Five Great Truths about our Salvation pdf download
នៅក្នុងប្រវត្តិសាស្ត្រ មានគ្រូគង្វាលនិងសាស្ត្រាចារ្យព្រះគម្ពីរជាច្រើនបានបង្រៀនអំពីសេចក្តីពិតអស្ចារ្យទាំងប្រាំនៅក្នុងព្រះគម្ពីរ អំពីសេចក្តីសង្គ្រោះរបស់យើង ហើយសេចក្តីពិតទាំងប្រាំនេះមានទំនាក់ទំនងគ្នាយ៉ាងខ្លាំង។ សេចក្តីពិតទាំងប្រាំនេះមាន៖
- តែដោយព្រះគុណប៉ុណ្ណោះ
- តែដោយជំនឿប៉ុណ្ណោះ
- តែដោយព្រះគ្រីស្ទប៉ុណ្ណោះ
- តែដោយព្រះគម្ពីរប៉ុណ្ណោះ
- តែសំរាប់សិរីរុងរឿងរបស់ព្រះប៉ុណ្ណោះ។
(អង់គ្លេស Grace alone, Faith alone, Christ alone, Scripture alone, and to God’s Glory alone)។ សូមមើលលើសេចក្តីពិតទាំងនេះនៅក្នុងព្រះគម្ពីរ ហើយយល់ដឹងអំពីរបៀបដែលសេចក្តីពិតទាំងនេះមានទំនាក់ទំនងនឹងគ្នា។
ខគម្ពីរដ៏ល្បីល្បាញអំពីសេចក្តីសង្គ្រោះរបស់យើងគឺ អេភេសូរ ២:៨ ។
ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ (អេភេសូរ ២:៨) |
ចូរកត់សំគាល់ថា នៅក្នុងខនេះលោកប៉ុលមានប្រសាសន៍ថា យើងទទួលព្រះគុណនេះតាមរយៈសេចក្តីជំនឿ។
នៅក្នុងកណ្ឌគម្ពីររ៉ូម លោកប៉ុលពន្យល់អំពីដំណឹងល្អ និងបង្រៀនយ៉ាងច្បាស់លាស់អំពីសេចក្តីជំនឿ និងព្រះគុណ ។ ជាឧទាហរណ៍ លោកប៉ុលសរសេរនៅក្នុង រ៉ូម ៤:១៦ ថា «ដូច្នេះ សេចក្តីសន្យាបានមកដោយសេចក្តីជំនឿ ដើម្បីឲ្យបានត្រូវខាងព្រះគុណ ប្រយោជន៍ឲ្យសេចក្តីសន្យាបានខ្ជាប់ខ្ជួន ដល់ពូជលោកតទៅ មិនមែនត្រឹមតែពូជដែលអាងក្រឹត្យវិន័យប៉ុណ្ណោះទេ គឺដល់ទាំងពូជដែលអាងសេចក្តីជំនឿរបស់លោកអ័ប្រាហាំ ដែលជាឰយុកោនៃយើងទាំងអស់គ្នាថែមទៀតផង»។
ចូរកត់សំគាល់ថា លោកប៉ុលសរសេរថា សេចក្តីសន្យាមកដោយសារសេចក្តីជឿ។ ប្រសិនបើអ្នកណាម្នាក់សន្យានឹងជូនទូរស័ព្ទមួយជាកាដូដល់ខ្ញុំ ហើយបន្ទាប់មក ខ្ញុំចេញទៅខាងក្រៅទិញទូរស័ព្ទមួយ នោះមានន័យថា ខ្ញុំមិនមានសេចក្តីជំនឿ នៅក្នុងសេចក្តីសន្យារបស់មិត្តរបស់ខ្ញុំទេ។ ឬប្រសិនបើគាត់សន្យានឹងជូនទូរស័ព្ទមួយដល់ខ្ញុំ ហើយបន្ទាប់មកខ្ញុំខិតខំធ្វើការ ដើម្បីរកលុយទិញទូរស័ព្ទ នោះខ្ញុំមិនមានសេចក្តីជំនឿនៅក្នុង សេចក្តីសន្យារបស់គាត់ទេ។ ប៉ុន្តែប្រសិនបើគាត់ជូនទូរស័ព្ទដល់ខ្ញុំ ដូចដែលគាត់បានសន្យា នោះមិនដោយសារការងាររបស់ខ្ញុំទេ ។ ស្រដៀងគ្នាផងដែរ យើងទទួលសេចក្តីសង្គ្រោះតាមរយៈសេចក្តីសន្យារបស់ព្រះ។ របៀបដែលយើងទទួលសេចក្តីសន្យារបស់ព្រះគឺដោយការជឿថា ព្រះនឹងប្រទាននូវអ្វីដែលទ្រង់បានសន្យានោះ។ (សំរាប់ការសិក្សាអំពីអ្វីដែលព្រះបានសន្យា សូមមើលធនធានឯកសារ សេចក្តីសង្គ្រោះ និងសេចក្តីសន្យារបស់ព្រះ) ។ សេចក្តីសន្យាដែលទ្រង់ប្រទាន គឺទ្រង់ប្រទានមកតាមរយៈព្រះគ្រីស្ទ ។ នេះគឺជាហេតុផលមួយ ដែលសេចក្តីជំនឿនៅក្នុងព្រះគម្ពីរសញ្ញាថ្មីគឺជាសេចក្តីជំនឿលើព្រះគ្រីស្ទ (សំរាប់ការសិក្សាអំពីសេចក្តីជំនឿ សូមមើលធនធានឯកសារ សេចក្តីជំនឿ)។ ដូច្នេះ ព្រះសង្គ្រោះយើង ដោយសារសេចក្តីជំនឿ គឺយើងជឿដល់ព្រះគ្រីស្ទ និងដាក់ការទុកចិត្តរបស់យើងលើព្រះគ្រីស្ទ មិនមែនលើការប្រព្រឹត្តល្អរបស់យើងនោះទេ។ (សូមមើលរ៉ូម ១:៥; ៥:១-២; ៩:៣០-៣២; កាឡាទី ១:១៦; ៣:១១; ៥:៤; ភីលីព ១:៩)។
តាមរយៈខគម្ពីរខាងលើ យើងមើលឃើញមូលហេតុ ដែលគ្រូគង្វាលជាច្រើនបានបង្រៀនសេចក្តីពិតធំៗនៅក្នុងព្រះគម្ពីរថា យើងបានសង្គ្រោះ តែដោយព្រះគ្រីស្ទ តែដោយព្រះគុណ និងតែដោយសេចក្តីជំនឿ។ ប៉ុន្តែ ជាការសំខាន់ដែលយើងយល់អំពីសារៈសំខាន់ នៃពាក្យថា តែដែលយើងបានសង្គ្រោះតែដោយព្រះគ្រីស្ទ តែដោយព្រះគុណ និងតែដោយសេចក្តីជំនឿ។ យើងមិនបានសង្គ្រោះដោយសារព្រះគ្រីស្ទ រួមនឹងការប្រព្រឹត្តល្អរបស់យើងនោះទេ ប៉ុន្តែតែដោយសារព្រះគ្រីស្ទប៉ុណ្ណោះ។
យើងមិនបានសង្គ្រោះដោយសារសេចក្តីជំនឿ រួមនឹងការប្រព្រឹត្តល្អរបស់យើងនោះទេ ប៉ុន្តែដោយសារសេចក្តីជំនឿតែមួយគត់វិញ។ ប្រសិនបើដោយសារការប្រព្រឹត្តរបស់យើងដែរ នោះវាមិនមែនដោយសារសេចក្តីជំនឿទៀតទេ ដូចជា រ៉ូម ៤:៥; ៩:៣២ និងកាឡាទី ៣:១០-១២ បង្រៀនស្រាប់។ យើងមិនបានសង្គ្រោះដោយសារព្រះគុណ រួមនឹងការប្រព្រឹត្តល្អរបស់យើងទេ គឺតែដោយសារព្រះគុណវិញ។ ប្រសិនបើដោយសារការប្រព្រឹត្តរបស់យើងដែរ នោះវាមិនមែនដោយសារព្រះគុណទៀតទេ ដូចជា រ៉ូម ១១:៦ បង្រៀនស្រាប់។ ការគិតពិចារណាអំពីឈើឆ្កាងគឺជារបៀបមួយទៀត ដើម្បីជួយយើងមើលឃើញថា យើងបានសង្គ្រោះតែដោយសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ។ ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ដើម្បីអត់ទោសអំពើបាបរបស់យើង។ ប្រសិនបើយើងព្យាយាមឲ្យបានសង្គ្រោះដោយសារការស្តាប់បង្គាប់របស់យើង នោះដូចជាការនិយាយថា ព្រះយេស៊ូវមិនចាំបាច់ត្រូវសុគតសំរាប់ការអត់ទោសរបស់យើងទេ ហើយការសុគតរបស់ទ្រង់គឺជាការឥតប្រយោជន៍។ ដូចព្រះគម្ពីរបង្រៀនថា «ខ្ញុំមិនលើកព្រះគុណនៃព្រះចោលទេ ដ្បិតបើសិនជាសេចក្តីសុចរិតមកដោយសារក្រឹត្យវិន័យ នោះព្រះគ្រីស្ទបានសុគតជាឥតប្រយោជន៍សោះ» (កាឡាទី ២:២១)។
តាមរយៈខគម្ពីរខាងលើ យើងឃើញថា នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ការដែលផ្ទុយនឹងជឿលើព្រះគ្រីស្ទគឺជឿលើខ្លួនឯង គឺយើងមិនពឹងផ្អែកលើព្រះគ្រីស្ទ ប៉ុន្តែពឹងផ្អែកលើការប្រព្រឹត្តរបស់ខ្លួន។
យើងមិនអាចដាក់ការទុកចិត្តរបស់យើងលើព្រះគ្រីស្ទផង និងលើការប្រព្រឹត្តល្អរបស់យើងផង ដើម្បីបានសេចក្តីសង្គ្រោះបានឡើយ។ សេចក្តីសង្គ្រោះ គឺជាសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទតែប៉ុណ្ណោះ។ តាមរយៈខគម្ពីរខាងលើ យើងក៏ឃើញផងដែរថា សេចក្តីជំនឿ ព្រះគុណ និងព្រះគ្រីស្ទ គឺជាប្រធានបទដែលទាក់ទងគ្នាយ៉ាងជិតស្និទ្ធ។ ជាឧទាហរណ៍ ប្រសិនបើយើងនិយាយថា យើងបានសង្គ្រោះដោយសារសេចក្តីជំនឿ និងដោយសារការដើរតាមក្រិត្យវិន័យរបស់ព្រះ នោះយើងធ្លាក់ចេញពីព្រះគុណ និងកាត់ចេញពីព្រះគ្រីស្ទហើយ ដូចជាកាឡាទី ៥:៤ បង្រៀនថា «អស់អ្នករាល់គ្នាណាដែលពឹងដល់ក្រិត្យវិន័យ អោយបានរាប់ជាសុចរិត នោះត្រូវកាត់ចេញពីព្រះគ្រីស្ទ អ្នកបានធ្លាក់ចេញពីព្រះគុណហើយ»។
យើងបានសិក្សាអំពីសេចក្តីពិតធំៗទាំងបីហើយ។ សេចក្តីពិតទីបួន គឺតែដោយព្រះគម្ពីរ។ សេចក្តីពិតនេះបង្រៀនថា ព្រះគម្ពីរមានគ្រប់អ្វីៗ ដែលយើងត្រូវការពីព្រះ ដើម្បីបង្រៀនយើងថា ទ្រង់ជាអ្នកណា អ្វីដែលទ្រង់បានធ្វើសំរាប់យើង ហើយអ្វីដែលទ្រង់បង្គាប់អោយយើងស្ដាប់តាម។ យើងមិនត្រូវបន្ថែមអ្វីទៅលើអ្វីដែលព្រះគម្ពីរបង្រៀន ឬក៏ដាក់អ្វីមួយផ្សេងអោយមានអំណាចស្មើ ឬខ្ពស់ជាងព្រះគម្ពីរឡើយ។
មានកន្លែងជាច្រើននៅក្នុងព្រះគម្ពីរ ដែលបង្រៀនអំពីការនេះ។ យើងនឹងមើលលើបទគម្ពីរសំខាន់មួយគឺ ២ធីម៉ូថែ ៣:១៥-១៦។ បទគម្ពីរនេះបង្រៀនថា គ្រប់បទគម្ពីរទាំងអស់ផ្ដល់អោយយើងមានប្រាជ្ញា ដើម្បីនឹងទទួលការសង្គ្រោះ ដោយមានជំនឿលើព្រះគ្រីស្ទ។ សូមកត់សំគាល់ថា សេចក្តីពិតធំៗបី នៅក្នុងចំណោមសេចក្តីពិតធំៗទាំងប្រាំ មានទំនាក់ទំនងគ្នាយ៉ាងខ្លាំងនៅក្នុងបទគម្ពីរនេះ គឺ ព្រះគម្ពីរ សេចក្តីជំនឿ និងព្រះគ្រីស្ទ ហើយទាំងអស់នេះទាក់ទងនឹងសេចក្តីសង្គ្រោះរបស់យើង។ ចូរកត់សំគាល់ថា ព្រះគម្ពីរអាចនាំយើងឲ្យទទួលសេចក្តីសង្គ្រោះបាន ដែលនេះមានន័យថា ព្រះគម្ពីរបង្រៀនយើងអំពីគ្រប់អ្វីៗទាំងអស់ ដែលយើងត្រូវការ ដើម្បីឲ្យយើងអាចបានសង្គ្រោះ។ ប្រសិនបើព្រះគម្ពីរមិនមានគ្រប់អ្វីៗទាំងអស់ ដែលយើងត្រូវការដឹងនោះទេ នោះព្រះគម្ពីរមិនអាចនាំយើងឲ្យទទួលសេចក្តីសង្គ្រោះតាមរយៈសេចក្តីជំនឿលើព្រះគ្រីស្ទបានឡើយ។ ហេតុដូចនេះហើយ យើងមិនត្រូវការអ្វីផ្សេងទៀត ហើយយើងមិនគួរបន្ថែមអ្វីផ្សេងទៀត ពីព្រោះយើងមានព្រះគម្ពីរតែមួយគត់ ដែលមានអំណាចខ្ពស់ជាងគេបង្អស់ ដើម្បីបង្រៀនឲ្យយើងដឹងថា ព្រះទ្រង់ជាអ្នកណា ហើយទ្រង់បានធ្វើអ្វីសំរាប់យើង និងអ្វីដែលទ្រង់បង្គាប់អោយយើងស្ដាប់តាមនោះឡើយ។
សេចក្តីពិតនេះ គឺមានសារៈសំខាន់ ពីព្រោះនៅពេលមនុស្សដើរតាមគំនិតរបស់ពួកគេ ជាជាងដើរតាមព្រះបន្ទូលរបស់ព្រះ យើងតែងតែគិតថា មនុស្សនឹងបានសង្គ្រោះដោយសារការប្រព្រឹត្តល្អរបស់ពួកគេ។ សាសនាផ្សេងៗទៀតនៅលើពិភពលោកបង្រៀនថា មនុស្សបានសង្គ្រោះដោយសារការប្រព្រឹត្តល្អ ការដែលពួកគេធ្វើ ពិធីបុណ្យសាសនារបស់ពួកគេ ។ល។ ប៉ុន្តែព្រះគម្ពីរអះអាងថា យើងមិនអាចបានសង្គ្រោះដោយសារការប្រព្រឹត្តល្អរបស់យើងបានទេ ប៉ុន្តែយើងបានសង្គ្រោះដោយសារសេចក្តីជំនឿនៅក្នុងព្រះគ្រីស្ទវិញ។ អ្វីដែលព្រះគម្ពីរបង្រៀន និងអ្វីដែលមនុស្សគិត គឺខុសគ្នា។ ដូច្នេះ នៅពេលមនុស្សមិនដើរតាមសេចក្តីពិត តែដោយព្រះគម្ពីរប៉ុណ្ណោះ ប៉ុន្តែបន្ថែមប្រពៃណីរបស់មនុស្ស ប្រពៃណីរបស់ពួកជំនុំ អោយស្មើ ឬខ្ពស់ជាង ព្រះគម្ពីរ នោះពួកគេភ្លេច ឬបដិសេធយ៉ាងឆាប់រហ័សនូវសេចក្តីពិត ដែលថា យើងបានសង្គ្រោះតែដោយសារព្រះគ្រីស្ទ តែដោយសារសេចក្តីជំនឿ និងតែដោយសារព្រះគុណ។ សេចក្តីពិតធំទីប្រាំគឺ តែសំរាប់សិរីរុងរឿងរបស់ព្រះប៉ុណ្ណោះ។ យើងឃើញសេចក្តីពិតនេះម្តងទៀតនៅក្នុងកណ្ឌគម្ពីររ៉ូម។ រ៉ូម ៣:២៧ ចែងថា «ដូច្នេះ តើសេចក្តីអួតអាងនៅឯណា គឺត្រូវលើកចោលហើយ តើច្បាប់ណាដែលលើកចោលនោះ តើជាច្បាប់ខាងឯការប្រព្រឹត្ត ឬ មិនមែនទេ គឺជាច្បាប់ខាងឯសេចក្តីជំនឿវិញទេតើ»។ ហើយរ៉ូម ៤:២ ចែងថា «ដ្បិតបើសិនណាជាលោកអ័ប្រាហាំបានរាប់ជាសុចរិត ដោយការដែលលោកប្រព្រឹត្ត នោះលោកមានកន្លែងនឹងអួតខ្លួនហើយ តែមិនមែនចំពោះព្រះទេ»។ ហើយអេភេសូរ ២:៨-៩ ចែងថា «ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន»។
ប្រសិនបើយើងបានសង្គ្រោះដោយសារការប្រព្រឹត្ត ដោយសារការប្រតិបត្តិតាមក្រិត្យវិន័យ នោះយើងអាចអួតពីខ្លួន ពីព្រោះវាគឺជាសេចក្តីល្អរបស់យើង ដែលបាននាំអោយយើងទទួលសេចក្តីសង្គ្រោះ។
ប៉ុន្តែយើងអាចអួតតែពីព្រះអម្ចាស់ប៉ុណ្ណោះ និងថ្វាយសិរីរុងរឿងតែដល់ទ្រង់ប៉ុណ្ណោះ ពីព្រោះយើងបានទទួលសេចក្ដីសង្គ្រោះតាមរយៈយើងជឿលើព្រះគ្រីស្ទ។ ដូចជាព្រះគម្ពីរចែងថា «ដើម្បីឲ្យបានត្រូវនឹងសេចក្តីដែលចែងទុកមកថា «អ្នកណាដែលអួត ត្រូវអួតតែពីព្រះអម្ចាស់ប៉ុណ្ណោះ» (១ កូរិនថូស ១:៣១) ។
នេះមិនមានន័យថា យើងនឹងមិនបានដំកើងឡើងនោះទេ ពីព្រោះព្រះសន្យាថា នៅក្នុងការបង្កបង្កើតថ្មី យើងនឹងបានដំកើងឡើង (រ៉ូម ៨:៣០)។ ទោះជាយ៉ាងណា នៅក្នុងនាមជារាស្រ្តរបស់ព្រះ យើងរីករាយនៅក្នុងការថ្វាយសិរីរុងរឿងដល់ទ្រង់ ច្រៀងសរសើរទ្រង់ ដូចជាព្រះគម្ពីរចែងថា «តែអ្នករាល់គ្នាជាពូជជ្រើស រើស ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរ្តិ៍ អាករនៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានសំដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់» (១ ពេត្រុស២:៩)។
ហេតុដូច្នេះ ដើម្បីអោយបានខ្ជាប់ខ្ជួនជាមួយដំណឹងល្អពិតប្រាកដ ហើយបន្តមានអំណរនៅក្នុងសេចក្តីសង្គ្រោះដ៏អស្ចារ្យ ប្រកបដោយព្រះគុណរបស់ព្រះ ចូរយើងរៀន ហើយរំលឹកខ្លួនយើងអំពីសេចក្តីពិតធំៗទាំងប្រាំនេះ។
Leave a Reply