ក្រុងស៊ីគែម (שְׁכֶם, shekhem) គឺជាក្រុងមួយនៅក្នុងជ្រោះ ដែលមានជីជាតិ រវាងភ្នំកេរិស៊ីមនិងភ្នំអេបាល (សូមមើលផែនទី «អ៊ីស្រាអែលកណ្តាលនិងភាគខាងត្បូង» http://www.dkdl.org/?page_id=1666)។ ស៊ីគែមមានឈ្មោះល្បីល្បាញ ពីព្រោះក្រុងនេះមានដីវាលមានជីជាតិល្អ (យ៉ូស្វេ ២១:២១; ១របាក្សត្រ ៦:៦៧)។ ទីតាំងរបស់ស៊ីគែមបានធ្វើឱ្យវាអាចត្រួតពិនិត្យការធ្វើដំណើរពាណិជ្ជកម្មនិងយោធាក្នុងតំបន់បានល្អ។ អំបូរម៉ាន៉ាសេនិងអំបូរអេប្រាអិមធ្លាប់រស់នៅស៊ីគែម។
ស៊ីគែមគឺជាកន្លែងដែលព្រះជាម្ចាស់បានលេចមកអោយលោកអ័ប្រាហាំឃើញ ហើយសំដែងព្រះបន្ទូលសន្យាថា ទ្រង់នឹងប្រគល់ស្រុកនេះអោយពូជពង្សរបស់គាត់។ នៅទីនោះ លោកអ័ប្រាហាំបានសង់អាសនៈមួយ ហើយនេះជាកន្លែងទីមួយនៅក្នុងទឹកដីសន្យា ដែលអ័ប្រាហាំបានសាងសង់អាសនៈ (លោកុប្បត្ដិ ១២:៦-៧; សូមមើល លោកុប្បត្ដិ ៣៥:៤; ចោទិយកថា ១១:៣០; យ៉ូស្វេ ២៤:២៦; ពួកចៅហ្វាយ ៩:៦, ៣៧ ផងដែរ)។ លោកយ៉ាកុបបានមកដល់ក្រុងស៊ីគែមដោយសុខសាន្ត ហើយលោកក៏បានទិញដីមួយសំរាប់បោះជំរំ នៅទីនោះផងដែរ។ លោកបានសង់អាសនៈមួយនៅទីនោះ (លោកុប្បត្ដិ ៣:១៨-២០)។ លោកយ៉ាកុបអោយតំបន់ស៊ីគែមដល់លោកយ៉ូសែប (លោកុប្បត្ដិ ៤៨:២១-២២)។ ធាតុរបស់លោកយ៉ូសែបត្រូវបានគេបញ្ចុះនៅស៊ីគែមក្នុងចំការដែលលោកយ៉ាកុបបានទិញ ហើយដីនោះស្ថិតនៅក្នុងទឹកដី ដែលជាចំណែកមត៌ករបស់កូនចៅរបស់លោកយ៉ូសែប (យ៉ូស្វេ ២៤:៣២)។ លោកស៊ីគែម ដែលជាមេកន្ទ្រាញនៅស្រុកស៊ីគែម បានឃើញនាងឌីណា ហើយក៏ចាប់នាងរំលោភ (លោកុប្បត្ដិ ៣៤:១-២)។ លោកយ៉ូស្វេបានប្រមូលពួកអ៊ីស្រាអែលអោយមកជួបជុំគ្នានៅស៊ីគែម ហើយបានធ្វើសម្ព័ន្ធមេត្រី (ការតាំងសញ្ញា) នៅទីនោះ (យ៉ូស្វេ ២៤)។ ក្រុងស៊ីគែមគឺជាក្រុងសំរាប់ជាជំរកដល់អ្នកដែលសម្លាប់គេ (យ៉ូស្វេ ២១:២១)។ រវាងលោកុប្បត្ដិ ជំពូក៣៤ និងយ៉ូស្វេ ជំពូក២៤ ជនជាតិកាណានបានមករស់នៅក្រុងស៊ីគែមវិញ។ អប៊ីម៉ាឡេកតាំងខ្លួនជាស្ដេចនៅស៊ីគែម (ពួកចៅហ្វាយ ៩) ហើយរេហូបោមបានយាងទៅស៊ីគែម ដ្បិតប្រជាជនអ៊ីស្រាអែលទាំងមូលមកជួបជុំគ្នានៅទីនោះ ដើម្បីអភិសេកគាត់ (១ពង្សាវតារក្សត្រ ១២:១។ ក្រោយមកក្រុងនេះជាក្រុងបរិសុទ្ធសម្រាប់ជនជាតិសាម៉ារីរហូតដល់ឆ្នាំ ១០៧ មុន គ.សជាពេលកងទ័ពយូដាបានបំផ្លាញវា។
Leave a Reply