Daniel 8 pdf download
ដានីយ៉ែល៨ គឺខុសគ្នានឹងដានីយ៉ែល៧ ដោយដានីយ៉ែល៧ផ្តល់នូវទិដ្ឋភាពទូទៅនៃប្រវត្តិសាស្ត្រនគររបស់មនុស្សជាតិ ចាប់ពីនគររបស់ពួកបាប៊ីឡូនដល់ចុងបញ្ចប់នៃនគររបស់ព្រះ ប៉ុន្តែជំពូក៨ផ្ដោតលើនគរទីពីរនិងទីបី ដែលត្រូវបានលើកឡើងនៅក្នុងជំពូក៧។ នគរទាំងពីរបានគ្រប់គ្រងអស់រយៈពេលប្រហែលពីររយឆ្នាំ (៣៥០-១៦៤មុនគ.ស)។ នៅក្នុងជំពូក៨ ទេវតាមានបន្ទូលយ៉ាងច្បាស់ថា ចៀមឈ្មោលគឺជានគររបស់មេឌីនិងពើស៊ី ហើយពពែឈ្មោលគឺជានគររបស់ក្រិក (៨:២០-២១)។ ទោះបីជាការពន្យល់របស់ទេវតាជួយអោយយើងកាត់ស្រាយជំពូកនេះក៏ដោយ ក៏យើងនៅតែត្រូវការសិក្សាអោយដឹងថា «ស្នែងតូច១» (ខ. ៩) «ពួកពលបរិវារនៅលើមេឃ» (ខ. ១០) «អ្នកជាកំពូលបណ្តាច់នៃពួកពលបរិវារ» (ខ. ១១) ថាជាអ្នកណា? ហើយ «២៣០០ព្រឹកនិងល្ងាច» (ខ. ១៤) គឺជាអ្វីផងដែរ។ យើងក៏ត្រូវគិតអំពីទំនាក់ទំនងនៃជំពូកនេះជាមួយយើងនៅសព្វថ្ងៃនេះផងដែរ។
អត្ថបទគម្ពីរ និងបរិបទ
យោងតាមអត្ថបទគម្ពីរ ដានីយ៉ែល៨ទាក់ទងនឹងដានីយ៉ែល៧យ៉ាងជិតស្និទ្ធបំផុត។ ហោរាដានីយ៉ែលបានទទួលនិមិត្តនៅក្នុងដានីយ៉ែល៧ «នៅក្នុងឆ្នាំដំបូងនៃបេលសាសារ» (៧:១) ហើយគាត់បានទទួលនិមិត្តនេះ «នៅឆ្នាំទី៣ក្នុងរាជ្យនៃស្តេចបេលសាសារ» (៨:១)។ ចូរចងចាំថា ព្រះបានសំឡាប់ស្តេចបេលសាសារនៅយប់ដែលស្តេចបេលសាសារបានសោយពីពែងបរិសុទ្ធនៃព្រះវិហារ (ដានីយ៉ែល ៥:៣០)។ និមិត្តនៅក្នុងជំពូក៨ ផ្ដោតលើទោសកាន់តែធ្ងន់ធ្ងររបស់ស្តេច ដែលទ្រង់នឹងលើកចោលការថ្វាយដង្វាយដុតដែលត្រូវថ្វាយដល់ព្រះជានិច្ច» ហើយធ្វើអោយទីបរិសុទ្ធរបស់ព្រះត្រូវអាប់ឱន (៨:១១) ដែលនឹងធ្វើអោយព្រះត្រូវសំឡាប់ស្តេចមួយអង្គនេះចោល («វានឹងត្រូវបែកបាក់ទៅ ឥតមានដៃអ្នកណាធ្វើឡើយ» ៨:២៥)។
នៅក្នុងនិមិត្តនេះផងដែរ នគរទីពីរនិងទីបីនៅក្នុង ដានីយ៉ែល៧ ត្រូវបានបរិយាយថាដូចជាសត្វ។ ដានីយ៉ែល៨:៣ ពិពណ៌នាចៀមឈ្មោលមួយ ដែលមានស្នែងម្ខាងខាងវែងជាងស្នែងម្ខាងទៀត ជំនួសអោយខ្លាឃ្មុំចំហៀងម្ខាងខ្ពស់ជាងចំហៀងម្ខាងទៀត ហើយដានីយ៉ែល ៨:៨ ពិពណ៌នាពពែឈ្មោលមួយ ដែលមានស្នែងមួយត្រូវបាក់ រួចមានស្នែងបួនដុះឡើងជំនួស ជំនួសអោយខ្លារខិនមានក្បាលបួន។
ជំពូកនេះក៏មានទំនាក់ទំនងជាមួយជំពូកបន្តបន្ទាប់ទៀតផងដែរ។ ដានីយ៉ែល ៨:៩ និយាយអំពី «ស្រុកដ៏ឧត្តម» (សូមមើល ដានីយ៉ែល ១១:១៦, ៤១ ប្រៀបធៀប ៖ អេសេគាល ២០:៦, ១៥)។ ដានីយ៉ែល ៨:១៣ និយាយអំពី «អំពើរំលងដែលធ្វើអោយខូចបង់» ដែលសំដៅទៅលើ «សេចក្តីស្អប់ខ្ពើមដែលនាំអោយបង្ខូចបំផ្លាញឡើង» នៅក្នុង ១១:៣១ និងឃ្លាស្រដៀងគ្នាមួយនៅក្នុង ៩:២៧ និង ១២:១១។ ព្រះយេស៊ូវនឹងមានបន្ទូលអំពីឃ្លានេះនៅក្នុងព្រះគម្ពីរសញ្ញាថ្មី («សេចក្តីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ» ម៉ាកុស ១៣:១៤; ម៉ាថាយ ២៤:១៥ «សេចក្តីវិនាស» លូកា ២១:២០ ប្រៀបធៀប ៖ ២ថែស្សាឡូនីច ២:៣-៤)។ ដានីយ៉ែល ៨:១៩ និយាយអំពី «ពេលចុងបំផុតនៃសេចក្តីគ្នាន់ក្នាញ់» ជាឃ្លាមួយដែលនឹងត្រូវបានប្រើម្តងទៀតនៅក្នុង ១១:៣៦។ ទេវតាកាព្រីយ៉ែលអះអាងថា និមិត្តនេះគឺ «ពិតប្រាកដ» (៨:២៦) ហើយនឹងត្រូវបាននិយាយម្តងទៀតនៅក្នុង ដានីយ៉ែល ១០:១ និង ១១:២ ត្រូវបាននិយាយម្តងទៀតដោយប្រើពាក្យផ្សេងនៅក្នុង ១២:៧ ហើយក្រោយមកត្រូវបានប្រើនៅក្នុង វិវរណៈ ១៩:៩; ២១:៥ និង ២២:៦។
រចនាសម្ព័ន្ធ
យើងអាចបែងចែកជំពូកនេះជាបួនទស្សនីយភាព ៖
ទស្សនីយភាពទី១ ៖ ហោរាដានីយ៉ែលមើលឃើញខ្លួនគាត់នៅក្រុងស៊ូសាន ហើយទទួលបាននិមិត្តមួយ (១-១២)
ទស្សនីយភាពទី២ ៖ ដានីយ៉ែលស្តាប់លឺការសន្ទនារវាងអ្នកបរិសុទ្ធពីរនាក់ (១៣-១៤)
ទស្សនីយភាពទី៣ ៖ ការលេចមករបស់ទេវតាកាព្រីយ៉ែល និងការលុងស្មារតីរបស់ហោរាដានីយ៉ែល (១៥-១៨)
ទស្សនីយភាពទី៤ ៖ ការកាត់ស្រាយរបស់ទេវតាកាព្រីយ៉ែល (១៩-២៦)
ប្រយោគបែងចែកដំណើររឿងបង្ហាញថា ខ. ១៣-១៤ និង២៥ គឺជាចំណុចផ្លាស់ប្តូរធំនៅក្នុងនិមិត្តនេះ ដែលនឹងជួយអោយយើងស្វែងរកផ្ទៃរឿង និងបង្កើតសេចក្តីអធិប្បាយបាន។
ពាក្យផ្ទួន
ស្រដៀងគ្នានឹងសុបិន្ដនិមិត្តនៅក្នុងដានីយ៉ែល៧ដែរ ហោរាដានីយ៉ែលប្រើពាក្យផ្ទួន «ការជាក់ស្តែងលេចមក អោយខ្ញុំ (ដានីយ៉ែល) ឃើញ» (ខ. ១ [២ដង], ២ [៣ដង], ៣, ៤, ៦, ៧, ១៥, ២០)។ ពាក្យផ្ទួនសំខាន់ផ្សេងទៀតមានដូចជា «ឈរ» «កន្លែង» នៅក្នុងខ. ៣, ៤, ៧, ១៥, ១៧, ១៨ (២ដង), ២២ (២ដង), ២៣, ២៥ «ត្រូវដួលចុះដល់ដី» នៅក្នុងខ. ៧, ១១, ១២ «ជាន់ឈ្លី» នៅក្នុងខ. ៧, ១០, ១៣ «កណ្តាប់ដៃ»/ «អំណាច» នៅក្នុងខ. ៤, ៧, ២៥ «កំឡាំង» នៅក្នុងខ. ៦, ៧, ២២, ២៤ (២ដង) និង «អំណាច» (ឬ «កំឡាំង») នៅក្នុងខ. ៨ និង២៤ (២ដង)។ ពាក្យផ្ទួនទាំងនេះបង្ហាញថា និមិត្តនេះគឺអំពីអំណាចនិងជម្លោះ។ សំនួនសេចក្តីដែលបរិយាយអំពីការធ្វើការចលនាបញ្ជាក់អំពីការរំលោភបំពាន។ ចៀមឈ្មោលកំពុងទន្ទ្រានទៅទិសខាងលិចនិងទិសខាងជើង និងទិសខាងត្បូង » (ខ. ៤)។ ពពែឈ្មោលមួយក្បាលមកពីទិសខាងលិច ហើយហោះពេញលើផែនដី (ខ. ៥)។ នៅពេលស្នែងធំរបស់វាបាក់ នោះមានស្នែងទាំងបួនដុះឡើងជំនួស កន្ធែកទៅទិសទាំងបួន (ខ. ៨)។ ស្នែងតូចដុះឡើងបែរទៅទិសខាងត្បូង ខាងកើត និង «ខាងស្រុកដ៏ឧត្តម» (ខ. ៩) ហើយ «ខ្ពស់ដូចជាពួកពលបរិវារនៅលើមេឃ» (ខ. ១០)។ ប្រហែលជាពាក្យផ្ទួន «ដំកើងខ្លួនយ៉ាងក្រៃលែង» (ឬ «ដំកើងខ្លួនឡើង») នៅក្នុងខ. ៤, ៨, ៩, ១០, ១១, ១៥ មានសារៈសំខាន់បំផុតសំរាប់ការស្វែងរកផ្ទៃរឿង។
ការកាត់ស្រាយរូបភាពជាក់លាក់ផ្សេងៗ
ខ. ២០-២១ ប្រាប់យ៉ាងច្បាស់អំពីអត្តសញ្ញាណនៃចៀមឈ្មោលនិងពពែឈ្មោល។
ស្នែង១តូច (ខ. ៩)
សាស្ត្រាចារ្យព្រះគម្ពីរស្ទើរតែទាំងអស់យល់ស្របថា ស្នែង១តូចតំណាងអោយស្តេចអាន់ទីអូគូសទី៤ ដែលបានបៀតបៀនពួកយូដាយ៉ាងខ្លាំង ហើយបានប្រមាថព្រះវិហាររបស់ព្រះ។ ដូច្នេះ ស្នែងតូចនេះតំណាងឲ្យមនុស្សផ្សេងពីស្នែងតូចនៅក្នុងដានីយ៉ែល៧។ ស្នែងតូចនៅក្នុងដានីយ៉ែល៧បានមកពីសំណល់នៃនគរទីបួននិងជានគរចុងក្រោយនៅក្នុងពិភពលោក គឺនៅក្នុងចំណោមស្នែងទាំងដប់ ហើយបានជំនួសអោយស្នែង/ស្តេចបី (៧:២៤)។ ស្នែងតូចនោះនឹងសំដែងអំណាចបំផ្លាញរបស់វានៅថ្ងៃចុងក្រោយ គឺនៅមុនការវិនិច្ឆ័យចុងក្រោយ ដែលយើងអាចកំណត់អត្តសញ្ញាណវាជាមនុស្ស ដែលព្រះគម្ពីរសញ្ញាថ្មីហៅថា «អាទទឹងនឹងព្រះគ្រីស្ទ» និង «អាទទឹងច្បាប់»។
ប៉ុន្តែ ស្តែងតូចនៅក្នុងដានីយ៉ែល៨មកពីសំណល់នគរទីបី ដែលទេវតាកាព្រីយ៉ែលអោយអត្តសញ្ញាណជាសាសន៍ក្រិក (៨:២១)។ លើសពីនេះ ស្នែងមួយនេះមកពីស្នែងទាំងបួន បន្ទាប់ពីការស្លាប់របស់អធិរាជអ័លេខក្សានឌើរ (Alexander the Great)។
ពួកពលបរិវារនៅលើមេឃ (ខ. ១០)
ខ. ១១ និង១២ និយាយថា «វាដំកើងខ្លួនឡើង រហូតដល់អ្នកជាអ្នកកំពូលបណ្តាច់នៃពួកពលបរិវារផង ក៏លើកចោលការថ្វាយដង្វាយដុត ដែលត្រូវថ្វាយជានិច្ចពីទ្រង់ចេញ…ឯពួកពលបរិវារ ក៏ត្រូវប្រគល់ទៅព្រមគ្នានឹងការថ្វាយដង្វាយដុតជានិច្ច»។ នេះសំដៅលើការវាយប្រហាររបស់ស្តេចនេះទៅលើព្រះវិហាររបស់ព្រះនៅក្នុងក្រុងយេរូសាឡិម និងរាស្ត្ររបស់ព្រះ («ពួកពលបរិវារ»)។ ដូច្នេះ «ពួកពលបរិវារនៅលើមេឃ» នៅក្នុងខ. ១០ អាចសំដៅលើ «ពួកពលបរិវារ ដែលជាកងទ័ពនៅស្ថានសួគ៌» គឺជាមនុស្សដែលថ្វាយបង្គំនិងបម្រើព្រះនៃស្ថានសួគ៌។ នៅកន្លែងផ្សេងៗទៀតនៅក្នុងព្រះគម្ពីរសញ្ញាចាស់ក៏បានហៅអ៊ីស្រាអែលជា «ពួកពលបរិវាររបស់ព្រះយេហូវ៉ា» ផងដែរ (និក្ខមនំ ១២:៤១; ៦:២៦; ៧:៤; ១២:១៧, ៤១, ៥១; ជនគណនា ១:៣; ២:៣, ៩, ១០…ល)។
ដានីយ៉ែល ៨:១០ និយាយថា ស្នែងតូចនោះ «បានទំលាក់ពួកពលបរិវារខ្លះនិងផ្កាយខ្លះមកដល់ដី ហើយជាន់ឈ្លីដោយជើង»។ នៅក្នុងព្រះគម្ពីរចាស់ ផ្កាយក៏អាចតំណាងអោយរាស្រ្តរបស់ព្រះនៅលើផែនដីផងដែរ (ឧទាហរណ៍ ជនគណនា ២៤:១៧; ដានីយ៉ែល ១២:៣)។ ដូច្នេះ នៅពេលហោរាដានីយ៉ែលទាយថាស្នែងតូចនឹងទំលាក់ «ពួកពលបរិវារខ្លះនិងផ្កាយខ្លះមកដល់ដី» នោះប្រហែលជាចង់សំដៅលើក្រុមមនុស្សដដែល ដែលជារាស្ត្ររបស់ព្រះ ដែលស្តេចអាន់ទីអូគូសនឹងសំឡាប់។
ដូច្នេះ «ពួកពលបរិវារនៅលើមេឃ» របស់ហោរាដានីយ៉ែលប្រហែលសំដៅលើក្រុមមនុស្ស ដែលបំរើ «មហាក្សត្រនៃស្ថានសួគ៌» (៤:៣៧)។ ខ. ២៤ និយាយថា ស្តេចនេះ «នឹងមានអំណាចយ៉ាងខ្លាំងក្រៃលែង…វានឹងបំផ្លាញពួកខ្លាំងពូកែ និងពួកបរិសុទ្ធបង់» ដែលជារាស្ត្របរិសុទ្ធរបស់ព្រះ។ ដូច្នេះ ខ. ២៤ ក៏អាចគាំទ្រការកាត់ស្រាយនេះបានផងដែរ។
អ្នកជាកំពូលបណ្តាច់នៃពួកពលបរិវារ (ខ. ១១)
សាស្ត្រាចារ្យព្រះគម្ពីរភាគច្រើនជឿថា នេះសំដៅលើព្រះជាម្ចាស់។
២៣០០ព្រឹកនិងល្ងាច (ខ. ១៤)
នេះគឺជាបញ្ហាមួយដែលមានការមិនយល់ស្របគ្នាយ៉ាងខ្លាំង។ សំនួរនៅក្នុងខ. ១៣ សួរថា តើដល់កាលណាទើបការបំផ្លាញនិងការបៀតបៀននឹងបញ្ចប់។ ចម្លើយគឺ «គឺដរាបដល់បានកន្លង២៣០០ព្រឹកនឹងល្ងាចទៅ នោះទើបទីបរិសុទ្ធនឹងបានស្អាតឡើងវិញ» (៨:១៤)។ សេចក្តីលំអិតនៃការកាត់ស្រាយពេលវេលានេះមានភាពស្មុគស្មាញខ្លាំងណាស់ ប៉ុន្តែមានការកាត់ស្រាយពីរដែលត្រឹមត្រូវជាងគេគឺ៖
១. ពេលវេលានេះសំដៅលើកំឡុងពេលចាប់ពីឆ្នាំ១៧០ដល់១៦៤មុនគ.ស គឺចាប់ពីពេលដែល Antiochus បានចាប់ផ្តើមបៀតបៀនពួកយូដា ហើយប្លន់យកព្រះវិហាររហូតដល់ពេលការឧទ្ទិសថ្វាយព្រះវិហារឡើងវិញ។
២. ២៣០០ព្រឹកនិងល្ងាចគឺជានិមិត្តសញ្ញា (ចំនួនលេខដែលគេប្រើជារឿយៗជានិមិត្តសញ្ញានៅក្នុងការសរសេរប្រភេទនេះ)។ ២៣០០ថ្ងៃគឺជារយៈពេល៦ឆ្នាំ និងជិត៤ខែ។ ដូច្នេះ នេះអាចជានិមិត្តសញ្ញាថា ការកៀបសង្កត់មិនបានបន្តរហូតដល់រយៈពេលប្រាំពីរឆ្នាំពេញឡើយ។ នេះមានន័យថា ពេលវេលាកៀបសង្កត់អ៊ីស្រាអែល និងពេលវេលាបំផ្លាញទីបរិសុទ្ធដោយស្តេចអាន់ទីអូគូស (Antiochus) នឹងមិនបន្លាយដល់កំឡុងពេលពេញលេញនៃការវិនិច្ឆ័យរបស់ព្រះទេ គឺនឹងមិនបន្លាយពេលវេលាយូរដូចជាការកៀបសង្កត់លើអ៊ីស្រាអែលយ៉ាងធ្ងន់ធ្ងរដោយសាសន៍មេឌីទេ [«ប្រាំពីរឆ្នាំ»] ចៅហ្វាយ ៦:១ ឬដូចជាគ្រោះទុរភិក្ស ដែលអ៊ីស្រាអែលបានជួបប្រទះនៅសម័យហោរាអេលីសេទេ [«ប្រាំពីរឆ្នាំ» ២ពង្សាវតារ ៨:១]។ ប្រហែលជាការកាត់ស្រាយទាំងពីរនេះត្រឹមត្រូវ ដែលវាជាកំឡុងពេលពិតប្រាកដ ដែលបង្ហាញអំពីសេចក្តីមេត្តាករុណារបស់ព្រះថា ការកៀបសង្កត់មិនបានបន្លាយពេលដល់រយៈពេល៧ឆ្នាំពេញទេ។
នៅក្នុងសេចក្តីអធិប្បាយ យើងមិនគួរចំណាយពេលវេលាច្រើនលើបញ្ហានេះ ពីព្រោះវានឹងធ្វើអោយគំនិតចំបងនៃនិមិត្តអន់ថយទៅ។ ទេវតាកាព្រីយ៉ែលមិនផ្តល់ការកាត់ស្រាយអំពីព្រឹកនិងល្ងាចទេ។ គំនិតចំបងមិនបានកំណត់សេចក្តីលំអិតនាពេលអនាគតទាំងនេះទេ ប៉ុន្តែអត្ថបទបង្ហាញអំណាចរបស់ព្រះនៅក្នុងការស្តាទីបរិសុទ្ធរបស់ទ្រង់ឡើងវិញ គឺព្រះជាម្ចាស់គ្រប់គ្រងលើប្រវត្តិសាស្ត្រ។ ស្នែងតូចមិនគ្រាន់តែបានវាយប្រហាររាស្ត្ររបស់ព្រះប៉ុណ្ណោះទេ ប៉ុន្តែបានវាយប្រហារព្រះអង្គទ្រង់ផងដែរ (ខ. ១១, ២៥) ប៉ុន្តែព្រះគ្រប់គ្រងប្រវត្តិសាស្ត្រ ហើយរំលំអំណាចអស្ចារ្យរបស់មនុស្សទាំងនេះចុះ។
ផ្ទៃរឿង និងគោលដៅ
យើងបានមើលឃើញពីខាងលើហើយថា យើងអាចនិយាយថា ផ្ទៃរឿងគឺ ទោះបីជាស្តេចអាក្រក់មួយអង្គនឹងវាយប្រហារព្រះវិហាររបស់ព្រះ ហើយបៀតបៀនរាស្ត្ររបស់ព្រះនៅពេលអនាគតក៏ដោយ ក៏ព្រះប្រកបដោយអធិបតេយ្យភាពរបស់យើងនឹងកំណត់ចំនួនថ្ងៃនៃការបៀតបៀនដោយបំផ្លាញអ្នកបៀតបៀនផងដែរ។
ដោយសារតែនិមិត្តនេះសំដៅទៅលើការបៀតបៀននាពេលអនាគតមួយ (ខ. ១៧, ២៦) នោះយើងមានគោលដៅមួយ គឺត្រូវព្រមានអ៊ីស្រាអែលជាមុនអំពីការបៀតបៀនដែលនឹងមកដល់នេះ។ លើសពីនេះ ដោយសារតែព្រះនឹងកំណត់កំឡុងពេលនៃការបៀតបៀននេះ ហើយទ្រង់បំផ្លាញអ្នកបៀតបៀននោះយើងមានគោលដៅមួយទៀត គឺត្រូវធានាអ៊ីស្រាអែលថា ព្រះរបស់យើងប្រកបដោយអធិបតេយ្យភាព ហើយទ្រង់នឹងកំណត់ចំនួនថ្ងៃនៃការបៀតបៀននោះ។ ដូច្នេះ យើងអាចដាក់គោលដៅទាំងពីរនេះបញ្ចូលគ្នាទៅជា ដើម្បីព្រមានអ៊ីស្រាអែលជាមុនអំពីកំឡុងពេលនៃការបៀតបៀនធ្ងន់ធ្ងរមួយនៅក្នុងពេលអនាគត ហើយដើម្បីធានាពួកគេថា ព្រះរបស់ពួកគេដែលប្រកបដោយអធិបតេយ្យភាព នឹងកំណត់ចំនួនថ្ងៃនៃការបៀតបៀន ហើយបំផ្លាញអ្នកបៀតបៀន។
របៀបអធិប្បាយអំពីព្រះគ្រីស្ទ
ជំពូកនេះមិនផ្តល់សេចក្តីសន្យាអំពីព្រះមែស៊ីដែលនឹងយាងមកទេ។ ដូច្នេះ តើយើងអាចអធិប្បាយអំពីព្រះគ្រីស្ទបានយ៉ាងដូចម្តេច?
ការវិវត្តន៍ផ្ទៃរឿងនៃប្រវត្តិសាស្ត្រប្រោសលោះនៅក្នុងព្រះគម្ពីរ
និមិត្តនេះផ្ដោតលើស្តេចអាក្រក់មួយអង្គ ដែលនឹងប្រឆាំងចំពោះព្រះ ហើយបៀតបៀនរាស្ត្ររបស់ព្រះ ប៉ុន្តែព្រះនឹងកំណត់ចំនួនថ្ងៃនៃការបៀតបៀន ហើយបំផ្លាញស្តេចនេះចោល។ ការបៀតបៀននេះបានចាប់ផ្តើមនៅចំពេលការចាប់ផ្តើមប្រវត្តិសាស្ត្រប្រោសលោះម្ល៉េះ គឺនៅពេលកាអ៊ីនបានសំឡាប់អេបិលជាប្អូនប្រុស ប៉ុន្តែព្រះបានវិនិច្ឆ័យកាអ៊ីន។ ការបៀតបៀននេះបានបន្តកើតឡើងចំពោះអ៊ីស្រាអែល ដែលជារាស្ត្ររបស់ព្រះ នៅមុនពេលពួកគេបានក្លាយជាជាតិសាសន៍មួយ (ឧទាហរណ៍ លោកុប្បត្ដិ ១៥:១៣-១៤)។ ប៉ុន្តែព្រះបានវិនិច្ឆ័យនិងបំផ្លាញសាសន៍អេស៊ីព្ទ (ឧទាហរណ៍ និក្ខមនំ ១៤:២៨)។
ក្រោយមកទៀត បន្ទាប់ពីព្រះបានដឹកនាំអ៊ីស្រាអែលចូលទៅក្នុងទឹកដីសន្យា ពួកគេមិនបានដើរតាមសម្ព័ន្ធមេត្រីស៊ីណាយទេ ហើយ «ព្រះអម្ចាស់ប្រគល់គេទៅក្នុងកណ្តាប់ដៃនៃសាសន៍ម៉ាឌានអស់៧ឆ្នាំ» (ចៅហ្វាយ ៦:១)។ ប៉ុន្តែព្រះអម្ចាស់បានវិនិច្ឆ័យសាសន៍ម៉ាឌាន (ចៅហ្វាយ ៦:១៦)។ ជាច្រើនសតវត្សបន្ទាប់មកទៀត «ព្រះអម្ចាស់ទ្រង់ប្រគល់យេហូយ៉ាគីម ជាស្តេចយូដាទៅក្នុងកណ្តាប់ដៃនេប៊ូក្នេសា» (ដានីយ៉ែល ១:២) ហើយអ៊ីស្រាអែលបានរងទុក្ខនៅក្នុងការនិរទេសនៅក្នុងបាប៊ីឡូន។ ម្តងទៀត ព្រះអម្ចាស់បានវិនិច្ឆ័យបាប៊ីឡូន គឺបានសំឡាប់បេលសាសារ ហើយបានប្រគល់នគរទៅអោយមេឌីនិងពើស៊ី (ដានីយ៉ែល ៥:៣០-៣១)។
នៅពេលអ៊ីស្រាអែលបានរងទុក្ខក្រោមការគ្រប់គ្រងរបស់ស្តេចអាក្រក់ បេលសាសារ ព្រះបានប្រទានអោយហោរាដានីយ៉ែលនូវនិមិត្តមួយអំពីពេលកំណត់របស់អ្នកបៀតបៀនរាស្ត្ររបស់ព្រះ ដែលជាស្នែងតូចមួយចេញពីស្នែងទាំងដប់នៃសត្វធំចុងក្រោយ (ឧទាហរណ៍ ដានីយ៉ែល ៧:២៥)។ រាស្ត្ររបស់ព្រះនឹងត្រូវបានបៀតបៀនដោយពួកស្តេចអាក្រក់ ដែលមកមុនអ្នកបៀតបៀនចុងក្រោយនេះ។ នៅក្នុងដានីយ៉ែល៨ ព្រះបានប្រទានអោយហោរាដានីយ៉ែលនូវនិមិត្តមួយអំពី «ស្នែងតូច» មួយទៀត ដែលនឹងបំផ្លាញព្រះវិហាររបស់ព្រះ និងបៀតបៀនរាស្ត្ររបស់ព្រះ (ដានីយ៉ែល ៨:៩-១៤, ២៣-២៥)។ ស្តេចនេះគឺជាស្តេចអាន់ទីអូគូសទី៤ Antiochus IV (១៧៥-១៦៤មុនគ.ស) ប៉ុន្តែព្រះវិនិច្ឆ័យស្តេចអាន់ទីអូគូស (ដានីយ៉ែល ៨:២៥)។
នៅក្នុងម៉ាថាយ ២៤:១៥-១៦, ២៩-៣០ ព្រះយេស៊ូវមានបន្ទូលអំពីដានីយ៉ែល ៨:១៣។ អាទទឹងនឹងព្រះគ្រីស្ទចុងក្រោយនឹងបៀតបៀនរាស្ត្ររបស់ព្រះ។ ព្រះគម្ពីរសញ្ញាថ្មីផ្តល់អត្តសញ្ញាណដល់អ្នកបៀតបៀនរាស្ត្ររបស់ព្រះចុងក្រោយនេះជា «អាទទឹងនឹងព្រះគ្រីស្ទ» ដែលនឹងមកនៅ «ពេលម៉ោងក្រោយបង្អស់» (១យ៉ូហាន ២:១៨) «អាទទឹងច្បាប់នោះនឹងលេចមក» នៅពេលចុងក្រោយបង្អស់ (២ថែស្សាឡូនីច ២:៨)។ ម្តងទៀត ព្រះនឹងវិនិច្ឆ័យអ្នកគ្រប់គ្រងអាក្រក់នេះ ហើយនឹងបំផ្លាញវាទាំងស្រុង (ដានីយ៉ែល ៧:២៦)។
គោលដៅនៃអត្ថបទគម្ពីរ
គោលដៅនៃអត្ថបទគម្ពីរគឺដូចគ្នានឹងគោលដៅរបស់ព្រះយេស៊ូវនៅក្នុងការបង្រៀនរបស់ទ្រង់ដែរ គឺអត្ថបទគម្ពីរនេះបានប្រាប់អ៊ីស្រាអែលថា ព្រះដ៏មានអធិបតេយ្យភាពរបស់ពួកគេនឹងកំណត់ថ្ងៃអនាគតនៃការបៀតបៀនដល់ពួកគេ ដូចជាព្រះយេស៊ូវបានប្រាប់ដល់ពួកជំនុំរបស់ទ្រង់ថា ព្រះនឹងកំណត់ថ្ងៃអនាគតនៃការបៀតបៀនរបស់ពួកទទឹងនឹងព្រះគ្រីស្ទមកលើពួកគេផងដែរ (ម៉ាកុស ១៣:២០)។
ផ្ទៃរឿងសំរាប់សេចក្តីអធិប្បាយ គោលដៅ និងសេចក្តីត្រូវការ
យើងបានមើលឃើញថា ផ្ទៃរឿងរបស់អត្ថបទគម្ពីរនេះគឺ «ទោះបីជាស្តេចអាក្រក់នឹងវាយប្រហារព្រះវិហាររបស់ព្រះ និងបៀតបៀនដល់រាស្ត្ររបស់ទ្រង់នៅពេលអនាគតក៏ដោយ ក៏ព្រះដ៏មានអធិបតេយ្យភាពរបស់យើងនឹងកំណត់ចំនួនថ្ងៃនៃការបៀតបៀនដោយទ្រង់បំផ្លាញពួកអ្នកបៀតបៀនចោលដែរ» ហើយថា ព្រះយេស៊ូវបានប្រើនិមិត្តរបស់ហោរាដានីយ៉ែលសំដៅទៅលើការបំផ្លាញព្រះវិហារ ដែលនឹងកើតឡើងនៅក្នុងឆ្នាំ៧០គ.ស (លូកា ២១:២០-២៤) ហើយបន្ទាប់មកសំដៅទៅលើការបៀតបៀននៅពេលចុងក្រោយ (លូកា ២១:២៥-២៨; ម៉ាថាយ ២៤:២១-២២)។ ដោយសារព្រះគម្ពីរសញ្ញាថ្មីនិយាយដូចជាហោរាដានីយ៉ែលដែរថា អ្នកបៀតបៀននេះនឹងមកនៅ ពេលអនាគត (ម៉ាថាយ ២៤:២១-២២; ២ថែស្សាឡូនីច ២:៣-៨; ១យ៉ូហាន ១:៨) នោះយើងអាចយកផ្ទៃរឿងរបស់អត្ថបទគម្ពីរធ្វើជាផ្ទៃរឿងរបស់សេចក្តីអធិប្បាយបាន ដោយគ្រាន់តែផ្លាស់ប្ដូរបន្តិចបន្តួចប៉ុណ្ណោះ។ ដោយសារតែអាទទឹងនឹងព្រះគ្រីស្ទចុងក្រោយបង្អស់ប្រហែលមិនមែនជា «ស្តេចមួយអង្គ» នោះយើងនឹងប្រើពាក្យមួយទូទៅជាងគឺ «អ្នកគ្រប់គ្រង» ដែលតំណាងអោយទាំងស្តេចអាន់ទីអូគូសនិងអាទទឹងនឹងព្រះគ្រីស្ទ។ ផ្ទៃរឿងរបស់សេចក្តីអធិប្បាយអាចជា ទោះបីជាអ្នកគ្រប់គ្រងអាក្រក់ម្នាក់នឹងបៀតបៀនរាស្ត្ររបស់ព្រះនៅពេលអនាគតក៏ដោយ ក៏ព្រះដ៏មានអធិបតេយ្យភាពរបស់យើងនឹងកំណត់ចំនួនថ្ងៃនៃការបៀតបៀន ដោយបំផ្លាញអ្នកបៀតបៀននោះផងដែរ។
ដោយសារព្រះយេស៊ូវ សាវកប៉ុល និងសាវកយ៉ូហានក៏បានព្រមានយើងជាមុនអំពីការបៀតបៀនដល់រាស្ត្ររបស់ព្រះនៅថ្ងៃចុងក្រោយ នោះគោលដៅសំរាប់សេចក្តីអធិប្បាយអាចស្រដៀងគ្នានឹងគោលដៅរបស់អត្ថបទគម្ពីរដែរ ៖ ដើម្បីព្រមានគ្រីស្ទបរិស័ទជាមុនអំពីពេលវេលានៃការបៀតបៀនធ្ងន់ធ្ងរនៅក្នុងពេលអនាគត ហើយដើម្បីធានាពួកគេថា ព្រះដ៏មានអធិបតេយ្យភាពរបស់ពួកគេនឹងកំណត់ចំនួនថ្ងៃនៃការបៀតបៀននោះ។ មនុស្សខ្លះមិនបានត្រៀមខ្លួនជាស្រេចសំរាប់ការបៀតបៀនពួកជំនុំ ហើយអាចបោះបង់សេចក្តីសង្ឃឹមចោល នៅពេលណាការបៀតបៀនកើតឡើង ហើយគ្រីស្ទបរិស័ទខ្លះទៀតអាចឆ្ងល់ថា ការបៀតបៀននឹងបន្តយូរដល់ពេលណា។ ដូច្នេះ គោលដៅនៅខាងលើនឹងជួយអោយគ្រីស្ទបរិស័ទត្រៀមខ្លួនជាស្រេចសម្រាប់ការបៀតបៀននាពេលអនាគតនោះ។
Leave a Reply