កាឡាទី ៣:១៥–២៥
ការរំលឹកនៅក្នុងកាឡាទី ៣:១-១៤ យើងរៀនថា បញ្ហានៃពួកកាឡាទីគឺជាបញ្ហាដែលកើតឡើងជាច្រើនដងក្នុងសព្វថ្ងៃនេះផងដែរ។ គ្រីស្ទបរិស័ទចាប់ផ្តើមជីវិតនៅក្នុងព្រះគ្រីស្ទដោយគេជឿដំណឹងល្អ ប៉ុន្តែក្រោយមក គេចង់បន្តជីវិតនៅក្នុងព្រះគ្រីស្ទដោយប្រព្រឹត្តតាមក្រឹត្យវិន័យហើយគិតថា ព្រះជាម្ចាស់នឹងសង្គ្រោះគេដោយសារគេបានប្រព្រឹត្តតាមក្រឹត្យវិន័យ។ ប៉ុន្តែមិនមែនជាអស់អ្នកដែលកាត់ស្បែក (ឬប្រព្រឹត្តតាមក្រិត្យវិន័យ) ដែលទទួលព្រះពររួមជាមួយអ័ប្រាហាំនោះទេ ប៉ុន្តែអស់អ្នកដែលជឿដំណឹងល្អរបស់ព្រះគ្រីស្ទវិញ។ អស់អ្នកដែលពឹងផ្អែកលើការប្រព្រឹត្តតាមក្រឹត្យវិន័យត្រូវបណ្ដាសា ប៉ុន្តែព្រះជាម្ចាស់បានរាប់យើងជាសុចរិតដោយយើងជឿលើព្រះគ្រីស្ទ។
សូមអានកាឡាទី ៣:១៥-២៥ ទាំងមូល។
សូមអានខ.១៥ ទ្បើងវិញ។ តើមនុស្សអាចលើកចោល ឬ បន្ថែមបញ្ចូល «សេចក្តីសញ្ញា» របស់មនុស្សបានទេ?
ការពន្យល់ ពាក្យភាសាក្រិកនៅក្នុងខ.១៥ ដែលត្រូវបានបកប្រែ «សេចក្តីសញ្ញា» (នៅក្នុងព្រះគម្ពីរខ្មែរបរិសុទ្ធ) គឺជាពាក្យដែលអាចមានន័យថា «ការតាំងសញ្ញា» (គខប សម្ព័ន្ធមេត្រី) ឬអាចមានន័យថា «ពាក្យបណ្ដាំ» (ដូច្នេះហើយ គម្ពីរ គខប បានបកប្រែពាក្យភាសាក្រិកដោយប្រើពាក្យ «ពាក្យបណ្ដាំ»)។ បើមានមនុស្សម្នាក់បានសរសេរពាក្យបណ្ដាំហើយស្លាប់ទៅ គ្មានអ្នកណាអាចផ្លាស់ប្ដូរពាក្យបណ្ដាំរបស់គាត់បានទេ។ មនុស្សចាំបាច់ត្រូវធ្វើតាមពាក្យបណ្ដាំនោះ។ ពូជរបស់គាត់នឹងទទួលមរតកតាមពាក្យបណ្ដាំរបស់គាត់។ នៅអត្ថបទនេះ លោកប៉ុលលើកយកឧទាហរណ៍មួយនេះដើម្បីបង្ហាញថា ការតាំងសញ្ញា (សម្ពន្ធមេត្រី) ដែលព្រះអង្គបានចងជាមួយអ័ប្រាហាំពុំបានលុបបំបាត់ទេ។
សូមអាន ខ.១៦។ ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាដល់នរណា? ___________ និង _______________។
សូមអាន ខ.១៧។ តើ ក្រឹត្យវិន័យបានលុបបំបាត់ពាក្យបណ្ដាំ (ការតាំងសញ្ញា សម្ព័ន្ធមេត្រី) របស់ព្រះអង្គជាមួយអ័ប្រាហាំឬ?
ហេតុអ្វីមិនបាន? ពីព្រោះក្រិត្យវិន័យមកដល់បួនរយសាមសិបឆ្នាំក្រោយមកទៀត ហើយលោកប៉ុលបានបង្ហាញហើយនៅខ.១៥ ថា គ្មាននរណាម្នាក់អាចលុបបំបាត់ ឬបន្ថែមបន្ថយពាក្យបណ្ដាំរបស់មនុស្សបានទេ។
សូមអាន ខ.១៨។ បើសិនជាមរដកនោះបានមកដោយអាងលើក្រិត្យវិន័យនោះ តើបានអាងលើសេចក្តីសន្យាឬទេ?
ការពន្យល់ គ្រូក្លែងក្លាយបានបង្រៀនថា សាសន៍ដទៃដែលបានជឿលើព្រះយេស៊ូវត្រូវប្រព្រឹត្តតាមក្រិត្យវិន័យប្រយោជន៍ដើម្បីអោយគេបានសង្គ្រោះ។ ក្នុងអត្ថបទនេះលោកប៉ុលលើកយកឧទាហរណ៍មួយពីវប្បធម៌នៅសម័យនោះ (ឧទាហរណ៍ស្ដីអំពីពាក្យបណ្ដាំ) ដើម្បីបង្ហាញថា ការបង្រៀនរបស់ពួកគេខុសឆ្គង។ ក្រិត្យវិន័យបានមកដល់បួនរយសាមសិបឆ្នាំក្រោយសម្ព័ន្ធមេត្រីជាមួយនឹងអ័ប្រាហាំ ដូច្នេះមិនបានលុបបំបាត់ពាក្យសន្យានោះទេ។ ដូច្នេះ យើងបានទទួលមរដក (យើងបានសង្គ្រោះ) ដោយព្រះគុណ គឺដោយសេចក្ដីសន្យា មិនមែនដោយប្រព្រឹត្តតាមក្រិត្យវិន័យឡើយ។ ម្ដងទៀត នេះបង្ហាញថា ជំនឿគ្រីស្ទបរិស័ទខុសប្លែកពីសាសនាផ្សេងៗទៀត ដែលស្វែងរកសេចក្ដីសង្គ្រោះតាមរយៈការប្រព្រឹត្តរបស់ខ្លួន។
សូមអាន ខ.១៩-២០។ ក្រឹត្យវិន័យកើតមានមកដើម្បីអ្វី?
ក្រិត្យវិន័យមានប្រយោជន៍នេះទាល់តែពេលណា?
ការពន្យល់ លោកប៉ុលបង្រៀនថា ក្រិត្យវិន័យមានប្រយោជន៍នៅក្នុងផែនការរបស់ព្រះជាម្ចាស់។ ក្រិត្យវិន័យបានមកក្រោយពីអ័ប្រាហាំ ប៉ុន្តែនៅមុនពូជពង្សរបស់អ័ប្រាហាំដែលត្រូវទទួល មរដកយាងមកដល់។
សូមអាន ខ.២១-២២។ តើ ក្រឹត្យវិន័យអាចផ្ដល់ជីវិតឬទេ?
តើ មនុស្សនឹងបានសុចរិតដោយសារក្រឹត្យវិន័យឬទេ?
តើ នរណាបានទទួលផល ស្របតាមព្រះបន្ទូលសន្យា?
សូមអាន ខ.២៣-២៥។ តើ ក្រិត្យវិន័យធ្វើជាអ្នកដឹកនាំយើងរាល់គ្នាទៅដល់នរណា?
តើ យើងនៅក្រោមអំណាចរបស់អ្នកដឹកនាំ (ក្រិត្យវិន័យ) ឬទេ? ហេតុអ្វី?
ការពន្យល់ នៅទីនេះលោកប៉ុលបង្រៀនថា ក្រិត្យវិន័យមិនជាបញ្ហាទេ ប៉ុន្តែបញ្ហាមកពីមនុស្ស ពីព្រោះមនុស្សទាំងអស់នៅក្រោមអំណាចបាប។ ក្រិត្យវិន័យបានសំដែងអោយយើងឃើញបាបរបស់ខ្លួន ដូច្នេះវាបាននាំឲ្យយើងឃើញថា យើងត្រូវសំអាងទៅលើព្រះគ្រីស្ទ។ ដោយព្រោះយើងមានបាប មានតែម៉្យាងគត់ដែលយើងបានទទួលផលស្របតាមព្រះបន្ទូលសន្យាគឺ ជឿលើព្រះយេស៊ូវ (មិនគ្រាន់តែជឿព្រះ)។ នៅពេលយើងដល់ព្រះគ្រីស្ទហើយ យើងមិននៅក្រោមអំណាចរបស់អ្នកដឹកនាំនោះទៀតទេ។
ការអនុវត្ត នៅពេលយើងរៀននិងបង្រៀនក្រិត្យវិន័យ យើងត្រូវយល់ឲ្យច្បាស់ថា តួនាទីរបស់ក្រិត្យវិន័យគឺ សំដែងអំពើបាបរបស់យើងនិងនាំយើងទៅដល់ព្រះគ្រីស្ទ។ ជាញឹកញាប់គ្រីស្ទបរិស័ទគិតថា គេបានទទួលពរឬសេចក្ដីសង្គ្រោះដោយគេស្ដាប់តាមក្រិត្យវិន័យ ប៉ុន្តែលោកប៉ុលបានថា «អស់អ្នកដែលអាងដល់ការប្រព្រឹត្តតាមក្រិត្យវិន័យ នោះត្រូវបណ្តាសាវិញ» (៣:១០)។ តើអ្នកឬសមាជិកនៅក្នុងពួកជំនុំរបស់អ្នកអាងដល់ការប្រព្រឹត្តតាមក្រិត្យវិន័យឬទេ?
រំលឹកទ្បើងវិញ តើយើងបានរៀនអ្វីចេញពីកាឡាទី ៣:១៥–២៥?
Leave a Reply