False teachers and prophets pdf download
ពួកគ្រូ និងហោរាខុសឆ្គង False Teachers and Prophets
សូមអានអត្ថបទទាំងនេះព្រមទាំងឆ្លើយនិងសំនួរផង៖
១. ២ពេត្រុស ២:១-២ នៅក្នុងខ១ តើលោកពេត្រុសបានព្រមានដល់ពួកគ្រីស្ទបរិស័ទអំពីរឿងអ្វី?
តើនឹងមានមនុស្សជាច្រើនដើរតាមគ្រូខុសឆ្គងទាំងនេះឬ?
២. ១យ៉ូហាន ៤:១ តើរាស្ដ្ររបស់ព្រះទទួលបង្គាប់ឱ្យធ្វើអ្វីខ្លះ?
តើមូលហេតុអ្វីបានជាព្រះអង្គបង្គាប់ឱ្យពួកគេធ្វើដូចនេះ?
៣. វិវរណៈ ២:២ តើពួកជំនុំអេភេសូរបានធ្វើកិច្ចការល្អអ្វីខ្លះ?
៤. ២កូរិនថូស ១១:១៣-១៥ សំបកក្រៅរបស់គ្រូខុសឆ្គងមើលទៅដូចអ្វី?
៥. ចោទិយកថា ១៨:២០ នៅក្នុងខនេះ ព្រះជាម្ចាស់បានហាមរាស្ដ្ររបស់ទ្រង់ឱ្យប្រុងប្រយ័ត្នចំពោះមនុស្ស ម្នាក់។ តើមនុស្សម្នាក់នោះជាអ្នកណា?
៦. ចោទិយកថា ១៣:១-៥ នៅក្នុងអត្ថបទនេះ មានហោរាម្នាក់បានប្រកាសពីការអស្ចារ្យ។
តើការអស្ចារ្យនោះបានកើតឡើងឬទេ?
បើសិនជាការអស្ចារ្យបានកើតឡើងមែន តើនោះមានន័យថា អ្នកនោះជាហោរាពិតមែនឬ?
ហេតុអ្វីបានជារាស្ដ្ររបស់ព្រះមិនគួរស្ដាប់តាមហោរាប្រភេទនោះ?
ហេតុអ្វីបានជាព្រះជាម្ចាស់អនុញ្ញាតឱ្យមនុស្សយ៉ាងនោះកើតមកលើផែនដី?
ដូច្នេះ ដូចដែលយើងបានឃើញហើយតាមរយៈចោទិយកថា ១៣:១-៥ ថា ទោះបីជាមានអ្នកណាម្នាក់ ដែលអាចធ្វើការអស្ចារ្យ ឬអាចប្រាប់ពីរឿងនៅថ្ងៃអនាគតបានយ៉ាងត្រឹមត្រូវ នោះមិនមែនមានន័យថា រាស្ដ្ររបស់ព្រះអង្គត្រូវតែស្ដាប់តាមអ្នកនោះទេ។ ប្រសិនបើអ្នកនោះបង្រៀនគោលលទ្ធិខុសឆ្គង នោះយើងមិនគួរស្ដាប់តាមឡើយ។ នៅក្នុងពួកអ៊ីស្រាអែល ព្រះបានបង្គាប់ឱ្យសំឡាប់ហោរាក្លែងក្លាយចោល ដូច្នេះការដែលមិនត្រូវស្ដាប់តាមហោរាក្លែងនេះគឺជារឿងដ៏សំខាន់មួយ។
៧. ម៉ាថាយ ១២:៣៨-៣៩, ១៦:១-៤ តើព្រះយេស៊ូវគ្រីស្ទពណ៌នាអំពីពួកអ្នកដែលចង់បានទីសំគាល់ថាជាមនុស្សបែបណា?
៨. ២ថែស្សាឡូនីច ២:៨-១០ នៅក្នុងខទី៩ តើអាទទឹងច្បាប់ (គ.ខ.ប. បកប្រែថា «មេប្រឆាំងសាសនា») នឹងមានអំណាចធ្វើអ្វីខ្លះ?
តើនឹងមានអ្វីកើតឡើង (ខ១០)?
ហេតុអ្វីបានជាពួកបណ្ដាជនត្រូវវិនាស (ខ១០)?តាមរយៈអត្ថបទខាងលើយើងឃើញថា វាមានសារៈសំខាន់ណាស់សំរាប់រាស្ដ្ររបស់ព្រះអង្គក្នុងការដើរតាមសេចក្ដីពិត និងចៀសចេញពីការបង្រៀនខុសឆ្គង។ យើងទទួលអ្នកណាម្នាក់ថាជាគ្រូបង្រៀនត្រឹមត្រូវ ហើយដើរតាមសេចក្ដីបង្រៀនរបស់អ្នកនោះ មិនមែនដោយព្រោះតែការអស្ចារ្យឬទីសំគាល់ដែលអ្នកនោះធ្វើ ឬដោយព្រោះតែអ្នកនោះទាយទំនាយបានត្រឹមត្រូវ ឬដោយព្រោះអ្នកនោះប្រកាសខ្លួនថាជាគ្រីស្ទាន ឬដើរតាមព្រះយេស៊ូវគ្រីស្ទនោះទេ ដ្បិតអីសាតាំងឆ្លាតវៃណាស់ក្នុងការនាំមនុស្សឱ្យដើរតាមផ្លូវខុស។ សាតាំងដឹងថា មនុស្សងាយត្រូវបានបោកប្រាសតាមរយៈការអស្ចារ្យផ្សេងៗដូចជា ការទាយឆុត ឬទីសំគាល់ផ្សេងៗទៀត។ ដូច្នេះ វាអាចអូសទាញមនុស្សម្នាក់ឱ្យវង្វេងតាមពួកគ្រូខុសឆ្គងតាមរយៈការ អស្ចារ្យទាំងអស់នេះបាន។
មនុស្សជាច្រើនចូលចិត្ដស្វែងរកបទពិសោធន៍អស្ចារ្យ គឺជាបទពិសោធដែលខ្ពស់ជាងបទពិសោធន៍ធម្មតាដែលមនុស្សធ្លាប់មាននៅក្នុងលោកនេះ។ ពួកគេគិតថានៅពេលដែលពួកគេមានបទពិសោធន៍ដ៏អស្ចារ្យទាំងនេះ នោះពួកគេនឹងបានចូលទៅក្នុងពិភពមួយទៀតដែលមិនមែនជាពិភពរបស់មនុស្ស តែជាពិភពរបស់ “ព្រះ” ឬពិភពរបស់ “វិញ្ញាណ” ឬពិភពរបស់ “ទេវតា” វិញ។ ពួកគេប្រហែលជាស្វែងរកបទពិសោធន៍ទាំងនេះតាមរយៈពិធីកម្មសាសនាដូចជាការតាំងសមាធិ អភូតហេតុ មន្តអាគម ឬតាមពិធីផ្សេងៗជាច្រើនទៀត។ ដូច្នេះហើយបានជាសាសនាខុសឆ្គងនៅជុំវិញពិភពលោកមានពេញទៅដោយមនុស្សដែលស្វែងរកបទពិសោធន៍ និងអំណាចទាំងអស់នេះ។ ចំនែកឯព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ ទ្រង់បានមានបន្ទូលយ៉ាងច្បាស់ថា ការដែលខិតខំស្វែងរកទីសំគាល់ ឬការអស្ចារ្យនោះគឺជារឿងដ៏អាក្រក់មួយ។ ប៉ុន្តែ ចំពោះរឿងនេះ ជួនកាលគ្រីស្ទបរិស័ទក៏ធ្លាប់ធ្វើខុសដូចនេះផងដែរ។ នៅពេលដែលមានអ្នកណាម្នាក់បានមក ហើយបានធ្វើ ការអស្ចារ្យ ឬធ្វើកិច្ចការអ្វីមួយដែលមានលក្ខណៈអស្ចារ្យ ឬក៏ប្រកាសថានឹងធ្វើការអស្ចារ្យ ឬ ធ្លាប់មានបទពិសោធន៍ទទួលការអស្ចារ្យដែលគ្រីស្ទបរិស័ទដ៏ទៃទៀតមិនធ្លាប់មាន ហើយពួកគេបានប្រកាសថា ពួកគេមកក្នុងនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ នោះមនុស្សម្នាជាច្រើនបានដើរតាមអ្នកនោះភ្លាម ដោយគ្មានការគិតពិចារណាអ្វីទាំងអស់។ ប៉ុន្តែយើងឃើញថា នៅពេលដែលពួកមនុស្សដើរតាមលំអាននេះដោយមានមូលដ្ឋានលើការអស្ចារ្យ នោះពួកគេក៏ធ្លាក់ទៅក្នុងការបោកបញ្ឆោតយ៉ាងងាយបំផុត។ ពួកគេគិតថា បទពិសោធន៍ អស្ចារ្យទាំងនេះគឺជា “ការបើកសំដែង” ប៉ុន្តែតាមពិតទៅនោះអាចជាការបោកបញ្ឆោត។
ដូច្នេះ រាស្ដ្ររបស់ព្រះអង្គត្រូវល្បងលដល់ពួកគ្រូៗ ដើម្បីឱ្យដឹងច្បាស់ថាសេចក្ដីបង្រៀនរបស់ពួកគេត្រឹមត្រូវឬអត់។ ម្យ៉ាងទៀត យើងស្គាល់សេចក្ដីពិតតាមរយៈព្រះគម្ពីរ ដែលជាការបើកសំដែងប្រកបដោយអំណាចរបស់ព្រះអង្គ។ នោះមានន័យថា យើងអាចស្គាល់ពីការបើកសំដែងរបស់ព្រះជាម្ចាស់តាមរយៈការស្វែងយល់ព្រះបន្ទូលរបស់ទ្រង់គឺជាព្រះគម្ពីរនេះឯង។ ដូច្នេះ យើងត្រូវប្រើគំនិតប្រាជ្ញារបស់យើងដើម្បីសិក្សាព្រះបន្ទូលរបស់ទ្រង់ទាំងនេះ។ នេះគឺជាហេតុផលមួយផ្សេងទៀតដែលមនុស្សម្នាងាយស្រួលធ្លាក់ទៅក្នុងការបោកបញ្ឆោត នៅពេលដែលគ្រូប្រកាសពីបទពិសោធន៍អស្ចារ្យ។ មនុស្សខ្ជិលហើយមិនសូវសិក្សានិងគិតថា វាជាការងាយស្រួលជាងក្នុងការអនុវត្តតាមបទពិសោធន៍ដ៏អស្ចារ្យ។ មនុស្សភាគច្រើនចូលចិត្ដអ្វីៗដែលទាក់ទងនិងអារម្មណ៍ ការអស្ចារ្យ ការរំភើបឬរំជួលចិត្ដ ភាពងាយ និងភ្លាមៗជាជាងការប្រើគំនិត ប្រាជ្ញាក្នុងការសិក្សាស្រាវជ្រាវលើអត្ថបទព្រះគម្ពីរ។ តាមរយៈវិធីសាស្ត្រទាំងនេះឯងដែលសាតាំងមានភាពងាយស្រួលក្នុងការបោកប្រាសដល់មនុស្ស។ នៅក្នុងពួកជំនុំសព្វថ្ងៃ នេះមានពួកគ្រូខុសឆ្គងជាច្រើនបានលេចឡើង។ គេបង្រៀនអំពីព្រះគ្រីស្ទ តែបានបង្រៀនគោលលទ្ធិខុសឆ្គងយ៉ាងច្រើន ដូចដែលព្រះគម្ពីរបានបង្រៀនយើងឱ្យដឹងរួចហើយថា នឹងមានមនុស្សជាច្រើនដើរតាមសេចក្ដីបង្រៀនខុសឆ្គងនេះ។
ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយ ក៏លោកប៉ុលបានលើកយកគំរូពីអ្នកដឹកនាំគ្រីស្ទានដែលមាន លក្ខណៈផ្ទុយពីគ្រូខុសឆ្គងទាំងអស់នេះមកបង្ហាញយើងឱ្យដឹងផងដែរ។ ដូចជានៅក្នុង ២កូរិនថូស ១២:១-៦ យើងឃើញថាលោកប៉ុលបានមានបទពិសោធន៍ដ៏អស្ចារ្យច្រើនលើកច្រើនសារ ហើយលោកក៏ធ្លាប់មានបទពិសោធន៍ទទួលនូវការបើកសំដែងមកពីព្រះជាម្ចាស់ផងដែរ។ ប៉ុន្តែយើងឃើញថា លោកប៉ុលមិនបានអួត ឬប្រកាសពីបទពិសោធន៍ដែលគាត់ធ្លាប់មាននោះទេ។ គាត់ មិនចង់ឱ្យអ្នកណាម្នាក់ដឹងអំពីការបើកសំដែងទាំងនេះទេ ហេតុនេះហើយបានជាលោកមិនដែលប្រាប់អ្នកណាឱ្យដឹង។ មូលហេតុដែលគាត់មិនព្រមនិយាយឱ្យអ្នកណាដឹងពីព្រោះគាត់ព្រួយបារម្ភខ្លាចក្រែងថា នៅពេលដែលលោកនិយាយប្រាប់ហើយ នោះពួកមនុស្សនឹងគិតខ្ពស់ពីលោក ឱ្យតំលៃខ្ពស់ដល់រូបលោក។ មានមនុស្សជាច្រើនដែលចំណាយពេលយ៉ាងច្រើនរបស់ខ្លួនដើម្បីស្វែងរកមុខមាត់ក្នុងសង្គមព្រោះភ័យខ្លាចក្រែងមនុស្សដ៏ទៃគិតទាបអំពីខ្លួន ឱ្យតំលៃដល់ខ្លួនទាប ដែលទង្វើបែបនេះផ្ទុយពីគំនិតរបស់ប៉ុលទាំងស្រុង។ គាត់ដឹងថា ប្រសិនបើគាត់និយាយប្រាប់ពួកបណ្ដាជនថា គាត់បានទទួលការបើកសំដែងដ៏អស្ចារ្យមកពីព្រះជាម្ចាស់ នោះពួកបណ្ដាជននឹងគិតខ្ពស់ ឬឱ្យតំលៃខ្ពស់ដល់រូប លោក ដូច្នេះហើយបានជាលោកសំរេចក្នុងចិត្ដថា នឹងមិននិយាយប្រាប់ពីការនេះដល់អ្នកណាឡើយ។ នៅក្នុងគំនិតរបស់គាត់ គឺគាត់ចង់ឱ្យពួកបណ្ដាជនទទួលស្គាល់គាត់ជាអ្នកដឹកនាំម្នាក់តាមរយៈអ្វីដែលគាត់បាននិយាយ និងធ្វើ មិនមែនតាមរយៈបទពិសោធន៍អស្ចារ្យនោះទេ ដែលនេះគឺជាគំនិត ហើយក៏ជាទង្វើដ៏ត្រឹមត្រូវដែរ។ នោះមានន័យថា ពួកបណ្ដាជនគួរតែទទួលស្គាល់អ្នកដឹកនាំ តាមរយៈគំរូក្នុងជីវិត និងតាមរយៈ ការសាកល្បងឬល្បងលសេចក្ដីបង្រៀនរបស់គ្រូបង្រៀន។ តើគ្រូនោះបង្រៀនពីសេចក្ដីពិតនៅក្នុងព្រះគម្ពីរ ឬទេ។ នេះហើយជាការទទួលស្គាល់ ឬវាយតំលៃដែលប្រកបដោយភាពចាស់ទុំ និងពេញវ័យខាងសេចក្ដី ជំនឿ។
សំនួរ
១. តើសាតាំងអាចបំភាន់មនុស្សបានយ៉ាងងាយដោយរបៀបណា?
២. ហេតុអ្វីបានជាបទពិសោធន៍អធិធម្មជាតិងាយស្រួលក្នុងនាំមនុស្សឱ្យវង្វេង?
៣. តើប៉ុលគឺជាគំរូម្នាក់ដ៏ល្អដោយរបៀបណា?
៤. តើគ្រូបង្រៀនបែបណាដែលយើងគួរស្ដាប់ ឬដើរតាម?
Leave a Reply