អេសាយ ១១:១–១០
ការរំលឹក នៅក្នុងអេសាយ ៦:៦-១៣ លោកអេសាយបានឃើញភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ហើយទទួលសារភាពអំពើបាបរបស់ខ្លួន ស្ដាប់ព្រះបន្ទូល ទុកចិត្តលើ និងស្ដាប់តាមព្រះអង្គ។ ព្រះជាម្ចាស់បានអត់ទោសអំពើបាបរបស់ហោរាអេសាយ ហើយចាត់គាត់ទៅដើម្បីប្រកាសព្រះរាជសារស្ដីអំពីការវិនិច្ឆ័យដែលមកពីព្រះអង្គ «ដរាបដល់កាលណាទីក្រុងទាំងប៉ុន្មានត្រូវចោលស្ងាត់ឥតមានអ្នកណានៅសោះ» (ខ.១១)។ ប៉ុន្តែគេនៅមានសេចក្ដីសង្ឃឹមពិតមែន ពីព្រោះនៅចុងបញ្ចប់នៃជំពូកប្រាំមួយ ព្រះជាម្ចាស់មានព្រះបន្ទូលថា «ដូចជាដើមឈើទាលហើយនឹងដើមម៉ៃសាក់ដែលសល់នៅតែគល់ ក្រោយដែលគេកាប់រំលំហើយគឺពូជពង្សបរិសុទ្ធជាគល់ឈើនេះឯង»។ នៅក្នុងអេសាយ ១១:១-១០ ព្រះជាម្ចាស់នឹងសំដែងព្រះបន្ទូលបន្ថែមទៀតស្ដីអំពី «ពូជពង្ស» បរិសុទ្ធនេះ។
សូមអានអេសាយ ១១:១-១០ ទាំងមូល។
ចូរអានខ.១ ឡើងវិញ។ តើលំពង់ (ខ្នែង) នេះនឹងដុះចេញពីណា?
ការពន្យល់ អ៊ីសាយជាឪពុករបស់ស្តេចដាវីឌ ដូច្នេះព្រះបន្ទូលនេះស្ដីអំពីស្តេចយូដាមួយអង្គ ដែលព្រះអង្គសន្យាថានឹងយាងមកនៅពេលអនាគត។ អេសាយជំពូក៧-១២ ផ្ដោតលើស្ថានភាពប្រវត្តិសាស្ត្រពិសេសមួយ គឺសម័យរាជកិច្ចរបស់ព្រះបាទអេហាស ដែលជាស្តេចយូដា។ ស្តេចអេហាសមិនទុកចិត្តព្រះជាម្ចាស់ទេ ប៉ុន្តែពឹងផ្អែកលើអាសស៊ើរវិញ។ ក្នុងកាលៈទេសៈនេះព្រះជាម្ចាស់ប្រកាសព្រះបន្ទូលតាមរយៈហោរាអេសាយថា អាសស៊ើរនឹងវាយប្រហាររាស្រ្តរបស់ព្រះ ហើយព្រះជាម្ចាស់នឹងប្រទានស្តេចយូដាមួយអង្គ ដែលនឹងគ្រប់គ្រងដោយសេចក្ដីសុចរិត។
ចូរអានខ.២-៥។ ចូរពិពណ៌នាអំពីស្តេចនេះ។ តើស្តេចនេះនឹងធ្វើអ្វី?
ចូរអានខ.៦-៩។ ចូរពិពណ៌នាអំពីស្ថានភាពនៅក្រោមការគ្រប់គ្រងរបស់ស្តេចនេះ។
ចូរអានខ.១០។ តើនឹងមានអ្វីកើតឡើង «នៅគ្រានោះ»?
ការពន្យល់ នៅក្នុងអេសាយជំពូកពីរមានព្រះបន្ទូលអំពី «នៅគ្រានោះ» ដែលជាថ្ងៃដែលព្រះជាម្ចាស់នឹងជំនុំជំរះមនុស្សលោក? នៅទីនេះយើងបានរៀនអំពីសេចក្ដីសង្ឃឹម «នៅគ្រានោះ» ពីព្រោះសាសន៍ដទៃនឹងមកឯ «ឫសនៃអ៊ីសាយ» («ព្រះមហាក្សត្រដែលប្រសូតចេញពីពូជពង្សលោកអ៊ីសាយ» )។ នៅពេលខ្មែរឬសាសន៍ដទៃផ្សេងទៀតមកឯព្រះគ្រីស្ទ នោះបង្ហាញថា ព្រះជាម្ចាស់រក្សាសេចក្ដីសន្យារបស់ទ្រង់។ សេចក្ដីសន្យារបស់ព្រះជាម្ចាស់ចំពោះលោកអ័ប្រាហាំនៅក្នុងលោកុប្បត្ដិ ១២:២-៣ ជាគ្រឹះសំរាប់សេចក្ដីសន្យានៅក្នុងអេសាយ ១១:១០។ តើក្រុមគ្រួសារទាំងអស់នៅលើផែនដីនឹងបានទទួលពរដោយសារលោកអ័ប្រាហាំយ៉ាងម៉េច (លោកុប្បត្ដិ ១២:៣)? អេសាយ ១១:១០ ប្រកាសថា តាមរយៈ«ឫសនៃអ៊ីសាយ» («ព្រះមហាក្សត្រដែលប្រសូតចេញពីពូជពង្សលោក អ៊ីសាយ»)។ ទាំងអស់នេះជាគ្រឹះដែលជួយយើងយល់ព្រះគម្ពីរសញ្ញាថ្មីនិងព្រះយេស៊ូវ។ ព្រះគ្រីស្ទបង្រៀនថា «មានមនុស្សមកពីទិសទាំងបួន ចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យព្រះជាម្ចាស់» (លូកា ១៣:២៩) ហើយព្រះអង្គនឹងទាញមនុស្សទាំងអស់មកឯទ្រង់ដោយការសុគតនៅលើឈើឆ្កាង (យ៉ូហាន ១២:៣២)។ គេសរសេរប្រកាសបោះភ្ជាប់នឹងឈើឆ្កាងថា «យេស៊ូវអ្នកភូមិណាសារ៉ែតជាស្ដេចនៃយូដា» (យ៉ូហាន ១៩:១៩)។ ព្រឹត្តិការណ៍នេះបញ្ជាក់យ៉ាងជាក់ស្ដែងថា ព្រះគ្រីស្ទគឺជាស្តេចដែលអេសាយជំពូក១១ បានសន្យា។
ការអនុវត្ត តើអ្នកចង់បានមនុស្សលោកដែលមានចរិតលក្ខណៈយ៉ាងម៉េច?
តើយើងអាចមានមនុស្សលោកដ៏ល្អឥតខ្ចោះយ៉ាងម៉េច?
រំលឹកទ្បើងវិញ តើយើងបានរៀនអ្វីអំពីព្រះជាម្ចាស់ចេញពី អេសាយ ១១:១–១០?
ការអនុវត្ត:តាមអ្វីដែលអ្នកបានរៀនតាមរយៈបទគម្ពីរនេះ តើអ្នកមានសេចក្ដីសង្ឃឹមមកពីណា?
Leave a Reply