ពាក្យលំនាំ៖ សេផានា Introduction to Zephaniah

Zephaniah Intro pdf download

​កាលៈទេសៈ​តាម​ប្រវត្តិសាស្ត្រ​នៅ​សម័យ​សេផានា​និង​ខ្លឹម​សារ​នៃ​ប្រសាសន៍​របស់​សេផានា​ Historical background to Zephaniah and basic message

​ស្តេច​ម៉ាន៉ាសេ​បាន​ដឹកនាំ​ប្រជាជន​យូដា​អោយ​ថ្វាយ​បង្គំ​ព្រះ​បាល​និង​អនុវត្ត​ពិធី​សាសនា​ផ្សេងៗ ដែល​ព្រះ​ស្អប់​ខ្ពើម​ (ចោទិយកថា ១៨:៩-១២)។ ​ស្តេច​ម៉ាន៉ាសេ​បាន​នាំ​យក​រូប​ព្រះ​មក​ក្នុង​ព្រះ​វិហារ ហើយ​ថែម​ទាំង​ថ្វាយ​បុត្រា​របស់​ខ្លួន​ផ្ទាល់​ជា​យញ្ញបូជា​នៅ​លើ​អាសនា​របស់​ព្រះ​ដទៃ​ទៀត​ផង។ ទោះបី​ជា​នៅ​ចុង​ក្រោយ​ស្តេច​ម៉ាន៉ាសេ​ប្រែ​ចិត្ត​ពី​ទង្វើ​របស់​ខ្លួន​ ក៏​បុត្រា​របស់​ទ្រង់​ ឈ្មោះ​អាំម៉ូន គឺ​ជា​អ្នក​ថ្វាយ​បង្គំ​រូប​ព្រះ​ទៅ​ហើយ​ (២របាក្សាត្រ ៣៣)។ ​ ប្រជាជន​យូដា​នាំ​គ្នា​តែងតាំង​យ៉ូសៀស​ជា​បុត្រ​អាំម៉ូន​អោយ​ឡើង​ស្នង​រាជ្យ​ជំនួស​អាំម៉ូន​ (២ពង្សាវតារក្សត្រ​ ២១:២៤)។

ហោរា​សេផានា​បាន​ប្រកាស​ព្រះបន្ទូល​នៅ​ក្នុង​កំឡុង​រាជ្យ​របស់​ស្តេច​យ៉ូសៀស (៦៤០-៦០៩ មុន​គ.ស.)។ ​យើង​គួរ​តែ​ចាប់​អារម្មណ៍​ចំពោះ​ហោរា​សេផានា ពីព្រោះ​ព័ន្ធកិច្ច​របស់​គាត់​បាន​ចាប់​ផ្តើម​ក្នុង​ពេល​ដែល​ស្តេច​យ៉ូសៀស​កំពុង​កំណែទម្រង់​សាសនា​របស់​យូដា។ ​២ពង្សាវតារក្សត្រ​ ២២-២៣ ពិពណ៌នា​អំពី​កំណែទម្រង់​ទាំង​នេះ ដែល​បាន​ចាប់​ផ្តើម​ឡើង​ដោយ​ព្រោះ​ពួកគេ​បាន​រក​ឃើញ​ «​គម្ពីរ​ក្រិត្យ​វិន័យ» នៅក្នុង​ព្រះ​វិហារ។ ដូច្នេះ គួរ​អោយ​ភ្ញាក់​ផ្អើល​ ដែល​ការ​ប្រកាស​ព្រះ​បន្ទូល​របស់​សេផានា​ ដែល​រិះគន់​ដល់​យូដា​យ៉ាង​ខ្លាំង បាន​ចាប់​ផ្តើម​ក្នុង​កំឡុង​រាជ្យ​របស់​ស្តេច​ស្មោះត្រង់​និង​សុចរិត​មួយ​អង្គ។ ​កំណែ​ទម្រង់​មិន​អាច​ធ្វើ​អោយ​មាន​ការ​ផ្លាស់​ប្រែ​ដ៏​ជ្រាល​ជ្រៅ​នៅក្នុង​ប្រជាជន ដែល​ព្រះ​សព្វ​ព្រះ​ទ័យ​ចង់​បាន​នោះ​ទេ​។ ​ប្រជាជន​ត្រូវ​ការ​ការ​ផ្លាស់​ប្រែ​ចិត្ត​ទាំង​ស្រុង​ (៤:៤)។

​ស្ទើរ​តែ​ដូច​ជា​ពួក​ហោរា​ទាំង​អស់​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ហោរា​សេផានា​បាន​ថ្លែង​នូវ​ចំនុច​ចំបង​បី​នៅក្នុង​សារ​របស់​គាត់​គឺ៖

១. រាស្ត្រ​របស់​ព្រះ (​ក្នុង​ករណី​នេះ​ជា​អស់​អ្នក​នៅក្នុង​យូដា) ​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ។

២. ​ដោយ​សារ​ការ​បះបោរ​របស់​រាស្ត្រ​របស់​ទ្រង់​ នោះ​ព្រះ​អម្ចាស់​នឹង​វិនិច្ឆ័យ​ពួកគេ ហើយ​ទ្រង់​នឹង​វិនិច្ឆ័យ​មនុស្ស​លោក​ទាំង​មូល​ផង​ដែរ។​

៣. ​ប៉ុន្តែ ព្រះ​ស្មោះ​ត្រង់​និង​មាន​សេចក្តី​មេត្តាករុណា ហើយ​ទ្រង់​នឹង​ស្ដារ​និង​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់។​

គម្រោង Outline

១. ចំណង​ជើង (១:១)

២. ​ការ​វិនិច្ឆ័យ​នឹង​ធ្លាក់​មក​លើ​យូដា (១:២-៦)

៣. ​ថ្ងៃ​នៃ​ព្រះអម្ចាស់ (១:៧-៣:២០)

ក. ថ្ងៃ​នៃ​យញ្ញបូជា​និង​ទណ្ឌកម្ម (១:៧-៩)

ខ. សេចក្តី​ក្រោធ​ដែល​នឹង​មក​ដល់ (១:១០-១៨)

គ. ​ចូរ​ប្រែ​ចិត្ត (២:១-៣)

ឃ. ​ជាតិសាសន៍​ទាំងអស់​ត្រូវ​បាន​ព្រមាន (២:៤-៣:៨)

ង. ​សេចក្តី​សង្ឃឹម​នា​ពេល​អនាគត (៣:៩-២០)

 របៀប​អាន​កណ្ឌ​សេផានា​ ​How to read Zephaniah

ដើម្បី​យល់​និង​អនុវត្ត​កណ្ឌ​សេផានា​អោយ​បាន​ត្រឹម​ត្រូវ សំខាន់​យើង​ត្រូវ​យល់​កណ្ឌ​នេះ​នៅ​ក្នុង​បរិបទ​ដើម​របស់​វា​នៅក្នុង​ប្រវត្តិសាស្ត្រ​ និង​នៅក្នុង​បរិបទ​នៃ​ព្រះ​គម្ពីរ​ទាំង​មូល។ ដើម្បី​យល់​បែប​នេះ​បាន យើង​ត្រូវ​ឆ្លើយ​នឹង​សំនួរ​ប្រាំ​មួយ​ដូច​ខាង​ក្រោម។

១. តើ​កណ្ឌ​សេផានា​ទាក់​ទង​នឹង​កណ្ឌ​ផ្សេងៗ​ទៀត​ដែល​មាន​ក្នុង​ព្រះគម្ពីរ​មុន​កណ្ឌ​នេះ​យ៉ាង​ដូច​ម្តេច?

២. តើ​គោល​បំណង​របស់​កណ្ឌ​សេផានា​សំរាប់​អ្នក​អាន​ដើម​ដំបូង​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញា​ចាស់​គឺ​ជា​អ្វី?

៣. តើ​កណ្ឌ​សេផានា​ទាក់​ទង​នឹង​កណ្ឌ​ផ្សេងៗ​ទៀត​ដែល​មាន​ក្នុង​ព្រះគម្ពីរ​បន្ទាប់​ពី​កណ្ឌ​នេះ​យ៉ាង​ដូច​ម្តេច?

៤. តើ​កណ្ឌ​នេះ​បង្រៀន​យើង​អ្វី​អំពី​ព្រះ?

៥. តើ​កណ្ឌ​នេះ​បង្រៀន​យើង​អ្វី​អំពី​មនុស្ស?

៦. តើ​កណ្ឌ​នេះ​អនុវត្ត​មក​កាន់​គ្រីស្ទបរិស័ទ​សព្វ​ថ្ងៃ​យ៉ាង​ដូច​ម្តេច?

១. តើ​កណ្ឌ​សេផានា​ទាក់​ទង​នឹង​កណ្ឌ​ផ្សេងៗ​ទៀត​ដែល​មាន​ក្នុង​ព្រះគម្ពីរ​មុន​កណ្ឌ​នេះ​យ៉ាង​ដូច​ម្តេច?

ព្រះ​គម្ពីរ​គឺ​ជា​រឿង​ធំ​មួយ​ ដែល​ពន្យល់​អំពី​ផែនការ​របស់​ព្រះ​ចាប់​តាំង​ពី​ការ​បង្កបង្កើត​ដល់​ការ​បង្ក​បង្កើត​ថ្មី។ ទ្រង់​បាន​បង្កើត​គ្រប់​យ៉ាង​ល្អ​ជា​ដំបូង ដោយ​មាន​អ័ដាម ​និង​អេវ៉ា​នៅក្នុង​សួន​ច្បារ​អេដែន។ ពួកគេ​គឺជា​រាស្ត្រ​របស់​ព្រះ​ នៅក្នុង​ទីកន្លែង​របស់​ព្រះ ក្រោម​ការ​គ្រប់​គ្រង​ និង​ព្រះ​ពរ​របស់​ព្រះ។ នេះ​គឺ​ជា​គោល​ដៅ​របស់​ព្រះ​សំរាប់​ការ​បង្ក​បង្កើត។ ពួក​គេ​មិនបាន​ស្តាប់​បង្គាប់​ ហើយ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សួនច្បារ ដែល​ជា​ទី​បរិសុទ្ធ​របស់​ព្រះ។ កន្លែង​ផ្សេងៗ​ទាំង​អស់​ទៀត​ក្នុង​ព្រះគម្ពីរ​និយាយ​អំពី​ផែនការ​របស់​ព្រះ​ ក្នុង​ការ​សង្គ្រោះ​មនុស្ស​ចេញ​ពី​លទ្ធផល​នៃ​ការ​បះ​បោរ​នេះ ហើយ​ស្ដារ​នគរ​របស់​ទ្រង់​ឡើង​វិញ​ ដែល​ជា​រាស្ត្រ​របស់​ព្រះ នៅក្នុង​ទីកន្លែង​របស់​ព្រះ ក្រោម​ការ​គ្រប់​គ្រង​និង​ព្រះពរ​របស់​ព្រះ។ ដូច្នេះ ព្រះ​បាន​ជ្រើស​រើស​អ័ប្រាហាំ ហើយ​បាន​សន្យា​ថា ទ្រង់​នឹង​ធ្វើ​អោយ​គាត់​ក្លាយ​ជា​ជាតិ​សាសន៍​មួយ​ដ៏​ធំ ហើយ​ពួកគេ​នឹង​ទទួល​បាន​ទឹក​ដី​សន្យា។ តាម​រយៈ​ពូជពង្ស​របស់​អ័ប្រាហាំ ព្រះ​នឹង​ប្រទាន​ពរ​ដល់​លោកិយ (លោកុប្បត្ដិ​ ១២:៣)។ ពួកគេ​ត្រូវ​តែ​ជា​រាស្ត្រ​របស់​ព្រះ នៅក្នុង​ទីកន្លែង​របស់​ព្រះ ក្រោម​ការ​គ្រប់​គ្រង​និង​ព្រះ​ពរ​របស់​ព្រះ។ ​ ទ្រង់​នឹង​គង់​ក្នុង​ចំណោម​ពួកគេ ដូច្នេះ​អ៊ីស្រាអែល​នៅក្នុង​ទឹក​ដី​សន្យា​គឺ​     អេដែន​ថ្មី ដែល​ជា​ទី​បរិសុទ្ធ​ថ្មី (សូម​មើល លោកុប្បត្ដិ​ ១៣:១០)។  ព្រះ​បាន​មាន​បន្ទូល​នៅក្នុង​និក្ខមនំ ១៩:៤-៦ ថា ​ទ្រង់​បាន​ជ្រើស​រើស​អ៊ីស្រាអែល​ធ្វើ​ជា​រាស្ត្រ​ពិសេស​របស់​ទ្រង់ ហើយ​ក្នុង​ចោទិយកថា ៤ ចែង​ថា ​ពួកគេ​ត្រូវ​ធ្វើ​ជា​ពន្លឺ​ដល់​ជាតិសាសន៍​ដទៃ​ទាំង​អស់។ ​ចោទិយកថា ២៨ ប្រកាស​បណ្តាសា​របស់​សម្ព័ន្ធ​មេត្រី​ថា បើសិន​អ៊ីស្រាអែល​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ និង​ធ្វើ​តាម​ការ​ត្រាស់​ហៅ​របស់​ខ្លួន​ទេ នោះ​ព្រះ​នឹង​បញ្ជូន​ពួកគេ​ចេញ​ពី​ទឹក​ដី។  បន្ទាប់​ពី​ស្តេច​សាឡូម៉ូន​មក នគរ​ត្រូវ​បែង​ចែក​ជា​ពីរ​ផ្នែក គឺ​នគរ​ខាង​ជើង​ហៅ​ថា អ៊ីស្រាអែល ហើយ​នគរ​ខាង​ត្បូង​ហៅ​ថា យូដា ដែល​មាន​យេរូសាឡិម​ជា​រាជធានី។ ​ការ​ផ្ដាច់​សម្ព័ន្ធមេត្រី​និង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​នាំ​ទៅ​ដល់​ពេលវេលា ​ដែល​អ៊ីស្រាអែល​ធ្លាក់​ចុះ។​ ទោះ​បី​ជា​មាន​ស្តេច​មួយ​ចំនួន​ដូច​ជា ស្តេច​ហេសេគា និង​យ៉ូសៀស​ ប៉ុន​ប៉ង​កំណែទម្រង់​ក៏ដោយ ក៏​ដំណើរ​ការ​នៃ​ការ​ធ្លាក់​ចុះ​មិន​អាច​ត្រឡប់​ថយ​ក្រោយ​បាន​ឡើយ ​ហើយ​ពួកគេ​ត្រូវ​បញ្ចប់​ដោយ​ការ​វិនាស​នៃ​សញ្ញា​ដែល​មើល​ឃើញ​ទាំង​អស់​នៃ​សម្ព័ន្ធមេត្រី​របស់​អ៊ីស្រាអែល​ជាមួយ​នឹង​ព្រះ​ ដូច​ជា យេរូសាឡិម​ និង​ព្រះ​វិហារ។ ​

ចំនុច​ទាំង​នេះ​មាន​សារៈសំខាន់​ណាស់​ ដើម្បី​យល់​កណ្ឌ​សេផានា។  ហោរា​សេផានា​បាន​ប្រកាស​ថា​អ៊ីស្រាអែល​មិន​បាន​ធ្វើ​តាម​ការ​ត្រាស់​ហៅ​របស់​ខ្លួន ក្នុង​ការ​ធ្វើ​ជា​ជាតិ​សាសន៍​បរិសុទ្ធ និង​ជា​ពន្លឺ​ដល់​ជាតិសាសន៍​ដទៃ​ទាំង​អស់​ទេ​ ហើយ​ព្រះ​ពិត​ជា​នឹង​ដាក់​ការ​ជំនុំជំរះ​លើ​ពួកគេ តាម​ការ​ព្រមាន​នៅ​ក្នុង​ចោទិយកថា​ជំពូក​២៨។ ដូច្នេះ ​ការ​ជំនុំជំរះ​ ដែល​ព្រះ​បាន​ប្រកាស​តាមរយៈ​ហោរា​សេផានា​ ត្រូវ​បាន​ព្រមាន​រួច​ហើយ​នៅក្នុង​កណ្ឌ​ចោទិយកថា។ ​ការ​ព្រមាន​ពី​សម័យ​មុន​ទាំង​នេះ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​ប្រកាស​របស់​ហោរា​សេផានា។  ​

២. តើ​គោល​បំណង​របស់​កណ្ឌ​សេផានា​សម្រាប់​អ្នក​អាន​ដើម​ដំបូង​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញា​ចាស់​គឺ​ជា​អ្វី?

ជាដំបូង ហោរា​សេផានា​បាន​ព្រមាន​យូដា​ថា បើសិន​ពួកគេ​មិន​ប្រែ​ចិត្ត​ទេ នោះ​ពួកគេ​នឹង​ប្រឈម​នឹង​ការ​វិនិច្ឆ័យ​ បន្ទាប់​មក គាត់​បាន​ប្រកាស​ថា ការ​វិនិច្ឆ័យ​របស់​ព្រះ​នឹង​មក​ជា​ពិត។ ​ខ្លា​ដែល​ពិពណ៌នា​អំពី​ការ​ជំនុំជំរះ​នេះ​គឺ «ថ្ងៃ​ដ៏​ឧត្ដុង្គឧត្ដម​របស់​ព្រះអម្ចាស់» (និង «ថ្ងៃ​នោះ» ដែល​សំដៅ​ទៅ​លើ​ថ្ងៃ​របស់​ព្រះអម្ចាស់​ (១:៧-១០, ១៤-១៨; ២:២-៣; ៣:៥, ៨, ១១, ១៦)។  ​គាត់​ក៏​បាន​ប្រាប់​ផង​ដែរ​ថា អនាគត​គេ​នឹង​ពោរ​ពេញ​ដោយ​សេចក្ដី​សង្ឃឹម ​ពីព្រោះ​ព្រះយេហូវ៉ា​ជា​ព្រះ​របស់​គេ ទ្រង់​គង់​ជា​មួយ​គេ​ហើយ​នឹង​សង្គ្រោះ​ពួក​គេ (៣:១៧)។

៣. តើ​កណ្ឌ​សេផានា​ទាក់​ទង​នឹង​កណ្ឌ​ផ្សេងៗ​ទៀត ​ដែល​មាន​ក្នុង​ព្រះគម្ពីរ​បន្ទាប់​ពី​កណ្ឌ​នេះ​យ៉ាង​ដូច​ម្តេច?

​មាន​របៀប​ជា​ច្រើន​ ដែល​កណ្ឌ​សេផានា​ទាក់​ទំនង​នឹង​កណ្ឌ​ផ្សេងៗ ដែល​មាន​បន្ទាប់​ពី​វា។  នៅពេល​ពួក​ហោរា​ទាយ​អំពី​ការ​ស្ដារ​អ៊ីស្រាអែល​និង​យូដា​ឡើង​វិញ​ នៅក្នុង​របៀប​ផ្សេងៗ ពួក​ហោរា​ ដែល​សរសេរ​កណ្ឌគម្ពីរ បាន​ប្រកាស​អំពី​សេចក្តី​សង្ឃឹម​អំពី​អ្វី​ដែល​ព្រះ​នឹង​ធ្វើ​នៅក្នុង​អនាគត ដោយ​ប្រើ​រូបភាព​ចេញ​ពី​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​នៅក្នុង​អតីតកាល។ ការ​បង្កើត​ជាថ្មី​គឺ​ជា​ព្រឹត្តិការណ៍​នៅក្នុង​ពេល​អនាគត ដែល​ហោរា​មួយ​ចំនួន​និយាយ​ថា នឹង​កើត​ឡើង​នៅ «ថ្ងៃ​នៃ​ព្រះ​អម្ចាស់»។ ​ ពួក​ហោរា​មើល​ឃើញថា ​សេចក្តី​សង្គ្រោះ​នា​ពេល​អនាគត​ខុសគ្នា​នឹង​ការ​ស្ដារ​ឡើង​វិញ​នៅ​អតីតកាល ​ពីព្រោះ​ការ​បង្កើត​ជាថ្មី​ ដែល​នឹង​មក​ដល់​នេះ មាន​ភាព​ឥតខ្ចោះ ​ពេញ​ដោយ​សិរីល្អ ហើយនិង​ស្ថិត​ស្ថេរ​អស់កល្បជានិច្ច។​

ពិត​ណាស់​ថា ការ​បង្កើត​ជាថ្មី​នៅ​ពេល​ចុង​ក្រោយ​នេះ​មិន​បាន​កើត​ឡើង​នៅក្នុង​សម័យ​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ទេ។ ​ការ​ស្ដារ​ឡើង​វិញ​នេះ​បាន​មក​ដល់​ នៅពេល​ព្រះយេស៊ូវ​បាន​យាង​មក​ក្នុង​ស្រុក​កាលីឡេ ហើយ​ប្រកាស​ដំណឹងល្អ​ ដោយ​មាន​បន្ទូល​ថា «ពេលវេលា​បាន​សំរេច​ហើយ នគរ​ព្រះ​ជិត​មក​ដល់ ដូច្នេះ​ ចូរ​ប្រែចិត្ត​ហើយ​ជឿ​ដំណឹងល្អ​ចុះ» (ម៉ាកុស ១:១៤-១៥)។ ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ចាប់​យក​ផ្ទៃ​រឿង​ដ៏​អស្ចារ្យ​ផ្សេងៗ​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ហើយ​យល់​ថា ​ផ្ទៃ​រឿង​ទាំង​នោះ​ត្រូវ​បាន​បំពេញ​សំរេច​នៅក្នុង​ព្រះ​យេស៊ូវ។​

​ផ្ទៃ​រឿង​មួយ​ទៀត​ ដែល​ទាក់​ទង​នឹង​អ្វី ដែល​មក​តាម​ក្រោយ​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​និង​សញ្ញា​ថ្មី​គឺ                         «សំណល់​សល់» (៣:១៣) ។ ទីមួយ​ អស់​អ្នក​ណា ដែល​ជា​អ្នក​ជ្រើស​រើស​របស់​ព្រះ​ចេញ​ពី​ក្នុង​ចំណោម​អ៊ីស្រាអែល​ក្នុង​កំឡុង​និង​បន្ទាប់​ពី​ការ​និរទេស ត្រូវ​បាន​ហៅ​ថា «សំណល់​សល់» របស់​ទ្រង់។ ​ព្រះគម្ពីរ​សញ្ញា​ថ្មី​បង្រៀន​ថា «សំណល់​សល់​» គឺ​ជា​អស់​អ្នក​ណា​ ដែល​នៅក្នុង​ព្រះ​គ្រីស្ទ ទោះ​ជា​សាសន៍​យូដា ឬ​ពួក​សាសន៍​ដទៃ​ (រ៉ូម ១១:៥)។

៤. តើ​កណ្ឌ​សេផានា​បង្រៀន​យើង​អ្វីខ្លះ​អំពី​ព្រះ?

​តាម​ការ​រៀប​រាប់​ខាង​លើ​នេះ​ យើង​មើល​ឃើញ​ថា កណ្ឌ​សេផានា​បង្រៀន​ថា

  • ទ្រង់​បរិសុទ្ធ និង​ទត​ឃើញ​គ្រប់​ទាំង​អស់ ហើយ​ដាក់​ទណ្ឌកម្ម​ចំពោះ​អំពើ​បាប។
  • ព្រះ​ស្អប់​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​និង​ព្រះ​ក្លែង​ក្លាយ​ (១:៤-៥,៩; ២:១១)។
  • ព្រះ​ព្រមាន​រាស្រ្ត​របស់​ព្រះ។
  • ព្រះអង្គ​គ្រប់​គ្រង​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​ជាតិ​ដោយ​ព្រះ​បន្ទូល​របស់​ទ្រង់។ ​តាម​ប្រវត្តិសាស្ត្រ​ព្រះ​បាន​បំពេញ​សំរេច​ការ​ព្រមាន ដែល​ទ្រង់​បាន​ប្រកាស​តាម​រយៈ​ហោរា​សេផានា។
  • ទ្រង់​មាន​បន្ទូល​មកកាន់​រាស្ត្រ​របស់​ទ្រង់ ហើយ​ពន្យល់​អំពី​ផែនការ​របស់​ទ្រង់​សំរាប់​លោកិយ។
  • ដោយ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ ព្រះ​បាន​បញ្ជូន​ពួក​ហោរា​របស់​ទ្រង់​មក​ឯ​រាស្ត្រ​របស់​ទ្រង់ ដើម្បី​ប្រាប់​ពួកគេ​អោយ​ប្រែចិត្ត។ ដូច​គ្នា​ផង​ដែរ សព្វថ្ងៃ​នេះ​ ដោយ​សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់ ព្រះ​បញ្ជូន​គ្រីស្ទ​បរិស័ទ​ទៅ​ក្នុង​លោកិយ​ ដើម្បី​ប្រកាស​ដំណឹងល្អ​អោយ​មនុស្ស​បាន​ជឿ​លើ​ព្រះយេស៊ូវ និង​ងាក​បែរ​មក​រក​ទ្រង់​វិញ។
  • ព្រះ​ទ្រង់​ប្រច័ណ្ឌ (១:១៨)។
  • ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​នឹង​សេចក្ដី​យុត្តិធម៌ (៣:១-៥)។
  • ទ្រង់​ជំនុំជំរះ​រាស្រ្ត​របស់​ព្រះ​ (៣:៩)។
  • ព្រះជាម្ចាស់​ប្រឆាំង​នឹង​មនុស្ស​មាន​អំនួត (៣:១១-១២)។
  • ព្រះ​ទ្រង់​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់​ ហើយ​ព្រះអង្គ​មាន​អំណរ​សប្បាយ​ជា​ខ្លាំង​ព្រោះ​តែ​រាស្រ្ត​របស់​ព្រះ​ (៣:១៧)។
  • ទ្រង់​គង់​នៅ​ជាមួយ​រាស្ត្រ​របស់​ទ្រង់ (៣:១៧)។
  • ទ្រង់​ធ្វើអោយ​រាស្រ្ត​របស់​ព្រះ​មាន​កេរ្តិ៍ឈ្មោះ​ល្បី និង​មាន​កិត្តិយស​ក្នុង​ចំណោម​ជាតិសាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី។
  • មនុស្ស​បះ​បោរ​ប្រឆាំង​នឹង​ព្រះ ហើយ​សម​នឹង​ទទួល​ទណ្ឌកម្ម​ពី​ទ្រង់។
  • មនុស្ស​ចូល​ចិត្ត​ថ្វាយ​បង្គំ​រូប​ព្រះ​និង​ព្រះ​ក្លែង​ក្លាយ។
  • ​នៅពេល​មនុស្ស​ភ្លេច​ព្រះ​ហើយ​តាម​រូប​ព្រះ​ នោះ​សីលធម៌​របស់​ពួកគេ​ធ្លាក់​ចុះ។

៥. តើ​កណ្ឌ​នេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​មនុស្ស?

៦. តើ​កណ្ឌ​នេះ​អនុវត្ត​មកកាន់​គ្រីស្ទបរិស័ទ​សព្វ​ថ្ងៃ​យ៉ាង​ដូចម្តេច?

កណ្ឌ​អេសាយ​ទាក់​ទង​នឹង​ជីវិត​របស់​យើង​នៅ​សព្វថ្ងៃ​នេះ​នៅ​ក្នុង​របៀប​ជាច្រើន។

១. ជា​ដំបូង យើង​ត្រូវ​តែ​មើល​ឃើញ​ថា​កណ្ឌ​សេផានា​ទាក់​ទង​នឹង​ជីវិត​របស់​យើង​តាមរយៈ​ព្រះ​យេស៊ូវ។​ គ្រប់​ទំនាយ​និង​សេចក្តី​សន្យា​ទាំងអស់​អំពី​ព្រះ​យេស៊ូវ​ ដែល​បាន​លើក​ឡើង​នៅ​ចំណង​ជើង​ទី​៣​ខាង​លើ បង្ហាញ​អំពី​របៀប​ដែល​កណ្ឌ​សេផានា​មាន​ការ​អនុវត្ត​ចំពោះ​យើង។ ​

២. ​ប៉ុន្តែ​សេចក្តី​សន្យា​អំពី​ការ​វិនិច្ឆ័យ​បាន​រៀប​ចំ​យើង​សំរាប់​ព្រះ​បន្ទូល​អំពី​ព្រះគុណ (៣:៩-២០) ​ដែល​ហោរា​សេផានា​ដាស់តឿន​យូដា​អោយ​ច្រៀង​ ពីព្រោះ​ព្រះ​បាន​ដក​យក​ការ​វិនិច្ឆ័យ​របស់​យូដា​ចេញ​ហើយ។ សំរាប់​យើង​នៅ​សព្វ​ថ្ងៃ​នេះ ​យើង​ទទួល​បាន​សេចក្តី​អត់​ទោស​នេះ​តាមរយៈ​ព្រះ​យេស៊ូវ​យ៉ាង​ជាក់​ច្បាស់។​

៣. ​យើង​បាន​មើល​ឃើញ​ថា ផ្ទៃរឿង​ចំបង​មួយ​នៅក្នុង​កណ្ឌ​សេផានា​គឺ​ ថ្ងៃ​នៃ​ព្រះ​អម្ចាស់។ ​ថ្ងៃ​នៃ​ព្រះអម្ចាស់​ក្លាយ​ជា​ថ្ងៃ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី (រ៉ូម​ ២:១៦; ១កូរិនថូស​ ១:៨; ភីលីព​ ១:៦,១០; ២:១៦) ​ជា​ថ្ងៃ​ ដែល​ព្រះគ្រីស្ទ​នឹង​យាង​ត្រឡប់​មក​វិញ​ ដើម្បី​វិនិច្ឆ័យ​លោកិយ​ទាំង​មូល។ អស់​អ្នក​ណា​ ដែល​ទុក​ចិត្ត​លើ​ទ្រង់​ ​ត្រូវ​បាន​អត់​ទោស​អោយ​រួច​ហើយ​ តាមរយៈ​ព្រះ​យេស៊ូវ​បាន​ទទួល​យក​ទណ្ឌកម្ម​របស់​យើង​នៅ​លើ​ឈើ​ឆ្កាង។

៤. ការ​ដាស់តឿន​របស់​ហោរា​សេផានា​ចំពោះ​យូដា​ក៏​ទាក់​ទង​នឹង​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ផង​ដែរ។​ គាត់​ដាស់​តឿន​យើង​អោយ​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប​និង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​របស់​យើង ពីព្រោះ​ព្រះ​ទ្រង់​បរិសុទ្ធ​និង​មាន​សេចក្តី​ប្រច័ណ្ឌ។ ​ហើយ​យើង​ក៏​មាន​អំណរ ដោយ​បង្ហូរ​ការ​សរសើរ​តម្កើង​របស់​យើង​ចំពោះ​ទ្រង់​ផង​ដែរ ពីព្រោះ​ព្រះ ដែល​វិនិច្ឆ័យ​ ទ្រង់​ក៏​នឹង​ប្រោស​លោះ​យើង​តាមរយៈ​ព្រះ​យេស៊ូវ​ផង​ដែរ។

៥. ហោរា​សេផានា​បង្ហាញ​ត្រួសៗ​ថា ​ពួក​អ្នកដឹកនាំ​ត្រូវ​ទទួល​ខុសត្រូវ​និង​មាន​ជីវិត​បរិសុទ្ធ ហើយ​គាត់​ព្រមាន​អំពី​អំពើ​ពុក​រលួយ​នៅក្នុង​រាស្ត្រ​របស់​ព្រះ​អាច​រាល​ដាល​ (៣:៣-៤)។

Leave a Reply

Your email address will not be published. Required fields are marked *

*

Top