1 Sam. 17 pdf download ដើម្បីអោយយើងបានយល់រឿងនេះយ៉ាងត្រឹមត្រូវ យើងត្រូវយល់អំពីកណ្ឌ១សាំយូអែល។ ដើម្បីស្រាវជ្រាវអំពីកណ្ឌ ១សាំយូអែល សូមអានឯកសារ «ពាក្យលំនាំ ៖ សាំយូអែល» http://www.dkdl.org/?page_id=1146 ដែលបានបង្រៀនអំពីស្ថានភាពប្រវត្តិសាស្ត្រនៃរឿងនៅក្នុងកណ្ឌនេះ។ រឿងអំពីដាវីឌ និងកូលីយ៉ាតគឺជារឿងមួយដ៏ល្បីល្បាញនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ហើយក៏មានមនុស្សជាច្រើនយកមកបង្រៀនជាញឹកញាប់ផងដែរ ប៉ុន្តែមនុស្សជាច្រើនដែលបង្រៀនពីរឿងនេះមិនយល់ និងអនុវត្តរឿងនេះអោយបានត្រឹមត្រូវនោះទេ។ មនុស្សជាច្រើនបង្រៀនរឿងនេះជាញឹកញាប់ ដោយមានការអនុវត្តថា «ដាវីឌបានមានជំនឿ ហើយយើងគួរតែធ្វើតាមគំរូរបស់ដាវីឌដែរ គឺមានជំនឿដូចជាគាត់»។ ការអនុវត្តនេះមិនខុសទេ ប៉ុន្តែការអនុវត្តរឿងនេះតាមតែរបៀបនេះមានបញ្ហាពីរ។ បញ្ហាទីមួយគឺថា មនុស្សមិនយល់អំពីជំនឿរបស់ដាវីឌ ដូច្នេះហើយមើលមិនឃើញការអនុវត្តត្រឹមត្រូវទេ។ បញ្ហាទីពីរគឺថា បើសិនយើងគ្រាន់តែប្រើការអនុវត្តថា «ដាវីឌបានមានជំនឿ ហើយយើងគួរតែធ្វើតាមគំរូរបស់ដាវីឌដែរ គឺមានជំនឿដូចជាគាត់» នោះយើងខកខានមើលឃើញគោលការណ៍សំខាន់ជាងនៅក្នុងរឿងនេះ គឺយើងមិនដូចជាដាវីឌឡើយ ប៉ុន្តែយើងដូចជាជនជាតិអ៊ីស្រាអែល ដែលមានការភ័យខ្លាចមិនហ៊ានប្រយុទ្ធជាមួយកូលីយ៉ាតវិញ។…