កាឡាទី ៥:១–១៥
ការរំលឹកនៅក្នុងកាឡាទី ៤:៨-៣១ យើងរៀនបានថា ១. មុនគ្រីស្ទបរិស័ទនៅកាឡាទីបានទទួលព្រះគ្រីស្ទ គេធ្លាប់បានតាមសាសនានិងប្រពៃណីរបស់មនុស្សលោកដែលមិនស្គាល់ព្រះជាម្ចាស់ ប៉ុន្តែលោកប៉ុលឆ្ងល់អំពីដំណើរនេះណាស់ ពីព្រោះឥឡូវគេបានស្គាល់ព្រះជាម្ចាស់ហើយ ប៉ុន្តែគេបែរទៅបម្រើវិញ្ញាណនិងប្រពៃណីរបស់លោកិយនេះទៅវិញ។ ២. គ្រូក្លែងក្លាយចង់តែឱ្យពួកកាឡាទីបោះបង់លោកប៉ុល ដើម្បីឱ្យពួកកាឡាទីប្រឹងសង្វាតទៅតាមគេវិញ។ ៣. លោកប៉ុលបានលើកយកឧទាហរណ៍មួយមកពីក្រិត្យវិន័យស្ដីអំពីបាវស្រីនិងស្រីអ្នកជាថា «យើងរាល់គ្នាមិនមែនជាកូនរបស់បាវស្រីទេ គឺជាកូនរបស់ស្រីអ្នកជាវិញ» (៤:៣១)។
សូមអានកាឡាទី ៥:១-១៥ ទាំងមូល។
សូមអានខ.១-៤ ទ្បើងវិញ។ តើ ព្រះគ្រីស្ទបានប្រទានអ្វី? (ខ.១)
បើសិនពួកកាឡាទីទទួលកាត់ស្បែក នោះលទ្ធផលគឺជាអ្វី?
តើ ការពឹងដល់ក្រិត្យវិន័យឱ្យបានរាប់ជាសុចរិតមានលទ្ធផលអ្វី?
ការពន្យល់ និងការអនុវត្ត បើយើងអាងដល់ការប្រព្រឹត្តតាមក្រិត្យវិន័យប្រយោជន៍ដើម្បីអោយព្រះអង្គសង្គ្រោះយើង នោះយើងត្រូវប្រព្រឹត្តតាមក្រិត្យវិន័យទាំងមូលយ៉ាងឥតខ្ចោះ។ យ៉ាកុបបានសរសេរថា «ដ្បិតអ្នកណាដែលកាន់ក្រិត្យវិន័យទាំងមូល តែភ្លាត់ជំពប់នឹងបទណាមួយ នោះក៏ត្រឡប់ជាមានទោសចំពោះក្រិត្យវិន័យទាំងមូលនោះហើយ» (យ៉ាកុប ២:១០)។ ម្ដងទៀត សេចក្ដីបង្រៀននេះបានបង្ហាញអំពីភាពខុសគ្នារវាងជំនឿគ្រីស្ទបរិស័ទនិងសាសនាផ្សេងៗទៀត។ គេអាងដល់ការប្រព្រឹត្តតាមក្រិត្យវិន័យប្រយោជន៍ដើម្បីអោយបានសង្គ្រោះ ប៉ុន្តែចំពោះគ្រីស្ទបរិស័ទវិញ បើយើងធ្វើដូច្នេះ នោះព្រះគ្រីស្ទគ្មានប្រយោជន៍អ្វីដល់យើងសោះ។ គ្រូគង្វាលត្រូវប្រយ័ត្នកុំឲ្យការបង្រៀនរបស់គេនាំគ្រីស្ទបរិស័ទអាងដល់ការប្រព្រឹត្តតាមក្រិត្យវិន័យឲ្យសោះ។ បើធ្វើដូច្នោះ គ្រូគង្វាលបាននាំឲ្យព្រះគ្រីស្ទគ្មានប្រយោជន៍អ្វីទាំងអស់ដល់អ្នកស្ដាប់ ហើយបាននាំគេដាច់ចេញពីព្រះគ្រីស្ទផងដែរហើយ។
សូមអាន ខ.៥-៦។ តើ យើងរង់ចាំអ្វី?
តើ ក្នុងព្រះគ្រីស្ទយេស៊ូវ មានតែអ្វីដែលមានប្រយោជន៍?
ការពន្យល់៖ ចាប់ពីជំពូកមួយដល់ជំពូក៤ លោកប៉ុលបានបង្រៀនថា យើងមិនបានសង្គ្រោះនិងមិនបានរាប់ជាសុចរិតដោយការប្រព្រឹត្តរបស់ខ្លួនទេ។ ប៉ុន្តែការបង្រៀននេះមិនមានន័យថា ការប្រព្រឹត្តមិនមានតម្លៃទេ។ ផ្ទុយទៅវិញ ជំនឿពិតប្រាកដនាំអោយយើងប្រព្រឹត្តអំពើផ្សេងៗ ដោយចិត្តស្រឡាញ់ ហើយមានតែប្រព្រឹត្តបែបនេះប៉ុណ្ណោះដែលសំខាន់។
សំនួរអនុវត្ត: តើអ្នកមានជំនឿនិងសេចក្ដីស្រឡាញ់នៅក្នុងជីវិតឬទេ?
សូមអាន ខ.៧-១០។ នៅក្នុងបរិបទនេះ ហេតុអ្វីបានជាលោកប៉ុលប្រើពាក្យថា «ដំបែតែបន្តិច អាចធ្វើឱ្យម្សៅទាំងអស់ដោរឡើងបាន»? ចូរប្រៀបធៀប ម៉ាថាយ ១៦:១១-១២។
គ្រូដែលបំភាន់ពួកគ្រីស្ទបរិស័ទនៅកាឡាទីនឹងត្រូវទទួលអ្វី?
សូមអាន ខ.១១-១២។ ការពន្យល់ ដំណឹងល្អពិតប្រាកដអំពីឈើឆ្កាងមានសេចក្តីបង្អាក់បង្អន់ហើយធ្វើអោយមនុស្សរវាតចិត្តឃ្លាតចាកពីជំនឿ។ ហេតុអ្វី? ពីព្រោះដំណឹងល្អពិតប្រាកដអំពីឈើឆ្កាងប្រកាសថា អំពើល្អដែលយើងប្រព្រឹត្តគ្មានប្រសិទ្ធភាពក្នុងការសង្គ្រោះខ្លួនទេ ប៉ុន្តែការសុគតរបស់ព្រះគ្រីស្ទនៅលើឈើឆ្កាងមានប្រសិទ្ធភាពវិញ។ ប៉ុន្តែ «បើសិនជាសេចក្តីសុចរិតមកដោយសារក្រិត្យវិន័យ នោះព្រះគ្រីស្ទបានសុគតជាឥតប្រយោជន៍សោះ» (កាឡាទី ២:២១)។ ដូច្នេះយើងត្រូវជ្រើសរើស ឬ រកសេចក្ដីសង្គ្រោះដោយការប្រព្រឹត្តជាឥតប្រយោជន៍ ឬ ព្រះគ្រីស្ទបានសុគតជាឥតប្រយោជន៍។ ដូច្នេះហើយបានជា រឿងឈើឆ្កាងមានសេចក្តីបង្អាក់បង្អន់ចំពោះអ្នកដែលថា យើងត្រូវទទួលកាត់ស្បែកឬអាងដល់ការប្រព្រឹត្តតាមក្រិត្យវិន័យ។ ដូច្នេះ គេបានបៀតបៀនលោកប៉ុល ពីព្រោះគាត់បានប្រកាសដំណឹងល្អពិតប្រាកដអំពីឈើឆ្កាង។
សំនួរជជែក តើអ្នកធ្លាប់មានគេបៀតបៀនអ្នកដោយសារអ្នកបានប្រកាសដំណឹងល្អអំពីឈើឆ្កាងហើយបង្រៀនថា ការប្រព្រឹត្តរបស់គេគ្មានប្រសិទ្ធភាពក្នុងការសង្គ្រោះខ្លួនឬទេ?
សូមអាន ខ.១៣-១៥។ តើ លោកប៉ុលជំរុញយើងអោយធ្វើអ្វីក្នុងខ.១៣?
ក្រិត្យវិន័យទាំងមូលបានសំរេចមកក្នុងពាក្យតែ១គឺ________________________________________។
បើយើងចេះតែប្រខាំ ហើយហែកគ្នាស៊ីទៅវិញទៅមក នោះលទ្ធផលគឺជាអ្វី?
សំនួរអនុវត្ត: តើអ្នកអាចធ្វើអ្វីដើម្បីបំរើគ្នាទៅវិញទៅមកដោយសេចក្តីស្រឡាញ់បាន? នៅពួកជំនុំ? នៅក្នុងគ្រួសារ? នៅក្នុងសង្គម?
រំលឹកទ្បើងវិញ តើយើងបានរៀនអ្វីខ្លះចេញពីកាឡាទី ៥:១–១៥?
Leave a Reply