ពាក្យលំនាំ៖ សាការី Introduction to Zechariah

Zechariah Intro pdf download

សាការី Zechariah
សារៈសំខាន់នៃកណ្ឌសាការី Importance of Zechariah
កណ្ឌសាការីមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះវាបានផ្តល់អោយយើងនូវទំនាយយ៉ាងច្បាស់លាស់អំពីព្រះមែស៊ីដែលត្រូវយាងមក។ អត្ថបទនៅក្នុងគម្ពីរដំណឹងល្អ ដែលនិទានអំពីសបា្តហ៍ចុងក្រោយនៃជីវិតរបស់ព្រះយេស៊ូវបានដកស្រង់នូវបទគម្ពីរសាការីជាច្រើន។
កាលៈទេសៈតាមប្រវត្តិសាស្ត្រនៅសម័យសាការីនិងខ្លឹមសារនៃប្រសាសន៍របស់សាការី Historical background to Zechariah and basic message
សាការីគឺជាហោរានិងជាសង្ឃ ហើយឈ្មោះរបស់គាត់មានន័យថា «ព្រះនឹកចាំ»។ គាត់បានចាប់ផ្តើមការប្រកាសព្រះបន្ទូលរបស់ព្រះនៅក្នុងឆ្នាំ៥២០មុនគ.ស គឺភ្លាមៗបន្ទាប់ពីហោរាហាកាយបានចាប់ផ្តើមប្រកាសព្រះបន្ទូល។ រយៈពេលជិត២០ឆ្នាំបន្ទាប់ពីការវិលត្រឡប់មកពីការនិរទេសពីបាប៊ីឡូនក្នុងសម័យស្តេចស៊ីរូសវិញ (ឆ្នាំ៥៣៨មុនគ.ស) ប្រជារាស្ត្ររបស់ព្រះបានទទួលនូវការបាក់ទឹកចិត្ត។ ពួកគេបានដាក់គ្រឹះព្រះវិហារភ្លាមៗ បន្ទាប់ពីការវិលត្រឡប់មកវិញដំបូង ក្នុងឆ្នាំ៥៣៦មុនគ.ស ប៉ុន្តែពេលនោះមានការទាស់ប្រឆាំងយ៉ាងខ្លាំង ចំពោះដំណើរការសាងសង់បន្តទៀត។ ទំនាយរបស់សាការីចាប់ផ្តើមដោយនិមិត្តជាច្រើន ព្រះអម្ចាស់បានបញ្ជូនទេវតាម្នាក់មកកាន់សាការី (ហើយមកកាន់យើង) ដើម្បីកាត់ស្រាយ ហើយយើងអាចស្វែងរកអត្ថន័យនៃនិមិត្តទាំងនោះបាន នៅក្នុងការថ្លែងរបស់ទេវតា។ គាត់បន្តចង្អុលបង្ហាញប្រាប់យើងអំពី «លំពង់» ដែលនឹងមក (៣:៨; ៦:១២) ជាពូជពង្សរបស់ស្តេចដាវីឌ ដែលព្រះបានសន្យានៅក្នុងយេរេមា ២៣:៥ និង ៣៣:១៥ ដែលជាស្តេចផងនិងជាសង្ឃផង (សាការី ៦:១៣)។ នៅថ្ងៃមួយលំពង់នេះនឹងបន្សុទ្ធមនុស្ស ព្រមទាំងដោះនូវអំពើបាបរបស់ពួកគេចេញផង (៣:៩)។ សាការីបានសរសេរលើកទឹកចិត្តដល់មនុស្ស ដែលធ្លាក់ទឹកចិត្តក្នុងការរស់នៅ បន្ទាប់ពីការនិរទេស នៅក្នុង «ថ្ងៃនៃការបន្តិចបន្តួច» (៤:១០) ហើយដែលហាក់ដូចជាមានការរីកចម្រើនបន្តិចបន្តួច សំរាប់អនាគតដ៏រុងរឿងដែលព្រះបានសន្យាតាមរយៈហោរាមុនៗ អោយសំឡឹងមើលទៅថ្ងៃ ដែលព្រះអម្ចាស់នឹងធ្វើសកម្មភាពម្តងទៀត។ ស្តេចដ៏សុចរិតនឹងយាងមក ដោយនាំមកនូវសេចក្តីសង្គ្រោះ ការបញ្ចប់សង្គ្រាមនិងការរងទុក្ខ (៩:៩-១៧)។
គម្រោង Outline
១. សេចក្តីប្រកាស និងនិមិត្ត (១:១-៨:២៣)
ក. សេចក្តីផ្តើម៖ ចូរវិលមកឯអញ នោះអញនឹងវិលមកឯឯងរាល់គ្នាដែរ (១:១-៦)
ខ. និមិត្តទាំងប្រាំបីយប់ និង សញ្ញា (១:៧-៦:១៥)
គ. ពីការតមមកពិធីជប់លៀង (៧:១-៨:២៣)
២. ស្តេចយាងត្រឡប់មកវិញ (៩:១-១៤:២១)
ក. សេចក្តីប្រកាសទីមួយ៖ ពួកអ្នកដឹកនាំ និងប្រជាជន (៩:១-១១:១៧)
ខ. សេចក្តីប្រកាសទីពីរ៖ ប្រជាជន និងពួកអ្នកដឹកនាំរបស់ពួកគេ (១២:១-១៤:២១)
របៀបអានកណ្ឌសាការី How to read Zechariah
ដើម្បីយល់និងអនុវត្តកណ្ឌសាការីអោយបានត្រឹមត្រូវ សំខាន់យើងត្រូវយល់កណ្ឌនេះនៅក្នុងបរិបទដើមរបស់វានៅក្នុងប្រវត្តិសាស្ត្រ និងនៅក្នុងបរិបទនៃព្រះគម្ពីរទាំងមូល។ ដើម្បីយល់បែបនេះបាន យើងត្រូវឆ្លើយនឹងសំនួរប្រាំមួយដូចខាងក្រោម។
១. តើកណ្ឌសាការីទាក់ទងនឹងកណ្ឌផ្សេងៗទៀតដែលមានក្នុងព្រះគម្ពីរមុនកណ្ឌនេះយ៉ាងដូចម្តេច?
២. តើគោលបំណងរបស់កណ្ឌសាការីសំរាប់អ្នកអានដើមដំបូងក្នុងសម័យព្រះគម្ពីរសញ្ញាចាស់គឺជាអ្វី?
៣. តើកណ្ឌសាការីទាក់ទងនឹងកណ្ឌផ្សេងៗទៀតដែលមានក្នុងព្រះគម្ពីរបន្ទាប់ពីកណ្ឌនេះយ៉ាងដូចម្តេច?
៤. តើកណ្ឌនេះបង្រៀនយើងអ្វីខ្លះអំពីព្រះជាម្ចាស់?
៥. តើកណ្ឌនេះបង្រៀនយើងអ្វីខ្លះអំពីមនុស្ស?
៦. តើកណ្ឌនេះអនុវត្តមកកាន់គ្រីស្ទបរិស័ទសព្វថ្ងៃយ៉ាងដូចម្តេច?
១. តើកណ្ឌសាការីទាក់ទងនឹងកណ្ឌផ្សេងៗទៀតដែលមានក្នុងព្រះគម្ពីរមុនកណ្ឌនេះយ៉ាងដូចម្តេច?
ព្រះគម្ពីរគឺជារឿងធំមួយ ដែលពន្យល់អំពីផែនការរបស់ព្រះចាប់តាំងពីការបង្កបង្កើតដល់ការបង្កបង្កើតថ្មី។ ទ្រង់បានបង្កើតគ្រប់យ៉ាងល្អជាដំបូង ដោយមានអ័ដាម និងអេវ៉ានៅក្នុងសួនច្បារអេដែន។ ពួកគេគឺជារាស្ត្ររបស់ព្រះ នៅក្នុងទីកន្លែងរបស់ព្រះ ក្រោមការគ្រប់គ្រង និងព្រះពររបស់ព្រះ។ នេះគឺជាគោលដៅរបស់ព្រះសំរាប់ការបង្កបង្កើត។ ពួកគេ មិនបានស្តាប់បង្គាប់ ហើយត្រូវបានបណ្តេញចេញពីសួនច្បារ ដែលជាទីបរិសុទ្ធរបស់ព្រះ។ កន្លែងផ្សេងៗទាំងអស់ទៀតក្នុងព្រះគម្ពីរនិយាយអំពីផែនការរបស់ព្រះ ក្នុងការសង្គ្រោះមនុស្សចេញពីលទ្ធផលនៃការបះបោរនេះ ហើយស្តានគររបស់ទ្រង់ឡើងវិញ ដែលជារាស្ត្ររបស់ព្រះ នៅក្នុងទីកន្លែងរបស់ព្រះ ក្រោមការគ្រប់គ្រងនិងព្រះពររបស់ព្រះ។ ដូច្នេះ ព្រះបានជ្រើសរើសអ័ប្រាហាំ ហើយបានសន្យាថា ទ្រង់នឹងធ្វើអោយគាត់ក្លាយជាជាតិសាសន៍មួយដ៏ធំ ហើយពួកគេនឹងទទួលបានទឹកដីសន្យា។ តាមរយៈពូជពង្សរបស់អ័ប្រាហាំ ព្រះនឹងប្រទានពរដល់លោកិយ (លោកុប្បត្ដិ ១២:៣)។ ពួកគេត្រូវតែជារាស្ត្ររបស់ព្រះ នៅក្នុងទីកន្លែងរបស់ព្រះ ក្រោមការគ្រប់គ្រងនិងព្រះពររបស់ព្រះ ។ ទ្រង់នឹងគង់ក្នុងចំណោមពួកគេ ដូច្នេះអ៊ីស្រាអែលនៅក្នុងទឹកដីសន្យាគឺ អេដែនថ្មី ដែលជាទីបរិសុទ្ធថ្មី (សូមមើល លោកុប្បត្ដិ ១៣:១០)។ ព្រះបានមានបន្ទូលនៅក្នុងនិក្ខមនំ ១៩:៤-៦ ថា ទ្រង់បានជ្រើសរើសអ៊ីស្រាអែលធ្វើជារាស្ត្រពិសេសរបស់ទ្រង់ ហើយក្នុងចោទិយកថា ៤ ចែងថា ពួកគេត្រូវធ្វើជាពន្លឺដល់ជាតិសាសន៍ដទៃទាំងអស់។ ចោទិយកថា ២៨ ប្រកាសបណ្តាសារបស់សម្ព័ន្ធមេត្រីថា បើសិន អ៊ីស្រាអែលមិនស្មោះត្រង់ចំពោះព្រះ និងមិនធ្វើតាមការត្រាស់ហៅរបស់ព្រះចំពោះខ្លួនទេ នោះព្រះនឹងបញ្ជូនពួកគេចេញពីទឹកដី។ នៅក្នុង២សាំយូអែល ៧ ព្រះបានមានព្រះបន្ទូលសន្យាដ៏អស្ចារ្យ ជាមួយនឹងស្តេចដាវីឌថា ពូជពង្សមួយរបស់ស្តេចដាវីឌនឹងសោយរាជ្យនៅលើបល្ល័ង្កជារៀងរហូត។ ទ្រង់ក៏បានសន្យាផងដែរថា ពូជពង្សរបស់ស្តេចដាវីឌនឹងសាងសង់ព្រះវិហាររបស់ព្រះនៅក្នុងយេរូសាឡិម។ មុនដំបូងសេចក្តីសន្យានេះត្រូវបានបំពេញ សំរេចជាដំបូងតាមរយៈស្តេចសាឡូម៉ូន ដែលបានសាងសង់ព្រះវិហារ។ បន្ទាប់ពីស្តេចសាឡូម៉ូនមក នគរត្រូវបានបែងចែកជាពីរផ្នែក គឺនគរខាងជើងហៅថា អ៊ីស្រាអែល ហើយនគរខាងត្បូងហៅថា យូដា ដែលមានក្រុង យេរូសាឡិមជារាជធានី។ ការផ្ដាច់សម្ព័ន្ធមេត្រីនិងការថ្វាយបង្គំរូបព្រះបាននាំទៅដល់ពេលវេលា ដែល អ៊ីស្រាអែលធ្លាក់ចុះ។ ទោះបីជាមានស្តេចមួយចំនួនដូចជា ស្តេចហេសេគា និងយ៉ូសៀស ប៉ុនប៉ងធ្វើកំណែទម្រង់ក៏ដោយ ក៏ដំណើរការនៃការធ្លាក់ចុះមិនអាចត្រឡប់ថយក្រោយបានដែរ ហើយពួកគេត្រូវបញ្ចប់ដោយការវិនាសនៃសញ្ញាដែលមើលឃើញទាំងអស់នៃសម្ព័ន្ធមេត្រីរបស់អ៊ីស្រាអែលជាមួយនឹងព្រះ ដូចជា យេរូសាឡិម និងព្រះវិហារ។ ប៉ុន្តែព្រះបានសន្យាពីមុនមក តាមរយៈពួកហោរាថា រាស្ត្ររបស់ទ្រង់នឹងវិលត្រឡប់មកពីការនិរទេសវិញ ហើយនឹងមានអនាគតរុងរឿងមួយ។
ចំនុចទាំងនេះមានសារៈសំខាន់ណាស់ ដើម្បីយល់កណ្ឌសាការី។ សាការីរស់នៅក្នុងសម័យ ដែលពួកគេបានវិលត្រឡប់មកពីការនិរទេសវិញហើយ ប៉ុន្តែស្ថានភាពពេលនោះហាក់ដូចជាមិនមានសិរីរុងរឿងសោះ។ បណ្តាជនមិនទាន់បានបញ្ចប់ការសាងសង់ព្រះវិហារនៅឡើយ ហើយទោះបីជាពួកហោរានៅមុនការនិរទេសបានប្រកាសថា ព្រះនឹងបញ្ជូនបុត្រាមួយរបស់ស្តេចដាវីឌអោយមកគ្រប់គ្រងដោយសុចរិតក៏ដោយ ក៏ពួកគេនៅតែមើលឃើញថា ការនេះមិនទាន់បានបំពេញសំរេចនៅឡើយ។ សាការីប្រកាសអំពីអនាគត ដែលខ្ពស់លើសអ្វី ដែលព្រះបានសន្យានៅក្នុងអតីតកាលទៅទៀត។ នៅក្នុងអនាគតរាស្ត្ររបស់ព្រះនិងមិនគ្រាន់តែជាអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែគឺជាមនុស្សមកពីជាតិសាសន៍ជាច្រើនរួមគ្នាជាជាតិសាសន៍តែមួយវិញ (២:១១)។

២. តើគោលបំណងរបស់កណ្ឌសាការីសំរាប់អ្នកអានដើមដំបូងក្នុងសម័យព្រះគម្ពីរសញ្ញាចាស់គឺជាអ្វី?
សាការីប្រកាសទៅកាន់មនុស្ស ដែលបានវិលត្រឡប់មកពីការនិរទេសវិញថា ព្រះបាននឹកចាំសេចក្តីសន្យារបស់ទ្រង់តាំងពីពេលមុន ហើយទ្រង់នឹងរក្សាសេចក្តីសន្យាទាំងនោះ (ឧទាហរណ៍ ព្រះវិហារនឹងត្រូវបានសាងសង់ ហើយព្រះនឹងបញ្ជូនពូជរបស់ស្តេចដាវីឌអោយមកគ្រប់គ្រង) ហើយតាមរយៈសាការី ព្រះប្រកាសអំពីសេចក្តីសន្យាថ្មីដែលអស្ចារ្យជាងមុន ដែលផ្អែកលើសេចក្តីសន្យាពីមុន។ ទ្រង់ក៏ហៅអោយអ៊ីស្រាអែលប្រែចិត្ត ហើយកុំធ្វើដូចជាពួកព្ធយុកោរបស់ពួកគេ (១:៣-៤)។
៣. តើកណ្ឌសាការីទាក់ទងនឹងកណ្ឌផ្សេងៗទៀត ដែលមានក្នុងព្រះគម្ពីរបន្ទាប់ពីកណ្ឌនេះយ៉ាងដូចម្តេច?
មានរបៀបជាច្រើន ដែលកណ្ឌសាការីទាក់ទងនឹងកណ្ឌផ្សេងៗ ដែលនៅបន្ទាប់ពីវា។ យើងបានមើលឃើញខាងលើថា បុត្រាមួយរបស់ស្តេចដាវីឌនឹងយាងមក។ មានទំនាយជាក់លាក់ជាច្រើននៅក្នុងកណ្ឌសាការី ដែលត្រូវបំពេញសំរេចនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ឧទាហរណ៍ដូចជា៖
ម្នាក់ដែលព្រះបានសន្យា នឹងធ្វើជាសង្ឃនិងជាស្តេច ត្រូវបានបំពេញសំរេចយ៉ាងច្បាស់លាស់នៅក្នុងព្រះយេស៊ូវ។
ស្តេចដែលនឹងយាងមកដោយសុភាព ហើយជិះសត្វលា (៩:៩ សូមមើល ម៉ាថាយ ២១:៥)។
បុត្រារបស់ស្តេចដាវីឌ ដែលត្រូវយាងមក នឹងត្រូវគេចាក់ ដែលជាមធ្យោបាយលាងសំអាតអំពើបាប (១២:១០-១៣:១ សូមមើល យ៉ូហាន ១៩:៣៧)។
អ្នកគង្វាលល្អនឹងត្រូវគេវាយជំនួសចៀមរបស់ទ្រង់ ហើយចៀមនោះនឹងបន្តទ្រាំទ្រការរងទុក្ខដ៏ធំរហូតដល់ពេលចុងបញ្ចប់ (១៣:៧-១៤:៥ សូមមើល ម៉ាថាយ ២៦:៣១)។
ប៉ុន្តែលទ្ធផលពីការរងទុក្ខនិងការឈឺចាប់នោះគឺជាជ័យជំនះចុងក្រោយរបស់ព្រះ (១៤:៩)។
សេចក្តីសន្យាស្ដីអំពី រាស្រ្តរបស់ព្រះជាច្រើនដែលរួបរួមគ្នា ហើយព្រះគង់នៅក្នុងចំណោមពួកគេ (២:១០-១៣) ត្រូវបានបំពេញសំរេចតាមរយៈព្រះយេស៊ូវ ហើយនឹងត្រូវបានបំពេញសំរេចជាចុងក្រោយនៅពេលព្រះយេស៊ូវបង្កើតផ្ទៃមេឃថ្មីនិងផែនដីថ្មី (វិវរណៈ ២១-២២)។ សេចក្តីសន្យានៅក្នុង២:៤-៥ ក៏ត្រូវបានបំពេញសំរេចជាចុងក្រោយនៅក្នុងវិវរណៈ ២១-២២ ផងដែរ។
របៀបមួយទៀត ដែលសាការីចង្អុលទៅកាន់អ្វី ដែលមានបន្ទាប់មក គឺដោយការមើលលើតួអង្គសំខាន់បីនាក់នៅក្នុងកណ្ឌនេះ។ សាការីគឺជាអ្នកគង្វាលនៃរាស្ត្ររបស់ព្រះ (ជំពូក១១) ហើយនៅក្នុងអត្ថបទគម្ពីរនេះយើងមើលឃើញភាពស្រដៀងគ្នាទៅនឹងព្រះយេស៊ូវ ដែលបានយាងមកធ្វើជាអ្នកគង្វាលល្អ។ យេសួរដ៏ជាសំដេចសង្ឃ (ដែលមានឋានន្តររបស់ព្រះមែស៊ី «លំពង់» (៦:១២))គឺជារូបភាពនៃព្រះគ្រីស្ទ។ សូរ៉ូបាបិលគឺជាអ្នកគ្រប់គ្រង ហើយត្រូវបានហៅថា ជាចិញ្ចៀនត្រា នៅក្នុងហាកាយ ២:២០-២៣ មានន័យថា ទ្រង់បានគ្រប់គ្រង ជាទីតាំង ដែលព្រះយេស៊ូវនឹងបំពេញនៅពេលចុងក្រោយ។
៤. តើកណ្ឌសាការីបង្រៀនយើងអ្វីខ្លះអំពីព្រះ?
តាមការរៀបរាប់ខាងលើនេះ យើងមើលឃើញថា កណ្ឌសាការីបង្រៀនថា
 ព្រះបរិសុទ្ធ និងទតមើលគ្រប់ទាំងអស់ ហើយដាក់ទណ្ឌកម្មចំពោះអំពើបាប (១:២-២១)។
 ព្រះស្អប់ការថ្វាយបង្គំរូបព្រះ (១៣:២)។
 ព្រះទ្រង់គឺជាព្រះពិត ហើយព្រះដទៃនិងរូបព្រះទាំងអស់សុទ្ធតែជាព្រះក្លែងក្លាយទាំងអស់ (១០:២)។
 ព្រះស្មោះត្រង់ចំពោះសេចក្តីសន្យារបស់ទ្រង់ ទោះបីយើងមើលទៅហាក់ដូចជាមិនស្មោះត្រង់យោងទៅតាមបទពិសោធន៍របស់យើង (គិតអំពីសេចក្ដីសន្យារបស់ព្រះជាម្ចាស់ចំពោះស្តេចដាវីឌ។ ពួកអ៊ីស្រាអែលរិះគិតថា ប្រហែលជាព្រះជាម្ចាស់មិនស្មោះត្រង់ទេ)។
 ព្រះអង្គដកយកបាបចេញពីយើង (៣:៩)។
 ទ្រង់មានបន្ទូលមកកាន់រាស្ត្ររបស់ទ្រង់ ហើយពន្យល់អំពីផែនការរបស់ទ្រង់សំរាប់លោកិយ។
 ដោយសេចក្តីមេត្តាករុណារបស់ទ្រង់ ព្រះបានបញ្ជូនពួកហោរារបស់ទ្រង់ឲ្យមកឯរាស្ត្ររបស់ទ្រង់ ដើម្បីប្រាប់ឲ្យពួកគេអោយប្រែចិត្ត។ ដូចគ្នាផងដែរ សព្វថ្ងៃនេះ ដោយសេចក្តីមេត្តាករុណារបស់ទ្រង់ ព្រះបានបញ្ជូន គ្រីស្ទបរិស័ទទៅក្នុងលោកិយ ដើម្បីប្រកាសដំណឹងល្អអោយមនុស្សបានជឿលើព្រះយេស៊ូវ និងងាកបែរមករកទ្រង់វិញ។
 ព្រះអង្គមានសេចក្តីមេត្តាករុណា (១:១៦)។
 ព្រះស្ថិតក្នុងទំនាក់ទំនងសម្ព័ន្ធមេត្រីជាមួយរាស្ត្ររបស់ទ្រង់ (៩:១១)។
 ព្រះគង់នៅជាមួយរាស្ត្ររបស់ទ្រង់ (២:១០-១១)។
 ព្រះទ្រង់ប្រច័ណ្ឌ (១:១៤; ៨:២)។
 ព្រះទ្រង់ការពារ ហើយធ្វើជាអ្នកគង្វាល (ជំពូក ៩-១១)។
៥. តើកណ្ឌនេះបង្រៀនយើងអ្វីខ្លះអំពីមនុស្ស?
 ជារឿយៗ មនុស្សព្រងើយកន្តើយចំពោះព្រះបន្ទូលរបស់ព្រះ (១:៤)។
 មនុស្សត្រូវការព្រះដើម្បីឲ្យទ្រង់ដកយកបាបចេញពីគេ។
៦. តើកណ្ឌនេះអនុវត្តមកកាន់គ្រីស្ទបរិស័ទសព្វថ្ងៃយ៉ាងដូចម្តេច?
កណ្ឌសាការីទាក់ទងនឹងជីវិតរបស់យើងនៅសព្វថ្ងៃនេះនៅក្នុងរបៀបជាច្រើន។
១. ជាដំបូង យើងត្រូវតែមើលឃើញថាកណ្ឌយេរេមាទាក់ទងនឹងជីវិតរបស់យើងតាមរយៈព្រះយេស៊ូវ។ គ្រប់ទំនាយនិងសេចក្តីសន្យាទាំងអស់អំពីព្រះយេស៊ូវ ដែលបានលើកឡើងនៅចំណងជើងទី៣ខាងលើ បង្ហាញអំពីរបៀបដែលកណ្ឌយេរេមាបានអនុវត្តចំពោះយើង។ យើងមានសេចក្តីសង្ឃឹមនិងសេចក្តីសង្គ្រោះតាមរយៈព្រះយេស៊ូវ ដែលជាបុត្រារបស់ស្តេចដាវីឌ ដែលគ្រប់គ្រងលើយើង។
២. ៣:១-១០ បង្ហាញយ៉ាងច្បាស់ថា សាតាំងគឺជាអ្នកចោទប្រកាន់។ យេសួរដ៏ជាសំដេចសង្ឃគឺជាអ្នកចុងចោទនៅក្នុងតុលាការ។ សំលៀកបំពាក់របស់សង្ឃកខ្វក់ ដែលនេះតំណាងអោយអំពើបាប ដែលធ្វើអោយគាត់មិនអាចឈរនៅចំពោះព្រះ និងមិនអាចដោះយកអំពើបាបរបស់បណ្តាជនចេញតាមរយៈយញ្ញបូជាបាន។ ប៉ុន្តែព្រះបោះរឿងក្តីរបស់សាតាំងចោលទៅ។ មិនមានការចោទប្រកាន់ទេ ពីព្រោះព្រះបានជ្រើសរើសនិងសង្គ្រោះយេសួរ។ ព្រះជាម្ចាស់បានបំពាក់សំលៀកបំពាក់ស្អាតដល់យេសួរ (ខ.៥)។ យើងក៏កខ្វក់ ហើយមិនអាចឈរនៅចំពោះព្រះបានផងដែរ។ ដោយសារព្រះគុណរបស់ទ្រង់ ព្រះរាប់យើងជាសុចរិត ប្រទានអោយយើងនូវសំលៀកបំពាក់ថ្មី ដែលធ្វើអោយយើងអាចមកដល់បល្ល័ង្កនៃព្រះគុណបាន (អេសាយ ៦១:១០; ភីលីព ៣:៩; ហេព្រើរ ៤:១៦)។ យើងឥតមានទោសពៃរ៍ទៀតឡើយ ពីព្រោះយើងបានរាប់ជាសុចរិតតាមរយៈអង្គព្រះគ្រីស្ទ (រ៉ូម ៨:១)។ ការចោទប្រកាន់របស់សាតាំងប្រឆាំងនឹងយើងត្រូវបរាជ័យ។ អេភេសូរ ៤:២៤ ប្រើរូបភាពការបំពាក់សំលៀកបំពាក់ថ្មី ដើម្បីបង្ហាញថា ព្រះក៏រាប់ពួកមនុស្សមានបាបជាសុចរិតផងដែរ។ ការយាងមករបស់ព្រះមែស៊ី «លំពង់» (សាការី ៣:៨) បានបំពេញសំរេចនិមិត្តរបស់សាការី។ អ្វីទាំងអស់ ដែលយេសួរបានទទួល បានមកដល់យើងតាមរយៈព្រះយេស៊ូវ។ ព្រះយេស៊ូវបានទទួលផ្ទុយពីអ្វី ដែលយេសួរបានទទួល។ ឧទាហរណ៍ យេសួរមានឈ្នួតស្អាត តែព្រះយេស៊ូវត្រូវគេបំពាក់កម្រងបន្លា។ យេសួរមានសំលៀកបំពាក់ពិធីសាសនា តែព្រះយេស៊ូវត្រូវពួកអ្នកឆ្កាងទ្រង់ហែកសំលៀកបំពាក់របស់ទ្រង់។ យេសួរពិតជាមានបាបមែន ប៉ុន្តែព្រះអង្គមិនរាប់គាត់មានទោសទេ តែព្រះយេស៊ូវមិនមានបាបទេ តែទ្រង់ត្រូវមានទោស ហើយត្រូវជាប់ឆ្កាងសំរាប់អំពើបាបរបស់អ្នកដទៃ (២កូរិនថូស ៥:២១)។ នេះគឺជាការអស្ចារ្យនៃដំណឹងល្អ។ ឈើឆ្កាងគឺជាមធ្យោបាយ ដែលព្រះ «នឹងដកយកសេចក្តីទុច្ចរិតពីស្រុកនេះក្នុងមួយថ្ងៃ» (សាការី ៣:៩)។ ៣. គួរអោយចាប់អារម្មណ៍អំពីរបៀប ដែលកណ្ឌវិវរណៈអនុវត្តនិមិត្តនៅក្នុងសាការី ៤ មកកាន់គ្រីស្ទបរិស័ទ។ ជាឧទាហរណ៍ ចូរប្រៀបធៀបសាការី ៤:២, ១០ ជាមួយវិវរណៈ ១:១២; ៤:៥ និង៥:៦។ នៅក្នុងកណ្ឌវិវរណៈ «ជើងចង្កៀងទាំងប្រាំពីរ» តំណាងអោយពួកជំនុំ ដែលទទួល អំណាចពីព្រះវិញ្ញាណផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top