Jonah Intro pdf download
កាលៈទេសៈតាមប្រវត្តិសាស្ត្រនៅសម័យយ៉ូណាស និងខ្លឹមសារនៃប្រសាសន៍របស់យ៉ូណាស Historical background to Jonah and basic message
ហោរាយ៉ូណាសបានទាយ នៅក្នុងកំឡុងសម័យកាលមានសន្តិភាពនិងភាពចម្រុងចម្រើនរបស់ស្តេចយេរ៉ូបោមទី២ (២ពង្សាវតារក្សត្រ ១៤:២៣-២៨) ដែលបានគ្រប់គ្រងនៅក្នុងអ៊ីស្រាអែល (អាណាចក្រខាងជើង) ចាប់ពីឆ្នាំ៧៨២ដល់៧៥៣មុនគ.ស។ កណ្ឌយ៉ូណាសមិនបានទាយទាស់នឹងអ៊ីស្រាអែលឬយូដា ដូចជាពួកហោរាផ្សេងៗទៀតទេ។ ព្រះបានបញ្ជូនហោរាយ៉ូណាសឲ្យទៅកាន់ទីក្រុងនីនីវេ ដែលជារាជធានីរបស់ចក្រភពអាសស៊ើរ។ នីនីវេគឺជាអ្នកស្តាប់ផ្ទាល់នូវការប្រកាសរបស់ហោរាយ៉ូណាសអំពីការវិនិច្ឆ័យរបស់ព្រះ ដែលជិតមកដល់នេះ។ អាសស៊ើរគឺជាមហាអំណាចនៅក្នុងសតវត្សទីប្រាំបីមុន គ.ស. ដែលព្រះបានប្រើ ដើម្បីដាក់ទណ្ឌកម្មដល់អាណាចក្រខាងជើង គឺជាអ៊ីស្រាអែល ដែលមិនស្មោះត្រង់ ដែលជាលទ្ធផលពួកគេត្រូវនិរទេសនិងជាប់ចំណងនៅឆ្នាំ៧២២មុនគ.ស (២ពង្សាវតារក្សត្រ ១៧)។
កណ្ឌយ៉ូណាសបង្ហាញថា នីនីវេគឺជាទីក្រុងអាក្រក់មួយ ប៉ុន្តែព្រះមិនបានចង់អោយពួកគេវិនាសឡើយ តែអោយពួកគេប្រែចិត្តវិញ ដើម្បីចៀសវាងនូវការវិនិច្ឆ័យ។ យើងអាចនឹងអានរឿងរបស់យ៉ូណាសក្នុងទម្រង់ជារឿងខាងសីលធម៌មួយបាន ៖ ព្រះបញ្ជូនហោរាយ៉ូណាសទៅកាន់ទីក្រុងនីនីវេដ៏អាក្រក់ (១:១-២) ប៉ុន្តែហោរាយ៉ូណាសរត់គេច (១:៣)។ ដូច្នេះ ព្រះបញ្ជូនព្យុះនិងត្រីមួយទៅកាន់ហោរាយ៉ូណាស (ជំពូក២) ទ្រង់មានបន្ទូលប្រាប់ហោរាយ៉ូណាសអោយទៅជាលើកទីពីរ (៣:១-២) ហើយជាចុងក្រោយហោរាយ៉ូណាសស្តាប់បង្គាប់តាមទ្រង់ (៣:៣)។ បន្ទាប់មកជនជាតិនីនីវេបានប្រែចិត្ត (៣:៦-១០)។ ប៉ុន្តែ បើសិនយើងគ្រាន់តែអានកណ្ឌនេះជារឿងខាងសីលធម៌មួយ នោះយើងនឹងបាត់បង់នូវព្រះរាជសារចំបងនៅក្នុងកណ្ឌនេះ។ ខាងក្រោមនេះ យើងនឹងមើលឃើញព្រះរាជសារចំបងដែលមាននៅក្នុងកណ្ឌនេះ។
គម្រោង Outline
- ហោរាយ៉ូណាសរត់ចេញពីការត្រាស់ហៅរបស់ព្រះ (១:១-១៧)
- បទចម្រៀងសរសើរតម្កើងរបស់ហោរាយ៉ូណាស ពីព្រោះព្រះអង្គបានសង្គ្រោះគាត់ (២:១-១០)
- យ៉ូណាសប្រកាសព្រះរាជសារ ហើយនីនីវេប្រែចិត្ត (៣:១-១០)
- កំហឹងរបស់ហោរាយ៉ូណាស និងសេចក្តីមេត្តាករុណារបស់ព្រះ (៤:១-១១)
របៀបអានកណ្ឌយ៉ូណាស How to read Jonah
ដើម្បីយល់និងអនុវត្តកណ្ឌយ៉ូណាសអោយបានត្រឹមត្រូវ សំខាន់យើងត្រូវយល់កណ្ឌនេះនៅក្នុងបរិបទដើមរបស់វានៅក្នុងប្រវត្តិសាស្ត្រ និងនៅក្នុងបរិបទនៃព្រះគម្ពីរទាំងមូល។ ដើម្បីយល់បែបនេះបាន យើងត្រូវឆ្លើយនឹងសំនួរបួនដូចខាងក្រោម។
១. តើគោលបំណងរបស់កណ្ឌយ៉ូណាសសម្រាប់អ្នកអានដើមដំបូងក្នុងសម័យព្រះគម្ពីរសញ្ញាចាស់គឺជាអ្វី?
២. តើកណ្ឌនេះបង្រៀនយើងអ្វីខ្លះអំពីព្រះជាម្ចាស់?
៣. តើកណ្ឌនេះបង្រៀនយើងអ្វីខ្លះអំពីមនុស្ស?
៤. តើកណ្ឌនេះអនុវត្តមកកាន់គ្រីស្ទបរិស័ទសព្វថ្ងៃយ៉ាងដូចម្តេច?
១. តើគោលបំណងរបស់កណ្ឌយ៉ូណាសសម្រាប់អ្នកអានដើមដំបូងក្នុងសម័យព្រះគម្ពីរសញ្ញាចាស់គឺជាអ្វី?
ហោរាយ៉ូណាសបានមានឥរិយាបថចំពោះពួកសាសន៍ដទៃដូចជាពួកយូដាជាច្រើនបានមាននៅក្នុងសម័យព្រះគម្ពីរសញ្ញាចាស់ដែរ។ កណ្ឌនេះបានប្រឆាំងនឹងឥរិយាបថរបស់អ៊ីស្រាអែលចំពោះពួកសាសន៍ដទៃ ដោយបង្ហាញថា ព្រះក៏បានយកព្រះទ័យទុកចំពោះពួកគេផងដែរ។
២. តើកណ្ឌយ៉ូណាសបង្រៀនយើងអ្វីខ្លះអំពីព្រះ?
តាមការរៀបរាប់ខាងលើនេះ យើងមើលឃើញថា កណ្ឌយ៉ូណាសបង្រៀនថា
- ព្រះជាម្ចាស់ទតឃើញគ្រប់ទាំងអស់។ ហោរាយ៉ូណាសបានព្យាយាមរត់គេចពីការត្រាស់ហៅរបស់ព្រះដោយសេចក្តីល្ងីល្ងើ ប៉ុន្តែព្រះទតឃើញនិងគ្រប់គ្រង។
- ព្រះគ្រប់គ្រងប្រវត្តិសាស្ត្ររបស់មនុស្សជាតិដោយព្រះបន្ទូលរបស់ទ្រង់។ ព្រឹត្តិការណ៍ដែលត្រូវបានកត់ទុកនៅក្នុងកណ្ឌមីកាគឺជាសកម្មភាពរបស់ព្រះ។
- ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់និងសេចក្ដីមេត្តាករុណា។
- ព្រះជាម្ចាស់ផ្ដល់ឱកាសអោយមនុស្សប្រែចិត្ត។
- ព្រះយកព្រះទ័យទុកដាក់ចំពោះពូជសាសន៍ទាំងអស់នៅក្នុងពិភពលោក ហើយទ្រង់ចង់អោយរាស្ត្ររបស់ទ្រង់មានឥរិយាបថនេះដែរ។
- ព្រះអាចប្រើមនុស្ស សូម្បីតែជាមនុស្សដែលរត់គេចពីទ្រង់។
- ពេលខ្លះ ពួកសាសន៍ដទៃ ដែលមិនជឿព្រះអម្ចាស់ មានការឆ្លើយតបចំពោះព្រះខ្លាំងជាងពួកអ្នកជឿនិងពួកហោរា។
- មនុស្ស ដូចជាហោរាយ៉ូណាស អាចខ្វះសេចក្តីមេត្តាករុណា ហើយត្រូវការការកែតម្រូវពីព្រះជាម្ចាស់។
៣. តើកណ្ឌនេះបង្រៀនយើងអ្វីខ្លះអំពីមនុស្ស?
៤. តើកណ្ឌនេះអនុវត្តមកកាន់គ្រីស្ទបរិស័ទសព្វថ្ងៃយ៉ាងដូចម្តេច?
កណ្ឌយ៉ូណាសទាក់ទងនឹងជីវិតរបស់យើងសព្វថ្ងៃនេះនៅក្នុងរបៀបជាច្រើន។
១. គួរអោយចាប់អារម្មណ៍ នៅពេលព្រះយេស៊ូវមានបន្ទូលអំពីព្រឹត្តិការណ៍សំខាន់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ដែលជាការសុគតនិងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ទ្រង់ហៅវាថា «ទីសំគាល់របស់ហោរាយ៉ូណាស»។ ទាំងហោរាយ៉ូណាសនិងព្រះយេស៊ូវគឺជាហោរាមកពីស្រុកកាលីឡេ។ ហោរាយ៉ូណាសមកពីស្រុកកាថ-ហេភើរ (២ពង្សាវតារក្សត្រ ១៤:២៥) ដែលជាទីក្រុងមួយនៅក្នុងស្រុកសាប់យូល៉ូន មានចម្ងាយប្រាំគីឡូម៉ែត្រពីខាងជើងភាគខាងកើតណាសារ៉ែត។ ដូច្នេះ ព្រះយេស៊ូវ ដែលបានធំធាត់នៅក្នុងស្រុកណាសារ៉ែត បានយករឿងរបស់ហោរាក្នុងស្រុកល្បីល្បាញម្នាក់នេះធ្វើជានិមិត្តរូបនៃការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ហើយប្រើការព្រមានរបស់ហោរាយ៉ូណាសអោយប្រជាជននីនីវេប្រែចិត្តជានិមិត្តរូបនៃការហៅអោយប្រែចិត្តរបស់ទ្រង់ផ្ទាល់ (ម៉ាថាយ ១២:៣៨; លូកា ១១:២៩-៣២)។ ដូចដែលព្រះបានរំដោះហោរាយ៉ូណាសចេញពីត្រីយ៉ាងអស្ចារ្យ នោះព្រះក៏បានរំដោះព្រះយេស៊ូវចេញពីសេចក្តីស្លាប់យ៉ាងអស្ចារ្យផងដែរ។ មនុស្សនៅសម័យព្រះយេស៊ូវចង់បានទីសំគាល់មួយពីទ្រង់ដែលបង្ហាញថា ព្រះយេស៊ូវគឺជាអង្គ ដែលទ្រង់បានអះអាង ប៉ុន្តែព្រះយេស៊ូវបានមានបន្ទូលថាជំនាន់មនុស្សអាក្រក់សុំទីសំគាល់ ប៉ុន្តែព្រះមិនបានប្រទានទីសំគាល់ណាដល់ពួកគេក្រៅពីការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ «ទីសំគាល់របស់ហោរាយ៉ូណាស» ទេ។ ដូច្នេះ ព្រះយេស៊ូវដូចជាហោរាយ៉ូណាស ប៉ុន្តែទ្រង់អស្ចារ្យលើសជាងនោះទៅទៀត។
២. ការប្រែចិត្តរបស់នីនីវេគឺជាការលើកទឹកចិត្តនិងការព្រមានមួយដល់លោកិយសព្វថ្ងៃនេះ។ នៅក្នុងម៉ាថាយ ១២:៤១ ព្រះយេស៊ូវមានបន្ទូលថា «ឯមនុស្សនៅក្រុងនីនីវេនឹងឈរ ឡើងជាមួយនឹងមនុស្សដំណនេះ ក្នុងគ្រាជំនុំជំរះ ហើយនិងកាត់ទោសអោយផង ដ្បិតគេបានប្រែចិត្ត ដោយឮសេចក្តី ដែលលោកយ៉ូណាសបានប្រកាសប្រាប់ ហើយមើលនៅទីនេះមាន ១អង្គ ដែលវិសេសជាងលោកយ៉ូណាសទៅទៀត»។ សូមកត់សំគាល់អំពីរបៀប ដែលព្រះបានអនុវត្តរឿងរបស់ហោរាយ៉ូណាសទៅកាន់អ្នកស្តាប់របស់ទ្រង់ គឺទ្រង់អនុវត្តរឿងនេះតាមរយៈអង្គទ្រង់ផ្ទាល់។ ទ្រង់បានមានបន្ទូលអំពីការវិនិច្ឆ័យ ដែល នឹងត្រូវមកដល់ នៅពេលទ្រង់វិនិច្ឆ័យលោកិយនេះ។ ហើយនៅពេលទ្រង់វិនិច្ឆ័យលោកិយ និង មនុស្ស ដែលបដិសេធព្រះគ្រីស្ទ នោះវាគឺស្ថិតនៅក្នុងស្ថានភាពអាក្រក់ជាងជនជាតិនីនីវេទៅទៀត ពីព្រោះពួកនីនីវេបានប្រែចិត្តតាមរយៈតែការប្រកាសព្រះរាជសាររបស់ហោរាយ៉ូណាស ហើយអស់អ្នកណា ដែលបដិសេធព្រះយេស៊ូវ គឺគេកំពុងតែបដិសេធមួយអង្គ ដែលអស្ចារ្យជាហោរាយ៉ូណាសទៅទៀត។ នេះគឺជាចំនុចសំខាន់មួយសំរាប់យើង នៅពេលយើងអាន អនុវត្ត បង្រៀន និងអធិប្បាយចេញពីរឿងរបស់ហោរាយ៉ូណាស។
៣. ហោរាយ៉ូណាសគឺជាគំរូមួយនៃការតយុទ្ធ ដែលគ្រីស្ទបរិស័ទអាចមាននៅក្នុងជីវិត (១កូរិនថូស ១០:១១)។ រឿងនេះបង្ហាញថា ព្រះគុណរបស់ព្រះខ្លាំងជាងភាពភ័យខ្លាច ការថប់បារម្ភ និងការបាក់ទឹកចិត្តរបស់យើងទៅទៀត។ វីរបុរសពិតប្រាកដនៅក្នុងរឿងនេះគឺជាព្រះជាម្ចាស់។ រឿងមិនសូវនិយាយច្រើនអំពីអ្វី ដែលហោរាយ៉ូណាសធ្វើសំរាប់ព្រះទេ ប៉ុន្តែនិយាយអំពីអ្វី ដែលព្រះធ្វើសំរាប់ហោរាយ៉ូណាសវិញ។ យើងមើលឃើញភាពអត់ធ្មត់ដ៏អស្ចារ្យរបស់ព្រះជាមួយមនុស្សខ្សោយ ដូចជាហោរាយ៉ូណាស (យ៉ូណាស ៣:១-២; ៤:៤, ៩-១០) ការយកព្រះទ័យទុកដាក់របស់ទ្រង់ចំពោះមនុស្សបាត់បង់ ដូចជាជនជាតិនីនីវេ (១:២; ៤:១១)។
៤. ជំពូក៤មិនគ្រាន់តែបង្ហាញអំពីការយកព្រះទ័យទុកដាក់របស់ព្រះចំពោះជនជាតិនីនីវេប៉ុណ្ណោះទេ ប៉ុន្តែ គំរូរបស់ហោរាយ៉ូណាសក៏បានដល់ព្រមានយើងផងដែរ។យើងអាចមើលឃើញយ៉ាងច្បាស់លាស់ថា ហោរាយ៉ូណាសបានដាក់អាទិភាពរបស់គាត់ខុស គឺគាត់បានយកចិត្តទុកដាក់អំពីដើមឈើជាងទីក្រុងរបស់មនុស្ស។ យើងគួរតែឆ្លុះបញ្ចាំងមកលើជីវិតរបស់យើង។ តើយើងមានអាទិភាពខុសនៅត្រង់ណា? តើដើមឈើ កីឡា ម៉ូត ឬភាពសប្បាយរីករាយ ឬអ្វីផ្សេងទៀតសំខាន់សំរាប់យើងជាងមនុស្ស ហើយពួកគេទទួលបានសេចក្តីសង្គ្រោះ ដោយពួកគេស្តាប់លឺអំពីព្រះយេស៊ូវ? ហោរាយ៉ូណាសមិនគ្រាន់តែមានអាទិភាពខុសប៉ុណ្ណោះទេ ប៉ុន្តែការស្អប់របស់គាត់ចំពោះអ្នកដទៃបាននាំគាត់អោយខ្វះសេចក្តីមេត្តាករុណា។ តើឥរិយាបថរបស់យើងចំពោះអ្នកដទៃនាំអោយយើងខ្វះសេចក្តីមេត្តាករុណាសំរាប់មនុស្ស ដែលព្រះយេស៊ូវបានសុគតជំនួសដែរឬទេ?
៥. សូមសញ្ជឹងគិតអំពីភាពផ្ទុយគ្នារវាងហោរាយ៉ូណាសនិងព្រះយេស៊ូវ។ ហោរាយ៉ូណាសបាននៅទីកន្លែងល្អ ធ្វើការងារល្អ មានជីវិតល្អ។ បន្ទាប់មក ព្រះបានមានបន្ទូលថា «យ៉ូណាស ខ្ញុំចង់អោយអ្នកទៅកន្លែងមួយ ហើយធ្វើការងារផ្សេងសំរាប់ប្រយោជន៍របស់អ្នកដទៃ ដែលខ្ញុំស្រឡាញ់ គឺជាមនុស្សកំពុងប្រឈមនឹងការវិនិច្ឆ័យ ដែលជិតមកដល់»។ ប៉ុន្តែហោរាយ៉ូណាសបាននិយាយថា «អត់ទេ»។ រីឯព្រះយេស៊ូវបាននៅស្ថានសួគ៌ ជាកន្លែងល្អបំផុត ហើយទ្រង់កំពុងគ្រប់គ្រងសកលលោកទាំងមូល ធ្វើការងារប្រសើរបំផុត មានជីវិតប្រសើរបំផុត និងមានពួកទេវតាសរសើរតម្កើងផង។ បន្ទាប់មក ព្រះវរបិតាបានមានបន្ទូលថា «ចូរទៅកន្លែងមួយ ដែលមានមនុស្សបដិសេធអ្នកយ៉ាងខ្លាំង ហើយអ្នកនឹងរស់នៅជីវិត ដែលនាំទៅការជាប់ឆ្កាង និងសេចក្តីស្លាប់។ អ្នកនឹងក្លាយជាយញ្ញបូជាធួននឹងបាបសំរាប់មនុស្ស ដែលខ្ញុំស្រឡាញ់ ហើយដែលកំពុងប្រឈមនឹងការវិនិច្ឆ័យអស់កល្បជានិច្ច»។ ព្រះយេស៊ូវបានមានបន្ទូលតបថា «បាទ យល់ព្រម»។ ការទទួលស្គាល់ថា ព្រះយេស៊ូវបានធ្វើការទាំងនេះជំនួសយើង ជួយអោយយើងផ្លាស់ប្រែខ្លួនពីប្រភេទមនុស្ស ដែលយកចិត្តទុកដាក់តែចំពោះសេចក្តីសុខស្រួល កេរ្តិ៍ឈ្មោះ និងជោគជ័យរបស់ខ្លួន ទៅជាមនុស្ស ដែលមានការយកចិត្តទុកដាក់ចំពោះមនុស្សទាំងអស់ ដែលនៅជុំវិញខ្លួនរបស់យើង ហើយដែលព្រះបានហៅអោយយើងស្រឡាញ់និងបំរើ។ យើងទទួលសេចក្តីស្រឡាញ់ច្រើន នោះយើងក៏ត្រូវស្រឡាញ់អ្នកដទៃច្រើនផងដែរ (លូកា ៧:៤៧)
៦. ព្រះគម្ពីរទាំងមូលនិយាយអំពីព្រះគុណរបស់ព្រះ ដែលត្រូវបានបើកសំដែងនៅក្នុងព្រះយេស៊ូវ (លូកា ២៤:២៧, ៤៤; យ៉ូហាន ៥:៣៩, ៤៦)។ ព្រះគម្ពីរទាំងមូលនិយាយអំពីដំណឹងល្អ (រ៉ូម ១:១-២; ១ពេត្រុស ១:១០-១២) ដែលនៅក្នុងនោះមានកណ្ឌយ៉ូណាសផងដែរ។ កណ្ឌយ៉ូណាសជួយយើងអោយមើលឃើញអំពីភាពបរិសុទ្ធរបស់ព្រះ និងភាពធ្ងន់ធ្ងរនៃការវិនិច្ឆ័យ ដែលអាចធ្លាក់មកលើមនុស្ស ហើយដែលជាការវិនិច្ឆ័យមួយ ដែលព្រះយេស៊ូវគ្រីស្ទបានទទួលយកជំនួសយើងនៅក្នុងការរងទុក្ខរបស់ទ្រង់។
Leave a Reply