Ac.20.22-25 Elders 2 pdf download
កិច្ចការ ២០:២២–២៥
The following is an abridged translation of a sermon by John Piper. If you wish to read the original English, go to
http://www.desiringgod.org/sermons/faithfulness-is-better-than-life
សាវកប៉ុលបានចំណាយរយៈពេលបី ឆ្នាំនៅក្នុងក្រុងអេភេសូរ បង្រៀននិងស្អាងពួកជំនុំ ហើយផ្សាយដំណឹងល្អប្រកបដោយភាពជោគជ័យ រហូតដល់មនុស្សនៅជុំវិញស្រុកអាស៊ីបានស្តាប់លឺព្រះបន្ទូលព្រះ (កិច្ចការ ១៩:១០)។ គាត់បានចាកចេញ និងបានចំណាយពេលនៅក្នុងក្រុងកូរិនថូសនៅក្នុងរដូវរងា ហើយឥឡូវនេះគាត់កំពុងប្រញាប់ធ្វើដំណើរទៅកាន់ក្រុងយេរូសាឡិម អោយទាន់ពេលថ្ងៃបុណ្យទី៥០នៅក្នុងឆ្នាំ៥៦គ.ស។ ទូករបស់គាត់ចូលចតនៅមីលេត ចំងាយ៣២គីឡូម៉ែត្រពីខាងត្បូងក្រុងអេភេសូរ ហើយគាត់ អោយគេទៅហៅពួកចាស់ទុំក្នុងពួកជំនុំអោយមក (២០:១៧)។ ហើយនៅក្នុង ២០:១៨-៣៥ គាត់ផ្តាំពាក្យចុងក្រោយដល់ពួកគេ ហើយប្រាប់ថា ពួកគេនឹងមិនឃើញមុខគាត់ទៀតឡើយ។
ដូច្នេះ អ្វីដែលយើងមាននៅទីនេះគឺជាពាក្យសំដីចុងក្រោយរបស់សាវកប៉ុលទៅកាន់ពួកជំនុំមួយ ជាកន្លែងដែលលោកប៉ុលប្រហែលជាបម្រើព្រះគ្រីស្ទយូរជាងគេ។ ពាក្យសំដីនេះគឺជាអ្វី ដែលគាត់ចង់អោយពួកចាស់ទុំលឺជាងគេបង្អស់។ គាត់បានជ្រើសរើសមិននិយាយទៅកាន់ពួកជំនុំទាំងមូលទេ ពីព្រោះគាត់មិនមានពេលគ្រប់គ្រាន់ (២០:១៦) ប៉ុន្តែគាត់មិនអាចធ្វើដំណើរឆ្លងកាត់ដោយមិននិយាយទៅកាន់ពួកចាស់ទុំឡើយ។ នេះបង្ហាញថា លោកប៉ុលគិតថាចាស់ទុំគឺជាមនុស្សសំខាន់ណាស់។ ហើយសេចក្តីពិតដែលថា លោកលូកាផ្អាកនៅក្នុងរឿងរបស់គាត់ ដើម្បីផ្តល់អោយយើងនូវសារនេះបង្ហាញថា សារនេះក៏សំខាន់សំរាប់យើងបាន ស្តាប់ លឺផងដែរ។
បើសិនអ្នកគឺជាចាស់ទុំម្នាក់ ឬមានបំណងចង់ធ្វើជាចាស់ទុំម្នាក់ ចូរស្តាប់ដោយអស់ពីចិត្ត ហើយដាក់ការទាំងនេះនៅក្នុងជីវិតអ្នក។ បើសិនអ្នកមិនមែនជាចាស់ទុំ នោះចូរធ្វើការពីរ គឺរៀនការទាំងនេះ ដើម្បីអ្នកអាចអធិស្ឋានអោយពួកចាស់ទុំរបស់អ្នកមានការទាំងនេះ ហើយយកការទាំងនេះអនុវត្តមកកាន់ខ្លួនអ្នក ហើយត្រាប់តាមអស់អ្នកណា ដែលចូលមកធ្វើតាមសេចក្តីបង្រៀនរបស់សាវកប៉ុលនៅទីនេះ (ហេព្រើរ ១៣:៧)។
ការប្ដេជ្ញាចិត្តរបស់សាវកប៉ុលគឺជាគំរូមួយ
ពេលមុននេះ យើងបានមើលលើខ.១៨-២១ ប៉ុន្តែថ្ងៃនេះយើងនឹងមើលលើខ.២២-២៥។ ភាពខុសគ្នាមួយរវាងអត្ថបទទាំងពីរគឺថា នៅក្នុងខ.១៨-២១ សាវកប៉ុលបានសំឡឹងមើលត្រឡប់ទៅក្រោយ ហើយនៅក្នុងខ.២២-២៥ គាត់កំពុងសំឡឹងមើលទៅមុខ។ គាត់ចាត់ទុកការប្ដេជ្ញាចិត្តគាត់(ទាំងក្នុងអតីតកាលនិងក្នុងពេលអនាគត)ជាគំរូមួយសំរាប់ពួកគេដើរតាម។
ដូចជាគាត់បាននិយាយថា «អ្នកមើលឃើញជីវិតខ្ញុំកាលពីបីបួនឆ្នាំ ដែលយើងបានធ្វើការជាមួយគ្នាហើយ។ ឥឡូវនេះទុកអោយខ្ញុំបង្ហាញអ្នកថា ខ្ញុំយ៉ាងណានៅសព្វថ្ងៃនេះ នៅពេលខ្ញុំប្រឈមនឹងអនាគត ហើយអ្វីដែលសំខាន់សំរាប់ខ្ញុំនៅប៉ុន្មានឆ្នាំខាងមុខ»។
សាវកប៉ុលមិនកំពុងនិយាយឥតចុងឥតដើមអំពីខ្លួនគាត់ដោយឥតមានគោលបំណងឡើយ។ គាត់កំពុងស្អាងចិត្ត ជីវិត និងការប្ដេជ្ញារបស់គាត់នៅក្នុងពួកចាស់ទុំ។ ហើយការនេះក៏សំខាន់ដូចជាសេចក្តីបង្រៀនរបស់គាត់ផងដែរ។
ដូច្នេះ នៅក្នុងខ.២២-២៥ សាវកប៉ុលនិយាយអំពីអនាគតគាត់ ហើយអ្វីដែលគាត់ជ្រើសរើសនិយាយគឺជាការជំរុញចិត្តដ៏ខ្លាំងដល់ពួកចាស់ទុំក្នុងពួកជំនុំ។ ក្នុងនាមជាចាស់ទុំម្នាក់នៅក្នុងពួកជំនុំនេះ ខ្ញុំអាចនិយាយថាទីបន្ទាល់របស់សាវកប៉ុលនេះធ្វើអោយខ្ញុំចង់លក់ទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំ ហើយដើរតាមព្រះយេស៊ូវ។ គ្រប់ពេលខ្ញុំត្រឡប់មកឯពាក្យសំដីសំខាន់ៗរបស់សាវកប៉ុល វាធ្វើអោយខ្ញុំចង់បោះបង់ចោលគ្រប់យ៉ាង ដើម្បីអោយខ្ញុំអាចដើរតាមនិងបំរើព្រះគ្រីស្ទដោយស្មោះត្រង់!
ខ្ញុំបានព្យាយាមសង្ខេបព្រះរាជសារនៅក្នុងខទាំងបួនដោយពាក្យថា សេចក្តីស្មោះត្រង់ប្រសើរជាងជីវិត។ ខ្ញុំសង្ឃឹមថា អ្នកនឹងយល់ស្របថា នេះគឺជាការសង្ខេបត្រឹមត្រូវនៃខ.២៤ ដែលនិយាយថា «ប៉ុន្តែ នោះមិនអំពល់អ្វីដល់ខ្ញុំទេ ខ្ញុំក៏មិនរាប់ជីវិតនេះ ទុកជារបស់វិសេសដល់ខ្ញុំដែរ ឲ្យតែខ្ញុំបានបង្ហើយការរត់ប្រណាំងរបស់ខ្ញុំ ដោយអំណរចុះ ព្រមទាំងការងារ ដែលខ្ញុំបានទទួលអំពីព្រះអម្ចាស់យេស៊ូវ…»។ សេចក្តីស្មោះត្រង់ចំពោះការត្រាស់ហៅរបស់ខ្ញុំសំខាន់ខ្លាំងជាងជីវិតរបស់ខ្ញុំទៅទៀត!
សំនួរពីរអំពីសាររបស់សាវកប៉ុល
ដូច្នេះ ខ្ញុំចង់ឆ្លើយនឹងសំនួរពីរនេះដោយប្រើខទាំងនេះជាមូលដ្ឋានគ្រឹះសំរាប់ចម្លើយ៖
១. តើពាក្យថា សេចក្តីស្មោះត្រង់ប្រសើរជាងជីវិតមានន័យយ៉ាងដូចម្តេច?
២. ហេតុអ្វីសេចក្តីស្មោះត្រង់ប្រសើរជាងជីវិត?
នៅក្នុងខទាំងនេះគឺជាសាររបស់សាវកប៉ុលទៅកាន់ពួកចាស់ទុំក្នុងពួកជំនុំក្រុងអេភេសូរនិងមកកាន់យើងនៅសព្វថ្ងៃនេះផងដែរ សារនោះគឺថា៖ សេចក្តីស្មោះត្រង់ប្រសើរជាងជីវិត។ គ្រីស្ទបរិស័ទគ្រប់គ្នា (ជាពិសេស ពួកចាស់ទុំ) គួរតែចាត់ទុកសេចក្តីស្មោះត្រង់ចំពោះការត្រាស់ហៅរបស់ព្រះគ្រីស្ទប្រសើរជាងសេចក្តីសុខសាន្តក្នុងជីវិត ហើយប្រសើរជាងការមានជីវិតនៅរស់ផងដែរ។
១. តើវាមានន័យយ៉ាងដូចម្តេច?
តើពាក្យថា សេចក្តីស្មោះត្រង់ប្រសើរជាងជីវិត មានន័យដូចម្តេច?
១.១. ត្រូវព្រះវិញ្ញាណទាក់ទាញអោយតាមបំណងព្រះហឫទ័យរបស់ព្រះ
ខ.២២ «ឥឡូវនេះ ព្រះវិញ្ញាណបានទាក់ទាញចិត្តខ្ញុំអោយធ្វើដំណើរទៅក្រុងយេរូសាឡឹម » តើពាក្យ «ព្រះវិញ្ញាណបានទាក់ទាញចិត្តខ្ញុំ» មានន័យយ៉ាងម៉េច?
យើងមិនអាចដឹងជឿជាក់ថា ពាក្យ «វិញ្ញាណ» នេះជាវិញ្ញាណរបស់សាវកប៉ុល (ដូចក្នុងព្រះគម្ពីរភាសាខ្មែរបកប្រែចាស់) ឬជាវិញ្ញាណរបស់ព្រះ (ដូចក្នុងព្រះគម្ពីរភាសាខ្មែរបកប្រែថ្មី) ទេ។ អ្នកត្រូវតែសំរេចចិត្តដោយផ្អែកលើបរិបទ។ ខ្ញុំគិតថា ពាក្យនេះសំដៅទៅលើវិញ្ញាណរបស់ព្រះ។
ប៉ុន្តែ ការបកប្រែទាំងពីរនេះមិនសូវខុសគ្នាទេ ពីព្រោះបើសិនអ្នកសួរថា តើអ្នកណាទាក់ទាញវិញ្ញាណរបស់សាវកប៉ុល? ឬតើអ្នកណាកំពុងបង្គាប់គាត់នៅក្នុងផ្លូវនេះ? នោះចំលើយពិតជា វិញ្ញាណរបស់ព្រះ។ ដូច្នេះ សាវកប៉ុលគឺជាមនុស្សម្នាក់នៅក្រោមចិត្តជឿជាក់និងការបង្គាប់ គឺវិញ្ញាណរបស់គាត់ត្រូវទាក់ទាញជាប់ដោយវិញ្ញាណរបស់ព្រះអោយធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ។
ដូច្នេះហើយ នេះគឺជាចំណុចដំបូង៖ ការជឿថា សេចក្តីស្មោះត្រង់ប្រសើរជាងជីវិត មានន័យថា ព្រះវិញ្ញាណទាក់ទាញយើងអោយធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ។ វិញ្ញាណរបស់ព្រះចាប់ជាប់វិញ្ញាណរបស់អ្នកហើយគ្រប់គ្រងលើអ្នក ដូច្នេះបំណងព្រះហឫទ័យរបស់ព្រះគឺជាភាពឆេះឆួលរបស់អ្នក។
១.២. ស្កប់ចិត្តក្នុងការមិនដឹងលំអិតពីអនាគត
ទីពីរ សេចក្តីស្មោះត្រង់ប្រសើរជាងជីវិត មានន័យថា អ្នកស្កប់ចិត្តដែលមិនដឹងសេចក្តីលំអិតអំពីអ្វី ដែលនឹងកើតឡើង។
ខ.២២ «ឥឡូវនេះ ព្រះវិញ្ញាណបានទាក់ទាញចិត្តខ្ញុំអោយធ្វើដំណើរទៅក្រុងយេរូសាឡឹម ហើយខ្ញុំមិនដឹងថា នឹងមានហេតុការណ៍អ្វីកើតមានដល់ខ្ញុំ នៅក្រុងនោះឡើយ…»។ មូលហេតុដែលសាវកប៉ុលនិយាយសេចក្តីនេះគឺដើម្បីបង្ហាញយើងថា បើ «សេចក្តីស្មោះត្រង់ប្រសើរជាងជីវិត» នោះអ្នកមិនចាំបាច់ដឹងអំពីសេចក្តីលំអិតពីអនាគតឡើយ។
នេះគឺជាការដោះលែងអោយមានសេរីភាពយ៉ាងខ្លាំង ។ បើសិនអ្នកជាមនុស្សទុទ្ទិដ្ឋិនិយមម្នាក់ នោះអ្នក ប្រហែលជាគិតអំពីរឿងអាក្រក់ជាច្រើន ដែលអាចមានកើតឡើងនៅអនាគត ហើយគំនិតទាំងនោះធ្វើអោយអ្នកមានកង្វល់ និងសេចក្តីវេទនា។ «ខ្ញុំប្រហែលជាមិនអាចឃាត់ប្តីប្រពន្ធរបស់ខ្ញុំមិនអោយចាកចេញទៅបានទេ។ ខ្ញុំប្រហែលជាមិនអាចជួយកូនរបស់ខ្ញុំអោយចេញពីបញ្ហាបានទេ។ ខ្ញុំប្រហែលជាមិនអាចរក្សាការងាររបស់ខ្ញុំបានទេ។ ខ្ញុំប្រហែលជាមិនអាចនាំឪពុករបស់ខ្ញុំអោយជឿព្រះគ្រីស្ទបានទេ។» ប៉ុន្តែអត្ថបទនេះមានន័យថា អ្នកមិនចាំបាច់ត្រូវដោះស្រាយបញ្ហាទាំងអស់ដែលនឹងកើតឡើងនៅអនាគតទេ ប៉ុន្តែអ្វីដែលព្រះតម្រូវអោយអ្នកធ្វើនៅអនាគតគឺថា អ្នកស្មោះត្រង់ចំពោះទ្រង់។ នេះគឺជាការដោះលែងខ្លួនយ៉ាងខ្លាំង ហើយវានាំយើងទៅដល់ចំនុចទីបី៖
១.៣. មិនបោះបង់ព្រះគ្រីស្ទចោលនៅក្នុងសេចក្តីវេទនា
សេចក្តីស្មោះត្រង់ប្រសើរជាងជីវិត មានន័យថា អ្នកមិនបោះបង់ព្រះគ្រីស្ទចោល នៅពេលភាពស្មោះត្រង់របស់យើងនាំអោយយើងមានសេចក្តីវេទនាឡើយ។
នៅក្នុងខ.២៣ សាវកប៉ុលនិយាយថា មានសេចក្តីមួយ ដែលគាត់ដឹងអំពីអនាគតគឺ «…ព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់ដល់ខ្ញុំ នៅគ្រប់ទីក្រុងថា មានចំណង និងសេចក្តីវេទនា នៅរង់ចាំខ្ញុំ»។
បើសិនអ្នកអាចនិយាយដោយស្មោះត្រង់ជាមួយសាវកប៉ុលថា «សេចក្តីស្មោះត្រង់ប្រសើរជាងជីវិត» នោះមានន័យថា អ្នកអាចស្កប់ចិត្តចំពោះការដឹងប្រាកដជាក់ថា ក្នុងពេលអនាគតនឹងមានការឈឺចាប់ដោយសារយើងតាមព្រះគ្រីស្ទ។ ព្រះវិញ្ញាណបរិសុទ្ធប្រាប់សាវកប៉ុលថា មានចំណងនិងសេចក្តីវេទនានៅរង់ចាំគាត់នៅក្នុងទីក្រុងទាំងអស់។
ហេតុអ្វីសាវកប៉ុលប្រាប់ពួកចាស់ទុំពួកជំនុំអេភេសូរទាំងអស់អំពីសេចក្តីនេះ? ដើម្បីបង្រៀនពួកគេថា រឿងអាក្រក់ទាំងអស់នោះមិនមែនជាបញ្ហាទេ។ ទោះជាយ៉ាងណាក៏ដោយ គាត់នឹងឆ្ពោះទៅមុខ។ ហើយនេះជាអ្វី ដែលពួកចាស់ទុំក្នុងពួកជំនុំរបស់យើងគួរតែធ្វើផងដែរ។ នឹងមានទុក្ខលំបាក ការឈឺចាប់ បញ្ហា និងសេចក្តី វេទនា។ សាវកប៉ុលបាននិយាយទៅកាន់ពួកជំនុំទាំងអស់នៅក្នុងកិច្ចការ ១៤:២២ថា «ត្រូវតែទ្រាំរងទុក្ខវេទនាជាច្រើន ទើបនឹងចូលទៅក្នុងនគរព្រះបាន» (សូមមើល២ធីម៉ូថេ ៣:៣-១២ ផងដែរ)។ ទុក្ខវេទនាទាំងនេះនឹងល្បងលយើងអោយដឹងថា យើងជឿថាសេចក្តីស្មោះត្រង់ប្រសើរជាងជីវិតឬយ៉ាងណា។
១.៤. មានសេចក្ដីប្រាថ្នាផ្ទុយនឹងសេចក្ដីប្រាថ្នានៃវប្បធម៌របស់យើង
ដូច្នេះ ចំលើយចុងក្រោយនៅក្នុងខនេះចំពោះសំនួរដែលថា តើពាក្យថា សេចក្តីស្មោះត្រង់ប្រសើរជាងជីវិត មានន័យយ៉ាងដូចម្តេច? គឺដូច្នេះ៖ វាមានន័យថា អ្នកទាស់ប្រឆាំងនឹងសេចក្ដីប្រាថ្នានៃវប្បធម៌របស់មនុស្ស (ទោះជាវប្បធម៌អាមេរិក ឬវប្បធម៌ខ្មែរ)។
ខ.២២ «ឥឡូវនេះ មើល ខ្ញុំមានសេចក្តីបណ្តាលក្នុងចិត្តចង់ទៅឯក្រុងយេរូសាឡិម»។ មិនថាមានរឿងអ្វីកើតឡើងឡើយ! មិនខ្វល់ថាមានឥទ្ធិពលអ្វីមកលើសុវត្ថិភាពរបស់ខ្ញុំនិងជីវភាពរស់នៅឡើយ។
សេចក្តីស្មោះត្រង់ប្រសើរជាងជីវិត! ប្រសើរជាងជីវិតទំនេរនៅក្នុងការចូលនិវត្តន៍ ប្រសើរជាជីវិតទំនេរនៅក្នុង វ័យកណ្តាល ហើយប្រសើរជាងជីវិតទំនេរនៅក្នុងយុវវ័យផងដែរ។ ហេតុអ្វី?
២. ហេតុអ្វីវាប្រសើរជាងជីវិត?
ហេតុអ្វីសេចក្តីស្មោះត្រង់ប្រសើរជាងជីវិត? នេះគឺជាសំនួរទីពីររបស់យើង។
យ៉ាងហោចណាស់មានចំលើយពីរនៅក្នុងខ.២៤និង២៥។
២.១. ការបង្ហើយការរត់ប្រណាំង
ទីមួយ «សេចក្តីស្មោះត្រង់ប្រសើរជាងជីវិត» ពីព្រោះសេចក្តីស្មោះត្រង់មានន័យថាជា ការរត់ប្រណាំងដល់ទីដៅ ហើយអ្នករត់ប្រណាំងដល់ទីដៅនោះនឹងទទួលបានមកុដ។
សាវកប៉ុលនិយាយនៅក្នុងខ.២៤ថា «ខ្ញុំក៏មិនរាប់ជីវិតនេះ ទុកជារបស់វិសេសដល់ខ្ញុំដែរ តែខ្ញុំបានបង្ហើយការរត់ប្រណាំងរបស់ខ្ញុំ»។ សាវកប៉ុលចង់បង្ហើយការរត់ប្រណាំងរបស់គាត់ដោយមិនគេចពីការតប់ប្រមល់ ឬការខកចិត្ត ឬការឈឺចាប់។
មានកន្លែងមួយទៀតនៅក្នុងព្រះគម្ពីរ ដែលពាក្យនេះ គឺនៅក្នុងសំបុត្រទីពីររបស់សាវកប៉ុលទៅកាន់ធីម៉ូថេ (៤:៧-៨)។ នៅចុងបញ្ចប់នៃជីវិតរបស់គាត់ ប្រហែលជាប្រាំមួយ ឬប្រាំបីឆ្នាំបន្ទាប់ពីការជួបជាមួយពួកចាស់ទុំពួកជំនុំអេភេសូរ គាត់សរសេរថា «ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានរត់ប្រណាំងជាស្រេច [ឃ្លាដូចគ្នា] ខ្ញុំបានរក្សាសេចក្តីជំនឿទៅហើយ ពីនេះទៅមុខ នឹងមានមកុដនៃសេចក្តីសុចរិត បំរុងទុកឲ្យខ្ញុំ ដែលព្រះអម្ចាស់ដ៏ជាចៅក្រមសុចរិត ទ្រង់នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ មិនមែនដល់ខ្ញុំតែម្នាក់ប៉ុណ្ណោះ គឺដល់អស់អ្នកណាដែលចូលចិត្តនឹងដំណើរទ្រង់យាងមកវិញនោះដែរ»។
និយាយតាមពាក្យផ្សេង សេចក្តីស្មោះត្រង់ប្រសើរជាងជីវិត ពីព្រោះលើសពីជីវិតដ៏ខ្លីនេះ យើងមានជីវិតពេញដោយអំណរដ៏អស្ចារ្យ ដែលនឹងស្ថិតស្ថេរអស់កល្បជានិច្ច ហើយអស់អ្នកណា ដែលស្មោះត្រង់នៅទីនេះ នឹងចូលទៅក្នុងជីវិតនោះ ហើយទទួលបានមកុដនៃសេចក្តីសុចរិតមួយ។
អត្ថបទដែលទាក់ទងនឹងផ្ទៃរឿងនេះមានរួមទាំង៖
«តែអ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុតវិញ អ្នកនោះនឹងបានសង្គ្រោះ» (ម៉ាថាយ ២៤:១៣)
«ដ្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំ ដែលនៅតែមួយភ្លែតនេះ នោះបង្កើតឱ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ចវិញ» (២កូរិនថូស ៤:១៧)
«អ្នករាល់គ្នាមានពរក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ ទាំងសេចក្តីអាក្រក់ពីអ្នករាល់គ្នាដោយព្រោះខ្ញុំចូរមានចិត្តអំណរ ហើយរីករាយជាខ្លាំងចុះ ដ្បិតអ្នករាល់គ្នាមានរង្វាន់ជាធំនៅ ឯស្ថានសួគ៌ ពីព្រោះគេក៏បានធ្វើទុក្ខដល់ពួកហោរា ដែលនៅមុនអ្នករាល់គ្នាបែបដូច្នោះដែរ។» (ម៉ាថាយ ៥:១១-១២)
«ឯអស់អ្នកណាដែល លះចោលផ្ទះសំបែង ឬបងប្អូនប្រុសស្រី ឪពុកម្តាយ ប្រពន្ធ កូន ឬស្រែចំការ ដោយយល់ដល់ឈ្មោះខ្ញុំ១ នោះនឹងបានជា ១រយភាគឡើងវិញ ហើយនិងបានគ្រងជីវិតអស់កល្បជានិច្ច ទុកជាមរដកដែរ» (ម៉ាថាយ ១៩:២៩)
«អ្នកណាដែលស្រឡាញ់ជីវិតខ្លួន នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលស្អប់ជីវិតខ្លួននៅ លោកិយនេះវិញ នោះនឹងរក្សាជីវិតទុក ដរាបដល់អស់កល្បរៀងទៅ» (យ៉ូហាន ១២:២៥)
«ចូរឱ្យចូលតាមទ្វារចង្អៀត ដ្បិតទ្វារដែលនាំទៅឯ សេចក្តីហិនវិនាសនោះធំ ហើយទូលាយផង ក៏មានមនុស្សជាច្រើនដែល ចូលតាមទ្វារនោះតែឯទ្វារដែលនាំទៅឯជីវិតនោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ ដែលរកផ្លូវនោះឃើញ។» (ម៉ាថាយ ៧:១៣-១៤)
ហេតុអ្វីសេចក្តីស្មោះត្រង់ប្រសើរជាងជីវិត? ពីព្រោះសេចក្តីស្មោះត្រង់គឺជាការរត់ប្រណាំងជាស្រេច ហើយការរត់ប្រណាំងជាស្រេចនាំយើងទៅកន្លែងដែលយើងមានអំណរជារៀងរហូត។
នេះនាំអោយមានសំនួរចុងក្រោយគឺ តើអ្វីជាមូលដ្ឋានគ្រឹះនៃទំនុកចិត្តរបស់សាវកប៉ុលថា «ប្រកាសប្រាប់ពីនគរនៃព្រះ»? ហើយតើអ្វីជាមូលដ្ឋានគ្រឹះសំរាប់ទំនុកចិត្តរបស់គាត់ និងទំនុកចិត្តរបស់យើងថា សេចក្តីស្មោះត្រង់ចំពោះព្រះ នឹងនាំអោយយើងទទួលសេរីរុងរឿងក្នុងពេលអនាគត?
២.២. ព្រះពេញដោយព្រះគុណ ហើយព្រះគឺជាស្តេច
ចំលើយមាននៅក្នុងឃ្លាពីរ៖ មួយនៅចុងបញ្ចប់នៃខ.២៤ ហើយមួយទៀតនៅជិតចុងបញ្ចប់នៃខ.២៥។ ឃ្លាទីមួយគឺ «ដំណឹងល្អនៃព្រះគុណព្រះ»។ កិច្ចការដែលសាវកប៉ុលចង់សំរេចគឺជាកិច្ចការ ដែលគាត់បានទទួលមកពីព្រះអម្ចាស់យេស៊ូវ គឺ «ធ្វើបន្ទាល់សព្វគ្រប់ ពីដំណឹងល្អនៃព្រះគុណព្រះ»។
ឃ្លាទីពីរគឺ «ការប្រកាសប្រាប់ពីនគរ» នៅក្នុងខ.២៥។ «ឥឡូវនេះ មើល ខ្ញុំដឹងហើយថា ក្នុងពួកអ្នករាល់គ្នា ដែលខ្ញុំបានដើរទៅមកជាមួយ ដោយភប់ប្រសព្វគ្នា ទាំងប្រកាសប្រាប់ពីនគរនៃព្រះ នោះគ្មានអ្នកណាមួយនឹងឃើញមុខខ្ញុំទៀតឡើយ»។
ដូច្នេះ ដោយពីរឃ្លាសាវកប៉ុលបានសង្ខេបខ្លឹមសារនៃការងារក្នុងជីវិតរបស់គាត់។ ទីមួយ «ធ្វើបន្ទាល់សព្វគ្រប់ពីដំណឹងល្អនៃព្រះគុណព្រះ» ហើយទីពីរ «ប្រកាសប្រាប់ពីនគរនៃព្រះ»។ គាត់បានរស់នៅ ដើម្បីប្រកាសអោយមនុស្សបានដឹងអំពីព្រះគុណព្រះ និងនគរព្រះ។
ដូច្នេះ នេះគឺជាចំលើយទៅនឹងសំនួររបស់យើង៖ មូលដ្ឋានគ្រឹះនៃជីវិតនិងសេចក្តីសង្ឃឹមរបស់គាត់គឺថា ព្រះពេញដោយព្រះគុណ ហើយថា ព្រះគឺជាស្តេច។ ហើយនេះគឺជាមូលដ្ឋានគ្រឹះនៃទំនុកចិត្តរបស់យើងថា សេចក្តីស្មោះត្រង់ប្រសើរជាងជីវិត៖ បើសិនព្រះគឺជាស្តេច នោះទ្រង់អាចប្រទានរង្វាន់ដល់អ្នកស្មោះត្រង់ ហើយគ្មានអ្វីអាចបញ្ឈប់អំណាចរបស់ទ្រង់បានឡើយ។ បើសិនព្រះពេញដោយព្រះគុណ នោះទ្រង់នឹងប្រទានរង្វាន់ដល់អ្នកស្មោះត្រង់។
ដូច្នេះ ព្រះរាជសារនេះនៅតែរឹងមាំនៅសព្វថ្ងៃនេះ គឺរឹងមាំ និងពិតប្រាកដដូចជាអធិបតីភាព និងព្រះគុណរបស់ព្រះនៅក្នុងព្រះយេស៊ូវគ្រីស្ទ៖ សេចក្តីស្មោះត្រង់ប្រសើរជាងជីវិត។ ដូច្នេះ ខ្ញុំលើកទឹកចិត្តអ្នកថា ចូរកុំអោយពាក្យសំដីរបស់លោកិយជាអ្នកកំណត់ តែទុកអោយព្រះបន្ទូលរបស់ព្រះកំណត់អ្វី ដែលប្រសើរជាងជីវិតអ្នកចុះ។
Leave a Reply