១ កូរិនថូស ២ 1Cor. 2 Simon Manchester

1 Cor 2 Who has discernment pdf download

មនុស្ស​ជា​ច្រើន​នៅ​ក្នុង​លោក​ចូល​ចិត្ត​និយាយ​ពី​រឿងរ៉ាវ​«ខាង​វិញ្ញាណ»។ បញ្ហា​លំបាក​ត្រង់​ថា ប្រ​សិន​បើ​ម្នាក់ៗ​សុទ្ធ​តែ​មាន​សេចក្តី​ពិត «ខាង​វិញ្ញាណ» របស់​ខ្លួន​ឯង​ដែល​ខុសៗ​គ្នា​រៀងៗ​ខ្លួន​ ហើយ​គ្រប់ៗ​គ្នា​សុទ្ធ​តែ​មាន​វិធី​ផ្ទាល់​ខ្លួន​ក្នុង​ការ​ទៅ​ស្ថាន​សួគ៌ នោះ​អ្នក​នឹង​មិន​ដឹង​ប្រា​ក​ដ​ថា​ផ្លូវ​មួយ​ណា​ត្រូវ​ឬ​ផ្លូវ​មួយ​ណា​ខុស​នោះ​ឡើយ ឬ​ថា​អ្នក​កំពុង​តែ​បង្កើត​សេចក្ដី​ពិត​របស់​ខ្លួន​ឡើង​ ដែល​មាន​ប្រ​យោជន៍​តែ​បន្តិច​បន្តួច បន្ទាប់​មក​បង្ក​រ​ភាព​វឹក​វរ​និង​មិន​អាច​ជួយ​អ្នក​បាន​ទាល់​តែ​សោះ។ អ្វី​ដែល​ជា​ភាព​ល្អ​ឯក​របស់​សាសនា​គ្រីស្ទ​គឺ​នៅ​ត្រង់​សេចក្តី​បង្រៀន​ថា ព្រះ​ជា​ម្ចាស់​បាន​ចុះ​មក​កាន់​យើង​រាល់​គ្នា។ សាច់​រឿង​បុណ្យ​ណូអែល​បាន​សំដែង​ថា ព្រះ​ជា​ម្ចាស់​បាន​យាង​មក​កាន់​យើង​រាល់​គ្នា​ ដើម្បី​មិន​ចាំ​ឲ្យ​យើង​ដុត​ចន្លុះ បំភ្លឺ​ស្ថាន​សួគ៌​ដើម្បី​ស្វែង​រក​ទ្រង់​នោះ​ឡើយ។

កូរិនថូស​ ទី១ គឺជា​សំ​បុត្រ​របស់​សាវក​ប៉ុល​ទៅ​កាន់​ពួក​ជំនុំ​ដែល​មាន​អំណោយទាន​ច្រើន​ ប៉ុន្តែ​មាន​បញ្ហា​ច្រើន​ផង​ដែរ​នោះ​គឺ​ជា​ពួក​ជំនុំ​កូរិនថូស​នៅ​ក្នុង​ប្រ​ទេស​ក្រិក។ នេះ​ជា​ពួកជំនុំ​មួយ​ប្រកប​ដោយ​ទេព​កោ​សល្យ និង​ពោ​ពេញ​ទៅ​ដោយ​ថាមពល។ តែ​ជា​ពួក​ជំនុំ​មួយ​ដែល​ធ្វើ​អោយ​ក្ដៅ​ក្រហាយ​ ដ្បិត​ជា​ពួក​ជំនុំ​នៅ​ក្មេង​ខ្ចី ហើយ​រឹង​ចចេស​មិន​ទទួល​យក​ការ​បង្រៀន។

ពួក​ជំនុំ​នេះ​បង្កើត​ឡើង​ដោយ​សាវក​ប៉ុល នៅ​ក្នុង​ដំណើរ​បេសកកម្ម​មួយ​របស់​លោក ប៉ុន្តែ​ក្រោយ​មក​ពួកជំនុំ​មាន​ការ​ប្រែ​ប្រួល​ទាំង​ស្រុង​តែ​ម្តង។ ទស្សនៈ​ថ្មីៗ​បាន​ជ្រៀត​ចូល​ទៅ​ក្នុង​ពួក​ជំនុំ​នេះ វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​ ប៉ុន្តែ​វា​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ដាក់​ខ្លួន​ឯង​ជា​សំ​ខាន់ ជា​ទី​១។​ ដូច្នេះ​សេចក្តី​បង្រៀន​អំពី​ឈើ​ឆ្កាង និង​ការ​សុគត​របស់​ព្រះ​គ្រីស្ទ ដែល​ធ្វើឲ្យ​ពួក​ជំនុំ​នេះ​បាន​ក្លាយ​ជា​គ្រួសារ​របស់​ព្រះ​ជា​ម្ចាស់ បាន​ក្លាយ​ជា​គំនិត​ចាស់​គំ​រិល​ មិន​ទាន់​សម័យ​សំរាប់​ពួក​គេ​ទៅ​វិញ។ គ្រប់​ទាំង​សេចក្តី​បង្រៀន​ថ្មី​ៗអំពី​ភាព​ជោគ​ជ័យ និង​ក្តី​អំណរ​ដែល​ពួក​គេ​មាន​ ធ្វើ​ឲ្យ​គេ​គិត​ថា លោក​ប៉ុល​គឺ​ជា​គ្រូ​បង្រៀន​គួរ​ឲ្យ​ធុញ​ថប់​ហើយ​បាន​បង្រៀន​សេចក្ដី​ល្ងីល្ងើ។

ដូច្នេះ​គ្រីស្ទ​បរិស័ទ​នៅ​កូរិនថូស​ បា​ន​ផ្លាស់​ប្តូរ​និង​ធ្វើ​ឲ្យ​សាវក​ប៉ុល​ជួប​ការ​លំបាក​ពី​ព្រោះ​ លោក​គឺ​ជា​អ្នក​សង់​ពួក​ជំនុំ​នេះ​ឡើង ហើយ​ទើប​ពេល​នេះ​លោក​ត្រូវ​សរ​សេរ​សំ​បុត្រ​ផ្ញើរ​ទៅ​ពួក​គេ ដើម្បី​កែ​តំរូវ​ពួក​គេ។ ពួកគេ​គិត​ថា ពួក​គេ​បាន​រីក​ចំរើន​ទៅ​មុខ​ហើយ​ តែ​តាម​ពិត​ពួកគេ​បាន​ដើរ​ថយ​ក្រោយ​វិញ​ទេ ហើយ​ផ្ទុយ​ពី​ការ​យក​ព្រះ​គ្រីស្ទ​ជា​ចំនុច​កណ្តាល​នៃ​សេចក្តី​ស្រ​ឡាញ់​និង​ជំនឿ​របស់​គេ និង​សម្រេច​កាតព្វកិច្ច​ជា​ពន្លឺ​នៃ​លោកិយ​ ពួកគេ​ក៏បាន​យក​ខ្លួន​ឯង​ជា​ចំនុច​កណ្តាល បែង​ចែក​បក្ស​ពួក មើល​ទៅ​ដូច​ជា​មនុស្ស​ឆ្កួត​លី​លា។

ការ​ឆ្កួត​លី​លា​មាន​២​ប្រភេទ៖ ពេល​ខ្លះ​ពួក​អ្នក​មិន​ជឿ​មើល​មក​ពួក​អ្នក​ជឿ​ហើយ​និយាយ​ថា «អ្នក​នេះ​បាត់បង់​ស្មារតី​ហើយ​»។ ពេល​ខ្លះ​នៅ​ពេល​ពួក​គេ​និយាយ​ថា​ នេះ​ពិបាក​យល់​នោះ​មិន​ដឹង​ថា​តើ​ពួកគេ​មាន​ន័យ​ថា​ពួក​អ្នក​ជឿ​បាន​ជឿ​សេចក្ដី​ដែល​អ្នក​មិន​ជឿ​មិនអាច​យល់​បានទេ​ ឬ​ថា​ពួក​អ្នក​ជឿ​ថ្មី​គឺ​ជា​មនុស្ស​ឆ្កួត និយាយ​គ្មាន​ហេតុ​ផល។

ចំនុច​ទី​១​ពិបាក​ចៀស​វាង​ណាស់ ដ្បិត​ជា​ច្រើន​ដង​ពួក​អ្នក​មិន​ជឿ​តែង​សំឡឹង​មើល​ពួក​អ្នក​ជឿ​ ហើយ​និយាយ​ថា «ហេតុអ្វី​បាន​ជា​វណ្ណា ហ្មត់​ចត់​ចំពោះ​សាសនា​គាត់​យ៉ាង​នេះ? កុំ​តឹង​រឹង​ពេក»។ យើង​មិន​អាច​ជៀស​វាង​គំនិត​បែប​នេះនោះ​ឡើយ។ ប៉ុន្តែ​យើង​មិន​ត្រូវ​ក្លាយ​ជា​មនុស្ស​ឆ្កួត​ហើយ​និយាយ​មិន​ដឹង​អី​នោះ​ទេ។ គ្រប់​ពេល​ជំនឿ​របស់​យើ​ង​ត្រូវ​ប្រ​កប​ដោយ​ហេតុ​ផល វិចារណញ្ញាណ មាន​ន័យ​គ្រប់​គ្រាន់ និង​ប្រ​កប​ដោយ​ភាព​វាង​វៃ​ផង​ដែរ។ តាម​ពិត​ជំនឿ​របស់​យើង​ប្រ​កប​ដោយ​លក្ខណៈ​ទាំង​អស់​នោះ។

នៅ​ក្នុង​ជំពូក​១ យើង​បាន​ឃើញ​ហើយ​ថា សាវក​ប៉ុល​បាន​ពន្យល់​ថា ព្រះ​ចេស្ដា​របស់​ព្រះ​ជា​ម្ចាស់​មិនអាច​មើល​ឃើញ ដោយ​មិន​និយាយ​ពី​ឈើ​ឆ្កាង​នោះ​ឡើយ វា​ក៏​មិន​អាច​រក​ឃើញ​តាម​រយៈ​ការ​យក​វី​រ​បុរស មក​ដាក់​នៅ​មុខ​ពួក​ជំនុំ ឬនៅ​មុខ​ទំព័រ​ទស្សនាវដី្ត​ឬ​សៀវភៅ​គ្រីស្ទ​បរិស័ទ​នោះ​ឡើយ​ ហើយ​វា​ក៏​មិន​អាច​រក​ឃើញ​តាមរយៈ​ដាក់​អ្នក​កំប្លែង​អធិប្បាយ​នៅ​ក្នុង​ពួកជំនុំ​នោះ​ដែរ។ ព្រះ​ចេស្ដា​របស់​ព្រះ​ជា​ម្ចាស់​នឹង​សំដែង​ចេញ​ នៅ​ពេល​សារ​នៃ​ឈើ​ឆ្កាង​ត្រូវ​បាន​អធិប្បាយ​ពន្យល់ ពួក​ជំនុំ​ជួប​ជុំ​គ្នា ហើយ​អ្នក​អធិប្បាយ​បាន​ចែក​ចាយ​ព្រះ​បន្ទូល​យ៉ាង​ច្បាស់​លាស់។

ជំពូក​១:២៤ បាន​ចែង​ថា «ព្រះគ្រីស្ទ​ទ្រង់​ជា​ព្រះចេស្តា»។ សាវក​ប៉ុល​បាន​ពន្យល់​ថា យើង​កំពុង​និយាយ​ពី​ព្រះគ្រីស្ទ​ដែល​បាន​ជាប់​ឆ្កាង ទ្រង់​ជា​ព្រះ​ចេស្ដា​នៃ​ព្រះ។ ក្នុង​ករណី​ក្រែង​លោ​ពួក​កូរិនថូស គិត​ថា​សាវក​ប៉ុល​ជា​មនុស្ស​ឆ្កួត​ទើប​និយាយ​ដូច​នេះ នោះ​លោក​បាន​បន្ត​ទៀត​នៅ​ក្នុង​ជំពូក​១:២៤ ដ​ដែល​ថា «ព្រះ​គ្រីស្ទ​ជា​ប្រាជ្ញា​របស់​ព្រះ»។ ឬ​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា ពួក​កូរិនថូស​គិត​ថា​ពួកគេ​បាន​រក​ឃើញ​ផ្លូវ​ថ្មី​មួយផ្សេងទៀត និង​ប្រសើរ​ជាង​ ដែល​បាន​នាំ​ពួកគេ​ឲ្យ​មាន​ការ​រីក​ចំរើន​ខាង​វិញ្ញាណ។ ពួកគេ​មាន​ផ្លូវ​ថ្មី​មួយ​ដើម្បី​ទៅ​ជួប​ព្រះអង្គ ដូចនេះ​ហើយ​ទើប​សាវក​ប៉ុល​បាន​ព្យាយាម​កែ​តម្រូវ​ពួក​គេ​ ពី​ផ្លូវ​ខុស​នោះ​ ដោយ​ប្រាប់​ពួកគេ​ពី​សេចក្តី​ពិត​អំពី​ព្រះវិញ្ញាណ​ទ្រង់ និង​អំពី​ប្រាជ្ញា​ខាង​វិញ្ញាណ​របស់​ព្រះ​ជា​ម្ចាស់។

ពួក​កូរិនថូស​បាន​គិត​ថា ពួក​គេ​មាន​ទ្វារ​មួយ​សំរាប់​នាំ​ពួក​គេ​ទៅ​ដល់​ប្រាជ្ញាញាណ​របស់​ព្រះ​ជា​ម្ចាស់។ ពួក​គេ​គិត​ថា ​បាន​ចូល​ទៅ​ក្នុង​តំបន់​មួយ​ពិសេស​ជាង​មុន ពី​ព្រោះ​ពេល​នេះ​ពួកគេ​កំពុង​ស្ថិត​នៅ​ក្នុង​កន្លែង​មួយ​ដែល​ ​អស្ចារ្យ​ជាង​មុន។ សាវក​ប៉ុល​បាន​មាន​ប្រ​សាសន៍​ថា នេះ​គឺ​ជា​សេចក្តី​បង្រៀន​មួយ​ខុស​ឆ្គង។ លោក​បាន​មាន​ប្រ​សាសន៍​នៅ​ក្នុង​ជំពូក​២:៦ ថា «យើង​ខ្ញុំ​ក៏​និយាយ​តាម​ប្រាជ្ញា​ដែរ … ដែល​ត្រូវ​សាប​សូន្យ​នោះ​ទេ»។ ឬ​អាច​និយាយ​ម្យ៉ាង​ទៀត​បាន​ថា ពួក​កូរិនថូស​បាន​ទទួល​នូវ​អ្វី​មួយ​ដែល​នឹង​រ​លាយ​បាត់ ហើយ​សាវក​ប៉ុល​ចង់​ឲ្យ​ពួ​ក​គេ​ងាក​បែរ​មក​រក​ប្រាជ្ញា​របស់​ព្រះ ​ដែល​នឹង​ស្ថិត​ស្ថេរ​នៅ​អស់​កល្ប​ជា​និច្ច​វិញ។

ដូច្នេះ​សព្វ​ថ្ងៃ​នេះ មនុស្ស​ខ្លះ​និយាយ​រឿង​រ៉ាវ​ទាក់​ទង​ខាង​វិញ្ញាណ ហើយ​ក៏​បង្កើត​គំនិត​ផ្សេងៗ​ទាក់​ទង​នឹង​វិញ្ញាណ​ដែរ។ សំណួរ​ដែល​យើង​ត្រូវ​សួរ​គឺ «តើ​នោះ​ជា​វិញ្ញាណ​របស់​ព្រះ​ជា​ម្ចាស់​ឬ?» ហើយ​ «តើ​ការ​នេះ​នៅ​តែ​មាន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ឬ?»។

យើង​នឹង​ពិនិត្យ​មើល​ចំនុច​៣​យ៉ាង៖

. ការ​មក​ដល់​នៃ​ប្រាជ្ញា​ពិត​ខាង​វិញ្ញាណ

. ការ​បោះ​ពុម្ព​ផ្សាយ​ពី​ប្រាជ្ញា​ពិត​ខាង​វិញ្ញាណ

. សិទ្ធិ​អំណាច​នៃ​ប្រាជ្ញា​ពិត​ខាង​វិញ្ញាណ

 

. ការ​មក​ដល់​នៃ​ប្រាជ្ញា​ពិត​ខាង​វិញ្ញាណ

ខ​៦ «យើង​ខ្ញុំ​ក៏​និយាយ​តាម​ប្រាជ្ញា»។

ខ​៧ «សេចក្តី​អាថ៌​កំបាំង​ដ៏​លាក់​ទុក»។ ពី​មុន​មក​វា​មិន​ទាន់​កើត​ឡើង​ទេ តែ​ពេល​នេះ​បាន​កើត​ឡើង​ហើយ។ អ្វី​ដែល​ពី​ដើម​ត្រូវ​បាន​គ្រប​បាំង​ ពេល​នេះ​បាន​បើក​សំ​ដែង​ឲ្យ​ឃើញ​ហើយ។

តើ​ប្រាជ្ញា​របស់​ព្រះ​ជា​ម្ចាស់​គឺ​ជា​អ្វី? ខ​២​ បាន​ចែង​ថា «ទ្រង់​ត្រូវ​ឆ្កាង»។ ហេតុ​អ្វី​បាន​ជា​ព្រះ​គ្រីស្ទ​ត្រូវ​ឆ្កាង​គឺ​ជា​ប្រាជ្ញា​របស់​ព្រះ​ជា​ម្ចាស់? ពី​ព្រោះ​វា​គឺ​ជា​សារ​ប្រាប់​ដល់​មនុស្ស ​ពី​របៀប​ដែល​ពួក​គេ​អាច​ផ្សះ​ផ្សារ​ជា​មួយ​នឹង​ព្រះ​ជា​ម្ចាស់។ តើ​អ្នក​ចង់​ដឹង​ពី​របៀប​ក្នុង​ការ​ប្រា​ស្រ័យ​ទាក់​ទង​ជា​មួយ​ព្រះ​ជា​ម្ចាស់​ទេ? មែ​ន​ហើយ​ យើង​អាច​ទាក់​ទង​ជា​មួយ​ព្រះ​ជា​ម្ចាស់​តាម​រយៈ​ព្រះ​គ្រីស្ទ​ដែល​បាន​ជាប់​ឆ្កាង ពី​ព្រោះ​នៅ​ពេល​អ្នក​យល់​ពី​មូល​ហេតុ​ដែល​ព្រះ​គ្រីស្ទ​បាន​សុគត នោះ​អ្នក​នឹង​មើល​ឃើញ​ថា​ព្រះគ្រីស្ទ​បាន​បើក​ទ្វារ​សំរាប់​អស់​ពួក​អ្នក​ដែល​ជឿ។

យើង​មិន​អាច​ទាក់​ទង​ជា​មួ​យ​ព្រះ​ជា​ម្ចាស់​ តាម​រយៈ​ទស្សនៈ​ បច្ចេកទេស ការ​ឆ្នៃ​ប្រឌិត ឬ​ពិធី​ខាង​សាសនា​របស់​មនុស្ស​នោះ​ឡើយ។ វិធី​តែ​មួយ​គត់​ដែល​យើង​អាច​ទាក់​ទង​ជា​មួយ​នឹង​ព្រះ​ជា​ម្ចាស់​បាន​ គឺ​តាម​រយៈ​ការ​យាង​មក​របស់​ទ្រង់​ ដោយ​ការ​សុគត​របស់​ព្រះ​គ្រីស្ទ​ជំនួស​យើង។ ដំណោះ​ស្រាយ​ចំពោះ​ការ​បដិសេធ​និង​ការ​ភាន់​ច្រលំ​របស់​លោកិយ​នេះ​ចំពោះ​ព្រះ​ជា​ម្ចាស់ គឺ​មិន​ស្ថិត​នៅ​លើ​ការ​គិត​ពិចារណា ​និង​សមិទ្ធផល​របស់​យើង​នោះ​ទេ តែ​ស្ថិត​នៅ​លើ​ការ​យល់​ដឹង​របស់​យើង​ចំពោះ​អ្វី​ដែល​ព្រះ​ជា​ម្ចាស់​បាន​ធ្វើ ​តាម​រយៈ​ព្រះយេស៊ូវ​គ្រីស្ទ​វិញ។ ទ្រង់​បាន​យាង​មក​ផែន​ដី​ដើម្បី​យើង ហើយ​ទ្រង់​បាន​ទទួល​រង​នូវ​ទណ្ឌ​កម្ម​របស់​យើង គឺ​ទទួល​យក​សេចក្តី​ស្លាប់​របស់​យើង ​ដាក់​នៅ​លើ​អង្គ​ទ្រង់។

អ្នក​ណា​ខ្លះ​ដែល​ជឿ​ថា ប្រាជ្ញា​ខាង​វិញ្ញាណ​ដ៏​ពិត​នេះ​បាន​មក​ដល់​ហើយ? ខ​៨ បាន​ចែង​ថា «គ្មាន​ចៅហ្វាយ​ណា​ក្នុង​លោកិយ​នេះ…»។ ពួក​អ្នក​ដឹក​នាំ​ក្នុង​សម័យ​របស់​ព្រះ​យេស៊ូវ​ បាន​កាត់​ព្រះ​យេស៊ូវ​ចេញ​ពី​ពួក​គេ ហើយ​សព្វ​ថ្ងៃ​នេះ​ យើង​មិន​អាច​កាត់​ព្រះ​យេស៊ូវ​ចេញ​ដោយ​ការ​ឆ្កាង​ទ្រង់​នោះ​ទេ តែ​អ្នក​ផ្ទាល់​អាច​កាត់​ទ្រង់​ចេញ​ដោយ​គេច​ចេញ​ពី​ទ្រង់ ឬ​មិន​ចូល​ចិត្ត​ទ្រង់ ឬ​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ទ្រង់។ ប្រ​សិន​បើ​អ្នក​កាត់​ព្រះ​គ្រីស្ទ​ចេញ​ពី​គំនិត​ ពី​ជីវិត ឬ​ពី​ផែន​ការណ៍​របស់​អ្នក​ នោះ​អ្នក​នឹង​បាត់​បង់​នូវ​ប្រាជ្ញា​របស់​ព្រះ​ជា​ម្ចាស់​មិន​ខាន។

ខ​៦ បាន​លើក​ឡើង​ពី​ក្រុម​មួយ​ផ្សេង​ទៀត ដែល​អាច​បាត់​បង់​នូវ​ប្រាជ្ញា​របស់​ព្រះ​ជា​ម្ចាស់​ ពួកគេ​ជា​គ្រីស្ទ​បរិស័ទ​មិន​មាន​ភាព​ពេញ​វ័យ​ឬ​គ្រប់​លក្ខណ៍។ សាវក​ប៉ុល​បាន​លើក​ឡើង​ថា «នៅ​ក្នុង​ចំណោម​មនុស្ស​គ្រប់​លក្ខណ៍ នោះ​យើង​ខ្ញុំ​ក៏​និយាយ»។ ពួក​កូរិនថូស គឺ​ជា​ពួក​អ្នក​ជឿ តែ​ពួក​គេ​បាន​ប្រ​ព្រឹត្តិ​កំហុស​ដោយ​គិត​ដូច​កូន​ក្មេង។ ពួក​កូរិនថូស​គឺ​ជា​គ្រីស្ទ​បរិស័ទ​ពិត​ប្រាកដ ហើយ​ជីវិត​របស់​ពួក​គេ​មិនបាន​ដាច់​ចេញ​ពី​ព្រះ​គ្រីស្ទ​ឡើយ ប៉ុន្តែ​ពួក​គេ​បាន​បាត់​បង់​ការ​រីក​ចំរើន​នៅ​ក្នុង​ទ្រង់​វិញ។ នេះ​គួរ​ឲ្យ​សោក​ស្តាយ​ណាស់ ដ្បិត​មនុស្ស​ម្នាក់​បាន​ចាប់​កំណើត​ហើយ​ តែ​បែរ​ជា​មិន​មាន​ការ​រីក​ធំ​ធាត់​ទៅវិញ។

ផ្ទុយ​ពី​ការ​ក្លាយ​ជា​មនុស្ស​គ្រប់​លក្ខណ៍​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​ខ​៦ ពួកគេ​នៅ​ជា​កូន​ខ្ចី (៣:១)។ នៅ​ក្នុង​ពួក​ជំនុំ​តែង​មាន​សមាជិក​ដែល​ប្រៀប​បាន​នឹង​កូន​ក្មេង​ដែល​ទើប​តែ​រៀន​ដើរ និង​ខ្លះ​ទៀត​ជា​មនុស្ស​គ្រប់​លក្ខណ៍។ មាន​ន័យ​ថា អ្នក​ខ្លះ​បាន​ចាប់​ផ្តើម​ជី​វិត​គ្រីស្ទ​បរិស័ទ​របស់​ពួក​គេ​ តែ​មើ​ល​ទៅ​ដូច​ជា​មិន​បាន​រីក​ចំរើន​សោះ តែ​មាន​អ្នក​ខ្លះ​ទៀត​ដែល​បាន​ចាប់​ផ្តើម​ជីវិត​គ្រីស្ទ​បរិស័ទ​ ហើយ​បាន​រីក​ចំរើន​នៅ​ក្នុង​ការ​យល់​ដឹង និង​ការ​ស្គាល់​ព្រះ​អង្គ និង​ជីវិត​បរិសុទ្ធ។

ព្រះ​ជា​ម្ចាស់​បាន​បើក​សំ​ដែង​ប្រាជ្ញា​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​នេះ​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ឃើញ ប៉ុន្តែ​វា​ជា​រឿង​អស្ចារ្យ​មួយ​ក្នុង​ការ​ចាប់​យក​ប្រាជ្ញា​នេះ។ នៅ​ក្នុង​ខ​១០ ព្រះ​គម្ពីរ​បាន​ចែង​ថា «ព្រះ​ទ្រង់​បាន​សំ​ដែង…»។

ពិនិត្យ​មើល​ខ្លួន​អ្នក​ផ្ទាល់៖ តើ​សារ​ពី​ព្រះគ្រីស្ទ​ជាប់​ឆ្កាង​មាន​ន័យ​សំខាន់​សំរាប់​អ្នក​ដែរ​ឬ​ទេ? តើ​សារ​នេះ​បាន​ផ្លាស់​ប្តូរ​ជីវិត​អ្នក​ដែរ​ឬ​ទេ? តើ​អ្នក​បាន​មើល​ឃើញ​ថា សារ​នេះ​គឺ​ជា​ផ្លូវ​នាំ​ទៅ​កាន់​គ្រួសារ​របស់​ព្រះ​ជា​ម្ចាស់​ឬ​ទេ? ប្រ​សិន​បើ​ចំលើយ​របស់​អ្នក​គឺ​ជា «​បាទ» នោះ​វា​គឺ​ជា​ការ​អស្ចារ្យ​មួយ។ ប៉ុន្តែ​មាន​សំណួរ​មួយ​ទៀត​សួរ​ថា «ប្រ​សិន​បើ​អ្នក​មើល​ឃើញ​ថា ព្រះគ្រីស្ទ​បាន​ជាប់​ឆ្កាង​គឺ​ជា​ផ្លូវ​ទៅ​កាន់​គ្រួ​សារ​របស់​ព្រះ​ជា​ម្ចាស់ តើ​អ្នក​នៅ​តែ​រាប់​ប្រសាសន៍​អំពី​ព្រះគ្រីស្ទ​ដែល​ទ្រង់​ត្រូវ​ឆ្កាង​ជា​ប្រសាសន៍​សំខាន់​បំផុត​និង​ជា​គ្រឹះ​នៃ​ជំនឿ​ឬ​ទេ? ពួក​កូរិនថូស បាន​លើក​ឡើង​ថា «យើង​អាច​បំភ្លេច​ការ​នោះ​ចោល​»។ ប៉ុន្តែ​ត្រូវ​ចាំ​ថា ព្រះ​គ្រីស្ទ​បាន​ជាប់​ឆ្កាង​ គឺ​នៅ​តែ​ជា​ប្រាជ្ញា​របស់​ព្រះ​ចំពោះ​គ្រីស្ទ​បរិស័ទ​គ្រប់​លក្ខណ៍​ ដូច​ជា​សោ​ទ្វារ​ ដែល​សំខាន់​សំរាប់​អ្នក​ក្នុង​ការ​ចូល​ផ្ទះ​ដូច្នោះ​ដែរ។ អ្នក​មិនដែល​ចាក់​សោ​រ​បើក​ទ្វារ​ហើយ បោះ​កូនសោ​ចោល​នោះ​ទេ។ អ្នក​តែង​បើក​ទ្វារ​ហើយ ចូល​ទៅ​ក្នុង​ផ្ទះ​ហើយ​ទុក​កូនសោ​យ៉ាង​ប្រុង​ប្រយ័ត្ន ពី​ព្រោះ​វា​សំខាន់​គ្រប់​ពេល​សំរាប់​អ្នក។ សារ​ពី​ព្រះ​គ្រីស្ទ​បាន​ជាប់​ឆ្កាង​គឺ​មាន​សារៈ​សំខាន់​ណាស់​ចំពោះ​គ្រីស្ទ​បរិស័ទ​គ្រប់​រូប។ សារ​នេះ​ពន្យល់​ពី​ព្រះគម្ពីរ​ទាំង​មូល ​ពី​ផែន​ការណ៍​របស់​ព្រះ​ជា​ម្ចាស់ ​ពី​របៀប​ក្នុង​ការ​ប្រា​ស្រ័យ​ទាក់ទង​ជា​មួយ​ព្រះ​ជា​ម្ចាស់ និង​ពី​របៀប​ដែល​ព្រះ​ជា​ម្ចាស់​បាន​អត់​ទោស​បាប​ឲ្យ​យើង​ផង។ លើស​ពី​នេះ​វា​ក៏​បាន​ពន្យល់​ពី​របៀប​ធ្វើ​ឲ្យ​មាន​ជី​វិត​អស់​កល្ប​ជា​និច្ច និង​ពី​របៀប​ក្នុង​ការ​ចែក​ចាយ​ដំណឹង​ល្អ​ដល់​លោកិយ​នេះ​ផង​ដែរ។

ពួក​កូរិនថូស​បាន​ត្រ​លប់​ជា​មិន​គ្រប់​លក្ខណ៍ ដោយ​ព្រោះ​តែ​ពួក​គេ​បាន​ឈប់​ផ្ដោត​សំខាន់​ទៅ​លើ​ព្រះគ្រីស្ទ​ដែល​ទ្រង់​បាន​ជាប់​ឆ្កាង គឺ​ជា​ប្រាជ្ញា​របស់​ព្រះ​ជា​ម្ចាស់។​នោះ​គឺ​ជា​ការ​មក​ដល់​ នៃ​ប្រាជ្ញា​ពិត​ប្រាកដ​ខាង​វិញ្ញាណ។

. ការ​បោះ​ពុម្ព​ផ្សាយ​ពី​ប្រាជ្ញា​ពិត​ខាង​វិញ្ញាណ

ការ​បោះ​ពុម្ព​ផ្សាយ​គឺ​ជា​កត្តា​ដ៏​សំខាន់​បំផុត សំរាប់​អ្នក​ក​វី​និពន្ធ។ ព្រះ​ជា​ម្ចាស់​គឺ​ជា​អ្នក​រៀប​ចំ​តាក់​តែង​សៀវភៅ​ឡើង។ ព្រះ​គម្ពីរ​គឺ​ជា​សៀវភៅ​ដ៏​អស្ចារ្យ​បំផុត​មួយ​ពី​ព្រោះ​ព្រះ​គម្ពីរ ​ត្រូវ​បាន​តាក់​តែង​ឡើង​ដោយ​អ្នក​និពន្ធ​ប្រមាណ​ជា​ង​៤០​នាក់ ​ដែល​បាន​សរ​សេរ​ឡើង​នៅ​ក្នុង​ទ្វី​ប​៣​ខុស​គ្នា ក្នុង​រយៈ​ពេល​ប្រមាណ​ជាង​២០០០​ឆ្នាំ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ ជា​បី​ភាសា ហើយ​ទោះ​បី​ជា​ពួក​គេ​មិន​អាច​មើល​ឃើញ​ពី​អ្វី​ដែល​អ្នក​ដទៃ​ទៀត បាន​សរ​សេរ​ក្តី ​តែ​យើង​បាន​មើល​ឃើញ​ថា ពួក​អ្នក​និពន្ធ​ដែល​ស្ថិត​នៅ​ក្រោម​កា​រដឹក​នាំ​របស់​ព្រះ​ជា​ម្ចាស់ គឺ​សុទ្ធ​តែ​បាញ់​ឆ្ពោះ​ទៅ​កាន់​ព្រះ​គ្រីស្ទ​ដូច​គ្នា​ទាំង​អស់។ ដូច្នេះ​នេះ​គឺ​ជា​សៀវភៅ​ដ៏​អស្ចារ្យ​បំផុត​មួយ។

នៅ​ក្នុង​ខ​១០-១៣ សាវក​ប៉ុល​បាន​ពន្យល់​ថា ជំនឿ​របស់​គ្រីស្ទ​បរិស័ទ​មិន​មែន​ឆ្កួត​លី​លា​នោះ​ទេ តែ​មាន​មូល​ដ្ឋាន​ស្ថិត​នៅ​លើ​ព្រះ​បន្ទូល​ជា​លាយលក្ខណ៍អក្សរ​របស់​ព្រះ​ជា​ម្ចាស់​វិញ។ នៅពេល​គ្រីស្ទបរិស័ទ​ខ្លះ​និយាយ​ពី​ជីវិត​របស់​ខ្លួន និង​រឿង​រ៉ាវ​ខាង​វិញ្ញាណ​របស់​ពួកគេ នោះ​ជា​រឿយៗ​តែង​តែ​មាន​ភាព​ស្រពិចស្រពិល​ទាំង​អស់។ នៅ​ពេល​ខ្លះ​អ្នក​បាន​ឮ​គ្រីស្ទបរិស័ទ​ខ្លះ និយាយ​ពី​រឿង​ខាង​វិញ្ញាណ ហើយ​ពួក​គេ​គិត​ថា ពួកគេ​គឺ​ជា​មនុស្ស​ខាងវិញ្ញាណ​ល្អ​ជាង​គ្រីស្ទបរិស័ទ​ឯ​ទៀត។ តែ​នៅ​ពេល​យើង​ស្តាប់​ពួកគេ​និយាយ ​នោះ​យើង​មិន​យល់​ទាល់​តែ​សោះ។​ នេះ​គឺ​ជា​អត្ត​សញ្ញាណ​របស់​ពួក​កូរិនថូស។ ពួក​កូរិនថូស​ បាន​បោក​បញ្ឆោត​ខ្លួន​ឯង ដោយ​និយាយ​ពី​រឿង​រ៉ាវ​ទាក់​ទង​ខាង​វិញ្ញាណ ហើយ​ពួកគេ​យល់​ថា​ពួកគេ​មាន​ការ​យល់​ដឹង​ខាង​វិញ្ញាណ​ខ្ពស់​ជាង​អ្នក​ឯ​ទៀត។ នេះ​គឺជា​ការ​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ឆ្ងល់​យ៉ាង​ខ្លាំង​ក្នុង​នោះ​រួម​ទាំង​សាវក​ប៉ុល​ដែរ។

នៅ​ក្នុង​ខ​១០-១៣ សាវក​ប៉ុល​បាន​ពន្យល់​ថា ព្រះ​ជា​ម្ចាស់​បាន​ធ្វើ​ការ​ដែល​សំខាន់​បំផុត។ ទ្រង់​បាន​បោះ​ពុម្ព​សៀវភៅ​មួយ​ក្បាល ដែល​គ្រប់​គ្នា​អាច​អាន​បាន ហើយក៏​មាន​ន័យ​ដែរ​ថា មិន​មាន​អ្នក​ណា​ម្នាក់​អាច​អួត ឬ​ខក​ចិត្ត​អំពី​រឿង​រ៉ាវ​ខាង​វិញ្ញាណ​នោះ​ឡើយ។

ចូរ​ស្រ​មើ​ស្រ​មៃ​ថា នៅ​ទី​នេះ​មាន​សាស្ត្រាចារ្យ​ដ៏​ល្បី​ល្បាញ​ម្នាក់ គាត់​បាន​សំរេច​ចិត្ត​ថា នឹង​បោះ​ពុម្ព​សៀវភៅ​មួយ​ក្បាល ដូច្នេះ​តើ​គាត់​នឹង​ធ្វើ​អ្វី​ខ្លះ? មាន​៤​ដំណាក់​កាល​ដែល​គាត់​ត្រូវ​ធ្វើ។ ទី​មួយ គាត់​ត្រូវ​ស្រា​វ​ជ្រាវ​អ្វីៗ​គ្រប់​យ៉ាង​ឲ្យ​ត្រូវ​នឹង​ប្រ​ធាន​បទ​របស់​គាត់។ ទី​ពីរ គាត់​ត្រូវ​រៀប​រៀង​អត្ថ​បទ​ទាំង​នោះ​ទៅ​តាម​លំ​ដាប់​លំ​ដោយ​របស់​វា។ ទី​បី គាត់​ប្រើ​អ្នក​ណា​ម្នាក់​ឲ្យ​យក​អត្ថ​បទ​នោះ​ទៅ​បោះ​ពុម្ព។ ទី​បួន គាត់​យក​សៀវភៅ​នោះ​ទៅ​ថ្នាក់​រៀន​របស់​គាត់ ហើយ​បង្រៀន​មេរៀន​ចេញ​ពី​សៀវភៅ​នោះ។ នេះ​ដូច​អ្វី​បេះ​បិទ ដែល​ព្រះ​វិញ្ញាណ​បាន​ធ្វើ​ ដូច​ដែល​យើង​បាន​ឃើញ​នៅក្នុង​ខ​១០-១៣។ ដំណាក់​កាល​ទាំង​បួន​ដែល​មាន​ចែង​នៅ​ក្នុង​ខ​១០​គឺ «ព្រះ​វិញ្ញាណ​នៃ​ទ្រង់​ស្ទង់​មើល​…»។ ព្រះ​វិញ្ញាណ​របស់​ព្រះ​ស្ទង់​មើល​ពី​ព្រះ​ទ័យ​របស់​ព្រះ​ជា​ម្ចាស់។ ក្រៅ​ពី​ខ្លួន​ឯង​ គ្មាន​អ្នក​ណា​ម្នាក់​អាច​យល់​ពី​ជំរៅ​ចិត្ត​របស់​យើង​បាន​ឡើយ ដូច​គ្នា​នឹង​ព្រះ​ជា​ម្ចាស់​ដែរ ក្រៅ​ពី​វិញ្ញាណ​របស់​ព្រះ​ជា​ម្ចាស់ នោះ​តើ​អ្នក​ណា​អាច​យល់ ​ពី​ព្រះ​ជា​ម្ចាស់​ដ៏​មើល​ពុំ​ឃើញ​បាន?

ខ​១៣ «ព្រះ​វិញ្ញាណ​បង្រៀន​…»។ ទ្រង់​បាន​ប្រ​មូល​ផ្តុំ​សំ​ភារៈ​របស់​ទ្រង់។ នៅ​ក្នុង​ខ​១៣​ក «យើង​ក៏​និយាយ​…» មាន​ន័យ​ថា​យើង​បាន​បោះ​ពុម្ព​នូវ​អ្វីៗ ​ដែល​ទ្រង់​បាន​ប្រាប់​យើង​ឲ្យ​ធ្វើ។​ ទី​បួន​នៅ​ក្នុង​ខ​១២ ព្រះ​បាន​ផ្តល់​មក​យើង មាន​ន័យ​ថា​ព្រះ​វិញ្ញាណ​បាន​ស្ទង់​មើល​ពី​ព្រះ​ជា​ម្ចាស់ ចង​ក្រង​រឿង​រ៉ាវ​គ្រប់​យ៉ាង​តាម​លំដាប់​រៀង បោះ​ពុម្ព​រឿង​រ៉ាវ​ទាំង​អស់​នោះ​តាម​រយៈ​ក​វី​និពន្ធ​ដែល​ជា​មនុស្ស បន្ទាប់​មក​បង្រៀន​ពួក​គេ​ នៅ​ពេល​ណា​បណ្តា​ជន​ចង់​ស្វែង​យល់​ពី​ព្រះ​ជា​ម្ចាស់។

នៅ​ថ្ងៃ​លៀង​ព្រះ​អម្ចាស់ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​សិស្ស​របស់​ទ្រង់​ថា ខ្ញុំ​នឹង​ឃ្លាត​ទៅ ខ្ញុំ​នឹង​ត្រូវ​ស្លាប់ ប៉ុន្តែ​ព្រះ​វិញ្ញាណ​បរិ​សុទ្ធ​នឹង​យាង​មក ហើយ​និង​ជួយ​អ្នកឲ្យ​ចង​ចាំ​នូវ​ការ​ពីរ​យ៉ាង៖ ទី​មួយ​ជួយ​ពួក​សាវក​ឲ្យ​ចង​ចាំ​នូវ​អ្វីៗ​ដែល​ខ្ញុំ​បាន​មាន​បន្ទូល​ ហើយ​ទី​ពីរ គឺ​ចង​ចាំ​នូវ​អ្វីៗ​ដែល​នឹង​កើត​ឡើង»។ ប្រ​សិន​បើ​អ្នក​ចង់​ដឹង​ពី​របៀប​ដែល​ពួក​សិស្ស​ទាំង​១១​បាន​ចង​ចាំ​នូវ​អ្វីៗ ​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល ជា​ពិសេស​ព្រះ​បន្ទូល​ដ៏​វែង​របស់​ទ្រង់​ នោះ​ចំលើយ​គឺ​មាន​នៅ​ត្រង់​នេះ​ស្រាប់។ ព្រះវិញ្ញាណ​បរិ​សុទ្ធ​បាន​ជួយ​ពួក​សិស្ស​ឲ្យ​ចង​ចាំ​និង​កត់​ត្រា​នូវ​ហេតុ​ការណ៍​ទាំង​ឡាយ។

ហេតុ​នេះ​សៀវភៅ​ព្រះ​គម្ពីរ​ គឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​វិញ្ញាណ​បរិ​សុទ្ធ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​មិន​បាន​ធ្វើ​កិច្ច​កា​រដាច់​ដោយ​ឡែក​តែ​ឯង​នោះ​ទេ គឺ​ទ្រង់​បាន​ប្រើ​ព្រះ​បន្ទូល​នេះ។ ដូច្នេះ ​ការ​កែ​ទម្រង់​លេច​ជា​រូប​រាង​ឡើង ដោយ​ព្រោះ​មនុស្ស​តែ​ម្នាក់ ​បាន​ស្រា​វ​ជ្រាវ​ព្រះ​បន្ទូល​ព្រះ​ឡើង​វិញ។ នៅ​ពេល​មនុស្ស​ច្រើន​នៅ​ក្នុង​ប្រទេស​អង់គ្លេស​បាន​ជឿ​លើ​ព្រះគ្រីស្ទ​ ក្រោម​ការ​ដឹក​នាំ​របស់​លោក​វែសលី និង​លោក​វ៉ាយហ្វៀល ​មិន​មែន​ដោយ​សារ​ព្រះ​វិញ្ញាណ​បរិ​សុទ្ធ​ធ្វើ​ការ​តែ​ម្នាក់​ឯង​នោះ​ទេ តែ​ដោយ​សារ​មនុស្ស​នាំ​គ្នា​ក្រោក​ឈរ ហើយ​បាន​អធិប្បាយ​ខ្លាំង​ៗ​ថា «អ្នក​ត្រូវ​ការ​ការ​កើត​ម្តង​ទៀត»។ ពួក​គេ​បាន​ប្រើ​ព្រះ​បន្ទូល​របស់​ព្រះ ហើយ​ព្រះវិញ្ញាណ​របស់​ព្រះ​ជា​ម្ចាស់​បាន​ប្រ​ទាន​ពរ​ទៅ​លើ​ព្រះបន្ទូល​នោះ​ដោយ​អំណាច។

នេះ​សំខាន់​ណាស់​ ដូច​គ្នា​នឹង​ពួក​ជំនុំ​សព្វ​ថ្ងៃ​នេះ​ដែរ​ ដែល​យល់​ថា អ្នក​អាច​ដើរ​តាម​ព្រះ​វិញ្ញាណ ហើយ​ថា​ព្រះ​វិញ្ញាណ​នឹង​នាំ​អ្នក​ទៅ​កាន់​កន្លែង​ថ្មីៗ​ ដែល​នៅ​ឯនាយ​នៃ​ព្រះ​បន្ទូល​របស់​ទ្រង់។ ប៉ុន្តែ​ព្រះគម្ពីរ​បាន​បង្រៀន​យើង​ម្តង​ហើយ​ម្តង​ទៀត​ថា ប្រ​សិន​បើ​អ្នក​ដើរ​តាម​ព្រះ​វិញ្ញាណ​បរិ​សុទ្ធ​ នោះ​ទ្រង់​នឹង​នាំ​អ្នក​មក​មើល​ព្រះ​បន្ទូល​ទ្រង់​វិញ។ ទ្រង់​នឹង​នាំ​អ្នក​ឲ្យ​សិក្សា​យ៉ាង​ស៊ី​ជំរៅ​នៅ​ក្នុង​សៀវភៅ​របស់​ទ្រង់។ អ្នក​មិន​អាច​ដើរ​តាម​ព្រះ​វិញ្ញាណ​ តែ​ទុក​ព្រះ​គម្ពីរ​ចោល​មួយ​អន្លើ​នោះ​ឡើយ។ ប្រ​សិន​បើ​អ្នក​ដើរ​តាម​ព្រះ​វិញ្ញាណ​បរិសុទ្ធ  នោះ​អ្នក​ដឹង​ខ្លួន​ឯង​ថា អ្នក​កំពុង​តែ​ចូល​កាន់​តែ​ជ្រៅ​ទៅៗ ទៅ​ក្នុង​ព្រះ​គម្ពីរ។

ប្រាជ្ញា​ពិត​ប្រាកដ​ខាង​វិញ្ញាណ បាន​មក​ដល់​ហើយ ហើយ​ក៏​បាន​បោះ​ពុម្ព​ហើយ​ដែរ និង​មាន​មនុស្ស​ជា​ច្រើន​បាន​ពេញ​ចិត្ត​ចំពោះ​សៀវភៅ​នេះ (ព្រះគម្ពីរ) ជា​ពិសេស​ពួក​អ្នក​ដែល​បាន​ទ​ទួល​ព្រះ​គ្រីស្ទ។ ប៉ុន្តែ​ទោះ​បី​ជា​អ្នក​មិន​បាន​ទទួល​ព្រះ​គ្រីស្ទ​ក៏​ដោយ ក៏​ព្រះ​គម្ពីរ​នៅ​តែ​ជា​សៀវភៅ​ដ៏​សំខាន់​បំផុត​មួយ​ដែល​គួរ​តែ​អាន ហើយ​ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​គ្រប់​គ្នា​ឲ្យ​អាន មិន​ថា​អ្នក​នៅ​ក្នុង​ស្ថាន​ភាព​បែប​ណា​នោះ​ទេ ពី​ព្រោះ​នៅ​ពេល​អ្នក​អាន​ នោះ​អ្នក​នឹង​បាន​ឃើញ​សេចក្តី​ពិត​ពី​ព្រះ​គ្រីស្ទ។

. សិទ្ធិ​អំណាច​នៃ​ប្រាជ្ញា​ពិត​ខាង​វិញ្ញាណ

សាវក​ប៉ុល​ចង់​ឲ្យ​ពួក​កូរិនថូស​ដឹង​ថា ពួក​គេ​មិន​មែន​ជា​ក្រុម​មួយ​ដែល​ពិសេស​ជាង​គ្រីស្ទ​បរិស័ទ​ដទៃ​ទៀត​នោះ​ឡើយ។ តាម​ពិត​ពួក​គេ​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់ ដ្បិត​បាន​បាត់​បង់​នូវ​សេចក្តី​ពិត​ដែល​ថា មាន​តែ​មនុស្ស​ពីរ​ពួក​ប៉ុណ្ណោះ​នៅ​ក្នុង​លោកិយ​នេះ នៅ​ចំពោះ​ព្រះ​ជា​ម្ចាស់ ​ដែល​ជា​មនុស្ស​គ្មាន​ព្រះ​វិញ្ញាណ​របស់​ព្រះ​ជា​ម្ចាស់ (ខ១៤) ឯ​នៅ​ក្នុង​ទី​១៥​វិញ និយាយ​ពី​មនុស្ស​ខាង​វិញ្ញាណ។ ដូច្នេះ​មាន​ន័យ​ថា មាន​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ និង​ពួក​អ្នក​ដែល​ឥត​មាន​ព្រះ​គ្រីស្ទ។ ពួក​គ្រីស្ទ​បរិស័ទ​គ្រាន់តែ​ជា​មនុស្ស​ដែល​ជឿ​លើ​ដំណឹង​ល្អ​ប៉ុណ្ណោះ ហើយ​គេ​បាន​ទទួល​ព្រះគ្រីស្ទ​តាម​រយៈ​ជំនឿ។ ប៉ុន្តែ​ប្រ​សិន​បើ​អ្នក​ចង់​និយាយ​ពី​ជីវិត​គ្រីស្ទ​បរិស័ទ​របស់​អ្នក​ជា​មួយ​នឹង​អ្នក​ដទៃ​ទៀត នោះ​អ្នក​មិន​ត្រូវ​មាន​ការ​ភ្ញាក់​ផ្អើល​នោះ​ទេ ប្រ​សិន​បើ​មាន​ការ​ពិបាក​យល់​ចំពោះ​ពួក​គេ។ នៅ​ក្នុង​ខ​១៤​បាន​ចែង​ថា «មនុស្ស​ខាង​សាច់ឈាម គេ​មិន​ទទួល​សេចក្តី​ខាង​ឯ ព្រះ​វិញ្ញាណ​នៃ​ព្រះ​ទេ» មាន​ន័យ​ថា មាន​អ្នក​ខ្លះ​នឹង​មិន​ចង់​និយាយ​ពី​ព្រះយេស៊ូវ ហើយ​មាន​អ្នក​ខ្លះ​ទៀត​គិត​ថា «ខ្ញុំ​មិន​ដឹង​ថា​អ្នក​កំពុង​និយាយ​ពី​អ្វី​នោះ​ទេ ខ្ញុំ​គិត​ថា​អ្វី​ដែល​អ្នក​កំពុង​តែ​និយាយ​ឥត​មាន​ប្រយោជន៍​ទេ​»។

ខ​១៥ បាន​ចែង​ថា «មនុស្ស​ខាង​វិញ្ញាណ…» មាន​ន័យ​ថា គ្រីស្ទ​បរិស័ទ​ដែល​បាន​ទទួល​អំណោយ​ទាន​មើល​ឃើញ​ពី​ប្រាជ្ញា​របស់​ព្រះ​ជា​ម្ចាស់ នោះ​ពេល​នេះ​អាច​មើល​ឃើញ​គ្រប់​ទាំង​អស់​តាម​រយៈ​ដំណឹង​ល្អ។ បុគ្គល​ដែល​មិន​មែន​ជា​គ្រីស្ទ​បរិស័ទ មិន​អាច​យល់​ពី​ដំណឹង​ល្អ​នោះ​ទេ តែ​បុគ្គល​ដែល​បាន​ត្រ​លប់​ជា​គ្រីស្ទ​បរិស័ទ​ហើយ អាច​មើល​ឃើញ​ពី​ឆាក​ជីវិត​ទាំង​ស្រុង​តាម​រយៈ​ព្រះគ្រីស្ទ​បាន។

សេចក្តី​ពិត​អំពី​ប្រាជ្ញា​ពិត​ខាង​វិញ្ញាណ ផ្ដោត​សំខាន់​ទៅ​លើ​ព្រះ​គ្រីស្ទ ​និង​កិច្ច​ការ​នៃ​ការ​សង្គ្រោះ​របស់​ទ្រង់​មក​ដល់​យើង​រាល់​គ្នា ដែល​នេះ​គឺ​ជា​ផ្ទៃ​រឿង​នៃ​ព្រះ​គម្ពីរ​ទាំង​មូល។ ប្រាជ្ញា​នេះ​បាន​មក​ដល់​ហើយ បាន​បើក​សំ​ដែង​ឲ្យ​ឃើញ​ហើយ តែ​អ្នក​នៅ​តែ​ត្រូវ​ការ​ជំនួយ​ដើម្បី​ឲ្យ​អាច​យល់​បាន អ្នក​ត្រូវ​ការ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​ ទើប​អាច​យល់​បាន។ អ្នក​ត្រូវ​ការ​វិល​បែរ​ទៅ​ឯ​ព្រះ​គ្រីស្ទ មិន​ត្រូវ​គេ​ច​ចេញ​ពី​ទ្រង់​ឡើយ នោះ​ទ្រង់​នឹង​ជួយ​អ្នក​មិន​ខាន។ ព្រះគម្ពីរ​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ ជា​សៀវភៅ​ដ៏​អស្ចារ្យ​មួយ​ក្បាល។ ត្រូវ​ប្រយ័ត្ន​ចំពោះ​ពួក​អ្នក​ដែល​មក​រក​អ្នក​ ទោះ​បី​ជា​អ្នក​នោះ​ជា​មិត្ត​ជិត​ស្និត ឬ​សាច់ញាតិ​ក្តី ដោយ​និយាយ​ថា​ «ខ្ញុំ​មាន​សារ​ពី​ព្រះ​ជា​ម្ចាស់​មក ទ្រង់​មាន​បន្ទូល​យ៉ាង​នេះ​មួយ ឬ​យ៉ាង​នោះ​មួយ​» តែ​សារ​នេះ​មិន​មាន​និយាយ​នៅ​ក្នុង​ព្រះ​គម្ពីរ​ទេ។ មនុស្ស​បែប​នោះ​មិន​បាន​មក​ជួយ​អ្នក​ទេ តែ​ផ្ទុយ​ទៅ​វិញ​អ្នក​នោះ​បាន​មក​បោកប្រាស់​អ្នក​វិញ ពួកគេ​បាន​បោះ​បង់​ចោល​ផ្លូវ​របស់​ព្រះ​អម្ចាស់​ហើយ។ នៅ​ពេល​ព្រះ​ជា​ម្ចាស់​មាន​បន្ទូល ទ្រង់​មាន​បន្ទូល​តាម​រយៈ​ព្រះ​បន្ទូល​របស់​ទ្រង់ នោះ​ជា​របៀប ​ដែល​ទ្រង់​បាន​សន្យា​មាន​បន្ទូល​មក​កាន់​រាស្រ្ត​របស់​ទ្រង់។ ខ្ញុំ​មិន​បាន​និយាយ​ថា​ទ្រង់​មិន​អាច​មាន​បន្ទូល​នោះ​ទេ ប្រ​សិន​បើ​ទ្រង់​សព្វ​ព្រះ​ទ័យ​ទ្រង់​អាច​មាន​បន្ទូល​តាម​រយៈ​មេឃ ឬ​ដាស់​មនុស្ស​តាម​រយៈ​ការ​យល់​សុបិន្ដ​ណា​មួយ ឬ​តាម​រយៈ​សោក​នាដ​កម្ម ឬ​រឿង​រ៉ាវ​ផ្សេងៗ។ ប៉ុន្តែ​ប្រ​សិន​បើ​ទ្រង់​សព្វ​ព្រះ​ទ័យ​ប្រ​ទាន​សេចក្តី​សន្យា​ឲ្យ​អ្នក​ នោះ​នឹង​ធ្វើ​ឡើង​តាម​រយៈ​ព្រះ​បន្ទូល​ទ្រង់​ដែល​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ​ជា​មិន​ខាន។

ជា​ចុង​ក្រោយ ព្រះ​បន្ទូល​របស់​ទ្រង់​មាន​អំណាច​ណាស់។ ព្រះបន្ទូល​ប្រៀប​បាន​នឹង​វ៉ែនតា​មួយ​គូរ ដែល​យើង​អាច​ឆ្លុះ​មើល​ពិភព​លោក។ ព្រះ​ជា​ម្ចាស់​ទ្រង់​ល្អ​ចំពោះ​យើង​ណាស់! ទ្រង់​មិន​គ្រាន់​តែ​សង្គ្រោះ​យើង​ចេញ​ពី​អំពើ​បាប​របស់​យើង​ប៉ុណ្ណោះ​នោះ​ទេ តែ​ទ្រង់​ថែម​ទាំង​សង្គ្រោះ​យើង​ចេញ​ពី​ភាព​ភាន់​ច្រលំ​ទៀត​ផង។ ​នៅ​ក្នុង​ជំពូក​២ សាវក​ប៉ុល​បាន​ជួយ​ពួក​កូរិនថូស​ទាំង​អស់​នេះ ឲ្យ​បាន​យក​ព្រះគ្រីស្ទ​ធ្វើ​ជា​ចំនុច​កណ្តាល​ក្នុង​ជីវិត យក​ព្រះ​គម្ពីរ​ធ្វើ​ជា​គ្រឹះ​របស់​ពួកគេ​ ដែល​នោះ​គឺ​ជា​វិធី​ដ៏​ល្អ​បំផុត​សំរាប់​គ្រីស្ទ​បរិស័ទ​គ្រប់​រូប​ឈាន​ឆ្ពោះ​ទៅ​មុខ។

 

The above is an abridged translation of “Who has discernment?” by Simon Manchester.  If you wish to hear the original English sermon, please go to http://thegospelcoalition.org/resources/entry/who_has_discernment

Leave a Reply

Your email address will not be published. Required fields are marked *

*

Top