១ កូរិនថូស ៤ 1Cor. 4 Simon Manchester

1 Cor 4 too much too soon pdf download

ប៉ុល​សម្ដែង​សេចក្តី​ឈឺ​ចាប់​និង​សេចក្តី​ទុក្ខ​ព្រួយ​របស់​គាត់​ ហើយ​ពី​ខាង​ក្រោយ​វា​យើង​ឃើញ​សេចក្តី​ទុក្ខ​ព្រួយ​របស់​ព្រះ។​ មនុស្ស​ខ្លះ​មិន​ចូល​ចិត្ត​ប៉ុល​ទេ​ ប៉ុន្តែ​នៅ​ពេល​អ្នក​អាន​អំពី​គាត់ អ្នក​នឹង​លើក​សរសើរ​គាត់​កាន់​តែ​ខ្លាំង។ ព្រះ​បាន​ជ្រើស​យក​បុរស​ពិសេស​ម្នាក់​ដើម្បី​សរសេរ​ផ្នែក​ដ៏​ធំ​នៃ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី។ គាត់​បាន​មាន​គំនិត​និង​ចិត្ត​ល្អ​ និង​បាន​បម្រើ​ដំណឹងល្អ​ដោយ​អស់​ពី​កំលាំង​របស់​គាត់។ ​

គ្រប់​ទាំង​សេចក្តី​អធិប្បាយ​និង​សេចក្តី​អត្ថាធិប្បាយ​ទាំង​អស់​មិន​ល្អ​ដូច​ជា​បទ​គម្ពីរ​នោះ​ទេ។ ជំពូក​ក្នុង​១​កូរិនថូស​ទាំង​នេះ​ល្អ​ប្រសើរ​ជាង​អ្វី​ដែល​អ្នក​នឹង​ស្តាប់​ឮ​នៅ​រាល់​ថ្ងៃ​អាទិត្យ​ឬ​អាន​នៅក្នុង​សេចក្តី​អត្ថាធិប្បាយ​ទៅ​ទៀត។

សង្ខេប​មក ​ពួក​ជំនុំ​កូរិនថូស​កំពុង​ងាក​បែរ​ចេញ​ពី សាវ័ក​ប៉ុល ហើយ​កំពុង​ងាក​បែរ​ទៅ​រក​សេចក្តី​ជំនឿ​ខុស​ឆ្គង​វិញ។ នៅក្នុង​ជំពូក​១​ ប៉ុល​ប្រាប់​យើង​អំពី​ព្រះ​រាជសារ​និង​ការ​ផ្ដោត​របស់​សារ​នោះ​ដែល​ជា​ព្រះ​គ្រីស្ទ​ដែល​ត្រូវ​គេ​ឆ្កាង។ នៅក្នុង​ជំពូក​២​គាត់​ប្រាប់​យើង​អំពី​ព្រះ​រាជសារ​ហើយ​និង​មូល​ដ្ឋាន​គ្រឹះ​របស់​វា​ដែល​ជា​ព្រះ​បន្ទូល​របស់​ព្រះ។ សបា្តហ៍​មុន​(ជំពូក​៣)យើង​បាន​មើល​លើ​ព័ន្ធ​កិច្ច​និង​សារៈសំខាន់​របស់​ព័ន្ធ​កិច្ច​ ហើយ​សបា្តហ៍​នេះ​យើង​មើល​លើ​ព័ន្ធ​កិច្ច​ហើយ​និង​លក្ខណៈ​បន្ទាប​ខ្លួន​របស់​ព័ន្ធ​កិច្ច។ បួន​ជំពូក​ទាំង​នេះ​គឺ​ដូចជា​ជ្រុង​របស់​គ្រឹះ​ដែល​គាត់​ដាំ​ចុះ​នៅមុន​ពេល​គាត់​សរសេរ​អំពី​ប្រធាន​បទ​អនុវត្ត​នានា​នៅក្នុង​ជំពូក​បន្ទាប់​ៗ​មក​ទៀត​ ដូចជា​ទំនាក់​ទំនង​ ​អាហារ​សំណែន​ដល់​រូប​ព្រះ​…ល។

ខ្ញុំ​បាន​ចែក​ជំពូក​នេះ​ជា​បី​ផ្នែក។ ទី​មួយ ប៉ុល​ត្រូវ​បាន​គេ​រិះ​គន់​ ប៉ុន្តែ​គាត់​ស្មោះ​ត្រង់។ ទីពីរ គាត់​ត្រូវ​គេ​មើល​ងាយ​ ប៉ុន្តែ​គាត់​បន្ទាប​ខ្លួន។ ទី​បី គាត់​ត្រូវ​គេ​បដិសេធ​ ប៉ុន្តែ​គាត់​មាន​សេចក្តី​ស្រលាញ់។

. ត្រូវ​គេ​រិះ​គន់​ប៉ុន្តែ​ស្មោះ​ត្រង់។ ៤:១-៥ យើង​កំពុង​មើល​លើ​ការ​បន្ទាប​ខ្លួន​នៅក្នុង​ព័ន្ធ​កិច្ច។ នៅក្នុង​ជំពូក​៤ ​សាវ័ក​ប៉ុល​ចាប់​ផ្តើម​ដោយ​ការ​និយាយ​ថា​ ​មនុស្ស​គួរ​តែ​ចាត់​ទុក​ពួក​យើង​ជា​ពួក​អ្នក​បំរើ​របស់​ព្រះគ្រីស្ទ ហើយ​ជា​អស់​អ្នក​ដែល​ត្រូវ​បាន​ផ្ទុក​នូវ​សេចក្តី​អាថ៌​កំបាំង​របស់​ព្រះ។ ចូរ​ចង​ចាំ​ថា ពួក​កូរិនថូស​បាន​ងាក​បែរ​ចេញ​ទៅ​រក​ជំនឿ​គ្រីស្ទ​បរិស័ទ​ប្រភេទ​ថ្មី​មួយ ​ដែល​បាន​ធ្វើ​ឲ្យ​ពួក​គេ​គិត​ពី​ខ្លួន​របស់​ពួក​គេ​រ៉ា​ង​ខ្ពស់ ​ប៉ុន្តែ​គិត​ពី​ប៉ុល​យ៉ាង​ទាប​វិញ។ តើ​ប៉ុល​នឹង​បង្ហាញ​ថា​គាត់​គឺ​ជា​អ្នក​ដឹក​នាំ​ម្នាក់​ដែល​ពួកគេ​គួរ​តែ​ស្តាប់​តាម​ដោយ​របៀប​ណា? តើ​គាត់​នឹង​ធ្វើ​វា​ដោយ​មិន​មាន​អំនួត​ហើយ​និង​ក្រអឺតក្រទម​ដោយ​របៀប​ណា? ប្រសិន​បើ​គាត់​មិន​នាំ​ពួក​គេ​ឲ្យ​មើល​ឃើញ​ការ​នេះ​ទេ នោះ​ពួក​គេ​នឹង​បដិសេធ​គាត់ ហើយ​ជា​លទ្ធ​ផល​ពួកគេ​នឹង​បដិសេធ​ដំណឹងល្អ​ផង​ដែរ។

នៅក្នុង​ជំពូក​៣​ គាត់​បាន​និយាយ​រួច​មក​ហើយ​ថា ​ពួក​កូរិនថូស​ត្រូវ​តែ​ចាត់​ទុក​ប៉ុល​និង​គូ​កន​របស់​គាត់​ជា​ពួក​អ្នក​បម្រើ​នៃ​ព្រះ​ដែល​ពួក​គេ​មិន​ជ្រើសតាំង​ខ្លួន​ឯង​នោះ​ទេ​ ប៉ុន្តែ​គឺ​ជា​ព្រះ​ដែល​បាន​រើស​តាំង​ពួក​គាត់​ឲ្យ​មាន​តួ​នាទី​ បម្រើ​ដំណឹង​ល្អ​វិញ។ នៅក្នុង​៤:១ គាត់​ហៅ​ឲ្យ​ពួក​កូរិនថូស​ចាត់​ទុក​ប៉ុល​និង​គូ​កន​របស់​គាត់​ជា​ពួក​អ្នក​បម្រើ​នៃ​ព្រះ​គ្រីស្ទ។ ពាក្យ​ដែល​គាត់​ប្រើ​សំរាប់​អ្នក​បម្រើ​គឺ​ជា​ពាក្យ​មួយ​ដែល​អាច​មាន​ន័យ​ជា មនុស្ស​ម្នាក់​ដែល​ទទួល​ខុស​ត្រូវ​សំរាប់​ការ​គ្រប់​គ្រង​ថែ​រក្សា​មនុស្ស​និង​ទ្រព្យ​សម្បត្តិ​ ហើយ​ធ្វើ​ឲ្យ​ច្បាស់​ថា​កិច្ច​ការ​ទាំង​អស់​ត្រូវ​បាន​សំរេច​យ៉ាង​ត្រឹម​ត្រូវ។

វា​ច្បាស់​លាស់​ដែល​ថា​គាត់​ត្រូវ​បាន​គេ​រិះ​គន់​សំរាប់​ព័ន្ធ​កិច្ច​របស់​គាត់​ដូច​ដែល​គាត់​និយាយ​ក្នុង​ខ. ៣ថា «តែ ឯ​ដំណើរ​របស់​ខ្ញុំ ដែល​អ្នក​រាល់គ្នា ឬ​មនុស្ស​ណា​ក៏​ដោយ ចោទប្រកាន់​ទោស​ខ្ញុំ នោះ​មិន​ជា​ការ​អំពល់​អ្វី​ដល់​ខ្ញុំ ឡើយ»។ ប៉ុល​ពន្យល់​ពួក​កូរិនថូស​អំពី​គោល​ការណ៍​សំខាន់​ទាក់ទង​នឹង​ការ​បម្រើ​របស់​គ្រីស្ទ​បរិស័ទ៖ ពួក​គេ​មិន​មែន​ជា​មនុស្ស​ត្រឹម​ត្រូវ​ដើម្បី​វិនិច្ឆ័យ​នោះ​ទេ​ ហើយ​ឥឡូវ​នេះ​មិន​មែន​ជា​ពេល​វេលា​ត្រឹម​ត្រូវ​ក្នុង​ការ​វិនិច្ឆ័យ​នោះ​ដែរ។ គឺ​ប៉ុល​និយាយ​ថា «ខ្ញុំ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​អ្នក​រាល់​គ្នា​ទេ​ ប៉ុន្តែ​ចំពោះ​ព្រះ​វិញ​ ហើយ​លទ្ធ​ផល​នឹង​មិន​ត្រូវ​ប្រកាស​នៅ​ពេល​ឥឡូវ​នេះ​ទេ ប៉ុន្តែ​នៅ​ចុង​បញ្ចប់​វិញ» វា​មិន​មាន​ន័យ​ថា​ប៉ុល​មាន​អំនួត​ហើយ​គាត់​មិន​អាច​ត្រូវ​គេ​រិះ​គន់​នោះ​ទេ យើង​ទាំង​អស់​ត្រូវ​ការ​ការ​កែ​តម្រូវ ប៉ុន្តែ​ក្នុង​ខ. ៥​ប៉ុល​ពន្យល់​ថា​ការ​វិនិច្ឆ័យ​របស់​ពួក​គេ​គឺ​មុន​ពេល​ពេក​ហើយ។ ប៉ុល​មាន​គោ​ល​ការណ៍​ពីរ​នៅក្នុង​ព័ន្ធ​កិច្ច​ ហើយ​គោល​ការណ៍​ទាំង​ពីរ​នេះ​គឺ​ជា​គំរូ​ល្អ​មួយ​សំរាប់​យើង​ដើរ​តាម។ ទី មួយ គោល​ដៅ​របស់​គាត់​គឺ​ដើម្បី​ស្មោះត្រង់​ (៤:២) ទីពីរ គាត់​កំពុង​ស្វែង​រក​ការ​សរសើរ​ពី​ព្រះ​ (មិន​មែន​ពី​មនុស្ស​) (៤:៥)។ គោល​ដៅ​ទាំង​នេះ​មាន​ភាព​វ័យ​ឆ្លាត​ ហើយ​ផ្តល់​សេរី​ភាព​ដល់​ពួក​អ្នក​បម្រើ​ដំណឹងល្អ។

គ្រប់​គ្នា​មាន​កាតព្វកិច្ច​ក្នុង​ការ​បម្រើ​ព្រះ​ ដូច្នេះ​ប្រសិន​បើ​អ្នក​មាន​តួ​នាទី​រៀប​ចំ​អាហារ​បន្ទាប់ពី​ពេល​ថ្វាយ​បង្គំ នោះ​ចូរ​ធ្វើ​វា​ដោយ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ចុះ។ យើង​មិន​តែង​តែ​អរ​គុណ​ដល់​មនុស្ស​ដូច​ដែល​យើង​គួរ​នោះ​ទេ ប៉ុន្តែ​យើង​ដឹង​ថា​ការ​សរសើរ​ពិត​ប្រាកដ​ សូម្បី​សំរាប់​ការ​ផ្តល់​ទឹក​មួយ​កែវ​ ក៏​នឹង​ត្រូវ​បាន​ប្រទាន​ឲ្យ​ដោយ​ព្រះ​ក្នុង​ថ្ងៃ​មួយ​នា​ពេល​អនាគត​នោះ​ដែរ។ វា​ជា​ការ​អស្ចារ្យ​ដែល​ព្រះ​នឹង​សរសើរ​ (ខ.៥)។ ទ្រង់​មិន​គ្រាន់​តែ​ជា​ព្រះ​ដែល​ទទួល​ការ​សរសើរ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ទ្រង់​ក៏​ជា​ព្រះ​ដែល​នឹង​សរសើរ​នៅ​ថ្ងៃ​មួយ​ផង​ដែរ។ ថ្ងៃ​ដែល​ព្រះ​វរ​បិតា​នៃ​ស្ថាន​សួគ៌​ប្រទាន​ការ​សរសើរ​ដល់​យើង​សំរាប់​គ្រប់​ការ​ទាំង​អស់​ដែល​យើង​បាន​ធ្វើ​ នឹង​ធ្វើ​ឲ្យ​ការ​បម្រើ​របស់​យើង​មាន​តម្លៃ។

ចូរ​ស្រ​មើ​ស្រ​ម៉ៃ​ថា​ ម្ចាស់​ផ្ទះ​ហៅ​អ្នក​បម្រើ​របស់​គាត់​ឲ្យ​យក​អាហារ​ពេល​ព្រឹក​មក​គាត់​រៀង​រាល់​ព្រឹក។ អ្នក​ដែល​ជឿ​តែ​ផ្នែក​ខ្លះ​នៃ​ព្រះ​គម្ពីរ​ដែល​ពួក​គេ​ចូល​ចិត្ត​ ដូច​ជា​អ្នក​បម្រើ​ម្នាក់​ដែល​នាំ​យក​អាហារ​តិច​ជាង​អ្វី​ដែល​ចៅហ្វាយ​ចង់​បាន​ ប៉ុន្តែ​អ្នក​បម្រើ​ស្មោះ​ត្រង់​ដែល​ជឿ​ហើយ​បង្រៀន​គ្រប់​អ្វី​ដែល​ព្រះគម្ពីរ​និយាយ​ហើយ​ក៏​មិន​លើស​ជាង​ គឺ​ដូច​ជា​អ្នក​បម្រើ​ស្មោះត្រង់​និង​ស្តាប់​បង្គាប់​ម្នាក់​ដែល​នាំ​យក​អាហារ​យ៉ាង​ល្មម​ដែល​ចៅហ្វាយ​ចង់​បាន។ អ្នក​បម្រើ​ខ្លះ​មាន​ភាព​ឆេះឆួល​អាច​នាំ​យក​អាហារ​ច្រើន​ជាង​អ្វី​ដែល​ចៅហ្វាយ​ចង់​បាន​ ដែល​វា​មិន​មែន​ជា​ការ​ផ្គាប់​ចិត្ត​នោះ​ទេ។ វា​គឺ​លើស​ជាង​អ្វី​ដែល​បាន​សំណូម​ពរ។ ការ​នេះ​មិន​មែន​ជា​ការ​ផ្គាប់​ចិត្ត​ហើយ​ក៏​មិន​ផ្គាប់​ព្រះទ័យ​របស់​ព្រះ​ដែល​នេះ​ជា​ហេតុ​ខ. ៦ និយាយ​ថា «មិន​ឲ្យ​គិត​ខ្ពស់​ជាង​សេចក្តី​ដែល​បាន​ចែង​ទុក​មក»។

ការ​រិះ​គន់​មាន​ការ​ឈឺ​ចាប់។ មនុស្ស​នឹង​និយាយ​ថា​អ្នក​កំពុង​ធ្វើ​ការ​ច្រើន​ពេក​ឬ​អ្នក​កំពុង​ធ្វើ​ការ​តិច​ពេក។ ប៉ុន្តែ​យើង​មាន​បំណង​ស្មោះ​ត្រង់​ចំពោះ​ព្រះ។

ផ្នែក​ទី​ពីរ ខ. ៦-១៣ ត្រូវ​គេ​មើល​ងាយ​ប៉ុន្តែ​បន្ទាប​ខ្លួន។ ពួក​កូរិនថូស​មិនបាន​គិត​ថា​ប៉ុល​មាន​ភាព​ជោគជ័យ​ឡើយ ហើយ​ក្នុង​ខ. ៦-៧ គាត់​និយាយ​ថា «បងប្អូន​អើយ ខ្ញុំ​បាន​បង្វែរ​សេចក្តី​ទាំងនេះ​មក​លើ​ខ្លួន​ខ្ញុំ និង​អ័ប៉ូឡូស ដោយ​ព្រោះតែ​អ្នក​រាល់គ្នា ដើម្បី​ឱ្យ​អ្នក​រាល់គ្នា​ហាត់រៀន​តាម​យើង មិន​ឱ្យ​គិត​ខ្ពស់​លើស​ជាង​សេចក្តី​ដែល​បាន​ចែង​ទុក​មក ប្រយោជន៍​កុំឱ្យ​អ្នកណា​មាន​សេចក្តី​អំនួត​អួត​ពី​អ្នក ១ ទាស់​នឹង​អ្នក ១ ឡើយ»។ អ័ប៉ូឡូស​គឺជា​អ្នក​អធិប្បាយ​ដែល​បាន​ដើរ​តាម​សាវ័ក​ប៉ុល​ហើយ​គាត់​គឺជា​អ្នក​និយាយ​បាន​ល្អ​ម្នាក់។ ប៉ុល​មិន​ដែល​និយាយ​ពាក្យ​អាក្រក់​ប្រឆាំង​នឹង​អ័ប៉ូឡូស​ទេ ហើយ​គាត់​និយាយ​ថា​ពួក​គាត់​ទាំង​ពីរ​ធ្វើ​រួម​គ្នា​ ហើយ​គាត់​ចង់​ឲ្យ​ពួក​កូរិនថូស​រៀន​ពី​គាត់​និង​អ័ប៉ូឡូស​ហើយ​មិន​ត្រូវ​គិត​លើស​ខ្ពស់​ជាង​បទ​គម្ពីរ​នោះ​ឡើយ។

ដរាប​ណា​ពួក​ជំនុំ​មិន​បាន​ដើរ​តាម​ព្រះគម្ពីរ​ ឬ​បើ​ទោះ​មិន​ជឿ​ព្រះគម្ពីរ​ទាំ​ង​អស់​ ឬ​បន្ថែម​ពី​លើ​ព្រះគម្ពីរ​ នោះ​វា​បាន​បណ្តាល​ឲ្យ​មា​ន​បញ្ហា​ហើយ។ មនុស្ស​ដែល​បន្ថែម​លើ​ព្រះ​គម្ពីរ​គឺ​គេ​បំបែក​បំបាក់​ពួក​ជំនុំ​ ពីព្រោះ​ពួកគេ​ទាម​ទារ​អ្វី​ដែល​លើស​ជាង​ព្រះ​គម្ពីរ។ នៅក្នុង​ប្រ​វត្តិ​សាស្ត្រ​ មនុស្ស​ទាំង​នេះ​អះ​អាង​ថា​ពួកគេ​មិន​បដិសេធ​ព្រះ​គម្ពីរ​នោះ​ទេ ប៉ុន្តែ​ពួកគេ​មាន​អ្វី​បន្ថែម​លើស​ជាង​ព្រះគម្ពីរ។ បន្ទាប់​មក​អ្វី​ដែល​គេ​បន្ថែម​ត្រឡប់​ទៅ​ជា​សំខាន់​ជាង​ព្រះ​គម្ពីរ​ ឬ​ពួក​គេ​ចាប់​អារម្មណ៍​ជាង​លើ​សេចក្តី​ក្តី​បង្រៀន​បន្ថែម​របស់​ពួកគេ​ដែល​វា​លើស​ជាង​ព្រះ​គម្ពីរ។ ​

ជា​ឧទាហរណ៍ ពួក​ស្មរ​បន្ទាល់​យេហូវ៉ា​និយាយ​ថា​ព្រះ​គម្ពីរ​គឺ​ល្អ ប៉ុន្តែ​យើង​ត្រូវ​ការ​សេចក្តី​បង្រៀន​របស់​ក្រុម​គេ។

ឬ​ពួក​មរមន​នឹង​និយាយ​ថា​ព្រះ​គម្ពីរ​គឺ​ល្អ​ ប៉ុន្តែ​អ្នក​ត្រូវ​ការ​កណ្ឌ​គម្ពីរ​របស់​យើង។ ម្តង​ហើយ​ម្តង​ទៀត​ ហើយ​វា​ជា​ការ​ពិត​សំរាប់​និកាយ​ទាំង​អស់​ មាន​មនុស្ស​ដែល​គិត​ខ្ពស់​លើស​ជាង​ព្រះ​គម្ពីរ​ ខណៈ​ដែល​ពួកគេ​កំពុង​និយាយ​ថា​ ពួកគេ​មិន​បដិសេធ​ព្រះ​គម្ពីរ​ទេ។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ សេចក្តី​បង្រៀន​បន្ថែម​ត្រឡប់​ជា​សំខាន់​ជាង។ យើង​ត្រូវ​តែ​ប្រយ័ត្ន​បំផុត​ចំពោះ​ការ​នេះ។​

នៅក្នុង​ខ. ៨-១៣ ប៉ុល​បង្រៀន​ថា​ ពួក​សាវ័ក​មាន​បទ​ពិសោធន៍​ស្រ​ដៀង​គ្នា​នឹង​ព្រះ​យេស៊ូវ​ដែរ ឧទាហរណ៍ ខ. ១០ «តែ​យើង​ខ្ញុំ​អាប់ឌិន​ឈ្មោះ​វិញ​»។ ពួក​កូរិនថូស​គិត​ថា​ពួក​គេ​ឆ្លាត​ហើយ​ខ្លាំង។ ប្រសិន​បើ​ពួក​កូរិនថូស​បាន​កំពុង​គិត​យ៉ាង​ត្រឹម​ត្រូវ​ នោះ​ពួក​គេ​គួរ​តែ​បាន​ដឹង​ថា​អ្វី​ដែល​ពួកគេ​បាន​អួត​នៅក្នុង​ជីវិត​របស់​ពួកគេ​គឺ​ខុស​គ្នា​ខ្លាំង​ណាស់​ពី​ព្រះ​យេស៊ូវ។ ពួក​គេ​មិន​ត្រឹម​តែ​កំពុង​ងាក​បែរ​ចេញ​ពី​ព្រះ​រាជសារ​នៃ​ព្រះគ្រីស្ទ​ដែល​ត្រូវ​គេ​ឆ្កាង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ពួកគេ​ក៏​កំពុង​ងាក​បែរ​ចេញ​ពី​ភាព​ជា​សិស្ស​នៃ​ការ​ដើរ​តាម​ព្រះ​គ្រីស្ទ​ដែល​ត្រូវ​គេ​ឆ្កាង​ផង​ដែរ។​

ខ្ញុំ​ចង់​សួរ​អភិបាល​ ស្ពង់ Spong (ដែល​បដិសេធ​ការ​រស់​ទ្បើង​វិញ​របស់​ព្រះ​គ្រីស្ទ) ថា «តើ​អ្នក​បាន​មើល​ឃើញ​ថា​បទ​ពិសោធន៍​របស់​អ្នក​ផ្ទុយ​ពី​ព្រះ​យេស៊ូវ​ដែរ​ឬ​ទេ? គឺថា លោកិយ​ស្រលាញ់​អ្នក​ ពួក​គ្រីស្ទ​បរិស័ទ​ដែល​ស្មោះ​ត្រង់​មិន​ទទួល​អ្នក។ ចំណែក​ឯ​ព្រះ​យេស៊ូវ​វិញ ​មនុស្ស​ស្មោះ​ត្រង់​ស្រលាញ់​ទ្រង់​ លោកិយ​ស្អប់​ទ្រង់»​ ហើយ​យើង​គួរ​តែ​សួរ​សំនួរ​ដូច​គ្នា​អំពី​ជំនុំ។ តើ​ពួក​ជំនុំ​របស់​យើង​ដើរ​តាម​គោល​ការណ៍​នៃ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ដែរ​ឬ​ទេ? គឺថា យើង​មាន​សេចក្តី​អំណរ​និង​ទុក្ខ​លំបាក។ យើង​មាន​ជ័យ​ជំនះ​និង​សេចក្តី​អត់​ទោស​ ប៉ុន្តែ​យើង​ក៏​លះ​បង់​ក្នុង​ការ​ដើរ​តាម​ព្រះ​យេស៊ូវ​ផង​ដែរ។ ប្រសិន​បើ​ពួកជំនុំ​របស់​យើង​បង្រៀន​ថា ​យើង​មាន​ជោគ​ជ័យ​និង​សេចក្តី​អំណរ​គ្រប់​ពេល​វេលា ឬ​យើង​គ្មាន​សង្ឃឹម​ពីព្រោះ​យើង​បរាជ័យ​គ្រប់​ពេល​វេលា​  ​ នោះ​យើង​បាន​បាត់​បទ​ពិសោធន៍​ផ្សេងៗ​ដែល​ព្រះគម្ពីរ​សញ្ញា​ថ្មី​បង្រៀន​គឺ​ធម្ម​តា​សំរាប់​ពួក​គ្រីស្ទ​បរិស័ទ​ហើយ។

ពួក​កូរិនថូស​គិត​ថា​ពួក​គេ​ល្អ​ប្រសើរ​ខ្លាំង​ណាស់ ប៉ុន្តែ​ប៉ុល​មិន​យល់​ស្រប​នឹង​ពួកគេ​ទេ។ ក្នុង​ខ. ៨ «អ្នក​រាល់​គ្នា​ឆ្អែត​ហើយ​ក៏​ជា​អ្នកមាន​ផង​ កាល​ឥត​ពី​យើង​ខ្ញុំ​នោះ​អ្នក​រាល់​គ្នា​បាន​សោយ​រាជ្យ​ហើយ​» ប៉ុល​ស្រលាញ់​អ្នក​ដែល​គាត់​សរសេរ​សំបុត្រ​ទៅ​កាន់។ គាត់​មិន​កំពុង​បន្ថោក​ពួកគេ​ ឬ​យក​ឈ្នះ​ពួកគេ​ ឬ​មើល​ងាយ​ពួកគេ​នោះ​ទេ។ គាត់​ពិត​ជា​ស្រលាញ់​ពួក​កូរិនថូស​យ៉ាង​ខ្លាំង​ ហើយ​គាត់​កំពុង​កែ​ប្រែ​ឥរិយា​បថ​របស់​ពួកគេ។​

គាត់​កំពុង​រំលឹក​ពួកគេ​ថា បើ​ទោះ​ពួក​គេ​គិត​ថា​ពួកគេ​ពេញ​វ័យ​ខាង​ព្រលឹង​វិញ្ញាណ​ ពួកគេ​គិត​ថា​ពួក​គេ​បាន​ពេញ​លេញ មាន​បាន​និង​កំពុង​សោយ​រាជ្យ​ក៏​ដោយ​ ហើយ​ប៉ុល​ប្រាថ្នា​ឲ្យ​ការ​នេះ​ជា​ពិត​ពីព្រោះ​ប្រសិន​បើ​វា​ជា​ការ​ពិត​ នោះ​ពួក​គេ​នឹង​នៅ​ស្ថាន​សួគ៌​ដែល​ពោរ​ពេញ​ដោយ​សិរីល្អ​ហើយ។ ប៉ុន្តែ​គាត់​និយាយ​ថា ការ​ដើរ​តាម​ព្រះ​គ្រីស្ទ​ក្នុង​នាម​ជា​សាវ័ក​មាន​ន័យ​ថា​ គាត់​នឹង​មាន​ទុក្ខ​លំបាក។ ខ. ៩ ​«ព្រះ​ទ្រង់​បាន​ដាក់​យើងខ្ញុំ​ដែល​ជា​ពួក​សាវ័ក​ឱ្យ​នៅ​ក្រោយបង្អស់ ហាក់ដូចជា​បាន​តម្រូវ​ឱ្យ​ត្រូវ​ស្លាប់​ដែរ​ ពីព្រោះ​យើងខ្ញុំ​បាន​ត្រឡប់​ជាទី​ដែល​សំរាប់​ឱ្យ​លោកិយ​បាន​មើល​លេង​ គឺ​ដល់​ទាំង​ពួក​ទេវតា​និង​ពួក​មនុស្ស​ផង»​ ខ. ១១-១៣ «លុះ​មកដល់​ឥឡូវនេះ យើងខ្ញុំ ត្រូវ​ទាំង​ឃ្លាន ទាំង​ស្រេក ហើយ​នៅ​អាក្រាត ទាំង​ត្រូវ​គេ​វាយ ហើយក៏​ដើរ​សាត់អណ្តែត​ យើងខ្ញុំ​ធ្វើការ​នឿយ​ហត់​នឹង​ដៃ​យើង​ កាលណា​គេ​ជេរ​នោះ​យើងខ្ញុំ​ឱ្យ​ពរ​វិញ​ កាលណា​គេ​បៀតបៀន​ នោះ​យើងខ្ញុំ​ទ្រាំទ្រ កាលណា​គេ​ប្រមាថ នោះ​យើងខ្ញុំ​អង្វរ​ដល់​គេ យើងខ្ញុំ​បាន​ត្រឡប់​ដូចជា​សំរាម​របស់​លោកិយ ហើយ​ដូចជា​កម្អែល​នៃ​មនុស្ស​ទាំង​អស់​ដរាប​ដល់​ឥឡូវនេះ»​ ប៉ុល​មិន​កំពុង​ត្អូញត្អែរ​នោះ​ទេ គឺ​គាត់​កំពុង​បង្រៀន​ពួក​គេ​ថា​យើង​ (ប៉ុល​ហើយ​និង​ពួក​គូ​កន​របស់​គាត់​) មិនទាន់​បាន​ទ្បើង​ទៅ​ពិភព​លោក​ថ្មី​នោះ​ទេ ហើយ​ប្រសិន​បើ​ពួក​គេ​មិន​ទាន់​បាន​ឡើង​ទៅ​ពិភព​លោក​ថ្មី​ទេ​ នោះ​ពួក​កូរិនថូស​ក៏​មិន​ទាន់​បាន​ទ្បើង​ទៅ​ពិភព​លោក​ថ្មី​ផង​ដែរ។

យើង​ត្រូវ​ការ​រៀន​មេរៀន​សាមញ្ញ​ខ្លះ​ចេញ​ពី​ការ​នេះ។​ទី​មួយ​ កុំ​ដើរ​តាម​គ្រូ​បង្រៀន​ណា​ដែល​កំពុង​បង្រៀន​ជំនឿ​គ្រីស្ទ​បរិស័ទ​មិន​តាម​ព្រះ​គម្ពីរ។ ពួក​គ្រីស្ទ​បរិស័ទ​ខ្លះ​ចូល​ចិត្ត​គិត​ថា​ មាន​អាថ៌​កំបាំង​សាមញ្ញ​ខ្លះ​ដែល​នាំ​ឲ្យ​យើង​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ​ម្នាក់​ដែល​តែង​តែ​មាន​ភាព​ជោគ​ជ័យ​និង​ជីវិត​សប្បាយ​រីក​រាយ។ ខ្ញុំ​ជា​គ្រីស្ទ​បរិស័ទ​ម្នាក់​អស់​រយៈ​ពេល​៣០​ឆ្នាំ​ហើយ​ ហើយ​ខ្ញុំ​បាន​ឮ​ការ​សន្យា​ជា​ច្រើន​បែប​ដូច្នោះ​ ហើយ​គ្មាន​ការ​សន្យា​ណា​មួយ​បាន​សំរេច​សោះ។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បង្រៀន​បទ​ពិសោធន៍​ពិត​របស់​គ្រីស្ទ​បរិស័ទ​ ហើយ​យើង​អាច​មាន​ទុក្ខ​លំបាក។

យើង​មិន​ត្រូវ​ភ្លេច​ថា​ពួក​គ្រីស្ទ​បរិស័ទ​នឹង​មាន​ទុក្ខ​លំបាក​និង​ការ​រង​ទុក្ខ។ លោកិយ​ធ្វើ​ការ​សន្យា​ផ្សេងៗ​ដែល​គួរ​ឲ្យ​ជំរុញ​ចិត្ត​ជាង​សេចក្តី​សន្យា​នៅក្នុង​ព្រះ​គម្ពីរ​ ដូច្នេះ​ហើយ​វា​ជា​ការ​ងាយ​ស្រួល​សំរាប់​ខ្ញុំ​ក្នុង​ការ​ធ្លាក់​ទឹក​ចិត្ត​ជាមួយ​ជីវិត​ដោយ​ព្រោះ​លោកិយ​សន្យា​ច្រើន​ពេក ប៉ុន្តែ​វា​សុទ្ធ​តែ​ក្លែង​ក្លាយ​ទាំង​អស់។ ខ្ញុំ​ត្រូវ​ការ​ត្រឡប់​ទៅ​ឯ​សេចក្តី​សន្យា​នៅក្នុង​ព្រះ​គម្ពីរ​វិញ។ ជា​ឧទាហរណ៍ យើង​អាច​ភ្លេច​ថា​ព្រះគ្រីស្ទ​បាន​សន្យា​ថា «នៅ​លោកិយ​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ​ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកិយ​ហើយ​»​ (យ៉ូហាន​ ១៦:៣៣)។​ ឬ​យើង​អាច​ភ្លេច​សេចក្តី​បង្គាប់​ក្នុង​បទ​គម្ពីរ​ថា «ចូរ​អរ​សប្បាយ​ក្នុង​ព្រះ​អម្ចាស់​ជានិច្ច​» (ភីលីព ៤:៤) ហើយ​យើង​ត្រូវ​តែ​សំរេច​ចិត្ត​ធ្វើ​ការ​នេះ។ មាន​ពេល​ជា​ច្រើន​នៅ​ពេល​យើង​ធ្លាក់​ទឹក​ចិត្ត​ ហើយ​យើង​ត្រូវ​ការ​ធ្វើ​ការ​សំរេច​ចិត្ត​ក្នុង​ការ​អរ​សប្បាយ​នៅក្នុង​ព្រះ​អម្ចាស់​ ពីព្រោះ​យើង​នៅក្នុង​ព្រះ​អម្ចាស់​ ហើយ​យើង​មិន​រង់​ចាំ​សំរាប់​អារម្មណ៍​សប្បាយ​រីក​រាយ​មក​ដល់​ទើប​យើង​អាច​អរ​សប្បាយ​នោះ​ទេ ប៉ុន្តែ​យើង​ធ្វើ​តាម​សេចក្តី​បង្គាប់​ «ចូរ​អរ​សប្បាយ​ក្នុង​ព្រះ​អម្ចាស់​ជា​និច្ច​»។

 

សំរាប់​ប៉ុល​ ការ​ធ្វើ​ជា​សិស្ស​ម្នាក់​មាន​ន័យ​ថា​គាត់​បាន​រួម​ចំណែក​នៅក្នុង​ការ​រង​ទុក្ខ​របស់​ព្រះ​គ្រីស្ទ​ ប៉ុន្តែ​វា​មិន​មាន​ន័យ​ថា​យើង​ត្រូវ​តែ​រង​ទុក្ខ​ដូច​ជា​គាត់​ដើម្បី​ធ្វើ​ជា​សិស្ស​ពិត​ប្រាកដ​នោះ​ទេ។ អ្នក​និង​ខ្ញុំ​មិន​ត្រូវ​យក​ការ​រង​ទុក្ខ​ជា​គោល​ដៅ​នោះ​ឡើយ​ តែ​យើង​ត្រូវ​តែ​តម្រង់​ទៅកាន់​សេចក្តី​ស្មោះត្រង់​ ការ​ទុក​ចិត្ត​ ការ​ស្តាប់​បង្គាប់​ និង​ការ​អត់​ធ្មត់។ នេះ​អាច​មាន​ន័យ​ថា​យើង​រង​ទុក្ខ​យ៉ាង​ខ្លាំង​សំរាប់​ព្រះ​គ្រីស្ទ ឬ​ប្រហែល​ជា​យើង​មិន​នឹង​រង​ទុក្ខ​នោះ​ទេ។

វា​ត្រូវ​តែ​ជា​ការ​ពិបាក​សំរាប់​ប៉ុល​ដែល​ត្រូវ​លោកិយ​មើល​ងាយ​ហើយ​ពួក​ជំនុំ​ក៏​មើល​ងាយ​គាត់​ ប៉ុន្តែ​គាត់​នៅ​តែ​បន្ទាប​ខ្លួន​ហើយ​នៅ​តែ​មាន​សេចក្តី​សង្ឃឹម។ ​លោកិយ​មាន​អំនួត។ ​មិន​ជា​ការ​ភ្ញាក់​ផ្អើល​ទេ​ដែល​ពួក​ជំនុំ​កំពុង​រីក​ចម្រើន​យ៉ាង​រហ័ស​នៅក្នុង​បណ្តា​ប្រ​ទេស​ក្រី​ក្រ​ ប៉ុន្តែ​មិន​រីក​ចម្រើន​យ៉ាង​រហ័ស​នៅក្នុង​បណ្តា​ប្រទេស​អ្នក​មាន។ ​វា​មិន​មែន​ដោយ​ព្រោះ​មនុស្ស​នៅក្នុង​បណ្តា​ប្រ​ទេស​ក្រី​ក្រ​ល្ងង់​និង​ខ្វះ​ខាត​នោះ​ទេ តែ​ពួក​គេ​មាន​ការ​បន្ទាប​ខ្លួន​វិញ។

ប៉ុន្តែ​យើង​ពិត​ជា​ភ្ញាក់​ផ្អើល​នៅពេល​ពួក​គ្រីស្ទ​បរិស័ទ​ត្រឡប់​ជា​មាន​អំនួត​ ហើយ​នៅពេល​ពួកគេ​គិត​ថា​ពួកគេ​ខ្ពស់​ឧត្តម​ ដូច្នេះ​ហើយ​យើង​ត្រូវ​ស្តាប់​ដោយ​ប្រុង​ប្រយ័ត្ន​នូវ​អ្វី​ដែល​ប៉ុល​និយាយ​ក្នុង​ខ. ៧​ «តើ​អ្នក​ណា​បាន​ធ្វើ​ឱ្យ​អ្នក​ផ្សេង​ពី​គេ  តើ​អ្នកមាន​អ្វីខ្លះ​ដែល​អ្នក​មិន​បាន​ទទួល ចុះបើ​បាន​ទទួល​មែន ហេតុអ្វី​បានជា​អួតខ្លួន​ដូចជា​មិនបាន​ទទួល​វិញ?»

ផ្នែក​ចុង​ក្រោយ​គឺ​ ខ. ១៤-២១ ប៉ុល​ត្រូវ​គេ​បដិសេធ​ប៉ុន្តែ​គាត់​មាន​សេចក្តី​ស្រលាញ់

ខ្ញុំ​គិត​ថា​ការ​ឈឺ​ចាប់​ដ៏​ធំ​បំផុត​មួយ​គឺ​អ្នក​ត្រូវ​បាន​បដិសេធ​ដោយ​កូនៗ​របស់​អ្នក។ ​ជា​ច្រើន​ដង​នៅក្នុង​ការ​ចិញ្ចឹម​បី​បាច់​កូនៗ​ដែល​អ្នក​ត្រូវ​ការ​បន្ត​ស្រលាញ់​កូនៗ​របស់​អ្នក​នៅពេល​ពួក​គេ​មិន​បង្ហាញ​សេចក្តី​ស្រលាញ់​ចំពោះ​អ្នក។ កូនៗ​របស់​អ្នក​គ្រាន់​តែ​យក​ ប៉ុន្តែ​ពួក​គេ​មិន​ផ្តល់​ឲ្យ​ច្រើន​ ហើយ​អ្នក​ត្រូវ​តែ​បន្ត​ការ​អត់​ធ្មត់​និង​សេចក្តី​សប្បុរស។ ​ប៉ុល​កំពុង​ធ្វើការ​នេះ​ជាមួយ​ពួក​កូរិនថូស​ ព្រោះ​ពួក​គេ​គឺជា​កូនៗ​ខាង​ព្រលឹង​វិញ្ញាណ​របស់​គាត់។ ពួកគេ​ជា​កូន​ស្ងួន​ភ្ងា​របស់​គាត់​ (ខ. ១៤)។  នៅក្នុង​ខ. ១៥ ប៉ុល​និយាយ​ថា​ ពួក​កូរិនថូស​មាន​អ្នក​ថែ​រក្សា​ អ្នក​ប្រឹក្សា​យោបល់​ និង​គ្រូ​ជា​ច្រើន​ ប៉ុន្តែ​ពួកគេ​មាន​ឪពុក​ខាង​ព្រលឹង​វិញ្ញាណ​តែ​មួយ​គឺ​ជា​ប៉ុល​ ហើយ​គាត់​ចង់​ឲ្យ​ពួក​គេ​បាន​ដូច​ជា​គាត់។ តើ​យើង​អាច​សុំ​ឲ្យ​កូនៗ​របស់​យើង​យក​តម្រាប់​តាម​យើង​ដែរ​ទេ? តើ​យើង​អាច​សុំ​ឲ្យ​កូន​ៗ​របស់​យើង​ដើរ​តាម​ «របៀប​ដែល​ខ្ញុំ​និយាយ»? ​«ដើរ​តាមផ្លូវ​ដែល​ខ្ញុំ​ដើរ​ជាមួយ​ព្រះគ្រីស្ទ»​ ដើរ​តាម​របៀប​ដែល​ខ្ញុំ​ចុះ​ចូល​នឹង​បទ​គម្ពីរ» «ដើរ​តាម​របៀប​ដែល​ខ្ញុំ​ញែក​ពេល​សំរាប់​អធិស្ឋាន»។ ​ខ្ញុំ​សុំ ឲ្យ​ព្រះ​មាន​សេចក្តី​មេត្តា​ករុណា​លើ​កូនៗ​របស់​ខ្ញុំ​ ហើយ​ឲ្យ​ព្រះ​ធ្វើ​ឲ្យ​ពួកគេ​បាន​ពេញ​វ័យ​កាន់​តែ​ខ្លាំង​ជាង​ដែល​ខ្ញុំ​ធ្លាប់​ពេញ​វ័យ​ទៅ​ទៀត។

ប៉ុល​អាច​សុំ​ឲ្យ​ពួក​កូរិនថូស​យក​តម្រាប់​តាម​គាត់។ ពួកគេ​កំពុង​បដិសេធ​គាត់​ ប៉ុន្តែ​គាត់​ស្រលាញ់​ពួកគេ។ គាត់​និយាយ​ថា​គាត់​នឹង​បញ្ជូន​ធីម៉ូថេ​ឲ្យ​មក​រំលឹក​ពួកគេ​ពី​គ្រប់​កិរិយា​របស់​គាត់​នៅ​ក្នុង​ព្រះគ្រីស្ទ​ ហើយ​បន្ទាប់​មក​ខ្លួន​គាត់​ផ្ទាល់​នឹង​មក​សួរ​សុខ​ទុក្ខ​ពួកគេ​ (ខ. ១៩) ហើយ​នៅពេល​គាត់​មក​សួរ​សុខ​ទុក្ខ​ គាត់​នឹង​ឃើញ​ថា​ ពួក​គេ​មិន​និយាយ​ស្តី​ ឬ​មានអំណាច​ដំណឹង​ល្អ​ពិត​ប្រាកដ​ ខ. ២០។ សូម​កុំ​អាន​ច្រឡំ​ខ. ២០ ពួក​ជំនុំ​ខ្លះ​បាន​កាត់​ស្រាយ​ខ​នេះ​ខុស​ នគរ​ព្រះ​មិន​សំរេច​នឹង​ពាក្យ​សំដី​ប៉ុណ្ណោះទេ គឺ​ស្រេច​នឹង​ឥទ្ធិ​ឫទ្ធិ​វិញ​ ​អ្នក​ខ្លះ​បាន​និយាយ​ថា «កុំ​អធិប្បាយ​ទៀត​អី កុំ​និយាយ​ទៀត​អី​ គឺ​គ្រាន់​តែ​ធ្វើ​ជា​មាន​អំណាច​ទៅ​បាន​ហើយ»​ នេះ​មិន​មែន​ជា​អ្វី​ដែល​ប៉ុល​មាន​ន័យ​នោះ​ទេ។ គាត់​និយាយ​ថា ខ្ញុំ​នឹង​រក​ឃើញ​ថា​ការ​អះ​អាង​អំពី​ភាព​ខ្ពស់​ឧត្តម​របស់​អ្នក​ត្រឹម​ត្រូវ​ ឬ​ក៏​មាន​អំណាច​ដំណឹងល្អ​ពិត​ប្រាកដ​វិញ។

ដូច​ជា​ឪពុក​ល្អ​ម្នាក់​ដែល​ដាក់​វិន័យ​នៅ​ពេល​ចាំបាច់​ គាត់​ផ្តល់​ជម្រើស​មួយ​ដល់​ពួក​គេ​នៅក្នុង​ខ.​២១ «ចង់ឱ្យ​ខ្ញុំ​មក​ទាំង​កាន់ដំបង​ ឬ​ដោយ​សេចក្តី​ស្រឡាញ់​និង​ចិត្ត​សុភាព​រាបសា​វិញ»​

នេះ​គឺជា​ជំពូក​មួយ​ដែល​ពេញ​ទៅ​ដោយ​អារម្មណ៍។ ​សំរាប់​ប៉ុល​ ព័ន្ធ​កិច្ច​គឺ​មាន​ភាព​លំបាក​ ប៉ុន្តែ​នៅពេល​កូនៗ​របស់​គាត់​ផ្ទាល់​កំពុង​រិះ​គន់​គាត់​ កំពុង​មើល​ងាយ​គាត់​ និង​កំពុង​បដិសេធ​គាត់ គាត់​នៅ​តែ​ស្មោះ​ត្រង់​ បន្ទាប​ខ្លួន​ និង​ស្រលាញ់។ ប្រហែល​ជា​គាត់​បាន​ផ្ញើរ​សំបុត្រ​នេះ​តាម​រយៈ​ទីតុស។ ​គាត់​មិន​បាន​ដឹង​ពី​របៀប​ដែល​ពួកគេ​ទទួល​សំបុត្រ​នោះ​ទេ។ យើង​មិនដឹង​រហូត​ដល់​២កូរិនថូស​ ៧ ថា​ ទីតុស​បាន​មក​ហើយ​ជួប​ជាមួយ​ប៉ុល​ ហើយ​បាន​និយាយ​ថា ពួក​កូរិនថូស​ចង់​បាន​គាត់ ពួកគេ​មាន​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង​ ហើយ​ពួកគេ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក។ ដូច្នេះ ប៉ុល​និយាយ​ថា អំណរ​របស់​គាត់​ខ្លាំង​ជាង​អំណរ​ដែល​គាត់​ធ្លាប់​មាន​ ​គឺ​គាត់​ពិត​ជា​មាន​ការ​កំសាន្ត​ចិត្ត។

បទ​ពិសោធន៍​របស់​ប៉ុល​មិន​មែន​ជា​ទុក្ខ​សោក​ខ្លាំង​មួយ​ដូចជា​ទុក្ខ​សោក​របស់​ព្រះគ្រីស្ទ​នោះ​ទេ។ ប៉ុល​មិន​ត្រូវ​បាន​គេ​រិះគន់​ធ្ងន់​ដូច​ជា​ព្រះគ្រីស្ទ​ត្រូវ​គេ​រិះគន់​ ឬ​ត្រូវ​គេ​មើល​ងាយ​ដូចជា​ព្រះគ្រីស្ទ​ត្រូវ​គេ​មើល​ងាយ​ ឬ​ត្រូវ​គេ​បដិសេធ​ដូចជា​ព្រះគ្រីស្ទ​ត្រូវ​គេ​បដិសេធ​នោះ​ទេ។ ប៉ុល​គ្រាន់​តែ​ជា​ស្រមោល​ឆ្លុះ​អំពី​ព្រះ​គ្រីស្ទ​ប៉ុណ្ណោះ។ ​ព្រះ​យេស៊ូវ​មិន​គ្រាន់​តែ​ជា​ម្នាក់​ដែល​ពិតជា​បាន​រង​ទុក្ខ​ ត្រូវ​គេ​មើល​ងាយ​និង​បដិសេធ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​សព្វ​ថ្ងៃ​ទ្រង់​ក៏​ជា​ម្នាក់​ដែល​ជា​ការ​កំសាន្ត​ល្អ​បំផុត​សំរាប់​យើង​ផង​ដែរ។ យើង​គួរ​តែ​មើល​ការ​ល្បង​ល​និង​ទុក្ខ​លំបាក​ខ្លះ​ដែល​យើង​មាន​ជា​ខ្យល់​ដែល​កំពុង​បក់​យើង​ទៅ​កាន់​ទ្រង់​ នោះ​យើង​អាច​និយាយ​ជាមួយ​ទ្រង់​ដើម្បី​ឲ្យ​ទ្រង់​នឹង​កំសាន្ត​ចិត្ត​និង​គាំ​ទ្រ​យើង។

ការ​អាក្រក់​បំផុត​ដែល​យើង​អាច​ធ្វើ​គឺ​ការ​មិន​ចុះ​ចូល​ចំពោះ​ព្រះគ្រីស្ទ​នៅពេល​យើង​មាន​ទុក្ខ​លំបាក​នៅក្នុង​លោកិយ​នេះ។ ប៉ុន្តែ​ប្រសិន​បើ​ព្រះគ្រីស្ទ​ដោះ​ការ​ផ្សេងៗ​ដែល​យើង​ពឹង​ផ្អែកលើ​ចេញ​ដោយ​ប្រុង​ប្រយ័ត្ន​ដើម្បី​ឲ្យ​យើង​នឹង​មក​ឯ​ទ្រង់​ នោះ​យើង​អាច​ពឹងផ្អែក​លើ​ទ្រង់​ហើយ​ទទួល​ការ​គាំ​ទ្រ​និង​ការ​កំសាន្ត​ចិត្ត​ពី​ទ្រង់។ ដូច្នេះ ជំពូក​នេះ​គឺ​ព្រះ​បន្ទូល​ដ៏​អស្ចារ្យ​អំពី​ការ​រងទុក្ខ​របស់​ព្រះ​សំរាប់​យើង។ មនុស្ស​ជា​រឿយៗ​រិះគន់​ មើល​ងាយ​និង​បដិសេធ​ព្រះ។ តើ​អ្នក​រិះគន់​ព្រះ​ មើល​ងាយ​ព្រះ  ឬ​បដិសេធ​ព្រះ​ដែរ​ឬ​ទេ? ​តើ​មនុស្ស​មិន​មាន​បំណង​ធ្វើ​ការ​នេះ​ទេ​ឬ? តែ​គ្រប់​ពេល​ព្រះ​នៅតែ​ស្មោះត្រង់​ បន្ទាប​ខ្លួន​ និង​មាន​សេចក្តី​ស្រលាញ់។ ហើយ​ជា​មួយ​នឹង​ជំនួយ​របស់​ទ្រង់​ ​ទ្រង់​ធ្វើ​ឲ្យ​យើង​អាច​បម្រើ​ទ្រង់​ដោយ​ស្មោះត្រង់​ បន្ទាប​ខ្លួន​ និង​សេចក្តី​ស្រលាញ់​បាន។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top