1 Cor 3 Build to last pdf download
យើងកំពុងមើលក្នុងក្បួនមួយដែលមានអាយុ២០០០ឆ្នាំ គឺជាសំបុត្រទីមួយរបស់ប៉ុលទៅកាន់ពួកកូរិនថូស ក្នុងជំពូក៣ ដើម្បីឲ្យដឹងពីរបៀបសាងសង់ពួកជំនុំមួយ។ មើលសារទ្បើងវិញ៖ ពួកជំនុំក្នុងក្រុងកូរិនថូសគិតដូចជាលោកិយ គិតដូចជាវប្បធម៌ដែលពួកគេបានរស់នៅក្នុង។ ពួកជំនុំបានចាប់ផ្តើមល្អ ប៉ុន្តែបានចាប់ផ្តើមចង់មានអំណាចកាន់តែខ្លាំង ពួកគេបានចង់បានព្រះរាជសារកាន់តែមានអំណាច ពួកជំនុំកាន់តែខ្លាំង ហើយពួកគេបានចង់បានអ្នកអធិប្បាយកាន់តែមានអំណាច។ ប៉ុលពន្យល់នៅក្នុងជំពូក១ថា អំណាចរបស់ព្រះត្រូវបានឃើញនៅក្នុងព្រះរាជសាររបស់ព្រះអំពីព្រះគ្រីស្ទដែលត្រូវគេឆ្កាង អំណាចរបស់ព្រះត្រូវបានឃើញនៅក្នុងពួកជំនុំធម្មតា ហើយអំណាចរបស់ព្រះត្រូវបានឃើញនៅក្នុងអ្នកនាំសារធម្មតា។
នៅក្នុងជំពូក២ ពួកកូរិនថូសគិតថាពួកគេបានទទួលប្រាជ្ញាថ្មីមួយអំពីការរស់នៅរបស់គ្រីស្ទបរិស័ទដែលមានការជំរុញទឹកចិត្តជាងអ្វីដែលប៉ុលបានបង្រៀនពួកគេ ហើយប៉ុលពន្យល់ថា ប្រាជ្ញារបស់ព្រះគឺផ្ដោតលើព្រះគ្រីស្ទដែលត្រូវគេឆ្កាង ហើយថា វាត្រូវបានកត់ត្រាទុកនៅក្នុងបទគម្ពីរសំរាប់មនុស្សគ្រប់គ្នាទទួលស្គាល់ដោយបន្ទាបខ្លួន។ ការរិះគិតរបស់គ្រីស្ទបរិស័ទនៅកូរិនថូសបានលែងតាមព្រះបន្ទូល ហើយតាមលោកីយវិញ។
ប្រសិនបើអ្នកគិតតាមផ្លូវណាមួយ នោះក្រោយមកវានឹងមានឥទ្ធិពលលើរបៀបដែលអ្នករស់នៅ។
ក្នុងជំពូក៣ប៉ុលបង្រៀនពួកគេអំពីរបៀបគិតឲ្យកាន់តែច្បាស់។ នៅក្នុងខ. ១៦ ប៉ុលសរសេរថា «តើអ្នករាល់គ្នាមិនដឹងទេឬអី….?» ប៉ុលសរសេរពាក្យទាំងនេះ១១ដងនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ហើយក្នុងចំណោមនេះមាន១០ដងនៅក្នុងសំបុត្រកូរិនថូសទី១។ នៅទីនេះគឺជាពួកជំនុំមួយដែលហាក់ដូចជាកំពុងគិតផ្លូវខុសលើប្រធានបទយ៉ាងច្រើន ហើយប៉ុលត្រូវតែនិយាយម្តងហើយម្តងទៀតថា «តើអ្នករាល់គ្នាមិនដឹងទេឬអី…?»
បីចំនុច៖
១. របៀបមើលយ៉ាងត្រឹមត្រូវលើពួកអ្នកដឹកនាំជាអ្នកបំរើនៃព្រះ។
២. របៀបមើលយ៉ាងត្រឹមត្រូវលើព័ន្ធកិច្ចជាសំខាន់ចំពោះព្រះ។
៣. របៀបមើលយ៉ាងត្រឹមត្រូវលើពួកជំនុំជាពិសេសចំពោះព្រះ។
១. របៀបមើលយ៉ាងត្រឹមត្រូវលើពួកអ្នកដឹកនាំជាអ្នកបំរើនៃព្រះ
យើងដឹងថាពួកគ្រីស្ទបរិស័ទនៅកូរិនថូសកំពុងវាយតំលៃលើអ្នកដឹកនាំរបស់ពួកគេតាមទិដ្ឋភាពរបស់លោកីយ ហើយពេលខ្លះលទ្ធផលគឺថា ពួកគេលើកសរសើរប៉ុលលើសជាងតំលៃពិតរបស់គាត់ ហើយពេលខ្លះពួកគេបន្តុះបង្អាប់ប៉ុលលើសជាងតំលៃពិតរបស់គាត់។
៣:១ ប៉ុលហៅការគិតនេះដូចនឹងមនុស្សខាងឯសាច់ឈាម នៅក្មេងខ្ចី។ គ្មានតំលៃពីរនៅក្នុងគ្រួសារនៃព្រះនោះទេ ទ្រង់មិនលំអៀងទៅអ្នកណា ប៉ុន្តែមានឥរិយាបថខុសៗគ្នានៅក្នុងគ្រួសារនៃព្រះ។ មានឥរិយាបថតាមព្រលឹងវិញ្ញាណនិងតាមលោកិយ មានឥរិយាបថបែបចាស់ទុំនិងក្មេងខ្ចី ហើយប្រសិនបើអ្នកវាយតំលៃលើអ្នកដឹកនាំរបស់អ្នកតាមទិដ្ឋភាពរបស់លោកីយ នោះអ្នកនឹងគិតថាអ្នកដឹកនាំជាមនុស្សធំឧត្តម ឬអ្នកនឹងនិយាយប្រឆាំងនឹងពួកគេ អំពើទាំងពីរនោះគឺមិនមានភាពចាស់ទុំទេ។
ការដែលប៉ុលហៅពួកគេថានៅក្មេងខ្ចី (៣:១) គឺពិបាកសំរាប់ពួកកូរិនថូសពីព្រោះពួកគេបានគិតថាពួកគេបានអភិវឌ្ឍយ៉ាងអស្ចារ្យ ហើយគិតថាពួកគេរីកចំរើនលើសជាងសេចក្តីបង្រៀនរបស់ប៉ុលទៅទៀត។ គាត់និយាយទៅកាន់ពួកគេថា តើអ្នកមិនដឹងថាគំនិតថ្មីរបស់អ្នកនៅក្មេងខ្ចីទេឫអី? ខ.៥- ដូច្នេះ តើប៉ុលជាអ្វី? ឬអ័ប៉ុទ្បូសជាអ្វី? គឺគ្រាន់តែជាអ្នកបំរើដែលនាំឲ្យអ្នករាល់គ្នាជឿតាមដែលព្រះអម្ចាស់បានប្រទានមកគ្រប់គ្នាតែប៉ុណ្ណោះទេតើ ។ របៀបត្រឹមត្រូវក្នុងការមើលពួកអ្នកដឹកនាំជាអ្នកបំរើនៃព្រះ។ អ្នកបំរើនៅទីនេះមិនមានន័យថា «ទាសករ» នោះទេ (បើទោះពេលខ្លះប៉ុលហៅខ្លួនគាត់ថាទាសករក៏ដោយ) ប៉ុន្តែអ្នកបំរើម្នាក់គឺជាមនុស្សដែលរស់នៅក្រោមចៅហ្វាយម្នាក់ប៉ុន្តែមានសេរីភាពច្រើន។ ប៉ុលប្រើការឧទាហរណ៍អំពីការធ្វើស្រែចំការដើម្បីពន្យល់អំពីតួនាទីរបស់អ្នកបំរើនេះ។
ខ. ៦ «ខ្ញុំបានដាំ អ័ប៉ុទ្បូសបានស្រោចទឹក» យើងអាចរៀនបានមេរៀនខ្លះៗនៅទីនេះ:
ពួកអ្នកដឹកនាំគឺជាពួកអ្នកបំរើ ហើយពួកជំនុំមិនមែនជាកម្មសិទ្ធិរបស់អ្នកដឹកនាំនោះទេ (ខ. ៩)។ យើងគឺជាពួកអ្នកធ្វើការរបស់ព្រះ ប៉ុន្តែអ្នកគឺជាស្រែរបស់ព្រះ ជាការសាងសង់របស់ព្រះ)។ ដូច្នេះ ប៉ុលដឹងថាគាត់មិនមែនជាម្ចាស់ពួកកូរិនថូសហើយគ្រូគង្វាលមិនមែនជាម្ចាស់ពួកជំនុំទេ។ គ្មាននរណាម្នាក់អាចនិយាយថា (ឧទាហរណ៍) នេះគឺជាព្រះវិហាររបស់វណ្ណាបានទេ ពីព្រោះពួកជំនុំគឺជាពួកជំនុំរបស់ព្រះអង្គ។ ពួកអ្នកដឹកនាំមិនមែនជាម្ចាស់ថ្នាក់រៀនថ្ងៃអាទិត្យ ហើយពួកអ្នកដឹកនាំមិនមែនជាម្ចាស់ក្រុមសិក្សាព្រះគម្ពីរ តែទាំងនេះជារបស់ព្រះវិញ។ ប៉ុលក៏មិនមែនជារបស់ពួកជំនុំកូរិនថូស ហើយពួកជំនុំក៏មិនមែនជាម្ចាស់របស់ពួកអ្នកដឹកនាំផងដែរ។ ម្ចាស់គឺជាព្រះ។ ពួកអ្នកបំរើគឺជាពួកអ្នកដឹកនាំ។
ចេញពីរូបភាពនេះ ខ្លឹមសារនៃព័ន្ធកិច្ចគឺជាការបំរើ(ដូចយើងឃើញក្នុងគំរូរបស់ព្រះគ្រីស្ទ) ដូច្នេះខ្លឹមសារនៃកាតព្វកិច្ចរបស់អ្នកដឹកនាំគឺបំរើ។ ព្រះយេស៊ូវបានបំរើក្នុងរបៀបដ៏អស្ចារ្យបំផុតដែលការបំរើរបស់ទ្រង់ប្រទានឲ្យយើងនូវសេចក្តីសង្គ្រោះ។ ការឆ្លើយតបរបស់យើងគឺត្រូវតែបំរើព្រះហើយនិងស្អាងប្រជារាស្ត្ររបស់ព្រះទ្បើងនៅក្នុងសេចក្តីជំនឿរបស់ពួកគេ។ ដូច្នេះ ដើម្បីធ្វើជាអ្នកបំរើល្អម្នាក់ ត្រូវគិតថាអ្នកអាចជួយមនុស្សដោយរបៀបណា។ ប្រសិនបើអ្នកចង់ធ្វើជាស្វាមីល្អម្នាក់ ត្រូវគិតថាអ្នកអាចជួយភរិយារបស់អ្នកអស់កល្បដោយរបៀបណា(គឺបានជួយប្រពន្ធនៅក្នុងទំនាក់ទំនងជាមួយនឹងព្រះគ្រីស្ទយ៉ាងម៉េច និងជួយប្រពន្ធរៀបចំខ្លួនសំរាប់ថ្ងៃដែលព្រះយេស៊ូវយាងមកវិញដោយរបៀបណា)។ ប្រសិនបើអ្នកចង់ធ្វើជាឪពុកម្តាយល្អ ត្រូវគិតថាអ្នកអាចជួយកូនៗរបស់អ្នកអស់កល្បដោយរបៀបណា។ នេះគឺជាការបំរើពិតប្រាកដ។
អ្នកមិនជឿព្រះអម្ចាស់ឬសមាជិកពួកជំនុំដែលមិនមានភាពចាស់ទុំនៅក្នុងពួកជំនុំនឹងគិតថា «តើខ្ញុំអាចទទួលបានអ្វីនៅទីនេះ?» ប៉ុន្តែគ្រីស្ទបរិស័ទដែលមានភាពចាស់ទុំកំពុងគិតថាគាត់អាចបំរើដោយបន្ទាបខ្លួនដោយរបៀបណាវិញ។
សូមកត់សំគាល់ថានៅក្នុង៣:៦ ប៉ុលមិនមែនមានការប្រកួតប្រជែងនោះទេ ប៉ុន្តែគាត់ស្ថិតក្នុងភាពជាដៃគូ «ខ្ញុំបានសាបព្រោះ អ័ប៉ុទ្បូសជាអ្នកស្រោច»។ គាត់អាចបង្ហាញថាអ័ប៉ុទ្បូសមិនមែនជាសាវ័កម្នាក់ទេ។ មានក្រុមមួយនៅក្នុងពួកជំនុំដែលកំពុងលើកតម្កើងអ័ប៉ូទ្បូស ហើយវាជាការងាយស្រួលសំរាប់ប៉ុលក្នុងការនិយាយថា «គាត់មិនមែនជាសាវ័កដូចជាខ្ញុំនោះទេ។ គាត់ក៏មិនមែនជាគ្រូគង្វាលដែលបានបង្កើតពួកជំនុំដូចជាខ្ញុំដែរ» ប៉ុន្តែលោកប៉ុលរាប់បញ្ចូលអ័ប៉ុទ្បូស គាត់មិនសរសេរអំពីតំណែងខ្ពស់ជាងរបស់គាត់ហើយគាត់បង្រៀនពួកកូរិនថូសឲ្យគិតត្រឹមត្រូវដូចដែលយើងទាំងអស់គ្នាគួរតែគិតត្រឹមត្រូវដែរ។
គ្រូគង្វាលមុនខ្ញុំនៅក្នុងពួកជំនុំនេះបានធ្វើការដែលខ្ញុំមិនអាចធ្វើ ហើយមានពួកអ្នកដឹកនាំក្នុងចំណោមបុគ្គលិកនៅទីនេះឥឡូវដែលធ្វើការដែលខ្ញុំមិនអាចធ្វើដោយយោងទៅតាមជំនាញ អារម្មណ៍និងសមត្ថភាព។ មានពួកអ្នកដឹកនាំនៅក្នុងពួកជំនុំដែលយើងត្រូវការជាចាំបាច់។ មានពួកគ្រូបង្រៀនក្មេង ហើយមានអ្នកលេងភ្លេង មានចាស់ទុំបំរើ មានពួកអ្នកបំរើថែរក្សាមនុស្ស ហើយការងារគ្រប់ប្រភេទដែលយើងធ្វើនៅក្នុងភាពជាដៃគូជាមួយគ្នាបាន។
៣:៧-៨«ហេតុនោះបានជាអ្នកដែលសាបព្រោះ និងអ្នកដែលស្រោច នោះមិនមែនជាអ្វីទេ ស្រេចហើយនឹងព្រះ ដែលធ្វើឱ្យដុះវិញទេតើ ឯអ្នកដែលសាបព្រោះ និងអ្នកដែលស្រោចនោះដូចគ្នាទេ ហើយក្នុងអ្នកនីមួយៗ នោះនឹងបានរង្វាន់តាមការដែលខ្លួនធ្វើ» អំណាចទាំងអស់ជារបស់ព្រះ។ មានតែព្រះទេដែលធ្វើឲ្យគ្រប់ការរីកចំរើនបាន ដូច្នេះព្រះទទួលបានសិរីល្អ។ ពួកអ្នកដឹកនាំមិនមែនជាអ្វីក្នុងន័យអំណាចនិងសិរីល្អ ប៉ុន្តែពួកគេសំខាន់សំរាប់ការសាបព្រោះនិងការស្រោចទឹក។ ស្រែចំការមិនអាចដំណើរការដោយគ្មាននរណាម្នាក់ដាំនិងស្រោចទឹកនោះទេ។ បើគ្មានមនុស្សធ្វើការនៅក្នុងសួនច្បារទេ នោះនឹងគ្មានអ្វីល្អដុះទ្បើងឡើយ។ ហើយបើគ្មានមនុស្សធ្វើការនៅក្នុងពួកជំនុំទេ នោះពិតនឹងមិនមានអ្វីកើតទ្បើងឡើយ។ ព្រះប្រើអ្នកសាបព្រោះនិងអ្នកស្រោចទឹក។ ដូច្នេះ ពួកកូរិនថូសទាំងនេះត្រូវគិតដូចជាពួកអ្នកបំរើ ពួកគេត្រូវដឹងថាពួកគេជាដៃគូនឹងគ្នា ហើយពួកគេត្រូវការការគិតពិតប្រាកដ។
សេចក្តីបង្រៀនរបស់ប៉ុលកែប្រែយើងទាំងអស់គ្នាដោយការជួយឲ្យយើងមើលឃើញពួកអ្នកដឹកនាំជាពួកអ្នកបំរើរបស់ព្រះដែលមានតួនាទីសំខាន់មួយ៖ ការសាបព្រោះនិងការស្រោចទឹក។ យើងមិនត្រូវឲ្យតំលៃពួកគេខ្ពស់ជាងឬទាបជាងនេះឡើយ។
២. របៀបយល់អំពីព័ន្ធកិច្ច។ ប៉ុលបែរពីរូបភាពអំពីស្រែចំការមកឯរូបភាពអំពីការសាងសង់វិញ។ នៅក្នុងកូល៉ុស២ ប៉ុលបានសរសេរទៅកាន់ពួកកូល៉ុសថា គាត់ចង់ឲ្យពួកគេរីកចំរើនទ្បើងកាន់តែខ្លាំង ពីព្រោះពួកគេត្រូវបានដាំនៅក្នុងព្រះគ្រីស្ទ ហើយត្រូវបានស្អាងទ្បើងនៅក្នុងព្រះគ្រីស្ទ ហើយនៅទីនេះប៉ុលប្រើទាំង «ស្រែចំការ» និង «ការសាងសង់» ជាឧទាហរណ៍បញ្ជាក់។
ព័ន្ធកិច្ចដែលគាត់កំពុងបរិយាយគឺជារបស់ពួកសាវ័ក។ យើងចាប់អារម្មណ៍ខ្លាំងលើការអនុវត្តផ្ទាល់របស់យើង ដូច្នេះហើយយើងតែងតែចង់និយាយថា «ការទាំងអស់នេះគឺសំរាប់ខ្ញុំ» ប៉ុន្តែការពិតគឺជាសាវ័កប៉ុលដែលបានដាំគ្រឹះជំនឿគ្រីស្ទបរិស័ទដំបូងគេ។ នៅក្នុងអេភេសូរ២ គាត់និយាយថាគ្រឹះរបស់ពួកជំនុំត្រូវបានដាំដោយពួកសាវ័កនិងពួកហោរា។ ការនេះពិតណាស់នៅក្នុងក្រុងកូរិនថូស។ គាត់បានដាំគ្រឹះដែលជាប្រសាសន៍អំពីព្រះគ្រីស្ទដែលត្រូវគេឆ្កាង។
យើងនឹងគិតថា «ខ្ញុំបានដាំជើងជញ្ជាំង…» ក្នុងខ. ១០ រំពេចនោះមាន «បើអ្នកណា…ធ្វើពីលើជញ្ជាំងនេះ» ក្នុងខ. ១២ ប៉ុន្តែក្នុងខ. ១១ ប៉ុលបន្ថែមថា «ដ្បិតគ្មានអ្នកណាអាចនឹង ដាំជើងជញ្ជាំងណាផ្សេងទៀត ក្រៅពីជើងដែលបានដាំរួចហើយនោះបានទេ គឺជាព្រះយេស៊ូវគ្រីស្ទ»។ អ្នកមិនអាចមានសុវត្ថិភាពទេប្រសិនបើគ្មានអ្នកដាំគ្រឹះនៃព្រះគ្រីស្ទដែលត្រូវគេឆ្កាង។ អ្នកមិនមានលំនឹងទេប្រសិនបើអ្នកមិនឈរលើព្រះគ្រីស្ទដែលត្រូវគេឆ្កាង។ ទ្រង់គឺជាសេចក្តីអត់ទោសរបស់អ្នក ទ្រង់គឺជាស្តេចរបស់អ្នក ហើយទ្រង់គឺជាសេចក្តីសង្ឃឹមរបស់អ្នក។
ពួកកូរិនថូសហាក់ដូចជាកំពុងងាកចេញពីគ្រឹះរបស់ពួកគេ ហើយពួកគេត្រឡប់ជារិះគន់ប៉ុល ប៉ុន្តែគាត់និយាយថា គ្មានអ្វីនឹងទ្រទ្រុងអ្នកទេ គឺមានតែគ្រឹះដែលខ្ញុំបានដាំប៉ុណ្ណោះ។ គួរឲ្យលំបាកចិត្តណាស់ដែលមានពួកគ្រូបង្រៀនខ្លះបានចូលក្នុងក្រុងកូរិនថូសហើយបាននាំយកមកនូវគំនិតថ្មីៗដែលបានធ្វើឲ្យពួកកូរិនថូសគិតជាថ្មី ប៉ុន្តែប៉ុលនិយាយថា ពួកគ្រូបង្រៀនទាំងនោះនឹងមិនរួចពីការល្បងលនិងការវិនិច្ឆ័យរបស់ព្រះនោះទេ។ គាត់ប្រើឧទាហរណ៍បញ្ជាក់ល្បីអំពីភ្លើងនៅក្នុងខ.១៣ «នោះការដែលអ្នករាល់គ្នាធ្វើ នឹងលេច មកឱ្យឃើញ ដ្បិតថ្ងៃនោះនឹងបង្ហាញពីការនោះយ៉ាងច្បាស់លាស់ ព្រោះការនោះនឹងសំដែងចេញមកដោយសារភ្លើង ហើយភ្លើងនឹងសាកមើលការដែលនីមួយៗធ្វើឱ្យដឹងជាយ៉ាងណា»។
ទីមួយ ការនេះអនុវត្តចំពោះពួកសាវ័ក ទីពីរការនេះអនុវត្តចំពោះអស់អ្នកដែលបង្រៀន។ ភ្លើងរបស់ព្រះល្បងលព័ន្ធកិច្ចរបស់យើង។ ប្រសិនបើវាគឺជាព័ន្ធកិច្ចដែលស្មោះត្រង់ នោះវានឹងទទួលបានរង្វាន់។ ហើយយើងអរព្រះគុណព្រះដែលព្រះប្រទានរង្វាន់ ពីព្រោះគ្មានរង្វាន់ពីមនុស្សដែលធ្វើឲ្យវាមានតំលៃនោះទេ។ វាគឺជាពាក្យថា «ប្រពៃហើយបាវល្អស្មោះត្រង់អើយ» ពីចៅហ្វាយ ហើយរង្វាន់ដែលចៅហ្វាយឲ្យនឹងធ្វើឲ្យការបំរើព្រះគ្រីស្ទគ្រប់យ៉ាងមានតំលៃ។ ប្រសិនបើអ្នកបំរើព្រះគ្រីស្ទ នោះរង្វាន់របស់ទ្រង់សំរាប់អ្នកគឺជារង្វាន់ពិតហើយនិងមានតំលៃជាងអ្វីទាំងអស់ដែលអ្នកមាននៅលើផែនដីទៅទៀត។ មានមនុស្សខ្លះដែលតែងតែស្វែងរករង្វាន់បន្ថែម ប៉ុន្តែនៅចុងបញ្ចប់រង្វាន់ដែលទ្រង់ប្រទាននោះគឺជារង្វាន់ពិត។
ខ. ១៥ បង្ហាញថាព័ន្ធកិច្ចដែលមានគ្រឹះផ្សេងពីព្រះគ្រីស្ទនឹងត្រូវឆេះអស់។ អ្នកសាងសង់នេះនឹងមានសុវត្ថិភាពខាងព្រលឹងវិញ្ញាណ ប៉ុន្តែព័ន្ធកិច្ចរបស់គាត់នឹងត្រូវបំផ្លាញដោយព្រោះវាគឺជាចំបើងហើយនិងមិនអាចឆ្លងកាត់ភ្លើងបានទេ។ នេះគឺជាការព្រមានដ៏ធ្ងន់ធ្ងរមួយ។ ប៉ុលមិនអនុញ្ញាតឲ្យពួកអ្នករិះគន់គាត់នៅក្នុងក្រុងកូរិនថូសបដិសេធព័ន្ធកិច្ចរបស់គាត់ឡើយ។ គាត់និយាយថា មានតែព្រះទេដែលអាចបដិសេធព័ន្ធកិច្ចរបស់ខ្ញុំបាន ហើយការវិនិច្ឆ័យនោះមកដល់នៅថ្ងៃចុងក្រោយ។ ប៉ុលក៏ចង់ឲ្យពួកគេដឹងថា ការល្បងលរបស់សេចក្តីបង្រៀនថ្មីដែលពួកគេបានទទួលគឺមិនទាន់មកក្នុងពេលឥឡូវទេ។ ប៉ុន្តែជារឿយៗយើងពិតជាទទួលយកសេចក្តីបង្រៀនបែបដូច្នេះ។ យើងនិយាយថា សូមមើលទៅឯហ្វូងមនុស្សនៅពួកជំនុំផ្សេងនោះ សូមមើលទៅឯសេចក្តីរីករាយនិងសេចក្តីរំជួលចិត្ត។ ប៉ុន្តែការទាំងនេះមិនសំខាន់ទេ។ ព្រះជាម្ចាស់នឹងធ្វើការវាយតំលៃដ៏ធំនៅថ្ងៃចុងក្រោយ។
ការអនុវត្តខ្លះៗ:
ជំពូក ១-៣: ព័ន្ធកិច្ចស្មោះត្រង់គឺជាព័ន្ធកិច្ចដែលដាក់ព្រះគ្រីស្ទដែលត្រូវគេឆ្កាងនៅកណ្តាល។ យើងត្រូវតែអធិប្បាយអំពីបុគ្គលនិងការងាររបស់ព្រះគ្រីស្ទ។
នៅពេលជំលោះកើតទ្បើងរវាងព្រះបន្ទូលរបស់ព្រះនិងនិកាយរបស់អ្នក តើអ្នកនឹងធ្វើយ៉ាងម៉េច? នៅពេលជំលោះកើតទ្បើងរវាងព្រះបន្ទូលរបស់ព្រះនឹងអារម្មណ៍របស់អ្នក តើអ្នកនឹងធ្វើយ៉ាងម៉េច? នៅពេលជំលោះកើតទ្បើងរវាងព្រះបន្ទូលរបស់ព្រះនិងយោបល់របស់អ្នក តើអ្នកនឹងធ្វើយ៉ាងម៉េច? នេះគឺជាការល្បងលរបស់គ្រីស្ទបរិស័ទដែលចាស់ទុំ។ ភាពចាស់ទុំមិនតែងតែមកជាមួយនឹងអាយុឬតាមរយៈបទពិសោធន៍នោះទេ។ ភាពចាស់ទុំមានន័យថា ការយកព្រះគ្រីស្ទដែលត្រូវគេឆ្កាងជាចំនុចកណ្តាល ហើយគ្រប់យ៉ាងត្រូវបានវាយតំលៃដោយព្រះបន្ទូលរបស់ព្រះ។ យើងទាំងអស់គ្នាគិតថាយើងធ្វើការនេះ ប៉ុន្តែយើងត្រូវការបន្តរីកចំរើននៅក្នុងភាពចាស់ទុំទៅទៀត។
ការពន្យល់បង្ហាញនេះក៏បង្រៀនផងដែរថា មូលដ្ឋានគ្រឹះនៅក្នុងព័ន្ធកិច្ចគ្រីស្ទបរិស័ទគឺមានសារៈសំខាន់ខ្លាំងណាស់។ ដូចជាអ្នកសាងសង់ខ្ជិលដែលដាំគ្រឹះអន់មួយនឹងធ្វើឲ្យអាគារស្ថិតក្នុងភាពគ្រោះថ្នាក់ នោះនៅពេលអ្នកជឿថ្មីទទួលបានគ្រឹះអន់ ពួកគេក៏ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ផងដែរ។ នេះជាមូលហេតុមួយដែលខ្ញុំមិនអនុញ្ញាតឲ្យមុខវិជ្ជាមូលដ្ឋានគ្រឹះខ្លះដែលត្រូវបានបោះពុម្ពត្រូវយកមកបង្រៀននៅទីនេះ។ មិនមែនដោយសារតែមុខវិជ្ជាទាំងអស់នោះខុសឆ្គងនោះទេ ប៉ុន្តែពួកវាគឺជាគ្រឹះដែលអន់។ ការចាក់គ្រឹះអន់គឺជាការដែលកំពុងតែធ្វើជាអ្នកសាងសង់អន់ម្នាក់។
ខ្ញុំជួបផ្ទាល់ជាមួយនឹងបុរសវ័យក្មេងម្នាក់នៅក្នុងពួកជំនុំ ហើយខ្ញុំបាននិយាយទៅកាន់គាត់ថា «ខ្ញុំគិតថាគ្រឹះដែលដាំសំរាប់អ្នកដែលជាគ្រីស្ទបរិស័ទថ្មីថ្មោងម្នាក់គឺអន់ណាស់ដែលឥឡូវអ្នកកំពុងមានប្រតិកម្មនឹងការសំរេចចិត្តអន់ស្ទើរតែគ្រប់យ៉ាងដែលសំរេចបាន។ អ្នកនៅតែចូលទៅគ្រប់យ៉ាងតាមផ្លូវលោកិយ។» បញ្ហារបស់គាត់មិនអាចដោះស្រាយដោយការបន្ថែមកំរិតនិងសេចក្តីសង្ឃឹមច្រើនជាងដើម្បីឲ្យសេចក្តីជំនឿរបស់គាត់នឹងត្រឡប់ជាខ្លាំងនោះទេ។ គ្រឹះអន់ដែលគាត់បានទទួលត្រូវតែបានបំផ្លាញនិងជំនួស ប្រសិនបើអាគារមួយបានចាប់ផ្តើមជាមួយនឹងឥដ្ឋក្រដាសការតុង ហើយយើងត្រូវតែយកឥដ្ឋទាំងនោះចេញមុនពេលយើងអាចសាងសង់បន្ថែមទៀត។ ប្រសិនបើមនុស្សមិនផ្ដោតលើព្រះគ្រីស្ទដែលត្រូវគេឆ្កាងនិងរស់ដោយព្រះបន្ទូលរបស់ព្រះទេ នោះពួកគេពិតជាមិនអាចបន្តនិងរីកចំរើនបានឡើយ។
ការអនុវត្តមួយទៀត៖ នៅពេលយើងវាយតំលៃលើព័ន្ធកិច្ចហើយនិងការប្រជុំគ្នារបស់យើង យើងត្រូវដឹងច្បាស់ថា ព័ន្ធកិច្ចហើយនិងការប្រជុំគ្នាដែលល្អគឺជាព័ន្ធកិច្ចហើយការប្រជុំគ្នាដែលស្មោះត្រង់ មិនមែនជាព័ន្ធកិច្ចហើយនិងការប្រជុំគ្នាដែលគ្រាន់តែសប្បាយរីករាយប៉ុណ្ណោះទេ។ ខ្ញុំមិនអាចស្រម៉ៃថាមនុស្សទៅឯព្រះយេស៊ូវបន្ទាប់ពីសេចក្តីអធិប្បាយលើភ្នំ ហើយនិយាយទៅកាន់ទ្រង់ថា «ខ្ញុំចូលចិត្តការបង្រៀននោះ» នោះទេ។ ខ្ញុំមិនអាចគិតថាមនុស្សទៅឯពេត្រុសនៅថ្ងៃបុណ្យទី៥០ ហើយនិយាយថា «ខ្ញុំបានចូលចិត្តការបង្រៀននោះ»នោះទេ។ ភាពស្មោះត្រង់គឺជាការសំខាន់បំផុតសំរាប់ការប្រជុំគ្នាហើយគោលបំណងនៃគ្រូអធិប្បាយគឺមិនមែនបំពេញចិត្តមនុស្សនោះទេ ប៉ុន្តែបំពេញចិត្តព្រះជាម្ចាស់វិញ។
ព័ន្ធកិច្ចនៃការបង្រៀនត្រូវបានប្រៀបធៀបទៅនឹងការធ្វើស្រែចំការនិងការសាងសង់។ ប៉ុលបង្រៀនថាការបង្រៀនគឺជាការងារធ្ងន់ធ្ងរ។ យើងមើលទៅឯពួកអ្នកសាងសង់ហើយឃើញពួកគេបែកញើស ប៉ុន្តែការបម្រើសេចក្តីពិតគឺជាព័ន្ធកិច្ចដែលប្រើអស់ទាំងកម្លាំងរបស់យើង។ យើងនិយាយថាមនុស្សដែលសែងឥដ្ឋកំពុងតែធ្វើការងារធ្ងន់ធ្ងរ មិនមែនមនុស្សដែលកាន់ប៊ិចសរសេរនោះទេ។ ប៉ុន្តែការពិត ការបម្រើសេចក្តីពិតនិងការអនុវត្តសេចក្តីពិតទៅកាន់មនុស្សម្នាក់ឬពីរនាក់ឬហាសិបនាក់គឺពិតជាពិបាកខ្លាំងណាស់។ យើងឃើញការបង្រៀនសេចក្តីពិតទៅកាន់កូនៗរបស់យើងនិងក្រុមនៅក្នុងពួកជំនុំគឺពិបាក ហើយជាពិសេសសព្វថ្ងៃនៅពេលមនុស្សចាប់អារម្មណ៍លើអ្វីដែលពួកគេរីករាយភ្លាមៗជាជាងសេចក្តីពិត ដូច្នេះហើយពួកគេមិនកំពុងគិតតាមបែបចាស់ទុំនោះទេ។
ប៉ុលកំពុងបង្រៀនពួកកូរិនថូសដែលនៅក្មេងខ្ចី ឲ្យមើលឃើញពួកអ្នកដឹកនាំរបស់ពួកគេជាពួកអ្នកបម្រើរបស់ព្រះ គឺមិនលើសឬតិចជាងនេះ ហើយមើលឃើញព័ន្ធកិច្ចជាសំខាន់ណាស់នៅចំពោះព្រះ។ នេះជាមូលហេតុដែលសេចក្តីអធិស្ឋានរបស់អ្នកមានតំលៃខ្លាំងណាស់។ អ្នកប្រហែលគិតថា សេចក្តីអធិស្ឋានសំរាប់បុគ្គលិកពួកជំនុំ ឬសេចក្តីអធិស្ឋានសំរាប់ពួកគ្រូបង្រៀនគ្រាន់តែជាពិធីសាសនាប៉ុណ្ណោះ ប៉ុន្តែខ្ញុំធានាចំពោះអ្នកថា សេចក្តីអធិស្ឋានសំរាប់អស់អ្នកដែលបង្រៀននៅក្នុងថ្នាក់ថ្ងៃអាទិត្យ ឬនៅក្នុងក្រុមពួកជំនុំ ឬអធិប្បាយក្នុងពួកជំនុំនៅថ្ងៃអាទិត្យគឺសំខាន់មែនទែន ពីព្រោះព្រះសព្វព្រះទ័យនឹងការស្អាងទ្បើង។ ហើយខ្ញុំក៏ដូចជាអ្នក ប្រហែលមានកំហុស ដូច្នេះហើយយើងត្រូវសុំឲ្យព្រះជួយយើងឲ្យស្អាងទ្បើងបានល្អសំរាប់សិរីល្អរបស់ទ្រង់។ ការនេះសំខាន់ណាស់។
៣.យើងត្រូវតែមើលឃើញថាពួកជំនុំគឺពិសេសចំពោះព្រះ។
ខ១៦ «តើអ្នករាល់គ្នាមិនដឹងទេឬថា អ្នករាល់គ្នាជា ព្រះវិហាររបស់ព្រះជាម្ចាស់» (ព្រះគម្ពីរគ្រីស្ទបរិស័ទខ្មែរ)។ ពួកគ្រូខុសឆ្គងបានយកព្រះគ្រីស្ទដែលត្រូវគេឆ្កាងចេញពីទីកណ្តាល ហើយបាននិយាយថា នេះគឺជាសារដែលនាំឲ្យមិនសប្បាយចិត្ត ចូរដាក់ពួកកូរិនថូសនៅទីកណ្តាលវិញ។ ការពិត ពួកគេមិនបានជួយដល់ពួកកូរិនថូសទេ គឺពួកគេបានធ្វើឲ្យពួកកូរិនថូសលេចលង់វិញ។ ពួកកូរិនថូសនិងពួកគ្រូថ្មីរបស់ពួកគេត្រូវតែដឹងថាពួកជំនុំគឺពិសេសនៅចំពោះព្រះ។ ទ្រង់មើលពួកគេនៅក្នុងខ. ១៦ ជា «ទីបរិសុទ្ធរបស់ទ្រង់»។ មនុស្សគឺជាទីបរិសុទ្ធរបស់ទ្រង់ មិនមែនជាអាគារនោះទេ។ នៅកន្លែងណាអ្នកប្រជុំគ្នា នោះអ្នកគឺជាទីបរិសុទ្ធរបស់ព្រះហើយ។ ហើយប្រសិននរណាធ្វើឲ្យអ្នកឈឺចាប់នោះព្រះទាស់ប្រឆាំងនឹងអ្នកនោះហើយ។ ខ. ១៧ «បើអ្នកណាបង្ខូច…» យើងមិនកំពុងនិយាយអំពីគ្រូខុសឆ្គងដែលធ្វើការយ៉ាងអាក្រក់ ហើយនឹងរួចពីការវិនិច្ឆ័យទោះបើការងារនោះនឹងត្រូវឆេះអស់ក៏ដោយ។ ឥឡូវនេះ យើងកំពុងនិយាយអំពីមនុស្សដែលចង់បំផ្លាញ ហើយប៉ុលនិយាយថាមនុស្សនោះនឹងត្រូវវិនាស។
ខ. ១៨ ត្រឡប់ទៅឯប្រាជ្ញានៃព្រះ កុំបញ្ឆោតខ្លួនអ្នកឡើយ។ «បើអ្នកណាក្នុងពួកអ្នក រាល់គ្នាស្មានថា ខ្លួនមានប្រាជ្ញាក្នុងលោកិយនេះ ត្រូវឱ្យ អ្នកនោះត្រឡប់ជាល្ងង់ល្ងើវិញ ដើម្បីឱ្យមានប្រាជ្ញាឡើង» ប្រាជ្ញាលោកិយគឺជាអន្ទាក់ ព្រះនឹងចាប់មនុស្សនៅចុងបញ្ចប់ខ. ១៩ ហើយទ្រង់ដឹងថាប្រាជ្ញាលោកិយគឺឥតប្រយោជន៍។
ដូច្នេះ ចូរឲ្យចេះដឹងទ្បើង ហើយកាន់តែចេះដឹងទៅទៀត។ ពួកគ្រូបង្រៀនទាំងអស់គួរដឹង។ ពួកជំនុំរបស់ព្រះគឺពិសេសណាស់នៅចំពោះទ្រង់ ហើយវាសំខាន់ដែលយើងម៉ត់ចត់នឹងតួនាទីនៃការស្អាងពួកជំនុំទ្បើង។ ពួកគ្រីស្ទបរិស័ទគួរមើលឃើញការប្រជុំគ្នារបស់យើងជាការប្រជុំគ្នាដែលមានព្រះវិញ្ញាណរបស់ព្រះ គឺទ្រង់គងក្នុងចំណោមយើងក្នុងរបៀបដ៏អស្ចារ្យមួយ។ តើនៅចងចាំថា ព្រះ យេស៊ូវមានបន្ទូលថា កន្លែងណាមានពីរឬបីនាក់ប្រជុំគ្នាដោយឈ្មោះរបស់ខ្ញុំ នោះខ្ញុំគង់នៅកណ្តាល ដែរទេ? យើងគួរមើលឃើញខ្លួនយើងជាទីកន្លែងសម្រាកមួយនៅក្នុងពិភពលោកដែលពិបាក។
យើងត្រូវប្រជុំគ្នាដើម្បីឲ្យយើងអាចទទួលប្រយោជន៍នៃព្រះជួបជាមួយរាស្ត្ររបស់ទ្រង់។ ចូរឲ្យមានទម្លាប់និយាយថាបាទទៅចំពោះការប្រជុំគ្នាជាមួយប្រជារាស្ត្ររបស់ព្រះ។ យើងត្រូវនៅទីនេះជារៀងរាល់អាទិត្យហើយនិងសេចក្តីអធិស្ឋានដែលព្រះនឹងប្រទានពរដល់ការប្រជុំគ្នារបស់យើង ពីព្រោះវាស្ថិតក្នុងគ្រោះថ្នាក់ដែលគ្រាន់តែក្លាយជាពិធីសាសនាមួយ។ យើងត្រូវអធិស្ឋានរៀងរាល់អាទិត្យថាព្រះនឹងប្រទានពរដល់ការប្រជុំគ្នារបស់យើង។ យើងត្រូវមកដោយបន្ទាបខ្លួនហើយដោយការសង្ឃឹមទុកដើម្បីនៅពេលយើងច្រៀងនិងអធិស្ឋានហើយស្តាប់ព្រះបន្ទូលរបស់ព្រះ វានឹងជាពេលវេលាស្មោះត្រង់និងមានផលផ្លែ។
ខ. ២១-២៣ «ដូច្នេះ កុំឲ្យអ្នកណាអួតពីមនុស្សឡើយ» ប្រសិនបើអ្នកគិតតាមផ្លូវលោកិយ នោះការគិតរបស់អ្នកគឺថោកណាស់ តូចចង្អៀតណាស់។ អ្នកត្រូវតែគិតតាមផ្លូវរបស់ដំណឹងល្អ។ ប្រសិនបើអ្នកគិតតាមផ្លូវរបស់ដំណឹងល្អ នោះពួកសាវ័កទាំងអស់គឺជារបស់អ្នក៖ ប៉ុលដែលជាសាវ័កនៃសេចក្តីជំនឿជារបស់អ្នក យ៉ូហានដែលជាសាវ័កនៃសេចក្តីស្រលាញ់ជារបស់អ្នក ពេត្រុសដែលជាសាវ័កនៃសេចក្តីសង្ឃឹមជារបស់អ្នក ពួកគេទាំងអស់គ្នាជារបស់អ្នក។ ហើយគ្រប់ការដែលសំខាន់គឺជារបស់អ្នក។ ហើយអ្នកគឺជារបស់ព្រះយេស៊ូវ ហើយព្រះគ្រីស្ទគឺជារបស់ព្រះ។ អ្នកគឺជាមនុស្សពិសេសរបស់ទ្រង់ដោយសារព្រះគុណរបស់ទ្រង់។
Leave a Reply