១:១៧-២៥ ការអនុវត្តសំរាប់គ្រូគង្វាល និងគ្រូអធិប្បាយ សារអំពីឈើឆ្កាង បើសិនជាខ្ញុំសួរមនុស្សនៅសព្វថ្ងៃនេះថា តើនិមិត្តសញ្ញាឈើឆ្កាងមានន័យយ៉ាងដូចម្តេច នោះគេនឹងឆ្លើយថា «វាគឺជាសញ្ញានៃជំនឿរបស់គ្រីស្ទបរិស័ទ»។ ទោះបីយ៉ាងណា នៅពេលយើងអានព្រះគម្ពីរសញ្ញាថ្មី យើងត្រូវតែចងចាំថា នៅសតវត្សរ៍ទីមួយឈើឆ្កាងមិនមែនជានិមិត្តសញ្ញារបស់សាសនាណាមួយឡើយ ប៉ុន្តែវាតំណាងអោយការដាក់ទណ្ឌនៃសេចក្តីស្លាប់លើឧក្រិដ្ឋជន។ តើព្រះសម្រេចបានអ្វីនៅឈើឆ្កាង? បើសិនខ្ញុំសួរគ្រីស្ទបរិស័ទនូវសំនួរទាំងនេះ ខ្ញុំនឹងទទួលបានចំលើយដូចជា «ព្រះបានបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ ដោយការបញ្ជូនព្រះរាជបុត្រារបស់ទ្រង់មកសុគតនៅលើឈើឆ្កាង» និង «ព្រះបានសង្គ្រោះយើងតាមរយៈការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង»។ ការពិត ចម្លើយទាំងនេះល្អហើយសំខាន់ណាស់ ប៉ុន្តែនៅមានចម្លើយច្រើនជាងនេះទៀត ហើយបទគម្ពីរដែលយើងនឹងសិក្សា នឹងផ្តល់អោយយើងនូវចម្លើយយ៉ាងសំខាន់មួយ ដែលជារឿយៗយើងបានមើលរំលង។ ដូច្នេះ ខ្ញុំសួរម្តងទៀតថា តើព្រះបានសម្រេចបានអ្វីនៅឈើឆ្កាង? មានរបៀបជាច្រើន ដែលយើងអាចបែងចែក មនុស្សលោក។ របៀបដែលអ្នកបែងចែកមនុស្សលោក អាចបញ្ជាក់យ៉ាងច្រើនអំពីអ្វីដែលអ្នកគិតថាសំខាន់។ មនុស្សមួយចំនួនគិតថា ទ្រព្យសម្បត្តិគឺជាបញ្ហាយ៉ាងធំ ដូច្នេះពួកគេបែងចែកមនុស្សលោកជាពីរក្រុមគឺ អ្នកមាន និងអ្នកក្រ។ មនុស្សមួយចំនួនទៀត…