ហាកាយ ១
ពេលដែលត្រូវសង់ព្រះវិហារឡើងវិញ
ចូរអាន ខ.១ តើព្រះបន្ទូលនៃព្រះជាម្ចាស់បានមកដល់នរណា?
តើអ្នកទាំងពីរនេះមានតួនាទីអ្វី?
ចូរអាន ខ.២ ប្រជាជនយូដាពោលអ្វី?
ការពន្យល់នៅឆ្នាំ៥៨៦ មុនគ.ស ពួកបាប៊ីឡូនបានបំផ្លាញយូដានិងយេរូសាឡិមនិងព្រះវិហារ។ លោកនេប៊ូសារ៉ាដានកៀរប្រជាជននៅសេសសល់ក្នុងយេរូសាឡិម អស់អ្នកដែលបានរត់ទៅចុះចូលនឹងស្ដេចស្រុកបាប៊ីឡូន ព្រមទាំងបណ្ដាជនដែលនៅសេសសល់យកទៅធ្វើជាឈ្លើយសឹក។ នៅឆ្នាំ៥៣៨ មុនគ.ស ស៊ីរូសអនុញ្ញាតអោយប្រជាជនយូដាត្រឡប់ទៅយេរូសាឡិមវិញ (អែសរ៉ា ១)។ នៅឆ្នាំ៥៣៦ មុនគ.ស ប្រហែលជា ៥០,០០០ នាក់ (អែសរ៉ា ២:៦៤-៦៥) បានត្រឡប់ដល់យេរូសាឡិម ហើយគេចាប់ផ្តើមសាងសង់ព្រះវិហារនៅក្រោមការដឹកនាំរបស់សូរ៉ូបាបិល។ អ្នកស្រុកជុំវិញនាំគ្នាធ្វើអោយប្រជាជនយូដាបាក់ទឹកចិត្ត ព្រមទាំងបំភ័យពួកគេមិនអោយសាងសង់ព្រះវិហារទៀត (អែសរ៉ា ៤:៤)។
ចូរអាន ខ.៣-១១ តើព្រះជាម្ចាស់មានព្រះបន្ទូលឆ្លើយតបយ៉ាងម៉េចចំពោះជនជាតិយូដា?
ពួកយូដាយកចិត្តទុកដាក់ចំពោះផ្ទះរបស់ខ្លួនជាជាងព្រះវិហាររបស់ព្រះជាម្ចាស់។ តើព្រះអង្គគាប់ព្រះហឫទ័យនឹងអាកប្បកិរិយានេះឬទេ? តើស្ថានភាពនេះទាក់ទងនឹងយើងនាបច្ចុប្បន្ននេះយ៉ាងដូចម្ដេច?
ចូរអានខ.១២ តើប្រជាជនយូដាបានឆ្លើយតបចំពោះព្រះបន្ទូលយ៉ាងដូចម្ដេច?
ចូរអានខ.១៣-១៥ តើព្រះបន្ទូលបានប្រកាសអ្វីតាមរយៈហោរាហាកាយ? តើលោកសូរ៉ូបាបិល លោកមហាបូជាចារ្យយេសួរ ប្រជាជនដែលនៅសេសសល់បានធ្វើអ្វី?
ការផ្សេងៗទៀតដែលយើងរៀនអំពីព្រះជាម្ចាស់
ព្រះទ្រង់ជ្រាបទាំងអស់ (ព្រះជាម្ចាស់ទតឃើញអំពើដែលពួកគេប្រព្រឹត្ត ហើយទ្រង់ព្រះសណ្ដាប់ឮនូវអ្វីដែលប្រជាជននិយាយ)។
ព្រះជាម្ចាស់ទាក់ទងនឹងរាស្រ្តរបស់ព្រះដោយព្រះបន្ទូល ដែលវាយប្រដៅនិងលើកទឹកចិត្តពួកគេ។
ការអនុវត្ត ឥឡូវនេះគ្រីស្ទបរិស័ទមិនសាងសង់ព្រះវិហារនៅយេរូសាឡិមទេ ប៉ុន្តែពួកជំនុំ (រូបកាយរបស់ព្រះគ្រីស្ទ) គឺជាព្រះវិហាររបស់ព្រះជាម្ចាស់ (អេភេសូរ ២:១៩-២១)។ តើអ្នកយកចិត្តទុកដាក់ចំពោះផ្ទះរបស់ខ្លួនជាជាងការសាងសង់ពួកជំនុំឬទេ? នៅហាកាយ ១:១៣ ព្រះជាម្ចាស់មានព្រះបន្ទូលថា ទ្រង់ស្ថិតនៅជាមួយពួកគេដើម្បីអោយពួកគេនឹងបញ្ចប់បេសកកម្មដែលព្រះជាម្ចាស់បានបង្គាប់អោយពួកគេធ្វើ។ ចំពោះយើងវិញ ព្រះគ្រីស្ទសន្យាថា ទ្រង់នឹងស្ថិតនៅជាមួយយើងជារាល់ថ្ងៃផងដែរ ដរាបដល់បំផុតកល្ប ដើម្បីអោយទ្រង់នឹងជួយយើងបញ្ចប់បេសកកម្មដែលទ្រង់បានបង្គាប់យើងធ្វើ។ នៅក្នុងហាកាយជំពូកមួយប្រជាជនយូដាត្រូវការព្រះបន្ទូលដើម្បីលើកទឹកចិត្តពួកគេ។ យើងត្រូវការព្រះបន្ទូលដែលមាននៅក្នុងព្រះគម្ពីរផងដែរ ដើម្បីលើកទឹកចិត្តដល់យើង។
រំលឹកទ្បើងវិញ៖ តើយើងបានរៀនអ្វីខ្លះចេញពីហាកាយ ១:១-១៥?
Leave a Reply