ភូមិកាពើណិម (ភាសាក្រិក Καφαρναουμ) គឺជាក្រុងមួយស្ថិតនៅខាងជើងឆៀងខាងលិចមាត់ច្រាំងសមុទ្រកាលីឡេ (សូមមើលផែនទី «ស្រុកកាលីឡេនៅសម័យព្រះយេស៊ូវ» http://www.dkdl.org/?page_id=1640 )។ ភូមិនេះគឺជាក្រុងរបស់ព្រះយេស៊ូវ (ម៉ាថាយ ៩:១) ពីព្រោះបន្ទាប់ពីព្រះយេស៊ូវផ្លាស់ទីលំនៅចេញពីណាសារ៉ែត ទ្រង់បានទៅរស់នៅក្រុងកាពើណិម (ម៉ាថាយ ៤:១៣)។ ព្រះយេស៊ូវបានត្រាស់ហៅលោកពេត្រុស លោកអនទ្រេ លោកយ៉ាកុប និងលោកយ៉ូហាន (ដែលអ្នកទាំងបួនជាអ្នកនេសាទ) នៅកាពើណិម។ ព្រះយេស៊ូវបានត្រាស់ហៅលោកម៉ាថាយនៅកាពើណិមផងដែរ (ម៉ាថាយ ៩:៩)។ មាននាម៉ឺនរ៉ូមម្នាក់បានរស់នៅកាពើណិម (ម៉ាថាយ៩:១៨)។ ព្រះយេស៊ូវបានស្ដីបន្ទោសដល់កាពើណិម ជាមួយក្រុងខូរ៉ាស៊ីននិងបេតសៃដា ពីព្រោះគេមិនព្រមជឿ នៅពេលគេបានមើលឃើញព្រះយេស៊ូវធ្វើការអស្ចារ្យនៅភូមិទាំងនេះ (ម៉ាថាយ ១១:២១; លូកា ១០:១៣)។
«កាពើណិម» មានន័យថា «ផ្ទះ(ឬភូមិ) របស់ណាហ៊ុម» ប៉ុន្តែយើងមិនដឹងថា ណាហ៊ុមនេះជានរណាទេ។ នៅក្នុងសម័យសញ្ញាថ្មី កាពើណិមគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដូចជាការការនេសាទនិងជំនួញសំខាន់ ហើយក្រុងនេះជាកន្លែង ដែលចក្រភពរ៉ូមបានយកពន្ធ។ ម្ដាយរបស់ព្រះយេស៊ូវបានរស់នៅកាពើណិមមួយរយៈ (យ៉ូហាន ២:១២) ហើយម៉ាថាយ ១៧:២៤–២៧ បង្ហាញថា ព្រះយេស៊ូវជាប្រជាពលរដ្ឋដ៏ល្អដែលបង់ពន្ធសំរាប់ព្រះវិហារនៅកាពើណិម។
កាពើណិម គឺជាភូមិរ៉ូមដែលមានសាសន៍ដទៃនិងជនជាតិយូដារស់ជាមួយគ្នា ហើយជាទូទៅគេមានភាពរាក់ទាក់គ្នាបានល្អ។ កាពើណិមស្ថិតនៅផ្លូវ ដែលភ្ជាប់ស្រុកកាលីឡេទៅនឹងក្រុងដាម៉ាស។
កាពើណិមស្ថិតនៅមាត់ច្រាំងសមុទ្រ (ឬបឹង) ដែលមានឈ្មោះបួននៅក្នុងព្រះគម្ពីរ៖
- សមុទ្រគេនេសារ៉ែត (ភាសាហេព្រើរខុសគ្នាបន្តិចពីភាសាក្រិកនៅលូកា ៥:១ ប៉ុន្តែព្រះគម្ពីរភាសាខ្មែរបានបកប្រែដូចគ្នា) (ជនគណនា ៣៤:១១; យ៉ូស្វេ ១២:៣; ១៣:២៧)
- សមុទ្រគេនេសារ៉ែត (លូកា ៥:១)
- សមុទ្រទីបេរាស (យ៉ូហាន ៦:១; ២១:១)
- សមុទ្រកាលីឡេ (ម៉ាថាយ ៤:១៨)
នៅពេលឈ្មោះ «កាពើណិម» លេចឡើងនៅក្នុងសញ្ញាថ្មីតាមធម្មតា វាភ្ជាប់ជាមួយនឹងសមុទ្រកាលីឡេ (ម៉ាថាយ ៤:១៣–២២; ៨:៥–២៤, ម៉ាកុស ១:១៦–២១; យ៉ូហាន ៦:១៧, ២៤)។
Leave a Reply