ពាក្យលំនាំ៖ យេរេមា Introduction to Jeremiah

Jeremiah Intro pdf download

សារៈសំខាន់​នៃ​កណ្ឌ​យេរេមា​ Importance of Jeremiah

កណ្ឌ​យេរេមា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ពីព្រោះ​គាត់​បាន​ប្រកាស​ព្រះ​បន្ទូល​របស់​ព្រះ​ទៅ​កាន់​ជន​ជាតិ     ​អ៊ីស្រាអែល​និង​ជនជាតិ​យូដា​អស់​រយៈ​ពេល​៤០​ឆ្នាំ​ ហើយ​បាន​ប្រកាស​ទំនាយ​សំខាន់ៗ​ជា​ច្រើន​អំពី​ការ​យាង​មក​របស់​ព្រះ​មែស៊ី។

កាលៈទេសៈ​តាម​ប្រវត្តិសាស្ត្រ​នៅ​សម័យ​យេរេមា​និង​ខ្លឹម​សារ​នៃ​ប្រសាសន៍​របស់​យេរេមា​ Historical background to Jeremiah and basic message

ហោរា​យេរេមា​បាន​កើត​នៅ​ចុង​បញ្ចប់​នៃ​រាជ្យ​របស់​ស្តេច​ម៉ាន៉ា​សេ។ ​ស្តេច​ម៉ាន៉ាសេ​បាន​ដឹកនាំ​ប្រជាជន​យូដា​អោយ​ថ្វាយ​បង្គំ​ព្រះ​បាល​និង​អនុវត្ត​ពិធី​សាសនា​ផ្សេងៗ ដែល​ព្រះ​ស្អប់​ខ្ពើម​ (ចោទិយកថា ១៨:៩-១២)។ ​ស្តេច​ម៉ាន៉ាសេ​បាន​នាំ​យក​រូប​ព្រះ​មក​ក្នុង​ព្រះ​វិហារ ហើយ​ថែម​ទាំង​ថ្វាយ​បុត្រា​របស់​ខ្លួន​ផ្ទាល់​ជា​យញ្ញបូជា​នៅ​លើ​អាសនា​របស់​ព្រះ​ដទៃ​ទៀត​ផង។ ទោះបី​ជា​ នៅ​ពេល​ចុង​ក្រោយ​ស្តេច​ម៉ាន៉ាសេ​ប្រែ​ចិត្ត​ពី​ទង្វើ​របស់​ខ្លួន​ ក៏​បុត្រា​របស់​ទ្រង់​ ឈ្មោះ​អាំម៉ូន នៅ​តែ​ជា​អ្នក​ថ្វាយ​បង្គំ​រូប​ព្រះ​ដដែល​ (២របាក្សត្រ ៣៣)។ ​ព្រះ​បាន​ត្រាស់​ហៅ​លោក​យេរេមា​ធ្វើ​ជា​ហោរា​នៅ​ឆ្នាំ​ប្រហែល​៦២៧​មុន​គ.ស ហើយ​គាត់​បាន​ប្រកាស​ព្រះ​បន្ទូល​របស់​ព្រះ​អស់​រយៈ​ពេល​៤០​ឆ្នាំ (១:២-៣)។

ហោរា​យេរេមា​បាន​ប្រកាស​ព្រះបន្ទូល​ព្រះ នៅ​ក្នុង​កំឡុង​រាជ្យ​របស់​ស្តេច​ទាំង​ប្រាំ​អង្គ​ចុង​ក្រោយ​របស់​យូដា៖ យ៉ូសៀស យ៉ូអាហាស យេហូយ៉ាគីម (យ៉ូយ៉ាគីម) យេហូយ៉ាគីន និង​សេដេគា។ ​យើង​គួរ​តែ​ចាប់​អារម្មណ៍​ចំពោះ​ហោរា​យេរេមា​ ពីព្រោះ​ព័ន្ធកិច្ច​របស់​គាត់​បាន​ចាប់​ផ្តើម ​ក្នុង​ពេល​ដែល​ស្តេច​យ៉ូសៀស​កំពុង​ធ្វើ​កំណែទម្រង់​សាសនា​របស់​ពួក​យូដា។ ​២ពង្សាវតារក្សត្រ​ ២២-២៣ បាន​ពិពណ៌នា​អំពី​ការ​ធ្វើ​កំណែទម្រង់​ទាំង​នេះ ដែល​បាន​ចាប់​ផ្តើម​នៅ​ពេល​ពួកគេ​បាន​រក​ឃើញ​ «​គម្ពីរ​ក្រិត្យ​វិន័យ» នៅក្នុង​ព្រះ​វិហារ។ ដូច្នេះ គួរ​អោយ​ភ្ញាក់​ផ្អើល​មែនទែន ដែល​ការ​ប្រកាស​ព្រះ​បន្ទូល​របស់​លោក​យេរេមា​ ដែល​បាន​រិះគន់​ខ្លាំង​ៗ​ដល់​ពួក​យូដា​ បាន​ចាប់​ផ្តើម​ក្នុង​កំឡុង​រាជ្យ​របស់​ស្តេច​ស្មោះត្រង់​និង​សុចរិត​មួយ​អង្គ​ទៅ​វិញ។ ​កំណែ​ទម្រង់​នេះ​មិន​អាច​ធ្វើ​អោយ​មាន​ការ​ផ្លាស់​ប្រែ​ដ៏​ជ្រាល​ជ្រៅ​នៅក្នុង​ប្រជាជន ដែល​ព្រះ​សព្វ​ព្រះ​ទ័យ​ចង់​បាន​នោះ​ឡើយ។ ​ប្រជាជន​ត្រូវ​ការ​ការ​ផ្លាស់​ប្រែ​ចិត្ត​ទាំង​ស្រុង​ (៤:៤)។

​ទោះ​បើ​កណ្ឌ​នេះ​មិន​បង្ហាញ​អំពី​ពេលវេលា​ និង​ទីកន្លែង​នៃ​មរណភាព​របស់​ហោរា​យេរេមា​ក៏​ដោយ ក៏​គាត់​ប្រហែល​ជា​បាន​ទទួល​មរណភាព​នៅក្នុង​ប្រទេស​អេស៊ីព្ទ​ ដែល​ជា​កន្លែង​ជន​រួម​ជាតិ​របស់​គាត់​បាន​ប្រឆាំង​នឹង​បំណង​ចិត្ត​របស់​គាត់​បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​របស់​ទីក្រុង​យេរូសាឡិម (៤៣:១-៧)។ ​ហោរា​យេរេមា​បាន​ទាយ​នៅក្នុង​ដំណាក់កាល​ចុងក្រោយ​មុន​ពេល​ការ​ធ្លាក់​ចុះ​របស់​ទីក្រុង​យេរូសាឡិម។ ​គាត់​បាន​ប្រកាស​អំពី​ការ​វិនាស ដែល​នឹង​មក​ដល់​ នៃ​ភស្តុតាង​មើល​ឃើញ​ទាំង​អស់​នៃ​វត្តមាន​របស់​ព្រះ​ជាមួយ​រាស្ត្រ​របស់​ទ្រង់ ៖ គឺ ទឹកដី ទីក្រុង ព្រះ​វិហារ និង បល្ល័ង្ក​របស់​ស្តេច​ដាវីឌ។ ​ការ​ព្រមាន​របស់​ហោរា​យេរេមា​ពិត​ជា​កើត​ឡើង​មែន នៅ​ពេល​កង​ទ័ព​បាប៊ីឡូន​ឈ្លាន​ពាន​យូដា​ ហើយ​នៅ​ឆ្នាំ​៥៨៧មុន​គ.ស ​ពួក​គេ​បាន​បំផ្លាញ​ទីក្រុង​យេរូសាឡិម​និង​ព្រះ​វិហារ។ ​ស្តេច​និង​ប្រជាជន​ជាច្រើន​ត្រូវ​បាន​ចាប់​យក​ជា​ឈ្លើយ​ ហើយ​និរទេស​ទៅ​បាប៊ីឡូន។ ​ស្ទើរ​តែ​ដូច​ជា​ពួក​ហោរា​ទាំង​អស់​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ហោរា​យេរេមា​បាន​ផ្តល់​នូវ​ចំនុច​ចំបង​ចំនួន​បី​នៅក្នុង​សារ​ព្រះ​បន្ទូល​របស់​គាត់​គឺ៖

១. រាស្ត្រ​របស់​ព្រះ (​ក្នុង​ករណី​នេះ​គឺ​សំដៅ​ដល់​អស់​អ្នក​នៅក្នុង​ពួក​យូដា) ​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ។

២. ​ដោយ​សារ​ការ​បះបោរ​របស់​រាស្ត្រ​របស់​ទ្រង់​ នោះ​ព្រះ​អម្ចាស់​នឹង​វិនិច្ឆ័យ​ពួកគេ ដែល​នៅក្នុង​ករណី​នេះ​ទ្រង់​នឹង​វិនិច្ឆ័យ​ពួក​គេ​តាមរយៈ​ពួក​បាប៊ីឡូន។​

៣. ​ប៉ុន្តែ ព្រះ​ស្មោះ​ត្រង់​និង​មាន​សេចក្តី​មេត្តាករុណា ហើយ​ទ្រង់​នឹង​ស្តា​ព្រម​ទាំង​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់​ផង។​

​អត្ថបទ​គម្ពីរ​គន្លឹះ​មួយ​នៅក្នុង​កណ្ឌ​យេរេមា​ ដែល​ទាក់​ទង​នឹង​ព្រះ​ស្តា​និង​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់​គឺ យេរេមា ៣១:៣១-៣៤ ដែល​សន្យា​អំពី​សម្ព័ន្ធ​មេត្រី​ថ្មី ដែល​ព្រះ​យេស៊ូវ​បាន​បំពេញ​សំរេច​ដោយ​ការ​សុគត​របស់​ទ្រង់។​

គម្រោង Outline

១. ​សេចក្តី​ផ្តើម (១:១-១៩)

២. ភាព​មិន​ស្មោះត្រង់​របស់​អ៊ីស្រាអែល (២:១-៦:៣០)

៣. សាសនា​ក្លែង​ក្លាយ និង​ប្រជាជន​មួយ​ដែល​ថ្វាយ​បង្គំ​រូប​ព្រះ (៧:១-១០:២៥)

៤. ​ពួក​អ៊ីស្រាអែល​និង​ពួក​យូដា​បាន​កាត់​ផ្ដាច់​សម្ព័ន្ធ​មេត្រី​របស់​ព្រះជាម្ចាស់​ (១១:១-១៣:២៧)

៥. ​ទុរ្ភិក្ស ដាវ និង​គ្រោះ​ចង្រៃ (១៤:១-១៥:២១)

៦. ​រូប​ភាព​អំពី​ការ​និរទេស​និង​សេចក្តី​សង្គ្រោះ (១៦:១-១៧:២៧)

៧. ភាជនៈ​ពីរ​ដែល​បាក់​បែក និង​ការ​ប្រែ​ចិត្ត​ជឿ (១៨:១-១៩:១៣)

៨. ​ហោរា​យេរេមា​ដាក់​បណ្តាសា​កំណើត​ដល់​របស់​គាត់ (១៩:១៤-២០:១៨)

៩. ឧបសគ្គ​របស់​ហោរា​យេរេមា (២១:១-២៩:៣២)

១០. ​ការ​ស្តា​រ​យូដា​និង​អ៊ីស្រាអែល​ឡើង​វិញ (៣០:១-៣៣:២៦)

១១. ​ព្រះ​វិនិច្ឆ័យ​យូដា (៣៤:១-៤៥:៥)

១២. ការ​វិនិច្ឆ័យ​របស់​ព្រះ​លើ​ជាតិសាសន៍​ទាំង​អស់ (៤៦:១-៥១:៦៤)

១៣. ការ​សន្និដ្ឋាន ៖ ការ​ធ្លាក់​ចុះ​របស់​យេរូសាឡិម (៥២:១-៣៤)

របៀប​អាន​កណ្ឌ​យេរេមា​ ​How to read Jeremiah

ដើម្បី​យល់​និង​អនុវត្ត​កណ្ឌ​យេរេមា​អោយ​បាន​ត្រឹម​ត្រូវ សំខាន់​យើង​ត្រូវ​យល់​កណ្ឌ​នេះ​នៅ​ក្នុង​បរិបទ​ដើម​របស់​វា​នៅក្នុង​ប្រវត្តិសាស្ត្រ​ និង​នៅក្នុង​បរិបទ​នៃ​ព្រះ​គម្ពីរ​ទាំង​មូល។ ដើម្បី​យល់​បែប​នេះ​បាន យើង​ត្រូវ​ឆ្លើយ​នឹង​សំនួរ​ប្រាំ​មួយ​ដូច​ខាង​ក្រោម។

១. តើ​កណ្ឌ​យេរេមា​ទាក់​ទង​នឹង​កណ្ឌ​ផ្សេងៗ​ទៀត​ដែល​មាន​ក្នុង​ព្រះគម្ពីរ​មុន​កណ្ឌ​នេះ​យ៉ាង​ដូច​ម្តេច?

២. តើ​គោល​បំណង​របស់​កណ្ឌ​យេរេមា​សំរាប់​អ្នក​អាន​ដើម​ដំបូង​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញា​ចាស់​គឺ​ជា​អ្វី?

៣. តើ​កណ្ឌ​យេរេមា​ទាក់​ទង​នឹង​កណ្ឌ​ផ្សេងៗ​ទៀត​ដែល​មាន​ក្នុង​ព្រះគម្ពីរ​បន្ទាប់​ពី​កណ្ឌ​នេះ​យ៉ាង​ដូច​ម្តេច?

៤. តើ​កណ្ឌ​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះជាម្ចាស់​?

៥. តើ​កណ្ឌ​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​មនុស្ស?

៦. តើ​កណ្ឌ​នេះ​អនុវត្ត​មក​កាន់​គ្រីស្ទបរិស័ទ​សព្វ​ថ្ងៃ​យ៉ាង​ដូច​ម្តេច?

១. តើ​កណ្ឌ​យេរេមា​ទាក់​ទង​នឹង​កណ្ឌ​ផ្សេងៗ​ទៀត​ដែល​មាន​ក្នុង​ព្រះគម្ពីរ​មុន​កណ្ឌ​នេះ​យ៉ាង​ដូច​ម្តេច?

ព្រះ​គម្ពីរ​គឺ​មាន​សាច់​រឿង​ធំ​មួយ​ ដែល​ពន្យល់​អំពី​ផែនការ​របស់​ព្រះ​ចាប់​តាំង​ពី​ការ​បង្កបង្កើត​រហូត​ដល់​ការ​បង្ក​បង្កើត​ជា​ថ្មី។ ដំបូង​ទ្រង់​បាន​បង្កើត​គ្រប់​សព្វ​យ៉ាង​ល្អ ដោយ​មាន​អ័ដាម​និង​អេវ៉ា​នៅក្នុង​សួន​ច្បារ​អេដែន។ ពួកគេ​គឺជា​រាស្ត្រ​របស់​ព្រះ​ នៅក្នុង​ទីកន្លែង​របស់​ព្រះ ក្រោម​ការ​គ្រប់​គ្រង​និង​ក្នុង​ព្រះ​ពរ​របស់​ព្រះ។ នេះ​គឺ​ជា​គោល​ដៅ​របស់​ព្រះ​សំរាប់​ការ​បង្ក​បង្កើត។ ពួក​គេ​មិនបាន​ស្តាប់​បង្គាប់​ ហើយ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សួនច្បារ ដែល​ជា​ទី​បរិសុទ្ធ​របស់​ព្រះ។ ព្រះគម្ពីរ​និយាយ​អំពី​ផែនការ​របស់​ព្រះ​ ក្នុង​ការ​សង្គ្រោះ​មនុស្ស​ចេញ​ពី​លទ្ធផល​នៃ​ការ​បះ​បោរ​នេះ ហើយ​ស្ដារ​នគរ​របស់​ទ្រង់​ឡើង​វិញ​ ដែល​ជា​រាស្ត្រ​របស់​ព្រះ នៅក្នុង​ទីកន្លែង​របស់​ព្រះ ក្រោម​ការ​គ្រប់​គ្រង​និង​ព្រះពរ​របស់​ព្រះ។ ដូច្នេះ ព្រះ​បាន​ជ្រើស​រើស​អ័ប្រាហាំ ហើយ​បាន​សន្យា​ថា ទ្រង់​នឹង​ធ្វើ​អោយ​គាត់​ក្លាយ​ជា​ជាតិ​សាសន៍​មួយ​ដ៏​ធំ ហើយ​ពួកគេ​នឹង​ទទួល​បាន​ទឹក​ដី​សន្យា។ តាម​រយៈ​ពូជពង្ស​របស់​អ័ប្រាហាំ ព្រះ​នឹង​ប្រទាន​ពរ​ដល់​លោកិយ (លោកុប្បត្ដិ​ ១២:៣)។ ពួកគេ​ត្រូវ​តែ​ជា​រាស្ត្រ​របស់​ព្រះ នៅក្នុង​ទីកន្លែង​របស់​ព្រះ ក្រោម​ការ​គ្រប់​គ្រង​និង​ព្រះ​ពរ​របស់​ព្រះ ។ ​ ទ្រង់​នឹង​គង់​ក្នុង​ចំណោម​ពួកគេ ដូច្នេះ​អ៊ីស្រាអែល​នៅក្នុង​ទឹក​ដី​សន្យា​គឺ​អេដែន​ថ្មី ដែល​ជា​ទី​បរិសុទ្ធ​ថ្មី (សូម​មើល លោកុប្បត្ដិ​ ១៣:១០)។  ព្រះ​បាន​មាន​បន្ទូល​នៅក្នុង​និក្ខមនំ ១៩:៤-៦ ថា ​ទ្រង់​បាន​ជ្រើស​រើស​អ៊ីស្រាអែល​ធ្វើ​ជា​រាស្ត្រ​ពិសេស​របស់​ទ្រង់ ហើយ​ក្នុង​ចោទិយកថា ៤ ចែង​ថា ​ពួកគេ​ត្រូវ​ធ្វើ​ជា​ពន្លឺ​ដល់​ជាតិសាសន៍​ដទៃ​ទាំង​អស់។ ​ចោទិយកថា ២៨ ប្រកាស​បណ្តាសា​របស់​សម្ព័ន្ធ​មេត្រី​ថា បើសិន​អ៊ីស្រាអែល​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ និង​មិន​ធ្វើ​តាម​ការ​ត្រាស់​ហៅ​របស់​ព្រះ​ចំពោះ​ខ្លួន​ទេ នោះ​ព្រះ​នឹង​បញ្ជូន​ពួកគេ​ចេញ​ពី​ទឹក​ដី។  នៅក្នុង​២សាំយូអែល ៧ ​ព្រះ​បាន​មាន​ព្រះបន្ទូល​សន្យា​ដ៏​អស្ចារ្យ ជា​មួយ​នឹង​ស្តេច​ដាវីឌ​ថា ពូជពង្ស​មួយ​របស់​ស្តេច​ដាវីឌ​នឹង​សោយរាជ្យ​នៅ​លើ​បល្ល័ង្ក​ជា​រៀង​រហូត។​ ទ្រង់​ក៏​បាន​សន្យា​ផង​ដែរ​ថា ​ពូជ​ពង្ស​របស់​ស្តេច   ​ដាវីឌ​នឹង​សាង​សង់​ព្រះវិហារ​របស់​ព្រះ​នៅក្នុង​យេរូសាឡិម។​  មុន​ដំបូង​សេចក្តី​សន្យា​នេះ​ត្រូវ​បាន​បំពេញ​សំរេច​ជា​ដំបូង​តាម​រយៈ​ស្តេច​សាឡូម៉ូន ដែល​បាន​សាង​សង់​ព្រះ​វិហារ។ បន្ទាប់​ពី​ស្តេច​សាឡូម៉ូន​មក នគរ​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ផ្នែក គឺ​នគរ​ខាង​ជើង​ហៅ​ថា អ៊ីស្រាអែល ហើយ​នគរ​ខាង​ត្បូង​ហៅ​ថា យូដា ដែល​មាន​ក្រុង​យេរូសាឡិម​ជា​រាជធានី។ ​ការ​ផ្ដាច់​សម្ព័ន្ធមេត្រី​និង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​បាន​នាំ​ទៅ​ដល់​ពេលវេលា ​ដែល​អ៊ីស្រាអែល​ធ្លាក់​ចុះ។​ ទោះ​បី​ជា​មាន​ស្តេច​មួយ​ចំនួន​ដូច​ជា ស្តេច​ហេសេគា និង​យ៉ូសៀស​ ប៉ុន​ប៉ង​ធ្វើ​កំណែទម្រង់​ក៏ដោយ ក៏​ដំណើរ​ការ​នៃ​ការ​ធ្លាក់​ចុះ​មិន​អាច​ត្រឡប់​ថយ​ក្រោយ​បាន​ដែរ​ ​ហើយ​ពួកគេ​ត្រូវ​បញ្ចប់​ដោយ​ការ​វិនាស​នៃ​សញ្ញា​ដែល​មើល​ឃើញ​ទាំង​អស់​នៃ​សម្ព័ន្ធមេត្រី​របស់​អ៊ីស្រាអែល​ជាមួយ​នឹង​ព្រះ​ ដូច​ជា យេរូសាឡិម​ និង​ព្រះ​វិហារ។ ​

ចំនុច​ទាំង​នេះ​មាន​សារៈសំខាន់​ណាស់​ ដើម្បី​អាច​យល់​អំពី​កណ្ឌ​យេរេមា។  ហោរា​យេរេមា​បាន​ប្រកាស​ថា​   អ៊ីស្រាអែល​មិន​បាន​ធ្វើ​តាម​ការ​ត្រាស់​ហៅ​របស់​ព្រះ​ចំពោះ​ខ្លួន ក្នុង​ការ​ធ្វើ​ជា​សាសន៍​ដ៏​បរិសុទ្ធ និង​ជា​ពន្លឺ​ដល់​សាសន៍​ដទៃ​ទាំង​អស់​នោះ​ទេ​ ហើយ​ព្រះ​ ទ្រង់​ពិត​ជា​នឹង​ដាក់​ការ​ជំនុំជំរះ​លើ​ពួកគេ ទាំង​បញ្ជូន​ពួកគេ​ចេញ​ពី​ទឹក​ដី​ផង។ ដូច្នេះ ​ការ​ជំនុំជំរះ​ ដែល​ព្រះ​បាន​ប្រកាស​តាមរយៈ​ហោរា​យេរេមា ត្រូវ​បាន​ព្រមាន​ម្តង​រួច​មក​ហើយ​នៅក្នុង​កណ្ឌ​ចោទិយកថា។ ​ការ​ព្រមាន​ពី​សម័យ​មុន​ទាំង​នេះ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​ប្រកាស​របស់​ហោរា​យេរេមា។   ​សេចក្តី​សន្យា​របស់​ព្រះ​ជា​មួយ​នឹង​ស្តេច​ដាវីឌ​គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សេចក្តី​សន្យា​ ដែល​ព្រះ​ប្រកាស​តាមរយៈ​ហោរា​យេរេមា ទាក់​ទង​នឹង​ពូជ​របស់​ស្តេច​ដាវីឌ។ ​

២. តើ​គោល​បំណង​របស់​កណ្ឌ​យេរេមា​សម្រាប់​អ្នក​អាន​ដើម​ដំបូង​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញា​ចាស់​គឺ​ជា​អ្វី?

ជាដំបូង ហោរា​យេរេមា​បាន​ព្រមាន​ដល់​យូដា​ថា បើសិន​ ជា​ ពួកគេ​មិន​ប្រែ​ចិត្ត​ទេ នោះ​ពួកគេ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​វិនិច្ឆ័យ។ បន្ទាប់​មក គាត់​បាន​ប្រកាស​ថា ការ​វិនិច្ឆ័យ​របស់​ព្រះ​នឹង​មក​ជា​ពិត​ប្រាកដ។ ​គាត់​ក៏​បាន​ប្រាប់​ផង​ដែរ​ថា អនាគត​របស់​ពួក​គេ​នឹង​ពេញ​ទៅ​ដោយ​សេចក្ដី​សង្ឃឹម ​ពីព្រោះ​ព្រះ​នឹង​សម្រេច​តាម​ព្រះបន្ទូល​សន្យា​របស់​ទ្រង់​ជាមួយ​ស្តេច​ដាវីឌ (២សាំយូអែល ៧) ហើយ​នឹង​បញ្ជូន​បុត្រា​របស់​ស្តេច​ដាវីឌ​អោយ​មក​គ្រប់​គ្រង​និង​ប្រទាន​នូវ​សេចក្តី​សង្គ្រោះ ហើយ​តាម​រយៈ​បុត្រា​នោះ ព្រះ​នឹង​បង្កើត​នូវ​សម្ព័ន្ធមេត្រី​ថ្មី​មួយ។

៣. តើ​កណ្ឌ​យេរេមា​ទាក់​ទង​នឹង​កណ្ឌ​ផ្សេងៗ​ទៀត ​ដែល​មាន​ក្នុង​ព្រះគម្ពីរ​បន្ទាប់​ពី​កណ្ឌ​នេះ​យ៉ាង​ដូច​ម្តេច?

​មាន​របៀប​ជា​ច្រើន​ ដែល​កណ្ឌ​យេរេមា​ទាក់​ទំនង​នឹង​កណ្ឌ​ផ្សេងៗ ដែល​មាន​បន្ទាប់​ពី​វា។  ការ​បង្កើត​ជាថ្មី​គឺ​ជា​ព្រឹត្តិការណ៍​នៅក្នុង​ពេល​អនាគត ដែល​ក្រុម​ហោរា​មួយ​ចំនួន​និយាយ​ថា នឹង​កើត​ឡើង​នៅ «ថ្ងៃ​នៃ​ព្រះ​អម្ចាស់»។ ​ ពួក​ហោរា​មើល​ឃើញថា ​សេចក្តី​សង្គ្រោះ​នា​ពេល​អនាគត​ខុសគ្នា​នឹង​ការ​ស្តា​ឡើង​វិញ​នៅ​អតីតកាល ​ពីព្រោះ​ការ​បង្កើត​ជាថ្មី​ ដែល​នឹង​មក​ដល់​នេះ មាន​ភាព​ឥតខ្ចោះ ​ពេញ​ដោយ​សិរីល្អ ហើយនិង​ស្ថិត​ស្ថេរ​អស់កល្បជានិច្ច។​

ពិត​ណាស់​ថា ការ​បង្កើត​ជាថ្មី​នៅ​ពេល​ចុង​ក្រោយ​នេះ​មិន​បាន​កើត​ឡើង​នៅក្នុង​សម័យ​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ទេ។ ​ការ​ស្តា​ឡើង​វិញ​នេះ​បាន​មក​ដល់​ នៅ​ពេល​ដែល​ព្រះយេស៊ូវ​បាន​យាង​មក​ក្នុង​ស្រុក​កាលីឡេ ហើយ​ប្រកាស​ដំណឹងល្អ​ ដោយ​មាន​បន្ទូល​ថា «ពេលវេលា​បាន​សំរេច​ហើយ នគរ​ព្រះ​ជិត​មក​ដល់ ដូច្នេះ​ ចូរ​ប្រែចិត្ត​ហើយ​ជឿ​ដំណឹងល្អ​ចុះ» (ម៉ាកុស ១:១៤-១៥)។ ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ចាប់​យក​ផ្ទៃ​រឿង​ដ៏​អស្ចារ្យ​ផ្សេងៗ​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ហើយ​យល់​ថា ​ផ្ទៃ​រឿង​ទាំង​នោះ​ត្រូវ​បាន​បំពេញ​សំរេច​នៅក្នុង​អង្គ​ព្រះ​យេស៊ូវ។​

ចំណុច​ស្នូល​នៃ​សារ​ព្រះ​បន្ទូល​របស់​ហោរា​យេរេមា​គឺ​ជា​សេចក្តី​ពិត​ដែល​ថា ព្រះ​ដាក់​ទណ្ឌកម្ម​រាស្ត្រ​របស់​ទ្រង់ ដោយ​ព្រោះ​ទ្រង់​គិត​អំពី​សេចក្តី​សង្គ្រោះ​របស់​ពួកគេ។​ គោលការណ៍​ដែល​ថា ព្រះជាម្ចាស់​ទ្រង់​សង្គ្រោះ​តាមរយៈ​ការ​វិនិច្ឆ័យ​ ​ដែល​ជា​ស្រមោល​នៃ​ឈើ​ឆ្កាង​របស់​ព្រះគ្រីស្ទ​ គឺ​ទ្រង់​ផ្ទាល់​បាន​ទទួល​យក​ការ​វិនិច្ឆ័យ​សំរាប់​អំពើ​បាប​របស់​មនុស្ស​ ដើម្បី​សង្គ្រោះ​មនុស្ស​ជាតិ​ដែល​ពេញ​ដោយ​អំពើ​បាប។​

​បទ​ពិសោធន៍​របស់​ហោរា​យេរេមា​ស្រដៀង​គ្នា​ទៅ​នឹង​បទពិសោធន៍​របស់​ព្រះ​ដែរ។ ​គេ​បាន​ហៅ​ហោរា​យេរេមា​ថា ហោរា «យំ​សោក» ពីព្រោះ​គាត់​បាន​ទួញ​យំ​សោក ដោយ​ព្រោះ​យូដា​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះអង្គ​ ដូច្នេះ​ការ​វិនិច្ឆ័យ​របស់​ព្រះ​នឹង​មក​ដល់ ដោយ​ព្រោះ​ជនជាតិ​អ៊ីស្រាអែល​តែង​តែ​ទាស់​ប្រឆាំង​នឹង​ព្រះ​រាជសារ​របស់​ព្រះ ដែល​រូប​លោក​បាន​ប្រកាស។ ការ​រង​ទុក្ខ​និង​ការ​ទុក្ខព្រួយ​នេះ​គឺ​ជា​ស្រមោល​នៃ​ការ​ថប់​បារម្ភ​របស់​ព្រះ​យេស៊ូវ នៅពេល​ទ្រង់​បាន​ព្រះ​កន្សែង​ចំពោះ​ក្រុង​យេរូសាឡិម (ម៉ាថាយ ២៣:៣៧) ហើយ​ទ្រង់​បាន​ជួប​នឹង​ការ​រងទុក្ខ​ដ៏​ច្រើន​លើស​ជាង​ហោរា​យេរេមា​ទៅ​ទៀត​ដោយ​សារ​ជនជាតិ​អ៊ីស្រាអែល​ ដែល​បាន​នាំ​ទ្រង់​ទៅ​ដល់​ការ​សុគត​នៅ​លើ​ឈើ     ​ឆ្កាង។ ​សេចក្តី​ប្រោស​លោះ​ចេញ​មក​ពី​សេចក្តី​ឈឺ​ចាប់ មិន​មែន​បាន​មក​ពី​គេច​ចេញ​ពី​សេចក្តី​ឈឺ​ចាប់​នោះ      ​ឡើយ។​ តាមរយៈ​ពាក្យ​សំដី​និង​ការ​រងទុក្ខ​របស់​ហោរា​យេរេមា​ចង្អុល​ទៅ​កាន់​ព្រះ​គុណ​របស់​ព្រះ​នៅក្នុង​ការ​គ្រប់គ្រង​របស់​ទ្រង់​លើ​ប្រវត្តិសាស្ត្រ​ពិភពលោក​ ហើយ​និង​សេចក្តី​ស្មោះត្រង់​របស់​ទ្រង់​ចំពោះ​សម្ព័ន្ធមេត្រី​របស់​ទ្រង់ ដែល​នឹង​ត្រូវ​បំពេញ​សំរេច​នៅក្នុង​ជីវិត​ ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ។

ទំនាយ​និង​សេចក្តី​សន្យា​ផ្សេងៗ​ ដែល​ត្រូវ​បាន​បំពេញ​សំរេច​ក្រោយ​មក​ទៀត​មាន​ដូច​ជា ៖

យេរេមា ២៣:៥-៨ ដែល​ទាយ​ថា ​ព្រះជាម្ចាស់​នឹង​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​មក​ពី​ស្រុក​ខាង​ជើង ហើយ​នាំ​ពួកគេ​វិល​ត្រឡប់​មក​កាន់​អ៊ីស្រាអែល​វិញ (ដែល​យើង​មើល​ឃើញ​ថា ត្រូវ​បាន​បំពេញ​សំរេច​នៅក្នុង​កណ្ឌ​អែសរ៉ា​និង​នេហេមា) ​ហើយ​ក៏​សន្យា​អំពី​ព្រះមែស៊ី​ដែល​ត្រូវ​មក ដែល​ជា​បុត្រា​របស់​ស្តេច​ដាវីឌ។​

យេរេមា ៣០:៨-៩ បាន​សន្យា​ថា ព្រះ​ទ្រង់​នឹង​លើក​បុត្រា​មួយ​របស់​ស្តេច​ដាវីឌ​ឲ្យ​ឡើង​ធ្វើ​ជា​ស្តេច​របស់​ពួកគេ​ ហើយ​រាស្ត្រ​របស់​ព្រះ​នឹង​បំរើ​ទ្រង់​ផង ការ​នោះ​គឺ​ចង្អុល​ទៅ​កាន់​ព្រះ​យេស៊ូវ​យ៉ាង​ច្បាស់។

យេរេមា ៣១:៣១-៣៤ បាន​សន្យា​អំពី​សម្ព័ន្ធមេត្រី​ថ្មី ដែល​ព្រះយេស៊ូវ​នាំ​មក ហើយ​ឥឡូវ​នេះ​យើង​ទទួល​បាន​តាមរយៈ​ព្រះគ្រីស្ទ (លូកា ២២:២០; ហេព្រើរ ៨:៧-១៣)។

យេរេមា ៣៣:១៩-២៦ សេចក្តី​សន្យា​ម្តង​ទៀត​ដែល​ថា ព្រះ​នឹង​លើក​បុត្រា​មួយ​របស់​ស្តេច​ដាវីឌ​ធ្វើ​ជា​ស្តេច​របស់​ពួកគេ​ ​បាន​បំពេញ​សំរេច​សេចក្តី​សន្យា​របស់​ព្រះ​ជាមួយ​ស្តេច​ដាវីឌ​នៅក្នុង​២សាំយូអែល ៧។​

៤. តើ​កណ្ឌ​យេរេមា​បង្រៀន​យើង​អ្វីខ្លះ​អំពី​ព្រះ?

​តាម​ការ​រៀប​រាប់​ខាង​លើ​នេះ​ យើង​មើល​ឃើញ​ថា កណ្ឌ​យេរេមា​បង្រៀន​ថា

  • ព្រះ​គឺ​ជា​ព្រះ​ដ៏​ពិត ហើយ​ព្រះ​ដទៃ​ទាំង​អស់​សុទ្ធ​តែ​ជា​ព្រះ​ក្លែង​ក្លាយ​ទាំង​អស់ (២:៥,៨,១១; ១០:១-១៦)។ ​
  • ព្រះ​ស្អប់​ការ​ថ្វាយ​បង្គំ​រូប​ព្រះ (២:៥,៨,១១; ៤:១; ៧:៣០; ៨:១៩; ១០:៨; ១៤:២២; ១៦:១៨-១៩; ១៨:១៥; ៣២:៣៤; ៥១:១៧,៤៧,៥២)។
  • ព្រះ​ទ្រង់​ស្មោះ​ត្រង់​ចំពោះ​សេចក្តី​សន្យា​របស់​ទ្រង់ ​ទោះ​បី​ជា​ វា​មើល​ទៅ​ហាក់​ដូច​ជា​មិន​ស្មោះ​ត្រង់​យោង​ទៅ​តាម​បទពិសោធន៍​របស់​យើង​ក្តី​ (គិត​អំពី​សេចក្ដី​សន្យា​របស់​ព្រះជាម្ចាស់​ចំពោះ​ស្តេច​ដាវីឌ។ ពួក​អ៊ីស្រាអែល​រិះ​គិតថា ប្រហែល​ជា​ព្រះជាម្ចាស់​មិន​ស្មោះ​ត្រង់​)។​
  • បរិសុទ្ធ និង​ទត​ឃើញ​គ្រប់​ទាំង​អស់ ហើយ​ដាក់​ទណ្ឌកម្ម​ចំពោះ​អំពើ​បាប។
  • គ្រប់​គ្រង​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​ជាតិ​ដោយ​ព្រះ​បន្ទូល​របស់​ទ្រង់។ ព្រឹត្តិការណ៍​ដែល​ត្រូវ​បាន​កត់​ទុក​នៅ​ក្នុង​កណ្ឌ​យេរេមា​គឺជា​សកម្ម​ភាព​របស់​ព្រះ។
  • មាន​បន្ទូល​មកកាន់​រាស្ត្រ​របស់​ទ្រង់ ហើយ​ពន្យល់​អំពី​ផែនការ​របស់​ទ្រង់​សំរាប់​លោកិយ។
  • ដោយ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ ព្រះ​បាន​បញ្ជូន​ពួក​ហោរា​របស់​ទ្រង់​មក​ឯ​រាស្ត្រ​របស់​ទ្រង់ ដើម្បី​ប្រាប់​ពួកគេ​អោយ​ប្រែចិត្ត។ ដូច​គ្នា​ផង​ដែរ សព្វថ្ងៃ​នេះ​ ដោយ​សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់ ព្រះ​បញ្ជូន​គ្រីស្ទ​បរិស័ទ​ទៅ​ក្នុង​លោកិយ​ ដើម្បី​ប្រកាស​ដំណឹងល្អ​អោយ​មនុស្ស​បាន​ជឿ​លើ​ព្រះយេស៊ូវ និង​ងាក​បែរ​មក​រក​ទ្រង់​វិញ។
  • ចង់​អោយ​មនុស្ស​ស្តាប់​បង្គាប់​ព្រះបន្ទូល​របស់​ទ្រង់ មិន​មែន​គ្រាន់​តែ​ថ្វាយ​ដង្វាយ​ឬ​កាន់​តាម​សាសនា​នោះ​ទេ (ជំពូក​ ៧)។
  • ព្រះ​ស្ថិត​ក្នុង​ទំនាក់​ទំនង​សម្ព័ន្ធ​មេត្រី​ជាមួយ​រាស្ត្រ​របស់​ទ្រង់​ ដូច​ជា​ស្វាមី​និង​ភរិយា (២:១)។ ទ្រង់​គឺ​ជា​ព្រះ​របស់​ពួកគេ ហើយ​ពួកគេ​គឺ​ជា​រាស្ត្រ​របស់​ទ្រង់​ ពីព្រោះ​ទ្រង់​បាន​ជ្រើស​រើស​ពួកគេ។ ​នៅ​គ្រា​ខាង​មុខ​ព្រះជាម្ចាស់​នឹង​ចង​សម្ព័ន្ធ​មេត្រី​ថ្មី​ដែល​មិន​ដូច​សម្ព័ន្ធ​មេត្រី​ដែល​ព្រះអង្គ​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​ពួក​គេនោះ​ឡើយ។ នៅ​ក្នុង​សម្ព័ន្ធ​មេត្រី​ថ្មី​ ព្រះជាម្ចាស់​សន្យា​ថា ទ្រង់​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ ពួក​គេ​ធ្វើ​ជា​ប្រជារាស្ត្រ​របស់​ទ្រង់ (៣១:៣១-៣៤)។
  • ព្រះ​យក​ព្រះ​ទ័យ​ទុក​ដាក់​លើ​ផ្នែក​ទាំង​អស់​នៅក្នុង​សង្គម (៧:៥; ២២:៣; ២២:៣,១៣-១៧; ២៣:៥-៦)។
  • ​ព្រះ​ទត​មើល​ចិត្ត (១៧:១០)។
  • ព្រះ​ប្រទាន​ចិត្ត​ថ្មី​ (២៤:៧; ៣១:៣៣; ៣២:៣៩)។
  • ការ​បះបោរ​ប្រឆាំង​របស់​មនុស្ស​នឹង​មិន​បញ្ឈប់​ព្រះ​ពី​ការ​សំរេច​គោល​បំណង​របស់​ទ្រង់​ឡើយ។
  • ចិត្ត​របស់​មនុស្ស​តែងតែ​វៀចវេរ​មិន​អាច​កែ​តម្រង់​បាន​ឡើយ (១៧:៩)។
  • មនុស្ស​បះ​បោរ​ប្រឆាំង​នឹង​ព្រះ ហើយ​សម​នឹង​ទទួល​ទណ្ឌកម្ម​ពី​ទ្រង់។
  • មនុស្ស​ចូល​ចិត្ត​ថ្វាយ​បង្គំ​រូប​ព្រះ។ យើង​ដើរ​តាម​រូប​ព្រះ​ផ្សេងៗ​ដោយ​ងាយ ​ជាង​ការ​ដើរ​តាម​ព្រះ​ដ៏​ពិត។
  • ជារឿយៗ មនុស្ស​ព្រងើយ​កន្តើយ​ចំពោះ​ព្រះបន្ទូល​របស់​ព្រះ ហើយ​ស្អប់​អ្នក​នាំ​ប្រសាសន៍​របស់​ព្រះអង្គ។​
  • ព្រះ​បន្ទូល​របស់​ព្រះ​លើក​ទឹក​ចិត្ត​មនុស្ស​អោយ​វិល​មក​ទ្រង់​វិញ។
  • ​នៅពេល​មនុស្ស​ភ្លេច​ព្រះ​ហើយ​ទៅ​តាម​រូប​ព្រះ​ នោះ​សីលធម៌​របស់​ពួកគេ​ក៏​ធ្លាក់​ចុះ​(១០:៨; ១៨:១៥; ៥១:១៧)។
  • ជារឿយៗ មនុស្ស​អនុវត្ត​តាម​សាសនា​និង​ពិធី​បុណ្យ​សាសនា ប៉ុន្តែ​ចិត្ត​របស់​គេ​ឆ្ងាយ​ពី​ព្រះជាម្ចាស់។

៥. តើ​កណ្ឌ​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​មនុស្ស?

៦. តើ​កណ្ឌ​នេះ​អនុវត្ត​មកកាន់​គ្រីស្ទបរិស័ទ​សព្វ​ថ្ងៃ​យ៉ាង​ដូចម្តេច?

កណ្ឌ​យេរេមា​ទាក់​ទង​នឹង​ជីវិត​របស់​យើង​នៅ​សព្វថ្ងៃ​នេះ​នៅ​ក្នុង​របៀប​ជាច្រើន។

១. ជា​ដំបូង យើង​ត្រូវ​តែ​មើល​ឃើញ​ថា​កណ្ឌ​យេរេមា​ទាក់​ទង​នឹង​ជីវិត​របស់​យើង​តាមរយៈ​ព្រះ​យេស៊ូវ។​ គ្រប់​ទំនាយ​និង​សេចក្តី​សន្យា​ទាំងអស់​អំពី​ព្រះ​យេស៊ូវ​ ដែល​បាន​លើក​ឡើង​នៅ​ចំណង​ជើង​ទី​៣​ខាង​លើ បង្ហាញ​អំពី​របៀប​ដែល​កណ្ឌ​យេរេមា​បាន​អនុវត្ត​ចំពោះ​យើង។ ​យើង​មាន​សេចក្តី​សង្ឃឹម​និង​សេចក្តី​សង្គ្រោះ​តាមរយៈ​ព្រះ​យេស៊ូវ​ ដែល​ជា​បុត្រា​របស់​ស្តេច​ដាវីឌ ដែល​គ្រប់គ្រង​លើ​យើង។

២. ហោរា​យេរេមា​បាន​មាន​ជីវិត​លំបាក​មួយ។ សារ​ព្រះ​បន្ទូល​របស់​គាត់ ដែល​បាន​ប្រកាស​នៅ​ឯ​ព្រះ​វិហារ​ ​ដែល​បាន​ហៅ​អោយ​មនុស្ស​ប្រែ​ចិត្ត ​មិន​ត្រូវ​បាន​មនុស្ស​ទទួល​យក​ប៉ុន្មាន​នោះ​ទេ (៧:១-៨:៣; ២៦:១-១១)។ ​មនុស្ស​នៅ​ក្នុង​ស្រុក​កំណើត​របស់​គាត់​បាន​បង្កើត​ផែនការ​អាក្រក់​ប្រឆាំង​នឹង​គាត់ (១១:១៨-២៣) ហើយ​គាត់​បាន​ស៊ូទ្រាំ​នឹង​ការ​បៀតបៀន​ជា​ច្រើន។ ជាច្រើន​ដង គាត់​បាន​មាន​អារម្មណ៍​ធ្លាក់​ទឹកចិត្ត​ ហើយ​ចង់​ត្អូញត្អែរ​ទៅ​កាន់​ព្រះ​ ហើយ​ត្រូវ​ល្បួង​ឈប់​ប្រកាស​ព្រះ​បន្ទូល​របស់​ព្រះ​ ប៉ុន្តែ​ព្រះ​បន្ទូល​របស់​ព្រះ​បាន​បញ្ឆេះ​នៅក្នុង​គាត់ ហើយ​គាត់​ត្រូវ​តែ​ប្រកាស​ព្រះ​បន្ទូល​ (២០:៧-៩)។ ​ការ​ទុក្ខ​លំបាក​របស់​គាត់ និង​ភាព​ស្មោះត្រង់​របស់​គាត់​នៅក្នុង​ការ​ប្រកាស​ព្រះ​បន្ទូល​របស់​ព្រះ​ពិត​ជា​លើក​ទឹកចិត្ត​ដល់​យើង​ នៅពេល​យើង​ប្រកាស​អំពី​ព្រះគ្រីស្ទ​ទៅកាន់​លោកិយ​ ដែល​មិន​ចូល​ចិត្ត​ស្តាប់​ព្រះ​រាជសារ​របស់​ព្រះ​ (ហេព្រើរ ១២:១-៣; ២ធីម៉ូថេ ៣:១១-១២)។ ​ជីវិត​របស់​យេរេមា​បង្ហាញ​ថា ការ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​មិន​បាន​ធានា​ថា អ្នក​នឹង​ទទួល​បាន​ជីវិត​ងាយ​ស្រួល​និង​រីករាយ​នោះ​ទេ។

៣. ជា​ការ​សំខាន់​ក្នុង​ការ​យល់​ថា ដំណឹងល្អ​របស់​គ្រីស្ទបរិស័ទ​មិន​សំរាប់​តែ​បុគ្គល​ផ្ទាល់​ខ្លួន​ឡើយ ប៉ុន្តែ​សម្រាប់​ពួក​ជំនុំ​ផង​ដែរ។ ​ព្រះរាជសារ​ផ្សេងៗ​ទៅ​កាន់​យូដា​អំពី​ការ​វិនិច្ឆ័យ​និង​សេចក្តី​សង្គ្រោះ​អាច​អនុវត្ត​នៅក្នុង​របៀប​មួយ​ទៅកាន់​ពួកជំនុំ។​ ដូច​ជា​រាស្ត្រ​របស់​ព្រះ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ផ​ង​ដែរ យើង​ក៏​ត្រូវ​ប្រយ័ត្ន​នៅ​ពេល​យើង​រស់​ដោយ​ឥត​កង្វល់ ហើយ​មិន​គួរ​គិត​ថា ព្រះជាម្ចាស់​មិន​នឹង​ធ្វើ​ ​ប្រដៅ​ទេ​ (ប្រៀប​ធៀប វិវរណៈ ២-៣)។ ​ពួក​ជំនុំ (ឬ​ផ្នែក​នៃ​ពួក​ជំនុំ) ​អាច​ទទួល​ប្រដៅ​នៅ​ពេល​ណា​មួយ ប៉ុន្តែ​ប្រដៅ​នេះ​មាន​ប្រយោជន៍​ជួយ​យើង​មាន​ជីវិត         បរិសុទ្ធ។

៤. ហោរា​យេរេមា​បង្ហាញ​ត្រួសៗ​ថា ​ពួក​អ្នកដឹកនាំ​ត្រូវ​ទទួល​ខុសត្រូវ​និង​មាន​ជីវិត​បរិសុទ្ធ ហើយ​គាត់​ព្រមាន​អំពី​អំពើ​ពុក​រលួយ​នៅក្នុង​រាស្ត្រ​របស់​ព្រះ​អាច​រាល​ដាល។ ​គាត់​ព្រមាន​ចំពោះ​ការ​ទុកចិត្ត​លើ​សាសនា ដែល​មនុស្ស​គិត​ថា ពួកគេ​មាន​សុវត្ថិភាព​ដោយ​សារ​សាសនា​របស់​ពួកគេ​ ពិធីបុណ្យ​សាសនា និង​ក្រុម​សាសនា​ផ្សេងៗ (ឧទាហរណ៍ យេរេមា ៧)។​ គាត់​បង្ហាញ​អំពី​របៀប​ដែល​អំពើ​អាក្រក់​អាច​ចម្លង​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​បាន (៤៤:៩)។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top