើព័ន្ធកិច្ចនិងសារៈសំខាន់របស់ព័ន្ធកិច្ច ហើយសបា្តហ៍នេះយើងមើលលើព័ន្ធកិច្ចហើយនិងលក្ខណៈបន្ទាបខ្លួនរបស់ព័ន្ធកិច្ច។ បួនជំពូកទាំងនេះគឺដូចជាជ្រុងរបស់គ្រឹះដែលគាត់ដាំចុះនៅមុនពេលគាត់សរសេរអំពីប្រធានបទអនុវត្តនានានៅក្នុងជំពូកបន្ទាប់ៗមកទៀត ដូចជាទំនាក់ទំនង អាហារសំណែនដល់រូបព្រះ…ល។
ខ្ញុំបានចែកជំពូកនេះជាបីផ្នែក។ ទីមួយ ប៉ុលត្រូវបានគេរិះគន់ ប៉ុន្តែគាត់ស្មោះត្រង់។ ទីពីរ គាត់ត្រូវគេមើលងាយ ប៉ុន្តែគាត់បន្ទាបខ្លួន។ ទីបី គាត់ត្រូវគេបដិសេធ ប៉ុន្តែគាត់មានសេចក្តីស្រលាញ់។
១. ត្រូវគេរិះគន់ប៉ុន្តែស្មោះត្រង់។ ៤:១-៥ យើងកំពុងមើលលើការបន្ទាបខ្លួននៅក្នុងព័ន្ធកិច្ច។ នៅក្នុងជំពូក៤ សាវ័កប៉ុលចាប់ផ្តើមដោយការនិយាយថា មនុស្សគួរតែចាត់ទុកពួកយើងជាពួកអ្នកបំរើរបស់ព្រះគ្រីស្ទ ហើយជាអស់អ្នកដែលត្រូវបានផ្ទុកនូវសេចក្តីអាថ៌កំបាំងរបស់ព្រះ។ ចូរចងចាំថា ពួកកូរិនថូសបានងាកបែរចេញទៅរកជំនឿគ្រីស្ទបរិស័ទប្រភេទថ្មីមួយ ដែលបានធ្វើឲ្យពួកគេគិតពីខ្លួនរបស់ពួកគេរ៉ាងខ្ពស់ ប៉ុន្តែគិតពីប៉ុលយ៉ាងទាបវិញ។ តើប៉ុលនឹងបង្ហាញថាគាត់គឺជាអ្នកដឹកនាំម្នាក់ដែលពួកគេគួរតែស្តាប់តាមដោយរបៀបណា? តើគាត់នឹងធ្វើវាដោយមិនមានអំនួតហើយនិងក្រអឺតក្រទមដោយរបៀបណា? ប្រសិនបើគាត់មិននាំពួកគេឲ្យមើលឃើញការនេះទេ នោះពួកគេនឹងបដិសេធគាត់ ហើយជាលទ្ធផលពួកគេនឹងបដិសេធដំណឹងល្អផងដែរ។
នៅក្នុងជំពូក៣ គាត់បាននិយាយរួចមកហើយថា ពួកកូរិនថូសត្រូវតែចាត់ទុកប៉ុលនិងគូកនរបស់គាត់ជាពួកអ្នកបម្រើនៃព្រះដែលពួកគេមិនជ្រើសតាំងខ្លួនឯងនោះទេ ប៉ុន្តែគឺជាព្រះដែលបានរើសតាំងពួកគាត់ឲ្យមានតួនាទី បម្រើដំណឹងល្អវិញ។ នៅក្នុង៤:១ គាត់ហៅឲ្យពួកកូរិនថូសចាត់ទុកប៉ុលនិងគូកនរបស់គាត់ជាពួកអ្នកបម្រើនៃព្រះគ្រីស្ទ។ ពាក្យដែលគាត់ប្រើសំរាប់អ្នកបម្រើគឺជាពាក្យមួយដែលអាចមានន័យជា មនុស្សម្នាក់ដែលទទួលខុសត្រូវសំរាប់ការគ្រប់គ្រងថែរក្សាមនុស្សនិងទ្រព្យសម្បត្តិ ហើយធ្វើឲ្យច្បាស់ថាកិច្ចការទាំងអស់ត្រូវបានសំរេចយ៉ាងត្រឹមត្រូវ។
វាច្បាស់លាស់ដែលថាគាត់ត្រូវបានគេរិះគន់សំរាប់ព័ន្ធកិច្ចរបស់គាត់ដូចដែលគាត់និយាយក្នុងខ. ៣ថា «តែ ឯដំណើររបស់ខ្ញុំ ដែលអ្នករាល់គ្នា ឬមនុស្សណាក៏ដោយ ចោទប្រកាន់ទោសខ្ញុំ នោះមិនជាការអំពល់អ្វីដល់ខ្ញុំ ឡើយ»។ ប៉ុលពន្យល់ពួកកូរិនថូសអំពីគោលការណ៍សំខាន់ទាក់ទងនឹងការបម្រើរបស់គ្រីស្ទបរិស័ទ៖ ពួកគេមិនមែនជាមនុស្សត្រឹមត្រូវដើម្បីវិនិច្ឆ័យនោះទេ ហើយឥឡូវនេះមិនមែនជាពេលវេលាត្រឹមត្រូវក្នុងការវិនិច្ឆ័យនោះដែរ។ គឺប៉ុលនិយាយថា «ខ្ញុំមិនទទួលខុសត្រូវចំពោះអ្នករាល់គ្នាទេ ប៉ុន្តែចំពោះព្រះវិញ ហើយលទ្ធផលនឹងមិនត្រូវប្រកាសនៅពេលឥឡូវនេះទេ ប៉ុន្តែនៅចុងបញ្ចប់វិញ» វាមិនមានន័យថាប៉ុលមានអំនួតហើយគាត់មិនអាចត្រូវគេរិះគន់នោះទេ យើងទាំងអស់ត្រូវការការកែតម្រូវ ប៉ុន្តែក្នុងខ. ៥ប៉ុលពន្យល់ថាការវិនិច្ឆ័យរបស់ពួកគេគឺមុនពេលពេកហើយ។ ប៉ុលមានគោលការណ៍ពីរនៅក្នុងព័ន្ធកិច្ច ហើយគោលការណ៍ទាំងពីរនេះគឺជាគំរូល្អមួយសំរាប់យើងដើរតាម។ ទី មួយ គោលដៅរបស់គាត់គឺដើម្បីស្មោះត្រង់ (៤:២) ទីពីរ គាត់កំពុងស្វែងរកការសរសើរពីព្រះ (មិនមែនពីមនុស្ស) (៤:៥)។ គោលដៅទាំងនេះមានភាពវ័យឆ្លាត ហើយផ្តល់សេរីភាពដល់ពួកអ្នកបម្រើដំណឹងល្អ។
គ្រប់គ្នាមានកាតព្វកិច្ចក្នុងការបម្រើព្រះ ដូច្នេះប្រសិនបើអ្នកមានតួនាទីរៀបចំអាហារបន្ទាប់ពីពេលថ្វាយបង្គំ នោះចូរធ្វើវាដោយស្មោះត្រង់ចំពោះព្រះចុះ។ យើងមិនតែងតែអរគុណដល់មនុស្សដូចដែលយើងគួរនោះទេ ប៉ុន្តែយើងដឹងថាការសរសើរពិតប្រាកដ សូម្បីសំរាប់ការផ្តល់ទឹកមួយកែវ ក៏នឹងត្រូវបានប្រទានឲ្យដោយព្រះក្នុងថ្ងៃមួយនាពេលអនាគតនោះដែរ។ វាជាការអស្ចារ្យដែលព្រះនឹងសរសើរ (ខ.៥)។ ទ្រង់មិនគ្រាន់តែជាព្រះដែលទទួលការសរសើរប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ជាព្រះដែលនឹងសរសើរនៅថ្ងៃមួយផងដែរ។ ថ្ងៃដែលព្រះវរបិតានៃស្ថានសួគ៌ប្រទានការសរសើរដល់យើងសំរាប់គ្រប់ការទាំងអស់ដែលយើងបានធ្វើ នឹងធ្វើឲ្យការបម្រើរបស់យើងមានតម្លៃ។
ចូរស្រមើស្រម៉ៃថា ម្ចាស់ផ្ទះហៅអ្នកបម្រើរបស់គាត់ឲ្យយកអាហារពេលព្រឹកមកគាត់រៀងរាល់ព្រឹក។ អ្នកដែលជឿតែផ្នែកខ្លះនៃព្រះគម្ពីរដែលពួកគេចូលចិត្ត ដូចជាអ្នកបម្រើម្នាក់ដែលនាំយកអាហារតិចជាងអ្វីដែលចៅហ្វាយចង់បាន ប៉ុន្តែអ្នកបម្រើស្មោះត្រង់ដែលជឿហើយបង្រៀនគ្រប់អ្វីដែលព្រះគម្ពីរនិយាយហើយក៏មិនលើសជាង គឺដូចជាអ្នកបម្រើស្មោះត្រង់និងស្តាប់បង្គាប់ម្នាក់ដែលនាំយកអាហារយ៉ាងល្មមដែលចៅហ្វាយចង់បាន។ អ្នកបម្រើខ្លះមានភាពឆេះឆួលអាចនាំយកអាហារច្រើនជាងអ្វីដែលចៅហ្វាយចង់បាន ដែលវាមិនមែនជាការផ្គាប់ចិត្តនោះទេ។ វាគឺលើសជាងអ្វីដែលបានសំណូមពរ។ ការនេះមិនមែនជាការផ្គាប់ចិត្តហើយក៏មិនផ្គាប់ព្រះទ័យរបស់ព្រះដែលនេះជាហេតុខ. ៦ និយាយថា «មិនឲ្យគិតខ្ពស់ជាងសេចក្តីដែលបានចែងទុកមក»។
ការរិះគន់មានការឈឺចាប់។ មនុស្សនឹងនិយាយថាអ្នកកំពុងធ្វើការច្រើនពេកឬអ្នកកំពុងធ្វើការតិចពេក។ ប៉ុន្តែយើងមានបំណងស្មោះត្រង់ចំពោះព្រះ។
ផ្នែកទីពីរ ខ. ៦-១៣ ត្រូវគេមើលងាយប៉ុន្តែបន្ទាបខ្លួន។ ពួកកូរិនថូសមិនបានគិតថាប៉ុលមានភាពជោគជ័យឡើយ ហើយក្នុងខ. ៦-៧ គាត់និយាយថា «បងប្អូនអើយ ខ្ញុំបានបង្វែរសេចក្តីទាំងនេះមកលើខ្លួនខ្ញុំ និងអ័ប៉ូឡូស ដោយព្រោះតែអ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាហាត់រៀនតាមយើង មិនឱ្យគិតខ្ពស់លើសជាងសេចក្តីដែលបានចែងទុកមក ប្រយោជន៍កុំឱ្យអ្នកណាមានសេចក្តីអំនួតអួតពីអ្នក ១ ទាស់នឹងអ្នក ១ ឡើយ»។ អ័ប៉ូឡូសគឺជាអ្នកអធិប្បាយដែលបានដើរតាមសាវ័កប៉ុលហើយគាត់គឺជាអ្នកនិយាយបានល្អម្នាក់។ ប៉ុលមិនដែលនិយាយពាក្យអាក្រក់ប្រឆាំងនឹងអ័ប៉ូឡូសទេ ហើយគាត់និយាយថាពួកគាត់ទាំងពីរធ្វើរួមគ្នា ហើយគាត់ចង់ឲ្យពួកកូរិនថូសរៀនពីគាត់និងអ័ប៉ូឡូសហើយមិនត្រូវគិតលើសខ្ពស់ជាងបទគម្ពីរនោះឡើយ។
ដរាបណាពួកជំនុំមិនបានដើរតាមព្រះគម្ពីរ ឬបើទោះមិនជឿព្រះគម្ពីរទាំងអស់ ឬបន្ថែមពីលើព្រះគម្ពីរ នោះវាបានបណ្តាលឲ្យមានបញ្ហាហើយ។ មនុស្សដែលបន្ថែមលើព្រះគម្ពីរគឺគេបំបែកបំបាក់ពួកជំនុំ ពីព្រោះពួកគេទាមទារអ្វីដែលលើសជាងព្រះគម្ពីរ។ នៅក្នុងប្រវត្តិសាស្ត្រ មនុស្សទាំងនេះអះអាងថាពួកគេមិនបដិសេធព្រះគម្ពីរនោះទេ ប៉ុន្តែពួកគេមានអ្វីបន្ថែមលើសជាងព្រះគម្ពីរ។ បន្ទាប់មកអ្វីដែលគេបន្ថែមត្រឡប់ទៅជាសំខាន់ជាងព្រះគម្ពីរ ឬពួកគេចាប់អារម្មណ៍ជាងលើសេចក្តីក្តីបង្រៀនបន្ថែមរបស់ពួកគេដែលវាលើសជាងព្រះគម្ពីរ។
ជាឧទាហរណ៍ ពួកស្មរបន្ទាល់យេហូវ៉ានិយាយថាព្រះគម្ពីរគឺល្អ ប៉ុន្តែយើងត្រូវការសេចក្តីបង្រៀនរបស់ក្រុមគេ។
ឬពួកមរមននឹងនិយាយថាព្រះគម្ពីរគឺល្អ ប៉ុន្តែអ្នកត្រូវការកណ្ឌគម្ពីររបស់យើង។ ម្តងហើយម្តងទៀត ហើយវាជាការពិតសំរាប់និកាយទាំងអស់ មានមនុស្សដែលគិតខ្ពស់លើសជាងព្រះគម្ពីរ ខណៈដែលពួកគេកំពុងនិយាយថា ពួកគេមិនបដិសេធព្រះគម្ពីរទេ។ ទោះយ៉ាងណាក៏ដោយ សេចក្តីបង្រៀនបន្ថែមត្រឡប់ជាសំខាន់ជាង។ យើងត្រូវតែប្រយ័ត្នបំផុតចំពោះការនេះ។
នៅក្នុងខ. ៨-១៣ ប៉ុលបង្រៀនថា ពួកសាវ័កមានបទពិសោធន៍ស្រដៀងគ្នានឹងព្រះយេស៊ូវដែរ ឧទាហរណ៍ ខ. ១០ «តែយើងខ្ញុំអាប់ឌិនឈ្មោះវិញ»។ ពួកកូរិនថូសគិតថាពួកគេឆ្លាតហើយខ្លាំង។ ប្រសិនបើពួកកូរិនថូសបានកំពុងគិតយ៉ាងត្រឹមត្រូវ នោះពួកគេគួរតែបានដឹងថាអ្វីដែលពួកគេបានអួតនៅក្នុងជីវិតរបស់ពួកគេគឺខុសគ្នាខ្លាំងណាស់ពីព្រះយេស៊ូវ។ ពួកគេមិនត្រឹមតែកំពុងងាកបែរចេញពីព្រះរាជសារនៃព្រះគ្រីស្ទដែលត្រូវគេឆ្កាងប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏កំពុងងាកបែរចេញពីភាពជាសិស្សនៃការដើរតាមព្រះគ្រីស្ទដែលត្រូវគេឆ្កាងផងដែរ។
ខ្ញុំចង់សួរអភិបាល ស្ពង់ Spong (ដែលបដិសេធការរស់ទ្បើងវិញរបស់ព្រះគ្រីស្ទ) ថា «តើអ្នកបានមើលឃើញថាបទពិសោធន៍របស់អ្នកផ្ទុយពីព្រះយេស៊ូវដែរឬទេ? គឺថា លោកិយស្រលាញ់អ្នក ពួកគ្រីស្ទបរិស័ទដែលស្មោះត្រង់មិនទទួលអ្នក។ ចំណែកឯព្រះយេស៊ូវវិញ មនុស្សស្មោះត្រង់ស្រលាញ់ទ្រង់ លោកិយស្អប់ទ្រង់» ហើយយើងគួរតែសួរសំនួរដូចគ្នាអំពីជំនុំ។ តើពួកជំនុំរបស់យើងដើរតាមគោលការណ៍នៃព្រះគម្ពីរសញ្ញាថ្មីដែរឬទេ? គឺថា យើងមានសេចក្តីអំណរនិងទុក្ខលំបាក។ យើងមានជ័យជំនះនិងសេចក្តីអត់ទោស ប៉ុន្តែយើងក៏លះបង់ក្នុងការដើរតាមព្រះយេស៊ូវផងដែរ។ ប្រសិនបើពួកជំនុំរបស់យើងបង្រៀនថា យើងមានជោគជ័យនិងសេចក្តីអំណរគ្រប់ពេលវេលា ឬយើងគ្មានសង្ឃឹមពីព្រោះយើងបរាជ័យគ្រប់ពេលវេលា នោះយើងបានបាត់បទពិសោធន៍ផ្សេងៗដែលព្រះគម្ពីរសញ្ញាថ្មីបង្រៀនគឺធម្មតាសំរាប់ពួកគ្រីស្ទបរិស័ទហើយ។
ពួកកូរិនថូសគិតថាពួកគេល្អប្រសើរខ្លាំងណាស់ ប៉ុន្តែប៉ុលមិនយល់ស្របនឹងពួកគេទេ។ ក្នុងខ. ៨ «អ្នករាល់គ្នាឆ្អែតហើយក៏ជាអ្នកមានផង កាលឥតពីយើងខ្ញុំនោះអ្នករាល់គ្នាបានសោយរាជ្យហើយ» ប៉ុលស្រលាញ់អ្នកដែលគាត់សរសេរសំបុត្រទៅកាន់។ គាត់មិនកំពុងបន្ថោកពួកគេ ឬយកឈ្នះពួកគេ ឬមើលងាយពួកគេនោះទេ។ គាត់ពិតជាស្រលាញ់ពួកកូរិនថូសយ៉ាងខ្លាំង ហើយគាត់កំពុងកែប្រែឥរិយាបថរបស់ពួកគេ។
គាត់កំពុងរំលឹកពួកគេថា បើទោះពួកគេគិតថាពួកគេពេញវ័យខាងព្រលឹងវិញ្ញាណ ពួកគេគិតថាពួកគេបានពេញលេញ មានបាននិងកំពុងសោយរាជ្យក៏ដោយ ហើយប៉ុលប្រាថ្នាឲ្យការនេះជាពិតពីព្រោះប្រសិនបើវាជាការពិត នោះពួកគេនឹងនៅស្ថានសួគ៌ដែលពោរពេញដោយសិរីល្អហើយ។ ប៉ុន្តែគាត់និយាយថា ការដើរតាមព្រះគ្រីស្ទក្នុងនាមជាសាវ័កមានន័យថា គាត់នឹងមានទុក្ខលំបាក។ ខ. ៩ «ព្រះទ្រង់បានដាក់យើងខ្ញុំដែលជាពួកសាវ័កឱ្យនៅក្រោយបង្អស់ ហាក់ដូចជាបានតម្រូវឱ្យត្រូវស្លាប់ដែរ ពីព្រោះយើងខ្ញុំបានត្រឡប់ជាទីដែលសំរាប់ឱ្យលោកិយបានមើលលេង គឺដល់ទាំងពួកទេវតានិងពួកមនុស្សផង» ខ. ១១-១៣ «លុះមកដល់ឥឡូវនេះ យើងខ្ញុំ ត្រូវទាំងឃ្លាន ទាំងស្រេក ហើយនៅអាក្រាត ទាំងត្រូវគេវាយ ហើយក៏ដើរសាត់អណ្តែត យើងខ្ញុំធ្វើការនឿយហត់នឹងដៃយើង កាលណាគេជេរនោះយើងខ្ញុំឱ្យពរវិញ កាលណាគេបៀតបៀន នោះយើងខ្ញុំទ្រាំទ្រ កាលណាគេប្រមាថ នោះយើងខ្ញុំអង្វរដល់គេ យើងខ្ញុំបានត្រឡប់ដូចជាសំរាមរបស់លោកិយ ហើយដូចជាកម្អែលនៃមនុស្សទាំងអស់ដរាបដល់ឥឡូវនេះ» ប៉ុលមិនកំពុងត្អូញត្អែរនោះទេ គឺគាត់កំពុងបង្រៀនពួកគេថាយើង (ប៉ុលហើយនិងពួកគូកនរបស់គាត់) មិនទាន់បានទ្បើងទៅពិភពលោកថ្មីនោះទេ ហើយប្រសិនបើពួកគេមិនទាន់បានឡើងទៅពិភពលោកថ្មីទេ នោះពួកកូរិនថូសក៏មិនទាន់បានទ្បើងទៅពិភពលោកថ្មីផងដែរ។
យើងត្រូវការរៀនមេរៀនសាមញ្ញខ្លះចេញពីការនេះ។ទីមួយ កុំដើរតាមគ្រូបង្រៀនណាដែលកំពុងបង្រៀនជំនឿគ្រីស្ទបរិស័ទមិនតាមព្រះគម្ពីរ។ ពួកគ្រីស្ទបរិស័ទខ្លះចូលចិត្តគិតថា មានអាថ៌កំបាំងសាមញ្ញខ្លះដែលនាំឲ្យយើងក្លាយជាគ្រីស្ទបរិស័ទម្នាក់ដែលតែងតែមានភាពជោគជ័យនិងជីវិតសប្បាយរីករាយ។ ខ្ញុំជាគ្រីស្ទបរិស័ទម្នាក់អស់រយៈពេល៣០ឆ្នាំហើយ ហើយខ្ញុំបានឮការសន្យាជាច្រើនបែបដូច្នោះ ហើយគ្មានការសន្យាណាមួយបានសំរេចសោះ។ ព្រះគម្ពីរសញ្ញាថ្មីបង្រៀនបទពិសោធន៍ពិតរបស់គ្រីស្ទបរិស័ទ ហើយយើងអាចមានទុក្ខលំបាក។
យើងមិនត្រូវភ្លេចថាពួកគ្រីស្ទបរិស័ទនឹងមានទុក្ខលំបាកនិងការរងទុក្ខ។ លោកិយធ្វើការសន្យាផ្សេងៗដែលគួរឲ្យជំរុញចិត្តជាងសេចក្តីសន្យានៅក្នុងព្រះគម្ពីរ ដូច្នេះហើយវាជាការងាយស្រួលសំរាប់ខ្ញុំក្នុងការធ្លាក់ទឹកចិត្តជាមួយជីវិតដោយព្រោះលោកិយសន្យាច្រើនពេក ប៉ុន្តែវាសុទ្ធតែក្លែងក្លាយទាំងអស់។ ខ្ញុំត្រូវការត្រឡប់ទៅឯសេចក្តីសន្យានៅក្នុងព្រះគម្ពីរវិញ។ ជាឧទាហរណ៍ យើងអាចភ្លេចថាព្រះគ្រីស្ទបានសន្យាថា «នៅលោកិយនេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកិយហើយ» (យ៉ូហាន ១៦:៣៣)។ ឬយើងអាចភ្លេចសេចក្តីបង្គាប់ក្នុងបទគម្ពីរថា «ចូរអរសប្បាយក្នុងព្រះអម្ចាស់ជានិច្ច» (ភីលីព ៤:៤) ហើយយើងត្រូវតែសំរេចចិត្តធ្វើការនេះ។ មានពេលជាច្រើននៅពេលយើងធ្លាក់ទឹកចិត្ត ហើយយើងត្រូវការធ្វើការសំរេចចិត្តក្នុងការអរសប្បាយនៅក្នុងព្រះអម្ចាស់ ពីព្រោះយើងនៅក្នុងព្រះអម្ចាស់ ហើយយើងមិនរង់ចាំសំរាប់អារម្មណ៍សប្បាយរីករាយមកដល់ទើបយើងអាចអរសប្បាយនោះទេ ប៉ុន្តែយើងធ្វើតាមសេចក្តីបង្គាប់ «ចូរអរសប្បាយក្នុងព្រះអម្ចាស់ជានិច្ច»។
សំរាប់ប៉ុល ការធ្វើជាសិស្សម្នាក់មានន័យថាគាត់បានរួមចំណែកនៅក្នុងការរងទុក្ខរបស់ព្រះគ្រីស្ទ ប៉ុន្តែវាមិនមានន័យថាយើងត្រូវតែរងទុក្ខដូចជាគាត់ដើម្បីធ្វើជាសិស្សពិតប្រាកដនោះទេ។ អ្នកនិងខ្ញុំមិនត្រូវយកការរងទុក្ខជាគោលដៅនោះឡើយ តែយើងត្រូវតែតម្រង់ទៅកាន់សេចក្តីស្មោះត្រង់ ការទុកចិត្ត ការស្តាប់បង្គាប់ និងការអត់ធ្មត់។ នេះអាចមានន័យថាយើងរងទុក្ខយ៉ាងខ្លាំងសំរាប់ព្រះគ្រីស្ទ ឬប្រហែលជាយើងមិននឹងរងទុក្ខនោះទេ។
វាត្រូវតែជាការពិបាកសំរាប់ប៉ុលដែលត្រូវលោកិយមើលងាយហើយពួកជំនុំក៏មើលងាយគាត់ ប៉ុន្តែគាត់នៅតែបន្ទាបខ្លួនហើយនៅតែមានសេចក្តីសង្ឃឹម។ លោកិយមានអំនួត។ មិនជាការភ្ញាក់ផ្អើលទេដែលពួកជំនុំកំពុងរីកចម្រើនយ៉ាងរហ័សនៅក្នុងបណ្តាប្រទេសក្រីក្រ ប៉ុន្តែមិនរីកចម្រើនយ៉ាងរហ័សនៅក្នុងបណ្តាប្រទេសអ្នកមាន។ វាមិនមែនដោយព្រោះមនុស្សនៅក្នុងបណ្តាប្រទេសក្រីក្រល្ងង់និងខ្វះខាតនោះទេ តែពួកគេមានការបន្ទាបខ្លួនវិញ។
ប៉ុន្តែយើងពិតជាភ្ញាក់ផ្អើលនៅពេលពួកគ្រីស្ទបរិស័ទត្រឡប់ជាមានអំនួត ហើយនៅពេលពួកគេគិតថាពួកគេខ្ពស់ឧត្តម ដូច្នេះហើយយើងត្រូវស្តាប់ដោយប្រុងប្រយ័ត្ននូវអ្វីដែលប៉ុលនិយាយក្នុងខ. ៧ «តើអ្នកណាបានធ្វើឱ្យអ្នកផ្សេងពីគេ តើអ្នកមានអ្វីខ្លះដែលអ្នកមិនបានទទួល ចុះបើបានទទួលមែន ហេតុអ្វីបានជាអួតខ្លួនដូចជាមិនបានទទួលវិញ?»
ផ្នែកចុងក្រោយគឺ ខ. ១៤-២១ ប៉ុលត្រូវគេបដិសេធប៉ុន្តែគាត់មានសេចក្តីស្រលាញ់។
ខ្ញុំគិតថាការឈឺចាប់ដ៏ធំបំផុតមួយគឺអ្នកត្រូវបានបដិសេធដោយកូនៗរបស់អ្នក។ ជាច្រើនដងនៅក្នុងការចិញ្ចឹមបីបាច់កូនៗដែលអ្នកត្រូវការបន្តស្រលាញ់កូនៗរបស់អ្នកនៅពេលពួកគេមិនបង្ហាញសេចក្តីស្រលាញ់ចំពោះអ្នក។ កូនៗរបស់អ្នកគ្រាន់តែយក ប៉ុន្តែពួកគេមិនផ្តល់ឲ្យច្រើន ហើយអ្នកត្រូវតែបន្តការអត់ធ្មត់និងសេចក្តីសប្បុរស។ ប៉ុលកំពុងធ្វើការនេះជាមួយពួកកូរិនថូស ព្រោះពួកគេគឺជាកូនៗខាងព្រលឹងវិញ្ញាណរបស់គាត់។ ពួកគេជាកូនស្ងួនភ្ងារបស់គាត់ (ខ. ១៤)។ នៅក្នុងខ. ១៥ ប៉ុលនិយាយថា ពួកកូរិនថូសមានអ្នកថែរក្សា អ្នកប្រឹក្សាយោបល់ និងគ្រូជាច្រើន ប៉ុន្តែពួកគេមានឪពុកខាងព្រលឹងវិញ្ញាណតែមួយគឺជាប៉ុល ហើយគាត់ចង់ឲ្យពួកគេបានដូចជាគាត់។ តើយើងអាចសុំឲ្យកូនៗរបស់យើងយកតម្រាប់តាមយើងដែរទេ? តើយើងអាចសុំឲ្យកូនៗរបស់យើងដើរតាម «របៀបដែលខ្ញុំនិយាយ»? «ដើរតាមផ្លូវដែលខ្ញុំដើរជាមួយព្រះគ្រីស្ទ» ដើរតាមរបៀបដែលខ្ញុំចុះចូលនឹងបទគម្ពីរ» «ដើរតាមរបៀបដែលខ្ញុំញែកពេលសំរាប់អធិស្ឋាន»។ ខ្ញុំសុំ ឲ្យព្រះមានសេចក្តីមេត្តាករុណាលើកូនៗរបស់ខ្ញុំ ហើយឲ្យព្រះធ្វើឲ្យពួកគេបានពេញវ័យកាន់តែខ្លាំងជាងដែលខ្ញុំធ្លាប់ពេញវ័យទៅទៀត។
ប៉ុលអាចសុំឲ្យពួកកូរិនថូសយកតម្រាប់តាមគាត់។ ពួកគេកំពុងបដិសេធគាត់ ប៉ុន្តែគាត់ស្រលាញ់ពួកគេ។ គាត់និយាយថាគាត់នឹងបញ្ជូនធីម៉ូថេឲ្យមករំលឹកពួកគេពីគ្រប់កិរិយារបស់គាត់នៅក្នុងព្រះគ្រីស្ទ ហើយបន្ទាប់មកខ្លួនគាត់ផ្ទាល់នឹងមកសួរសុខទុក្ខពួកគេ (ខ. ១៩) ហើយនៅពេលគាត់មកសួរសុខទុក្ខ គាត់នឹងឃើញថា ពួកគេមិននិយាយស្តី ឬមានអំណាចដំណឹងល្អពិតប្រាកដ ខ. ២០។ សូមកុំអានច្រឡំខ. ២០ ពួកជំនុំខ្លះបានកាត់ស្រាយខនេះខុស នគរព្រះមិនសំរេចនឹងពាក្យសំដីប៉ុណ្ណោះទេ គឺស្រេចនឹងឥទ្ធិឫទ្ធិវិញ អ្នកខ្លះបាននិយាយថា «កុំអធិប្បាយទៀតអី កុំនិយាយទៀតអី គឺគ្រាន់តែធ្វើជាមានអំណាចទៅបានហើយ» នេះមិនមែនជាអ្វីដែលប៉ុលមានន័យនោះទេ។ គាត់និយាយថា ខ្ញុំនឹងរកឃើញថាការអះអាងអំពីភាពខ្ពស់ឧត្តមរបស់អ្នកត្រឹមត្រូវ ឬក៏មានអំណាចដំណឹងល្អពិតប្រាកដវិញ។
ដូចជាឪពុកល្អម្នាក់ដែលដាក់វិន័យនៅពេលចាំបាច់ គាត់ផ្តល់ជម្រើសមួយដល់ពួកគេនៅក្នុងខ.២១ «ចង់ឱ្យខ្ញុំមកទាំងកាន់ដំបង ឬដោយសេចក្តីស្រឡាញ់និងចិត្តសុភាពរាបសាវិញ»
នេះគឺជាជំពូកមួយដែលពេញទៅដោយអារម្មណ៍។ សំរាប់ប៉ុល ព័ន្ធកិច្ចគឺមានភាពលំបាក ប៉ុន្តែនៅពេលកូនៗរបស់គាត់ផ្ទាល់កំពុងរិះគន់គាត់ កំពុងមើលងាយគាត់ និងកំពុងបដិសេធគាត់ គាត់នៅតែស្មោះត្រង់ បន្ទាបខ្លួន និងស្រលាញ់។ ប្រហែលជាគាត់បានផ្ញើរសំបុត្រនេះតាមរយៈទីតុស។ គាត់មិនបានដឹងពីរបៀបដែលពួកគេទទួលសំបុត្រនោះទេ។ យើងមិនដឹងរហូតដល់២កូរិនថូស ៧ ថា ទីតុសបានមកហើយជួបជាមួយប៉ុល ហើយបាននិយាយថា ពួកកូរិនថូសចង់បានគាត់ ពួកគេមានទុក្ខព្រួយយ៉ាងខ្លាំង ហើយពួកគេយកចិត្តទុកដាក់ចំពោះអ្នក។ ដូច្នេះ ប៉ុលនិយាយថា អំណររបស់គាត់ខ្លាំងជាងអំណរដែលគាត់ធ្លាប់មាន គឺគាត់ពិតជាមានការកំសាន្តចិត្ត។
បទពិសោធន៍របស់ប៉ុលមិនមែនជាទុក្ខសោកខ្លាំងមួយដូចជាទុក្ខសោករបស់ព្រះគ្រីស្ទនោះទេ។ ប៉ុលមិនត្រូវបានគេរិះគន់ធ្ងន់ដូចជាព្រះគ្រីស្ទត្រូវគេរិះគន់ ឬត្រូវគេមើលងាយដូចជាព្រះគ្រីស្ទត្រូវគេមើលងាយ ឬត្រូវគេបដិសេធដូចជាព្រះគ្រីស្ទត្រូវគេបដិសេធនោះទេ។ ប៉ុលគ្រាន់តែជាស្រមោលឆ្លុះអំពីព្រះគ្រីស្ទប៉ុណ្ណោះ។ ព្រះយេស៊ូវមិនគ្រាន់តែជាម្នាក់ដែលពិតជាបានរងទុក្ខ ត្រូវគេមើលងាយនិងបដិសេធប៉ុណ្ណោះទេ ប៉ុន្តែសព្វថ្ងៃទ្រង់ក៏ជាម្នាក់ដែលជាការកំសាន្តល្អបំផុតសំរាប់យើងផងដែរ។ យើងគួរតែមើលការល្បងលនិងទុក្ខលំបាកខ្លះដែលយើងមានជាខ្យល់ដែលកំពុងបក់យើងទៅកាន់ទ្រង់ នោះយើងអាចនិយាយជាមួយទ្រង់ដើម្បីឲ្យទ្រង់នឹងកំសាន្តចិត្តនិងគាំទ្រយើង។
ការអាក្រក់បំផុតដែលយើងអាចធ្វើគឺការមិនចុះចូលចំពោះព្រះគ្រីស្ទនៅពេលយើងមានទុក្ខលំបាកនៅក្នុងលោកិយនេះ។ ប៉ុន្តែប្រសិនបើព្រះគ្រីស្ទដោះការផ្សេងៗដែលយើងពឹងផ្អែកលើចេញដោយប្រុងប្រយ័ត្នដើម្បីឲ្យយើងនឹងមកឯទ្រង់ នោះយើងអាចពឹងផ្អែកលើទ្រង់ហើយទទួលការគាំទ្រនិងការកំសាន្តចិត្តពីទ្រង់។ ដូច្នេះ ជំពូកនេះគឺព្រះបន្ទូលដ៏អស្ចារ្យអំពីការរងទុក្ខរបស់ព្រះសំរាប់យើង។ មនុស្សជារឿយៗរិះគន់ មើលងាយនិងបដិសេធព្រះ។ តើអ្នករិះគន់ព្រះ មើលងាយព្រះ ឬបដិសេធព្រះដែរឬទេ? តើមនុស្សមិនមានបំណងធ្វើការនេះទេឬ? តែគ្រប់ពេលព្រះនៅតែស្មោះត្រង់ បន្ទាបខ្លួន និងមានសេចក្តីស្រលាញ់។ ហើយជាមួយនឹងជំនួយរបស់ទ្រង់ ទ្រង់ធ្វើឲ្យយើងអាចបម្រើទ្រង់ដោយស្មោះត្រង់ បន្ទាបខ្លួន និងសេចក្តីស្រលាញ់បាន។
Leave a Reply