កាឡាទី ៦:១-១៨ Galatians 6:1-18

Gal. 6.1-18

កាឡាទី ៦:១៨

ការ​រំលឹក​: យោង​តាម​កាឡាទី​ ៥:១៦-២៦ យើង​រៀន​បាន​ថា «សាច់ឈាម​តែងតែ​ប៉ងប្រាថ្នា​ទាស់​នឹង​ព្រះ​វិញ្ញាណ ឯ​ព្រះ​វិញ្ញាណ ទ្រង់​ក៏​ទាស់​នឹង​សាច់ឈាម​ដែរ​ សេចក្តី​ទាំង​២​នោះ​ប្រឆាំង​នឹង​គ្នា»​ (៥:១៧)។  អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​សាច់​ឈាម​មិនបាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ឡើយ (៥:២១)។  ដូច្នេះ​យើង​ត្រូវ​រស់​ដោយនូវ​ព្រះ​វិញ្ញាណ (៥:២៥)។

សូម​អាន​កាឡាទី​ ៦:១-១៨ ទាំង​មូល។​

សូម​អាន​ខ.១​ ទ្បើង​វិញ​ហើយ​ឆ្លើយ​សំនួរ​ខាង​ក្រោម។​

បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី​នោះ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច?

ការ​ពន្យល់:​នៅ​ក្នុង​ ៥:២២-២៥ លោក​ប៉ុល​បង្រៀន​ថា បើសិនជា​យើង​រស់​ដោយនូវ​ព្រះ​វិញ្ញាណ នោះ​យើង​មាន​ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ លើស​ពី​នេះ​ទៅ​ទៀត​ យើង​បាន​ឆ្កាង​សាច់ឈាម​ហើយ ព្រមទាំង​សេចក្តី​រំជួល​និង​សេចក្តី​ប៉ងប្រាថ្នា​ទាំង​ប៉ុន្មាន​ផង។  ប៉ុន្តែ​ការ​បង្រៀន​នេះ​មិន​មាន​ន័យ​ថា យើង​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ទេ។  ៦:១ ​បង្ហាញ​ថា ​គ្រីស្ទបរិស័ទ​នៅ​តែ​មាន​បាប​និង​ការ​ល្បួង​នៅ​ក្នុង​ជីវិត​មែន។

សំនួរ​អនុវត្ត:​ តើ ​គ្រីស្ទបរិស័ទ​នៅ​ក្នុង​ពួកជំនុំ​របស់​អ្នក​ធ្លាប់​តម្រង់​បង​ប្អូន​ណា​ដែល​ធ្វើ​ខុស​ឬ​ទេ?  បើ​ធ្លាប់​ តើ​គេ​តម្រង់​ដោយ​ចិត្ត​សុភាព​ឬ​ទេ?

សូម​អាន​ ខ.២ តើ លោក​ប៉ុល​ជំរុញ​យើង​អោយ​ធ្វើ​អ្វី?

ការ​ពន្យល់:​«ក្រិ​ត្យ​វិន័យ​នៃ​ព្រះ​គ្រីស្ទ»​ ប្រហែល​ជា​សំដៅ​ទៅ​ ៥:១៤។

សូម​អាន​ ខ.៣-៥ តើ យើង​បញ្ឆោត​ខ្លួន​ឯង​ដោយ​របៀប​ណា?

ការ​អនុវត្ត​: ​ចូរ​ពិនិត្យពិច័យ​មើល​អំពើ​ដែល​អ្នក​ប្រព្រឹត្ត​នៅ​ក្នុង​គ្រួសារ​ ពួកជំនុំ​ និង​សង្គម។  តើ អ្នក​ត្រូវ​ផ្លាស់​ប្តូរ​អំពើ​ណា​មួយ​ឬទេ?

តើ អ្នក​ធ្លាប់​ប្រៀប​ធៀប​ខ្លួន​ឯង​ជាមួយ​នឹង​អ្នក​ដទៃ​ដែរ​ទេ

ការ​ពន្យល់: នៅ​ក្នុង​ ៥:២៦-៦:៥ លោក​ប៉ុល​បាន​ព្រមាន​គ្រីស្ទបរិស័ទ​អំពី​បាប​ដែល​មក​ដោយ​អំនួត។  ដោយ​អំនួត​យើង​អួត​បំប៉ោង រក​រឿង និង​មាន​ចិត្ត​ឈ្នានីស។  ​អ្នក​ដើរ​ដោយ​ព្រះ​វិញ្ញាណ​មិន​អាច​ដំរង់​អ្នកមាន​បាប​ដោយ​អំនួត​បាន​ទេ ប៉ុន្តែ​ត្រូវ​ដំរង់​គេ​ដោយ​ចិត្ត​ស្លូតបូត​វិញ។  អំនួត​នាំ​យើង​ប្រៀប​ធៀប​ខ្លួន​ឯង​ជា​មួយ​នឹង​អ្នក​ដទៃ ហើយ​តាម​ធម្មតា​យើង​លើក​តម្លៃ​ខ្លួន​ឯង​ខ្ពស់។

សូម​អាន​ ខ.៦។  តើ អ្នក​ដែល​ទទួល​ការ​អប់រំ​ខាង​ព្រះបន្ទូល ត្រូវធ្វើ​អ្វី?

សំនួរ​អនុវត្ត: តើ អ្នក​ធ្លាប់​យក​របស់​ល្អ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​មាន​ មក​ចែក​ដល់​អ្នក​ដែល​អប់រំ​ខ្លួន​ឬទេ?

សូម​អាន​ ខ.៧-១០។  តើអ្នកណា​ដែល​ព្រោះ​ខាង​សាច់ឈាម​របស់​ខ្លួន​ និង​ច្រូត​បានអ្វី?

តើ​អ្នកណា​ដែល​ព្រោះ​ខាង​ឯ​ព្រះ​វិញ្ញាណ នោះ​នឹង​ច្រូត​បានអ្វី?

តើ​លោក​ប៉ុល​បាន​បង្រៀន​អ្វី​ដើម្បី​យើង​មិន​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ?

ការ​ពន្យល់ និង​អនុវត្ត:លោក​ប៉ុល​បាន​លើក​យក​ឧទាហរណ៍​មួយ​ពី​កសិកម្ម​មក​ជំរាប​ថា យើង​ត្រូវ​មាន​មាន​ចិត្ត​អត់ធ្មត់ ដូច​ជា​កសិករ​ទន្ទឹង​រង់ចាំ​ភោគ​ផល​ផង​ដែរ (ប្រៀប​ធៀប​ យ៉ាកុប​ ៥:៧-៨)។  ប្រហែល​ជា​លោកិយ​ល្បួង​គ្រីស្ទបរិស័ទ​តាម​រយៈ​ភ្នែក​ ធ្វើ​ឲ្យ​ឃើញ​ថា លោកិយ​ហាក់​ដូច​ជា​មាន​ជីវិត​ស្រួល​ជាង​ឬ​សប្បាយ​ជាង​ ប្រសិន​បើ​ពួកគេ​សាប​ព្រោះ​តាម​និស្ស័យ​លោកិយ​របស់​ពួក​គេ ប៉ុន្តែ​គ្រីស្ទបរិស័ទ​មិន​ត្រូវ​ចាប់​អារម្មណ៍​នឹង​អ្វីៗ ដែល​ភ្នែក​មើល​ឃើញ​នោះ​ឡើយ តែ​យើង​ត្រូវ​ចាប់​អារម្មណ៍​នឹង​អ្វីៗ ដែល​ភ្នែក​មើល​មិន​ឃើញ​នោះ​វិញ (២កូរិនថូស​ ៤:១៨) ដូច្នេះ​យើង​ទន្ទឹង​រង់ចាំ​ថ្ងៃ​ដែល​ព្រះគ្រីស្ទ​យាង​មក​វិញ។  ដូច្នេះ​ យើង​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​ចំពោះ​មនុស្ស​ទាំង​អស់​ (ខ.១០)។  តើ​ការ​យាង​មក​វិញ​របស់​ព្រះគ្រីស្ទ​លើក​ទឹក​ចិត្ត​អ្នក​អោយ​ប្រព្រឹត្ត​អំពើ​ល្អ​ចំពោះ​អ្នក​ដទៃ ឬ​ឲ្យ​ចាប់​អារម្មណ៍​នឹង​អ្វីៗ ដែល​ភ្នែក​មើល​ឃើញ?

សូម​អាន​ ខ.១១-១៦។ គ្រូ​ក្លែង​ក្លាយ​ដែល​បង្ខំ​ឱ្យ​ពួក​កាឡាទី​ទទួល​កាត់​ស្បែក បាន​ធ្វើ​ដូច្នេះ​ដើម្បី​អ្វី? (ខ.១២-១៣)។ 

តើ លោក​ប៉ុល​អួត​បានតែ​ពី​អ្វី?

តើ​ លោក​ប៉ុល​បាន​អង្វរ​សូម​ព្រះជាម្ចាស់​ប្រទាន​អ្វី?

ការ​ពន្យល់: តាម​ធម្មតា​នៅ​សម័យ​នោះ ​មនុស្ស​ដែល​ផ្ញើ​សំបុត្រ បាន​និទាន​ដល់​អ្នក​ផ្សេងទៀត​ដែល​ត្រូវ​តែ​រក្សា​ទុក​អ្វី​ដែល​គាត់​និយាយ។  នៅ​ខ.១១ ​ប៉ុល​ជំរាប​ថា គាត់​បាន​សរសេរ​សំបុត្រ​នេះ​ដោយ​ដៃ​របស់​ខ្លួន​ផ្ទាល់។​  យោង​តាម​ ៥:១១ យើង​រៀន​បាន​ថា ដំណឹងល្អ​អំពី​ព្រះគ្រីស្ទ​ជាប់​ឆ្កាង​ធ្វើ​អោយ​គេ​រវាត​ចិត្ត (សូម​មើល​មេរៀន​ពី​ ៥:១-១៥)។  ហេតុ​នោះ​បាន​ជា​គេ​បៀតបៀន​លោក​ប៉ុល។  ជនជាតិ​យូដា​អៀន​ខ្មាស មិន​ហ៊ាន​ទទួល​ដំណឹង​ល្អ​អំពី​ឈើឆ្កាង​ ប៉ុន្តែ​លោក​ប៉ុល ​(ដែល​ជា​ជនជាតិ​យូដា​ដែរ) បាន​សម្រេច​ចិត្ត​ថា គាត់​អួត​បានតែ​ពី​ឈើឆ្កាង​នៃ​ព្រះ​គ្រីស្ទ​ប៉ុណ្ណោះ។

សំនួរ​ពិចារណា: តើ​អ្នក​ធ្លាប់​អៀន​ខ្មាស មិន​ហ៊ាន​ទទួល​ឬ​ប្រកាស​ដំណឹង​ល្អ​អំពី​ឈើឆ្កាង​ដែរ​ទេ?  តើ គំរូ​របស់​លោក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​អ្នក​យ៉ាង​ម៉េច​ដែរ?

សូម​អាន​ ខ.១៧-១៨។ តើ លោក​ប៉ុល​មាន​អ្វី​នៅ​ក្នុង​រូប​កាយ​របស់​គាត់? តើ​ ត្រង់​កន្លែង​នេះ​គាត់​ស្ដី​អំពី​អ្វី?

ការ​ពន្យល់​និង​អនុវត្ត:លោក​ប៉ុល​បាន​ទទួល​សេចក្ដី​ទុក្ខ​លំបាក​ដោយ​សារ​ដំណឹង​ល្អ​របស់​ព្រះគ្រីស្ទ។  សព្វ​ថ្ងៃ​នេះ​ផង​ដែរ មាន​គ្រូ​ប្រកាស​ដំណឹង​ល្អ​ដែល​ទទួល​សេចក្ដី​ទុក្ខ​លំបាក ហើយ​យើង​ត្រូវ​អធិស្ឋាន​អោយ​ពួក​គាត់​ ហើយ​មិន​ត្រូវ​ធ្វើ​អោយ​ពួក​គាត់​ពិបាក​ចិត្ត​ឲ្យ​សោះ។

រំលឹក​ទ្បើង​វិញ តើ​យើង​បាន​រៀន​អ្វី​ចេញ​ពី​កាឡាទី​ ៦:១-១៨?

ការ​អនុវត្ត:តាម​អ្វី​ដែល​អ្នក​បាន​រៀន​តាម​រយៈ​បទ​គម្ពីរ​នេះ តើ​អ្នក​ត្រូវ​យក​វា​មក​អនុវត្តន៍​យ៉ាង​ដូច​ម្តេច​នា​ពេល​សព្វ​ថ្ងៃ​នេះ?

Leave a Reply

Your email address will not be published. Required fields are marked *

*

Top