យ៉ូហាន ១៥:១–១៧
ការរំលឹក៖ នៅក្នុងយ៉ូហាន ១៤:១៥-៣១ យើងបានរៀនថា ព្រះយេស៊ូវប្រទានហេតុផលទីពីរ ដែលវាជាការល្អ ដែលទ្រង់ចាកចេញទៅ គឺដោយព្រោះទ្រង់នឹងយាងទៅឯព្រះវរបិតា ហើយទ្រង់និងព្រះវរបិតានឹងបញ្ជូនព្រះវិញ្ញាណបរិសុទ្ធមកកាន់យើង។
សូមអានយ៉ូហាន ១៥:១-១៧ ទាំងមូល។
ចូរអាន ខ.១-៤ ទ្បើងវិញ ហើយឆ្លើយសំនួរខាងក្រោម។
តើព្រះយេស៊ូវធៀបអង្គទ្រង់ទៅនឹងអ្វី?
តើ ព្រះវរបិតាបានធ្វើអ្វីចំពោះអស់ទាំងខ្នែងណាដែលមិនបង្កើតផលផ្លែ?
តើ យើងបានស្អាតហើយដោយសារអ្វី?
តើ ព្រះយេស៊ូវបង្គាប់យើងអោយធ្វើអ្វី (ខ.៤)?
ការពន្យល់៖ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ អ៊ីស្រាអែលគឺជាដើមទំពាំងបាយជូរ ឬចំការទំពាំងបាយជូរ (ទំនុកដំកើង ៨០:៨–១៦; អេសាយ ៥:១–៧; អេសេគាល ១៥:១–៦; ១៩:១០–១៤)។ ព្រះយេស៊ូវគឺជាដើមទំពាំងបាយជូរដ៏ពិតប្រាកដ ពីព្រោះទ្រង់បានសំរេចនូវភារកិច្ចរបស់អ៊ីស្រាអែល (ហើយអ៊ីស្រាអែលបានបរាជ័យក្នុងភារកិច្ចរបស់គេ)។ ព្រះយេស៊ូវបានប្រើពាក្យប្រៀបធៀបអំពីដើមទំពាំងបាយជូរ ដើម្បីបង្ហាញអំពីទំនាក់ទំនងដ៏ស្និទ្ធស្នាលរវាងព្រះវរបិតានិងព្រះរាជបុត្រា។ ដើមទំពាំងបាយជូរមានប្រយោជន៍សំរាប់បង្កើតផ្លែ ដូច្នេះអត្ថបទនេះផ្ដោតទៅលើមែកនិងអ្វីដែលត្រូវកើតឡើងជាប្រយោជន៍ដើម្បីមែកនឹងបង្កើតផ្លែ (ខ.២)។ មែកណា ដែលឥតមានផ្លែ ត្រូវបានកាត់ចោល។ ក្នុងចំណោមពួកសិស្សទាំងអស់ យូដាសត្រូវបានកាត់ចោល។ ប្រសិនបើមែកមិនស្ថិតនៅជាប់នឹងដើមទេ វាពុំអាចបង្កើតផលដោយឯកឯងបានឡើយ ដូច្នេះហើយពួកសិស្សត្រូវស្ថិតនៅជាប់នឹងព្រះយេស៊ូវ។ គោលបំណងធំបំផុតនៃពាក្យប្រៀបធៀបអំពីដើមទំពាំងបាយជូរនេះគឺ ដើម្បីបង្ហាញយ៉ាងច្បាស់លាស់ថា ពួកសិស្សត្រូវពឹងផ្អែកលើព្រះយេស៊ូវ ប្រយោជន៍អោយគេបានបង្កើតផលផ្លែ។
ចូរអាន ខ.៥-៨
តើ យើងត្រូវធ្វើអ្វីដើម្បីបង្កើតផលបានច្រើន?
តើ ការបង្កើតផលបានច្រើនមានគោលបំណងអ្វី (ខ.៨)?
ការពន្យល់ និងការអនុវត្ត៖ ខ.៧បានបង្ហាញការអនុវត្តមួយដែលបង្រៀនថា ការស្ថិតនៅជាប់នឹងព្រះយេស៊ូវជាប់ទាក់ទងនឹងព្រះបន្ទូលរបស់ព្រះយេស៊ូវនិងការអធិស្ឋាន។ តើធ្វើដូចម្ដេចអោយយើងខ្ញុំអាចស្ថិតនៅជាប់នឹងព្រះយេស៊ូវបាន? គឺដោយយើងទុកព្រះបន្ទូលរបស់ព្រះយេស៊ូវស្ថិតនៅជាប់នឹងយើង។ ដូច្នេះ បើសិនជាព្រះបន្ទូលរបស់ព្រះយេស៊ូវមិនស្ថិតនៅជាប់នឹងយើងទេ នោះយើងពុំអាចបង្កើតផ្លែបានទេ។ នៅក្នុងជីវិតរបស់យើង យើងត្រូវទុកព្រះបន្ទូលរបស់ព្រះយេស៊ូវស្ថិតនៅជាប់នឹងយើង ដោយយើងសិក្សាព្រះគម្ពីរ ស្ដាប់ព្រះគម្ពីរ ទុកចិត្តនិងស្ដាប់តាមព្រះគម្ពីរ។ មនុស្សដែលមិនធ្វើដូច្នេះមិនអាចបង្កើតផ្លែទេ។ ការទទួលបានអ្វីៗដែលយើងទូលសុំពីព្រះជាម្ចាស់គឺអាស្រ័យលើព្រះបន្ទូលរបស់ព្រះយេស៊ូវស្ថិតនៅជាប់នឹងយើង ឬអត់។ នេះមិនមែនមានន័យថា ព្រះបន្ទូលរបស់ព្រះយេស៊ូវជាពាក្យមន្តអាគម ដែលនាំអោយយើងបានទទួលអ្វីតាមសេចក្តីប្រាថ្នាចង់បានរបស់យើងឡើយ ពីព្រោះបើសិនជាព្រះបន្ទូលរបស់ព្រះយេស៊ូវស្ថិតនៅជាប់នឹងយើង នោះយើងនឹងទូលសុំតាមព្រះហឫទ័យរបស់ព្រះយេស៊ូវវិញ។ នេះគឺជារបៀបមួយទៀត ដែលយើងឃើញទំនាក់ទំនងដ៏ស្និទ្ធស្នាលរវាងដើមទំពាំងបាយជូរនិងមែក។ តើអ្នកបានធ្វើអ្វីនៅក្នុងជីវិត ប្រយោជន៍ដើម្បីអោយព្រះបន្ទូលរបស់ព្រះយេស៊ូវស្ថិតនៅជាប់នឹងអ្នក?
ចូរអាន ខ.៩-១៧
តើ យើងធ្វើដូចម្ដេចអោយយើងខ្ញុំអាចជាប់នឹងសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវ?
តើ ព្រះយេស៊ូវបង្គាប់យើងអោយធ្វើអ្វី?
ព្រះយេស៊ូវបានបង្រៀនសេចក្ដីទាំងនេះប្រយោជន៍ដើម្បីអ្វី (ខ.១១)?
បង្គ្រប់ប្រយោគនេះ៖ គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះ គឺ_______________________។
តើ ហេតុអ្វីបានជាព្រះយេស៊ូវមិនចាត់ទុកយើងជាអ្នកបំរើទៀត (ខ.១៥)?
តើ ព្រះយេស៊ូវបានជ្រើសរើសយើង ហើយបានតែងតាំងយើងអោយទៅធ្វើអ្វី?
ការពន្យល់ និងការអនុវត្ត៖ ដូចដែលព្រះយេស៊ូវមានអំណរដោយសារទ្រង់ស្ដាប់បង្គាប់ព្រះវរបិតា នោះគ្រីស្ទបរិស័ទក៏មានអំណរដោយសារពួកគេស្ដាប់បង្គាប់ព្រះរាជបុត្រាផងដែរ។ នេះមិនមែនជាអំណរដ៏រាក់ ដែលអាស្រ័យតាមកាលៈទេសៈ ដែលនាំអោយយើងសប្បាយទេ ប៉ុន្តែគឺជាអំណរដ៏ជ្រៅ ដែលយើងមាន ទោះបីជាយើងមានសេចក្ដីទុក្ខលំបាក និងសេចក្តីបៀតបៀនក៏ដោយ។ ពួកសិស្សមានអំណរពីព្រោះពួកគេមានកិត្តិយសក្នុងការរងទុក្ខទោសដោយព្រោះព្រះនាមព្រះយេស៊ូវ (កិច្ចការ ៥:៤០-៤១)។ នៅក្នុងអត្ថបទនេះ បទបញ្ជាដែលយើងត្រូវស្ដាប់តាមគឺ ស្រឡាញ់ដល់គ្នាទៅវិញទៅមក ដូចជាព្រះយេស៊ូវបានស្រឡាញ់យើងដែរ ការនេះនឹងនាំយើងអោយមានអំណរ។ តើអ្នកបានទទួលអំណរមកពីការស្ដាប់បង្គាប់ព្រះអង្គនិងស្រឡាញ់ដល់គ្នាទៅវិញទៅមកដែរឬទេ?
នៅក្នុងខ.១៣ ព្រះយេស៊ូវបានទាយអំពីការសុគតរបស់ទ្រង់ម្ដងទៀត។ នៅក្នុង ១៤:៣១ ព្រះយេស៊ូវបានបង្រៀនថា ការសុគតរបស់ទ្រង់សំដែងអំពីសេចក្ដីស្រឡាញ់របស់ព្រះរាជបុត្រាចំពោះព្រះវរបិតា នៅក្នុង ១៥:១៣ ព្រះយេស៊ូវបង្រៀនថា ការសុគតរបស់ទ្រង់សំដែងអំពីសេចក្ដីស្រឡាញ់របស់ព្រះរាជបុត្រាចំពោះមិត្តសម្លាញ់។
នៅពេលដែលព្រះយេស៊ូវបានហៅយើងជាមិត្តសម្លាញ់របស់ទ្រង់ នោះមិនមានន័យថា នេះជាទំនាក់ទំនងមានលក្ខណៈដូចជា ទំនាក់ទំនងរបស់យើងជាមួយនឹងមិត្តសម្លាញ់របស់យើងផ្សេងទៀតទេ គឺមិត្តភាពរវាងព្រះយេស៊ូវនិងពួកសិស្ស របស់ទ្រង់មិនមែនជាមិត្តភាពរវាងមនុស្សដែលមានឋានៈស្មើគ្នានោះទេ។ សូម្បីតែនៅក្នុងអត្ថបទនេះ ព្រះយេស៊ូវបង្គាប់យើង ហើយយើងគោរពតាមទ្រង់។ យើងមិនបានបង្គាប់ទ្រង់ទេ។ ជាការពិតយើងត្រូវស្ដាប់បង្គាប់ទ្រង់ដើម្បីក្លាយជាមិត្តសម្លាញ់របស់ព្រះអង្គ (ខ.១៤)។ ម្យ៉ាងទៀត សូមចំណាំថា អត្ថបទនេះមិនបាននិយាយថា ព្រះយេស៊ូវគឺជាមិត្តសម្លាញ់របស់យើងនោះទេ ប៉ុន្តែថា យើងជាមិត្តសម្លាញ់របស់ព្រះយេស៊ូវវិញ។ នៅពេលដែល ព្រះយេស៊ូវបាននិយាយថា ទ្រង់មិនហៅយើងជាអ្នកបំរើទៀត នោះមិនមានន័យថា យើងមិនមែនជាអ្នកបំរើរបស់ព្រះគ្រីស្ទទេ ពីព្រោះយើងពិតជាអ្នកបំរើមែន។ ខ.១៥ បានពន្យល់អំពីអ្វីដែលព្រះយេស៊ូវបង្រៀនអំពីមិត្តសម្លាញ់និងអ្នកបំរើ។ អ្នកបំរើស្ដាប់បង្គាប់ម្ចាស់របស់ខ្លួន ប៉ុន្តែប្រហែលជាមិនមានទំនាក់ទំនងដ៏ស្និទ្ធស្នាលជាមួយនឹងម្ចាស់របស់ខ្លួនទេ ដូច្នេះហើយអ្នកបំរើ «គេមិនដឹងថាចៅហ្វាយធ្វើអ្វីទេ»។ អ្នកបំរើគ្រាន់តែឮបង្គាប់ហើយគោរពតាម។ ក្នុងនាមជាមិត្តសម្លាញ់របស់ព្រះយេស៊ូវ យើងត្រូវកាន់តាមបញ្ញត្តិរបស់ព្រះយេស៊ូវ (ខ.១០) ប៉ុន្តែលើសពីនោះ យើងមានទំនាក់ទំនងដ៏ស្និទ្ធស្នាល ហើយយើងយល់កិច្ចការដែលម្ចាស់របស់យើងប្រព្រឹត្ត ពីព្រោះ អ្វីៗដែលព្រះយេស៊ូវបានឮពីព្រះវរបិតាមក ទ្រង់ក៏បានប្រាប់អោយពួកសិស្សដឹងផងដែរ។ អ្នកបំរើធម្មតាមិនមានឯកសិទ្ធិនេះទេ។
ព្រះគម្ពីរបានបង្រៀនថា ព្រះជាម្ចាស់បានជ្រើសរើសយើង។ នៅទីនេះព្រះយេស៊ូវមានព្រះបន្ទូលថា ព្រះយេស៊ូវបានជ្រើសរើសពួកសិស្ស (ហើយជ្រើសរើសយើងផងដែរ) ហើយព្រះយេស៊ូវបានជ្រើសរើសពួកសិស្សប្រយោជន៍ដើម្បីអោយគេបង្កើតផល។ ដូច្នេះ សេចក្ដីពិតដែលថា ព្រះគ្រីស្ទបានជ្រើសរើសយើង គួរតែលើកទឹកចិត្តយើងអោយបម្រើព្រះអង្គនិងបង្កើតផល។ ប្រសិនបើនរណាម្នាក់ត្រូវបានជ្រើសរើសក្នុងការលេងកីឡាបាល់ទាត់ សម្រាប់ក្រុមកម្ពុជា បន្ទាប់មកគាត់គួរតែលេងកីឡាបាល់ទាត់ គាត់មិនបានទៅនេសាទត្រីនៅពេលដែលក្រុមបាល់ទាត់កម្ពុជាត្រូវបានលេងទេ។ យើងគួរតែចងចាំជានិច្ចថា ព្រះជាម្ចាស់បានជ្រើសរើសយើង ហេតុដូច្នេះហើយ យើងគួរតែគោរពបំរើព្រះអង្គនិងបង្កើតផល។
រំលឹកទ្បើងវិញ៖ តើយើងបានរៀនអ្វីអំពីព្រះយេស៊ូវចេញពីយ៉ូហាន ១៥:១–១៧?
ការអនុវត្ត៖ តាមអ្វីដែលអ្នកបានរៀនតាមរយៈបទគម្ពីរនេះ តើអ្នកត្រូវយកវាមកអនុវត្តយ៉ាងដូចម្តេចនាពេលសព្វថ្ងៃនេះ?
Leave a Reply