Obadiah Intro pdf download
កាលៈទេសៈតាមប្រវត្តិសាស្ត្រនៅសម័យអូបាឌានិងខ្លឹមសារនៃប្រសាសន៍របស់អូបាឌា Historical background to Obadiah and basic message
យើងមិនបានដឹងច្រើនអំពីអូបាឌា។ ឈ្មោះរបស់គាត់មានន័យថា «អ្នកបម្រើព្រះជាម្ចាស់»។ អូបាឌាបានព្យាករថាព្រះនឹងបំផ្លាញស្រុកអេដំម (សូមមើល ជនគណនា ២៤:១៨; ទំនុកដំកើង ១៣៧:៧; យេរេមា ២៥:២១; ៤៩:៧–២២; បរិទេវ ៤:២១–២២; អេសេគាល ២៥:១២–១៤; ជំពូក ៣៥; អេម៉ុស ១:១១–១២; ម៉ាឡាគី ១:២–៥), ដែលជាប្រទេសជិតខាងស្រុកយូដានិងកូនចៅរបស់លោកអេសាវ យ៉ាកុបជាប្អូនរបស់អេសាវ (លោកុប្បត្ដិ ៣៦)។ សារព្រះបន្ទូលរបស់ហោរាអូបាឌាបានសំដៅទៅលើអេដំម ដែលអ៊ីស្រាអែលបានមានជម្លោះជាច្រើនជាមួយ ប៉ុន្តែទោះបីជាដូច្នេះក៏ដោយ ក៏សារព្រះបន្ទូលនេះសរសេរសំរាប់អ៊ីស្រាអែលស្តាប់ និងសំរាប់មនុស្សទាំងអស់នៅសព្វថ្ងៃនេះស្តាប់ផងដែរ ពីព្រោះសារព្រះបន្ទូលនេះបានព្រមានអេដំមអំពីការបំផ្លាញដែលត្រូវមកពីព្រះ ហើយក៏ព្រមានពិភពលោកទាំងមូលអំពីការបំផ្លាញដែលត្រូវមកដល់នៅថ្ងៃនៃព្រះអម្ចាស់ (ខ.១៥) និងសេចក្តីសង្គ្រោះសំរាប់រាស្ត្ររបស់ព្រះផងដែរ។
គម្រោង Outline
១. ការប្រកាសអំពីសេចក្តីវិនាសរបស់អេដំម (ខ.១-៤)
២. វិសាលភាពនៃសេចក្តីវិនាសរបស់អេដំម (ខ.៥-៩)
៣. មូលហេតុព្រះជាម្ចាស់នឹងបំផ្លាញអេដំម (ខ.១០-១៤)
៤. ថ្ងៃនៃព្រះអម្ចាស់ជិតមកដល់ហើយ (ខ.១៥-១៨)
៥. វិសាលភាពនៃរាជ្យរបស់ព្រះអម្ចាស់ (ខ.១៩-២១)
តើកណ្ឌអូបាឌាបង្រៀនយើងអ្វីខ្លះអំពីព្រះ?
តាមការរៀបរាប់ខាងលើនេះ យើងមើលឃើញថា កណ្ឌអូបាឌាបង្រៀនថា ព្រះជាម្ចាស់៖
- ព្រះទ្រង់ទតឃើញគ្រប់ទាំងអស់ ហើយនិងបំផ្លាញមនុស្សដែលសង្កត់សង្កិនរាស្រ្តរបស់ព្រះ។
- ព្រះទ្រង់គ្រប់គ្រងប្រវត្តិសាស្ត្ររបស់មនុស្សជាតិដោយព្រះបន្ទូលរបស់ទ្រង់។ ទំនាយដែលត្រូវបានកត់ទុកនៅក្នុងកណ្ឌអូបាឌាបានបំពេញសំរេចបន្ទាប់មក។
- ព្រះទ្រង់ប្រឆាំងនឹងមនុស្សមានអំនួត (ខ.៣-៤)។
- ព្រះអង្គសង្គ្រោះរាស្រ្តរបស់ទ្រង់ (ខ.១៧-២១)។
តើកណ្ឌនេះបង្រៀនយើងអ្វីខ្លះអំពីមនុស្ស?
- ចិត្តអួតអាងបានបញ្ឆោតមនុស្ស (ខ.៣)។
តើកណ្ឌនេះអនុវត្តមកកាន់គ្រីស្ទបរិស័ទសព្វថ្ងៃយ៉ាងដូចម្តេច?
កណ្ឌអូបាឌាទាក់ទងនឹងជីវិតរបស់យើងនៅសព្វថ្ងៃនេះនៅក្នុងរបៀបជាច្រើន។
១. ហោរាអូបាឌាប្រកាសទាំងដំណឹងអំពីការវិនិច្ឆ័យរបស់ព្រះនិងដំណឹងល្អអំពីទ្រង់បានសន្យាប្រទានសេចក្តីសង្គ្រោះ។ ហោរាអូបាឌាពិពណ៌នាការវិនិច្ឆ័យនេះដោយសំនួនសេចក្តី «ថ្ងៃរបស់ព្រះអម្ចាស់» (ខ.១៥)។ សំរាប់មនុស្សនៅសព្វថ្ងៃនេះ នេះគឺជាការព្រមានដ៏ធ្ងន់ធ្ងរអំពី «ថ្ងៃរបស់ព្រះអម្ចាស់» ដ៏ធំ នៅចុងបញ្ចប់ពេលវេលា នៅពេលព្រះយេស៊ូវយាងត្រឡប់មកវិញ ហើយនឹងនាំការវិនិច្ឆ័យមក។ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី «ថ្ងៃរបស់ព្រះអម្ចាស់» ក្លាយជា «ថ្ងៃរបស់ព្រះយេស៊ូវ»។ ព្រះនឹងបំពេញសំរេចសេចក្តីសន្យារបស់ទ្រង់ក្នុងការនាំការវិនិច្ឆ័យមកលើលោកិយនៅពេលព្រះយេស៊ូវយាងត្រឡប់មកវិញ ដូចជាទ្រង់បានបំពេញរេចការព្រមានរបស់ទ្រង់ក្នុងការនាំការវិនិច្ឆ័យនិងសេចក្តីវិនាសនៅក្នុងព្រះគម្ពីរសញ្ញាចាស់ផងដែរ។ ដូច្នេះ យើងត្រូវតែត្រៀមខ្លួនសំរាប់ថ្ងៃនោះ (ម៉ាថាយ ២៤:៤២-២៥:៤៦)។
២. អូបាឌាប្រកាសថាព្រះនឹងបំផ្លាញអស់អ្នកដែលជិះជាន់ប្រជារាស្ដ្ររបស់ព្រះអង្គ។ សព្វថ្ងៃនេះពួកគ្រីស្ទានត្រូវបានគេជិះជាន់ជាញឹកញាប់ ប៉ុន្តែយើងរង់ចាំដោយចិត្ដអត់ធ្មត់ ចំពោះព្រះយេស៊ូវដែលទ្រង់នឹងដាក់ទោសដល់អស់អ្នកដែលសង្កត់សង្កិនពួកយើង (វិវរណៈ ៦:១០)។
៣. ទំនាក់ទំនងរវាងយ៉ាកុបនិងអេដំមមានសារៈសំខាន់នៅក្នុងសារព្រះបន្ទូលរបស់ហោរាអូបាឌា។ មានរបៀបទូទៅពីរ ដែលព្រះគម្ពីរសញ្ញាថ្មីប្រើទំនាក់ទំនងរវាងយ៉ាកុបនិងអេដំម។ ទីមួយ ពូជពង្សរបស់អ័ប្រាហាំ ដែលជាពួកអ្នកមានសិទ្ធិទទួលមរតកនៃសេចក្តីសន្យារបស់ព្រះជាមួយអ័ប្រាហាំ គឺជាអស់អ្នកណា ដែលធ្វើការងាររបស់អ័ប្រាហាំ ដោយការជឿលើព្រះយេស៊ូវគ្រីស្ទ (យ៉ូហាន ៨:៣៩-៤៧)។ ដូច្នេះ អស់អ្នកណា ដែលជឿលើព្រះយេស៊ូវ ទទួលមរតកនៃសេចក្តីសន្យាបន្តតាមយ៉ាកុប/អ៊ីស្រាអែល (កាឡាទី ៣:៧; រ៉ូម ២:២៨; ៩:៦-១៨ ប្រៀបធៀប ហេព្រើរ ១២:១៥-១៧)។ ទីពីរ ដែលជាមូលដ្ឋានគ្រឹះសំរាប់ទីមួយ គឺថា ព្រះយេស៊ូវគ្រីស្ទផ្ទាល់គឺជាពូជសន្យារបស់អ័ប្រាហាំ (កាឡាទី ៣:១៦)។ តាមរយៈទ្រង់ សេចក្តីសន្យាទាំងអស់របស់ព្រះបាន កំពុងត្រូវបាន ហើយនឹងត្រូវបានបំពេញសំរេច (២កូរិនថូស ១:២០)។ ព្រះពរនៃសម្ព័ន្ធមេត្រីរបស់អ័ប្រាហាំមកដល់ពួកអ្នកជឿនៅក្នុងព្រះគ្រីស្ទ (កាឡាទី ៣:១៤)។ ទោះបីជាពួកបងប្អូនរបស់ទ្រង់បានធ្វើអោយធ្វើទុក្ខដល់ទ្រង់ក៏ដោយ (ម៉ាកុស ៣:២១) ក៏ទ្រង់បានដោះលែងអ្នកជាប់ចំណងជាច្រើន (អេភេសូរ ៤:៨) ហើយបានស្ដារវាសនារបស់យូដាឡើងវិញ។
Leave a Reply