ក្រុង នីនីវេ Nineveh

ក្រុង នីនីវេ Nineveh

រាជធានី​មួយ​នៃ​ចក្រភព​អាសស៊ើរ។  នៅ​សម័យ​​នោះ ​ក្រុង​នេះ​ស្ថិត​នៅ​កន្លែង​មួយ ​ដែល​បច្ចុប្បន្ន​​នេះ​ជា​អ៊ីរ៉ាក់​ខាង​ជើង​ ជីត​​ក្រុង Mosul។

ប្រវត្តិសាស្ត្រ

បុរាណវត្ថុវិទ្យា​បង្ហាញ​ថា ​មាន​មនុស្ស​រស់​នៅ​ទី​ក្រុង​នេះ​តាំង​ពី​បុរាណ​ (ប្រហែល​ជា​ ៤៥០០ មុន គ.ស.) ហើយ​នេះ​ស៊ី​​គ្នា​នឹង​ លោកុប្បត្ដិ​ ជំពូក​១០។

ជនជាតិ​អាស​ស៊ើរ​បាន​វាយលុក​យ៉ាង​ខ្លាំង ​ហើយ​គេ​បាន​ក្រាប​ថ្វាយ​បង្គំ Ishtar (Inanna​)​ ​ជា​​​ព្រះ​នៃ​សេចក្ដី​ស្រឡាញ់​និង​សង្រ្គាម​។ ព្រះ​ច្រើន​ទៀត​ត្រូវ​បាន​​គេ​ថ្វាយ​បង្គំ ​និង​គេ​បាន​យក​ឈ្មោះ​របស់​ព្រះ​ទាំង​នេះ​​​ធ្វើ​ជា​ឈ្មោះ​ទ្វារ​​ក្រុង​​​នេះ​។ ពួក​អាស្ស៊ីរី​បាន​គោរព​ថ្វាយ​បង្គំ​នៅ​ព្រះវិហារ​នៃ Nabu​ ជា​ព្រះ​នៃ​ការ​សរសេរ​និង​សិល្បៈ​និង​វិទ្យាសាស្ត្រ​ ដែល​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ចាប់​អារម្មណ៍​របស់​ពួក​អាសស៊ើរ​ក្នុង​កំណត់ត្រា​ អក្សរសាស្ត្រ​ និង​រូប​ចម្លាក់។

សានហេរីប​ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី ចាប់​​ពីឆ្នាំ​​៧០៥–៦៨១ មុន គ.ស. បាន​ធ្វើ​អោយ​នីនីវេ​​ក្លាយ​ជា​រាជធានី​នៃ​ចក្រភព​អាសស៊ើរ។

នីនីវេ និង​ព្រះ​គម្ពីរ​

មាន​ប្រាំ​មួយ​កណ្ឌ​នៅ​ក្នុង​សញ្ញាចាស់​ ដែល​សរសេរ​អំពី​ក្រុង​នីនីវេ  (សូម​មើល លោកុប្បត្ដិ​ ១០:១១-១២;  ២ពង្សាវតារក្សត្រ​ ១៩:៣៦; អេសាយ​ ៣៧:៣៧; យ៉ូណាស​; ណាហ៊ុម​ និង សេផានា​ ២:១៣)។ ២ពង្សាវតារក្សត្រ​ជំពូក​ ១៤-១៦; ១៥:១៩-២០ និង អេសាយ​ ៨:៤ និទាន​រឿង​ដែល​ទាក់​ទង​នឹង​នីនីវេ​ផង​ដែរ។

 

ព្រះជាម្ចាស់​បាន​នាំ​ហោរា​យ៉ូណាស​ទៅ​នីនីវេ​ ដើម្បី​ព្រមាន​គេ​ហើយ​បង្គាប់​អោយ​​គេ​​ប្រែ​ចិត្ត។  ហោរា​ណាហ៊ុម​និង​សេផានា​បាន​ប្រកាស​ព្រះបន្ទូល​ថា ក្រុង​នីនីវេ​នឹង​ត្រូវ​គេ​ដណ្ដើម​យក។  លោក​សេផានា​បាន​ប្រកាស​ថា ៖

ព្រះអម្ចាស់​នឹង​លើក​ព្រះហស្ដ​វាយ​ប្រហារ

ស្រុក​ខាង​ជើង

ព្រះអង្គ​នឹង​កំទេច​ស្រុក​អាស្ស៊ីរី

ព្រះអង្គ​នឹង​ធ្វើ​អោយ​ក្រុង​នីនីវេ

ក្លាយ​ទៅ​ជា​ទី​ស្មសាន

ជា​កន្លែង​ហួតហែង​ដូច​វាល​រហោស្ថាន។

ហ្វូង​សត្វ​នឹង​មក​ធ្វើ​ជម្រក​នៅ​កណ្ដាល​ក្រុង​នោះ

ហើយ​សត្វ​គ្រប់​ប្រភេទ គឺ​មាន​សត្វ​ទុង កាំប្រមា

ក៏​មក​ជ្រក​នៅ​តាម​សសរ​អាគារ​របស់​ក្រុង​នោះ​ដែរ។

សំឡេង​សត្វ​ព្រៃ​នឹង​លាន់​ឮ​នៅ​តាម​បង្អួច។

ក្រប​ទ្វារ​ផ្ទះ​បាក់​បែក​អស់

ហើយ​ឈើ​ដ៏​មាន​តម្លៃ​ក៏​បាក់​ជ្រុះ​អស់​ដែរ។

មើល៍! ទីក្រុង​ដែល​ធ្លាប់​តែ​សប្បាយ

ស្គាល់​តែ​សេចក្ដី​សុខសាន្ត ហើយ​តែង​គិត​ថា

គ្មាន​នរណា​ផ្ទឹម​ស្មើ​នឹង​ខ្លួន

បាន​ក្លាយ​ទៅ​ជា​ទី​ស្មសាន ជា​ជំរក​សត្វ​ព្រៃ។

អស់​អ្នក​ដែល​ដើរ​កាត់​តាម​នោះ

នាំ​គ្នា​ស្រឡាំងកាំង ហើយ​ព្រឺ​សម្បុរ (សេផានា​ ២:១៣–១៥ គ.ខ.ប.)។

តាម​ពិត​តាម​ប្រវត្តិសាស្ត្រ​ព្រឹត្តិ​ការណ៍​ទាំង​នេះ​បាន​កើត​ឡើង​ចំពោះ​នីនីវេ។

ឈ្មោះ​នីនីវេ​បាន​លេច​ឡើង​នៅ​ក្នុង​សញ្ញាថ្មី​តែ​ម្ដង​ប៉ុណ្ណោះ​។  ព្រះ​យេស៊ូវ​បង្រៀន​ថា នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​នីនីវេ​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​ព្រះគ្រីស្ទ​ ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង ព្រោះ​គេ​បាន​កែ​ប្រែ​ចិត្ត​កាល​លោក​យ៉ូណាស​ប្រកាស​ព្រះបន្ទូល​ ហើយ​ព្រះ​យេស៊ូវ​​ប្រសើរ​ជាង​លោក​យ៉ូណាស​ទៅ​ទៀត (ម៉ាថាយ​ ១២:៤១; លូកា​ ១១:៣២)។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top