ក្រុង (ឬភូមិ) ទីបេរាស ក្រុងទីបេរាសគឺជាក្រុងមួយនៅពីត្រើយខាងត្បូងឆៀងខាងលិចនៃសមុទ្រកាលីឡេ (សូមមើលផែនទី «ស្រុកកាលីឡេនៅសម័យព្រះយេស៊ូវ» http://www.dkdl.org/?page_id=1640)។ នៅសម័យរបស់ព្រះយេស៊ូវ ក្រុងទីបេរាសគឺជារាជធានីស្រុកកាលីឡេ។ ក្រុងនេះត្រូវបានសាងសង់ឡើងលើទីស្មសានហើយជនជាតិយូដាជាច្រើនបានយល់ថា ការសាងសង់នេះខុសនឹងច្បាប់របស់គេ ពីព្រោះវាជាកន្លែងមិនស្អាត។ ទោះយ៉ាងណាក៏ដោយ នៅសតវត្សរ៍ទីមួយមានជនជាតិយូដាខ្លះដែលបានរស់នៅទីនោះ ហើយនៅក្នុងសតវត្សរ៍ទីបី គ.ស. វិទ្យាស្ថានមួយចំនួនរបស់ជនជាតិយូដាបានផ្លាស់ប្ដូរទីកន្លែងទៅឯក្រុងទីបេរាស។
ឈ្មោះ «ទីបេរាស» បានលេចឡើងតែបីដងក្នុងសញ្ញាថ្មីប៉ុណ្ណោះ (យ៉ូហាន ៦:១, ២៣; ២១:១)។ ៦:១; ២១:១ បានសរសេរថា «សមុទ្រទីបេរាស» ដែលជាឈ្មោះមួយផ្សេងទៀតសម្រាប់សមុទ្រស្រុកកាលីឡេ (សូមមើល យ៉ូហាន ៦:១)។ កណ្ឌដំណឹងល្អមិនដែលសរសេរថា ព្រះយេស៊ូវបានចូលភូមិទីបេរាសឡើយ។
ក្រុងទីបេរាសប្រហែលជាកន្លែង ដែលលោកយ៉ូហាន-បាទីស្ទ ត្រូវបានជាប់គុកនិងស្លាប់។ ព្រឹត្តិការណ៍ដែលបានចែងទុកនៅក្នុង ម៉ាថាយ ១៤:១-១២ និង ម៉ាកុស ៦:១៤-២៩ ប្រហែលជាកើតឡើងនៅក្រុងទីបេរាសពីព្រោះទីបេរាសជារាជធានីរបស់ហេរ៉ូដ ដូច្នេះបើស្ដេចហេរ៉ូដបានរៀបចំពិធីជប់លៀង ដោយអញ្ជើញអស់លោកមន្ត្រី មេទ័ព និងនាម៉ឺនធំៗនៅក្នុងស្រុកកាលីឡេមកចូលរួម (ម៉ាកុស ៦:២១) នេះប្រហែលជាកើតឡើងនៅក្រុងទីបេរាសហើយ។
ប្រហែលជាព្រះយេស៊ូវបានចៀសវាងពីក្រុងដ៏សំខាន់នៅស្រុកកាលីឡេ គឺដើម្បីគេចចេញពីស្ដេចហេរ៉ូដ។ នៅក្នុងលូកា ១៣:៣១–៣៣ មានពួកខាងគណៈផារីស៊ីខ្លះមកព្រមានព្រះយេស៊ូវថា «សូមលោកអញ្ជើញទៅកន្លែងផ្សេងទៅ ព្រោះស្ដេចហេរ៉ូដចង់សម្លាប់ទ្រង់»។ ចម្លើយរបស់ព្រះយេស៊ូវបង្ហាញថា ទ្រង់យល់ថា បេសកកម្មរបស់ព្រះអង្គគឺ ទ្រង់ត្រូវសុគតនៅយេរូសាឡិម ដូច្នេះហើយទ្រង់ចៀសវាងពីសុគតនៅស្រុកកាលីឡេ។ ដូច្នេះប្រហែលជាព្រះយេស៊ូវចៀសវាងពីក្រុងទីបេរាស។ ប៉ុន្តែ ស្តេចហេរ៉ូដបានចាប់យ៉ូហាន-បាទីស្ទនៅក្រៅស្រុកកាលីឡេ ដូច្នេះក៏ប្រហែលជាមិនពិបាកសម្រាប់ស្តេចហេរ៉ូដក្នុងការចាប់ព្រះយេស៊ូវនៅស្រុកកាលីឡេដែរ។
Leave a Reply