ពាក្យលំនាំ៖ យ៉ូអែល Introduction to Joel

Joel Intro pdf download

កាលៈទេសៈ​តាម​ប្រវត្តិសាស្ត្រ​នៅ​សម័យ​យ៉ូអែល​និង​ខ្លឹម​សារ​នៃ​ប្រសាសន៍​របស់​យ៉ូអែល​ Historical background to Joel and basic message

យើង​មិន​ដឹង​ច្រើន​អំពី​ហោរា​យ៉ូអែល ដែល​ជា​ហោរា​មក​ពី​យូដា (ប្រហែល​យេរូសាឡិម)។ ឈ្មោះ​របស់​គាត់​មាន​ន័យ​ថា «​ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​»។  កណ្ឌ​យ៉ូអែល​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ពីព្រោះ​ហោរា​យ៉ូអែល​បង្ហាញ​អំពី​អត្តចរិត​របស់​ព្រះ​ថា ទ្រង់​បរិសុទ្ធ​ ហើយ​នឹង​វិនិច្ឆ័យ​អំពើ​បាប។ ហោរា​យ៉ូអែល​ក៏​ប្រកាស​អំពី​សេចក្តី​សន្យា​ដ៏​  អស្ចារ្យ​របស់​ព្រះ​សំរាប់​ពេល​អនាគត​ ជា​ពេល​មួយ ដែល​ព្រះ​នឹង​សង្គ្រោះ​និង​ចាក់​បង្ហូរ​ព្រះ​វិញ្ញាណ​របស់​ទ្រង់។ ​ប្រធាន​បទ​ដ៏​សំខាន់​គឺ​«ថ្ងៃ​នៃ​ព្រះអម្ចាស់​» ​ដែល​ប្រកាស​អំពី​ពេល​វេលា​ដែល​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត​យាង​មក​បំផ្លាញ​អ្វីៗ​ទាំងអស់ (១:១៥; ២:១-២, ១១, ៣១; ៣:១៤) ហើយ​«នៅ​គ្រា​នោះ»​ (ឬ ​«នៅ​ថ្ងៃ​នោះ»)   (២:២៩; ៣:១, ១៨) ដែល​ប្រកាស​អំពី​ពេល​វេលា​ដែល​ព្រះអង្គ​នឹង​ចាក់​បង្ហូរ​ព្រះវិញ្ញាណ​និង​ស្ដារ​រាស្រ្ត​របស់​ទ្រង់​ឡើង​វិញ។  ប្រធាន​បទ​សំខាន់​មួយ​ទៀត​គឺ យើង​ត្រូវ​យំ​សោក និង​សោក​សង្រេង​ដោយ​សារ​បាប​របស់​យើង​និង​ការ​ជំនុំជំរះ​របស់​ព្រះជាម្ចាស់​ (១:៥, ៨, ៩, ១១, ១៣; ២:១២, ១៧)។

គម្រោង Outline

១. ​ការ​វិនិច្ឆ័យ​លើ​យូដា និង​ថ្ងៃ​នៃ​ព្រះ​អម្ចាស់ (១:១-២:១៧)

ក. ការ​វាយ​ប្រហារ​របស់​សត្វ​កណ្តូប (១:១-២០)

ខ. ការ​វាយប្រហារ​របស់​កង​ទ័ព (២:១-១៧)

២. ​សេចក្តី​មេត្តា​ករុណា​របស់​ព្រះ​អម្ចាស់ និង​ការ​វិនិច្ឆ័យ​លើ​ជាតិ​សាសន៍​ទាំង​អស់ (២:១៨-៣:២១)

ក. សេចក្តី​មេត្តា​ករុណា៖ ​ព្រះ​អម្ចាស់​ឆ្លើយ​តប​ដោយ​ការ​ស្ដារ​រាស្ត្រ​របស់​ទ្រង់​ឡើង​វិញ (២:១៨-៣២)

ខ. ​ការ​វិនិច្ឆ័យ៖ ​ការ​វិនិច្ឆ័យ​របស់​ព្រះ​អម្ចាស់​លើ​ជាតិ​សាសន៍​ទាំង​អស់​ និង​ការ​គង់​នៅ​ជាមួយ​រាស្ត្រ​របស់​ទ្រង់​ (៣:១-២១)

តើ​កណ្ឌ​យ៉ូអែល​បង្រៀន​យើង​អ្វីខ្លះ​អំពី​ព្រះ?

​តាម​ការ​រៀប​រាប់​ខាង​លើ​នេះ​ យើង​មើល​ឃើញ​ថា កណ្ឌ​យ៉ូអែល​បង្រៀន​ថា

  • ព្រះ​គឺ​ជា​ព្រះ​ដ៏​ពិត ហើយ​ព្រះ​ដទៃ​ទាំង​អស់​សុទ្ធ​តែ​ជា​ព្រះ​ក្លែង​ក្លាយ​ទាំង​អស់។ ​សូម​ចាំ​ថា​ឈ្មោះ “​យ៉ូអែល​”​មាន​ន័យ​ថា​«​ព្រះយេហូវ៉ា​ជា​ព្រះ»។
  • បរិសុទ្ធ និង​ទត​ឃើញ​គ្រប់​ទាំង​អស់ ហើយ​ដាក់​ទណ្ឌកម្ម​ចំពោះ​អំពើ​បាប។
  • មាន​បន្ទូល​មកកាន់​រាស្ត្រ​របស់​ទ្រង់ ហើយ​ពន្យល់​អំពី​ផែនការ​របស់​ទ្រង់​សំរាប់​លោកិយ។
  • ព្រះ​ហៅ​យើង​អោយ​ទុក​ចិត្ត​ ​ស្តាប់​បង្គាប់​ និង​វិល​មក​រក​ព្រះអម្ចាស់​វិញ (២:១២)។
  • ព្រះអង្គ​ប្រណី​សន្ដោស ​អាណិតអាសូរ អត់ធ្មត់ មេត្តាករុណា​ ព្រះអង្គ​មិន​សព្វព្រះហឫទ័យ​ដាក់​ទោស​ទេ (២:១៣)។
  • ទ្រង់​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ (២:២៩)។
  • ព្រះអង្គ​ហៅ​យើង​អោយ​ទួញ​យំ​ ព្រម​ទាំង​សោក​សង្រេង (១:៥,៨,៩,១១,១៣; ២:១២,១៧)។

តើ​កណ្ឌ​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​មនុស្ស?

  • ចិត្ត​របស់​មនុស្ស​តែងតែ​វៀចវេរ​មិន​អាច​កែ​តម្រង់​បាន​ឡើយ (យើង​ត្រូវ​ការ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​)។
  • មនុស្ស​បះ​បោរ​ប្រឆាំង​នឹង​ព្រះ ហើយ​សម​នឹង​ទទួល​ទណ្ឌកម្ម​ពី​ទ្រង់។
  • ព្រះ​បន្ទូល​របស់​ព្រះ​លើក​ទឹក​ចិត្ត​មនុស្ស​អោយ​វិល​មក​ទ្រង់​វិញ។

តើ​កណ្ឌ​នេះ​អនុវត្ត​មកកាន់​គ្រីស្ទបរិស័ទ​សព្វ​ថ្ងៃ​យ៉ាង​ដូចម្តេច?

កណ្ឌ​យ៉ូអែល​ទាក់​ទង​នឹង​ជីវិត​របស់​យើង​នា​ពេល​សព្វ​ថ្ងៃ​នេះ​នៅក្នុង​របៀប​ជា​ច្រើន។​

១. ​ហោរា​យ៉ូអែល​បាន​ប្រកាស​ទាំង​ដំណឹង​អំពី​ការ​វិនិច្ឆ័យ​របស់​ព្រះ​និង​ដំណឹងល្អ​អំពី​សេចក្តី​សង្គ្រោះ​ដែល​ព្រះ​បាន​សន្យា។​ កណ្ឌ​នេះ​មាន​ការ​បរិយាយ​អំពី​ការ​វិនិច្ឆ័យ​បែប​ជា​ទម្រង់​ល្ខោន​មួយ​ស្តី​ពី​រាស្ត្រ​របស់​ព្រះ​តាមរយៈ​គ្រោះកាច​ដ៏​ធំ​នៃ​សត្វ​កណ្តូប។ ​ហោរា​យ៉ូអែល​បរិយាយ​ការ​វិនិច្ឆ័យ​នេះ​ថា​ជា​ថ្ងៃ​នៃ​ព្រះ​អម្ចាស់​ (យ៉ូអែល ១:១៥; ២:១-២, ១១)។ ​នៅ​បច្ចុប្បន្ន ការ​នេះ​គឺ​ជា​ការ​ព្រមាន​មួយ​ដ៏​ធំ​អំពី​ «ថ្ងៃ​នៃ​ព្រះ​អម្ចាស់​» នៅ​ពេល​ចុងក្រោយ នា​ពេល​ព្រះ​យេស៊ូវ​យាង​ត្រឡប់​មក​វិញ​ ហើយ​នឹង​នាំ​មក​នូវ​ការ​វិនិច្ឆ័យ​របស់​ព្រះ។ នៅក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី «​ថ្ងៃ​នៃ​ព្រះ​អម្ចាស់​» ក្លាយ​ជា «ថ្ងៃ​នៃ​ព្រះ​យេស៊ូវ»។ ​ដូច​ដែល​ព្រះ​បាន​បំពេញ​សំរេច​ការ​ព្រមាន​របស់​ទ្រង់ ដោយ​នាំ​ការ​វិនិច្ឆ័យ​និង​ការ​បំផ្លាញ​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ នោះ​ទ្រង់​ក៏​នឹង​បំពេញ​សំរេច​សេចក្តី​សន្យា​របស់​ទ្រង់ ក្នុង​ការ​នាំ​ការ​វិនិច្ឆ័យ​មក​លើ​លោកិយ​នេះ​ នៅពេល​ព្រះ​យេស៊ូវ​ទ្រង់​យាង​ត្រឡប់​មក​វិញ។ យើង​ត្រូវ​តែ​ត្រៀម​ខ្លួន​សំរាប់​ថ្ងៃ​នោះ (ម៉ាថាយ​ ២៤:៤២-២៥:៤៦)។ ​របៀប​ត្រៀម​ខ្លួន​សំរាប់​ថ្ងៃ​នោះ​គឺ​ត្រូវ​អំពាវនាវ​ដល់​ព្រះ​នាម​របស់​ព្រះ​អម្ចាស់​ (២:៣១-៣២)​ ។​

២. សំរាប់​យើង​នៅ​សព្វ​ថ្ងៃ​នេះ ការ​នេះ​មានន័យថា​អោយ​យើង​ស្រែក​អំពាវនាវ​ដល់​ព្រះ​នាម​របស់​ព្រះ​យេស៊ូវ (សូម​មើល​រ៉ូម ១០:៩-១៣)។

៣. ​កណ្ឌ​យ៉ូអែល​ក៏​មាន​សេចក្តី​សន្យា​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ដែល​ទាក់​ទង​នឹង​ការ​យាង​មក​ដល់ ​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក្នុង​ពេល​អនាគត​ (២:២៨-២៩)។ ​សាវ័ក​ពេត្រុស​ដក​ស្រង់​ចេញពី​កណ្ឌ​យ៉ូអែល​នៅ​ថ្ងៃ​បុណ្យ​ទី​៥០​ ដើម្បី​បង្ហាញ​ថា ​សេចក្តី​សន្យា​របស់​ព្រះ​តាមរយៈ​ហោរា​យ៉ូអែល​អំពី​ការ​ចាក់​បង្ហូរ​ព្រះ​វិញ្ញាណ​កំពុង​ត្រូវ​បាន​បំពេញ​សំរេច​ពេល​នេះ​ហើយ​ (កិច្ចការ ២:១៦-២១)។​

៤. ​ហោរា​យ៉ូអែល​ហៅ​អោយ​បណ្តាជន​ប្រែ​ចិត្ត។ ​ជារឿយៗ យើង​សព្វ​ថ្ងៃ​នេះ​មិន​ចាប់​អារម្មណ៍​ចំនុច​នេះ​ទេ ​ពីព្រោះ​ពួក​អ្នក​អធិប្បាយ​មិន​ចង់​បន្ទោស​ពួក​អ្នក​ស្តាប់​របស់​ពួកគេ​យ៉ាង​ខ្លាំង​នោះ​ឡើយ។ ​ប៉ុន្តែ​ពួក​ហោរា​ស្មោះត្រង់​របស់​ព្រះ​មិន​ដែល​ធ្វើ​អោយ​អ្វី ​ដែល​ព្រះ​មាន​បន្ទូល ស្រាល​និង​ស្រួល​ជាង​ឡើយ​ ហើយ​ព្រះ​បន្ទូល​របស់​ព្រះ​តែង​តែ​ប្រឆាំង​នឹង​អំពើ​បាប​យ៉ាង​ខ្លាំង។​

៥. ​ទាំង​ការ​វិនិច្ឆ័យ​និង​សេចក្តី​សន្យា​គឺ​បាន​រំលឹក​យើង​ថា ​យើង​ពិត​ជា​ត្រូវ​ការ​ជំនួយ​របស់​ព្រះជាម្ចាស់​មែន។ ​ការ​វិនិច្ឆ័យ​ ដែល​អំពើ​បាប​របស់​យើង​សម​នឹង​ទទួល គឺ​អាក្រក់​ខ្លាំង​ជាង​គ្រោះ​កាច​កណ្តូប​ទៅ​ទៀត។ ​សេចក្តី​សន្យា​អំពី​ការ​ប្រទាន​ព្រះ​វិញ្ញាណ​បាន​រំលឹក​យើង​ថា ​យើង​ត្រូវ​ការ​ជំនួយ​របស់​ព្រះ ដើម្បី​ផ្លាស់ប្ដូរ​ចិត្ត​របស់​យើង​ ហើយ​ដើម្បី​ស្គាល់​ទ្រង់។ ​សេចក្តី​ត្រូវ​ការ​ទាំង​នេះ​ត្រូវ​បាន​បំពេញ​សំរេច​តាមរយៈ​ព្រះ​យេស៊ូវ។ ​នៅ​លើ​ឈើ​ឆ្កាង​ ព្រះយេស៊ូវ​បាន​ទទួល​យក​គ្រោះ​កាច​នៃ​ការ​វិនិច្ឆ័យ​សំរាប់​អំពើ​បាប​របស់​យើង​ (២កូរិនថូស ៥:២១; ១ពេត្រុស ២:២៤) ហើយ​បន្ទាប់​មក​បាន​សន្យា (យ៉ូហាន ១៤:១៦) ហើយ​បាន​ប្រទាន​ (កិច្ចការ ២) ​អំណោយ​ទាន​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ​

៦. ​ដូច​ដែល​ព្រះ​បាន​ហៅ​រាស្ត្រ​របស់​ទ្រង់​អោយ​ទួញ​សោក​និង​ទ្រហោ​យំ​ ដោយ​ព្រោះ​អំពើ​បាប​របស់​ពួកគេ ​ព្រះ​ក៏​បាន​ហៅ​គ្រីស្ទបរិស័ទ​អោយ​ទួញ​សោក​និង​ទ្រហោយំ​ ដោយ​ព្រោះ​អំពើ​បាប​របស់​យើង​ផង​ដែរ (យ៉ាកុប ៤:៩; សូម​មើល​ ៥:១ ផង​ដែរ​)។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top