កាឡាទី​ ៣:២៦-៤:៧ Galatians 3:26-4:7

Gal. 3.26-4.7

កាឡាទី​ ៣:២៦:

ការ​រំលឹក នៅ​ក្នុង​កាឡាទី​ ៣:១៥-២៥ លោក​ប៉ុល​បាន​បង្រៀន​ថា ​ក្រិត្យវិន័យ​ដែល​មក​ដល់​ក្រោយ​សេចក្ដី​សន្យា​ដល់​អ័ប្រាហាំ​មិន​អាច​លុប​បំបាត់ ឬ​បន្ថែម​បន្ថយ​ពាក្យ​សន្យា​នោះ​បាន​ទេ។  ក្រិត្យវិន័យ​ធ្វើ​ជា​អ្នកដឹកនាំ​យើង​រាល់គ្នា​ទៅដល់​ព្រះ​គ្រីស្ទ​ ដើម្បី​ឱ្យ​យើង​បាន​រាប់​ជា​សុចរិត​ដោយ​សេចក្តី​ជំនឿ​ ដូច្នេះ​យើង​មិន​មែន​នៅ​ក្រោម​អំណាច​របស់​ក្រិត្យវិន័យ​ទៀត​ឡើយ​ ។

សូម​អាន​កាឡាទី​ ៣:២៦-៤:៧ ទាំង​មូល។​

សូម​អាន​ ៣:២៦-២៩ ទ្បើង​វិញ​ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។​

តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ឲ្យ​យើង​បាន​ធ្វើ​ជា​កូន​របស់​ព្រះ?

តើ​នរណា​ជា​ពូជ​របស់​លោក​អ័ប្រាហាំ?

ការ​ពន្យល់ និង​ការ​អនុវត្ត  សំនួរ​មួយ​ដ៏​សំខាន់​គឺ​ តើ​នរណា​ជា​ពូជ​របស់​អ័ប្រាហាំ​ ដែល​ទទួល​សេចក្ដី​សន្យា​ដែល​ព្រះជាម្ចាស់​បាន​ប្រកាស​ដល់​អ័ប្រាហាំ​នោះ?​  ពូជ​របស់​អ័ប្រាហាំ​គឺ​ជា​កូន​របស់​ព្រះអង្គ។  នៅ​ក្នុង​សញ្ញាចាស់​គឺ​ជា​អ៊ីស្រាអែល​ ដែល​ជា​ពូជ​របស់​អ័ប្រាហាំ ​ដែល​ទទួល​សេចក្ដី​សន្យា​ ប៉ុន្តែ​លោក​ប៉ុល​បង្រៀន​ថា ពូជ​របស់​អ័ប្រាហាំ​មិន​អាស្រ័យ​ទៅ​លើ​សាសន៍​ឬ​ជនជាតិ​ទេ ប៉ុន្តែ​អាស្រ័យ​ទៅ​លើ​ជំនឿ​ជឿ​លើ​ព្រះគ្រីស្ទ​វិញ។  ដូច្នេះ​ហើយ គ្រីស្ទបរិស័ទ​នៅ​កាឡាទី​មិន​ចាំ​បាច់​ត្រូវ​កាត់​ស្បែក​ឬ​ប្រព្រឹត្ត​តាម​ក្រិត្យវិន័យ​ ដើម្បី​អោយ​បាន​ធ្វើ​ជា​ពូជ​របស់​អ័ប្រាហាំ​នោះ​ឡើយ​ទេ។  គ្រីស្ទបរិស័ទ​ខ្លះ​សង្ស័យ​ថា តើ​គេ​ជា​កូន​របស់​ព្រះជាម្ចាស់​ឬ​ទេ?  ប្រហែល​ជា​គេ​គិត​ថា គេ​មិន​ជា​មនុស្ស​ល្អ​ ដូច្នេះ​ព្រះអង្គ​មិន​ទទួល​គេ​ធ្វើ​ជា​កូន​របស់​ព្រះ​ឡើយ។  បើ​សិន​ជា​គេ​ជឿ​លើ​ព្រះគ្រីស្ទ​ពិត​ប្រាកដ​ ​គេ​ពិត​ជា​កូន​របស់​ព្រះ​មែនហើយ។  ជនជាតិ​ខ្មែរ​ធ្លាប់​និយាយ​ថា សាសនា​គ្រីស្ទ​គឺ​ជា​សាសនា​របស់​ជន​បរទេស​ឬ​មនុស្ស​ខាង​លិច​ ប៉ុន្តែ​អត្ថបទ​នេះ​បង្រៀន​ថា ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ​សម្រាប់​មនុស្ស​គ្រប់​ជាតិ​សាសន៍​ទាំង​អស់។

សូម​អាន​ ៤:១-២។  ដរាប​ណា​កូន​ដែល​ត្រូវ​ទទួល​មរដក​នៅ​ក្មេង​នៅ​ឡើយ នោះ​គេ​មិន​ខុស​ពី​នរណា

ហើយ​កូន​នោះ​នៅ​ក្រោម​នរណា?

សូម​អាន​ ៤:៣-៥។  កាល​យើង​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ តើ​យើង​មាន​ស្ថានភាព​យ៉ាង​ម៉េច?

ព្រះជាម្ចាស់​ក៏​ចាត់​ព្រះ​បុត្រា​របស់​ព្រះអង្គ​អោយ​មក​ដើម្បី​លោះ​យើង​ចេញ​ពី​អ្វី?

សូម​អាន​ ៤:៦-៧។  ដោយ​ព្រោះ​យើង​ជា​កូន បាន​ជា​ព្រះ​ទ្រង់​ប្រទាន​អ្វី​ដល់​យើង?

តើ​យើង​នៅជា​បាវបំរើ​នៅ​ឡើយ​ឬ?

ការ​ពន្យល់  លោក​ប៉ុល​បន្ត​បង្រៀន​អំពី​ផ្ទៃរឿង​ដែល​មាន​នៅ​ក្នុង​អត្ថបទ​មុន ដូច​ជា​ពូជ​របស់​អ័ប្រាហាំ​ ក្រិត្យវិន័យ​ សេចក្ដី​សន្យា​ ពាក្យ​បណ្ដាំ ការ​ជឿ​លើ​ព្រះគ្រីស្ទ​ ប៉ុន្តែ​នៅ​អត្ថបទ​នេះ​គាត់​សង្កត់​ធ្ងន់​ទៅ​លើ​ភាព​ជា​កូន​របស់​ព្រះ និង​ពេល​វេលា។  នៅ​ក្នុង​ ៣:១៩ លោក​ប៉ុល​បាន​បង្រៀន​ហើយ​ថា ក្រិត្យវិន័យ​មាន​ខ្លឹមសារ​រហូត​ដល់​ពូជពង្ស​ ដែល​ត្រូវ​ទទួល​មរដក​យាង​មក​ដល់។  ​ជាបឋម​ ព្រះគ្រីស្ទ​គឺ​ជា​ពូជ​របស់​អ័ប្រាហាំ​ (៣:១៦) ហើយ​តាម​រយៈ​ជំនឿ​របស់​យើង​លើ​ព្រះគ្រីស្ទ នោះ​យើង​ក៏​ក្លាយ​ជា​ពូជ​របស់​អ័ប្រាហាំ​ផង​ដែរ (៣:២៩) ។​ ព្រះគ្រីស្ទ​គឺ​ជា​ព្រះរាជ​បុត្រា​ (៤:៤) ហើយ​តាម​រយៈ​ជំនឿ​របស់​យើង​លើ​ព្រះគ្រីស្ទ​ នោះ​យើង​ក៏​ក្លាយ​ជា​កូន​របស់​ព្រះអង្គ​នៅ​ក្នុង​ព្រះគ្រីស្ទ​ផង​ដែរ (៣:២៦)។  ដូច្នេះ​ ពីព្រោះ​យើង​បាន​ជឿ​លើ​ព្រះគ្រីស្ទ​ដែល​បាន​មក​ដល់​ហើយ នោះ​យើង​ស្ថិត​នៅ​ក្នុង​សម័យថ្មី​ ។  ក្រិត្យវិន័យ​លែង​មាន​អំណាច​លើ​យើង​ទៀត​ហើយ​ ពីព្រោះ​យើង​ស្ថិត​ ​នៅ​ក្នុង​សម័យ​ថ្មី។  យើង​មិន​មែន​ជា​បាវ​បំរើ​ទៀត​ទេ ពីព្រោះ​យើង​ស្ថិត​នៅក្នុង​សម័យ​ថ្មី។  ដូច្នេះ​ គ្រីស្ទបរិស័ទ​ដែល​ស្វែងរក​សេចក្ដី​សង្គ្រោះ​ដោយ​ប្រព្រឹត្ត​តាម​ក្រិត្យវិន័យ ​បាន​ច្រឡំ​អំពី​ពេល​វេលា​ហើយ។  ដូច​ជា​គេ​ព្យាយាម​ទៅ​សម័យ​មុន ដែល​ជា​ស្ថានភាព​ស្ថិត​នៅ​ក្រោម​សញ្ញាចាស់ ​(ក្រិត្យវិន័យ​)។

ការ​អនុវត្ត   អ្វី​ដែល​យើង​រៀន​នៅ​ក្នុង​កាឡាទី​បាន​ជួយ​យើង​យល់​កាន់តែ​ច្បាស់​អំពី​ដំណឹង​ល្អ។  នៅ​ក្នុង​កាឡាទី​ ១:៦ យើង​អាន​ថា ពួក​កាឡាទី​បែរ​ទៅ​រក​ដំណឹងល្អ​មួយ​ផ្សេង​ពី​ដំណឹង​ល្អ​ដែល​ពួក​សាវក​បាន​ប្រកាស។  គ្រូ​ខុស​ឆ្គង​បាន​ប្រើ​ព្រះ​គម្ពីរ​ ប៉ុន្តែ​គេ​បាន​យល់​យ៉ាង​ខុស​វិញ។  គ្រូ​ក្លែង​ក្លាយ​ចង់​នាំ​គ្រីស្ទបរិស័ទ​ទៅ​ឯ​សម័យ​ចាស់​វិញ គឺ​ទៅ​ក្រោម​ក្រិត្យវិន័យ។  ការ​ដឹក​នាំ​បែប​នេះ​គឺ​ជា​ការ​នាំ​យើង​ឲ្យ​ជាប់​ឃុំឃាំង​នៅ​ក្រោម​អំណាច​របស់​ក្រិត្យវិន័យ​ហើយ​ (៣:២៣)។  យើង​ត្រូវ​ប្រយ័ត្ន​នឹង​គ្រូ​ក្លែង​ក្លាយ​ដែល​ប្រើ​ព្រះ​គម្ពីរ ​ប៉ុន្តែ​បាន​យល់​យ៉ាង​ខុស​អំពី​ព្រះ​គម្ពីរ​ ហើយ​នាំ​យើង​បែរ​ទៅតាម​ដំណឹងល្អ​មួយ​ផ្សេងទៀត។  នៅ​ក្នុង​អត្ថបទ​នេះ​លោក​ប៉ុល​ពន្យល់​អំពី​ដំណឹង​ល្អ​ពិត​ប្រាកដ​ ដែល​ជា​ដំណឹង​ល្អ​ដែល​បាន​ប្រកាស​ថា យើង​បាន​សង្គ្រោះ​ យើង​បាន​រាប់​ជា​សុចរិត​ យើង​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ ដោយ​សារ​ព្រះគ្រីស្ទ​តែ​ម្នាក់​គត់ ដោយ​សារ​ជំនឿ​តែ​ម៉្យាង​គត់ ដោយ​សារ​ព្រះ​គុណ​តែ​ម៉្យាង​គត់ (កាឡាទី​ ២:១៦, ២១; ៣:១៣-១៤, ២២, ២៤, ២៦)។  បើ​សិន​ជា​យើង​ខក​ខាន​ជាមួយ​សេចក្ដី​ពិត​ទាំង​នេះ នោះ​យើង​បាត់​បង់​ដំណឹង​ល្អ​ពិត​ប្រាកដហើយ​។

រំលឹក​ទ្បើង​វិញ៖ តើ​យើង​បាន​រៀន​អ្វី​ចេញ​ពី​កាឡាទី​ ៣:២៦:?

Leave a Reply

Your email address will not be published. Required fields are marked *

*

Top