The following is an abridged translation of a sermon by John Piper on
http://www.desiringgod.org/sermons/the-guilt-of-giving-part-of-gods-counsel
កិច្ចការពួកសាវក ២០:២៦-២៧
នៅក្នុងខ.១៨-២១ សាវកប៉ុលងាកសំឡឹងទៅឯរយៈពេលបីឆ្នាំ ដែលគាត់បានចំណាយធ្វើការនៅអេភេសូរ ហើយគាត់រំលឹកពួកចាស់ទុំអំពីរបៀប ដែលគាត់បានបំរើព្រះដោយចិត្តសុភាពគ្រប់ជំពូក និងស្រក់ទឹកភ្នែកជាច្រើន ទាំងត្រូវសេចក្តីល្បួងជាច្រើនផង ហើយគាត់បានធ្វើបន្ទាល់អំពីការប្រែចិត្តមកឯព្រះជាម្ចាស់ និងសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ។
បន្ទាប់មក នៅក្នុងខ.២២-២៥ សាវកប៉ុលសំឡឹងមើលឆ្ពោះទៅឯអនាគត ដែលព្រះមានបន្ទូលថា គាត់នឹងមានការរងទុក្ខ និងត្រូវជាប់គុកទៀត។ ហើយគាត់និយាយថា អ្វីដែលសំខាន់ដល់គាត់គឺថា គាត់បានបង្ហើយអ្វី ដែលព្រះបានត្រាស់ហៅអោយគាត់ធ្វើ គឺមិនមែនថា គាត់នៅមានជីវិត ឬស្លាប់នោះឡើយ។
ការងាកសំឡឹងមើលទៅឯសេចក្តីស្មោះត្រង់របស់សាវកប៉ុល
ឥឡូវនេះ មុនពេលគាត់ផ្តល់អោយពួកគេនូវសេចក្តីបង្គាប់ ឬការព្រមានផ្ទាល់នៅក្នុងខ.២៨…គាត់និយាយអំពីការសំខាន់មួយនៅក្នុងខ.២៦-២៧ គឺជាការងាកសំឡឹងមើលម្តងទៀតទៅឯសេចក្តីស្មោះត្រង់របស់គាត់នៅក្នុងចំណោមពួកគេ។ ដោយផ្អែកលើមូលដ្ឋានសេចក្តីស្មោះត្រង់ពីអតីតកាលនោះ គាត់និយាយអំពីការចាំបាច់បំផុតមួយអំពីទំនាក់ទំនងបច្ចុប្បន្នរបស់គាត់ជាមួយពួកចាស់ទុំ។
«ដូច្នេះ ខ្ញុំធ្វើបន្ទាល់ដល់អ្នករាល់គ្នានៅថ្ងៃនេះថា ខ្លួនខ្ញុំបរិសុទ្ធពីឈាមអ្នករាល់គ្នាទាំងអស់ ព្រោះខ្ញុំមិនបានខាននឹងប្រាប់អ្នករាល់គ្នាពីគ្រប់ទាំងគំនិតរបស់ព្រះទេ»។
ហើយបន្ទាប់មកនៅក្នុងខ.២៨ គាត់ចាប់ផ្តើមដាស់តឿន និងការព្រមានទៅកាន់ពួកចាស់ទុំ។
ការនេះគួរអោយយើងកត់សំគាល់ណាស់ មែនទេ? គាត់ចំណាយពេលជាងពាក់កណ្តាលនៃសាររបស់គាត់ មុនពេលគាត់ប្រាប់ពួកចាស់ទុំអោយធ្វើអ្វីមួយ ឬជឿលើអ្វីមួយនៅក្នុងខ.២៨។ ជាងពាក់កណ្តាលនៃសារចុងក្រោយចំពោះពួកចាស់ទុំនេះគឺនិយាយអំពីព័ន្ធកិច្ចរបស់គាត់។
សេចក្តីបង្រៀននិងការអធិប្បាយត្រូវការទីបន្ទាល់
ខ្ញុំស្រឡាញ់ការអធិប្បាយ និងទេវសាស្ត្ររបស់លោក Jonathan Edwards (ដែលបានរស់នៅកាលពី២៥០ឆ្នាំមុន)។ ប៉ុន្តែអ្នកអាចអានសេចក្តីអធិប្បាយរបស់គាត់ចំនួន១២០០ ហើយអ្នកមើលឃើញថាគាត់ស្ទើរតែមិននិយាយអំពីជីវិតផ្ទាល់ខ្លួននៅក្នុងសេចក្តីអធិប្បាយរបស់គាត់សោះ។ គាត់ពិតជាចង់អោយការផ្ដោតអំពីព្រះខ្លាំងណាស់ ដូច្នេះហើយបានជាគាត់ចង់រក្សាខ្លួនរបស់គាត់នៅក្រៅសារ។ នេះជាមូលហេតុមួយ ដែលខ្ញុំស្រឡាញ់គាត់។ ប៉ុន្តែខ្ញុំគិតថា លោក Edwards បានមានកំហុសមួយ ពីព្រោះបើសិនការអធិប្បាយរបស់សាវកប៉ុលបង្ហាញអំពីរបៀប ដែលយើងគួរតែអធិប្បាយ និងបង្រៀន នោះយើងគួរតែចែកចាយអំពីជីវិតផ្ទាល់ខ្លួនរបស់យើងនៅក្នុងការអធិប្បាយ និងការបង្រៀនរបស់យើងផងដែរ។ តាមព្រះគម្ពីរគឺថា យើងត្រូវចែកចាយ «ទីបន្ទាល់» នៅក្នុងការបង្រៀន និងការអធិប្បាយ។ ជាងពាក់កណ្តាលនៃសាររបស់សាវកប៉ុលគឺអំពីទីបន្ទាល់ អំពីការងាររបស់ព្រះនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់គាត់។ ខ្ញុំមិនមានន័យថា សារទាំងអស់ត្រូវតែនិយាយអំពីខ្លួនឯង៥០ភាគរយទេ (មានសេចក្តីអធិប្បាយផ្សេងទៀតនៅក្នុងកណ្ឌកិច្ចការ ដែលគ្រូអធិប្បាយមិននិយាយអំពីខ្លួនឯងសោះ) តែខ្ញុំពិតជាមានន័យថា ជីវិតផ្ទាល់ខ្លួនរបស់អ្នកអធិប្បាយ ឬគ្រូបង្រៀនមិនអាចខុសពីការអធិប្បាយ ឬការបង្រៀនរបស់គាត់បានឡើយ។ នេះជាមូលហេតុដែលពួកគ្រូបង្រៀននៅក្នុងក្រុមជំនុំគួរតែជាមនុស្សគោរពព្រះអម្ចាស់ ក៏ជាអ្នកពូកែពន្យល់ អ្នកពូកែនិទានរឿង និងអ្នកពូកែផ្តល់ព័ត៌មានផងដែរ ហើយនេះជាការអនុវត្តមួយសំរាប់ជាមធ្យោបាយដែលអ្នកត្រូវចែកចាយដំណឹងល្អ។ បើសិនវាសំខាន់សំរាប់សាវកប៉ុលក្នុងការចែកចាយអំពីជីវិតរបស់គាត់ជាមួយមនុស្ស ដែលបានស្គាល់ច្រើនរួចហើយ នោះរឹតតែសំខាន់ជាងទៅទៀត ដែលយើងចែកចាយអោយមនុស្សមើលឃើញព្រះគ្រីស្ទបានប្រែប្រួលក្នុងជីវិតរបស់យើង នៅពេលយើងកំពុងចែកចាយដំណឹងល្អ។
ការសង្កេតពិនិត្យអំពីសាររបស់សាវកប៉ុល
សាវកប៉ុលមិនកំពុងនិយាយអំពីខ្លួនរបស់គាត់ដោយឥតមានគោលបំណងទេ តែជីវិតរបស់គាត់គឺពិតជាសំខាន់ដូចជាគោលលទ្ធិ ដែលគាត់បង្រៀនផងដែរ។ ដូច្នេះ នៅថ្ងៃនេះយើងមើលទៅលើជីវិតរបស់គាត់ម្តងទៀត មុនពេលយើងឈានទៅខ.២៨នៅសបា្តហ៍ក្រោយ។ យើងមើលលើខ.២៦ និង២៧ ដោយជាក់លាក់នៅថ្ងៃនេះ។ សាវកប៉ុលចង់រំលឹកពួកគេអំពីការមួយទៀត។ ខ.២៦ «ហេតុនេះបានជាខ្ញុំផ្ដល់សក្ខីភាពអោយបងប្អូនដឹងនៅថ្ងៃនេះថា ប្រសិនបើមានម្នាក់ក្នុងចំណោមបងប្អូនត្រូវវិនាស មិនមែនមកពីកំហុសរបស់ខ្ញុំទេ»។
ខាងក្រោមជាការសង្កេតពិនិត្យបីចំណុចអំពីអត្ថន័យនៃអ្វីដែលសាវកប៉ុលនិយាយនៅក្នុងខនេះ ហើយអំពីមូលហេតុដែលគាត់បាននិយាយដូច្នេះ។
១. សាវកប៉ុលមិនមានកំហុសអំពីឈាមរបស់ពួកគេទេ – ជីវិតអស់កល្បជានិច្ច (គ.ខ.ប. «ប្រសិនបើមានម្នាក់ក្នុងចំណោមបងប្អូនត្រូវវិនាស មិនមែនមកពីកំហុសរបស់ខ្ញុំទេ»)
«ឈាម» នៅទីនេះគឺជាការបាត់បង់អស់កល្បជានិច្ច។ លោកប៉ុលកំពុងតែនិយាយថា ខ្ញុំមិនមានកំហុសទេ បើសិនអ្នកណាមួយក្នុងពួកអ្នករាល់គ្នាបាត់បង់ជីវិតអស់កល្បជានិច្ច (សូម មើល កិច្ចការ ១៨:៦ និង ១៣:៤៦)។
២. ទោសរបស់យើងនៅពេលអ្នកដទៃបាត់បង់ជីវិតអស់កល្បជានិច្ច
ចំណុចទីពីរ ដែលត្រូវកត់សំគាល់ចេញពីខ.២៦គឺថា យើងអាចមានទោសចំពោះការបាត់បង់ជីវិតអស់កល្បជានិច្ចរបស់មនុស្សម្នាក់ទៀត។ បើសិននេះមិនត្រឹមត្រូវទេ នោះសេចក្តីថ្លែងរបស់សាវកប៉ុលគឺគ្មានន័យទាល់តែសោះ។ គាត់និយាយថា គាត់មិនមានកំហុសពីឈាមរបស់អ្នកណាម្នាក់នៅក្នុងចំណោមពួកគេទេ។ នេះមានន័យថា គាត់អាចមានទោសចំពោះឈាមរបស់អ្នកណាម្នាក់បាន។ គាត់អាចមានទោសចំពោះមនុស្សមិនបានសង្គ្រោះ។ ដូច្នេះ យើងអាចមានទោសចំពោះការបាត់បង់ចុងក្រោយរបស់មនុស្សម្នាក់ទៀតបាន។
បើសិននេះត្រឹមត្រូវ នោះមានសំនួរពីរលេចឡើងនៅក្នុងគំនិត៖
១. តើអ្វីនឹងធ្វើអោយខ្ញុំទទួលខុសត្រូវចំពោះមនុស្សម្នាក់ ដែលមិនបានទទួលជីវិតអស់កល្បជានិច្ច?
២. តើមានរឿងអ្វីនឹងកើតឡើងចំពោះខ្ញុំ បើសិនខ្ញុំមានទោសចំពោះឈាមរបស់អ្នកដទៃ?
តើអ្វីនឹងធ្វើអោយខ្ញុំទទួលខុសត្រូវ?
ខ្ញុំគិតថា ចំលើយសំរាប់សំនួរទីមួយគឺថា យើងមានទោសចំពោះឈាមរបស់អ្នកដទៃ បើសិនយើងមិនប្រាប់ពួកគេនូវអ្វីដែលពួកគេត្រូវការដឹង បើទោះជាព្រះវិញ្ញាណបរិសុទ្ធជំរុញយើង (ឬព្រះគម្ពីរបង្គាប់យើង) អោយធ្វើដូច្នោះក៏ដោយ។ ជាឧទាហរណ៍ លោកលូកាបរិយាយអំពីដំណើរបេសកកម្មលើកទីពីររបស់សាវកប៉ុលនៅក្នុងកិច្ចការ ១៦:៦ ថា «ហើយបានដើរកាត់ស្រុកព្រីគា នឹងដែនខេត្តកាឡាទី នោះព្រះវិញ្ញាណបរិសុទ្ធ ទ្រង់ឃាត់ មិនអោយផ្សាយព្រះបន្ទូលនៅស្រុកអាស៊ីទេ»។ អេភេសូរស្ថិតនៅក្នុងស្រុកអាស៊ី ដូច្នេះនៅក្នុងដំណើរបេសកកម្មនោះ ព្រះវិញ្ញាណបរិសុទ្ធមិនបានមានបំណងអោយសាវកប៉ុលប្រកាសព្រះបន្ទូលនៅក្នុងអេភេសូរទេ ទោះបើពួកគេមិនទាន់មានអ្នកណាផ្សាយដំណឹងល្អដល់ក៏ដោយ។ ខ្ញុំសន្និដ្ឋានថា សាវកប៉ុលមិនត្រូវទទួលខុសត្រូវចំពោះឈាមរបស់ពួកគេទេ បើសិនពួកគេណាម្នាក់បានស្លាប់ទៅដោយគ្មានព្រះគ្រីស្ទនៅពេលនោះ។ ហេតុអ្វី? ពីព្រោះព្រះវិញ្ញាណបរិសុទ្ធកំពុងប្រើសាវកប៉ុលនៅកន្លែងផ្សេង ហើយទ្រង់មិនបានប្រាប់អោយគាត់ទៅអេភេសូរទេ។ មិនមានអ្នកណាម្នាក់ដែលទទួលខុសត្រូវសំរាប់ទីក្រុង ឬ ជាតិសាសន៍ទាំងអស់នោះឡើយ។ ព្រះដឹកនាំមនុស្សនៅផ្លូវខុសៗគ្នា ដូច្នេះ ការសន្និដ្ឋានរបស់ខ្ញុំគឺថា នៅពេលទ្រង់ដឹកនាំអ្នក ជំរុញអ្នកអោយប្រាប់មនុស្សម្នាក់នូវអ្វីដែលគាត់ត្រូវការដឹង ដើម្បីបានសង្គ្រោះ នោះអ្នកនឹងទទួលខុសត្រូវសំរាប់គាត់ បើសិនអ្នកមិនអើពើធ្វើដូច្នោះទេ។
តើនឹងមានរឿងអ្វីកើតឡើងចំពោះមនុស្សដែលមានទោស?
តើមានរឿងអ្វីកើតឡើងចំពោះខ្ញុំ បើសិនខ្ញុំត្រូវទទួលខុសត្រូវចំពោះឈាមរបស់អ្នកដទៃ? នៅទីនេះមិនប្រាប់យើងទេ (សូមមើលអេសេគាល ៣៣:៦-៩)។ ប៉ុន្តែខ្ញុំគិតថា ពាក្យរបស់សាវកប៉ុលបង្ហាញថា ការធ្វើបន្ទាល់របស់យើងគឺសំខាន់។ ខ្ញុំនឹងឆ្លើយថា ព្រះយេស៊ូវអាចសំអាតយើងចេញពីអំពើបាបទាំងអស់បាន (១យ៉ូហាន ១:៩) ទោះជាអំពើបាបនៃការទទួលខុសត្រូវរបស់យើងចំពោះឈាមរបស់អ្នកដទៃក៏ដោយ ប៉ុន្តែ (ដូចជាអំពើបាបដទៃទៀត) បើសិនយើងបន្តរឹងរូសជាមួយសំឡេងរបស់ព្រះវិញ្ញាណបរិសុទ្ធ (ឬជាមួយសេចក្តីបង្គាប់របស់ព្រះគម្ពីរ) នោះយើងអាចដឹងព្រះវិញ្ញាណរបស់ព្រះគ្រីស្ទពិតជាមិនគង់នៅក្នុងយើង ហើយយើងមិនមែនជារបស់ទ្រង់ទេ (រ៉ូម ៥:៩) ដូច្នេះលោហិតរបស់ទ្រង់មិនសំអាតយើងចេញពីគ្រប់ទាំងសេចក្តីទុច្ចរិតទេ ហើយការបាត់បង់របស់អស់អ្នក ដែលយើងព្រងើយកន្តើយនឹងបន្ថែមជាសេចក្តីវិនាសរបស់យើងផ្ទាល់ វិញ។
នេះគឺជាការទីពីរ ដែលយើងត្រូវមើលនៅក្នុងខ.២៦ គឺយើងអាចមានទោសចំពោះការបាត់បង់ជីវិតអស់កល្បជានិច្ចរបស់អ្នកដទៃបាន។
៣. យើងអាចមិនមានទោស
ការទីបីដែលយើងត្រូវមើលគឺថា យើងអាចមិនមានទោសចំពោះការបាត់បង់ជីវិតអស់កល្បជានិច្ចរបស់អ្នកដទៃបាន។ សាវកប៉ុលបាននិយាយថា «ខ្លួនខ្ញុំបរិសុទ្ធពីឈាមរបស់អ្នករាល់គ្នាទាំងអស់» (គ.ខ.ប. «ប្រសិនបើមានម្នាក់ក្នុងចំណោមបងប្អូនត្រូវវិនាស មិនមែនមកពីកំហុសរបស់ខ្ញុំទេ»)។
តើមានមូលហេតុអ្វីដែលយើងអាចនិយាយដូច្នេះបាន? ជាពិសេស តើមានមូលហេតុអ្វីដែលចាស់ទុំម្នាក់ ដែលជាចាស់ទុំបង្រៀនដូចជារូបខ្ញុំនៅក្នុងពួកជំនុំនេះ និយាយដូច្នេះបាន? នៅក្នុងន័យនេះ មានកម្រិតនៃការទទួលខុសត្រូវខុសៗគ្នានៅក្នុងពួកជំនុំ ហើយនេះជាមូលហេតុដែលយ៉ាកុប ៣:១ និយាយថា «បងប្អូនអើយ កុំអោយធ្វើជាគ្រូច្រើនគ្នាពេកឡើយ ពីព្រោះដឹងហើយថា យើងនឹងត្រូវទោសធ្ងន់ជាងគេ»។ ព្រះនឹងអោយអ្នកទទួលខុសត្រូវចំពោះមនុស្សទាំងអស់នៅក្នុងពួកជំនុំ ដែលអ្នកអធិស្ឋានសំរាប់ពួកគេ ដែលអ្នកដាស់តឿនមនុស្សទាំងអស់ដែលអ្នកស្គាល់ ដែលអ្នកលើកទឹកចិត្ត…ល. ប៉ុន្តែទ្រង់នឹងអោយខ្ញុំ ដែលជាគ្រូគង្វាល ទទួលខុសត្រូវខ្លាំងជាងទៅទៀត (ហេព្រើរ ១៣:១៧)។ តើខ្ញុំត្រូវតែធ្វើអ្វី ដើម្បីអោយខ្ញុំអាចនិយាយជាមួយសាវកប៉ុលនៅពេលការងាររបស់ខ្ញុំនៅក្នុងពួកជំនុំនេះបានបញ្ចប់ថា «ប្រសិនបើមានម្នាក់ក្នុងចំណោមបងប្អូនត្រូវវិនាស មិនមែនមកពីកំហុសរបស់ខ្ញុំទេ» បាន?
នេះគឺជាចំលើយ គឺអ្វីដែលខ្ញុំត្រូវតែធ្វើ (ជាមួយគ្រូបង្រៀនផ្សេងៗទៀតនៅក្នុងពួកជំនុំនេះ) ដើម្បីកុំអោយមានទោសចំពោះឈាមរបស់អ្នករាល់គ្នា គឺត្រូវប្រកាសប្រាប់ពីគ្រប់ទាំងគំនិតរបស់ព្រះ។
ការអនុវត្តបីយ៉ាង
ខ្ញុំមើលឃើញការអនុវត្តចាំបាច់បីចេញពីខនេះ។
១. ការចេះដឹងគ្រប់ទាំងគំនិតរបស់ព្រះ (គំរោងការទាំងមូលរបស់ព្រះជាម្ចាស់)
ការចេះដឹងគ្រប់ទាំងគំនិតរបស់ព្រះ(គម្រោងការទាំងមូលរបស់ព្រះជាម្ចាស់) ជួយអោយមនុស្សចូលទៅក្នុងស្ថានសួគ៌។
អ្នកមិនអាចនិយាយចេញពីខ.២៧នេះថា មនុស្សម្នាក់ត្រូវតែស្គាល់គ្រប់ទាំងគំនិតរបស់ព្រះ ដើម្បីបានសង្គ្រោះនោះទេ។ មនុស្សម្នាក់មិនចាំបាច់ស្គាល់គ្រប់ទាំងគំនិតរបស់ព្រះទេ! អ្នកអាចនិយាយដូច្នេះថា បើសិនចាស់ទុំម្នាក់មិនបង្រៀនគ្រប់ទាំងគំនិតរបស់ព្រះទេ នោះគាត់អាចកំពុងដឹកនាំមនុស្សទៅរកសេចក្តីវិនាសហើយ។ ហើយបើសិនមនុស្សម្នាក់មិនអាចទៅស្ថានសួគ៌ដោយសារតែការព្រងើយកន្តើយរបស់ចាស់ទុំម្នាក់ចំពោះការបង្រៀនគ្រប់ទាំងគំនិតរបស់ព្រះ នោះការស្គាល់គ្រប់ទាំងគំនិតរបស់ព្រះក៏ជួយមនុស្សអោយបានទៅស្ថានសួគ៌ដែរ។ ការស្តាប់លឺគ្រប់ទាំងគំនិតរបស់ព្រះមិនធានាថា អ្នកនឹងបានទៅស្ថានសួគ៌ទេ ហើយការមិនបានស្តាប់លឺគ្រប់ទាំងគំនិតរបស់ព្រះក៏មិនមែនថា អ្នកនឹងមិនបានទៅស្ថានសួគ៌ដែរ។ ប៉ុន្តែការស្គាល់គ្រប់ទាំងគំនិតរបស់ព្រះជាជំនួយដ៏ធំអោយយើងបានទៅស្ថានសួគ៌។
សេចក្ដីពិតនេះមានការអនុវត្តសំខាន់ខ្លាំងណាស់សំរាប់គ្រូបង្រៀន និងការអប់រំនៅក្នុងពួកជំនុំ។ ជាឧទាហរណ៍ ពួកចាស់ទុំ និងគ្រូបង្រៀនត្រូវមានគំនិតរួបរួមមួយអំពីគំនិតរបស់ព្រះ ដែលទ្រង់បានសំដែង។ នេះជាមូលហេតុមួយ ដែលខ្ញុំសង្កត់ធ្ងន់ថា វាសំខាន់សំរាប់អ្នកដឹកនាំក្នុងពួកជំនុំនេះរួបរួមគ្នានៅក្នុងការយល់ដឹងព្រះបន្ទូលរបស់ព្រះ។ បើសិនពួកចាស់ទុំបង្រៀនមិនច្បាស់លាស់ និងមិនពេញលេញ នោះយើងមិនអាចនិយាយថា «យើងឥតមានទោសពីឈាមរបស់អ្នក» បានទេ។
ការអនុវត្តមួយទៀតគឺទាក់ទងនឹងក្មេងៗ។ ការបង្រៀនរបស់យើងគួរតែមានគោលបំណងដើម្បីស្អាងគ្រប់ទាំងគំនិតរបស់ព្រះនៅក្នុងគំនិត និងចិត្តរបស់កូនចៅរបស់យើងនៅផ្ទះ និងនៅសាលារៀនថ្ងៃអាទិត្យ។
ហេតុអ្វីព្រះបានជ្រើសរើសកូនក្រមុំរបស់ទ្រង់ ដែលជាពួកជំនុំ តាំងពីមុនកំណើតលោកិយ? ហេតុអ្វីទ្រង់បានបង្កើតសាកលលោក និងមនុស្សជាតិតាមរូបអង្គទ្រង់? ហេតុអ្វីទ្រង់បានអនុញ្ញាតអោយមានការធ្លាក់ចុះទៅក្នុងអំពើបាប? ហេតុអ្វីទ្រង់បានជ្រើសរើសជាតិសាសន៍អ៊ីស្រាអែល? ហេតុអ្វីទ្រង់បានប្រទាន ក្រិត្យវិន័យដល់ពួកគេ? ហេតុអ្វីទ្រង់បានបង្គាប់អ៊ីស្រាអែលអោយថ្វាយសត្វធ្វើជាយញ្ញបូជា និងសាងសង់រោងឧបោសថ? ហេតុអ្វីព្រះយេស៊ូវបានយាងមកក្នុងលោកិយនេះ? ហេតុអ្វីទ្រង់បានប្រកាសអំពីនគរព្រះ? ហេតុអ្វីទ្រង់បានសុគត ហើយបានរស់ឡើងវិញ? ហេតុអ្វីព្រះវិញ្ញាណបរិសុទ្ធបានយាងមក? តើទ្រង់នឹងនាំសម័យនេះទៅកាន់ទីបញ្ចប់ដោយរបៀបណា? ការបង្រៀនដែលឆ្លើយសំនួរទាំងនេះនឹងជួយបង្រៀនគ្រប់ទាំងគំនិតរបស់ព្រះ។
នេះគឺជាអ្វី ដែលយើងគួរតែបង្រៀនកូនចៅរបស់យើង ហើយសិរីល្អនៃព្រះបន្ទូលរបស់ព្រះចែងចាំងទៅលើពួកគេ។
ដូច្នេះ ការទីមួយដែលត្រូវនិយាយចេញពីខ.២៧គឺថា ការចេះដឹងគ្រប់ទាំងគំនិតរបស់ព្រះជួយមនុស្សអោយចូលទៅក្នុងស្ថានសួគ៌។ បើមិនដូច្នោះទេ សាវកប៉ុលក៏មិនត្រូវនិយាយថា គាត់មិនមានកំហុសពីឈាមរបស់ពួកគេទេ ពីព្រោះគាត់បានបង្រៀនពួកគេអំពីគ្រប់ទាំងគំនិតរបស់ព្រះហើយ។
២. ការចង់បានរៀនគ្រប់ទាំងគំនិតរបស់ព្រះ
ការទីពីរ ដែលត្រូវនិយាយចេញពីខ.២៧គឺថា គ្រីស្ទបរិស័ទគួរតែចង់រៀនគ្រប់ទាំងគំនិតរបស់ព្រះ។ គ្រីស្ទបរិស័ទដែលជឿតាមព្រះគម្ពីរ ចង់រៀនពីគ្រប់ទាំងគំនិតរបស់ព្រះ។
អត្ថបទនេះបង្រៀនយ៉ាងច្បាស់លាស់ថា ពួកចាស់ទុំមានកង្វះខាត ហើយអាចមានទោសចំពោះសេចក្តី វិនាសរបស់មនុស្សណាម្នាក់ នៅក្នុងករណីពួកគេមិនប្រកាសអំពីគ្រប់ទាំងគំនិតព្រះហឫទ័យរបស់ព្រះ។ ដូច្នេះ មនុស្សនៅក្នុងពួកជំនុំក៏មានទោសនៅក្នុងករណីពួកគេមិនចាប់អារម្មណ៍លើគ្រប់ទាំងគំនិតរបស់ព្រះផងដែរ។ បើសិនការមិនបង្រៀនពីគ្រប់ទាំងគំនិតរបស់ព្រះគឺជាអំពើបាបមួយ នោះការមិនចង់អោយគេបង្រៀនដល់ខ្លួនអំពីគ្រប់ទាំងគំនិតរបស់ព្រះក៏ជាអំពើបាបមួយដែរ។
ដូច្នេះ អត្ថបទនេះបង្រៀនយ៉ាងច្បាស់លាស់ថា គ្រីស្ទបរិស័ទគួរតែចង់ទទួលបានគ្រប់ទាំងគំនិតរបស់ព្រះដូចជាទារកចង់បានទឹកដោះផងដែរ។ ការមិនចាប់អារម្មណ៍លើគ្រប់ទាំងគំនិតរបស់ព្រះមានន័យថាជាការមិនចាប់អារម្មណ៍លើមធ្យោបាយដើម្បីបានសេចក្តីសង្គ្រោះ។
៣. ការបង្រៀនគ្រប់ទាំងគំនិតរបស់ព្រះដោយក្លាហាន
ជាទីបញ្ចប់ ការចុងក្រោយ ដែលត្រូវនិយាយអំពីខ.២៧គឺថា ពួកចាស់ទុំគួរតែក្លាហាននៅក្នុងការបង្រៀនគ្រប់ទាំងគំនិតរបស់ព្រះ។
លោកប៉ុលបាននិយាយថា ខ្ញុំ «មិនបានខាននឹងប្រាប់អ្នករាល់គ្នា…»។ នេះមានន័យថា មានផ្នែកខ្លះនៃគ្រប់ទាំងគំនិតព្រះហឫទ័យរបស់ព្រះ ដែលអាចធ្វើអោយពួកចាស់ទុំមិនចង់បង្រៀនដល់ពួកគេ។ ផ្នែកទាំងនោះអាចជាផ្នែកពិបាកយល់ ឬជាផ្នែកបន្ទាបមនុស្សមានអំនួត ឬជាផ្នែកតម្រូវអោយមនុស្សត្រូវប្រែចិត្តនិងផ្លាស់ប្រែជីវិត។ ដូច្នេះ ពួកចាស់ទុំប្រហែលជាមានសេចក្តីល្បួង អោយប្រកាសតែផ្នែកនៃ គំនិតព្រះហឫទ័យរបស់ព្រះណាដែលស្រួល ហើយពួកគេដឹងថា មនុស្សចូលចិត្តប៉ុណ្ណោះ។ ប៉ុន្តែទង្វើនេះគឺជាការខកខានប្រកាសប្រាប់អំពីគ្រប់ទាំងគំនិតព្រះហឫទ័យរបស់ព្រះហើយ គឺវាជាភាពកំសាក មិនជាភាពក្លាហានឡើយ។
ចំណុចនេះនាំយើងត្រឡប់ទៅឯគំនិត ដែលយើងមានតាំងពីដំបូង គឺជីវិតស្តាប់បង្គាប់ និងជីវិតមានភាពក្លាហាន ហើយនេះសំខាន់ដូចជាគោលលទ្ធិត្រឹមត្រូវដែរ។ សំរាប់សាវកប៉ុល ទាំងអស់នេះមិនអាចដាច់ពីគ្នាបានទេ គឺគាត់មិនបានខាន ហើយបានប្រាប់ពួកគេពីគ្រប់ទាំង គំនិតព្រះហឫទ័យរបស់ព្រះ។ នេះគឺជាអ្វីដែលយើងឆ្ពោះតម្រង់ទៅជាមួយគ្នា គឺត្រូវស្តាប់បង្គាប់ដោយភាពក្លាហាននៅក្នុងការបង្រៀនគ្រប់ទាំង គំនិតព្រះហឫទ័យរបស់ព្រះ។ សូមអោយព្រះជួយយើងអោយធ្វើការនេះជាមួយ ដើម្បីឈានឆ្ពោះទៅដល់និមិត្តដ៏អស្ចារ្យនេះ។
តួនាទីរបស់គ្រូគង្វាលនិងគ្រូអធិប្បាយ