ភីលីព​ ៣:១-១១ Philippians 3:1-11

Phil 3.1-11

ភីលីព​ ៣:១-១១

ការ​ស្គាល់​ព្រះគ្រីស្ទ​​​​

 

ការ​ពិភាក្សា​​ តើ​អ្វី​ទៅ​ដែល​សំខាន់​បំផុត​​នៅ​ក្នុង​ជីវិត​របស់​អ្នក​

 

ការ​រំលឹក​

នៅ​ក្នុង​ភីលីព​ ២:១២-៣០ លោក​ប៉ុល​បាន​ណែ​នាំ​គ្រីស្ទបរិស័ទ​ឲ្យ​ប្រើ​ជីវិត​របស់​ខ្លួន​បំភ្លឺ​នៅ​កណ្តាល​មនុស្ស​ដូច​ជា​តួ​ពន្លឺ​នៅក្នុង​លោក ហើយ​បាន​សរសេរ​អំពី​ដៃគូ​ក្នុង​ដំណឹង​ល្អ​ គឺ​លោក​ធីម៉ូថេ​ និង អេប៉ាប្រូឌីត។

សូម​អាន​ ភីលីព​ ៣:១១១ ទាំង​មូល។

សូម​អាន​ ខ១ ម្ដង​ទៀត។

នៅ​ក្នុង​ខ១ តើ​លោក​ប៉ុល​បាន​ទូន្មាន​​គ្រីស្ទបរិស័ទ​ឲ្យ​​ធ្វើ​អ្វីខ្លះ?​

 

សូម​ចាំ​ថា នៅ​ពេល​ប៉ុល​បាន​សរសេរ​​សំបុត្រ​នេះ​គាត់​បាន​ជាប់​នៅ​ក្នុង​គុក ហើយ​គ្រីស្ទបរិស័ទ​នៅ​ទីក្រុង​ភីលីព​បាន​ទទួល​ការ​បៀត​បៀន​ ប៉ុន្តែ​​ប៉ុល​​នៅ​តែ​មាន​ចិត្ត​អរ​សប្បាយ​ក្នុង​ព្រះអម្ចាស់​ដដែល។

 

ចូរ​អាន​ ខ២។ តើ​លោក​ប៉ុល​បាន​ព្រមាន​ពួកជំនុំ​នៅ​ភីលីព​អំពី​នរណា?

 

ការ​ពន្យល់ ‹ពួក​ឆ្កែ​…​ពួក​កាត់​ស្បែក​ក្លែងក្លាយ› គឺជា​ពួក​គ្រូ​ក្លែង​ក្លាយ​ដែល​អួត​ពី​ខ្លួន អួត​ពី​សកម្មភាព​ខាង​សាសនា ​ហើយ​សន្មត់​ថា ព្រះជាម្ចាស់​នឹង​ទទួល​គេ (គឺ​គេ​បាន​ទទួល​សេចក្ដី​សង្គ្រោះ​) ដោយ​សារ​កិច្ច​ការ​ដែល​គេ​បាន​ធ្វើ។  គេ​ពឹង​ផ្អែក ​ឬ​ទុកចិត្ត​​ទៅ​លើ​ភាព​សុចរិត​របស់​ខ្លួន​ឯង។  នៅ​ក្នុង​ស្ថានភាព​នៅ​ទីក្រុង​ភីលីព​លោក​ប៉ុល​សរសេរ​អំពី​សាសន៍​យូដា​​ដែល​ពឹង​ផ្អែក​ទៅ​លើ​ការ​កាត់​ស្បែក។

សូម​អាន​ ខ៣។​

តើ​នៅ​ក្នុង​ខ​នេះ​លោក​ប៉ុល​បាន​សរសេរ​យ៉ាង​ដូច​ម្តេច​ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​ដែល​បង្ក​ឡើយ​ដោយ​ពួក​កាត់​ស្បែក​ក្លែង​ក្លាយ​នោះ?

 

សូម​អាន​ ខ៤-៦។  ហេតុ​អ្វី​បាន​ជា​លោក​ប៉ុល​និយាយ​ថា លោក​អាច​ទុកចិត្ត​ខ្លួន​ឯង?

 

សូម​អាន​ ខ៧-៩។  ឥឡូវ​នេះ​ ដោយ​សារ​តែ​លោក​ប៉ុល​បាន​ស្គាល់​ព្រះគ្រីស្ទ​ គាត់​បាន​រាប់​ថា​ ‹សេចក្តី​អ្វី​ដែល​មាន​ប្រយោជន៍​ដល់​ខ្ញុំ​ពីមុន› (គ.ខ.ប. ‹អ្វីៗ​ដែល​ខ្ញុំ​ធ្លាប់​គិត​ថា មាន​តម្លៃ​សំរាប់​ខ្ញុំ​›) គឺ​ជា​អ្វី​ទៅ​វិញ?

 

តាមរយៈ​អត្ថបទ​នេះ តើ​សេចក្តី​ដែល​លោក​ប៉ុល​និយាយ​ថា​ ដែល​ប្រសើរ​ជាង​នោះ គឺជា​អ្វីទៅ?

 

តាមរយៈ​អត្ថបទ​នេះ តើ​លោក​ប៉ុល​បាន​ទទួល​សេចក្ដី​សុចរិត​មកពីណា?

 

ការ​អនុវត្តន៍​ នៅ​ពេល​ដែល​អ្នក​ឈរ​នៅ​ពី​មុខ​ទី​ជំនុំ​ជំ​រះ​របស់​ព្រះ​គ្រីស្ទ បើ​ព្រះគ្រីស្ទ​ទ្រង់​សួរ​ថា ‹ហេតុ​អ្វី​បាន​ជា​អ្នក​អាច​ចូល​ទៅ​ឯ​ស្ថានសួគ៌​បាន?› តើ​អ្នក​នឹង​ឆ្លើយ​ថា​យ៉ាង​ម៉េច​

 

បើ​សិន​ជា​យើង​ឆ្លើយតបទៅនឹង​សំនួរ​ថា​ ‹ហេតុ​អ្វី​បាន​ជា​អ្នក​អាច​ចូល​ទៅ​ឯ​ស្ថានសួគ៌​បាន​› ដោយ​ចម្លើយ​ថា ‹ពីព្រោះ​ខ្ញុំ​ជា​មនុស្ស​ល្អ› ឬ ‹ពីព្រោះ​​ខ្ញុំ​បាន​ស្ដាប់​បង្គាប់​ព្រះអង្គ​› ចម្លើយ​ដូច​នោះ នឹង​បង្ហាញ​ថា​យើង​មិន​ទាន់​យល់​ដល់​ដំណឹង​ល្អ​នៅ​ឡើយ​ទេ។  ដំណឹង​ល្អ​បាន​ប្រកាស​ថា យើង​ជា​មនុស្ស​​ទុច្ចរិត​ ប៉ុន្តែ​ព្រះជាម្ចាស់​បាន​រាប់​យើង​ជា​សុចរិត​ដោយ​សារ​ព្រះគ្រីស្ទ​ ហើយ​យើង​ទទួល​ព្រះ​ពរ​នេះ​ដោយ​សារ​យើង​ទុកចិត្ត​ទៅ​លើ​ព្រះគ្រីស្ទ​ គឺ​មាន​ន័យ​ថា​យើង​មិន​ទុកចិត្ត​ទៅ​លើ​ខ្លួន​ឯង​ឡើយ។

 

ការ​ជជែក​គ្នា​​ តើ​មាន​អ្វី​នៅ​ក្នុង​ជីវិត​ (សកម្មភាព​ល្អ​ សមត្ថភាព​ល្អ​ អំពើល្អ ឬ ជំនាញ​ល្អ) ដែល​អ្នក​សន្មត់​ថា​វា​នឹង​នាំ​ឲ្យ​ព្រះ​អង្គ​ផ្តល់​សេចក្តី​សង្គ្រោះ​ដល់​អ្នក ​ហើយ​ទទួល​អ្នក​ទៅ​ឯ​ស្ថានសួគ៌​

 

តើ​អ្នក​គិត​ថា ការ​ស្គាល់​ព្រះគ្រីស្ទ​វា​ប្រសើរ​ជាង​អ្វីៗ​ទាំង​អស់​មែនឬ?  តើ​មាន​ភស្តុតាង​អ្វី​ខ្លះ​នៅ​ក្នុង​ជីវិត​អ្នក ដែល​គាំទ្រ​ដល់​ចម្លើយ​នេះ​

 

ចូរ​អាន​ ខ១០-១១។

តើមាន​អ្វី​ខ្លះ​ទៅ​ដែល​ជា​បំណង​របស់​លោក​ប៉ុល?

 

ការ​ជជែក​គ្នា​​ តើ​អ្នក​មាន​បំណង​ដូច​គ្នា​នឹង​​លោក​ប៉ុល​នៅ​ក្នុង​ខ១០-១១ដែរឬទេ?

 

សេចក្ដី​សង្ខេប​ ដោយ​ព្រោះ​លោក​ប៉ុល​បាន​រាប់​ថា​ការ​ស្គាល់​ដល់​ព្រះគ្រីស្ទ​ និង ការ​ទទួល​សេចក្ដី​សុចរិត​ដោយ​សារ​ព្រះគ្រីស្ទ​ ប្រសើរ​ជាង​អ្វីៗ​ទាំង​អស់ ដូច្នេះ​គាត់​សប្បាយ​រីក​រាយ​នឹង​ការ​ដោះ​ដូរ​ទាំង​អស់​នេះ​ណាស់​ គឺ​គាត់​ចាក​ចោល​អ្វីៗ​ដែល​មនុស្ស​អួត ​និង​រាប់​អាន​ ដើម្បី​វិល​មក​ប្រកប​ក្នុង​ការ​រង​ទុក្ខ​ជា​មួយ​នឹង​ព្រះគ្រីស្ទ​ ព្រមទាំង​​សេចក្តី​ស្លាប់​វិញ​ផង។

 

រំលឹក​ឡើង​វិញ តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ចេញ​ពី​ ភីលីព​ ៣:១-១១?

 

ការ​អនុវត្តន៍​​ និង ជជែក​គ្នា អ្វី​ដែល​យើង​បាន​រៀន​តាមរយៈ​បទ​គម្ពីរ​ខាង​លើ​នេះ តើ​យើង​ត្រូវ​យក​វា​មក​អនុវត្តន៍​​ចំពោះ​ខ្លួន​យើង​យ៉ាង​ដូច​ម្តេច​នា​ពេល​សព្វ​ថ្ងៃ​នេះ?

Leave a Reply

Your email address will not be published. Required fields are marked *

*

Top