The following is an abridged translation of a sermon by john Piper at http://www.desiringgod.org/sermons/watch-out-for-the-wolves-within
កិច្ចការ ២០:២៨-៣១ Acts 20:28-31
យើងអាចសង្ខេបផ្នែកទីមួយនៃសាររបស់សាវកប៉ុលទៅកាន់ពួកចាស់ទុំនៅអេភេសូរ គឺដូចនេះ៖ គាត់កំពុងសង្កត់ធ្ងន់ថា គាត់បានធ្វើអ្វីៗទាំងអស់ដោយអស់ពីសមត្ថភាពរបស់គាត់ សម្រាប់សេចក្តីសង្គ្រោះរបស់ពួកគេ។ ហើយគាត់បានបង្រៀនពួកគេពីគ្រប់ទាំងគំនិតព្រះហឫទ័យរបស់ព្រះ។ គាត់មិនបានខាននឹងប្រាប់អំពីសេចក្តីបង្គាប់ណាមួយ ឬគ្រោះថ្នាក់ណាមួយ ឬគោលលទ្ធិណាដល់ពួកគេឡើយ។ គាត់បានធ្វើអ្វីៗគ្រប់យ៉ាងអស់ពីសមត្ថភាពរបស់គាត់ដើម្បីរំដោះពួកគេចេញពីសេចក្តីវិនាស ដែលចេញមកពីការមិនជឿ និងការមិនស្តាប់បង្គាប់ ហើយដឹកនាំពួកគេទៅឯជីវិត និងសេចក្តីអំណរអស់កល្បជានិច្ច។
ការស៊ូទ្រាំ និងតួនាទីរបស់ពួកចាស់ទុំ
ប៉ុន្តែសាវកប៉ុលដឹងថា ដើម្បីបានសង្គ្រោះនៅគ្រាចុងក្រោយ ហើយដើម្បីគ្រងនគរ និងចូលទៅក្នុង ជីវិតបាន អ្នកជឿត្រូវតែមានការស៊ូទ្រាំ។ ជាឧទាហរណ៍ នៅក្នុង១កូរិនថូស ១៥:២១-២ សាវកប៉ុលបាននិយាយថា «ខ្ញុំបានផ្សាយរួចមកហើយ ជាដំណឹងដែលអ្នករាល់គ្នាបានទទួល ក៏ឈរជាប់ក្នុងនោះផង អ្នករាល់គ្នាកំពុងតែបានសង្គ្រោះ ដោយសារដំណឹងល្អនោះផង គឺបើសិនជាកាន់ខ្ជាប់តាមព្រះបន្ទូល ដែលខ្ញុំបានថ្លែង ប្រាប់មក លើកតែអ្នករាល់គ្នាបានជឿ ដោយឥតបើគិត»។ នេះមានន័យថា កាលណាអ្នកបានបម្រើ និងបង្រៀនមនុស្សមួយក្រុម នោះអ្នកមិនអាចដើរចេញ ហើយនិយាយថា «ខ្ញុំបានបង្រៀនពួកគេគ្រប់ទាំងអ្វី ដែលពួកគេត្រូវការដឹងរួចរាល់ហើយ ហើយពួកគេបានទទួលយកសេចក្តីបង្រៀនទាំងនោះ។ ដូច្នេះ ឥឡូវនេះពួកគេមានសុវត្ថិភាពហើយ បើអញ្ចឹងខ្ញុំទៅធ្វើការងារថ្មីមួយទៀត»។
មូលហេតុដែលអ្នកមិនអាចនិយាយដូច្នេះបានគឺ ដោយព្រោះព្រះមានបំណងព្រះហឫទ័យចង់អោយរាស្ត្ររបស់ទ្រង់បានស៊ូទ្រាំរហូតដល់ទីបញ្ចប់ តាមរយៈការបំរើស្មោះត្រង់ខាងបង្រៀន ខាងសេចក្តីអធិស្ឋាន និងខាងការថែរក្សា។ ដូច្នេះហើយ នៅពេលសាវកប៉ុលបានបញ្ចប់ការបំរើរយៈពេលបីឆ្នាំរបស់គាត់ នៅក្នុងពួកជំនុំក្រុងអេភេសូរ ដោយបង្រៀន អធិស្ឋាន និងថែរក្សាទាំងយប់ទាំងថ្ងៃដោយទឹកភ្នែក នោះគាត់មិននិយាយថា «លាហើយ ខ្ញុំសង្ឃឹមថា អ្នកនឹងបានទៅស្ថានសួគ៌» ឡើយ។ ផ្ទុយទៅវិញ គាត់ត្រូវប្រាកដច្បាស់ថា មានពួកចាស់ទុំដែលនឹងបន្តការងារ ហើយបង្រៀន អធិស្ឋាន និងថែរក្សាពួកគេតាមរបៀបដែលគាត់បានធ្វើផងដែរ។ ដោយសារបើសិនពួកចាស់ទុំមិនធ្វើដូច្នោះទេ នោះពួកជំនុំនឹងមិនអាចបន្តមានជីវិតទៀតទេ ហើយមនុស្សជាច្រើននឹងត្រូវវិនាស (សូមមើល វិវរណៈ ២:៥-៧)។
ដូច្នេះនៅក្នុងផ្នែកបន្ទាប់នៃសាររបស់គាត់ទៅកាន់ពួកគេចាស់នៅអេភេសូរ (ខ.២៨-៣១) សាវកប៉ុលប្រាប់ពួកគេអំពីសារៈសំខាន់នៃតួនាទីរបស់ពួកគេ សម្រាប់ការបន្តមានជីវិត និងការរីកចម្រើនរបស់ពួកជំនុំ។ គាត់បានផ្តល់សេចក្តីបង្គាប់ទូទៅមួយដល់ពួកគេ។ បន្ទាប់មកគាត់អនុវត្តសេចក្តីបង្គាប់នោះទៅកាន់ពួកគេ ហើយទៅកាន់ហ្វូងចៀម។ ក្រោយមកគាត់ផ្តល់អោយពួកគេនូវការលើកទឹកចិត្តបួនយ៉ាង ដើម្បីប្ដេជ្ញាជាមួយការងារនេះតាមការលះបង់ ដែលគាត់បានធ្វើដែរ។
ខ្ញុំគិតថា ពិតជាគ្មានអ្វីបានផ្លាស់ប្តូររវាងសម័យកណ្ឌកិច្ចការ ដែលត្រូវបានសរសេរឡើង និងសម័យបច្ចុប្បន្ននេះ ដែលនឹងផ្លាស់ប្តូរសេចក្តីបង្រៀនសំរាប់ពួកចាស់ទុំរបស់យើងផ្ទាល់នោះឡើយ។ ដូច្នេះ ចូរស្តាប់ដោយប្រុងប្រយ័ត្ននូវអ្វី ដែលនឹងបង្រៀនពួកជំនុំរបស់យើង។
សេចក្តីបង្គាប់អោយប្រុងប្រយ័ត្ន
ទីមួយ ចូរកត់សំគាល់សេចក្តីបង្គាប់ទូទៅ។ ខ.២៨ ចាប់ផ្តើមដោយ «ចូរប្រយ័ត្នខ្លួន…» ឬ «ចូរដឹងខ្លួន» បន្ទាប់មក ខ.៣១ (នៅចុងបញ្ចប់កថាខណ្ឌនេះ) ចាប់ផ្តើមដោយ «ដូច្នេះ អោយចាំយាមចុះ…» ឬ «ចូរអោយដឹងខ្លួនចុះ…»។ ដូច្នេះកថាខណ្ឌចាប់ផ្តើម និងបញ្ចប់ដោយការហៅអោយប្រុងប្រយ័ត្ន។ ពួកចាស់ទុំត្រូវតែដឹងខ្លួន ប្រយ័ត្ន បើកភ្នែក និងចាំយាម។ នេះគឺជារបៀបរបស់សាវកប៉ុលក្នុងការនិយាយថា ពួកជំនុំតែងតែជាពួកជំនុំដែលរងការគំរាមកំហែង។ សាតាំងមិនដែលមានថ្ងៃឈប់សំរាកឡើយ។ អំពើបាបចាំឆ្មក់នៅមាត់ទ្វាររង់ចាំឱកាសដែលមានការធ្វេសប្រហែសខាងគោលលទ្ធិ និងសីលធម៌។ ដូច្នេះ សេចក្តីបង្គាប់សំរាប់ពួកចាស់ទុំគឺត្រូវ ដឹងខ្លួន ប្រយ័ត្ន និងចាំយាម។ ប៉ុន្តែត្រូវចាំយាមអ្វី? យើងត្រូវប្រុងប្រយ័ត្ននៅក្នុងរបៀបពីរគឺ ពួកចាស់ទុំត្រូវតែមើលខ្លួនឯង ហើយពួកចាស់ទុំត្រូវតែមើលពួកជំនុំ។ ខ.២៨ចាប់ផ្តើមដោយ «ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន»។ ឃ្លានេះអាចមានន័យពីរយ៉ាង គឺវាអាចមានន័យថា «ពួកចាស់ទុំ ចូរប្រយ័ត្នចំពោះសេចក្តីត្រូវការ និងភាពខ្សោយ និងកំហុសរបស់គ្នាទៅវិញទៅមក» ឬវាអាចមានន័យថា «ពួកចាស់ទុំ អ្នករាល់គ្នាត្រូវប្រយ័ត្នចំពោះចិត្ត និងគោលលទ្ធិ និងអត្តចរិតរបស់ខ្លួនឯង» ហើយប្រហែលជាវាអាចមានន័យទាំងពីរ។ យើងមិនភ្ញាក់ផ្អើលទេ ពេលសាវក ប៉ុលនិយាយឃ្លានេះមុនគេ មែនទេ? គាត់បានចំណាយពាក់កណ្តាលសាររបស់គាត់និយាយអំពីជីវិតនិងការបំរើរបស់គាត់ផ្ទាល់។ គំនិតរបស់គាត់គឺថា ចរិតលក្ខណៈរបស់ចាស់ទុំគឺជារឿងសំខាន់ មិនមែនសំខាន់តែអ្វីដែលពួកចាស់ទុំជឿនោះទេ។ ដូច្នេះ សេចក្តីបង្គាប់ទីមួយ សំរាប់ពួកចាស់ទុំគឺត្រូវ ប្រយ័ត្នចំពោះខ្លួនឯង «ពួកចាស់ទុំ ចូរប្រយ័ត្នខ្លួន ពីព្រោះតួនាទីដំបូងរបស់អ្នកចំពោះពួកជំនុំគឺអ្នកត្រូវតែបរិសុទ្ធ»។
ការអនុវត្តចំពោះការថែរក្សារបស់ពួកចាស់ទុំដល់ហ្វូងចៀម
បន្ទាប់មកសាវកប៉ុលអនុវត្តថា ពួកចាស់ទុំត្រូវប្រុងប្រយ័ត្ននៅក្នុងការថែរក្សាហ្វូងចៀម។ ខ.២៨ បន្តថា «ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ហើយខំថែរក្សាហ្វូងសិស្ស»។ ចូរកត់សំគាល់ការបីយ៉ាងនៅទីនេះ ដែលមានសារៈសំខាន់យ៉ាងខ្លាំងសំរាប់ជីវិតរបស់យើង ក្នុងនាមជាពួកជំនុំ។
១. ទីមួយ ពួកជំនុំគឺដូចជាហ្វូងចៀម ដែលត្រូវការពួកអ្នកគង្វាល។
២. ទីពីរ ពួកចាស់ទុំគឺជាពួកអ្នកគង្វាល។
៣. ទីបី ពួកអ្នកគង្វាលមានតួនាទីមើលថែរក្សាចៀម។
ទាំងបីចំនុចនេះមាននៅក្នុង ខ.២៨ «ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ហើយខំថែរក្សាហ្វូងសិស្ស [ដូច្នេះពួកជំនុំគឺដូចជាហ្វូងសិស្ស] ដែលព្រះវិញ្ញាណបរិសុទ្ធបានតាំងអ្នករាល់គ្នា ឲ្យធ្វើជាអ្នកគង្វាលដល់គេ [ដូច្នេះពួកចាស់ទុំគឺជាអ្នកគង្វាល ឬពួកអ្នកគង្វាលហ្វូងចៀម] ដើម្បីឲ្យបានឃ្វាលពួកជំនុំរបស់ព្រះអម្ចាស់ [ដូច្នេះតួនាទីរបស់អ្នកគង្វាល ឬពួកអ្នកគង្វាលគឺត្រូវថែរក្សា ឬឃ្វាលចៀម] ដើម្បីអោយដឹងថា ហ្វូងចៀមមានចំណីគ្រប់គ្រាន់ [ដូចដែលព្រះយេស៊ូវបានមានបន្ទូលថា «ចូរអោយចំណីចៀមរបស់ខ្ញុំ » ហើយការពារពួកជំនុំពីឆ្កែចចក]។
បើសិនយើងមានពេល យើងអាចបង្ហាញពីបទគម្ពីរផ្សេងៗទៀត (ឧទាហរណ៍ដូចជា ១ពេត្រុស ៥:១-៣; ទីតុស ១:៥, ៧; និង ១ធីម៉ូថេ ៣:១; ៥:១៧;ភីលីព ១:១; កិច្ចការ ១៥:២២…ល) ថា សេចក្តីបង្គាប់សំរាប់ពួកចាស់ទុំនេះគឺមិនគ្រាន់តែសំរាប់ពួកជំនុំនៅក្រុងអេភេសូរនោះទេ។
ពួកគ្រូគង្វាល/ ពួកចាស់ទុំនៅក្នុងព្រះគម្ពីរសញ្ញាថ្មី
ពាក្យថា «គ្រូគង្វាល» មានន័យថា អ្នកគង្វាល។ នៅទីនេះបាននិយាយថា ពួកគ្រូគង្វាលគឺជាពួកអ្នកគង្វាល។ ព្រះគម្ពីរសញ្ញាថ្មីមិនបែងចែងរវាងពួកចាស់ទុំ និងពួកគ្រូគង្វាល គឺពួកគេដូចគ្នា។ ពាក្យ «ចាស់ទុំ» បង្ហាញអំពីភាពចាស់ទុំនិងការគោរពរបស់ពួកគេនៅក្នុងពួកជំនុំ ហើយពាក្យ «អ្នកគង្វាល» ឬ «គ្រូគង្វាល» បង្ហាញអំពីទំនួលខុសត្រូវចំពោះពួកជំនុំជាហ្វូងចៀមមួយហ្វូង។ ហើយពាក្យ «អ្នកថែរក្សា» បញ្ជាក់កាន់តែច្បាស់ដោយមិនចាំបាច់ប្រើរូបភាពចៀម និងអ្នកគង្វាលទេ។ ដូច្នេះសង្ខេបមក ទាំង «ចាស់ទុំ» ទាំង«គ្រូគង្វាល» និងទាំង «អ្នកថែរក្សា» (១ធីម៉ូថេ ៣:១) សុទ្ធតែសំដៅទៅលើមនុស្សដូចគ្នានៅក្នុងពួកជំនុំក្នុងព្រះគម្ពីរសញ្ញាថ្មី គឺពួកគេមិនមែនជាមនុស្សផ្សេងៗពីគ្នា ឬមានតួនាទីផ្សេងៗពីគ្នានោះទេ។ ហើយនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ពួកជំនុំតែងតែមានចាស់ទុំ ឬគ្រូគង្វាល ឬអ្នកថែរក្សាលើសពី ម្នាក់។ នៅក្នុងព្រះគម្ពីរសញ្ញាថ្មីគ្មានពួកជំនុំណាមួយ ដែលមានតែគ្រូគង្វាលម្នាក់ ហើយនេះជាការពិត ទោះជាពួកជំនុំនោះតូច និងថ្មី ឬធំ និងចាស់ក៏ដោយ។ នៅពេលសាវកប៉ុល និងលោកបាណាបាស បានវិលត្រឡប់ពីដំណើរបេសកកម្មលើកទីមួយរបស់ពួកគាត់ នៅក្នុងកិច្ចការ ១៤:២៣ និយាយថា «កាលបានរើសពួកចាស់ទុំ [ពហុវចនៈ] តាំងឡើងក្នុងគ្រប់ទាំងពួកជំនុំ ហើយអធិស្ឋានទាំងតម នោះក៏ប្រគល់គេទុកនឹងព្រះអម្ចាស់ ដែលគេបានជឿដល់ទ្រង់ហើយ»។
តួនាទី ៖ ថែរក្សាចៀមទាំងអស់
ខ្ញុំលើកចំនុចនេះឡើង ពីព្រោះតួនាទីរបស់ពួកចាស់ទុំគឺត្រូវ «ថែរក្សាហ្វូងសិស្ស»។ ចូរកត់សំគាល់ថា ហ្វូងសិស្ស មានន័យថា ទាំងចៀមមានសុខភាពល្អ និងចៀមឈឺផងដែរ ទាំងចៀមខ្លាំង និងចៀមខ្សោយផងដែរ ហើយទាំងចៀមស្មោះត្រង់ និងចៀមរឹងចចេសផងដែរ។
ចំនួនពួកចាស់ទុំត្រូវស៊ីនឹងចំនួនចៀម
តើពួកចាស់ទុំអាចធ្វើការនេះសំរាប់ហ្វូងចៀមទាំងអស់បានយ៉ាងដូចម្តេច? ជាការពិត ពួកជំនុំធំដូចជាពួកជំនុំរបស់យើងនេះគួរតែឆ្លើយថា យើងត្រូវមានពួកចាស់ទុំគ្រប់គ្រាន់ ដើម្បីអោយបានស្គាល់ឈ្មោះរបស់សមាជិកពួកជំនុំម្នាក់ៗ ហើយបានផ្តល់ចំណី បានជួយ និងបានផ្តល់វិន័យទៅតាមសេចក្តីត្រូវការជាក់ស្តែងរបស់ពួកគាត់។ ដូច្នេះ កន្លងមកយើងបានមើលឃើញថា សាវកប៉ុលផ្តល់អោយពួកចាស់ទុំនូវសេចក្តីបង្គាប់ទូទៅមួយ ដើម្បីអោយដឹងខ្លួន ចាំយាម និងប្រុងប្រយ័ត្ននៅក្នុងជីវិតខាងវិញ្ញាណ និងការបំរើរបស់ពួកគេ។ បន្ទាប់មកគាត់អនុវត្តសេចក្តីបង្គាប់ទូទៅនោះ ដោយជាក់លាក់ទៅលើពួកចាស់ទុំផ្ទាល់ គឺពួកគេគួរប្រយ័ត្នចំពោះខ្លួនឯង ចំពោះគោលលទ្ធិរបស់ពួកគេ និងជីវិតរបស់ពួកគេ ហើយបន្ទាប់មកប្រយ័ត្នចំពោះចៀមនៃព្រះ គឺចៀមទាំងអស់។
ការជំរុញចិត្តនិងការលើកទឹកចិត្តបួនយ៉ាងសំរាប់ការឃ្វាលហ្វូងចៀម
ឥឡូវនេះ សាវកប៉ុលផ្តល់ការជំរុញចិត្ត និងការលើកទឹកចិត្តបួនយ៉ាងដល់ពួកចាស់ទុំ ដើម្បីអោយធ្វើការងាររបស់ពួកគេដោយឧស្សាហ៍ និងម៉ត់ចត់។ នេះមិនគ្រាន់តែជាការងារមួយប៉ុណ្ណោះទេ នេះមិនមែនជាការងារអាជីពដូចជា មេធាវី វេជ្ជបណ្ឌិត វិស្វករ…ល.នោះទេ ប៉ុន្តែការងារនេះផ្តល់ការទទួលខុសត្រូវពិសេសដល់ពួកចាស់ទុំនៃពួកជំនុំរបស់ព្រះគ្រីស្ទ។ ហើយសាវកប៉ុលសង្កត់ធ្ងន់លើសារៈសំខាន់នៃការងារនេះដល់ពួកគេ។
១. ហ្វូងចៀមត្រូវបានទិញដោយលោហិតរបស់ព្រះរាជបុត្រានៃព្រះ
ការជំរុញចិត្តទីមួយសំរាប់ពួកចាស់ទុំគឺថា ហ្វូងចៀម ដែលពួកគេត្រូវតែបំរើនោះ គឺជាមនុស្សដែលព្រះអង្គបានលោះមក ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។
បើសិនព្រះ ដែលមានអំណាចព្រះចេស្ដា គ្មានអំពើបាប និងមានសេរីភាពខ្ពស់ជាងអ្វីៗទាំងអស់ ស្ម័គ្រព្រះទ័យសម្រក់លោហិតរបស់ព្រះរាជបុត្រាទ្រង់សំរាប់ពួកជំនុំមានបាប នោះពួកអ្នកគង្វាលត្រូវតែស្ម័គ្រចិត្តលះបង់ញើស ឈាម និងទឹកភ្នែកសំរាប់ហ្វូងចៀមរបស់ព្រះផងដែរ។ ឧបមាថា ខ្ញុំគឺជាពោះម៉ាយមានកូនប្រុសបួននាក់ ហើយអ្នក និងប្រពន្ធរបស់អ្នក និងគ្រួសាររបស់ខ្ញុំកំពុងស្ទូចត្រីនៅសមុទ្រ។ កូនប្រុសពៅរបស់ខ្ញុំអង្គុយនៅជិតគែមទូកពេក ហើយនៅពេលរលកបោកត្រូវទូក គាត់បាត់បង់តុល្យភាព ហើយក៏ធ្លាក់ចូលទៅក្នុងទឹក ហើយបាត់ខ្លួននៅខាងក្នុងទឹកទៅ។ មួយវិនាទីក្រោយមក ខ្ញុំមុជចុះទៅក្នុងទឹកតាមរកគាត់ ហើយបន្ទាប់ពីដប់វិនាទីលែងមានដង្ហើមដក ខ្ញុំក៏ងើបឡើងពីទឹក ហើយខ្ញុំចាប់គាត់បាន។ ខ្ញុំហុចគាត់ទៅម្ខាង ហើយនៅពេលខ្ញុំព្យាយាមឡើងទូកវិញ ស្រាប់តែមានត្រីឆ្លាមមួយវាយប្រហារខ្ញុំពីក្រោយ ហើយបានត្របាក់យកខ្លួនរបស់ខ្ញុំមួយចំហៀង។ អ្នកទាញខ្ញុំឡើងទូកវិញ ហើយនៅមុនពេលខ្ញុំហូរឈាមរហូតដល់ស្លាប់ ខ្ញុំមើលមុខរបស់អ្នក ហើយនិយាយថា «សូមថែរក្សាកូនប្រុសរបស់ខ្ញុំជំនួសខ្ញុំផង»។ នេះគឺជាការជំរុញចិត្តខ្លាំងមួយ។ ព្រះយេស៊ូវ «បានស្រឡាញ់ដល់ពួកជំនុំ ហើយបានប្រគល់ព្រះអង្គទ្រង់ជំនួសផង» (អេភេសូរ ៥:២៥)។ ចាស់ទុំណា ដែលមិនស្ម័គ្រចិត្តលះបង់ញើស ឈាម និងទឹកភ្នែកសំរាប់សេចក្តីជំនឿ និងភាពបរិសុទ្ធរបស់ពួកជំនុំព្រះគ្រីស្ទទេ នោះគាត់មិនស្គាល់តំលៃលោហិតរបស់ព្រះរាជបុត្រានៃព្រះឡើយ។
២. ព្រះតាំងពួកអ្នកគង្វាលឡើងសំរាប់ការបំរើនេះ
ការជំរុញចិត្តទីពីរ ដែលសាវកប៉ុលផ្តល់អោយពួកចាស់ទុំគឺថា ពួកគេត្រូវបានព្រះតាំងឡើងសំរាប់ការបំរើនេះ។ ខ.២៨និយាយថា «ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ហើយខំថែរក្សាហ្វូងសិស្ស ដែលព្រះវិញ្ញាណបរិសុទ្ធបានតាំងអ្នករាល់គ្នា ឲ្យធ្វើជាអ្នកគង្វាលដល់គេ»។ វាពិបាករកការជំរុញចិត្តដែលធំអស្ចារ្យ និងមានប្រសិទ្ធិភាពជាងការជំរុញចិត្តទាំងពីរនេះ។ លោហិតរបស់ព្រះរាជបុត្រានៃព្រះបានប្រមូលផ្តុំចៀម ហើយព្រះវិញ្ញាណបរិសុទ្ធបានត្រាស់ហៅពួកអ្នកគង្វាល។ ដូច្នេះ ពួកគេត្រូវតែលះបង់ខ្លួនឯង គឺកំឡាំង និងជីវិតរបស់ពួកគេ សំរាប់សេចក្តីជំនឿ និងភាពបរិសុទ្ធរបស់ពួកជំនុំ!។
៣. ពួកជំនុំតែងតែប្រឈមមុខនឹងគ្រោះថ្នាក់ដ៏ធំ
ការជំរុញចិត្តទីបី ដែលសាវកប៉ុលផ្តល់អោយពួកចាស់ទុំគឺថា មានគ្រោះថ្នាក់ដ៏ធំតែងតែរង់ចាំពួកជំនុំ។ គាត់និយាយនៅក្នុង ខ.២៩-៣០ ថា «ដ្បិតខ្ញុំដឹងថា ក្រោយដែលខ្ញុំទៅបាត់ នោះនឹងមានឆ្កែព្រៃដ៏សាហាវ ដែលមិនចេះប្រណីដល់ហ្វូង វានឹងចូលមកក្នុងពួកអ្នករាល់គ្នាហើយក្នុងចំណោមអ្នក រាល់គ្នា ក៏នឹងកើតមានមនុស្ស ដែលនឹងអធិប្បាយសេចក្តីទំនាស់ខុសដែរ ដើម្បីនឹងទាញនាំពួកសិស្សទៅតាមគេវិញ»។
ការជំរុញចិត្តអោយប្រុងប្រយ័ត្ននៅទីនេះគឺជាគ្រោះថ្នាក់ ដែលនៅក្នុងពួកជំនុំនឹងមានមនុស្សប្រាថ្នាធ្វើជាចាស់ទុំ ដែលជាឆ្កែចចកពាក់ស្បែកចៀម (ម៉ាថាយ ៧:១៥)។ ពួកគេនឹងចាប់ផ្តើមនិយាយបង្ខូចបន្តិចម្តងៗអំពីសេចក្តីពិតអំពីព្រះគម្ពីរ។ ហើយបើសិនពួកចាស់ទុំមិនប្រុងប្រយ័ត្នខាងវិញ្ញាណបានល្អទេ នោះឆ្កែចចកអាចនឹងបំផ្លាញហ្វូងចៀមបាន។
សូមអោយខ្ញុំនិយាយអំពីសណ្ឋានមួយដែលសំដែងអំពីឆ្កែចចក។ នៅពេលខ្ញុំបានសំឡឹងមើលពួកគ្រីស្ទបរិស័ទ សាលារៀន និងវិទ្យាស្ថានរបស់គ្រីស្ទបរិស័ទងាកចេញពីសេចក្តីស្មោះត្រង់តាមព្រះគម្ពីរ ហើយទៅមិនជឿលើព្រះគម្ពីរទាំងស្រុង គឺខ្ញុំបានមើលឃើញថា កត្តារួមមួយគឺថា មនុស្ស និងវិទ្យាស្ថានបានបាត់បង់បំណងចិត្តខ្ជាប់ខ្ជួនទៅនឹងសេចក្តីពិតពីបុរាណមក ហើយបែរជាមានបំណងចង់ដើរតាមអ្វីដែលថ្មី ឬស្របទៅតាមលោកិយវិញ។ យើងអាចព្យាយាមនិយាយតាមរបៀបផ្សេងថា៖ នៅពេលការនេះកើតឡើង មនុស្សមិនមានបំណងចិត្តដឹកនាំចិត្តគំនិតរបស់ខ្លួនអោយស្របតាមសេចក្តីពិតរបស់ព្រះគម្ពីរទេ។ ផ្ទុយទៅវិញ ពួកគេព្យាយាមផ្លាស់ប្តូរអ្វី ដែលព្រះគម្ពីរនិយាយអោយត្រូវតាមអ្វី ដែលពួកគេចូលចិត្តហើយមនុស្សចង់ស្តាប់នៅសព្វថ្ងៃនេះ។
ដូច្នេះមនុស្សម្នាក់អាចត្រឡប់ជាឆ្កែចចកមិនគ្រាន់តែដោយសារគាត់បដិសេធសេចក្តីពិតរបស់ព្រះគម្ពីរណាមួយទៀត ប៉ុន្តែដោយសារគាត់មិនយល់ព្រះគម្ពីរអោយបានស៊ីជម្រៅ។ គាត់ចាប់មិនបានសេចក្តីជំនឿអស្ចារ្យពីបុរាណ ដែលត្រូវបានផ្តល់អោយពួកបរិសុទ្ធតាំងពីបុរាណទេ (យូដាស ៣)។ ចាស់ទុំល្អត្រូវចុះចូលដោយបន្ទាបខ្លួនចំពោះសេចក្តីពិតដែលមិនចេះប្រួលប្រែនៅក្នុងព្រះគម្ពីរ គឺគាត់ត្រូវតែសិក្សា និងពន្យល់ព្រះបន្ទូលរបស់ព្រះដោយប្រុងប្រយ័ត្ន។ នៅពេលណាចាស់ទុំលែងមានឥរិយាបថបែបនេះហើយ នោះគាត់អាចត្រឡប់ជាវិញឆ្កែចចកបាន។ ដូច្នេះ ការលើកទឹកចិត្តទីបីសំរាប់ពួកចាស់ទុំ គឺជាគ្រោះថ្នាក់ដែលតែងតែមានរបស់ឆ្កែចចកពាក់ស្បែកចៀម ដែលបង្ខូចសេចក្តីពិត ហើយដឹកនាំមនុស្សទៅក្នុងសេចក្តីវិនាស។
៤. គំរូផ្ទាល់ខ្លួនរបស់សាវកប៉ុល
ការលើកទឹកចិត្តអោយពួកចាស់ទុំប្រយ័ត្ន គឺជាគំរូផ្ទាល់ខ្លួនរបស់សាវកប៉ុល។ ខ.៣១ «ដូច្នេះ ឲ្យចាំយាមចុះ ចូរនឹកចាំថា ក្នុងរវាង៣ឆ្នាំ ខ្ញុំចេះតែប្រដៅទូន្មានដល់អ្នករាល់គ្នានីមួយៗ ដោយទឹកភ្នែក ទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរឡើយ»។ បើសិនសាវកប៉ុលបានធ្វើការទាំងថ្ងៃទាំងយប់ បើសិនគាត់បានធ្វើការជាមួយមនុស្សទាំងអស់ បើសិនគាត់បានធ្វើការដោយទឹកភ្នែក នោះខ្ញុំ និងចាស់ទុំផ្សេងទៀតនៅក្នុងពួកជំនុំរបស់យើងត្រូវលះបង់ជីវិតរបស់យើងទាំងយប់ទាំងថ្ងៃសម្រាប់ពួកជំនុំផងដែរ!។
Leave a Reply