ពាក្យលំនាំ៖ ហាបាគុក Introduction to Habakkuk

Habakkuk Intro pdf download

ហាបាគុក Habakkuk
កាលៈទេសៈតាមប្រវត្តិសាស្ត្រនៅសម័យហាបាគុកនិងខ្លឹមសារនៃប្រសាសន៍របស់ហាបាគុក Historical background to Habakkuk and basic message
កណ្ឌហាបាគុកគឺជាកណ្ឌទំនាយមិនធម្មតាមួយ។ កណ្ឌនេះមិននិយាយទៅកាន់ប្រជាជនយូដាដោយផ្ទាល់នោះទេ ប៉ុន្តែកណ្ឌនេះគឺជាការសន្ទនាមួយរវាងហោរាហាបាគុកនិងព្រះជាម្ចាស់។ ហោរាហាបាគុកប្រហែលជាបានទាយនៅក្នុងកំឡុងពេលដូចគ្នានឹងហោរាសេផានានិងហោរាយេរេមាដែរ។ គាត់ប្រហែលជាបានទាយ មុនការបញ្ចប់រាជ្យរបស់ស្តេចយ៉ូសៀស (៦៤០-៦០៩មុនគ.ស)។
ហោរាហាបាគុកគឺជាម្នាក់ដែលហ៊ានសួរព្រះនូវសំនួរខ្លាំងៗ។ បើសិនព្រះពិតជាល្អ និងមានអំណាចទាំងស្រុងមែននោះ ហេតុអ្វីទ្រង់មិនឆ្លើយតបចំពោះការយំស្រែកសុំជំនួយដូច្នេះ? តើព្រះអាចប្រើការអាក្រក់ ដើម្បីអនុវត្តការវិនិច្ឆ័យរបស់ទ្រង់បានយ៉ាងដូចម្តេច? ហោរាហាបាគុកបានមើលឃើញអំពើពុករលួយ និងការមិនគោរពច្បាប់នៅក្នុងសង្គមអ៊ីស្រាអែល ហើយគាត់បានចង់ថា ព្រះនឹងតាំងរាជ្យនៃសេចក្តីយុត្តិធម៌របស់ទ្រង់ឡើង។ ប៉ុន្តែហោរាហាបាគុកបានដឹងថា ព្រះនឹងប្រើការឈ្លានពានរបស់ពួកបាប៊ីឡូន (សាសន៍ខាល់ដេ) ដើម្បីដាក់វិន័យដល់អ៊ីស្រាអែល។ ការនេះដូចជាចំឡែក ពីព្រោះពួកបាប៊ីឡូនរឹតតែអាក្រក់ជាងជនជាតិអ៊ីស្រាអែលទៅទៀត។ ផ្នែកនៃសារព្រះបន្ទូលរបស់គាត់ (ជំពូក៣) គឺជាចំរៀងមួយ ដោយមានការណែនាំអំពីរបៀប ដែលត្រូវច្រៀងនៅក្នុងព្រះវិហារ។
សំនួររបស់ហោរាហាបាគុកបានត្រូវដោះស្រាយ នៅពេលគាត់មាននិមិត្តមួយ ដោយមើលឃើញព្រះគឺជាអ្នកចំបាំងមានសិរីល្អ ឈ្នះលើគ្រប់ទាំងអស់នៅចំពោះទ្រង់។ ព្រះអម្ចាស់គឺជាស្តេចលើជាតិសាសន៍ទាំងអស់ ហើយការវិនិច្ឆ័យរបស់ទ្រង់នឹងនាំមកនូវសេចក្តីសង្គ្រោះ។ ហាបាគុកត្រឡប់ជាមើលឃើញស្ថានភាពតូចតាចរបស់គាត់នៅក្នុងបរិបទធំនៃគោលបំណងនិងអំណាចព្រះចេស្ដារបស់ព្រះ ដូចជាលោកយ៉ូបផងដែរ។
គម្រោង Outline
១. ការចុះនាម (១:១)
២. ជុំទីមួយ (១:២-១១)
ក. ការទួញសោករបស់ហោរាហាបាគុក (១:២-៤)
ខ. ការឆ្លើយតបរបស់ព្រះ (១:៥-១១)
៣. ជុំទីពីរ (១:១២-២:២០)
ក. ការទួញសោករបស់ហោរាហាបាគុក (១:១២-២:១)
ខ. ការឆ្លើយតបរបស់ព្រះ (២:២-២០)
៤. សេចក្តីអធិស្ឋានរបស់ហោរាហាបាគុក (៣:១-១៩)

តើកណ្ឌហាបាគុកបង្រៀនយើងអ្វីខ្លះអំពីព្រះ? What does Habakkuk teach us about God?
តាមការរៀបរាប់ខាងលើនេះ យើងមើលឃើញថា កណ្ឌហាបាគុកបង្រៀនថា ព្រះជាម្ចាស់៖
 គ្រប់គ្រងប្រវត្តិសាស្ត្ររបស់មនុស្សជាតិដោយព្រះបន្ទូលរបស់ទ្រង់។ ព្រឹត្តិការណ៍ដែលត្រូវបានកត់ទុកនៅក្នុងកណ្ឌនេះគឺជាសកម្មភាពរបស់ព្រះ ហើយការព្រមានរបស់ព្រះបានបំពេញសំរេចបន្ទាប់មក។
 ទ្រង់មានបន្ទូលមកកាន់រាស្ត្ររបស់ទ្រង់ ហើយពន្យល់អំពីផែនការរបស់ទ្រង់សំរាប់លោកិយ។
 ទ្រង់បរិសុទ្ធ និងទតមើលគ្រប់ទាំងអស់ ហើយដាក់ទណ្ឌកម្មចំពោះអំពើបាប។
 ទ្រង់សំដែងសេចក្ដីយុត្តិធម៌របស់ទ្រង់។
 ទ្រង់គឺជាព្រះដ៏ពិត ហើយព្រះដទៃទាំងអស់សុទ្ធតែជាព្រះក្លែងក្លាយទាំងអស់ (២:១៨-២០)។
តើកណ្ឌនេះបង្រៀនយើងអ្វីខ្លះអំពីមនុស្ស? What does Habakkuk teach us about people?
 យើងចង់មើលឃើញយុត្តិធម៌ ហើយជារឿយៗយើងឆ្ងល់ថា ហេតុអ្វីហាក់ដូចជាខ្វះយុត្តិធម៌នៅក្នុងពិភពលោកនេះដូច្នេះ?
 មនុស្សសុចរិតរស់នៅដោយសេចក្តីជំនឿ (២:៤)
តើកណ្ឌនេះអនុវត្តមកកាន់គ្រីស្ទបរិស័ទសព្វថ្ងៃយ៉ាងដូចម្តេច? How does Habakkuk apply to Christians today?
កណ្ឌហាបាគុកទាក់ទងនឹងជីវិតរបស់យើងនាពេលសព្វថ្ងៃនេះ ក្នុងរបៀបជាច្រើន។
១. ដូចជាកណ្ឌយ៉ូបផងដែរ កណ្ឌនេះបង្ហាញអំពីសេចក្តីពិតសំខាន់ៗសំរាប់មនុស្ស ដែលប្រឈមនឹងទុក្ខលំបាក ដែលរកយល់មិនបាន។ ដូចជមនុស្សជាច្រើននៅសព្វថ្ងៃនេះផងដែរ ហោរាហាបាគុកបានសួរសំនួរពីរ នៅពេលព្រះហាក់ដូចជានៅឆ្ងាយពីយើង និងលោកិយមានសេចក្តីសំអប់ចំពោះរាស្ត្ររបស់ព្រះកាន់តែខ្លាំងឡើង៖ (១) តើព្រះអង្គនៅឯណា? (២) ហេតុអ្វីព្រះអង្គធ្វើដូច្នេះ? គាត់បានស្រែកជាការត្អូញត្អែរពីរ ដែលសូមអោយព្រះគ្រប់គ្រងដោយសេចក្ដីយុត្តិធម៌ប្រឆាំងនឹងពួកអ្នកប្រព្រឹត្តអាក្រក់ ហើយប្រទានសេចក្តីមេត្តាករុណាដល់អស់អ្នកណា ដែលស្មោះត្រង់ចំពោះព្រះ។ ព្រះឆ្លើយតបចំពោះការត្អូញត្អែរទាំងពីរនេះនៅក្នុងរបៀប ដែលធ្វើអោយហោរាហាបាគុកមានការភ្ញាក់ផ្អើល។ ទីមួយ ព្រះប្រកាសថា ទ្រង់នឹងប្រើជាតិសាសន៍ជាខ្មាំងសត្រូវ (បាប៊ីឡូន) ដើម្បីនាំទណ្ឌកម្មមកកាន់ពួកអ្នកប្រព្រឹត្តអាក្រក់នៅក្នុងយូដា។ ទីពីរ ព្រះនឹងបើកសំដែងប្រាជ្ញាដែលមិនអាចស្វែងរកបាននិងការថែរក្សាផ្គត់ផ្គង់របស់ទ្រង់ ដោយទ្រង់មិនគ្រាន់តែវិនិច្ឆ័យយូដាប៉ុណ្ណោះទេ ប៉ុន្តែទ្រង់នឹងវិនិច្ឆ័យខ្មាំងសត្រូវទាំងអស់របស់ទ្រង់ផងដែរ។ ជាចុងក្រោយ ព្រះរាជសារនេះធ្វើអោយហោរាហាបាគុកមានសេចក្តីជំនឿដ៏ជ្រាលជ្រៅមួយ។
២. ផ្ទៃរឿងដូចជា យុត្តិធម៌ សេចក្តីមេត្តាករុណា ប្រាជ្ញា និងការថែរក្សាផ្គត់ផ្គង់របស់ព្រះបានបង្ហាញពន្លឺនៃដំណឹងល្អ។ ព្រះហាក់ដូចជាអវត្តមាននិងមិនធ្វើអ្វីសោះចំពោះការអយុត្តិធម៌នៅលោកិយ ប៉ុន្តែកណ្ឌនេះស៊ីគ្នានឹងរឿងដ៏ធំរបស់ព្រះគម្ពីរថា ព្រះអង្គទ្រង់នឹងយាងមកជាសាច់ឈាម ដើម្បីនាំយុត្តិធម៌និងសេចក្តីមេត្តាករុណាសំរាប់មនុស្សទាំងអស់ (លូកា ២៤:២៧, ៤៤; យ៉ូហាន ៥:៣៩, ៤៦; ១ពេត្រុស ១:១០-១២) តាមរយៈព្រះយេស៊ូវគ្រីស្ទ។ ព្រះជាម្ចាស់មានភាពយុត្តិធម៌ ហើយលើកលែងទោសយើងដោយព្រះយេស៊ូវសុគត ព្រមទាំងទទួលទណ្ឌកម្មដែលយើងគួរតែទទួលដោយសារយើងបានបះបោរប្រឆាំងនឹងព្រះអង្គ។ លើសពីនេះ ព្រះយេស៊ូវធានាចំពោះអស់អ្នកណា ដែលទុកចិត្តលើព្រះគ្រីស្ទពីព្រោះទ្រង់បានថ្វាយខ្លួនជាយញ្ញបូជាជំនួសយើង អ្នកនោះនិងទទួលសេចក្តីមេត្តាករុណាពីព្រះអង្គ។ ដូច្នេះ ទ្រង់បានបំពេញយុត្តិធម៌និងសេចក្តីមេត្តាករុណានោះនៅលើឈើឆ្កាង។ ហោរាហាបាគុកបានបង្ហាញពន្លឺនៃដំណឹងល្អ ដោយគាត់រៀបរាប់ឡើងវិញអំពីពេលវេលាដែលព្រះអង្គបានរំដោះអ៊ីស្រាអែល ហើយហៅអោយរាស្ត្ររបស់ទ្រង់មកឯសេចក្តីជំនឿថ្មីនៅក្នុងការថែរក្សាផ្គត់ផ្គង់របស់ទ្រង់។ ដោយសារព្រះបានរំដោះអ៊ីស្រាអែលចេញពីអេស៊ីព្ទ ហើយបាននាំពួកគេទៅដល់ទឹកដីសន្យា នោះព្រះក៏នឹងរំដោះពួកអ្នកដែលដើរតាមព្រះគ្រីស្ទនៅពេលសព្វថ្ងៃនេះផងដែរ ដែលជាការរំដោះដ៏អស្ចារ្យជាងនោះទៅទៀត គឺជាការរំដោះ ដែលការរំដោះទាំងអស់នៅក្នុងព្រះគម្ពីរសញ្ញាចាស់បានចង្អុលទៅកាន់ គឺជាការរំដោះចេញពីអំពើបាប ហើយយើងនឹងទៅនគរស្ថានសួគ៌។ ព្រះគម្ពីរសញ្ញាថ្មីបានប្រកាសដំណឹងល្អថា ព្រះយេស៊ូវគ្រីស្ទទ្រង់បានយាងមក ដើម្បីរំដោះរាស្ត្ររបស់ទ្រង់ចេញពីចំណងនៃអំពើបាប តាមរយៈជីវិត ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះរាជបុត្រារបស់ទ្រង់។
៣. ហោរាហាបាគុកបានប្រកាសថា មនុស្សសុចរិតរស់នៅដោយសេចក្តីជំនឿ (ហាបាគុក ២:៤)។ សាវកប៉ុលប្រើខនេះ (រ៉ូម ១:១៧; កាឡាទី ២:២០; ៣:១១; សូមមើលផងដែរ ហេព្រើរ ១០:៣៨; ១១:១៣) ហើយអនុវត្តវាតាមរយៈព្រះយេស៊ូវ ដោយបង្ហាញថា ព្រះរាប់យើងជាសុចរិតតាមរយៈសេចក្តីជំនឿលើព្រះគ្រីស្ទ។
៤. ២:១៦ សំដៅទៅលើពែងនៅខាងស្តាំព្រះហស្តរបស់ព្រះ ដែលជាពែងនៃសេចក្តីក្រោធរបស់ព្រះ។ ពែងនេះគឺជាពែង ដែលព្រះយេស៊ូវបានទទួលយកនៅលើឈើឆ្កាង។ ដូច្នេះ នេះគឺជារូបភាពមួយទៀត ដែលបង្ហាញអំពីដំណឹងល្អរបស់ព្រះយេស៊ូវ ដែលត្រូវជាប់ឆ្កាង នៅក្នុងកណ្ឌហាបាគុក។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top